ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ វាសនា និងលទ្ធផល | សម្រង់សម្ដីទី ៥៩៨

16-12-2025

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលបះបោរទាស់នឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ អ្នកនៅលាយឡំជាមួយនឹងពួកអារក្ស ដោយប្រព្រឹត្តដាក់ពួកគេទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ ប៉ុន្តែ ក្នុងករណីនេះ តើអ្នកមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើអ្នកមិនមែននៅក្នុងក្រុមជាមួយនឹងពួកអារក្សទេឬអី? ប្រសិនបើមនុស្សបានធ្វើមកដល់ចំណុចនេះ ហើយនៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អនិងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឱ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងល់ ដោយគ្មានបំណងចង់ស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់ ឬអាចដាក់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់តែអាក្រក់ទៅៗ។ អ្នកណាមួយដែលមិនជឿលើព្រះជាម្ចាស់ដែលសណ្ឋិតក្នុងសាច់ឈាម គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចមានសតិសម្បជញ្ញៈ និងក្ដីស្រឡាញ់ចំពោះសត្រូវ តើអ្នកមិនមែនខ្វះស្មារតីយុត្តិធម៌ទេឬអី? ប្រសិនបើអ្នកចុះសម្រុងនឹងអស់អ្នកដែលខ្ញុំស្អប់ខ្ពើម និងអស់អ្នកដែលខ្ញុំមិនយល់ស្របនោះ ហើយនៅតែមានសេចក្ដីស្រឡាញ់ និងអារម្មណ៍ផ្ទាល់ខ្លួនដក់ជាប់ចំពោះពួកគេ ដូច្នេះ តើអ្នកមិនមែនជាមនុស្សបះបោរទេឬអី? តើអ្នកមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទេឬអី? តើមនុស្សបែបនេះ ពិតជាមានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សដែលមានសតិសម្បជញ្ញៈចំពោះសត្រូវ មានសេចក្ដីស្រឡាញ់ចំពោះពួកអារក្ស និងមានសេចក្ដីសន្ដោសប្រណីចំពោះសាតាំង ដូច្នេះ តើពួកគេមិនមែនកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាទេឬអី? អស់អ្នកណាដែលជឿតែលើព្រះយេស៊ូវគ្រីស្ទនិងមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ក៏ដូចជាអស់អ្នកដែលអះអាងដោយបបូរមាត់ថា គេជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែប្រព្រឹត្តអំពើអាក្រក់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនចាំបាច់និយាយដល់អ្នកណាដែលមិនបានជឿលើព្រះជាម្ចាស់ឡើយ។ មនុស្សអស់ទាំងនេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សអាក្រក់។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សអាក្រក់ ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសាររយៈពេលដែលពួកគេបានលះបង់ចំពោះទ្រង់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេមានភក្ដីភាពជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សមានភក្ដីភាពចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភក្ដីភាពរបស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយ ប្រសិនបើមនុស្សទាំងនេះ ដែលកន្លងមកធ្លាប់ធ្វើការបម្រើព្រះជាម្ចាស់ដោយស្មោះ តែចុងក្រោយពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេបាន ដូច្នេះ មនុស្សបែបនេះនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។ នៅពេលណាដែលមនុស្សជាតិស្ថិតនៅលើផ្លូវត្រូវ មនុស្សនឹងមានជីវិតជាមនុស្សលោកសាមញ្ញធម្មតា។ ពួកគេនឹងបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួន ហើយមានភក្ដីភាពចំពោះព្រះជាម្ចាស់យ៉ាងក្រៃលែង។ ចុងក្រោយ ពួកគេនឹងបាត់បង់ការបះបោរ និងនិស្ស័យពុករលួយរបស់ខ្លួន ហើយពួកគេនឹងរស់នៅសម្រាប់ព្រះជាម្ចាស់ និងព្រោះព្រះជាម្ចាស់ ដោយគ្មានទាំងចរិតបះបោរ និងការរឹងទទឹង។ ពួកគេទាំងអស់នឹងអាចចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង។ នេះនឹងក្លាយជាជីវិតរបស់ព្រះជាម្ចាស់ និងមនុស្សជាតិ។ វានឹងក្លាយជាជីវិតនៃនគរស្ថានសួគ៌ ហើយវានឹងក្លាយជាជីវិតនៃសេចក្ដីសម្រាក។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល