ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២៦៣
30-04-2021
ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូរ និងភាពមហិមារបស់ព្រះជាម្ចាស់ លែងអើពើពីព្រះវត្តមានដ៏គង់នៅទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានសារជាតិ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ... មានមនុស្សតិចណាស់ដែលខ្នះខ្នែងស្វែងរកទីកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់មានអធិបតេយ្យភាព និងរៀបចំទិសដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចតម្រូវតាមក្ដីប្រាថ្នាចង់បានរបស់មនុស្សលោក ដោយមនុស្សមិនបានដឹងខ្លួនសោះ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ ទោះបីមេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ព្រោះគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មានបុគ្គលណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មានបុគ្គលណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយក៏គ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីបញ្ហានៃភាពទទេស្អាតបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្តសប្បាយ និងភាពស្រាកស្រាន្ត អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងរអ៊ូរទាំអំពីភាពមិនត្រឹមត្រូវនៅក្នុងសង្គម ដោយជៀសមិនផុតដែរ។ ការដែលមានចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្សដែលចង់រុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់ពួកគេ អាចត្រឹមនាំមកនូវសេចក្ដីទុក្ខព្រួយកាន់តែច្រើនមកលើពួកគេ និងធ្វើឱ្យមនុស្សរស់នៅក្នុងភាពភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ រហូតដល់ថ្នាក់ដែលមនុស្សកាន់តែមានការភ័យខ្លាចចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេសូន្យនេះ។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានទេ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងទិសដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេសូន្យនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សជាតិត្រូវការ គឺមិនត្រឹមតែជាសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ ស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះជាម្ចាស់ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការរបស់ពួកគេ ការស្រេកឃ្លានក្នុងការរុករករបស់ពួកគេ និងភាពទទេស្អាតនៅក្នុងចិត្តរបស់ពួកគេ អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងការការពារពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងដើរទៅរកការធ្លាក់ចុះ ឆ្ពោះទៅរកភាពងងឹតមិនខាន ហើយក្រោយមកក៏ត្រូវព្រះជាម្ចាស់ធ្វើឱ្យវិនាសសាបសូន្យ។
ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងតែរីកចម្រើន ប៉ុន្តែប្រសិនបើអ្នកអនុញ្ញាតឱ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសរបស់អ្នក នឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់ អរិយធម៌នៃប្រទេសនេះ នឹងត្រូវមនុស្សជាន់ឈ្លីកាន់តែច្រើនឡើង ហើយមិនយូរប៉ុន្មាន មនុស្សនៃប្រទេសនេះនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ តាមលក្ខណៈនេះ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនដឹងខ្លួនមិនខាន។ ព្រះជាម្ចាស់នឹងលើកប្រទេសដែលមានអំណាចឱ្យខ្ពស់ឡើង ដើម្បីប្រឆាំងជាមួយប្រទេសនានាដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឱ្យអស់ពីផែនដីផង។ គន្លឹះសំខាន់ដើម្បីឱ្យប្រទេស ឬជាតិសាសន៍មួយរីកចម្រើន ឬវិនាសទៅបាន គឺអាស្រ័យលើថាតើ មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឱ្យខិតមកជិតព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ដោយស្មោះកាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទានការអនុគ្រោះពិសេស ចំពោះប្រទេសនានាដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះបញ្ចូលគ្នា ដើម្បីបង្កើតជាជំរំយុត្តិធម៌ជាងសម្រាប់ពិភពលោក ចំណែកប្រទេសដែលមិនជឿព្រះជាម្ចាស់ និងប្រទេសទាំងឡាយណាដែលមិនថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិត នឹងក្លាយជាសត្រូវនៃជំរំយុត្តិធម៌នេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដែលទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ទទួលបាននូវបណ្ដាប្រទេសដែលអនុវត្តសិទ្ធិអំណាចយុត្តិធម៌ផងដែរ ដោយអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ ទោះបីជាបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែមិនអាចទទួលបានមនុស្សឱ្យបានច្រើនមកថ្វាយបង្គំទ្រង់ដដែល ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពីទ្រង់ និងបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ ហើយនៅលើផែនដីនេះ មានតែប្រទេសដែលអនុវត្តអំពើយុត្តិធម៌ និងប្រឆាំងទាស់នឹងអំពើអយុត្តិធម៌ទេ ទើបនៅមានវត្តមានលើផែនដី។ ប៉ុន្តែ ការនេះនៅឆ្ងាយនឹងសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឱ្យព្រះជាម្ចាស់សោយរាជ្យលើប្រជាជនរបស់ពួកគេឡើយ និងគ្មានគណបក្សនយោបាយនៃប្រទេសណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយការគោរពដល់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់ និងសូម្បីតែក្នុងដួងចិត្តនៃមនុស្សគ្រប់រូប។ ថ្វីបើកម្លាំងយុត្តិធម៌ខ្លះមានពិតនៅក្នុងពិភពលោកនេះក៏ដោយ ក៏អំណាចណាដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស គឺនៅផុយស្រួយខ្លាំងដដែល ហើយឆាកនយោបាយ ដែលខ្វះព្រះពរពីព្រះជាម្ចាស់ គឺនៅតែធ្លាក់ទៅក្នុងភាពច្របូកច្របល់ និងមិនអាចទប់ទល់នឹងការវាយប្រហារសូម្បីតែមួយបានដដែល។ សម្រាប់មនុស្សជាតិ ការដែលគ្មានព្រះពរពីព្រះជាម្ចាស់ គឺស្មើនឹងការដែលគ្មានព្រះអាទិត្យដូច្នោះដែរ។ មិនថាមេដឹកនាំ រួមចំណែកដល់ប្រជាជនរបស់ពួកគេដោយយកចិត្តទុកដាក់យ៉ាងណា មិនថាមនុស្សមានការជួបជុំប្រកបដោយភាពយុត្តិធម៌ប៉ុន្មានដងនោះទេ ក៏ក្នុងនោះ គ្មានអ្វីនឹងអាចផ្លាស់ប្ដូរកាលៈទេសៈ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សជាតិបានដែរ។ មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ និងសម្លៀកបំពាក់ នៅក្នុងប្រទេសដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឱ្យវិនាសហិនហោច។ វិធីដែលមនុស្សគិត គឺតែងតែខុសគ្នាស្រឡះពីវិធីដែលព្រះជាម្ចាស់គិត។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះវាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយមិនខាន ហើយប្រទេសនេះនឹងគ្មានទិសដៅច្បាស់លាស់ទេ។
ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ ក៏ប៉ុន្តែទ្រង់គ្រប់គ្រងលើវាសនានៃគ្រប់ប្រទេស ឬជាតិសាសន៍ទាំងអស់។ ទ្រង់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សជាតិ និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ហើយគ្មានបុគ្គលណាម្នាក់ គ្មានប្រទេស ឬជាតិសាសន៍ណាមួយ អាចគេចចេញផុតពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ពួកគេ នោះពួកគេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ ត្រូវធ្វើឱ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំទ្រង់បានរីកចម្រើន និងធ្វើឱ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។
ដកស្រង់ពី «ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត