ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់សម្ដីទី ២៨១
30-04-2021
ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមនុស្សមិនអាចវាស់ស្ទង់ និងយល់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់នៅក្នុងពិភពលោករបស់មនុស្សទេ នោះមនុស្សនឹងមិនអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការយល់ព្រមពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណាក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តែងតែលើសហួសពីការយល់ដឹងរបស់មនុស្សជានិច្ច។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែលអះអាងថា «ខ្លួនយល់ទាំងស្រុង» អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅជាមនុស្សល្ងីល្ងើវិញទេ។ ពួកគេទាំងអស់គ្នា សុទ្ធតែជាមនុស្សដែលគិតតែពីខ្លួនឯង និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មួយវិញទៀត មនុស្សមិនអាចកំណត់និយមន័យអំពីកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សគឺតូចជាងសត្វស្រមោចទៅទៀត។ តើមនុស្សអាចវាស់ស្ទង់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចថា «ព្រះជាម្ចាស់មិនធ្វើការបែបនេះ ឬបែបនោះ» ឬ «ព្រះជាម្ចាស់មានលក្ខណៈបែបនេះ ឬបែបនោះ» តើពួកគេមិនមែនកំពុងនិយាយទាំងអួតក្អេងក្អាងទេឬអី? យើងទាំងអស់គ្នាគួរតែដឹងថា មនុស្សដែលរស់នៅខាងសាច់ឈាមបែបនេះ ត្រូវបានអារក្សសាតាំងធ្វើឱ្យពុករលួយរួចទៅហើយ។ និស្ស័យដើមរបស់មនុស្សជាតិគឺប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សជាតិមិនអាចមានឋានៈស្មើនឹងព្រះជាម្ចាស់ឡើយ ហើយមនុស្សជាតិក៏គ្មានថ្ងៃសង្ឃឹមចង់ផ្ដល់ដំបូន្មានដល់កិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ទាក់ទងនឹងរបៀបដែលព្រះជាម្ចាស់ដឹកនាំមនុស្ស នោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់។ វាជារឿងសក្ដិសមដែលមនុស្សគួរតែចុះចូលធ្វើតាម ដោយមិនចាំបាច់ហាមាត់និយាយអំពីទស្សនៈបែបនេះ ឬបែបនោះឡើយ ដ្បិតមនុស្សគ្មានអ្វីក្រៅពីជាធូលីដីឡើយ។ ដោយសារនេះជាចេតនារបស់យើងក្នុងការស្វែងរកព្រះជាម្ចាស់ ដូច្នេះ យើងមិនគួរដាក់សញ្ញាណរបស់យើងពីលើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យព្រះជាម្ចាស់យកទៅពិចារណាឡើយ ហើយជាងនេះទៅទៀត យើងមិនគួរប្រើនិស្ស័យពុករលួយរបស់យើងទាំងអស់មកប្រឆាំងយ៉ាងដាច់អហង្ការនឹងកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ តើការធ្វើបែបនេះមិនធ្វើឱ្យយើងក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងស្វែងរកផ្លូវ ដើម្បីស្របគ្នាជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយចិត្តបះបោរទាស់នឹងទ្រង់ឡើយ។ តើទង្វើបែបនេះអាចនាំឱ្យមានផលល្អអ្វីទៅ?
សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី។ អ្នកប្រហែលជាមិនទទួលយកពាក្យទាំងនេះឡើយ ហើយពាក្យទាំងនេះក៏ប្រហែលជាចម្លែកសម្រាប់អ្នកផងដែរ ប៉ុន្តែខ្ញុំសូមដាស់តឿនថា អ្នកមិនត្រូវបង្ហាញសារជាតិដើមរបស់អ្នកឡើយ ព្រោះថាមានតែអស់អ្នកដែលពិតជាស្រេកឃ្លាន និងចង់បានសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចទទួលបានសេចក្តីពិត ហើយមានតែអស់អ្នកដែលពិតជាប្ដូរផ្ដាច់ចំពោះទ្រង់ប៉ុណ្ណោះ ទើបអាចទទួលបានការបំភ្លឺ និងការដឹកនាំពីទ្រង់។ លទ្ធផលទទួលបានតាមរយៈការស្វែងរកសេចក្តីពិត ដោយចិត្តស្ងប់សុខ មិនមែនដោយការឈ្លោះប្រកែក និងការទាស់ទែងនោះឡើយ។ នៅពេលដែលខ្ញុំមានបន្ទូលថា «សព្វថ្ងៃនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី» ខ្ញុំកំពុងតែសំដៅលើកិច្ចការនៃការយាងត្រឡប់មកជាសាច់ឈាមរបស់ព្រះជាម្ចាស់។ ប្រហែលពាក្យទាំងនេះមិនធ្វើឱ្យអ្នកខ្វល់ចិត្តឡើយ។ ប្រហែលអ្នកស្អប់ខ្ពើមពាក្យទាំងនេះ ឬមួយក៏វាធ្វើឱ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនថាក្នុងករណីណាមួយឡើយ ខ្ញុំសង្ឃឹមថា អស់អ្នកណាដែលពិតជាចង់ឱ្យព្រះជាម្ចាស់លេចមក គឺអាចទទួលយកការពិតនេះ ហើយពិចារណាយ៉ាងល្អិតល្អន់អំពីពាក្យទាំងនេះ ជាជាងឆាប់ធ្វើសេចក្តីសន្និដ្ឋាន។ នេះហើយជាអ្វីដែលមនុស្សមានប្រាជ្ញាគួរតែធ្វើ។
ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត