ការភ្ញាក់ខ្លួនពីភាពក្រអឺតក្រទមរបស់ខ្ញុំ
ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អនៅឆ្នាំ២០១៥។ មិនយូរប៉ុន្មាន ខ្ញុំក៏មានជោគជ័យខ្លះ ដោយមានការណែនាំពីព្រះ។ ពេលខ្លះ ខ្ញុំជួបមនុស្សមានសញ្ញាណសាសនាជាច្រើន ដែលមិនចង់សិក្សាពីកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយឡើយ។ ដូច្នេះ ខ្ញុំពឹងលើព្រះ និងប្រកបគ្នាពីសេចក្តីពិតដោយអំណត់ ហើយគេទទួលយកយ៉ាងរហ័ស។ ក្រោយសម្រេចកិច្ចការបានខ្លះ ខ្ញុំចាប់ផ្ដើមគិតថា ខ្លួនឯងមានសមត្ថភាព មានទេពកោសល្យកម្រ។
ក្រោយមក បង លាវ និងខ្ញុំ ទទួលកិច្ចការស្រោចស្រពសម្រាប់ពួកជំនុំ។ ខ្ញុំត្រូវរ៉ាប់រងពួកជំនុំធំមួយ ដែលមានសមាជិកច្រើនគួរសម ដូច្នេះ ពេលខ្ញុំចាប់ផ្ដើម ខ្ញុំតែងអធិស្ឋានទៅព្រះ និងពិភាក្សាកិច្ចការជាមួយបងប្អូនប្រុសស្រី។ មិនយូរប៉ុន្មាន ការងារក៏ដំណើរការយ៉ាងរលូន។ សមាជិកពួកជំនុំភាគច្រើនចូលរួមការជួបជុំតាមធម្មតា និងបំពេញភារកិច្ចយ៉ាងសកម្ម។ ខ្ញុំមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងខ្លះដែរ។ ខ្ញុំគិតថា សូម្បីតែពួកជំនុំធំមានសមាជិកច្រើនបែបនេះ ក៏ខ្ញុំសម្រេចបានលទ្ធផលរហ័សដែរ ខ្ញុំច្បាស់ជាមានគុណសម្បត្តិខ្លះហើយ។ ខ្ញុំក៏ឃើញដែរថា កិច្ចការស្រោចស្រពរបស់បង លាវ ដំណើរការមិនល្អឡើយ អ្នកធ្វើការខ្លះនៅពួកជំនុំគាត់ត្រូវបានដកចេញ ហើយអ្នកខ្លះត្រូវការប្រកបគ្នា ព្រោះពួកគេមានសភាពអវិជ្ជមាន។ ខ្ញុំបានមើលងាយគាត់បន្ដិច ខ្ញុំគិតថា ខ្ញុំធ្វើបានល្អជាងគាត់។ ក្រោយមក ខ្ញុំចាប់ផ្ដើមពាក់ព័ន្ធជាមួយការងារគាត់ ដោយបូកសរុបកំហុសក្នុងការជួបជុំ ប្រកបគ្នាពីបន្ទូលព្រះ ដើម្បីជួយដោះស្រាយសភាពអវិជ្ជមានរបស់អ្នកដទៃ ផ្លាស់ប្ដូរភារកិច្ចរបស់អ្នកស្រោចស្រព នៅពេលចាំបាច់។ ការងារទទួលបានផលយ៉ាងឆាប់រហ័ស។ ខ្ញុំគិតថា ខ្ញុំបានដោះស្រាយបញ្ហារបស់យើងយ៉ាងឆាប់រហ័ស ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកាន់តែមានទេពកោសល្យពូកែ។ ខ្ញុំរឹតតែក្រអឺតក្រទម។ ពេលបូកសរុបការងារ ខ្ញុំឃើញចំណុចខ្វះខាត និងភាពធ្វេសប្រហែសរបស់គេជាច្រើន ហើយមិនអាចធ្វើអ្វីក្រៅពីស្តីបន្ទោសឡើយ។ ខ្ញុំថា៖ «កិច្ចការស្រោចស្រពបានពន្យារពេលយ៉ាងយូរ។ តើមាននរណាម្នាក់ព្យាយាមធ្វើតាមព្រះទ័យព្រះ សម្រេចកិច្ចការនេះទេ? អ្នករាល់គ្នាគ្មានការទទួលខុសត្រូវសោះ។ ល្អដែរ ដែលពីរសប្ដាហ៍នេះមានវឌ្ឍនភាពខ្លះ ពុំនុះទេ នរណាអាចទទួលខុសត្រូវចំពោះការពន្យារពេលនេះទៅ?» ពេលនោះ គេស្ងាត់មាត់ឈឹង។ ខ្ញុំក៏ឆ្ងល់ដែរ ថាតើ ខ្ញុំមានប្រតិកម្មជ្រុលហួសហេតុពេកឬ? តែក្រោយមក ខ្ញុំយល់ថា បើខ្ញុំមិននិយាយធ្ងន់ៗបែបនេះទេ គេនឹងមិនខ្វល់ឡើយ។
ខ្ញុំមើលងាយពួកគេជាខ្លាំង ហើយក៏ដោះស្រាយកំហុសរបស់ពួកគេ ដោយប្រាប់គេឱ្យធ្វើតាមសម្តីខ្ញុំដែរ។ បន្ដិចម្ដងៗ ខ្ញុំឃើញថា ពួកគេបានឃ្លាតចេញពីខ្ញុំ ហើយកម្រនិយាយលេងជាមួយខ្ញុំណាស់ ក្រៅពីរឿងការងារ។ ពេលខ្លះ ពួកគេជជែក និងសើចសប្បាយជាមួយគ្នា តែពេលដែលខ្ញុំបង្ហាញខ្លួន ពួកគេក៏ចែកផ្លូវគ្នា ធ្វើដូចគេខ្លាចខ្ញុំអ៊ីចឹង។ ដោយសារតែពួកគេខ្លាចធ្វើខុស និងខ្លាចត្រូវមាត់ គេបានសួរខ្ញុំគ្រប់ពេលដែលមានរឿងកើតឡើង ហើយរង់ចាំឱ្យខ្ញុំសម្រេចចិត្ត។ ពេលឃើញស្ថានភាពបែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលចិត្តសោះ។ ខ្ញុំឆ្ងល់ថាតើ ខ្ញុំជាជនផ្ដាច់ការធ្វើតាមអំពើចិត្តឬ? តែក្រោយមក ខ្ញុំគិតថា ខ្ញុំត្រូវតែម៉ឺងម៉ាត់ក្នុងការងារ។ បើមិនតឹងតែងជាមួយពួកគេទេ គ្មាននរណាស្ដាប់ខ្ញុំឡើយ។ ពេលនោះ តើយើងនឹងសម្រេចការងារម៉េចកើតទៅ? ខ្ញុំយល់ថា ការលើកឡើងចំៗពីបញ្ហាបង្ហាញថា ខ្ញុំមានសេចក្តីសុចរិត។ ក្រោយមក ភាពក្រអឺតក្រទម ខ្ញុំកាន់តែខ្ជោលឡើងជាងមុន ហើយខ្ញុំជាអ្នកអារកាត់គ្រប់រឿង ទោះតូចក្ដីធំក្ដី។ ខ្ញុំជាអ្នករៀបចំការងារគ្រប់ផ្នែករបស់យើងតែម្នាក់ឯង ព្រោះខ្ញុំយល់ថា នៅក្នុងក្រុម គ្មាននរណាមានសមត្ថភាពដូចខ្ញុំទេ។ ទោះបើខ្ញុំពិភាក្សាការងារជាមួយពួកគេ ក៏ចុងក្រោយ ត្រូវធ្វើតាមអ្វីដែលខ្ញុំចង់បានដែរ ដូច្នេះ ខ្ញុំគិតថា យើងអាចចំណេញពេល បើខ្ញុំសម្រេចចិត្តភ្លាមៗ។ ទោះបីអ្នកដឹកនាំចូលរួមការជួបជុំ ក៏ខ្ញុំមិនខ្វល់ដែរ ខ្ញុំគិតថា «ចុះបើលោកជាអ្នកដឹកនាំវិញ? លោកអាចផ្សាយដំណឹងល្អ និងធ្វើទីបន្ទាល់បានទេ? លោកធ្វើកិច្ចការនេះបានទេ? ត្រឹមប្រកបគ្នាពីសេចក្តីពិត ពេលជួបជុំ មិនសម្រេចកិច្ចការជាក់ស្ដែងឡើយ។ លោកមិនស្មើនឹងខ្ញុំទេ»។ ដូច្នេះ គ្រប់ពេលដែលអ្នកដឹកនាំសួរនាំខ្ញុំពីការងារ ខ្ញុំនឹងនិយាយច្រើន ពេលខ្ញុំចង់ តែបើមិនចង់ ខ្ញុំនិយាយតែពីរបីម៉ាត់ប៉ុណ្ណោះ។ ខ្ញុំគិតថា ខ្ញុំមិនចាំបាច់និយាយរឿងនោះឡើយ ព្រោះចុងបញ្ចប់ ខ្ញុំជាអ្នកដែលត្រូវធ្វើដដែលហ្នឹង។ អ្នកដឹកនាំហៅខ្ញុំជាមនុស្សក្រអឺតក្រទម ថា ខ្ញុំតែងអារកាត់ម្នាក់ឯង និងធ្វើការមិនបានល្អជាមួយបងប្អូនប្រុសស្រី។ រងការរិះគន់បែបនេះ ខ្ញុំទទួលស្គាល់នៅមុខគាត់ថា ខ្ញុំក្រអឺតក្រទម តែខ្ញុំមិនខ្វល់ឡើយ។ ខ្ញុំគិតថា ខ្ញុំមានគុណសម្បត្តិល្អ និងមានសមត្ថភាព ឱ្យតែខ្ញុំធ្វើការបានល្អ ទោះក្រអឺតក្រទមបន្ដិច តើនរណាទៅខ្វល់ទៅ? ម្យ៉ាងទៀត ខ្ញុំទទួលខុសត្រូវកិច្ចការភាគច្រើនរបស់ពួកជំនុំ តើគេអាចធ្វើអ្វីខ្ញុំបានទៅ? បណ្ដេញខ្ញុំឬ? ខ្ញុំមិនទទួលយកមតិអ្នកដឹកនាំដែលមានចំពោះខ្ញុំឡើយ ហើយបន្តបំពេញភារកិច្ចតាមទំនើងចិត្ត ដោយត្រួតត្រាទាំងស្រុង។ មានពេលមួយ ពួកជំនុំថ្មីត្រូវការមនុស្សបន្ថែម ដើម្បីធ្វើកិច្ចការស្រោចស្រព ហើយដោយមិនបានពិភាក្សាជាមួយនរណាម្នាក់ ខ្ញុំបានចាត់ចែងប្អូនស្រីម្នាក់ឱ្យទៅជួយពួកគេ។ ខ្ញុំយល់ឃើញថា ជាទូទៅ ពួកគេយល់ស្របជាមួយអ្វីដែលខ្ញុំស្នើ ដូច្នេះ បើខ្ញុំអារកាត់តែម្នាក់ឯង នោះវាមិនអីឡើយ។ តែខ្ញុំបានភ្ញាក់ផ្អើល ក្រោយពីដឹងថា ប្អូនស្រីម្នាក់នោះមិនយល់ពីសេចក្តីពិតបានគ្រប់គ្រាន់ និងមិនអាចធ្វើកិច្ចការជាក់ស្ដែង ដែលបង្កការរារាំងយ៉ាងធ្ងន់ធ្ងរ។ តែខ្ញុំនៅតែមិនឆ្លុះបញ្ចាំងពីខ្លួនឯងទៀត។ ព្រោះតែភាពក្រអឺតក្រទមឥតឈប់ឈរ និងបរាជ័យរបស់ខ្ញុំដែលមិនស្វែងរកគោលការណ៍នៃសេចក្តីពិត ឬនាំអ្នកដទៃឱ្យដើរតាមគោលការណ៍ក្នុងភារកិច្ចខ្លួន គ្រប់គ្នាត្រឹមតែរវល់ចុះឡើង ដោយគ្មានលទ្ធផលពិតតែប៉ុណ្ណោះ។ វាបានរារាំងដល់វឌ្ឍនភាពរបស់យើង។ តែទោះបែបនេះក្ដី ខ្ញុំនៅតែមើលមិនឃើញបញ្ហារបស់ខ្ញុំដដែល តែបានត្រឹមស្ដីបន្ទោសគេដែលមិនទទួលរ៉ាប់រងបន្ទុក។ មួយរយៈនោះ មើលទៅខ្ញុំដូចជាសម្រេចការងារអ៊ីចឹង តែខ្ញុំមានប្រផ្នូលចម្លែក ដូចមានអ្វីមួយអាក្រក់ហៀបនឹងកើតឡើង។ ខ្ញុំគ្មានអ្វីនិយាយនៅក្នុងការជួបជុំ ឬការអធិស្ឋាន ហើយខ្ញុំងងុយដេកនៅក្នុងការប្រជុំការងារ ហើយមិនមានយោបល់អ្វីឡើយ។ ខ្ញុំមានអារម្មណ៍ស្រពេចស្រពិល និងគ្មានថាមពលសោះ គឺចង់តែសម្រាកប៉ុណ្ណោះ។ ខ្ញុំដឹងថា ខ្ញុំបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តែខ្ញុំមិនដឹងពីមូលហេតុឡើយ។ ខ្ញុំអធិស្ឋានទៅព្រះ សុំឱ្យទ្រង់ជួយខ្ញុំឱ្យស្គាល់ខ្លួនឯង។
អ្នកដឹកនាំបានចូលរួមការជួបជុំ ហើយបានរៀបរាប់ពីទង្វើរបស់ខ្ញុំកន្លងមក។ គាត់ថា៖ «ឯងក្រអឺតក្រទមនៅក្នុងភារកិច្ច។ ឯងតែងជេរប្រមាថមនុស្សដោយព្រហើន រារាំងពួកគេ ហើយឯងអួតពីអតីតភាពរបស់ឯង។ គេពិបាកធ្វើការជាមួយឯងណាស់ ហើយឯងមិនដែលពិភាក្សាការងារជាមួយគេឡើយ។ ឯងធ្វើតាមអ្វីដែលឯងចង់ធ្វើ ឯងទំនើង និងផ្ដាច់ការមែន។ នោះជានិស្ស័យពួកទទឹងនឹងព្រះគ្រីស្ទ។ ផ្អែកលើឥរិយាបថនេះ យើងសម្រេចបណ្ដេញឯងចេញហើយ»។ គ្រប់ពាក្យរបស់គាត់បានចាក់ទម្លុះបេះដូងខ្ញុំ។ ខ្ញុំបានគិតឡើងវិញពីទង្វើរបស់ខ្ញុំ។ ខ្ញុំមិនដែលពិភាក្សាការងារជាមួយនរណាម្នាក់ទេ មានតែធ្វើតាមចិត្តខ្លួន និងផ្ដាច់ការ។ តើនេះមិនដូចជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? គំនិតនេះធ្វើឱ្យខ្ញុំខ្លាចណាស់។ តើព្រះកំពុងប្រើស្ថានភាពនេះ ដើម្បីលាតត្រដាង និងលុបបំបាត់ខ្ញុំឬ? តើជំនឿខ្ញុំប៉ុន្មានឆ្នាំនេះត្រូវចប់បែបនេះឬ? រយៈពេលពីរបីថ្ងៃ ខ្ញុំមានអារម្មណ៍ដូចជាមនុស្សស្លាប់។ ខ្ញុំពេញដោយភាពភ័យខ្លាច តាំងពីខ្ញុំភ្ញាក់ឡើង ហើយខ្ញុំមិនដឹងថា ត្រូវប្រឈមនឹងថ្ងៃនោះបែបណាទេ។ ខ្ញុំបន្តអធិស្ឋានទៅព្រះថា៖ «ព្រះជាម្ចាស់អើយ កូនដឹងថា ព្រះទ័យមេត្តាទ្រង់គឺនៅក្នុងនេះ តែកូនមិនដឹងថាត្រូវឆ្លងផុតវាដូចម្ដេចឡើយ។ ឱព្រះជាម្ចាស់អើយ កូនធ្លាក់ទឹកចិត្ត និងឈឺចាប់ណាស់។ សូមបំភ្លឺកូនឱ្យដឹងពីព្រះទ័យទ្រង់ផង»។ ក្រោយមក ខ្ញុំអានបន្ទូលព្រះមួយនេះ៖ «មិនថាមានអ្វីកើតឡើងចំពោះអ្នករាល់ថ្ងៃ ឬមិនថាអ្នកខំធ្វើការខ្លាំងកម្រិតណា ឬមានការខំប្រឹងប្រែងច្រើនបែបណាទេ ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ឡើយ អ្វីដែលទ្រង់ទតមើលគឺជាអាកប្បកិរិយាដែលអ្នកមានចំពោះកិច្ចការទាំងនេះ។ ចុះតើអាកប្បកិរិយារបស់អ្នកក្នុងការធ្វើកិច្ចការទាំងនេះ និងរបៀបដែលអ្នកធ្វើកិច្ចការទាំងនេះទាក់ទងគ្នាដូចម្ដេច? វាទាក់ទងថាតើអ្នកស្វែងរកសេចក្តីពិត និងច្រកចូលទៅក្នុងជីវិតរបស់អ្នកឬអត់។ ព្រះជាម្ចាស់ទតមើលច្រកចូលទៅក្នុងជីវិតរបស់អ្នក ទតមើលមាគ៌ាដែលអ្នកដើរ។ ប្រសិនបើអ្នកដើរតាមមាគ៌ានៃច្រកចូលទៅក្នុងជីវិត នោះក្នុងការបំពេញភារកិច្ចរបស់អ្នក អ្នកនឹងបោះជំហាននៅលើមាគ៌ានៃការទទួលយកបាន។ ប៉ុន្តែ ក្នុងពេលបំពេញភារកិច្ចរបស់អ្នក ប្រសិនបើអ្នកចេះតែផ្ដោតខ្លាំងថា អ្នកមានធនធាន ថាអ្នកយល់ពីការងាររបស់អ្នក ថាអ្នកមានបទពិសោធន៍ និងគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងស្វែងរកសេចក្តីពិតលើសអស់អ្នកដទៃ ហើយក្រោយមក ប្រសិនបើអ្នកគិតថា ដោយសារចំណុចអស់ទាំងនេះ អ្នកគួរតែក្លាយជាអ្នកសម្រេចចិត្តចុងក្រោយ ហើយអ្នកមិនពិភាក្សាកិច្ចការជាមួយអ្នកផ្សេងទៀត តែងចាត់ទុកខ្លួនឯងជាច្បាប់ និងព្យាយាមធ្វើការងារដោយខ្លួនឯង ហើយតែងតែចង់ក្លាយជា 'ផ្កាមួយទងគត់ដែលកំពុងរីក' ដូច្នេះ តើអ្នកដើរតាមមាគ៌ានៃច្រកចូលទៅក្នុងជីវិតដែរឬទេ? (អត់ទេ)។ អត់ទេ នេះជាការស្វែងរកឋានៈវិញទេ វាជាការដើរតាមផ្លូវរបស់ប៉ុល វាមិនមែនជាមាគ៌ានៃច្រកចូលទៅក្នុងជីវិតឡើយ» («តើអ្វីជាការបំពេញភារកិច្ចដ៏សមស្រប?» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មនុស្សម្នាក់មានអំណោយទានខាងផ្សាយដំណឹងល្អ។ គាត់បានរងទុក្ខយ៉ាងខ្លាំង ក្នុងពេលផ្សាយដំណឹងល្អ ហើយថែមទាំងត្រូវជាប់ឃុំ និងត្រូវកាត់ទោសជាប់ពន្ធនាគារជាច្រើនឆ្នាំទៀតផង។ ក្រោយពេលចេញពីពន្ធនាគារ គាត់បានបន្តផ្សាយដំណឹងល្អ ហើយបាននាំមនុស្សរាប់រយនាក់ជឿលើព្រះ ដែលក្នុងចំណោមនោះ មានអ្នកខ្លះបានប្រែជាមានទេពកោសល្យល្អ ហើយអ្នកខ្លះទៀតថែមទាំងត្រូវបានជ្រើសរើសធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទៀតផង។ ជាលទ្ធផល បុគ្គលរូបនេះបានជឿថា ខ្លួនគាត់ស័ក្តិសមនឹងទទួលបានការកោតសរសើរ ហើយបានប្រើវាជាទុន ដែលគាត់បានអួតអាងនៅគ្រប់កន្លែងដែលគាត់ទៅ ដោយសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯងថា៖ 'ខ្ញុំបានជាប់គុករយៈពេលប្រាំបីឆ្នាំ ហើយខ្ញុំបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ។ ខ្ញុំបាននាំមនុស្សជាច្រើនជឿព្រះ ហើយសព្វថ្ងៃនេះ អ្នកខ្លះជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំស័ក្ដិសមទទួលកិត្តិយស ខ្ញុំបានរួមចំណែក'។ មិនថាគាត់កំពុងផ្សាយដំណឹងល្អនៅកន្លែងណាឡើយ គាត់មិនភ្លេចអួតទៅកាន់អ្នកដឹកនាំ ឬអ្នកធ្វើការក្នុងមូលដ្ឋានទេ។ គាត់ក៏តែងនិយាយដែរថា៖ 'អ្នករាល់គ្នាត្រូវតែស្ដាប់តាមអ្វីដែលខ្ញុំនិយាយ។ សូម្បីតែអ្នកដឹកនាំរៀមច្បងរបស់អ្នករាល់គ្នាក៏និយាយគួរសមជាមួយខ្ញុំដែរ។ នរណាដែលមិនស្ដាប់ខ្ញុំ ខ្ញុំនឹងបង្រៀនមេរៀនគេមួយ!' បុគ្គលនេះគឺជាជនពាល មិនអ៊ីចឹង? ប្រសិនបើមនុស្សបែបនេះមិនបានផ្សាយដំណឹងល្អ និងនាំមនុស្សទាំងនោះឱ្យជឿព្រះទេ តើពួកគេហ៊ានវាយឫកខ្ពស់បែបនេះទេ? ធម្មជាតិ និងសារជាតិរបស់ពួកគេគឺបែបនេះឯង៖ ក្រអឺតក្រទមខ្លាំងរហូតដល់គ្មានហេតុផលសោះ។ ក្រោយពេលផ្សាយដំណឹងល្អ និងនាំមនុស្សពីរបីនាក់ឲ្យជឿព្រះ ធម្មជាតិក្រអឺតក្រទមរបស់ពួកគេក៏ខ្ជោលឡើង ហើយពួកគេប្រែជាវាយឫកខ្ពស់កាន់តែខ្លាំង។ មនុស្សបែបនេះអួតអាងអំពីទុនរបស់ពួកគេនៅគ្រប់កន្លែងដែលពួកគេទៅ ពួកគេព្យាយាមទាមទារចង់បានកិត្តិយសនៅគ្រប់កន្លែងដែលពួកគេទៅ ហើយថែមទាំងបង្ខំអ្នកដឹកនាំនៅតាមកម្រិតផ្សេងៗ ដោយព្យាយាមចង់បានឋានៈស្មើនឹងពួកគេទៀតផង ហើយថែមទាំងគិតទៀតថា ពួកគេផ្ទាល់គួរតែក្លាយជាអ្នកដឹកនាំរៀមច្បងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ថែមទៀតផង។ ផ្អែកតាមឥរិយាបថដែលបុគ្គលបែបនេះបង្ហាញចេញ យើងគ្រប់គ្នាគួរតែដឹងច្បាស់អំពីប្រភេទនៃធម្មជាតិដែលពួកគេមាន និងដឹងពីទីបញ្ចប់របស់ពួកគេទៅជាបែបណា។ នៅពេលដែលអារក្សជ្រៀតខ្លួនចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេប្រឹងធ្វើការតិចតួច មុនពេលបង្ហាញពីពណ៌សម្បុរពិតរបស់ខ្លួន។ ពួកគេមិនស្ដាប់ឡើយ មិនថានរណាដោះស្រាយជាមួយ ឬលួសកាត់ពួកគេទេ ហើយបន្តប្រឆាំងនឹងដំណាក់របស់ព្រះជាម្ចាស់។ តើធម្មជាតិនៃទង្វើរបស់ពួកគេជាអ្វីទៅ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេកំពុងតែយកសេចក្តីស្លាប់មកដាក់ខ្លួន ហើយពួកគេនឹងមិនសម្រាកឡើយ រហូតដល់ពួកគេបានសម្លាប់ខ្លួនឯងជាមុនសិន។ នេះជាវិធីដ៏ត្រឹមត្រូវតែមួយគត់ ដើម្បីពន្យល់ពីឥរិយាបថនេះ» (ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ អានបន្ទូលព្រះនេះរួច ធ្វើឱ្យខ្ញុំភ័យខ្លាចជាខ្លាំង។ ហាក់ដូចជាព្រះកំពុងលាតត្រដាងខ្ញុំដោយផ្ទាល់ បើកសម្ដែងសភាពខ្ញុំ និងការលាក់កំបាំងដែលខ្ញុំមិនដែល ប្រាប់នរណាម្នាក់អ៊ីចឹង។ ប៉ុន្មានឆ្នាំនេះ ខ្ញុំសម្រេចបានផលល្អក្នុងការផ្សាយដំណឹងល្អ ដូច្នេះ ខ្ញុំគិតថា ខ្ញុំបានរួមចំណែកយ៉ាងច្រើន មានទេពកោសល្យកម្រ ហើយខ្ញុំបន្តរក្សាពិន្ទុគ្រប់យ៉ាងដែលខ្ញុំធ្វើ។ ខ្ញុំយល់ថា ខ្ញុំជាបុគ្គលសំខាន់ម្នាក់នៅក្នុងពួកជំនុំ ដែលគួរទទួលបានកិត្តិយស។ ខ្ញុំចាត់ទុកវាជាទុនផ្ទាល់ខ្លួន ដោយក្រអឺតក្រទមមើលងាយគ្រប់គ្នា។ ខ្ញុំក៏ចូលចិត្តស្ដីបន្ទោសមនុស្សផងដែរ ដែលទង្វើនេះរឹតត្បិតដល់បងប្អូនប្រុសស្រី។ ខ្ញុំមិនបានសហការក្នុងភារកិច្ចទេ តែខ្ញុំផ្ដាច់ការ និងធ្វើអ្វីតាមអំពើចិត្ត ដោយពន្យារពេលកិច្ចការពួកជំនុំយ៉ាងធ្ងន់ធ្ងរ។ ទោះបីអ្នកដឹកនាំដោះស្រាយជាមួយខ្ញុំក្ដី ក៏ខ្ញុំមិនខ្វល់ដែរ។ ខ្ញុំថែមទាំងអួតពីគុណសម្បត្តិខ្ញុំទៀតផង។ ខ្ញុំគិតថា គាត់មិនល្អជាងខ្ញុំប៉ុន្មានទេ និងមិនចង់ទទួលយកជំនួយណាមួយទេ។ ខ្ញុំចង់អារកាត់គ្រប់រឿងតែម្នាក់ឯង។ ខ្ញុំបន្ទោសបងប្អូនប្រុសស្រី ពេលពួកគេមិនស្ដាប់ខ្ញុំ ដោយគំរាមបណ្ដេញពួកគេចេញ បើបំពេញភារកិច្ចខ្លួនមិនបានល្អ។ ការនេះធ្វើឱ្យពួកគេវក់វីក្នុងការសម្រេចកិច្ចការ ខ្លាចបាត់បង់ភារកិច្ច បើមានការភ្លាំងភ្លាត់ និងរស់នៅទាំងឈឺចាប់។ តើនោះជាការបំពេញភារកិច្ចម្ដេចកើតទៅ? តើវាមិនមែនជាការធ្វើអាក្រក់ ប្រឆាំងនឹងព្រះទេឬ? គំនិតនេះធ្វើឱ្យខ្ញុំខ្លាចជាខ្លាំង។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំធ្វើអាក្រក់បែបនេះ បង្អាក់ និងធ្វើឱ្យបងប្អូនប្រុសស្រីរងរបួស រារាំងដល់កិច្ចការយើងដល់កម្រិតនេះឡើយ។ ខ្ញុំកំពុងតតាំងនឹងព្រះ តែគិតថា ខ្លួនកំពុងបំពេញភារកិច្ច ដើម្បីផ្គាប់ព្រះទ័យទ្រង់ទៅវិញ។ ខ្ញុំគ្មានហេតុផលឡើយ! ខ្ញុំឃើញនៅក្នុងបន្ទូលព្រះថា ការប្រព្រឹត្តបែបនេះ គឺជាការយកសេចក្តីស្លាប់ដាក់ខ្លួន។ ដោយឮសំនៀងក្នុងបន្ទូលព្រះ ជាពិសេស ឃ្លាថា «យកសេចក្តីស្លាប់ដាក់ខ្លួន» ខ្ញុំចាប់ផ្ដើមយល់ថា ព្រះស្អប់ខ្ពើមមនុស្សប្រភេទនោះកម្រិតណា។ ចាក់ចំបេះដូងហាក់ដូចព្រះបានថ្កោលទោសខ្ញុំឱ្យស្លាប់អ៊ីចឹង។ ខ្ញុំគិតថា ខ្ញុំអាចលះបង់គ្រប់យ៉ាងសម្រាប់ភារកិច្ច ថាខ្ញុំតែងតែជោគជ័យក្នុងកិច្ចការ ដូច្នេះ ព្រះប្រាកដជាទទួលយកខ្ញុំ ហើយភាពក្រអឺតក្រទមតិចតួច មិនសំខាន់ឡើយ។ តែក្រោយមក ខ្ញុំដឹងថា បើខ្ញុំមិនស្វែងរកសេចក្តីពិតទេ មិនថាខ្ញុំសម្រេចភារកិច្ចបានកម្រិតណា ឬមានបទពិសោធន៍ច្រើនប៉ុនណាឡើយ វាគួរឱ្យស្អប់ខ្ពើមចំពោះព្រះ។ ទ្រង់នឹងមិនទទួលស្គាល់វាទេ។ ការជំនុំជម្រះ និងការវាយផ្ចាលនៃបន្ទូលព្រះ បង្ហាញខ្ញុំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនអាចប្រមាថបាន។ ព្រះមានគោលការណ៍ឥតខ្ចោះក្នុងទង្វើរបស់ទ្រង់។ បើខ្ញុំសម្រេចកិច្ចការខ្លះនៅក្នុងលោកីយ៍ ខ្ញុំអាចមានដើមទុន និងឥទ្ធិពលខ្លះ។ តែក្នុងដំណាក់ព្រះវិញ សេចក្តីពិត និងសេចក្តីសុចរិតជាអ្នកត្រួតត្រា។ ការប្រើដើមទុន និងឥទ្ធិពល កំពុងយកសេចក្តីស្លាប់ដាក់ខ្លួន ហើយវាប្រមាថនិស្ស័យទ្រង់។
ក្រោយមក ខ្ញុំឆ្ងល់ថា ម៉េចក៏ខ្ញុំមានឥទ្ធិពលច្រើនម្ល៉េះ ក្រោយសម្រេចបានកិច្ចការពីរបីនៅក្នុងភារកិច្ច ហើយចាប់ផ្ដើមផ្ដាច់ការ។ តើធម្មជាតិបែបណាទៅដែលកំពុងត្រួតត្រាខ្ញុំនេះ? ខ្ញុំអានខគម្ពីរនៅក្នុងបន្ទូលព្រះ។ «នៅក្នុងដួងចិត្តរបស់អ្នក ប្រសិនបើអ្នកយល់ពីសេចក្តីពិតយ៉ាងពិតប្រាកដមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្តីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើមាគ៌ានៃការស្វែងរកសេចក្តីពិតដោយឯកឯងមិនខាន។ ប្រសិនបើមាគ៌ាដែលអ្នកដើរ ជាមាគ៌ាត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចោលអ្នកទេ ដែលក្នុងករណីនេះ អ្នកនឹងមានឱកាសក្បត់ព្រះជាម្ចាស់កាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិត វាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវា ទោះបីជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត នោះវានឹងគ្មានប្រយោជន៍ឡើយក្នុងការប្រាប់ថា កុំប្រឆាំងនឹងព្រះជាម្ចាស់ អ្នកមិនអាចជួយខ្លួនឯងបានទេ ដ្បិតវាលើសពីការត្រួតត្រារបស់អ្នក។ អ្នកនឹងគ្មានចេតនាចង់ធ្វើវាទេ។ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងបោកបញ្ឆោតរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយអ្នកនឹងមើលឃើញទ្រង់ថាគ្មានតម្លៃ។ ធម្មជាតិទាំងនេះនឹងនាំឱ្យអ្នកលើកតម្កើងខ្លួនឯង តែងតែចង់សម្ញែងខ្លួនជានិច្ច។ ធម្មជាតិទាំងនេះនឹងធ្វើឱ្យអ្នកប្រមាថអ្នកដទៃ ដោយគ្មានទុកនរណាម្នាក់នៅក្នុងចិត្តអ្នកឡើយ ក្រៅពីខ្លួនឯង។ ធម្មជាតិទាំងនេះនឹងធ្វើឱ្យអ្នកគិតថា ខ្លួនអ្នកមានឋានៈខ្ពស់ជាងអ្នកដទៃ និងព្រះជាម្ចាស់ ហើយចុងក្រោយ នាំអ្នកឱ្យអង្គុយនៅកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ដោយចាត់ទុកគំនិត យោបល់ និងសញ្ញាណរបស់អ្នកជាសេចក្តីពិត។ ចូរមើលថា តើមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ បានធ្វើការអាក្រក់ច្រើនប៉ុណ្ណា!» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត។ មើលពីសំបកក្រៅ បើទោះបីជាមនុស្សខ្លះអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ។ មនុស្សដែលក្រអឺតក្រទម និងបោកបញ្ឆោត ជាពិសេសអ្នកដែលក្រអឺតក្រទមខ្លាំងរហូតដល់បាត់សតិ មិនអាចចុះចូលនឹងព្រះជាម្ចាស់ក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះទ្រង់បានទេ ហើយថែមទាំងសរសើរនិងធ្វើបន្ទាល់ចំពោះខ្លួនពួកគេទៀតផង។ មនុស្សបែបនេះ ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត» (ការប្រកបរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបង្រៀនខ្ញុំថា ឫសគល់នៃការបះបោរទាស់នឹងព្រះ គឺជាភាពក្រអឺតក្រទម។ ពេលនរណាម្នាក់មានធម្មជាតិក្រអឺតក្រទម គេមិនអាចទប់ខ្លួនឯងមិនឱ្យប្រឆាំងនឹងព្រះបានទេ។ ខ្ញុំមានឥរិយាបថបែបនេះ ព្រោះតែធម្មជាតិក្រអឺតក្រទមបានត្រួតត្រាលើខ្ញុំ។ ខ្ញុំរំភើបខ្លាំង ក្រោយសម្រេចបានកិច្ចការពីរបី ដោយគិតថា ខ្ញុំមានគុណសម្បត្តិ មានសមត្ថភាព និងមានតម្លៃ ដែលពួកជំនុំមិនអាចអត់ខ្ញុំបានទេ។ ខ្ញុំបានមើលងាយអ្នកដទៃ ដោយប្រើតំណែងខ្ញុំទៅស្តីបន្ទោស និងរឹតត្បិតពួកគេ ដោយមិនខ្វល់ពីនរណាម្នាក់ទេ។ ខ្ញុំបំពេញភារកិច្ចតាមអំពើចិត្ត និងផ្ដាច់ការ ដោយមិនបានពិភាក្សាការងារជាមួយនរណាឡើយ។ ខ្ញុំយល់ថា ខ្ញុំអាចធ្វើតែម្នាក់ឯងបាន ហើយខ្ញុំអាចអារកាត់ដោយខ្លួនឯង។ ខ្ញុំមិនឱ្យតម្លៃដៃគូខ្ញុំទេ។ ខ្ញុំក្រអឺតក្រទមជាខ្លាំង ហើយមិនគោរពកោតខ្លាចព្រះទេ។ ពេលអ្នកដឹកនាំដោះស្រាយជាមួយខ្ញុំ ខ្ញុំបានទទួលស្គាល់ភាពក្រអឺតក្រទមខ្ញុំមែន តែខ្ញុំមិនខ្វល់ពីវាឡើយ។ ខ្ញុំថែមទាំងយល់ថា ភាពក្រអឺតក្រទមមិនអាក្រក់នោះទេ ថាគេហៅខ្ញុំបែបនេះ ព្រោះខ្ញុំមានជំនាញខ្លះ មិនដូច្នោះទេ តើអ្វីទៅធ្វើឱ្យខ្ញុំក្រអឺតក្រទមនោះ? ខ្ញុំពិតជាគ្មានហេតុផល និងឥតអៀនខ្មាសឡើយ។ ខ្ញុំរស់នៅតាមសារជាតិពិសពុលរបស់សាតាំង៖ «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម» ធ្វើខ្លួនជាមេគេនៅក្នុងពួកជំនុំ ដោយមិនខ្វល់ពីនរណាឡើយ។ តើខ្ញុំមានខុសអ្វីពីបក្សកុម្មុយនីស្តទៅ? បក្សកុម្មុយនីស្តក្រអឺតក្រទម និងគ្មានច្បាប់ទម្លាប់ ដោយប្រើការគាបសង្កត់ហិង្សាគ្រប់មធ្យោបាយទាស់នឹងអ្នកណាដែលមិនស្ដាប់តាមខ្លួន។ ក្នុងពួកជំនុំ ខ្ញុំផ្ដាច់ការ និងពិបាកប្រដៅ មិនទទួលការត្រួតត្រារបស់នរណាទេ។ តើនេះមិនដូចជានាគដ៏ធំមានសម្បុរក្រហមទេឬ? ក្រោយមក ខ្ញុំទទួលស្គាល់ថា ខ្ញុំក្រអឺតក្រទមកម្រិតណា ខ្ញុំមិនខ្វល់ពីនរណាផ្សេង ឬសូម្បីតែព្រះ ខ្ញុំដើរលើផ្លូវទាស់នឹងព្រះ។ បើខ្ញុំមិនប្រែចិត្តទេ ចុងក្រោយ ខ្ញុំមុខជាត្រូវព្រះដាក់បណ្ដាសា និងដាក់ទោសមិនខាន។ ក្រោយមក ខ្ញុំមើលឃើញពី ផលវិបាកធ្ងន់ធ្ងរចេញពីធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ ឃើញថា បញ្ហាខ្ញុំមិនសាមញ្ញដូចការបង្ហាញសេចក្តីពុករលួយតិចតួចនោះទេ។ គំនិតនេះរំឭកខ្ញុំពីរបៀបដែលខ្ញុំបន្ទាបបន្ថោកគេ និងលើកតម្កើងខ្លួន ធ្វើដូចការនិយាយស្ដី និងកាយវិការខ្ញុំគ្មានគូប្រៀបក្នុងលោកអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ចង់ក្អួត ខ្ពើមនឹងខ្លួនឯង។ ខ្ញុំបានតាំងចិត្តថា ខ្ញុំត្រូវចាប់ផ្ដើមស្វែងរកសេចក្តីពិត ស្វែងរកគោលការណ៍នៅក្នុងរឿងគ្រប់យ៉ាង ដើម្បីឈប់រស់នៅក្រអឺតក្រទម និងប្រឆាំងនឹងព្រះ។
ក្រោយមក ពេលខ្ញុំកំពុងស្វែងរក ថាតើខ្ញុំគួរប្រព្រឹត្តបែបណា ពេលខ្ញុំមានជោគជ័យ? ខ្ញុំបានអានបន្ទូលព្រះមួយ។ «នៅក្នុងពេលបំពេញភារកិច្ចរបស់អ្នករាល់គ្នា តើអ្នកអាចដឹងពីការណែនាំរបស់ព្រះជាម្ចាស់ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? (ដឹង)។ ប្រសិនបើអ្នកអាចដឹងពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែគិតតម្កើងខ្លួន ព្រមទាំងគិតទៀតថា អ្នកមានតថភាព ដូច្នេះ តើវាមានរឿងអ្វីកើតឡើងចំពោះគំនិតបែបនេះ? (នៅពេលដែលការបំពេញភារកិច្ចរបស់យើងបានបង្កើតផលផ្លែខ្លះ បន្តិចម្ដងៗ យើងចាប់ផ្ដើមគិតថា កិត្តិយសពាក់កណ្ដាលជារបស់ព្រះជាម្ចាស់ ហើយពាក់កណ្ដាលទៀតជារបស់យើង។ យើងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងដល់កម្រិតមួយដែលគ្មានដែនកំណត់ ដោយគិតថា គ្មានអ្វីមួយដែលសំខាន់ជាងកិច្ចសហប្រតិបត្តិការរបស់យើងទេ និងគិតទៀតថា ការបំភ្លឺរបស់ព្រះជាម្ចាស់នឹងមិនអាចកើតឡើងបានឡើយ បើគ្មានកិច្ចសហប្រតិបត្តិការនេះ)។ ចុះហេតុអ្វីបានជាព្រះជាម្ចាស់បំភ្លឺដល់អ្នក? តើព្រះជាម្ចាស់អាចបំភ្លឺដល់មនុស្សផ្សេងទៀតបានដែរឬទេ? (បាន)។ នៅពេលដែលព្រះជាម្ចាស់បំភ្លឺនរណាម្នាក់ នេះជាព្រះគុណរបស់ព្រះ។ តើកិច្ចសហប្រតិបត្តិការបន្ដិចបន្ដួចនៅខាងអ្នកនោះជាអ្វីទៅ? តើវាជាអ្វីមួយដែលអ្នកត្រូវទទួលកិត្តិយស ឬក៏វាជាភារកិច្ច និងការទទួលខុសត្រូវរបស់អ្នក? (ភារកិច្ច និងការទទួលខុសត្រូវ)។ នៅពេលដែលអ្នកទទួលស្គាល់ថា វាជាភារកិច្ច និងការទទួលខុសត្រូវ នេះជាសភាពផ្លូវចិត្តដែលត្រឹមត្រូវ ហើយអ្នកនឹងមិនមានគំនិតព្យាយាមចង់បានកិត្តិយសនោះឡើយ។ ប្រសិនបើអ្នកតែងតែជឿថា៖ 'នេះជាទុនរបស់ខ្ញុំ។ តើការបំភ្លឺរបស់ព្រះជាម្ចាស់នឹងអាចកើតឡើងទៅបានទេ បើគ្មានកិច្ចសហប្រតិបត្តិការរបស់ខ្ញុំនោះ? ការនេះត្រូវការកិច្ចសហប្រតិបត្តិការរបស់មនុស្ស ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្សនាំឱ្យបានលទ្ធផលទាំងអស់នេះ' ដូច្នេះ នេះជាការគិតខុសហើយ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបានបំភ្លឺដល់អ្នក ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើអ្វីសោះ ហើយគ្មាននរណាម្នាក់ប្រកបគ្នាពីគោលការណ៍នៃសេចក្តីពិតដល់អ្នកទេ តើអ្នកអាចសហការបានដោយរបៀបណាទៅ? អ្នកក៏មិនដឹងពីអ្វីដែលព្រះជាម្ចាស់តម្រូវ ហើយអ្នកថែមទាំងមិនដឹងអំពីផ្លូវអនុវត្តទៀតផង។ ទោះបីជាអ្នកចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនឹងមិនដឹងពីវិធីធ្វើដែរ។ តើ 'កិច្ចសហប្រតិបត្តិការ' របស់អ្នកនេះ មិនមែនជាពាក្យឥតបានការទេឬ? បើគ្មានកិច្ចសហប្រតិបត្តិការដ៏ពិតប្រាកដទេ អ្នកនឹងគ្រាន់តែធ្វើតាមគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ ហើយក្នុងករណីនេះ តើភារកិច្ចដែលអ្នកបំពេញនោះអាចសម្រេចតាមបទដ្ឋានដែរឬទេ? (អត់ទេ)។ អត់ទេ ត្រង់នេះហើយដែលបង្ហាញពីបញ្ហានោះ។ តើការនេះបង្ហាញអំពីបញ្ហាអ្វីទៅ? មិនថាភារកិច្ចអ្វីដែលបុគ្គលម្នាក់បំពេញឡើយ ការសម្រេចបានលទ្ធផលក្នុងការផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងទទួលបានការទទួលស្គាល់របស់ទ្រង់ ព្រមទាំងបំពេញភារកិច្ចរបស់ពួកគេត្រូវតាមបទដ្ឋាន គឺអាស្រ័យលើសកម្មភាពរបស់ព្រះជាម្ចាស់។ បើអ្នកអនុវត្តទំនួលខុសត្រូវរបស់អ្នក បើអ្នកបំពេញភារកិច្ចរបស់អ្នក ប៉ុន្តែព្រះជាម្ចាស់មិនធ្វើសកម្មភាព ហើយព្រះជាម្ចាស់មិនមានបន្ទូលប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ នោះអ្នកនឹងមិនស្គាល់ផ្លូវរបស់អ្នក ទិសដៅរបស់អ្នក ឬគោលដៅរបស់អ្នកឡើយ។ តើទីបំផុត មានអ្វីកើតឡើងចេញពីការនោះ? វានឹងទៅជាការខិតខំដែលឥតប្រយោជន៍ ដែលអ្នកនឹងមិនទទួលបានអ្វីសោះឡើយ។ ដូច្នេះហើយ ការបំពេញភារកិច្ចរបស់អ្នកឱ្យត្រូវតាមបទដ្ឋាន និងអាចឈរយ៉ាងរឹងមាំក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយការផ្ដល់នូវការកែលម្អសម្រាប់បងប្អូន និងទទួលបានការទទួលស្គាល់របស់ព្រះជាម្ចាស់ គឺអាស្រ័យទាំងស្រុងលើព្រះជាម្ចាស់! មនុស្សអាចត្រឹមតែធ្វើអ្វីៗទាំងនោះដែលពួកគេអាចធ្វើបានដោយខ្លួនឯង ដែលពួកគេគួរតែធ្វើ និងដែលស្ថិតក្នុងសមត្ថភាពដែលមានស្រាប់របស់ពួកគេប៉ុណ្ណោះ ពោលគឺគ្មានអ្វីច្រើនជាងនេះឡើយ។ ដូច្នេះហើយ ទីបំផុត លទ្ធផលដែលទទួលបានពីភារកិច្ចរបស់អ្នក គឺត្រូវបានកំណត់ដោយការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើឱ្យអ្នកយល់ពីផ្លូវ គោលដៅ ទិសដៅ និងគោលការណ៍ដែលព្រះជាម្ចាស់បានប្រទាន» («គោលការណ៍ដែលគួរតែណែនាំការប្រព្រឹត្តរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ថា ខ្ញុំសម្រេចកិច្ចការខ្លះក្នុងភារកិច្ច នោះដោយសារតែព្រះគុណព្រះ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ ក៏ដោយសារតែការប្រកបគ្នារបស់ព្រះសម្រាប់យើងអំពីសេចក្តីពិត និងគោលការណ៍ដែរ មិនមែនព្រោះតែខ្ញុំមានគុណសម្បត្តិល្អ ឬអាចធ្វើការខ្លះឡើយ។ បើគ្មានការណែនាំពីបន្ទូលព្រះ ឬពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធទេ មិនថាខ្ញុំមានគុណសម្បត្តិ ឬពូកែនិយាយយ៉ាងណាទេ ខ្ញុំនឹងមិនសម្រេចអ្វីបានឡើយ។ ហើយកិច្ចការតិចតួចដែលខ្ញុំធ្វើនេះ គឺជាការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបង្កើតមកប៉ុណ្ណោះ។ នេះជាទំនួលខុសត្រូវរបស់ខ្ញុំ។ មិនថាជាភារកិច្ចអ្វីទេ នោះជាកិច្ចការរបស់ភាវៈដែលព្រះបង្កើតមកគួរធ្វើ។ អ្វីដែលសម្រេចបាន មិនមែនជាការរួមចំណែក ឬដើមទុនផ្ទាល់ខ្លួនឡើយ។ ក៏ប៉ុន្តែ ខ្ញុំមិនដឹងថាខ្ញុំជាមនុស្សបែបណាទេ។ ខ្ញុំគិតថា សមិទ្ធផលពីរបីមានន័យថា ខ្ញុំពូកែធ្វើការ ហើយខ្ញុំយកវាមកធ្វើជាឥទ្ធិពល។ ខ្ញុំពេញចិត្តនឹងខ្លួនឯង ដោយព្យាយាមលួចសិរីល្អពីព្រះ។ ខ្ញុំក្រអឺតក្រទម និងគ្មានហេតុផលសោះ! អ្វីដែលយើងសម្រេចបានក្នុងភារកិច្ច ច្បាស់ណាស់ គឺមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ និងបន្ទូលព្រះ។ យើងមិនអាចធ្វើអ្វីដោយខ្លួនឯងទេ។ ពេលគិតឡើងវិញ ខ្ញុំមិនត្រឹមតែបរាជ័យសម្រេចមិនបានអ្វីប៉ុណ្ណោះទេ តែខ្ញុំក៏ពន្យារពេលការងារយើងដែរ ពេលខ្ញុំធ្វើការចេញពីភាពក្រអឺតក្រទម។ ដូចពេលដែលខ្ញុំដាក់មនុស្សខុសឱ្យកាន់តំណែងស្រោចស្រពអ៊ីចឹង បងប្អូនប្រុសស្រីជាច្រើនមិនអាចទទួលបានការគាំទ្រដែលគេត្រូវការ។ ការនេះបានរារាំងយ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់ព្រះ។ ហើយខ្ញុំមិនបានស្វែងរកគោលការណ៍នៃសេចក្តីពិត ឬដឹកនាំគេឱ្យដើរតាមគោលការណ៍ក្នុងភារកិច្ចគេទេ។ នេះមានន័យថា យើងមិនបានសម្រេចភារកិច្ចទេ ហើយវាបានពន្យារពេលដល់វឌ្ឍនភាពការងារយើងទៀតផង។ តែខ្ញុំមិនដែលឆ្លុះបញ្ចាំងពីការទាំងនេះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាសាទរខ្លួនឯង ហើយកាន់តែក្រអឺតក្រទម ធ្វើដូចពួកជំនុំមិនអាចខ្វះខ្ញុំបានអ៊ីចឹង។ តែបើព្រះអាចបំភ្លឺខ្ញុំបាន ពិតណាស់ ទ្រង់ក៏អាចបំភ្លឺអ្នកផ្សេងបានផងដែរ ដូច្នេះ កិច្ចការពួកជំនុំអាចបន្តដំណើរការបានធម្មតា ក្រោយការបណ្ដេញខ្ញុំចេញ។ ខ្ញុំគិតថា ពួកជំនុំមិនអាចខ្វះខ្ញុំបានទេ ព្រោះខ្ញុំក្អេងក្អាងខ្លាំងពេក។ ខ្ញុំគិតដល់ប៉ុលនៅក្នុងយុគសម័យនៃព្រះគុណ។ គាត់គិតថា គាត់មានដើមទុនខ្លះ ក្រោយធ្វើកិច្ចការមួយចំនួន គាត់មិនខ្វល់ពីអ្នកដទៃទេ។ គាត់និយាយថា គាត់មិនអន់ជាងពួកសិស្សផ្សេងទៀតឡើយ ហើយគាត់មើលស្រាលពេត្រុស និងបន្ទាបបន្ថោកគាត់ជារឿយៗ។ ចុងបញ្ចប់ គាត់ព្យាយាមប្រើកិច្ចការគាត់ ដើម្បីសុំមកុដពីព្រះ។ គាត់ក្រអឺតក្រទមដល់កម្រិតមួយដែលគ្មានហេតុផល។ ខ្ញុំយល់ថា ខ្ញុំដូចជាប៉ុល ខ្ញុំដើរនៅលើផ្លូវមួយដូចគាត់។ បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលដ៏តឹងរ៉ឹងរបស់ព្រះទេ ខ្ញុំនៅតែមិនដឹងពីបញ្ហាខ្លួនឯង ដោយគិតថា ខ្ញុំអស្ចារ្យទៀត។ ដោយឃើញបែបនេះ ខ្ញុំស្អប់ខ្លួនឯងណាស់។ ខ្ញុំចង់លន់តួ និងប្រែចិត្តចំពោះព្រះ។
ក្រោយមក ខ្ញុំអានបន្ទូលព្រះមួយនេះ៖ «តើមាននរណាដឹងថា ព្រះជាម្ចាស់បាននិងកំពុងធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរបស់សព្វសារពើទាំងអស់រយៈពេលប៉ុន្មានឆ្នាំហើយទេ? គ្មាននរណាម្នាក់ដឹងអំពីចំនួនឆ្នាំជាក់លាក់ ដែលព្រះជាម្ចាស់បាននិងកំពុងធ្វើការ និងគ្រប់គ្រងមនុស្សជាតិទាំងអស់ឡើយ។ ទ្រង់ក៏មិនបានប្រកាសរឿងនេះឱ្យមនុស្សជាតិបានដឹងដែរ។ ចុះបើសាតាំងបានធ្វើកិច្ចការនេះតែបន្ដិចវិញ តើវានឹងប្រកាសប្រាប់ឱ្យដឹងដែរឬទេ? វាប្រាកដជានឹងប្រកាសឱ្យដឹងមិនខាន។ សាតាំងចង់សម្ញែងខ្លួនវា ដើម្បីឱ្យវាអាចបោកបញ្ឆោតមនុស្សជាច្រើន និងចង់ឱ្យពួកគេផ្ដល់កិត្តិយសដល់វា។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រកាសឱ្យដឹងពីកិច្ចការនេះ? មានទិដ្ឋភាពមួយនៃសារជាតិរបស់ព្រះជាម្ចាស់ នោះគឺការបន្ទាបខ្លួន និងការលាក់កំបាំង។ តើមានអ្វីខ្លះដែលផ្ទុយនឹងការបន្ទាបខ្លួន និងការលាក់កំបាំង? ភាពក្រអឺតក្រទម ភាពអួតអាង និងមហិច្ឆតា។ ... ព្រះជាម្ចាស់អនុវត្តកិច្ចការដ៏អស្ចារ្យបែបនេះ ដោយចង្អុលបង្ហាញមនុស្សជាតិ ហើយព្រះអង្គគង់ជាអធិបតីលើចក្រវាឡទាំងមូល។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់គឺធំមហិមា តែទ្រង់មិនដែលមានបន្ទូលថា៖ 'សមត្ថភាពរបស់ខ្ញុំពិសេសអស្ចារ្យណាស់' នោះទេ។ ព្រះអង្គបន្តលាក់បាំងនៅក្នុងចំណោមរបស់សព្វសារពើ ដោយគង់ជាអធិបតីលើអ្វីៗគ្រប់យ៉ាង ដោយទំនុកបម្រុង និងផ្គត់ផ្គង់ដល់មនុស្សជាតិ អនុញ្ញាតឱ្យមនុស្សជាតិទាំងអស់បន្តរស់នៅពីមួយជំនាន់ទៅមួយជំនាន់។ សូមលើកឧទាហរណ៍អំពីខ្យល់ និងពន្លឺថ្ងៃ ឬក៏អ្វីៗដែលភ្នែកមើលឃើញ ដែលចាំបាច់សម្រាប់ជីវិតរស់នៅរបស់មនុស្សទៅចុះ អ្វីៗទាំងអស់នេះហូរចេញមកដោយឥតឈប់ឡើយ។ ការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្ស គឺជាក់ច្បាស់ខ្លាំងណាស់។ ដូច្នេះ ប្រសិនបើសាតាំងបានធ្វើអំពើល្អណាមួយ តើវានឹងនៅស្ងៀម ហើយបន្តជាវីរបុរសដែលមិនទទួលការសរសើរកើតទេ? គឺមិនកើតឡើយ។ វាដូចទៅនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួននៅក្នុងពួកជំនុំ ដែលពីដើមឡើយបានធ្វើកិច្ចការដ៏គ្រោះថ្នាក់ ឬធ្លាប់បានធ្វើកិច្ចការដែលបង្កការប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេ ជាអ្នកដែលថែមទាំងធ្លាប់ជាប់ពន្ធនាគារទៀតផង។ ក៏មានមនុស្សខ្លះដែលធ្លាប់រួមចំណែកដល់ទិដ្ឋភាពណាមួយនៃកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ពួកគេមិនដែលភ្លេចពីរឿងទាំងនេះទេ ពួកគេគិតថា ពួកគេស័ក្ដិសមនឹងទទួលបានកិត្តិយសអស់មួយជីវិតសម្រាប់កិច្ចការទាំងនោះ ពួកគេគិតថា អ្វីៗទាំងនោះគឺជាទុនអស់មួយជីវិតរបស់ពួកគេ ដែលចំណុចទាំងនេះបង្ហាញឱ្យឃើញថា ពួកគេជាមនុស្សតូចទាបកម្រិតណា! មនុស្សតូចទាបណាស់ ហើយសាតាំងឥតអៀនខ្មាសឡើយ» («ពួកគេជាមនុស្សអាក្រក់ មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីពីរ)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ ថែរក្សាមនុស្សជាតិ និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ ក៏ដូចជាផ្គត់ផ្គង់ដល់មនុស្សជាតិជានិច្ចកាល ដោយឥតឈប់ឈរ។ ព្រះអង្គមិនដែលមានអារម្មណ៍នៅក្នុងដួងព្រះទ័យរបស់ព្រះអង្គថា នេះជាការងារបន្ថែម ឬជាអ្វីមួយដែលសមនឹងទទួលបានកិត្តិយសច្រើននោះទេ។ ហើយព្រះអង្គក៏មិនដែលមានព្រះទ័យថា ការជួយសង្គ្រោះមនុស្សជាតិ ការផ្គត់ផ្គង់ និងការប្រទានអ្វីគ្រប់យ៉ាងដល់ពួកគេ គឺជាការបរិច្ចាកយ៉ាងធំធេងដល់មនុស្សជាតិនោះឡើយ។ ព្រះអង្គគ្រាន់តែផ្គត់ផ្គង់ឲ្យមនុស្សជាតិដោយស្ងៀមស្ងាត់ និងតាមរបៀបផ្ទាល់របស់ព្រះអង្គ និងតាមរយៈសារជាតិផ្ទាល់របស់ព្រះអង្គ ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គប៉ុណ្ណោះ។ មិនថាមនុស្សជាតិបានទទួលការផ្គត់ផ្គង់ និងជំនួយពីព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលព្រះតម្រិះ ឬព្យាយាមចង់បានព្រះកិត្តិនាមឡើយ។ កិច្ចការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ ហើយក៏ជាការបង្ហាញការពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំសញ្ជឹងគិតពីបន្ទូលព្រះ ហើយឃើញថា ព្រះអង្គមាននិស្ស័យ និងសារជាតិមេត្តាកម្រិតណា។ ទ្រង់ជាព្រះអាទិករដែលគ្រប់គ្រង និងទ្រទ្រង់អ្វីគ្រប់យ៉ាង។ ទ្រង់ត្រឡប់ជាសាច់ឈាមម្ដងទៀត ដោយសម្ដែងចេញសេចក្តីពិត ដើម្បីសង្រ្គោះមនុស្សជាតិ ដោយបង់ថ្លៃដ៏ធំសម្រាប់យើង។ តែទ្រង់មិនដែលគិតថា នេះជាការរួមចំណែកដ៏ធំចំពោះមនុស្សជាតិឡើយ។ ហើយទ្រង់មិនដែលលើកឡើង ឬអួតអាងពីអ្វីមួយទេ។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់ស្ងាត់ ៗ ដោយមិនសម្ញែងភាពក្រអឺតក្រទមណាមួយឡើយ។ ទ្រង់លើសពីសក្ដិសមឱ្យយើងស្រឡាញ់ និងសរសើរអស់កល្បទៅទៀត។ ខ្ញុំជាមនុស្សគ្មានតម្លៃទាល់តែសោះ តែខ្ញុំក្រអឺតក្រទមយ៉ាងខ្លាំង។ ខ្ញុំវក់វីជាមួយជោគជ័យដ៏តូចបំផុតរបស់ខ្ញុំ ធ្វើដូចនោះជាស្នាដៃដ៏អស្ចារ្យ ជាការរួមចំណែកដ៏ធំអ៊ីចឹង។ ខ្ញុំមើលងាយគេគ្រប់គ្នា ហើយធ្វើអ្វីៗតាមតែចិត្តខ្ញុំ។ ខ្ញុំជាមនុស្សគ្មានហេតុផល អាក្រក់ រាក់កំផែលពេកហើយ។ ព្រះទ្រង់បន្ទាបខ្លួន និងលាក់កំបាំង ហើយមានសារជាតិមេត្តាពន់ពេក។ ខ្ញុំគិតថា និស្ស័យក្រអឺតក្រទមរបស់ខ្ញុំកាន់តែគួរឱ្យស្អប់ខ្ពើម ហើយទន្ទឹងចង់រៀនពីសេចក្តីពិត ដើម្បីកម្ចាត់វាចោលឱ្យបានឆាប់ ដើម្បីរស់នៅលក្ខណៈជាមនុស្ស។
ក្រោយមក ក្នុងការជួបជុំម្ដងនោះ ខ្ញុំបានអានបទគម្ពីរនេះក្នុងបន្ទូលព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សព្វថ្ងៃនេះ ព្រះជាម្ចាស់ជំនុំជម្រះអ្នករាល់គ្នា វាយផ្ចាលអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នាយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសា កាត់ទោស និងវាយផ្ចាល ដើម្បីឲ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឲ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបាន ហើយលើសពីនេះទៅទៀត គឺដើម្បីឲ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការនៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថាទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ ជំនុំជម្រះ និងវាយផ្ចាលលើមនុស្សលោក» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះនេះបានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំកាន់តែយល់ពីព្រះទ័យព្រះ។ ខ្ញុំកំពុងបំពេញភារកិច្ចចេញពីភាពក្រអឺតក្រទម ដោយបង្កបញ្ហាដល់កិច្ចការនៃដំណាក់ព្រះ ដូច្នេះ ផ្អែកលើគោលការណ៍ គេបានបណ្ដេញខ្ញុំចេញ។ ខ្ញុំគិតថា ព្រះកំពុងប្រើស្ថានភាពនេះ ដើម្បីលាតត្រដាង និងផាត់ខ្ញុំចោល ខ្ញុំយល់ថា ទ្រង់កំពុងថ្កោលទោសខ្ញុំ ហើយខ្ញុំមិនអាចបានសង្រ្គោះទេ។ ចុងក្រោយ ខ្ញុំទទួលស្គាល់ថា ព្រះបានឱ្យគេបណ្ដេញខ្ញុំចេញពីភារកិច្ច ហើយប្រើការជំនុំជម្រះចេញពីបន្ទូលទ្រង់ ដើម្បីឱ្យខ្ញុំឃើញសេចក្តីពុករលួយ និងឃើញថា ខ្ញុំដើរលើផ្លូវខុស។ ព្រះកំពុងសង្រ្គោះខ្ញុំវិញទេ! ខ្ញុំរងទុក្ខបន្ដិចតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលនោះ តែវាមានតម្លៃ និងអត្ថន័យខ្លាំងណាស់ ហើយវាបានការពារខ្ញុំ។ នោះជាក្ដីស្រឡាញ់ដ៏ពិតបំផុតរបស់ព្រះចំពោះខ្ញុំ។ មិនថាព្រះប្រៀនប្រដៅយើងបែបណាទេ នោះជាសេចក្តីសង្រ្គោះ និងក្ដីស្រឡាញ់របស់ទ្រង់។
ក្រោយមក នៅក្នុងការជួបជុំមួយ ខ្ញុំបានបង្ហាញថា ខ្ញុំក្រអឺតក្រទមកម្រិតណាក្នុងភារកិច្ច ថាខ្ញុំបានធ្វើឱ្យបងប្អូនប្រុសស្រីឈឺចាប់ប៉ុនណា និងអ្វីដែលខ្ញុំបានឆ្លុះបញ្ចាំង ក្រោយពេលគេបណ្ដេញចេញ។ ខ្ញុំគិតថា គេនឹងស្អប់ខ្ពើមខ្ញុំ ព្រោះតែភាពសាហាវរបស់ខ្ញុំ ហើយមិនចង់ពាក់ព័ន្ធជាមួយខ្ញុំទៀតឡើយ តែគួរឱ្យភ្ញាក់ផ្អើល គេមិនបានរិះគន់ខ្ញុំទេ។ ពេលនោះ ខ្ញុំមានអារម្មណ៍ជំពាក់គុណគេកាន់តែខ្លាំង។ ខ្ញុំបានធ្វើឱ្យគេគ្រប់គ្នាឈឺចាប់ ដោយសារភាពក្រអឺតក្រទមខ្ញុំ ខ្ញុំសាហាវពេកហើយ។ ពេលខ្ញុំទទួលភារកិច្ចធ្វើការជាមួយបងប្អូនប្រុសស្រីម្ដងទៀត ខ្ញុំដាក់ខ្លួនជាងមុន។ ខ្ញុំឈប់មើលងាយមនុស្សដោយសារកំហុសរបស់គេហើយ ហើយដោះស្រាយបញ្ហាបានប្រសើរជាងមុន។ ខ្ញុំខំស្ដាប់សំណើរបស់គេទាក់ទងនឹងបញ្ហាផ្សេងៗ ហើយឈប់ទុកចិត្តខ្លួនឯងច្រើនពេក។ ពេលអ្នកដឹកនាំពិនិត្យមើលការងារខ្ញុំ ខ្ញុំសហការ ហើយទទួលយកដោយបន្ទាបខ្លួន។ បន្ដិចក្រោយមក សភាពខ្ញុំមានការផ្លាស់ប្ដូរល្អ ហើយធ្វើជាអ្នកគ្រប់គ្រងម្ដងទៀត។ ខ្ញុំដឹងថា នោះជាការដែលព្រះកំពុងប្រទានព្រះគុណ និងលើកខ្ញុំឡើង។ ពីមុន ខ្ញុំក្រអឺតក្រទម និងរំខានខ្លាំងដល់ភារកិច្ចខ្ញុំ តែព្រះមិនបានផាត់ខ្ញុំចោលទេ។ ទ្រង់បានប្រទានឱកាសម្ដងទៀតឱ្យខ្ញុំបំពេញភារកិច្ចដ៏សំខាន់នេះ។ ខ្ញុំបានភ្លក់សេចក្ដីមេត្តា និងក្ដីសប្បុរសរបស់ព្រះដែលមានចំពោះយើង។ ក្រោយមក នៅក្នុងភារកិច្ចខ្ញុំ ខ្ញុំឈប់ប្រព្រឹត្តតាមអំពើចិត្តដោយក្រអឺតក្រទមទៀតហើយ តែខ្ញុំកោតខ្លាចចំពោះព្រះ និងអធិស្ឋានទៅទ្រង់ជានិច្ច។ ពេលខ្ញុំជួបរឿងច្របូកច្របល់ ខ្ញុំពិភាក្សាជាមួយអ្នកដទៃ ដើម្បីស្វែងរកសេចក្តីពិតជាមួយគ្នា។ ក្រោយពីធ្វើបែបនេះបានមួយរយៈ ខ្ញុំទទួលស្គាល់ថា ប្រសិទ្ធភាពការងារក្រុមទាំងមូលបានប្រសើរឡើង។ ពេលខ្ញុំធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង ខ្ញុំពិតជាអស់កម្លាំងជាខ្លាំង។ ខ្ញុំគិតមិនបានគ្រប់ជ្រុងជ្រោយ ហើយមិនទទួលបានលទ្ធផលល្អឡើយ។ តែឥឡូវ ខ្ញុំពិភាក្សាបញ្ហាដែលកើតឡើងជាមួយបងប្អូនប្រុសស្រី ហើយយើងជួយដោះស្រាយគ្នា។ ការដោះស្រាយបញ្ហាកាន់តែងាយស្រួលខ្លាំង។ ហើយតាមរយៈការសហការគ្នា ខ្ញុំអាចឃើញថា ពួកគេមានកម្លាំងខ្លះ។ អ្នកខ្លះប្រើកម្លាំង ដើម្បីខិតខំធ្វើការ។ អ្នកខ្លះអាចមិនមានគុណសម្បត្តិច្រើនមែន តែគេឧស្សាហ៍ព្យាយាម និងគាំទ្រកិច្ចការនៃដំណាក់ព្រះ។ ទាំងនោះជាកម្លាំងដែលខ្ញុំគ្មាន។ ខ្ញុំក៏អាចរៀនសូត្រពីបងប្អូនប្រុសស្រី ដើម្បីប៉ះប៉ូវកំហុសខ្ញុំផងដែរ។ នេះជាវិធីរស់នៅមួយដែលមានសេរីភាព និងងាយស្រួលជាង។
ប្រហែលមួយឆ្នាំក្រោយមក អ្នកដឹកនាំពួកជំនុំបានរៀបចំការប្រជុំទូទៅមួយ ដូច្នេះ គ្រប់គ្នាអាចចែករំលែកនូវអ្វីដែលខ្លួនបានរៀន និងដកពិសោធន៍នាឆ្នាំនោះ។ ខ្ញុំបានចំណាយពេលឆ្លុះបញ្ចាំងស្ងាត់ស្ងៀម ដោយគិតពីអ្វីដែលខ្ញុំរៀនបាន។ ក្រោយមក ខ្ញុំទទួលស្គាល់ថា ព្រះបានសង្រ្គោះជីវិតខ្ញុំ ដោយឱ្យគេបណ្ដេញខ្ញុំចេញ ហើយនោះជាការចំណេញបំផុតរបស់ខ្ញុំ។ បើមិនដូច្នោះទេ ខ្ញុំនឹងនៅតែមើលមិនឃើញពីកម្រិតធ្ងន់ធ្ងរនៃភាពក្រអឺតក្រទមខ្ញុំដដែល ថាខ្ញុំប្រសើរជាងគេ និងធ្វើតាមចិត្ត ព្រោះខ្ញុំមានអំណោយទានពីរបី។ នោះគឺជាព្រះដែលប្រៀនប្រដៅ ជំនុំជម្រះ និងវាយផ្ចាលខ្ញុំ ដែលបង្ហាញខ្ញុំពីធម្មជាតិបែបសាតាំងរបស់ខ្ញុំ។ ការនេះក៏បង្រៀនខ្ញុំដែរអំពីសេចក្តីសុចរិតរបស់ព្រះ និងនាំឱ្យខ្ញុំកោតខ្លាចព្រះ។ ខ្ញុំដឹងគុណចំពោះសេចក្តីសង្រ្គោះរបស់ព្រះ!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?