ការរៀនសូត្រមេរៀនតាមរយៈការស្ដាប់បង្គាប់

11-07-2023

មានថ្ងៃមួយ ក្នុងខែកញ្ញា កាលពីឆ្នាំមុន អ្នកដឹកនាំ បានចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវក្រុមជំនុំមួយដែលទើបបង្កើតថ្មី ចំណែកបងប្រុស អ៊ីរិច ត្រូវមើលការខុសត្រូវក្រុមជំនុំបច្ចុប្បន្នរបស់ខ្ញុំវិញ។ នៅពេលគាត់ប្រាប់ខ្ញុំអំពីរឿងនេះ ខ្ញុំពិតជាមិនចង់ទទួលយកការចាត់តាំងនេះទេ។ ខ្ញុំគិតថា៖ ក្រុមជំនុំថ្មីនេះមានបញ្ហាគ្រប់បែបយ៉ាង ហើយការងារពួកគេ ក៏ដំណើរការមិនល្អដែរ ខ្វះខាតអ្នកដឹកនាំ និងអ្នកធ្វើការ ហើយមានការងារជាច្រើនដែលពួកគេធ្វើមិនបាន ដូច្នេះ ខ្ញុំមុខជាត្រូវបង្រៀនពួកគេ ឬធ្វើការងារនោះដោយខ្លួនឯងហើយ។ ខ្ញុំគិតថា ការមើលការខុសត្រូវក្រុមជំនុំនោះ នឹងមានបញ្ហាច្រើនណាស់។ ការងារនោះមិនត្រឹមតែត្រូវរងទុក្ខ និងលះបង់ច្រើនទេ តែក៏មិនប្រាកដថានឹងបានជោគជ័យដែរ។ គឺមិនដូចក្រុមជំនុំបច្ចុប្បន្នរបស់ខ្ញុំទេ ការងារផ្សាយដំណឹងល្អ ទទួលបានលទ្ធផលល្អ ហើយអ្នកជឿថ្មីក៏អាចធ្វើការដោយខ្លួនឯងបានទៀត និងអាចចែករំលែកបន្ទុកការងារខ្ញុំបានខ្លះផង ដូច្នេះ ខ្ញុំមិនចាំបាច់ត្រូវជួបបញ្ហាច្រើននោះទេ។ ពេលខ្ញុំកាន់តែគិត ខ្ញុំកាន់តែមិនចង់មើលការខុសត្រូវពួកជំនុំនោះ។ ដូច្នេះ ខ្ញុំក៏ប្រាប់អ្នកដឹកនាំថា៖ «បង អ៊ីរិច ទើបចាប់ផ្ដើមការងារ មិនទាន់អាចធ្វើការងារនេះតែម្នាក់ឯងទេ។ បើខ្ញុំត្រូវចាកចេញនៅពេលនេះ គាត់ប្រហែលចាត់ចែងការងារទាំងអស់នៅទីនេះមិនបាននោះទេ ដូច្នេះហើយ ការងារពួកជំនុំ អាចនឹងត្រូវប៉ះពាល់។ អ៊ីចឹង តើខ្ញុំអាចនៅទីនេះបានទេ?» អ្នកដឹកនាំបាននិយាយថា អ៊ីរិច បំពេញភារកិច្ចហ្មត់ចត់ ហើយអាចបណ្ដុះគាត់បាន។ អ្នកដឹកនាំបានគិតរឿងនេះអស់ហើយ និងសម្រេចថា ខ្ញុំទៅ ប្រសើរជាង។ នៅពេលឮបែបនេះ ខ្ញុំដឹងថា អ្នកដឹកនាំបានសម្រេចចិត្តរួចហើយ ដូច្នេះខ្ញុំមានតែត្រូវទទួលយកការងារនេះប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ពេលណាខ្ញុំគិតអំពីក្រុមជំនុំថ្មីនោះ ខ្ញុំតែងព្រួយចិត្ត និងចេះតែខ្លាច។ ខ្ញុំដឹងថា ខ្ញុំបានធ្លាក់ចូលទៅក្នុងសភាពមិនល្អ ហើយចេះតែគេចវេះពីភារកិច្ច ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះ ទូលសុំទ្រង់ឱ្យណែនាំខ្ញុំដើម្បីចុះចូល និងដកពិសោធន៍ពីស្ថានភាពនេះ។

ក្រោយមក ខ្ញុំបានប្រទះឃើញអត្ថបទបន្ទូលព្រះនេះ៖ «នៅពេលបំពេញភារកិច្ចអ្វីមួយ មនុស្សតែងតែជ្រើសរើសការងារណាដែលស្រាលៗ ដែលមិនធ្វើឱ្យពួកគេនឿយហត់អស់កម្លាំង ដែលមិនពាក់ព័ន្ធនឹងការបំពេញការងារហាលភ្លៀង ហាលខ្យល់ ក្រោមកំដៅថ្ងៃ។ នេះហៅថា ការរើសយកការងារដែលងាយស្រួល និងគេចវេះពីការងារណាដែលលំបាក ហើយវាជាការបង្ហាញឱ្យឃើញពីការលោភចង់បានភាពសុខស្រួលខាងសាច់ឈាម។ តើមានអ្វីផ្សេងទៀតទេ? (តែងតែរអ៊ូរទាំនៅពេលដែលភារកិច្ចរបស់ខ្លួនមានការពិបាកបន្តិចបន្តួច នឿយហត់បន្តិចបន្តួច នៅពេលដែលភារកិច្ចនោះពាក់ព័ន្ធនឹងការលះបង់។) (មានការខ្វល់ខ្វាយនឹងម្ហូបអាហារ និងសម្លៀកបំពាក់ និងការបណ្ដោយខ្លួនតាមសាច់ឈាម។) ទាំងនេះគឺសុទ្ធតែជាការបង្ហាញឱ្យឃើញពីការលោភចង់បានភាពសុខស្រួលខាងសាច់ឈាមទាំងអស់។ កាលណាបុគ្គលបែបនោះឃើញថា ការងារណាពិបាក ឬគ្រោះថ្នាក់ខ្លាំងពេក ពួកគេតែងបង្ខំឱ្យអ្នកផ្សេងទទួលយកការងារនោះ។ ពួកគេខ្លួនឯងធ្វើតែការងារណាដែលងាយស្រួលប៉ុណ្ណោះ ហើយរកលេសដោះសាពីមូលហេតុដែលពួកគេមិនអាចធ្វើការមួយនេះបាន ដោយនិយាយថា ពួកគេមានគុណសម្បត្តិមិនល្អ ហើយគ្មានជំនាញដែលគេត្រូវការ ថាការងារនោះពិបាកខ្លាំងពេកសម្រាប់ពួកគេ។ តាមពិតទៅ គឺដោយសារតែពួកគេលោភចង់បានភាពសុខស្រួលខាងសាច់ឈាមប៉ុណ្ណោះ។ ... ក៏មានពេលដែលមនុស្សតែងតែត្អូញត្អែរ ពេលកំពុងបំពេញភារកិច្ចរបស់ពួកគេផងដែរ ពេលពួកគេមិនចង់បញ្ចេញកម្លាំងបំពេញភារកិច្ច ឱ្យតែពួកគេមានពេលសម្រាកបន្តិច ពួកគេនឹងសម្រាក ជជែកគ្នាលេងឥតប្រយោជន៍ ឬក៏ចូលរួមក្នុងការលំហែអារម្មណ៍ និងការកម្សាន្ត។ នៅពេលដែលការងារកាន់តែច្រើន ហើយផ្តាច់ចង្វាក់ និងខុសពីទម្លាប់ជីវិតរបស់ពួកគេ ពួកគេក៏មិនសប្បាយចិត្ត និងមិនពេញចិត្តចំពោះការងារនោះ។ ពួកគេរអ៊ូរទាំ និងត្អូញត្អែរ ពួកគេប្រែជាធ្វេសប្រហែស និងបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ។ នេះគឺជាការលោភចង់បានភាពសុខស្រួលខាងសាច់ឈាម មិនអ៊ីចឹងឬ? ... មិនថាកិច្ចការ ឬភារកិច្ចពួកជំនុំរវល់យ៉ាងណាក៏ដោយ ក៏មិនដែលបង្អាក់ដល់ស្ថានភាពនៃជីវិតរស់នៅរបស់ពួកគេប្រចាំថ្ងៃ និងតាមធម្មតានោះដែរ។ សូម្បីតែរឿងលម្អិតតូចតាចពាក់ព័ន្ធនឹងជីវិតខាងសាច់ឈាម ក៏ពួកគេមិនដែលធ្វេសប្រហែសដែរ ហើយគ្រប់គ្រងរឿងទាំងនោះបានយ៉ាងល្អ យ៉ាងហ្មត់ចត់ និងប្រុងប្រយ័ត្នខ្លាំងណាស់។ ប៉ុន្តែនៅពេលដោះស្រាយជាមួយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់វិញ មិនថាបញ្ហានោះធំប៉ុនណាទេ ហើយសូម្បីតែបញ្ហានោះពាក់ព័ន្ធដល់សុវត្ថិភាពរបស់បងប្អូនប្រុសស្រីក៏ដោយ ក៏ពួកគេដោះស្រាយបញ្ហានោះដោយការធ្វេសប្រហែលដែរ។ ពួកគេថែមទាំងមិនខ្វល់ខ្វាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ឬភារកិច្ចដែលពួកគេគួរបំពេញទៀតផង។ ពួកគេគ្មានការទទួលខុសត្រូវនោះទេ។ នេះគឺជាការលោភចង់បានសេចក្ដីសុខស្រួលខាងសាច់ឈាម មែនឬទេ? តើមនុស្សដែលចង់បានភាពសុខស្រួលខាងសាច់ឈាម ស័ក្តិសមនឹងបំពេញភារកិច្ចណាមួយដែរឬទេ? ពេលលើកមកនិយាយពីប្រធានបទនៃការបំពេញភារកិច្ចរបស់ពួកគេ ពីការលះបង់ និងការរងទុក្ខលំបាក ពួកគេចេះតែគ្រវីក្បាល៖ ពួកគេមានបញ្ហាច្រើនណាស់ ពួកគេពោរពេញដោយការត្អូញត្អែរ ពួកគេមានភាពអវិជ្ជមានគ្រប់រឿង។ មនុស្សបែបនេះគ្មានបានការនោះទេ ពួកគេគ្មានសិទ្ធិបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយគប្បីផាត់ពួកគេចោល» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ អត្ថបទនេះ វែកញែកឱ្យឃើញថា អ្នកណាដែលប្រាថ្នាចង់មានពេលសម្រាក អ្នកនោះបំពេញភារកិច្ចមិនស្មោះត្រង់ឡើយ។ ពួកគេតែងជ្រើសយកការងារស្រាលៗ ហើយតែងរើសការងារ។ ពួកគេតែជ្រើសរើសភារកិច្ចណាដែលងាយស្រួល ដែលពុំមានការទទួលខុសត្រូវច្រើន ហើយចំពោះភារកិច្ចណាដែលតម្រូវឱ្យមានការរងទុក្ខ និងការលះបង់ ពួកគេមានហេតុផលច្រើន ដើម្បីបដិសេធ និងគេចវេះពីភារកិច្ចទាំងនោះ។ ព្រះមានបន្ទូលថា មនុស្សបែបនេះ មិនស័ក្តិសមនឹងបំពេញភារកិច្ចឡើយ ហើយព្រះអង្គស្អប់ពួកគេណាស់។ បន្ទាប់ពីសញ្ជឹងគិតពីបន្ទូលព្រះរួច ខ្ញុំយល់ថា ខ្លួនខ្ញុំធ្វើខុស។ ព្រះបានលាតត្រដាងពីសភាពរបស់ខ្ញុំប្រាកដណាស់។ នៅពេលអ្នកដឹកនាំ ចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវក្រុមជំនុំថ្មី ខ្ញុំពិតជាមិនសុខចិត្តមែន ដោយដឹងថា ការងារនៅក្នុងក្រុមជំនុំនោះទើបនឹងចាប់ផ្ដើម ដូច្នេះ លទ្ធផលមិនល្អទេ ហើយខ្វះខាតអ្នកដឹកនាំ និងអ្នកធ្វើការទៀត។ ប្រសិនបើខ្ញុំចង់ឱ្យការងារសម្រេចលទ្ធផលល្អ ខ្ញុំត្រូវរងទុក្ខ និងខំប្រឹងប្រែងយ៉ាងខ្លាំង ទើបបាន។ ចំណែកឯក្រុមជំនុំបច្ចុប្បន្នរបស់ខ្ញុំវិញ ការងារផ្សាយដំណឹងល្អ មិនត្រឹមតែមានលទ្ធផលល្អប៉ុណ្ណោះទេ តែយើងក៏មានអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់គ្រាន់ដែរ ដូច្នេះ ការចាត់តាំងការងារ គឺងាយស្រួលខ្លាំងណាស់។ ពេលប្រៀបធៀបក្រុមជំនុំទាំងពីរនេះហើយ ខ្ញុំមិនចង់ចាកចេញទេ ក៏មិនចង់មើលការខុសត្រូវក្រុមជំនុំថ្មីដែរ។ ពេលអ្នកដឹកនាំប្រកបគ្នាជាមួយខ្ញុំ ខ្ញុំថែមទាំងរកលេសដើម្បីគេចវេះពីការចាត់តាំងនោះថែមទៀតផង ដោយថាបង អ៊ីរិច មានគុណសម្បត្តិមធ្យម ហើយមិនអាចគ្រប់គ្រងការងារតែម្នាក់ឯងភ្លាមៗបានទេ។ ដូច្នេះ ប្រសិនបើខ្ញុំចាកចេញ ការងារពួកជំនុំមុខជារងការប៉ះពាល់មិនខាន។ សម្បកក្រៅ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយ មើលទៅដូចជាខ្ញុំរែកពុនបន្ទុកដ៏ធំ និងកំពុងមើលថែពួកជំនុំអ៊ីចឹង។ តែតាមពិត ខ្ញុំកំពុងរកលេសដើម្បីដោះខ្លួនពីការមើលការខុសត្រូវក្រុមជំនុំថ្មីប៉ុណ្ណោះ។ ខ្ញុំកំពុងទំយើសាច់ឈាមខ្ញុំ ដោយមិនព្រមរងទុក្ខ និងលះបង់។ ខ្ញុំគិតតែពីសាច់ឈាមខ្លួនឯង ហើយរើសយកតែការងារដែលងាយស្រួល និងមានពេលសម្រាកច្រើនបំផុតប៉ុណ្ណោះ។ ខ្ញុំរើសភារកិច្ចណាស់ មិនចេះតែទទួលយកទេ ខ្ញុំកំពុងបោកប្រាស់ និងវៀចវេរលាក់ពុតដាក់ព្រះ ហើយមិនសុខចិត្តរែកពុនបន្ទុកណាមួយឡើយ។ ខ្ញុំមានល្បិចកល និងពុតត្បុតដូចជាអ្នកមិនជឿដែរ។ ក្រុមជំនុំបានបណ្ដុះខ្ញុំជាច្រើនឆ្នាំ ប៉ុន្តែ ពេលក្រុមជំនុំថ្មីកំពុងជួបបញ្ហា និងត្រូវការឱ្យខ្ញុំជួយ បើខ្ញុំផ្គាប់ផ្គុនសាច់ឈាមខ្ញុំ ហើយពុំធ្វើការងារណាដែលចាំបាច់ នោះការងារពួកជំនុំ នឹងរងការប៉ះពាល់មិនខាន អ្នកជឿថ្មីនឹងមិនទទួលបានការបណ្ដុះបណ្ដាល ហើយការងារផ្សាយដំណឹងល្អ នឹងត្រូវបន្តពន្យារពេលទៀត។ បង អ៊ីរិច អាចគ្មានគុណសម្បត្តិ និងបំពេញការងារមិនបានល្អឥតខ្ចោះ ហើយគ្មានសមត្ថភាពរាប់រងការងារតែម្នាក់ឯងបានភ្លាមៗក៏ពិតមែន តែក្រុមជំនុំដើមរបស់ខ្ញុំ ក៏មានស្ថេរភាពជាងនេះ ហើយបង អ៊ីរិច ក៏ស៊ាំនឹងក្រុមជំនុំនេះដែរ។ នៅពេលចាំបាច់ បើខ្ញុំចាប់ដៃគូជាមួយគាត់ នោះការងារក្រុមជំនុំ នឹងមិនរងការប៉ះពាល់ច្រើននោះទេ។ ជារួម អ្នកដឹកនាំខ្ញុំបានសម្រេចចិត្តត្រឹមត្រូវ ដែលចាត់តាំងឱ្យខ្ញុំទៅកាន់ក្រុមជំនុំថ្មី។ ការចេះតែបន្តគិតពីសាច់ឈាមខ្ញុំឥតឈប់ ហើយមិនការពារកិច្ចការពួកជំនុំបែបនេះ ធ្វើឱ្យព្រះស្អប់ខ្ពើម ហើយខ្ញុំមិនសមឱ្យទ្រង់ទុកព្រះទ័យឡើយ។ ពេលដឹងបែបនេះ ខ្ញុំក៏អធិស្ឋានទៅព្រះស្ងាត់ៗថា៖ «ព្រះអង្គអើយ ខ្ញុំម្ចាស់ត្រៀមខ្លួនចុះចូលនឹងមជ្ឈដ្ឋាននេះហើយ។ អ្នកដឹកនាំខ្ញុំ បានចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវក្រុមជំនុំថ្មីនេះ ហើយខ្ញុំម្ចាស់សុខចិត្តសហការ និងដាក់ចិត្តដាក់កាយបំពេញភារកិច្ចនេះ។ ខ្ញុំម្ចាស់មិនអាចរស់នៅក្នុងសភាពអាត្មានិយម និងគួរឱ្យស្អប់បែបនេះបានទៀតឡើយ»។

ក្រោយមក ខ្ញុំបានប្រទះឃើញអត្ថបទបន្ទូលព្រះមួយទៀត។ «គ្រប់កិច្ចការដែលព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យមនុស្សធ្វើ និងកិច្ចការគ្រប់ប្រភេទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែតម្រូវឱ្យមនុស្សធ្វើទាំងអស់។ កិច្ចការទាំងអស់នេះ ត្រូវបានចាត់ទុកជាភារកិច្ចរបស់មនុស្ស។ មិនថាមនុស្សធ្វើកិច្ចការអ្វីនោះទេ នេះជាភារកិច្ចដែលពួកគេគួរបំពេញ។ ភារកិច្ចមានទិដ្ឋភាពធំទូលាយ ហើយពាក់ព័ន្ធនឹងផ្នែកជាច្រើន ប៉ុន្តែមិនថាអ្នកបំពេញភារកិច្ចអ្វីនោះទេ និយាយឱ្យងាយយល់ទៅ ក៏កិច្ចការនោះជាកាតព្វកិច្ចរបស់អ្នកដែរ ជាកិច្ចការដែលអ្នកគួរបំពេញឱ្យខាងតែបាន។ ឱ្យតែអ្នកខិតខំធ្វើវាឱ្យបានល្អ នោះព្រះជាម្ចាស់នឹងសរសើរអ្នក ហើយនឹងទទួលស្គាល់ថា អ្នកជាមនុស្សម្នាក់ដែលជឿលើព្រះដោយពិតប្រាកដ។ មិនថាអ្នកជានរណានោះទេ ប្រសិនបើអ្នកតែងព្យាយាមគេចវេះ ឬពួនសម្ងំមិនបំពេញភារកិច្ចខ្លួន នោះនឹងមានបញ្ហាមិនខាន៖ បើនិយាយឱ្យស្រាលបន្តិចទៅ គឺអ្នកខ្ជិលច្រអូសខ្លាំងពេក បោកបញ្ឆោតខ្លាំងពេក អ្នកជាមនុស្សខ្ជិលមិនចង់ធ្វើការ អ្នកចូលចិត្តសម្រាកលំហែ និងស្អប់ការងារ។ បើនិយាយឱ្យធ្ងន់ជាងនេះ គឺអ្នកគ្មានឆន្ទៈបំពេញភារកិច្ចរបស់អ្នកទេ អ្នកគ្មានការតាំងចិត្ត គ្មានការស្ដាប់បង្គាប់ឡើយ។ ប្រសិនបើអ្នកមិនអាចទាំងខំប្រឹងធ្វើកិច្ចការតូចតាចបែបនេះបានផង តើអ្នកអាចធ្វើកិច្ចការអ្វីបានទៅ? តើអ្នកមានសមត្ថភាពធ្វើអ្វីឱ្យបានត្រឹមត្រូវទៅ? ប្រសិនបើមនុស្សម្នាក់ពិតជាមានការលះបង់យ៉ាងពិតប្រាកដមែន ហើយមានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ពួកគេមែន ដូច្នេះ ឱ្យតែព្រះជាម្ចាស់តម្រូវ ហើយឱ្យតែដំណាក់ព្រះជាម្ចាស់ត្រូវការ នោះពួកគេនឹងធ្វើគ្រប់យ៉ាងដែលសុំឱ្យពួកគេធ្វើ ដោយមិនរើសមុខឡើយ។ តើនេះមិនមែនជាគោលការណ៍មួយក្នុងចំណោមគោលការណ៍នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ ក្នុងការបំពេញ និងអនុវត្តកិច្ចការគ្រប់យ៉ាងដែលមនុស្សម្នាក់គួរធ្វើទេឬអី? (ជាគោលការណ៍មួយ។)» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈបន្ទូលព្រះ ខ្ញុំបានដឹងថា មិនថាពួកជំនុំចាត់តាំងភារកិច្ចអ្វីទេ ទោះស្រួល ឬពិបាកក៏ដោយ នោះជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំគួរស្របតាមការចាត់តាំងនោះ។ ខ្ញុំគួរខំប្រឹងទទួលយកភារកិច្ចនោះ និងខំធ្វើការឱ្យសម្រេចបានលទ្ធផល។ ខ្ញុំគួរមានសតិសម្បជញ្ញៈ និងហេតុផលបែបនេះ។ អ្នកដឹកនាំខ្ញុំ បានចាត់តាំងឱ្យខ្ញុំទៅមើលការខុសត្រូវក្រុមជំនុំថ្មី ហើយទោះបីជាការងារនៅកន្លែងនោះ មានបញ្ហាខ្លះក៏ពិតមែន ក៏ប៉ុន្តែ ខ្ញុំមិនអាចផ្គាប់ផ្គុនសាច់ឈាមខ្ញុំ ហើយចេះតែរើសការងាររហូតបែបនេះបានទេ។ ខ្ញុំត្រូវតែពឹងលើព្រះដើម្បីសម្រចការងារ បង្កើនល្បឿនការងារពួកជំនុំ និងបំពេញភារកិច្ចខ្ញុំ។ ខ្ញុំត្រូវតែធ្វើការងារតាមរបៀបនេះ ទើបបាន។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្ដើមត្រួតពិនិត្យបុគ្គលិក និងស្ថានភាពការងារបច្ចុប្បន្នរបស់ក្រុមជំនុំនោះ ដោយបានប្រកបគ្នាអំពីគោលការណ៍ និងចាប់ផ្ដើមបណ្ដុះបណ្ដាលពួកគាត់។ ក្រោយមក ខ្ញុំបានដឹងពីមូលហេតុដែលធ្វើឱ្យការងារផ្សាយដំណឹងល្អរងការប៉ះពាល់ នោះគឺដោយសារបុគ្គលិកស្រោចស្រព មានការខ្ជិលច្រអូសក្នុងការតាមដានការងារ។ ពួកគេពុំបានប្រកបគ្នា និងដោះស្រាយសញ្ញាណសាសនារបស់អ្នកដែលស៊ើបសួរពីកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយឡើយ ហើយក៏ពុំបានអនុវត្តតាមទិដ្ឋភាពជាក់លាក់នៃការងាររបស់ពួកគេដែរ។ ដូច្នេះ ខ្ញុំបានសង្ខេប និងប្រកបគ្នាអំពី ការភាន់ច្រឡំ និងការធ្វេសប្រហែសរបស់ពួកគេ ដោយជួយជ្រោមជ្រែង លួសកាត់ និងដោះស្រាយជាមួយអ្នកណាដែលចាំបាច់ រហូតទាល់តែបញ្ហារបស់ពួកគេត្រូវបានដោះស្រាយអស់។ បន្តិចម្តងៗ បងប្អូនប្រុសស្រី ក៏ចាប់ផ្ដើមបំពេញភារកិច្ចបានប្រសើរឡើង ហើយការងារពួកជំនុំ ក៏ចាប់ផ្ដើមមានសន្ទុះឡើងវិញ។ ពេលធ្វើការតាមរបៀបនេះ ខ្ញុំពិតជាមានទំនុកចិត្ត និងងាយស្រួលណាស់។ ខ្ញុំគិតថា បន្ទាប់ពីបានឆ្លងកាត់រឿងទាំងអស់នោះហើយ ខ្ញុំមានការផ្លាស់ប្រែខ្លះហើយ តែមិនយូរប៉ុន្មានបន្ទាប់ពីនោះ ក៏មានរឿងមួយទៀតបានកើតឡើង ដែលលាតត្រដាងពីរូបខ្ញុំសាជាថ្មី។

ជិតដាច់ខែកញ្ញា អ្នកដឹកនាំខ្ញុំបានប្រាប់ខ្ញុំថា គាត់មានគម្រោងចាត់តាំងខ្ញុំឱ្យទៅមើលការខុសត្រូវក្រុមជំនុំថ្មីមួយទៀត។ ពេលឮបែបនេះ ខ្ញុំស្ទើរតែទប់មិនបាន៖ «ក្រុមជំនុំនោះ មុខជាពិបាកមើលការខុសត្រូវជាងក្រុមជំនុំពេលនេះមិនខាន។ មិនត្រឹមតែខ្វះអ្នកដឹកនាំ និងអ្នកធ្វើការប៉ុណ្ណោះទេ តែពួកគេភាគច្រើនសុទ្ធតែទើបចូលកាន់តួនាទីថ្មី។ ខ្ញុំនឹងត្រូវរងទុក្ខច្រើន ហើយ ត្រូវមានការតាំងចិត្តខ្ពស់ណាស់ដើម្បីឱ្យក្រុមជំនុំនេះដំណើរការបានល្អ»។ ខ្ញុំពិតជាមិនចង់ទទួលយកការចាត់តាំងនេះទេ។ ខ្ញុំមិនដឹងធ្វើម៉េច មានតែនិយាយទៅអ្នកដឹកនាំខ្ញុំថា៖ «ម៉េចបានជាខ្ញុំតែងតែត្រូវទៅមើលការខុសត្រូវក្រុមជំនុំថ្មីៗរហូតអ៊ីចឹង? ក្រុមជំនុំដែលខ្ញុំបានមើលការខុសត្រូវនេះ ទើបតែចាប់ផ្ដើមប្រសើរឡើងប៉ុណ្ណោះ។ តើបងអាចចាត់តាំងបងប្អូនប្រុសស្រីណាផ្សេងឱ្យទៅមើលការខុសត្រូវក្រុមជំនុំនោះបានទេ?» ពេលខ្ញុំនិយាយបែបនេះរួច ខ្ញុំបានដឹងថា ខ្ញុំកំពុងគេចវេះពីភារកិច្ចខ្ញុំម្ដងទៀតហើយ។ ខ្ញុំនៅតែបន្តផ្គាប់ផ្គុនសាច់ឈាមខ្ញុំ ហើយមិនចង់ធ្វើការលះបង់ដដែល។ ខ្ញុំប្រាប់ខ្លួនឯងថា៖ «ខ្ញុំជួបស្ថានភាពបែបនេះ គឺដោយសារបំណងព្រះហឫទ័យរបស់ព្រះ ដូច្នេះ ទោះខ្ញុំមិនយល់ ក៏ខ្ញុំគួរចុះចូលសិនដែរ»។ ពេលខ្ញុំដាក់ទូរស័ព្ទចុះ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ រាល់ពេលដែលគេចាត់តាំងការងារដល់ខ្ញុំ ម៉េចបានខ្ញុំ ចេះតែគិតអំពីវិធីរស់នៅឱ្យមានពេលទំនេរច្រើន ជាជាងគិតគូរពីព្រះទ័យព្រះ ព្រមទាំងចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់ទៅវិញ? ពេលខ្ញុំឆ្លុះបញ្ចាំងកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍ពិបាកចិត្តខ្លាំងឡើង។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំទ្រង់ឱ្យដឹកនាំខ្ញុំឆ្លុះបញ្ចាំង និងបានស្គាល់ពីខ្លួនឯង។

ក្រោយមក ខ្ញុំបានអានអត្ថបទបន្ទូលព្រះចំនួនពីរ ដែលពាល់ចិត្តខ្ញុំជាខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ធម្មជាតិរបស់សាតាំងគ្រប់គ្រង និងត្រួតត្រាមនុស្សពីខាងក្នុងខ្លួនពួកគេ រហូតទាល់តែពួកគេបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងបានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះមានអ្វីជាពិសេសនៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារតំណែងខ្លួនឯង? ហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងបែបនេះ? ហេតុអ្វីបានជាអ្នកត្រេកអរនឹងរឿងទុច្ចរិតទាំងនោះ? ហេតុអ្វីបានជាអ្នកចូលចិត្តសេចក្ដីអាក្រក់ទាំងនោះ? តើមានមូលដ្ឋានអ្វីដែលធ្វើឱ្យអ្នកជាប់ចិត្តនឹងរឿងទាំងនេះ? តើអ្វីទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនឹងទទួលយករបស់ទាំងនេះខ្លាំងម្ល៉េះ? មកដល់ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ហើយថា មូលហេតុចម្បងនៅពីក្រោយរឿងទាំងអស់នេះ គឺដោយសារពិសពុលរបស់សាតាំងដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើពិសពុលរបស់សាតាំងជាអ្វី? តើវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ 'តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?' មនុស្សនឹងឆ្លើយថា៖ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ គឺពួកគេដេញតាមវាដើម្បីតែខ្លួនឯង ដូច្នេះហើយ មនុស្សរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ដែលជាលក្ខណៈពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ ហើយធម្មជាតិបែបសាតាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្សជាតិពុករលួយទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅដោយមានពិសពុលរបស់សាតាំងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បាវចនារបស់ពួកគេ មានដូចជា៖ 'ជីវិតគ្រាន់តែជាការហូបចុក និងការស្លៀកពាក់ប៉ុណ្ណោះ' 'ចូរចាប់យកពេលវេលាថ្ងៃនេះសម្រាប់ជាក្ដីអំណរ ដ្បិតជីវិតខ្លីណាស់' និង 'ចូររីករាយនឹងថ្ងៃនេះចុះ ថ្ងៃស្អែកសឹមគិតពីរឿងថ្ងៃស្អែក'។ មួយថ្ងៃៗ ពួកគេសប្បាយណាស់ ពួកគេសប្បាយទៅតាមលទ្ធភាពពួកគេ ហើយពួកគេមិនដែលគិតពីអនាគតឡើយ ក៏រឹតតែមិនដែលពិចារណាពីទំនួលខុសត្រូវដែលអ្នកដឹកនាំគួរមាន ឬពីភារកិច្ចដែលពួកគេគួរបំពេញនោះដែរ។ ពួកគេនិយាយពាក្យនិងឃ្លានៃគោលលទ្ធិពីរបីពាក្យ ឬពីរបីឃ្លាដដែលៗ ហើយធ្វើកិច្ចការខ្លះៗដើម្បីតែរក្សាមុខមាត់ ទៅតាមទម្លាប់ ប៉ុន្តែពួកគេមិនដែលធ្វើកិច្ចការជាក់ស្ដែងនោះទេ។ ពួកគេមិនបានព្យាយាមឈ្វេងយល់បញ្ហាពិតប្រាកដនៅក្នុងក្រុមជំនុំ ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យបានទាំងស្រុងឡើយ។ តើការធ្វើការងារលំៗបែបនេះ បានប្រយោជន៍អ្វីទៅ? តើនេះមិនមែនជាការបោកបញ្ឆោតទេឬអី? តើអាចប្រគល់ទំនួលខុសត្រូវសំខាន់ៗដល់អ្នកដឹកនាំក្លែងក្លាយបែបនេះបានដែរទេ? តើពួកគេប្រព្រឹត្តតាមគោលការណ៍ និងលក្ខខណ្ឌនៃដំណាក់របស់ព្រះជាម្ចាស់ក្នុងការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? (អត់ទេ។) មនុស្សទាំងនេះពុំមានសតិសម្បជញ្ញៈ ឬហេតុផលឡើយ ពួកគេខ្វះស្មារតីទទួលខុសត្រូវ ហើយពួកគេនៅតែប្រាថ្នាចង់់ធ្វើការក្នុងសមត្ថភាពផ្លូវការជាអ្នកដឹកនាំពួកជំនុំទៀត។ ហេតុអ្វីពួកគេមិនចេះអៀនខ្មាសបែបនេះ? មនុស្សមួយចំនួនមានស្មារតីទទួលខុសត្រូវ តែជាមនុស្សដែលមានគុណសម្បត្តិមិនល្អ ហើយមិនអាចធ្វើជាអ្នកដឹកនាំបានទេ។ នេះមិនចាំបាច់និយាយដល់មនុស្សគ្មានបានការ ដែលគ្មានស្មារតីទទួលខុសត្រូវសោះនោះផង ពួកគេកាន់តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំទៅទៀត» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ពេលខ្ញុំសញ្ជឹងគិតពីបន្ទូលព្រះរួចហើយ ទើបខ្ញុំដឹងថា រាល់ពេលដែលគេចាត់តាំងការងារឱ្យខ្ញុំ មូលហេតុដែលខ្ញុំឆ្លើយតបទាំងច្រឡោតបែបនេះ ហើយមិនព្រមរងទុក្ខ និងរែកពុនបន្ទុក សំខាន់គឺមកពីខ្ញុំខ្ជិលពេក ហើយល្មោភចង់មានពេលសម្រាក។ កាលពីក្មេង ខ្ញុំទទួលឥទ្ធិពលពីសាតាំង និងត្រូវវាសូនខ្ញុំជារូបរាងផ្សេងៗ ហើយឃ្លាដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ចូររីករាយនឹងថ្ងៃនេះចុះ ថ្ងៃស្អែកសឹមគិតពីរឿងថ្ងៃស្អែក» បានក្លាយជាទស្សនវិជ្ជាបែបសាតាំង ដែលខ្ញុំរស់នៅតាម។ ទស្សនៈរបស់ខ្ញុំអំពីជីវិត និងតម្លៃរបស់ខ្ញុំ បានប្រែជាខូចបង់ និងអាក្រក់ខ្លាំងឡើង។ ខ្ញុំគិតថា នៅពេលយើងនៅរស់ យើងគួរធ្វើខ្លួនឱ្យសប្បាយ ហើយពុំចាំបាច់អ្វីត្រូវឱ្យខ្លួនឯងនឿយហត់ឡើយ។ យើងគួរប្រព្រឹត្តដាក់ខ្លួនឯងឱ្យល្អ ត្រូវធ្វើល្អដាក់ខ្លួនឯង។ មុនពេលដែលខ្ញុំជឿព្រះ ខ្ញុំសប្បាយចិត្តណាស់ ឱ្យតែខ្ញុំធ្វើតាមពិធីសាររួច និងបំពេញការងារខ្ញុំចប់ ហើយខ្ញុំមិនដែលធ្វើលើសពីអ្វីដែលគេប្រាប់ឱ្យខ្ញុំធ្វើឡើយ។ ជួនកាល ពេលយើងត្រូវធ្វើការថែមម៉ោង ខ្ញុំតែងគិតថា ការងារនោះតានតឹង និងហត់ពេកហើយ ខ្ញុំក៏ដាក់ច្បាប់ឈប់។ បន្ទាប់ពីបានជឿព្រះហើយ ខ្ញុំនៅតែស្វែងរកអ្វីៗដូចគ្នានេះដដែល។ ខ្ញុំព្យាយាមគេចពីការហត់នឿយ គេចពីការលះបង់ ហើយចង់ឱ្យភារកិច្ចខ្ញុំស្រួល មានពេលសម្រាក និងគ្មានបញ្ហាអ្វីទាំងអស់។ ដូច្នេះ នៅពេលអ្នកដឹកនាំ បានចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវក្រុមជំនុំទាំងពីរ ហើយក្រុមជំនុំទាំងពីរនោះមានបញ្ហាច្រើន ត្រូវរងទុក្ខ និងលះបង់ច្រើន ខ្ញុំមិនចង់ធ្វើកិច្ចការនោះទេ ហើយព្យាយាមគេចវេះពីភារកិច្ចនោះ។ ប៉ុន្តែតាមពិត ខ្ញុំបានដឹងថា ខ្ញុំបានធ្វើការនោះមួយរយៈហើយ និងមានបទពិសោធខ្លះផង ដូច្នេះ ខ្ញុំគួរតែមើលការខុសត្រូវពួកជំនុំណាដែលមានការលំបាកច្រើន។ ខ្ញុំគ្រាន់តែមិនចង់លះបង់សាច់ឈាម និងរែកពុនបន្ទុកធ្ងន់ប៉ុណ្ណោះ។ ព្រះបានប្រទានព្រះគុណដល់ខ្ញុំ ព្រមទាំងឱកាសក្នុងការអនុវត្តការធ្វើជាអ្នកមើលការខុសត្រូវក្រុមជំនុំ ដូច្នេះ ខ្ញុំគួរអនុវត្តការទទួលខុសត្រូវខ្ញុំ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះ។ ប៉ុន្តែ ខ្ញុំមិនបានបំពេញភារកិច្ចឱ្យបានល្អទេ ហើយតែងខ្ជិលច្រអូស មិនសូវខំប្រឹង។ ខ្ញុំកំពុងរស់នៅតាមសញ្ញាណរបស់សាតាំង ជាមនុស្សអាត្មានិយម គួរឱ្យស្អប់ មានចិរិតមិនល្អ ឬគ្មានភាពទៀងត្រង់សូម្បីបន្តិចសោះឡើយ។ នៅពេលដឹងបែបនេះ ខ្ញុំយល់ថា ការបន្តដើរតាមផ្លូវនោះទៀត គឺគ្រោះថ្នាក់ណាស់។ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះ ហើយព្រមផ្លាស់ប្ដូរអាកប្បកិរិយាខ្ញុំចំពោះភារកិច្ច។

ក្រោយមក ខ្ញុំបានប្រទះឃើញអត្ថបទនេះ។ «តាមពិតទៅ រាល់ភារកិច្ចសុទ្ធតែមានការពិបាកខ្លះហើយ។ ការងារប្រើកម្លាំងមានការពិបាកខាងផ្លូវកាយ ហើយកាងារប្រើខួរក្បាលមានការពិបាកខាងផ្លូវចិត្ត។ ការងារនីមួយៗមានការពិបាករបស់វា។ ការងារគ្រប់យ៉ាង គឺនិយាយស្រួលជាងធ្វើ។ និយាយមួយបែប នៅពេលដែលមនុស្សធ្វើសកម្មភាពពិតប្រាកដ អ្នកត្រូវមើលអត្តចរិតរបស់ពួកគេ ហើយនិយាយមួយបែបទៀតថា អ្នកត្រូវមើលថាតើពួកគេស្រឡាញ់សេចក្តីពិតឬអត់។ អនុញ្ញាតឱ្យយើងនិយាយអំពីអត្តចរិតរបស់មនុស្សជាមុនសិន។ ប្រសិនបើមនុស្សម្នាក់មានអត្តចរិតល្អ នោះគេមើលឃើញផ្នែកវិជ្ជមាននៃកិច្ចការគ្រប់យ៉ាង ហើយអាចទទួលយក និងយល់ពីកិច្ចការទាំងនេះតាមទស្សនៈវិជ្ជមាន និងឈរលើមូលដ្ឋាននៃសេចក្តីពិត ពោលគឺ ដួងចិត្ត អត្តចរិត និងវិញ្ញាណរបស់ពួកគេគឺសុចរិត នេះបើតាមទស្សនៈនៃអត្តចរិត។ បន្ទាប់មក អនុញ្ញាតឱ្យយើងនិយាយអំពីទិដ្ឋភាពមួយទៀត ថាតើគេស្រឡាញ់សេចក្ដីពិតឬអត់។ ការស្រឡាញ់សេចក្តីពិត សំដៅលើការអាចទទួលយកសេចក្តីពិត ដែលមានន័យថា ទោះបីជាអ្នកយល់ ឬមិនយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ហើយថាតើអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់ ដោយមិនគិតពីការយល់ឃើញ យោបល់ និងទស្សនៈរបស់អ្នកអំពីការងារ ភារកិច្ចដែលអ្នកត្រូវធ្វើឡើយ គឺស្របតាមសេចក្តីពិត អ្នកនៅតែអាចទទួលយកសេចក្តីពិតពីព្រះជាម្ចាស់បាន ហើយអាចស្តាប់បង្គាប់ និងស្មោះត្រង់ ពេលនោះគឺគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិបំពេញភារកិច្ចរបស់អ្នកបានហើយ វាជាសេចក្តីតម្រូវអប្បបរមា។ ប្រសិនបើអ្នកស្ដាប់បង្គាប់ និងស្មោះត្រង់មែន នោះនៅពេលអ្នកបំពេញកិច្ចការអ្វីមួយ អ្នកនឹងមិនធ្វេសប្រហែស និងធ្វើការឱ្យតែរួចពីដៃឡើយ ហើយក៏មិនរកវិធីលួចខ្ជិលនោះដែរ តែអ្នកនឹងដាក់ចិត្ត ដាក់កាយធ្វើកិច្ចការនោះមិនខាន។ ការដែលមានសភាពមិនត្រឹមត្រូវនៅក្នុងខ្លួន បង្កើតឱ្យមានភាពអវិជ្ជមាន ដែលធ្វើឱ្យបាត់បង់ការជំរុញចិត្ត ដូច្នេះហើយ ពួកគេប្រែជាធ្វេសប្រហែស និងគ្មានការប្រុងប្រយ័ត្ន។ ពួកគេដឹងច្បាស់នៅក្នុងចិត្តថា សភាពរបស់ពួកគេមិនត្រឹមត្រូវនោះទេ ហើយនៅតែមិនព្រមព្យាយាមកែតម្រូវសភាពនេះ តាមរយៈការស្វែងរកសេចក្ដីពិតដដែល។ មនុស្សបែបនេះ គ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតឡើយ ហើយមានត្រឹមឆន្ទៈតិចតួចក្នុងការបំពេញភារកិច្ចពួកគេប៉ុណ្ណោះ។ ពួកគេបដិសេធមិនព្រមខំប្រឹងប្រែង ឬរងការលំបាកអ្វីឡើយ ហើយតែងតែរកវិធីលួចខ្ជិលជានិច្ច។ តាមពិត ព្រះជាម្ចាស់បានទតឃើញគ្រប់យ៉ាងទាំងអស់ហើយ ដូច្នេះ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនអើពើនឹងមនុស្សទាំងអស់នេះទៀត? ព្រះជាម្ចាស់កំពុងទន្ទឹងរង់ចាំឱ្យរាស្រ្តរើសតាំងរបស់ទ្រង់ភ្ញាក់ឡើង រួចកំណត់អត្តសញ្ញាណទៅតាមប្រភេទរបស់ពួកគេ ដើម្បីឱ្យពួកគេលាតត្រដាង និងផាត់មនុស្សទាំងនោះចោល។ ប៉ុន្តែមនុស្សបែបនេះនៅតែគិតក្នុងចិត្តថា 'មើលនែ ខ្ញុំឆ្លាតប៉ុនណា។ យើងញ៉ាំអាហារដូចគ្នា ប៉ុន្តែបន្ទាប់ពីធ្វើកិច្ចការរួច អ្នករាល់គ្នាអស់កម្លាំងពីខ្លួនរលីង។ ចំណែកខ្ញុំវិញ មិនអស់កម្លាំងទាល់តែសោះ។ ខ្ញុំជាមនុស្សឆ្លាត។ អ្នកណាដែលធ្វើកិច្ចការជាក់ស្តែង គឺជាមនុស្សភ្លីភ្លើ'។ តើត្រឹមត្រូវទេដែលពួកគេមើលមនុស្សស្មោះត្រង់ក្នុងផ្លូវនេះ? មិនត្រឹមត្រូវទេ ការពិតទៅ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន មនុស្សដែលធ្វើកិច្ចការជាក់ស្តែង កំពុងអនុវត្តសេចក្តីពិត និងកំពុងបំពេញតាមព្រះទ័យរបស់ព្រះជាម្ចាស់ហើយ ដូច្នេះ ពួកគេគឺជាមនុស្សដែលឆ្លាតជាងគេបំផុតក្នុងចំណោមមនុស្សទាំងអស់។ តើអ្វីទៅដែលធ្វើឱ្យពួកគេឆ្លាត? ពួកគេនិយាយថា 'ខ្ញុំមិនធ្វើកិច្ចការដែលព្រះជាម្ចាស់មិនត្រាស់បង្គាប់ឱ្យខ្ញុំធ្វើនោះទេ ហើយខ្ញុំធ្វើកិច្ចការគ្រប់យ៉ាងដែលទ្រង់ត្រាស់បង្គាប់ឱ្យខ្ញុំធ្វើ។ ខ្ញុំធ្វើកិច្ចការដែលទ្រង់បានត្រាស់បង្គាប់ឱ្យធ្វើ ហើយខ្ញុំខិតខំប្រឹងប្រែងធ្វើកិច្ចការនោះ ខ្ញុំប្រឹងប្រែងធ្វើកិច្ចការគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ខ្ញុំមិនលេងល្បិចសោះឡើយ។ ខ្ញុំមិនធ្វើកិច្ចការនេះសម្រាប់អ្នកណាម្នាក់ទេ ខ្ញុំធ្វើដើម្បីព្រះជាម្ចាស់។ ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ខ្ញុំគួរធ្វើបែបនេះដើម្បីបំពេញតាមព្រះទ័យរបស់ទ្រង់'។ នេះហើយជាសភាពនៃចិត្តដែលត្រឹមត្រូវ ហើយជាលទ្ធផល នៅពេលដែលពួកជំនុំដល់ពេលត្រូវសម្អាត នោះអស់អ្នកដែលបំពេញភារកិច្ចបែបវៀចវេរ នឹងត្រូវគេផាត់ចោលទាំងអស់ ចំណែកឯមនុស្សដែលស្មោះត្រង់ និងទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់វិញនឹងបានរួចជីវិត។ សភាពរបស់មនុស្សស្មោះត្រង់ទាំងនេះ កាន់តែរឹងមាំឡើងថែមទៀត ហើយពួកគេត្រូវបានព្រះជាម្ចាស់ការពារក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ចុះអ្វីទៅដែលធ្វើឱ្យពួកគេទទួលបានការការពារនេះ? នោះព្រោះតែពួកគេមានភាពស្មោះត្រង់នៅក្នុងចិត្ត។ ពួកគេមិនខ្លាចការលំបាក ឬការនឿយហត់អស់កម្លាំង នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួនទេ ហើយពួកគេមិនរអ៊ូរទាំចំពោះកិច្ចការអ្វីមួយដែលគេបានផ្ញើទុកនឹងខ្លួនឡើយ ពួកគេមិនសួរពីមូលហេតុទេ ពួកគេគ្រាន់តែធ្វើតាមគេប្រាប់ប៉ុណ្ណោះ ពួកគេស្តាប់បង្គាប់ដោយមិនបានពិនិត្យ វិភាគ ឬពិចារណាលើអ្វីផ្សេងឡើយ។ ពួកគេគ្មានបំណងលាក់បាំងនោះទេ ប៉ុន្តែអាចស្តាប់បង្គាប់ក្នុងគ្រប់កិច្ចការទាំងអស់។ សភាពខាងក្នុងរបស់ពួកគេគឺតែងតែធម្មតាជានិច្ច នៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះជាម្ចាស់ការពារពួកគេ។ នៅពេលដែលពួកគេមានជំងឺ ឬរោគរាតត្បាត នោះព្រះជាម្ចាស់ក៏ការពារពួកគេដែរ ពោលគឺ ពួកគេមានពរយ៉ាងក្រៃលែង» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ឃើញថា មនុស្សដែលមានសតិសម្បជញ្ញៈ និងមានចរិតល្អ មានអាកប្បកិរិយាស្មោះត្រង់ចំពោះភារកិច្ច។ នៅពេលភារកិច្ចពួកគេជួបបញ្ហា ពួកគេទទួលការរងទុក្ខ ធ្វើការលះបង់ និងខំប្រឹងកែលម្អ ដោយខំធ្វើយ៉ាងណាដើម្បីកិច្ចការដែលពួកគេធ្វើនោះសម្រេចបានលទ្ធផលល្អ។ មនុស្សបែបនេះ ទទួលបានការបំភ្លឺ និងការណែនាំពីព្រះនៅក្នុងភារកិច្ចរបស់ពួកគេ ហើយស្ថានភាពពួកគេក៏បានប្រសើរឡើងជាលំដាប់។ ប៉ុន្តែមនុស្សដែលខ្វះសតិសម្បជញ្ញៈ និងហេតុផល ឱ្យតែពេលភារកិច្ចពួកគេជួបបញ្ហា ពួកគេតែងថ្ងូរ តែងត្អូញត្អែរ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនសហការឱ្យអស់ពីចិត្ត ហើយថែមទាំងគិតថាខ្លួនពួកគេឆ្លាតទៀតផង ដែលធ្វើបែបនេះ។ ព្រះស្អប់មនុស្សបែបនេះណាស់ ហើយចុងក្រោយទ្រង់នឹងលាតត្រដាង និងផាត់ពួកគេចោល។ ខ្ញុំគិតថាខ្លួនឯងឆ្លាត តើខ្ញុំមានអ្វីខុសពីពួកគេទៅ? សម្បកក្រៅ ខ្ញុំអាចបោកអ្នកដឹកនាំខ្ញុំបាន ខ្ញុំតែងគេចពីការរងទុក្ខដែលកើតចេញពីការមើលការខុសត្រូវក្រុមជំនុំថ្មី ហើយអ្នកដឹកនាំពុំបានដឹងថា ខ្ញុំកំពុងគិតអ្វី និងពុំអាចរកអ្វីមកនិយាយចោទប្រកាន់ខ្ញុំបានឡើយ។ ប៉ុន្តែព្រះពិនិត្យពិច័យគំនិតខ្ញុំយ៉ាងល្អិតល្អន់បំផុត។ បើព្រះជាម្ចាស់ទតឃើញថា ខ្ញុំតែងបំពេញភារកិច្ចទាំងខ្ជិលច្រអូស ល្មោភចង់មានពេលសម្រាក ដោយពុំបានការពារប្រយោជន៍ក្រុមជំនុំទាល់តែសោះ នោះព្រះអង្គនឹងស្អប់ខ្ញុំមិនខាន។ បើខ្ញុំបន្តមិនប្រែចិត្តទៀត ខ្ញុំមុខជាត្រូវព្រះបោះបង់ និងផាត់ចោលទាំងស្រុងមិនខាន។ ខ្ញុំគិតដល់មនុស្សខ្លះដែលត្រូវគេបោសសម្អាតកាលពីមុន ពួកគេតែងខ្ជិលច្រអូស ហើយធ្វើការឱ្យតែរួចពីដៃ រួចក៏ត្រូវគេដកចេញពីតំណែងភារកិច្ច ក្លាយជាជនរងគ្រោះនៃភាពឈ្លាសវៃរបស់ខ្លួន។ ពេលឆ្លុះបញ្ចាំងពីចំណុចទាំងនេះ ខ្ញុំមានអារម្មណ៍រាងខ្លាចបន្តិចដែរ ដូច្នេះហើយ ខ្ញុំក៏អធិស្ឋានទៅព្រះ ព្រមកែប្រែអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ច ទទួលយកការទទួលខុសត្រូវ និងបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។

ក្រោយមក ខ្ញុំបានអានអត្ថបទបន្ទូលព្រះជាម្ចាស់មួយទៀត ដែលបានផ្ដល់ផ្លូវអនុវត្តន៍មួយដល់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «បន្ទាប់ពីលោក ណូអេ បានទទួលយកកិច្ចការដែលព្រះជាម្ចាស់បានផ្ញើទុកនឹងគាត់ហើយ គាត់ក៏ចាប់ផ្ដើមអនុវត្តនិងសម្រេចការសាងសង់ទូកធំដែលព្រះជាម្ចាស់បានមានបន្ទូលនោះ ហាក់ដូចជាកិច្ចការនោះសំខាន់ជាងគេបំផុតនៅក្នុងជីវិតគាត់ ដោយពុំគិតបង្អង់ពេលឡើយ។ ច្រើនថ្ងៃ ច្រើនឆ្នាំកន្លងផុតទៅ មួយថ្ងៃហើយមួយថ្ងៃទៀត មួយឆ្នាំហើយមួយឆ្នាំទៀត។ ព្រះជាម្ចាស់មិនដែលដាក់សម្ពាធណាមួយលើលោក ណូអេ ទេ ប៉ុន្តែក្នុងអំឡុងពេលនោះ លោក ណូអេ បន្តខំប្រឹងធ្វើកិច្ចការដ៏សំខាន់ដែលព្រះជាម្ចាស់បានផ្ញើទុកនឹងគាត់។ គ្រប់ទាំងពាក្យ គ្រប់ទាំងឃ្លាដែលព្រះជាម្ចាស់ថ្លែងចេញមក បានចារឹកជាប់នៅក្នុងដួងចិត្តរបស់លោក ណូអេ ដូចជាពាក្យដែលគេចារឹកជាប់ផ្ទាំងថ្មយ៉ាងដូច្នោះដែរ។ គាត់មិនបានអើពើនឹងការផ្លាស់ប្ដូរនៅពិភពខាងក្រៅ មិនខ្វល់ពីការសើចចំអកពីអ្នកនៅជុំវិញខ្លួនគាត់ មិនខ្វល់ពីទុក្ខលំបាកនៅក្នុងការងារនោះ ឬការលំបាកផ្សេងៗដែលគាត់ជួបប្រទះឡើយ ប៉ុន្តែគាត់បន្តខំប្រឹងប្រែងនៅក្នុងកិច្ចការដែលព្រះជាម្ចាស់បានផ្ញើទុកនឹងគាត់ជាប់រហូត ដោយមិនដែលអស់សង្ឃឹម ឬគិតចង់បោះបង់ចោលឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចារឹកជាប់នៅក្នុងដួងចិត្តរបស់លោក ណូអេ ហើយព្រះបន្ទូលទាំងនោះ បានក្លាយជាតថភាពប្រចាំថ្ងៃរបស់គាត់។ លោក ណូអេ បានត្រៀមរៀបចំសម្ភារៈនីមួយៗដែលត្រូវការសម្រាប់សង់ទូកធំនោះ ហើយរូបរាងនិងលក្ខណៈរបស់ទូកធំដែលព្រះជាម្ចាស់បានត្រាស់បញ្ជា ក៏បានលេចចេញជារូបរាងបន្តិចម្ដងៗ តាមរយៈញញួរនិងពន្លាកដែលលោក ណូអេ ដំនិងដាប់យ៉ាងផ្ចិតផ្ចង់បំផុត។ ទោះត្រូវខ្យល់ ត្រូវភ្លៀង ហើយទោះមនុស្សសើចចំអក ឬមួលបង្កាច់គាត់បែបណាក៏ដោយ ក៏ជីវិតរបស់លោក ណូអេ ចេះតែបន្តទៅមុខក្នុងលក្ខណៈបែបនេះ មួយឆ្នាំហើយមួយឆ្នាំទៀត។ ព្រះជាម្ចាស់ទតមើលគ្រប់សកម្មភាពរបស់លោក ណូអេ ដោយសម្ងាត់ ពុំមានថ្លែងព្រះបន្ទូលអ្វីផ្សេងទៀតទៅកាន់គាត់ឡើយ ហើយលោក ណូអេ បានធ្វើឱ្យទ្រង់អាណិតអាសូរ។ ប៉ុន្តែ លោក ណូអេ ពុំបានដឹង ក៏ពុំបានយល់ពីកិច្ចការនេះដែរ។ តាំងពីគ្រាដំបូងរហូតមកដល់ទីចុងបញ្ចប់ គាត់បានត្រឹមតែសង់ទូកធំ និងប្រមូលផ្ដុំសត្វមានជីវិតគ្រប់ប្រភេទ ទៅតាមបន្ទូលរបស់ព្រះជាម្ចាស់ដោយឥតងាករេប៉ុណ្ណោះ។ ក្នុងចិត្តរបស់លោក ណូអេ គ្មានការណែនាំណាដែលខ្ពង់ខ្ពស់ជាងនេះ ដែលគួរឱ្យគាត់ធ្វើតាម និងអនុវត្តនោះទេ៖ បន្ទូលរបស់ព្រះជាម្ចាស់ គឺជាទិសដៅ និងគោលដៅពេញមួយជីវិតរបស់គាត់។ ដូច្នេះ មិនថាព្រះជាម្ចាស់មានបន្ទូលទៅកាន់គាត់បែបណា មិនថាព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យគាត់ធ្វើអ្វី ឬបញ្ជាឱ្យគាត់ធ្វើអ្វីនោះទេ ក៏លោក ណូអេ ទទួលយកកិច្ចការនោះទាំងស្រុងដែរ ហើយព្យាយាមទន្ទេញវាឱ្យចាំ និងចាត់ទុកកិច្ចការនោះជាការខំប្រឹងប្រែងសម្រេចគោលដៅជីវិតរបស់គាត់។ គាត់មិនត្រឹមតែមិនភ្លេច មិនត្រឹមតែចាំវាទុកក្នុងចិត្តនោះទេ ប៉ុន្តែគាត់ក៏បានធ្វើឱ្យកិច្ចការនោះក្លាយជាតថភាពនៃជីវិតផ្ទាល់ខ្លួនរបស់គាត់ផងដែរ ដោយប្រើជីវិតរបស់គាត់ដើម្បីទទួលយក និងអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គាត់បានសង់ទូកធំនេះរួចរាល់ដោយយកបន្ទះក្តារមកសង់ម្តងមួយផ្ទាំងៗ។ គ្រប់សកម្មភាពរបស់លោក ណូអេ ជារៀងរាល់ថ្ងៃ គឺលះបង់ដើម្បីព្រះបន្ទូលនិងបញ្ញត្តិរបស់ព្រះជាម្ចាស់។ ទោះមើលទៅកិច្ចការដែលលោក ណូអូ បានធ្វើនោះ ហាក់ដូចជាគ្មានអ្វីសំខាន់ខ្លាំងក៏ពិតមែន ក៏ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ គ្រប់យ៉ាងដែលលោក ណូអេ បានធ្វើ សូម្បីតែគ្រប់ទាំងជំហានដែលគាត់បានអនុវត្តដើម្បីសម្រេចកិច្ចការអ្វីមួយ គ្រប់ទាំងការងារដែលគាត់ធ្វើដោយដៃគាត់ផ្ទាល់ គឺសុទ្ធតែមានតម្លៃ ហើយសមនឹងទទួលបានការចងចាំ និងសមឱ្យមនុស្សជាតិនេះយកតម្រាប់តាមណាស់។ លោក ណូអេ ប្រកាន់ខ្ជាប់តាមកិច្ចការដែលព្រះជាម្ចាស់បានផ្ញើទុកនឹងគាត់។ គាត់មានជំនឿឥតងាករេថា ព្រះបន្ទូលគ្រប់ព្រះឱស្ឋដែលព្រះជាម្ចា់សថ្លែងចេញមក សុទ្ធតែជាការពិតទាំងអស់ ហើយគាត់គ្មានការសង្ស័យបន្តិចណាឡើយ។ ហេតុដូច្នេះហើយ ទើបទូកធំនោះបានសង់រួចរាល់ ហើយសត្វមានជីវិតគ្រប់ប្រភេទក៏អាចរស់នៅលើទូកនោះបាន» («ចំណុចក្រៅប្រធានបទទីពីរ៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ទ្រង់ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ រឿងរបស់លោកណូអេ ពិតជាពាល់ចិត្តខ្ញុំខ្លាំងណាស់។ បន្ទាប់ពីទទួលបានបញ្ជាបេសកកម្មរបស់ព្រះហើយ លោកណូអេមិនដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គាត់គិតតែពីអនុវត្តបញ្ជាបេសកកម្មរបស់ព្រះមួយមុខប៉ុណ្ណោះ។ គាត់បានទម្លាក់ចុះគ្រប់យ៉ាងនៅក្នុងជីវិតរបស់គាត់ ហើយទោះបីការសង់ទូកធំនោះ គឺជាគ្រោងការដ៏ធំមហិមា ដែលមានការលំបាកជាច្រើនក្ដី ក៏លោកណូអេបន្តសង់ទូកនោះ មួយផ្ទាំងម្ដងៗ ក្រោមភ្លៀង ក្រោមថ្ងៃក្ដៅ អស់ពេល ១២០ ឆ្នាំ។ គាត់មិនដែលរអ៊ូរទាំឡើយ ហើយចុងក្រោយក៏សម្រេចបញ្ជាបេសកកម្មរបស់ព្រះ និងទទួលបានការពេញព្រះទ័យពីទ្រង់។ ពេលប្រៀបធៀបអាកប្បកិរិយាផ្ទាល់ខ្លួនខ្ញុំជាមួយនឹងអាកប្បកិរិយាលោកណូអេចំពោះបញ្ជាបេសកកម្មរបស់ព្រះ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំបានឆ្លងកាត់ទុក្ខលំបាកត្រឹមមួយភាគមួយម៉ឺននៃទុក្ខលំបាកដែលលោកណូអេបានឆ្លងកាត់ប៉ុណ្ណោះ ហើយនៅពេលខ្ញុំមានការលំបាក និងមានអារម្មណ៍តានតឹងបន្តិច ខ្ញុំតែងរអ៊ូរទាំ និងចង់គេចវេះពីការងារ។ ខ្ញុំគ្មានភក្ដីភាព ឬទីបន្ទាល់ណាមួយតាមរយៈការអនុវត្តសេចក្ដីពិតឡើយ។ ខ្ញុំមានអារម្មណ៍ជំពាក់ព្រះជាខ្លាំង និងស្ដាយក្រោយណាស់។ ខ្ញុំអធិស្ឋានទៅព្រះ និងបានប្រែចិត្ត ឈប់ល្មោភចង់មានពេលសម្រាកទៀត ហើយចាប់ផ្ដើមយកតម្រាប់តាមលោកណូអេ ដើម្បីបំពេញភារកិច្ចឱ្យបានល្អ។ ទោះបីខ្ញុំជួបប្រទះបញ្ហា និងការលំបាកក្នុងភារកិច្ចខ្ញុំក៏ដោយ ក៏ខ្ញុំគួរធ្វើការលះបង់ និងទទួលយកការលំបាក ដើម្បីបំពេញភារកិច្ចខ្ញុំ និងកម្សាន្តព្រះទ័យព្រះ។ បន្ទាប់មក ខ្ញុំបានស្វែងរកអ្នកដឹកនាំ និងប្រាប់គាត់ថា៖ «ខ្ញុំត្រៀមខ្លួនដើម្បីចាប់ផ្ដើមមើលការខុសត្រូវក្រុមជំនុំថ្មីហើយ។ ទៅថ្ងៃមុខ ពេលណាបងត្រូវការឱ្យខ្ញុំទៅ ខ្ញុំនឹងគោរពតាមការរៀបចំរបស់ក្រុមជំនុំ»។ និយាយបែបនេះរួច ខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តកាន់តែខ្លាំង។ ក៏ប៉ុន្តែ នៅពេលនោះ អ្នកដឹកនាំខ្ញុំបានចាត់តាំងបងស្រី សាស្សា ទៅមើលការខុសត្រូវក្រុមជំនុំនោះរួចហើយ ដោយមិនបានចាត់តាំងខ្ញុំទេ។

ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំឮថា បងសាស្សា គ្រប់គ្រងការងារពួកជំនុំមិនអស់នោះទេ ហើយមិនអាចបន្តមើលការខុសត្រូវការងារនៅទីនោះបានទេ។ នេះមានន័យថា ចុងក្រោយ អ្នកដឹកនាំប្រហែលចង់ឱ្យខ្ញុំទៅទីនោះដដែល។ ពេលខ្ញុំគិតពីបញ្ហាទាំងអស់នៅក្នុងក្រុមជំនុំនោះ ខ្ញុំស្រាប់តែមានអារម្មណ៍តានតឹងភ្លាម។ ប៉ុន្តែពេលនោះ ខ្ញុំដឹងថា ខ្ញុំកំពុងផ្គាប់ផ្គុនសាច់ឈាមខ្ញុំ ហើយមិនព្រមរងទុក្ខទៀតហើយ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះថា៖ «ព្រះអង្គអើយ ពេលមានបញ្ហាកើតឡើង ខ្ញុំម្ចាស់មិនចង់គិតតែពីប្រយោជន៍ខ្លួនឯងជាប់ជានិច្ចបែបនេះទេ។ សូមណែនាំខ្ញុំម្ចាស់ឱ្យចេះចុះចូលផង»។ ពេលនោះ ខ្ញុំស្រាប់តែនឹកចាំបន្ទូលព្រះថា៖ «ប្រសិនបើមនុស្សម្នាក់ពិតជាមានការលះបង់យ៉ាងពិតប្រាកដមែន ហើយមានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ពួកគេមែន ដូច្នេះ ឱ្យតែព្រះជាម្ចាស់តម្រូវ ហើយឱ្យតែដំណាក់ព្រះជាម្ចាស់ត្រូវការ នោះពួកគេនឹងធ្វើគ្រប់យ៉ាងដែលសុំឱ្យពួកគេធ្វើ ដោយមិនរើសមុខឡើយ។ តើនេះមិនមែនជាគោលការណ៍មួយក្នុងចំណោមគោលការណ៍នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ ក្នុងការបំពេញ និងអនុវត្តកិច្ចការគ្រប់យ៉ាងដែលមនុស្សម្នាក់គួរធ្វើទេឬអី? (ជាគោលការណ៍មួយ។)» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទូលព្រះធ្វើឱ្យខ្ញុំដឹងថា មនុស្សដែលស្មោះត្រង់នឹងព្រះ ទោះពួកគេត្រូវចាត់តាំងឱ្យបំពេញតួនាទីអ្វីក៏ដោយ ក៏ពួកគេធ្វើគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួន ដើម្បីអនុវត្តការទទួលខុសត្រូវ និងភារកិច្ចពួកគេដែរ។ នេះទើបជាមនុស្សដែលការពារកិច្ចការពួកជំនុំ។ ខ្ញុំដឹងថាខ្លួនខ្ញុំជួបស្ថានភាពបែបនេះ ក៏ដោយសារការងារពួកជំនុំត្រូវការឱ្យខ្ញុំជួយ។ ខ្ញុំមិនអាចបន្តគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងល្មោភចង់មានពេលសម្រាកឡើយ។ ទោះខ្ញុំត្រូវគេចាត់តាំងឱ្យធ្វើជាអ្នកមើលការខុសត្រូវឬអត់ ក៏ខ្ញុំសុខចិត្តចុះចូលតាមដែរ។ ក្រោយមក អ្នកដឹកនាំឱ្យខ្ញុំទៅមើលខុសត្រូវក្រុមជំនុំនោះ ហើយនៅពេលនោះ ខ្ញុំក៏បានទទួលយកទាំងស្ងប់ចិត្ត។ បន្ទាប់ពីបានគ្រប់គ្រងក្រុមជំនុំនោះ ខ្ញុំក៏ចំណាយពេលកែលម្អក្រុមជំនុំនោះបន្តិចម្ដងៗ ហើយតាមរយៈការត្រួតពិនិត្យ និងការតាមដានការងារ ខ្ញុំអាចរកឃើញបញ្ហាខ្លះ និងដោះស្រាយបញ្ហាទាំងនោះបាន។

សម្បកក្រៅ មើលទៅការចាត់តាំងការងារនោះ កេងចំណេញពីខ្ញុំច្រើន តែតាមពិត ការផ្លាស់ការងារនោះ បានការពារនិងជួយលើកទឹកចិត្តខ្ញុំទៅវិញទេ។ ក្រុមជំនុំដែលខ្ញុំធ្លាប់មើលការខុសត្រូវនោះ កាន់តែរឹងមាំ និងមានលទ្ធផលល្អៗកាន់តែច្រើន ដូច្នេះ ខ្ញុំក៏សប្បាយចិត្តទាំងមិនដឹងខ្លួន ហើយចាប់ផ្ដើមធ្លាក់ចូលទៅក្នុងទម្លាប់ចាស់។ ខ្ញុំចាប់ផ្ដើមខ្ជិលច្រអូស និងអសកម្មកាន់តែខ្លាំង។ នៅក្រុមជំនុំថ្មី មានបញ្ហាជាច្រើន ប៉ុន្តែនៅពេលជួបទុក្ខលំបាក វាបានជំរុញចិត្តខ្ញុំឱ្យអធិស្ឋាន និងពឹងលើព្រះ ហើយស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហា។ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលនឹងព្រះជាងមុន និងរៀនសូត្របានច្រើន។ អរព្រះគុណព្រះអង្គ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វាមានអារម្មណ៍ល្អណាស់ក្នុងការយកចេញនូវការក្លែងបន្លំរបស់ខ្ញុំ

នៅខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំមួយរូបរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា...

សេចក្ដីជំនឿមានន័យថាជាការពឹងផ្អែកលើព្រះជាម្ចាស់

ដោយ ឆឹង ឆឹង (អ៊ីតាលី) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់...

ការរស់នៅ ចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ...

Leave a Reply