ការធ្វើតាមអំពើចិត្ត បានបំផ្លាញខ្ញុំ

11-07-2023

ដោយចូសាន ប្រទេសចិន

នៅចុងឆ្នាំ ២០១២ ខ្ញុំចាប់ផ្ដើមបម្រើជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំកត់សម្គាល់ឃើញ គ្រប់គម្រោងពួកជំនុំរីកចម្រើនយឺត សមាជិកដែលអាចបំពេញភារកិច្ចបានល្អ មានតែពីរបីនាក់។ ដោយដឹងថា ខ្ញុំទើបតែជឿព្រះក្នុងរយៈពេលខ្លី និងមិនទាន់យល់ពីរបៀបជ្រើសរើសអ្នកធ្វើការ ដូច្នេះ ជារឿយៗ ខ្ញុំទូលប្រាប់ការលំបាករបស់ខ្ញុំដល់ព្រះ និងស្វែងរកគោលការណ៍ដែលពាក់ព័ន្ធ។ បើខ្ញុំមិនយល់អ្វីមួយ ខ្ញុំនឹងស្វែងរក និងប្រកបគ្នាជាមួយសហការីរបស់ខ្ញុំ។ បន្តិចម្ដងៗ ខ្ញុំចាប់ផ្ដើមចេះវិនិច្ឆ័យមនុស្ស និងស្ថានការណ៍បានល្អជាងមុន ខ្ញុំអាចចាត់មនុស្សឱ្យបំពេញភារកិច្ច ផ្អែកលើចំណុចខ្លាំងរបស់គេ ហើយយើងចាប់ផ្ដើមឃើញវឌ្ឍនភាពខ្លះនៅក្នុងកិច្ចការពួកជំនុំ។

ខ្ញុំចាំបានថា ម្ដងនោះ ពេលកំពុងពិភាក្សាការងារ ខ្ញុំស្នើឱ្យបណ្ដុះបណ្ដាលបងស្រី លី ជាមេក្រុម តែសហការីផ្សេងទៀតមិនយល់ស្របតាមទស្សនៈខ្ញុំទេ ដោយជំទាស់ថា ប្អូនស្រីលីជី ត្រូវគ្រួសាររឹតត្បិត និងគ្មានទំនួលខុសត្រូវលើភារកិច្ចខ្លួន។ ប្អូនមិនបានស្រោចស្រពអ្នកជឿថ្មីទាន់ពេលទេ ទោះប្រកបគ្នាជាច្រើនដងក្ដី ក៏ប្អូនមិនកែលម្អ។ មើលតាមអាកប្បកិរិយាប្អូនស្រីចំពោះភារកិច្ច មិនសមធ្វើជាមេក្រុមឡើយ។ ខ្ញុំបានរិះគិតថា៖ «បងលី ទើបតែជឿថ្មោងថ្មី ហើយការរឹតត្បិតពីគ្រួសារគាត់ គ្រាន់តែជាចំណុចខ្សោយបណ្ដោះអាសន្នប៉ុណ្ណោះ។ យើងមិនគួរដាក់កម្រិតគាត់ថាមិនសមទទួលការបណ្ដុះបណ្ដាល ដោយផ្អែកលើស្ថានភាពបណ្ដោះអាសន្ននេះឡើយ យើងគួរតែគាំទ្រ និងជួយគាត់ ដោយក្ដីស្រឡាញ់វិញ»។ ក្រោយមក ខ្ញុំជួយប្អូនស្រីលីជី ជាញឹកញាប់ ដោយប្រកបគ្នាជាមួយគាត់អំពីព្រះហឫទ័យរបស់ព្រះ និងអត្ថន័យនៅពីក្រោយការបំពេញភារកិច្ច។ សភាពប្អូន លីជី ចាប់ផ្ដើមប្រសើរឡើងបន្តិចម្តងៗ គ្រួសារគាត់លែងរឹតត្បិតគាត់ ហើយគាត់ចាប់ផ្ដើមបំពេញភារកិច្ចជាទៀងទាត់។ មានប្អូនប្រុសម្នាក់ទៀត ដែលមានគុណសម្បត្តិល្អ ប្រកបគ្នាពីសេចក្តីពិតបានច្បាស់លាស់ និងក្បោះក្បាយ និងបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវ ដូច្នេះ ខ្ញុំបានស្នើឱ្យបណ្ដុះបណ្ដាលគាត់ឱ្យមើលខុសត្រូវលើកិច្ចការស្រោចស្រព។ ប៉ុន្តែ បងស្រីម្នាក់ដែលជាដៃគូខ្ញុំ មានមន្ទិលចំពោះសំណើនេះ។ គាត់យល់ថា និស្ស័យក្រអឺតក្រទមរបស់គាត់ នឹងធ្វើឱ្យអ្នកដទៃទើសទាល់ ដូច្នេះ សម្រាប់ពេលនេះ គាត់មិនសមទទួលការបណ្ដុះបណ្ដាលឡើយ។ ខ្ញុំបាននឹកចាំគោលការណ៍មួយដែលចែងថា៖ «អស់អ្នកដែលមាននិស្ស័យក្រអឺតក្រទម តែអាចទទួលយកសេចក្ដីពិត ហើយជាងនេះទៅទៀត អ្នកដែលមានគុណសម្បត្តិល្អ និងមានអំណោយទាន គួរតែត្រូវបានដំឡើងឋានៈ និងបណ្ដុះបណ្ដាល។ មិនត្រូវដកពួកគេចេញជាដាច់ខាត» (ដកស្រង់ពី «១៣៥។ គោលការណ៍នៃការប្រព្រឹត្តចំពោះមនុស្សដែលមាននិស្ស័យក្រអឺតក្រទមផ្សេងៗ» នៃសៀវភៅ «គោលការណ៍ ១៧០ ចំណុច នៃការអនុវត្តសេចក្ដីពិត»)។ ប្អូនប្រុសនោះមាននិស្ស័យក្រអឺតក្រទមមែន តែគាត់ទទួលយកសេចក្តីពិត ហើយពេលគេលើកឡើងពីបញ្ហារបស់គាត់ គាត់នឹងទទួលយកការរិះគន់ រួចធ្វើការកែប្រែ។ ដូច្នេះ ជារួមមក គាត់បំពេញតាមគោលការណ៍សម្រាប់ការដំឡើងឋានៈ និងការបណ្ដុះបណ្ដាល។ ខ្ញុំបានពន្យល់ហេតុផលខ្ញុំ ដោយភ្ជាប់ជាមួយគោលការណ៍នេះ ហើយក្រោយពេលស្ដាប់ខ្ញុំរួច សហការីមួយចំនួនបានយល់ស្របជាមួយខ្ញុំ។ ក្រោយពេលប្អូនប្រុសនោះទទួលបន្ទុកលើកិច្ចការស្រោចស្រព គាត់សម្រេចបានលទ្ធផលល្អណាស់ក្នុងភារកិច្ច និងបញ្ជាក់ថា គាត់ពិតជាមានសមត្ថភាពធ្វើការមែន។ មិនយូរប៉ុន្មានក្រោយមក គេបានដំឡើងឋានៈគាត់។ បន្ទាប់មក ខ្ញុំពេញចិត្តនឹងខ្លួនឯង ដោយយល់ថា៖ «ខ្ញុំទើបតែជឿព្រះមែន តែខ្ញុំមានគុណសម្បត្តិល្អ និងពូកែវិនិច្ឆ័យមនុស្ស និងស្ថានការណ៍ ជាងសហការីផ្សេងទៀត។ បើពួកជំនុំមិនមានមនុស្សពូកែដូចខ្ញុំទេ តើនរណាអាចកំណត់ និងបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យថ្មីៗទាំងនេះទៅ?» សម្រាប់គម្រោងពួកជំនុំនីមួយៗ ខ្ញុំបានផ្ទេរសមាជិកប្រកបដោយភាពវៃឆ្លាត ដោយជំនួសសមាជិកណាដែលមិនស័ក្ដិសមនឹងការងារ ហើយក្នុងពេលមួយភ្លែត កិច្ចការពួកជំនុំចាប់ផ្ដើមប្រសើរឡើង។ ពេលបងប្អូនប្រុសស្រីមានបញ្ហា ពួកគេគ្រប់គ្នាបានមករកខ្ញុំ ដើម្បីសុំការប្រកបគ្នា និងយោបល់ពីខ្ញុំ។ អ្នកខ្លះថែមទាំងសរសើរនៅមុខខ្ញុំថា៖ «អ្នកដឹកនាំពួកជំនុំមុនៗ គឺជាអ្នកជឿយូរឆ្នាំ តែពួកគេមិនអាចសម្រេចកិច្ចការពួកជំនុំបានល្អឡើយ។ បងជឿព្រះមិនបានយូរផង តែពេលបងចូលមកភ្លាម ការងារចាប់ផ្ដើមប្រសើរឡើងភ្លាម។ បងពិតជាអ្នកដឹកនាំម្នាក់ដែលមានទេពកោសល្យ និងគុណសម្បត្តិល្អមែន»។ ពេលឮបែបនេះ ខ្ញុំពេញចិត្តនឹងខ្លួនឯងកាន់តែខ្លាំង ដោយយល់ថា ខ្ញុំជាអ្នកមានទេពកោសល្យដ៏កម្រម្នាក់នៅពួកជំនុំ។

ក្រោយមក ខ្ញុំបានកាន់ការងាររបស់ពួកជំនុំពីរបីផ្សេងទៀត។ ជួនកាល ពេលអ្នកដឹកនាំថ្នាក់លើត្រូវជ្រើសរើសមនុស្ស ពួកគេនឹងសុំយោបល់ពីខ្ញុំ។ ខ្ញុំជឿកាន់តែមុតមាំថា ខ្ញុំមានលក្ខណៈជាអ្នកដឹកនាំ៖ ខ្ញុំមានគុណសម្បត្តិល្អ ពូកែជ្រើសរើសមនុស្សមានទេពកោសល្យ និងអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍។ ខ្ញុំមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងឡើងៗ។ ក្រោយមក គ្រប់ពេលខ្ញុំយល់ថា ខ្ញុំបានវាយតម្លៃត្រឹមត្រូវពីស្ថានការណ៍មួយ ខ្ញុំនឹងសម្រេចចិត្តដោយខ្លួនឯង ដោយមិនបានពិគ្រោះជាមួយសហការីផ្សេងទៀតទេ។ ខ្ញុំគិតថា ខ្ញុំយល់ពីគោលការណ៍ប្រសើរជាងពួកគេ និងមានការយល់ដឹងជ្រៅជ្រះជាង។ ទោះបីខ្ញុំពិភាក្សាជាមួយពួកគេ ក៏ចុងក្រោយ យើងត្រូវធ្វើតាមផែនការខ្ញុំដដែលហ្នឹង ដូច្នេះ វាគ្មានប្រយោជន៍ដែលត្រូវពិភាក្សាឡើយ។ នៅពេលសហការីលើកសំណើផ្សេងៗ ខ្ញុំគិតថា គំនិតពួកគេមិនល្អដូចគំនិតខ្ញុំទេ ខ្ញុំបានច្រានចោលគំនិតទាំងនោះ រួចធ្វើតាមផែនការរបស់ខ្ញុំ។

ម្ដងនោះ ពេលពួកជំនុំត្រូវការសមាជិកម្នាក់ ដើម្បីថែរក្សាសៀវភៅរបស់យើង ខ្ញុំបានស្នើឱ្យតែងតាំងអ្នកជឿថ្មីម្នាក់ ឈ្មោះ ចេងអ៊ី ព្រោះខ្ញុំដឹងថា គាត់មានភាពជាមនុស្សល្អ។ សហការីម្នាក់បានរំឭកខ្ញុំថា៖ «ប្អូនចេងអ៊ី ទើបតែជឿព្រះ ហើយប្រពន្ធគាត់ ក៏មិនមែនជាអ្នកជឿព្រះដែរ។ បើមានស្ថានការណ៍ណាមួយកើតឡើងភ្លាមៗដោយនឹកស្មានមិនដល់ ខ្ញុំគិតថា គាត់នឹងមិនអាចការពារសៀវភៅបានឡើយ»។ ពេលនោះ ខ្ញុំយល់ថា គេបានច្រានចោលសំណើខ្ញុំ ហើយខ្ញុំមានអារម្មណ៍មិនស្រួលចិត្តឡើយ។ ខ្ញុំគិតថា៖ «ខ្ញុំជាអ្នកដឹកនាំ តើខ្ញុំមិនអាចរកមនុស្សម្នាក់មកកាន់ការងារថែរក្សាសៀវភៅបានទេឬ? ម្យ៉ាងទៀត យើងមិនមែនជ្រើសរើសអ្នកដឹកនាំឯណា ម្ដេចក៏ត្រូវដាក់លក្ខខណ្ឌខ្ពស់យ៉ាងនេះ?» ខ្ញុំមិនស្ដាប់តាមដំបូន្មានរបស់សហការីទេ ហើយបានតែងតាំង ចេងអ៊ី ឱ្យថែរក្សាសៀវភៅ។ ពេលបងស្រីម្នាក់ដឹងរឿងនេះ គាត់បានដោះស្រាយជាមួយខ្ញុំថា៖ «តើប្អូនតែងតាំង ចេងអ៊ី ឈរលើគោលការណ៍អ្វីដែរ? យើងត្រូវតែរកផ្ទះណាដែលមានសុវត្ថិភាព ដើម្បីរក្សាទុកសៀវភៅ។ ចេងអ៊ី ទើបជឿព្រះ គ្មានមូលដ្ឋានគ្រឹះច្រើន ប្រពន្ធគាត់ក៏ជំទាស់នឹងជំនឿគាត់ដែរ។ បើមានរឿងអ្វីមួយកើតឡើង តើវានឹងមិនបង្កផលខូចខាតដល់កិច្ចការពួកជំនុំទេឬ?» ខ្ញុំមិនយល់ស្របឡើយ ដោយគិតថា៖ «ផ្អែកតាមគោលការណ៍ ចេងអ៊ី មិនស័ក្ដិសមមែន តែគាត់មានភាពជាមនុស្សល្អ និងស្ម័គ្រចិត្តបំពេញភារកិច្ចនេះ។ តើបងប្អូនទាំងអស់គ្នាគិតច្រើនពេកទេដឹង? តើពិតជាធ្ងន់ធ្ងរបែបនេះឬ?» ដូច្នេះ ខ្ញុំនិយាយថា៖ «ខ្ញុំបានប្រកបគ្នាជាមួយគាត់រួចហើយ បើបងរកបានអ្នកណាដែលស័ក្ដិសមជាង នោះយើងនឹងយល់ស្របតាមបង»។ ដោយឃើញថា ខ្ញុំមិនទទួលយកគំនិតគាត់សូម្បីតែបន្តិច គាត់ក៏លែងនិយាយអ្វីទៀត។ មិនយូរប៉ុន្មាន ចេងអ៊ី ឈ្លោះជាមួយប្រពន្ធ ហើយប្រពន្ធគាត់ក៏បោះសៀវភៅទាំងអស់ចេញពីផ្ទះ ដែលធ្វើឱ្យសៀវភៅខ្លះ ត្រូវខូចខាត។ យើងត្រូវបង្ខំចិត្តដឹកជញ្ជូនសៀវភៅទាំងនោះទៅទីតាំងមួយទៀត ទាំងកណ្ដាលយប់។ ក្រោយមក សហការីខ្ញុំបានដោះស្រាយជាមួយខ្ញុំចំពោះការមិនប្រព្រឹត្តតាមគោលការណ៍ និងការធ្វើតាមអំពើចិត្តរបស់ខ្លួន ដែលនាំឱ្យខូចខាតដល់សៀវភៅបែបនេះ។ ពួកគេប្រាប់ខ្ញុំថា ខ្ញុំគួរតែឆ្លុះបញ្ចាំងឱ្យហ្មត់ចត់អំពីអ្វីដែលបានកើតឡើង។ ខ្ញុំយល់ស្របឱ្យតែរួចពីមាត់ តែក្នុងចិត្តវិញ ខ្ញុំគិតថា៖ «នេះគ្រាន់តែជាកំហុសមួយប៉ុណ្ណោះ។ ខ្ញុំបានតែងតាំងគាត់ ដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់ពួកជំនុំនាពេលនោះ។ តើនរណាទៅដឹងទៅថា មានរឿងបែបនេះកើតឡើងនោះ»។ ក្រោយមក ខ្ញុំក៏បន្តបំពេញភារកិច្ចតាមអំពើចិត្តដដែល។ នៅពេលពិភាក្សាការងារ ខ្ញុំនឹងច្រានចោល ដំបូន្មានរបស់សហការី រួចចាត់ចែងការងារទៅតាមគំនិតរបស់ខ្ញុំ។ បន្តិចម្ដងៗ សហការីខ្ញុំចាប់ផ្ដើមទើសទាល់ជាមួយខ្ញុំ ហើយពួកគេមិនហ៊ានផ្ដល់យោបល់លើអ្វីមួយដែលខ្ញុំបានសម្រេចចិត្តរួចឡើយ។

ម្ដងនោះ ខ្ញុំបានទៅពួកជំនុំមួយទៀត ដើម្បីបណ្ដេញអ្នកដឹកនាំម្នាក់ ឈ្មោះ ចាង ហ្វាន។ មុនបណ្ដេញនាងចេញ ខ្ញុំគួរតែប្រកបគ្នា និងពិនិត្យពិច័យមើលការបំពេញភារកិច្ចទាំងមូលរបស់នាងសិន រួចចាំបណ្ដេញនាង។ តែពេលនោះ ខ្ញុំគិតដល់ពេលដែលខ្ញុំបានប្រកបគ្នាជាមួយនាងកាលពីមុន អំពីការងាររបស់នាង នាងមិនទទួលយកអ្វីដែលខ្ញុំបាននិយាយ ហើយថែមទាំងប្រកែកទៀតផង។ ដូច្នេះ ខ្ញុំគ្រាន់តែយល់ថា វាគ្មានប្រយោជន៍អ្វីដែលត្រូវប្រកបគ្នាជាមួយនាងទៀតទេ ហើយខ្ញុំគ្រាន់តែបណ្ដេញនាងចេញទៅបានហើយ។ ក្រោយមក ខ្ញុំបានកោះការប្រជុំមួយជាមួយ ចាង ហ្វាន និងគ្រូជំនួយពីរបីនាក់ផ្សេងទៀត និងផ្ដល់ការពន្យល់ខ្លីៗអំពីមូលហេតុដែលគួរតែបណ្ដេញនាងចេញ។ ប៉ុន្តែ ចាង ហ្វាន មិនព្រមទេ បែរជាបន្តប្រកែកជាមួយខ្ញុំ ហើយថែមទាំងចោទសួរខ្ញុំទៀតថា៖ «សូមប្រាប់ខ្ញុំឱ្យច្បាស់មើល៍ថា តើអ្នកបណ្ដេញខ្ញុំចេញផ្អែកលើគោលការណ៍អ្វីដែរ?» ខ្ញុំបានរិះគិតថា៖ «ខ្ញុំបានពន្យល់ពីបញ្ហាដែលកើតឡើងជាមួយការងារឯងរួចហើយកាលពីមុន តែឯងចេះតែរអ៊ូ និងជំទាស់ ហើយព្យាយាមចាប់កំហុសខ្ញុំទៀតផង។ ឯងមិនស្គាល់ខ្លួនឯងសោះឡើយ ហើយខ្ញុំមិនបាច់ប្រកបគ្នាជាមួយឯងទៀតឡើយ»។ ដូច្នេះ ខ្ញុំមិនអើពើនឹងនាងទេ។ បងស្រី វ៉ាងចិន បានរំឭកខ្ញុំថា៖ «ចាង ហ្វាន អាចពូកែចាប់កំហុសមែន ប្អូនគួរប្រកបគ្នាជាមួយគាត់អំពីគោលការណ៍ និងប្រាប់នាងឱ្យបានច្បាស់អំពីមូលហេតុដែលប្អូនបណ្ដេញគាត់ចេញ»។ ទោះខ្ញុំដឹងថា បងវ៉ាងចិន និយាយត្រូវក៏ដោយ ក៏ខ្ញុំយល់ថា ចាង ហ្វាន ជាអ្នកដឹកនាំពួកជំនុំ គាត់មុខជាបានដឹងច្បាស់ពីគោលការណ៍ទាំងនេះមិនខាន ដូច្នេះ ខ្ញុំមិនបាច់ខ្ជះខ្ជាយពេលប្រាប់នាងអំពីរឿងនេះឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែអានអត្ថបទព្រះបន្ទូលមួយទាក់ទងនឹងរបៀបចាត់ចែងកិច្ចការអ្នកដឹកនាំប៉ុណ្ណោះ តែពេលខ្ញុំអាននោះ ខ្ញុំមានអារម្មណ៍ថាខ្លួនខុសបន្ដិចដែរ។ ខ្ញុំកំពុងប្រើព្រះបន្ទូលព្រះគាបសង្កត់នាង ខ្ញុំមិនបានដោះស្រាយបញ្ហារបស់នាងទេ ហើយនេះមិនត្រឹមត្រូវឡើយ។ ប៉ុន្តែ ពេលនោះខ្ញុំគិតថា បើខ្ញុំមិនអានទេ ខ្ញុំនឹងមិនអាចគ្រប់គ្រងលើនាងបានឡើយ។ ពេលអានចប់ភ្លាម បន្ទប់ទាំងមូលប្រែជាស្ងាត់ជ្រងំ ហើយចាង ហ្វាន គ្រាន់តែអង្គុយស្ងាត់ស្ងៀមនៅទីនោះ ទាំងកំហឹង។ ខ្ញុំយល់ថា រឿងរ៉ាវបានចប់ហើយ តែអ្វីដែលភ្ញាក់ផ្អើល ក្នុងពេលជួបជុំ ចាង ហ្វាន បាននិយាយថា អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ មិនធ្វើតាមគោលការណ៍ទេ ដែលការនេះនាំឱ្យអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀត មានអារម្មណ៍ទើសទាល់ និងបានបង្អាក់ដល់កិច្ចការពួកជំនុំ។ ខ្ញុំមានអារម្មណ៍ខ្លាចបន្ដិចដែរ។ នេះជាផលវិបាកចេញពីការដែលខ្ញុំប្រព្រឹត្តតាមអំពើចិត្ត និងមិនធ្វើតាមគោលការណ៍ តែខ្ញុំគ្រាន់តែទទួលស្គាល់ថា នេះជាកំហុសមួយប៉ុណ្ណោះ ដោយមិនបានឆ្លុះបញ្ចាំងមើលហ្មត់ចត់អំពីរឿងនេះទេ។

ក្រោយមក នៅពេលបណ្ដេញអ្នកដឹកនាំម្នាក់ទៀតចេញ ខ្ញុំក៏មិនបានប្រាប់បងប្អូនប្រុសស្រីពីមូលហេតុជាក់លាក់សម្រាប់ការបណ្ដេញចេញនោះផងដែរ។ បងប្អូនប្រុសស្រីខ្លះ គ្មានការឈ្វេងយល់ចំពោះអ្នកដឹកនាំរូបនេះទេ ហើយពួកគេបានប្រកែកជាញឹកញាប់ ក្នុងពេលជួបជុំថា ខ្ញុំំមិនបានធ្វើតាមគោលការណ៍ក្នុងការបណ្ដេញអ្នកដឹកនាំចេញឡើយ។ ការនេះបាននាំឱ្យពួកជំនុំមានស្ថានភាពចលាចល។ ក្រោយពេលដឹងអំពីស្ថានភាពនេះ ប្អូនស្រីម្នាក់បានរំឭកខ្ញុំថា៖ «យកល្អ បងគួរតែប្រកបគ្នាជាមួយពួកគេឱ្យបានឆាប់ទៅ បើមិនដូច្នោះទេ ស្ថានភាពនៅពួកជំនុំ នឹងកាន់តែច្របូកច្របល់ខ្លាំងមិនខាន»។ ខ្ញុំមិនយល់ស្របជាមួយនាងទេ រួចគិតថា៖ «អ្នកដឹកនាំក្លែងក្លាយ គួរតែត្រូវបានបណ្ដេញចេញ។ ខ្ញុំមិនបានព្យាយាមដាក់ទោសនរណាម្នាក់ទេ ហេតុអ្វីក៏ពួកគេយករឿងតូចបង្ករឿងធំបែបនេះ?» ព្រោះខ្ញុំមិនប្រព្រឹត្តតាមគោលការណ៍ និងមិនបានឆ្លុះបញ្ចាំងមើល និងស្គាល់ខ្លួនឯង បន្តិចម្ដងៗ ខ្ញុំកាន់តែពិបាកបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំលែងទទួលបានការបំភ្លឺ និងការណែនាំពីព្រះ ហើយនៅពេលដោះស្រាយកិច្ចការពួកជំនុំ ជារឿយៗ ខ្ញុំហាក់ច្របូកច្របល់។ ខ្ញុំមិនដឹងថា ត្រូវនិយាយអ្វីទៅព្រះនៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់ខ្ញុំឡើយ ហើយពួកជំនុំដែលខ្ញុំទទួលបន្ទុក មិនសម្រេចបានលទ្ធផលល្អក្នុងការងារទេ។ ខ្ញុំចាប់ផ្ដើមដឹងថា ប្រហែលខ្ញុំមិនអាចកាន់ភារកិច្ចនេះបានទៀតឡើយ។

មិនយូរប៉ុន្មាន បងប្អូនប្រុសស្រីខ្លះ បានសរសេរសំបុត្ររាយការណ៍ពីខ្ញុំ ដោយចោទខ្ញុំថាធ្វើការដោយធ្វេសប្រហែស និងមិនទទួលយកការពិតសោះឡើយ។ ក្រោយពេលអ្នកដឹកនាំថ្នាក់លើបានដឹងអំពីស្ថានភាពខ្ញុំ គាត់បានលាតត្រដាង និងដោះស្រាយជាមួយខ្ញុំថា៖ «ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ពេលដោះស្រាយកិច្ចការសំខាន់ ដូចជាការជ្រើសរើស និងការបណ្ដេញមនុស្ស ឯងមិនបានពិគ្រោះជាមួយសហការី មិនបានស្វែងរកគោលការណ៍ទេ តែបែរជាធ្វើតាមអំពើចិត្ត តាមផែនការខ្លួនទៅវិញ។ ពេលបងប្អូនប្រុសស្រីរំឭកឯង ឯងមិនស្ដាប់គេទេ។ ឯងក្រអឺតក្រទម និងរាប់ខ្លួនឯងថាសុចរិតពេកហើយ។ ពេលឯងបរាជ័យ និងត្រូវគេលាតត្រដាង ឯងមិនឆ្លុះបញ្ចាំងមើលខ្លួនឯងទេ ហើយបន្តធ្វើតាមអំពើចិត្តដដែល។ ការធ្វើតាមអំពើចិត្តរបស់ឯង បាននាំឱ្យជីវិតពួកជំនុំធ្លាក់ក្នុងភាពចលាចល ហើយជីវិតរបស់បងប្អូនប្រុសស្រីទៀតសោត ក៏ត្រូវខូចខាតផងដែរ។ ចំពោះការប្រព្រឹត្តរបស់ឯងនេះ ឯងមិនសមបម្រើជាអ្នកដឹកនាំទៀតឡើយ។ ដោយដាក់ឯងឱ្យបំពេញកិច្ចការនេះ មានតែខាតបង់ច្រើនជាងចំណេញប៉ុណ្ណោះ»។ ពេលឮអ្នកដឹកនាំលាតត្រដាង និងដោះស្រាយខ្ញុំបែបនេះ ខ្ញុំពិបាកចិត្ត និងឈឺចាប់ជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំសួរខ្លួនឯងថា៖ «តើខ្ញុំអាចបំផ្លាញកិច្ចការពួកជំនុំធ្ងន់ធ្ងរបែបនេះម្ដេចកើតទៅ?» ខ្ញុំមិនត្រឹមតែមិនបំពេញភារកិច្ចខ្ញុំ ក្នុងនាមជាអ្នកដឹកនាំប៉ុណ្ណោះទេ តែខ្ញុំក៏បង្អាក់ដល់កិច្ចការពួកជំនុំផងដែរ។ ខ្ញុំគ្រាន់តែចង់រកកន្លែងមួយលាក់ខ្លួនប៉ុណ្ណោះ។ នៅតាមផ្លូវទៅផ្ទះវិញ ខ្ញុំបានភាំងស្មារតី។ ខ្ញុំគិតថា ព្រោះខ្ញុំបំពេញភារកិច្ចតាមអំពើចិត្ត ធ្វេសប្រហែស និងបង្អាក់ដល់កិច្ចការពួកជំនុំ ព្រះនឹងស្អប់ខ្ពើមខ្ញុំមិនខាន។ តើព្រះនឹងសង្រ្គោះមនុស្សបែបខ្ញុំដែរទេ? ពេលគិតកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍មិនល្អ ហើយថែមទាំងមិនដឹងថាត្រូវទៅផ្ទះវិញបែបណាទៀតផង។ ខ្ញុំបានលុតជង្គង់លើគ្រែ អធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់មិនដឹងថា ដើរមកដល់ចំណុចនេះដោយរបៀបណាទេ។ ខ្ញុំម្ចាស់ពិតជាមិនស្គាល់ខ្លួនឯងសោះឡើយ។ ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់ដឹងថា តាមរយៈការបណ្ដេញចេញនេះ មានមេរៀនដែលត្រូវរៀន ប៉ុន្តែខ្ញុំម្ចាស់គំស្ពឹកស្រពន់ពេកហើយ។ សូមជួយបំភ្លឺ និងណែនាំខ្ញុំម្ចាស់ឱ្យស្គាល់ខ្លួនឯង និងយល់ពីព្រះទ័យទ្រង់ផង»។

ក្នុងពេលថ្វាយបង្គំនេះ ខ្ញុំបានគិតដល់ទំនុកតម្កើងមួយចេញពីព្រះបន្ទូលទ្រង់ដែលខ្ញុំច្រៀងជាញឹកញាប់ថា៖ «គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន គឺជាការវាយផ្ចាល ការជំនុំជម្រះ និងការវាយផ្ដួលដោយឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ដួលដ៏កាចសាហាវនេះ គឺឥតមានការដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែអ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជាសាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថាខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី?

«ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើងដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ ហើយតើអ្នករាល់គ្នាមានអ្វីត្រូវនិយាយនៅចំពោះមុខការវាយផ្ចាល និងការជំនុំជម្រះបែបនេះ? តើអ្នករាល់គ្នាមិនមែនរីករាយនឹងសេចក្ដីសង្គ្រោះតាំងពីដើមរហូតដល់ចប់ទេឬអី? អ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ចាប់បដិសន្ធិ និងបានដឹងពីសព្វានុភាព និងប្រាជ្ញារបស់ទ្រង់។ បន្ថែមពីលើនេះ អ្នកបានឆ្លងកាត់ការវាយផ្ចាល និងការលត់ដំម្តងហើយម្តងទៀតដែរ។ យ៉ាងណាមិញ តើអ្នករាល់គ្នាមិនបានទទួលព្រះគុណដ៏ខ្ពស់បំផុតដែរទេឬអី?» (ដកស្រង់ពី «ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺដើម្បីសង្រ្គោះមនុស្ស» នៃសៀវភៅ «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»)។ ព្រះបន្ទូលទ្រង់ពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ ពិតមែនហើយ។ កិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ គឺត្រូវជំនុំជម្រះ និងវាយផ្ចាល។ មិនថាជាការវាយផ្ចាល ការប្រៀនប្រដៅ ការដោះស្រាយ ឬការលាតត្រដាងនោះទេ ទ្រង់ធ្វើគ្រប់ការទាំងនេះ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ។ ក្រោយការបណ្ដេញចេញ ខ្ញុំអាចមានអារម្មណ៍មិនល្អមែន តែនេះជាឱកាសដ៏ល្អបំផុត ដើម្បីឆ្លុះបញ្ចាំង និងចាប់ផ្ដើមស្គាល់ខ្លួនឯង។ នេះជាសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះ។ ខ្ញុំមិនអាចយល់ច្រឡំព្រះទ័យព្រះនោះឡើយ។ បន្ទាប់ពីយល់ដឹងបែបនេះ ខ្ញុំស្ងប់ចិត្តបានបន្តិច។ ខ្ញុំគ្រាន់តែចង់ស្វែងរកសេចក្តីពិត ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយប្រែចិត្តឱ្យបានឆាប់តែប៉ុណ្ណោះ។

ពេលគិតដល់របៀបដែលអ្នកដឹកនាំបានលាតត្រដាង និងដោះស្រាយជាមួយខ្ញុំចំពោះការធ្វើតាមអំពើចិត្ត និងការធ្វេសប្រហែស ខ្ញុំបានស្វែងរកអត្ថបទពាក់ព័ន្ធចេញពីព្រះបន្ទូលព្រះ ដើម្បីហូប និងផឹក រួចឆ្លុះបញ្ចាំងមើលខ្លួនឯង។ ខ្ញុំបានឃើញបន្ទូលព្រះខ្លះដែលចែងថា៖ «មនុស្សមួយចំនួនចូលចិត្តធ្វើការតែម្នាក់ឯង ដោយមិនពិភាក្សាការងារជាមួយនរណា ឬក៏ប្រាប់នរណាម្នាក់ឡើយ។ នៅពេលដែលការងារមកដល់ ពួកគេគ្រាន់តែធ្វើការប៉ុណ្ណោះ ទោះបីជាអ្នកដទៃយល់ឃើញចំពោះពួកគេបែបណាក៏ដោយ។ ពួកគេគិតថា៖ 'ខ្ញុំជាអ្នកដឹកនាំ ហើយអ្នករាល់គ្នាជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាត្រូវតែធ្វើតាមអ្វីដែលខ្ញុំធ្វើ។ ត្រូវធ្វើតាមឱ្យដូចអ្វីដែលខ្ញុំប្រាប់ ពោលគឺវាគួរតែធ្វើបែបហ្នឹងហើយ'។ ពួកគេមិនជូនដំណឹងដល់អ្នកផ្សេង នៅពេលដែលពួកគេធ្វើសកម្មភាពទេ ហើយទង្វើរបស់ពួកគេទៀតសោត ក៏គ្មានតម្លាភាពនោះដែរ។ ពួកគេតែងតែខំប្រឹងស្វះស្វែងចង់បានអ្វីមួយដោយលួចលាក់ និងធ្វើសកម្មភាពដោយសម្ងាត់។ ដូចនាគដ៏ធំមានសម្បុរក្រហម ដែលរក្សាភាពផ្តាច់មុខនៃការកាន់អំណាចដោយបក្សតែមួយរបស់វាដែរ ពួកគេតែងតែប្រាថ្នាចង់បោកបញ្ឆោត និងគ្រប់គ្រងលើអ្នកដទៃ ជាមនុស្សដែលពួកគេមើលឃើញថាមិនសំខាន់ និងគ្មានតម្លៃ។ ពួកគេតែងតែចង់សម្រេចចិត្តក្នុងរឿងរ៉ាវផ្សេងៗ ដោយមិនពិភាក្សា ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ ហើយពួកគេក៏មិនដែលពិគ្រោះយោបល់ជាមួយអ្នកផ្សេងទៀតដែរ។ តើអ្នកយល់ឃើញដូចម្ដេចដែរចំពោះវិធីសាស្ត្របែបនេះ? តើវិធីសាស្រ្ដនេះមានភាពជាមនុស្សធម្មតាឬទេ? (គឺអត់ទេ។) តើវិធីសាស្រ្ដនេះមិនមែនជាធម្មជាតិរបស់នាគដ៏ធំមានសម្បុរក្រហមទេឬ? នាគដ៏ធំមានសម្បុរក្រហម គឺផ្ដាច់ការ និងធ្វើតាមអំពើចិត្ត។ តើអស់អ្នកដែលមាននិស្ស័យពុករលួយបែបនេះ មិនមែនជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហមទេឬ?» («ស្ដីពីកិច្ចសហប្រតិបត្តិការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ដើម្បីបំពេញកាតព្វកិច្ចយ៉ាងសមស្រប មិនថាអ្នកបានជឿព្រះជាម្ចាស់បានប៉ុន្មានឆ្នាំនោះទេ មិនថាអ្នកធ្វើបានប៉ុន្មាននៅក្នុងកាតព្វកិច្ចរបស់អ្នកនោះទេ ឬមិនថាអ្នកបានចូលរួមចំណែកក្នុងដំណាក់របស់ព្រះជាម្ចាស់ប៉ុន្មាននោះទេ រឿងដែលសំខាន់ ថាតើអ្នកមានបទពិសោធន៍យ៉ាងណានៅក្នុងកាតព្វកិច្ចរបស់អ្នក។ រឿងដែលសំខាន់ដែលព្រះជាម្ចាស់ទតមើល គឺជាផ្លូវដែលមនុស្សម្នាក់ជ្រើសយក។ ម្យ៉ាងទៀត ទ្រង់ទតមើលឥរិយាបថរបស់មនុស្សម្នាក់ចំពោះសេចក្ដីពិត និងគោលការណ៍ ទិសដៅ ប្រភពដើម និងកម្លាំងជំរុញនៅពីក្រោយសកម្មភាពនោះ។ ព្រះជាម្ចាស់ផ្ដោតលើអ្វីៗទាំងនេះ។ ចំណុចទាំងនេះ គឺជាអ្វីដែលកំណត់ផ្លូវដែលអ្នកដើរ។ នៅក្នុងដំណើរការនៃការបំពេញកាតព្វកិច្ចរបស់អ្នក ប្រសិនបើចំណុចវិជ្ជមានទាំងនេះមិនមាននៅក្នុងអ្នកទាល់តែសោះ ហើយគោលការណ៍ មាគ៌ា និងមូលដ្ឋាននៃសកម្មភាពរបស់អ្នក គឺជាគំនិត គោលបំណង និងផែនការផ្ទាល់ខ្លួន ហើយកម្លាំងជំរុញរបស់អ្នក គឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ព្រមទាំងការពារកេរ្ដិ៍ឈ្មោះ និងឋានៈរបស់អ្នក វិធីប្រតិបត្តិរបស់អ្នកគឺដើម្បីធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពតែម្នាក់ឯង និងសម្រេចចិត្តតែម្នាក់ឯង មិនដែលពិភាក្សាអ្វីៗជាមួយអ្នកដទៃ ឬមិនដែលសហការយ៉ាងស្រុះស្រួល និងមិនដែលស្ដាប់ដំបូន្មានគេ នៅពេលដែលអ្នកបានប្រព្រឹត្តកំហុសណាមួយ ហើយក៏មិនដែលស្វែងរកសេចក្តីពិតទៀតនោះ តើព្រះជាម្ចាស់នឹងទតឃើញអ្នកដូចម្ដេចទៅ? អ្នកមិនទាន់ឈានដល់បទដ្ឋាននោះទេ ប្រសិនបើអ្នកបំពេញកាតព្វកិច្ចរបស់អ្នកបែបនេះ។ អ្នកមិនបានឈានជើងជាន់លើផ្លូវក្នុងការស្វែងរកសេចក្ដីពិតនៅឡើយ ដោយសារតែនៅពេលដែលអ្នកធ្វើកិច្ចការរបស់អ្នក អ្នកមិនស្វែងរកគោលការណ៍នៃសេចក្ដីពិតនោះទេ ហើយតែងតែធ្វើសកម្មភាពទៅតាមអ្វីដែលអ្នកចង់ធ្វើ។ នេះគឺជាមូលហេតុដែលមនុស្សភាគច្រើនមិនបំពេញកាតព្វកិច្ចរបស់ខ្លួនជាទីពេញចិត្តនោះ» («តើអ្វីជាការបំពេញភារកិច្ចដ៏សមស្រប?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះពិតជារំជួលចិត្តខ្ញុំជាខ្លាំង នៅពេលខ្ញុំគិតដល់អត្ថបទទាំងនេះ។ ព្រះបន្ទូលទ្រង់លាតត្រដាងថា ភាពក្រអឺតក្រទម អំនួត និងការធ្វើតាមអំពើចិត្ត គឺជាធម្មជាតិរបស់នាគដ៏ធំមានសម្បុរក្រហម។ ទស្សនៈអំពីការដេញតាម និងផ្លូវដែលមនុស្សបែបនេះដើរ សុទ្ធតែប្រឆាំងនឹងព្រះ។ ពួកជំនុំបានផ្ដល់ឱ្យខ្ញុំមានឱកាស ដើម្បីបម្រើជាអ្នកដឹកនាំ មិនមែនជាមន្ត្រីតាមការិយាល័យនោះទេ។ ពួកគេបានផ្ដល់ការទទួលខុសត្រូវដល់ខ្ញុំ និងចង់ឱ្យខ្ញុំធ្វើតាមព្រះទ័យព្រះ ធ្វើការចុះសម្រុងជាមួយអ្នកដទៃ ដើម្បីបំពេញកិច្ចការពួកជំនុំ និងភារកិច្ចខ្ញុំឱ្យបានល្អ។ តែផ្ទុយទៅវិញ ខ្ញុំបានយកកិច្ចការពួកជំនុំធ្វើជាកិច្ចការផ្ទាល់ខ្លួន។ ពេលខ្ញុំសម្រេចបានលទ្ធផលខ្លះក្នុងការងារ និងទទួលបានបទពិសោធន៍តិចតួចក្នុងការជ្រើសរើសអ្នកមានទេពកោសល្យ ខ្ញុំយល់ថា ខ្លួនមានគុណសម្បត្តិល្អ មានជំនាញការងារពិសេស និងពូកែវិនិច្ឆ័យស្ថានភាព និងមនុស្ស។ ជាពិសេស ក្រោយពេលបងប្អូនប្រុសស្រី ចាប់ផ្ដើមមកសួរនាំខ្ញុំ ខ្ញុំបានតម្កើងខ្លួន និងជឿថា ខ្ញុំយល់ពីសេចក្តីពិតប្រសើរជាងពួកគេ។ ខ្ញុំមិនអាចលះបង់អំនួតខ្ញុំឡើយ និងជឿថា វឌ្ឍនភាពនៅក្នុងកិច្ចការពួកជំនុំ សុទ្ធតែជាស្នាដៃរបស់ខ្ញុំ យល់ថា បងប្អូនប្រុសស្រីទាំងអស់ សុទ្ធតែអន់ជាងខ្ញុំ និងគ្មានសិទ្ធិបញ្ចេញយោបល់ឡើយ។ ពួកគេគួរតែផ្ដល់អាទិភាពដល់យោបល់ខ្ញុំសម្រាប់កិច្ចការណា ដែលតម្រូវឱ្យមានការពិភាក្សា។ ដូច្នេះ ពេលបងប្អូនប្រុសស្រីបានលើកឡើងពីរបៀបដែលខ្ញុំបានវង្វេងនៅក្នុងកិច្ចការខ្ញុំ ខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះពួកគេទេ ហើយបានបន្តធ្វើតាមអំពើចិត្តខ្ញុំដដែល។ ជួនកាល ពេលពួកគេបញ្ចេញយោបល់មួយផ្សេង ខ្ញុំបានច្រានចោល ទាំងមិនបានពិចារណាជាមុនផង។ ខ្ញុំបានទទូចឱ្យពួកគេធ្វើតាមផែនការខ្ញុំ ហើយជួនកាល ខ្ញុំគ្រាន់តែធ្វើតាមផែនការ ដោយមិនបានពិគ្រោះជាមួយសហការីជាមុនទៀតផង។ ដោយសារខ្ញុំចេះតែទទូចឱ្យជ្រើសរើសបុគ្គលម្នាក់ដែលមិនស្របតាមគោលការណ៍ ឱ្យថែរក្សាសៀវភៅ ហើយខ្ញុំមិនស្ដាប់តាមពួកគេ ពេលសហការីខ្ញុំរំឭក និងព្រមានខ្ញុំទាស់នឹងទង្វើនេះ សៀវភៅទាំងនោះត្រូវបានខូចខាត។ ទោះបីជាបែបនេះក៏ដោយ ក៏ខ្ញុំនៅតែមិនឆ្លុះបញ្ចាំងមើលខ្លួនឯងដដែល។ ខ្ញុំបានបណ្ដេញ ចាង ហ្វាន ដោយមិនបានលើកឡើង និងប្រកបគ្នាពីបញ្ហារបស់នាងទេ ដែលការនេះធ្វើឱ្យនាងអន់ចិត្ត រឹងទទឹង និងស្វែងរកកំហុស។ ការនេះបង្កជាការរំខានដ៏ធំ និងបាននាំឱ្យមានចលាចលនៅក្នុងជីវិតពួកជំនុំ។ ក្នុងភារកិច្ចខ្ញុំ ខ្ញុំមិនបានចាត់អាទិភាពលើការស្វែងរកសេចក្តីពិត និងមិនបាននាំគេឱ្យចូលក្នុងតថភាពនៃសេចក្តីពិតទេ។ ផ្ទុយទៅវិញ ខ្ញុំបានដឹកនាំផ្លូវដោយបំពានគោលការណ៍ បង្ខំឱ្យគ្រប់គ្នាដើរតាមបញ្ជាខ្ញុំ មិនអនុញ្ញាតឱ្យពួកគេបញ្ចេញយោបល់ណាផ្សេង និងចង់អារកាត់គ្រប់រឿងតែម្នាក់ឯង។ តើខ្ញុំមិនកំពុងប្រព្រឹត្តដូចជាជនផ្ដាច់ការទេឬអី? ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំបានយល់យ៉ាងច្បាស់ថា យើងត្រូវតែធ្វើការស្របតាមគោលការណ៍ តែខ្ញុំមិនបានអើពើ ដោយធ្វើតាមអំពើចិត្តខ្លួន និងតែងតែចង់អារកាត់គ្រប់រឿងជានិច្ច។ តើខ្ញុំមិនមែនកំពុងតាំងខ្លួនប្រឆាំងនឹងព្រះទេឬអី? គ្រប់ទង្វើរបស់ខ្ញុំ បង្ហាញពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពេលឆ្លុះបញ្ចាំងមើលពីរបៀបដែលខ្ញុំបានប្រព្រឹត្ត ខ្ញុំឃើញថា រាល់ឥរិយាបថរបស់ខ្ញុំ គឺជារឿងគួរឱ្យស្អប់ខ្ពើមចំពោះព្រះ។ បើខ្ញុំមិនប្រែចិត្ត និងកែប្រែឥរិយាបថទេ តើខ្ញុំនឹងមិនជួបលទ្ធផលដូចពួកទទឹងនឹងព្រះគ្រីស្ទទេឬ?

ក្រោយមក ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលព្រះមួយដែលចែងថា៖ «បើគ្មានសេចក្ដីពិត វាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវា ទោះបីជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត នោះវានឹងគ្មានប្រយោជន៍ឡើយក្នុងការប្រាប់ថា កុំប្រឆាំងនឹងព្រះជាម្ចាស់ អ្នកមិនអាចជួយខ្លួនឯងបានទេ ដ្បិតវាលើសពីការត្រួតត្រារបស់អ្នក។ អ្នកនឹងគ្មានចេតនាចង់ធ្វើវាទេ។ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងបោកបញ្ឆោតរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយអ្នកនឹងមើលឃើញទ្រង់ថាគ្មានតម្លៃ។ ធម្មជាតិទាំងនេះនឹងនាំឱ្យអ្នកលើកតម្កើងខ្លួនឯង តែងតែចង់សម្ញែងខ្លួនជានិច្ច។ ធម្មជាតិទាំងនេះនឹងធ្វើឱ្យអ្នកប្រមាថអ្នកដទៃ ដោយគ្មានទុកនរណាម្នាក់នៅក្នុងចិត្តអ្នកឡើយ ក្រៅពីខ្លួនឯង។ ធម្មជាតិទាំងនោះនឹងលួចចិត្តអ្នក ដែលធ្វើឱ្យអ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្ត ហើយចុងក្រោយ នាំអ្នកឱ្យអង្គុយនៅកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ហើយធ្វើឱ្យអ្នកចាត់ទុកគំនិត យោបល់ និងសញ្ញាណផ្ទាល់របស់អ្នកជាសេចក្តីពិត។ មនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ ហើយបានធ្វើការអាក្រក់យ៉ាងច្រើន!» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំបានដឹងថា ឫសគល់នៃការធ្វើតាមផែនការ និងការធ្វើតាមអំពើចិត្តរបស់ខ្ញុំ គឺដោយសារធម្មជាតិខ្ញុំក្រអឺតក្រទមខ្លាំងពេក។ ខ្ញុំបានលើកតម្កើងខ្លួនខ្ពស់ពេក ដោយគិតថា ខ្ញុំប្រសើរជាងអ្នកដទៃ ពូកែវិនិច្ឆ័យមនុស្ស និងស្ថានភាពជាងអ្នកឯទៀត។ ខ្ញុំគ្មានការគោរពចំពោះអ្នកណាឡើយ។ ពេលពិភាក្សាការងារជាមួយសហការី ខ្ញុំតែងគិតថា ខ្ញុំត្រូវជានិច្ច ហើយមិនថានរណាជំទាស់នឹងខ្ញុំទេ ខ្ញុំមិនដែលស្ដាប់គេឡើយ។ ទោះបីនៅពេលខ្ញុំបង្កឱ្យមានការរំខាន និងស្ថានភាពចលាចលនៅក្នុងពួកជំនុំ ព្រោះតែភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងថាសុចរិតក៏ដោយ ក៏ខ្ញុំនៅតែមិនបន្ទាបខ្លួនដែរ ដោយជឿថា នេះគ្រាន់តែជាកំហុសមួយគ្រាប៉ុណ្ណោះ។ ពេលប្អូនស្រីម្នាក់ក្រើនរំឭកខ្ញុំ ខ្ញុំមិនបានឆ្លុះបញ្ចាំង និងចាប់ផ្ដើមស្គាល់ខ្លួនឯងទេ ដោយគិតថា គេកំពុងបង្ករឿងធំចេញពីការគ្មានរឿងសោះ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំក្រអឺតក្រទមមែន។ តើវិចារណញ្ញាណខ្ញុំនៅឯណាទៅ? លទ្ធផលដែលខ្ញុំទទួលបានក្នុងការងារ និងការជ្រើសរើសត្រឹមត្រូវ ដែលខ្ញុំបានធ្វើនេះ គឺជាលទ្ធផលចេញពីការណែនាំរបស់ព្រះ និងជាផលដែលព្រះបន្ទូលទ្រង់បានបង្កើតក្នុងខ្ញុំ។ បើខ្ញុំមិនមានការបំភ្លឺ និងការណែនាំរបស់ព្រះ និងគោលការណ៍នៃដំណាក់ព្រះទេ នោះខ្ញុំនឹងគ្មានសមត្ថភាពធ្វើអ្វីបានឡើយ។ ប៉ុន្តែ ខ្ញុំបានទទួលយកការសរសើរទាំងអស់ ហើយប្រើលទ្ធផលទាំងនេះជាទុនសម្រាប់ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងថាសុចរិត។ ខ្ញុំពិតជាឥតអៀនខ្មាសមែន។ បើគ្មានការលាតត្រដាងយ៉ាងចាស់ដៃ និងការបណ្ដេញពីសំណាក់អ្នកដឹកនាំខ្ញុំទេ នោះខ្ញុំនឹងមិនបានឆ្លុះបញ្ចាំងមើលខ្លួនឯងឡើយ។ ពេលនោះ ទើបខ្ញុំដឹងថា ការត្រូវគេលាតត្រដាង និងបណ្ដេញចេញ គឺជាវិធីណែនាំរបស់ព្រះចំពោះខ្ញុំ។ បើមិនដូច្នោះទេ តើនរណាទៅដឹងទៅថា មានទង្វើអាក្រក់អ្វីទៀត ដែលខ្ញុំនឹងធ្វើ ចេញពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំទៅ? ពេលដឹងអំពីការទាំងនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងអាម៉ាស់ជាខ្លាំង និងបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់មិនចង់រស់នៅតាមនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំម្ចាស់ទៀតឡើយ ហើយខ្ញុំម្ចាស់ក៏មិនចង់ធ្វើតាមអំពើចិត្ត និងធ្វេសប្រហែសទៀតដែរ។ សូមជួយណែនាំខ្ញុំម្ចាស់ឱ្យរកឃើញផ្លូវអនុវត្តន៍មួយផង»។

ក្រោយមក ខ្ញុំបានស្វែងរកទាក់ទងនឹងបញ្ហារបស់ខ្ញុំ ហើយរកឃើញអត្ថបទមួយចេញពីព្រះបន្ទូល៖ «ដូច្នេះ តើអ្នកដោះស្រាយការធ្វើតាមអំពើចិត្តនិងតក់ក្រហល់របស់អ្នកដោយបែបណា? ឧបមាថា មានអ្វីមួយកើតឡើងចំពោះអ្នក ហើយអ្នកមានគំនិត និងផែនការផ្ទាល់ខ្លួនរបស់អ្នក។ មុនពេលកំណត់ថាត្រូវធ្វើអ្វីមួយ អ្នកត្រូវតែស្វែងរកសេចក្ដីពិត ហើយយ៉ាងហោចណាស់ អ្នកគួរតែប្រកបជាមួយមនុស្សគ្រប់គ្នាអំពីអ្វីដែលអ្នកគិត និងជឿលើរឿងនេះ ដោយសុំឱ្យអ្នកគ្រប់គ្នាប្រាប់អ្នកថាតើគំនិត និងផែនការរបស់អ្នកត្រឹមត្រូវ និងស្របតាមសេចក្ដីពិតឬអត់ ដោយស្នើឱ្យមនុស្សគ្រប់គ្នាធ្វើការត្រួតពិនិត្យចុងក្រោយឱ្យអ្នក។ នេះជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយការធ្វើអ្វីតាមអំពើចិត្ត និងតក់ក្រហល់។ ដំបូង អ្នកអាចបំភ្លឺពីទស្សនៈរបស់អ្នក និងស្វែងរកសេចក្ដីពិត។ នេះគឺជាជំហានដំបូងនៃការអនុវត្ត ដើម្បីដោះស្រាយបញ្ហានៃការធ្វើតាមអំពើចិត្ត និងភាពតក់ក្រហល់។ ជំហានទីពីរកើតមាននៅពេលមនុស្សដទៃនិយាយពីគំនិតត្រឹមត្រូវ។ តើការអនុវត្តបែបណាដែលអ្នកអាចប្រតិបត្តបានដើម្បីកុំឱ្យធ្វើតាមអំពើចិត្តនិងតក់ក្រហល់? ដំបូង អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ បើទោះបីជាអ្នកជឿថាផ្លូវរបស់អ្នកត្រូវក្ដី ក៏អ្នកមិនគួរចចេសធ្វើវាដែរ។ នោះគឺជាជំហាននៃការរីកចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត ការបដិសេធខ្លួនឯង និងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកគួរតែអធិស្ឋាន ស្វែងរកសេចក្ដីពិតពីព្រះជាម្ចាស់ ហើយបន្ទាប់មក រកមើលចំណុចសំខាន់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កំណត់ពីរបៀបធ្វើតាមចំណុចសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាការអនុវត្តដ៏ត្រឹមត្រូវ និងសមស្របបំផុត។ នៅពេលដែលមនុស្សស្វែងរកសេចក្តីពិត និងលើកឡើងនូវបញ្ហាដើម្បីឱ្យគ្រប់គ្នាធ្វើការប្រកបគ្នា និងស្វែងរកចម្លើយ នោះគឺជាពេលដែលព្រះវិញ្ញាណបរិសុទ្ធប្រទាននូវការបំភ្លឺហើយ។ ព្រះជាម្ចាស់បំភ្លឺមនុស្សស្របតាមគោលការណ៍ ហើយព្រះអង្គវាយតម្លៃលើអាកប្បកិរិយារបស់អ្នក។ ប្រសិនបើអ្នករឹងចចេសមិនព្រមផ្លាស់ប្ដូរ មិនថាទស្សនៈរបស់អ្នកត្រូវ ឬខុសទេ ព្រះជាម្ចាស់នឹងលាក់ព្រះភក្ត្រទ្រង់ពីអ្នក និងព្រងើយកន្ដើយចំពោះអ្នកមិនខាន។ ព្រះអង្គនឹងបណ្ដោយឱ្យអ្នកដើរដល់ផ្លូវទ័ល ទ្រង់នឹងលាតត្រដាងអ្នក និងបើកសម្ដែងសភាពអាក្រក់របស់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអាកប្បកិរិយារបស់អ្នកត្រឹមត្រូវ គ្មានការទទូចចង់ធ្វើតាមផ្លូវរបស់ខ្លួន គ្មានការរាប់ខ្លួនឯងជាសុចរិត គ្មានការធ្វើតាមអំពើចិត្តនិងឥតគិតក្រែង ប៉ុន្តែជាអាកប្បកិរិយានៃការស្វែងរក និងការទទួលយកសេចក្ដីពិត ប្រសិនបើអ្នកប្រកបរឿងនេះជាមួយមនុស្សគ្រប់គ្នា នោះព្រះវិញ្ញាណបរិសុទ្ធនឹងចាប់ផ្ដើមធ្វើការនៅក្នុងអ្នក ហើយទ្រង់ប្រហែលជានឹងដឹកនាំអ្នកឱ្យមានការយល់ដឹង តាមរយៈពាក្យសម្ដីរបស់នរណាម្នាក់។ ជួនកាល នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ទ្រង់ដឹកនាំអ្នកឱ្យយល់ពីចំណុចសំខាន់នៃបញ្ហា ដោយគ្រាន់តែពាក្យ ឬឃ្លាពីរបីម៉ាត់ប៉ុណ្ណោះ ឬដោយប្រទានឱ្យអ្នកមានញាណដឹង។ ក្នុងពេលមួយរំពេចនោះ អ្នកដឹងថា គ្រប់យ៉ាងដែលអ្នកប្រកាន់ខ្ជាប់ គឺជារឿងខុសឆ្គង ហើយក្នុងពេលមួយរំពេចនោះទៀតសោត អ្នកយល់ពីរបៀបប្រព្រឹត្តដែលត្រឹមត្រូវបំផុត។ ដោយបានឈានដល់កម្រិតនេះ តើអ្នកបានចៀសផុតពីការធ្វើអំពើអាក្រក់ និងការទទួលរងនូវផលវិបាកពីកំហុសឆ្គង ដោយជោគជ័យហើយឬនៅ? តើរឿងបែបនេះសម្រេចបានដោយរបៀបណាទៅ? ការនេះអាចសម្រេចបាន តែនៅពេលដែលអ្នកមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងនៅពេលដែលអ្នកស្វែងរកសេចក្តីពិត ដោយដួងចិត្តនៃការស្ដាប់បង្គាប់ប៉ុណ្ណោះ។ នៅពេលដែលអ្នកទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ និងបានកំណត់នូវគោលការណ៍អនុវត្តន៍រួច នោះការអនុវត្តរបស់អ្នកនឹងស្របតាមសេចក្តីពិត ហើយអ្នកនឹងអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានមិនខាន» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះបានបង្ហាញផ្លូវអនុវត្តន៍មួយ។ ដើម្បីដោះស្រាយភាពក្រអឺតក្រទម ការរាប់ខ្លួនឯងថាសុចរិត និងការធ្វេសប្រហែសរបស់បុគ្គលម្នាក់ រឿងដ៏សំខាន់បំផុត គឺត្រូវមានដួងចិត្តដែលកោតខ្លាចព្រះ មានអាកប្បកិរិយាដែលស្វែងរកសេចក្តីពិត និងឆន្ទៈចង់សហការដោយចុះសម្រុងជាមួយអ្នកដទៃ។ ពេលជួបបញ្ហា គេគួរតែពិភាក្សាជាមួយអ្នកដទៃ និងព្រមព្រៀងគ្នា មុនពេលឈានទៅធ្វើអ្វីមួយ។ បើគេលើកឡើងនូវយោបល់មួយផ្សេង គេគួរតែរៀនបន្ទាបខ្លួន ហើយស្វែងរកសេចក្តីពិត និងគោលការណ៍ជាមួយអ្នកដទៃ។ គ្មាននរណាល្អឥតខ្ចោះទេ គ្មានគម្រោងពួកជំនុំណាមួយ អាចសម្រេចបានដោយបុគ្គលតែម្នាក់នោះឡើយ រាល់គម្រោងតម្រូវឱ្យមានកិច្ចសហការ និងការពិភាក្សាគ្នា ទើបការងារសម្រេចបានត្រឹមត្រូវ។ បរាជ័យនេះបានជួយឱ្យខ្ញុំដឹងពីភាពសំខាន់ប៉ុនណា នៃការស្វែងរកសេចក្តីពិត និងការធ្វើការតាមគោលការណ៍នៅក្នុងភារកិច្ចរបស់ខ្លួន។ ការធ្វើការបែបនេះ នឹងជួយឱ្យខ្ញុំចៀសផុតពីការបង្កការរំខាន និងការបង្អាក់។ បើបុគ្គលម្នាក់ក្រអឺតក្រទម រាប់ខ្លួនឯងថាសុចរិត ធ្វើការតាមអំពើចិត្ត និងធ្វេសប្រហែស នោះមិនថាគេជាមនុស្សឆ្លាតប៉ុនណាទេ គេនឹងមិនសម្រេចបានលទ្ធផលល្អឡើយ ហើយគេមានតែបង្កការបង្អាក់ និងការរំខានដល់កិច្ចការពួកជំនុំប៉ុណ្ណោះ។ មួយរយៈក្រោយមក ពេលបងប្អូនប្រុសស្រីបានឃើញថា ខ្ញុំបានប្រែចិត្ត និងផ្លាស់ប្រែបានបន្តិច ក្នុងពេលបំពេញភារកិច្ច ពួកគេបានរើសខ្ញុំឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំសាជាថ្មី។ ពេលគិតដល់របៀបដែលខ្ញុំតែងតែចង់អារកាត់គ្រប់រឿងនៅក្នុងភារកិច្ច និងឃើញថា ការនេះបានបង្កការខូចខាតដល់អ្នកដទៃ និងធ្វើឱ្យខ្ញុំមានវិប្បដិសារីជាច្រើន ខ្ញុំបានសន្យាចំពោះព្រះថា៖ ខ្ញុំនឹងមិនធ្វើតាមអំពើចិត្ត និងបង្ខំគេឱ្យចុះចូលនឹងខ្ញុំទៀតទេ ហើយខ្ញុំនឹងសហការជាមួយអ្នកដទៃដោយចុះសម្រុង។

ម្ដងនោះ ក្នុងពេលពិភាក្សាអំពីកិច្ចការស្រោចស្រពនៅពួកជំនុំមួយជាមួយសហការីខ្លះ ខ្ញុំយល់ថា បងស្រី វ៉ាងចិន ជាបុគ្គលម្នាក់មានការទទួលខុសត្រូវ និងមានទេពកោសល្យក្នុងការងារ ហើយគួរតែបណ្ដុះបណ្ដាលគាត់ឱ្យធ្វើជាគ្រូជំនួយផ្នែកស្រោចស្រព។ តែដៃគូពីរនាក់ទៀតមិនយល់ស្របទេ ពួកគេយល់ថា ទោះបីបង វ៉ាង មានការទទួលខុសត្រូវ និងមានទេពកោសល្យគួរសមក្ដី ក៏គាត់មិនមានបទពិសោធន៍ជីវិតច្រើន និងមិនបានចាត់អាទិភាពលើការស្វែងរកគោលការណ៍នៃសេចក្តីពិត ពេលជួបបញ្ហានោះឡើយ ដូច្នេះ គាត់មិនទាន់ស័ក្ដិសមមើលខុសត្រូវលើកិច្ចការស្រោចស្រពនោះទេ។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ខឹងយ៉ាងខ្លាំងនៅក្នុងចិត្ត៖ «ទីនេះ ខ្ញុំជាអ្នកដឹកនាំ តើឯងគិតថា ឯងពូកែវិនិច្ឆ័យមនុស្សជាងខ្ញុំមែនឬ?» ពេលខ្ញុំហៀបនឹងបញ្ចេញយោបល់របស់ខ្ញុំ ភ្លាមនោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងបើកសម្ដែងនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ និងចង់ធ្វើការតាមអំពើចិត្តខ្ញុំម្ដងទៀតហើយ។ ដោយនឹកឃើញពីបរាជ័យកាលពីអតីតកាល ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ជួយខ្ញុំបន្ទាបខ្លួន និងធ្វើការស្របតាមគោលការណ៍។ ក្រោយអធិស្ឋានរួច ខ្ញុំបានដឹងថា បើយើងជ្រើសរើសមនុស្សខុសឱ្យកាន់មុខតំណែងស្រោចស្រព វានឹងបង្កការខូចខាតជាច្រើនដល់ច្រកចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី ដូច្នេះ ខ្ញុំត្រូវធ្វើការដោយប្រុងប្រយ័ត្ន។ ក្រោយមក ខ្ញុំបានស្វែងរកគោលការណ៍សម្រាប់ការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្ស បន្ទាប់ពីការជួបជុំ និងការប្រកបគ្នាជាមួយបង វ៉ាង រួច ខ្ញុំរកឃើញថា តាមពិត គាត់ខ្វះបទពិសោធន៍ជីវិត មិនឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ពេលជួបបញ្ហា មិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ដូច្នេះ គាត់មិនសមកាន់កិច្ចការស្រោចស្រពឡើយ។ ចុងក្រោយ ខ្ញុំយល់ស្របតាមយោបល់របស់អ្នកដទៃ។ ខ្ញុំមានអារម្មណ៍ធូរស្រាលចិត្តជាខ្លាំង ក្រោយពេលអនុវត្តបែបនេះ។ ដោយក្រឡេកមើលបទពិសោធន៍របស់ខ្ញុំ ពេលទទួលផលវិបាកចេញពីការធ្វើតាមអំពើចិត្ត បានធ្វើឱ្យខ្ញុំឈឺចាប់ផ្លូវចិត្ត សោកស្ដាយ និងស្អប់ខ្លួនឯងជាខ្លាំង។ វាក៏ជួយឱ្យខ្ញុំស្គាល់ពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ដឹងថា ខ្ញុំមិនគួរប្រព្រឹត្តតាមគំនិតរបស់ខ្ញុំតែម្នាក់នៅក្នុងភារកិច្ចនោះទេ និងដឹងទៀតថា ខ្ញុំគួរតែស្វែងរកព្រះទ័យព្រះថែមទៀត ធ្វើការស្របតាមគោលការណ៍ និងលើកតម្កើងព្រះខ្ពស់លើសអ្វីគ្រប់យ៉ាង។ មានតែធ្វើបែបនេះទេ ទើបខ្ញុំទទួលបានការណែនាំពីព្រះជាម្ចាស់ និងមិនវង្វេងផ្លូវ។ សូមអរគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការវិលត្រលប់ទៅរកផ្លូវត្រូវ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ...

ការឆ្លុះបញ្ចាំងពីការសរសេរអំពីការវាយតម្លៃ

កាលខែមេសាមុន ខ្ញុំទទួលបន្ទុកលើកិច្ចការអត្ថបទនៃពួកជំនុំ។ ថ្ងៃមួយ អ្នកដឹកនាំថ្នាក់លើបានសុំខ្ញុំ ឱ្យសរសេរការវាយតម្លៃលើអ្នកដឹកនាំម្នាក់ ឈ្មោះ...

Leave a Reply