ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៥៥

24-11-2025

ប្រសិនបើអ្នកពិតជាចង់បានមាគ៌ាជីវិតដ៏អស់កល្បជានិច្ចមែន ហើយប្រសិនបើអ្នកពិតជាស្រេកឃ្លានចង់ស្វែងរកមាគ៌ានេះមែន ជាដំបូង អ្នកត្រូវតែឆ្លើយនឹងសំណួរនេះសិន៖ សព្វថ្ងៃនេះ តើព្រះជាម្ចាស់គង់នៅកន្លែងណា? អ្នកប្រហែលជាឆ្លើយថា «ព្រះជាម្ចាស់កំពុងតែគង់នៅស្ថានសួគ៌ ប្រាកដណាស់ព្រះអង្គ មិនមែនកំពុងគង់ក្នុងផ្ទះរបស់អ្នកទេមែនទេ?» អ្នកក៏ប្រហែលជាពោលថាព្រះជាម្ចាស់គង់ក្នុងសព្វសារពើច្បាស់ណាស់។ អ្នកក៏ប្រហែលជាពោលទៀតថា ព្រះជាម្ចាស់គង់ក្នុងដួងចិត្តមនុស្សរាល់គ្នា ឬពោលថា ព្រះជាម្ចាស់គង់នៅក្នុងពិភពខាងវិញ្ញាណ។ ខ្ញុំមិនបដិសេធចម្លើយណាមួយទេ ប៉ុន្តែខ្ញុំត្រូវតែបញ្ជាក់ពីរឿងនេះឱ្យបានច្បាស់។ ការនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់មនុស្ស ថាត្រូវទាំងអស់ក៏មិនមែន ថាខុសទាំងអស់ក៏មិនមែនដែរ។ មូលហេតុគឺនៅត្រង់ថា ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ មានមួយចំនួនដែលមានជំនឿពិតប្រាកដ ហើយក៏មានមួយចំនួនដែលមានជំនឿក្លែងក្លាយដែរ មានមួយចំនួនដែលព្រះអង្គទទួលស្គាល់ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនទទួលស្គាល់ដែរ មានមនុស្សមួយចំនួនដែលព្រះអង្គសព្វព្រះហឫទ័យ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គមិនសព្វព្រះហឫទ័យដែរ មានមនុស្សមួយចំនួនដែលព្រះអង្គកែឱ្យបានគ្រប់លក្ខណ៍ ហើយក៏មានមនុស្សមួយចំនួនដែលព្រះអង្គដកចេញផងដែរ។ ហេតុនេះទើបខ្ញុំនិយាយថា ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តមនុស្សមួយចំនួនតូចប៉ុណ្ណោះ ហើយមនុស្សទាំងនេះ ពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ពិតឥតសង្ស័យឡើយ ហើយក៏ជាមនុស្សដែលទ្រង់កែឱ្យបានគ្រប់លក្ខណ៍ដែរ។ ពួកគេជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ។ ដោយសារពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ដឹកនាំ ទើបពួកគេក៏ជាមនុស្សដែលធ្លាប់បានស្ដាប់ឮ និងធ្លាប់បានឃើញមាគ៌ាជីវិតអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលមានជំនឿក្លែងក្លាយ ពួកគេជាមនុស្សដែលព្រះជាម្ចាស់មិនទទួលយកឡើយ ពួកគេគឺជាមនុស្សដែលព្រះអង្គស្អប់ខ្ពើម ជាមនុស្សដែលព្រះអង្គដកចេញ ពួកគេនឹងត្រូវព្រះអង្គបដិសេធ ត្រូវនៅដោយគ្មានមាគ៌ាជីវិត ហើយត្រូវនៅទាំងមិនដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ផ្ទុយមកវិញ មនុស្សដែលមានព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់គេដឹងថា ព្រះជាម្ចាស់គង់នៅកន្លែងណា។ ពួកគេគឺជាមនុស្សដែលព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចឱ្យ ហើយពួកគេក៏ជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដែរ។ ពេលនេះ តើអ្នកដឹងហើយឬនៅថា ព្រះជាម្ចាស់គង់នៅកន្លែងណា? ព្រះជាម្ចាស់គង់ទាំងក្នុងដួងចិត្តរបស់មនុស្ស ហើយគង់នៅក្បែរគេទៀតផង។ ទ្រង់មិនមែនគង់នៅតែក្នុងពិភពខាងវិញ្ញាណ ហើយគង់ខ្ពស់ផុតសព្វសារពើទាំងអស់នោះដែរ ប៉ុន្តែទ្រង់ក៏គង់ទាំងនៅលើផែនដី ដែលមនុស្សមានវត្តមានដែរ។ ហេតុនេះហើយ ការមកដល់នៃគ្រាចុងក្រោយ បាននាំជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ឱ្យចូលទៅក្នុងតំបន់ត្រួតត្រាថ្មី។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់ក្នុងចំណោមរបស់គ្រប់យ៉ាង ហើយទ្រង់ក៏ជាគ្រឹះដ៏រឹងមាំនៅក្នុងដួងចិត្តរបស់មនុស្សដែរ ហើយលើសពីនេះ ទ្រង់មានវត្តមានគង់នៅកណ្ដាលចំណោមមនុស្សជាតិទៀតផង។ ទាល់តែធ្វើបែបនេះ ទើបទ្រង់អាចនាំមាគ៌ាជីវិតមកប្រទានឱ្យមនុស្សជាតិ ហើយនាំមនុស្សជាតិទៅក្នុងមាគ៌ាជីវិតបាន។ ព្រះជាម្ចាស់បានយាងមកផែនដីនេះ ហើយគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីឱ្យមនុស្សមានមាគ៌ាជីវិត ហើយដើម្បីឱ្យមនុស្សអាចមានជីវិតគង់វង្សបាន។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ក៏បង្គាប់បញ្ជារបស់សព្វសារពើនៅក្នុងចំណោមគ្រប់យ៉ាង ដើម្បីសម្របសម្រួលការសហការជាមួយនឹងការគ្រប់គ្រងដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ។ ហេតុនេះហើយ ប្រសិនបើអ្នកគ្រាន់តែស្គាល់សេចក្ដីបង្រៀនថា ព្រះជាម្ចាស់គង់នៅក្នុងនគរស្ថានសួគ៌ និងគង់ក្នុងដួងចិត្តរបស់មនុស្ស ប៉ុន្តែមិនស្គាល់សេចក្ដីពិតអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ នោះអ្នកនឹងមិនទទួលបាននូវជីវិតឡើយ ហើយក៏មិនទទួលបានមាគ៌ានៃសេចក្ដីពិតដែរ។

ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យនៃពាក្យសម្ដី គោលលទ្ធិ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅមិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចត្រូវគោរពថ្វាយបង្គំថាជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។ ប្រសិនបើអ្នកយកកំណត់ត្រាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងកាលពីអតីតកាលមកអនុវត្តនៅពេលបច្ចុប្បន្ន ទង្វើនេះធ្វើឱ្យអ្នកក្លាយជាបុរាណវិទូហើយ ហើយងារដ៏ល្អបំផុតសម្រាប់បរិយាយពីអ្នក គឺអ្នកឯកទេសបេតិកភណ្ឌប្រវត្តិសាស្ត្រ។ នេះមកពីអ្នកតែងតែជឿលើតឹកតាងនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើពីអតីតកាលជឿតែលើស្រមោលដែលព្រះជាម្ចាស់បានបន្សល់ទុក កាលដែលទ្រង់បានធ្វើការនៅក្នុងចំណោមមនុស្ស ហើយជឿតែលើមាគ៌ា ដែលព្រះជាម្ចាស់បានប្រទានឱ្យពួកសិស្សរបស់ទ្រង់ពីអតីតកាល។ អ្នកមិនជឿលើគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេ ក៏មិនជឿលើព្រះភក្ត្រដែលពេញដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ហើយមិនជឿលើមាគ៌ានៃសេចក្ដីពិតដែលព្រះជាម្ចាស់បានបង្ហាញឱ្យគេស្គាល់នាពេលបច្ចុប្បន្ននេះដែរ។ ហេតុនេះ អ្នកគឺជាមនុស្សរវើរវាយ ដែលនៅដាច់ឆ្ងាយពីភាពជាក់ស្ដែងទាំងស្រុង ដោយគ្មានអ្វីប្រកែកឡើយ។ ពេលនេះ ប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់តាមពាក្យពេចន៍ដែលមិនអាចប្រទានជីវិតឱ្យមនុស្សបាន នោះអ្នកជាមនុស្សដូចឈើងាប់មួយដុំដែលអស់សង្ឃឹម ដ្បិតអ្នករាល់គ្នាមានគំនិតអភិរក្សជ្រុលនិយម ពិបាកទូន្មានជ្រុល ហើយរឹងរូសជ្រុល មិនទទួលហេតុផលសោះ!

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ា ...» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល