ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៤៥

04-05-2021

ការបង្ហាញឲ្យឃើញមួយទៀតអំពី ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប គឺជាការដែលគាត់លើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ក្នុងគ្រប់របស់សព្វសារពើ

យ៉ូបបានរងទុក្ខនូវការវាយដំរបស់សាតាំង តែគាត់នៅតែមិនបោះបង់ចោល ព្រះនាមព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ប្រពន្ធរបស់លោកជាមនុស្សទីមួយដែលឈានជើងចេញ ហើយដោយដើរតួជាសាតាំងនៅក្នុងសណ្ឋានមួយ ដែលអាចមើលឃើញថាជាការវាយប្រហារដល់យ៉ូប។ អត្ថបទដើមពណ៌នាបែបនេះថា៖ «ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ» (យ៉ូប ២:៩)។ នេះគឺជាសម្ដីដែលសាតាំងនិយាយក្នុងអការៈជាមនុស្ស។ ពាក្យនេះជាការវាយប្រហារ និងជាការចោទប្រកាន់ ក៏ដូចជាការបញ្ឆោតចិត្ត ជាការល្បួង និងពាក្យមួលបង្កាច់។ បន្ទាប់ពីបរាជ័យក្នុងការវាយប្រហារសាច់ឈាមរបស់យ៉ូប នោះសាតាំងក៏វាយប្រហារសច្ចភាពរបស់យ៉ូបត្រង់ៗតែម្ដង ដោយចង់ប្រើវិធីនេះមកធ្វើឲ្យយ៉ូប បោះបង់សច្ចភាពរបស់លោក បោះបង់ចោលព្រះជាម្ចាស់ ហើយលែងរស់នៅតទៅទៀត។ សាតាំងក៏ចង់ប្រើពាក្យពេចន៍ទាំងនេះ មកល្បួងយ៉ូបដែរថា៖ ប្រសិនបើយ៉ូបបោះបង់ចោលព្រះនាមព្រះយេហូវ៉ា នោះលោកមិនបាច់ទ្រាំនឹងទណ្ឌកម្មបែបនេះទៀតទេ លោកអាចរួចពីទណ្ឌកម្មនៃសាច់ឈាម។ ក្រោយបានប្រឈមនឹងពាក្យណែនាំរបស់ប្រពន្ធលោកហើយ យ៉ូបក៏បានស្ដីបន្ទោសដល់នាងដោយពោលថា «អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ យ៉ូបបានដឹងពីពាក្យសម្ដីនេះជាយូរហើយ តែពេលនេះ សេចក្ដីពិតពីការដែលលោកស្គាល់ពាក្យនេះ ក៏ត្រូវបានបញ្ជាក់ឲ្យដឹង។

នៅពេលដែលប្រពន្ធរបស់លោកទូន្មានលោកឲ្យប្រមាថព្រះជាម្ចាស់ រួចស្លាប់ទៅ ន័យរបស់នាងគឺ៖ «ព្រះជាម្ចាស់របស់អ្នកប្រព្រឹត្តនឹងអ្នកយ៉ាងនេះ ម្ដេចក៏មិនប្រមាថទ្រង់ទៅ? នៅរស់ទៀតធ្វើអី? ព្រះជាម្ចាស់របស់អ្នកអយុត្តិធម៌ចំពោះអ្នកណាស់ តែអ្នកក៏នៅតែពោលថា 'សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា'។ ម្ដេចក៏ទ្រង់នាំសេចក្ដីអន្តរាយដល់អ្នក ទាំងដែលអ្នកថ្វាយព្រះពរព្រះនាមទ្រង់យ៉ាងដូច្នេះ? ចូររួសរាន់ឡើង រួចបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ ហើយឈប់ដើរតាមទ្រង់ទៀតទៅ។ នោះសេចក្ដីវេទនារបស់អ្នកនឹងត្រូវបញ្ចប់»។ នៅវេលានេះ មានទីបន្ទាល់មួយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញនៅក្នុងយ៉ូប ត្រូវបានបង្កើតឡើង។ ពុំមានមនុស្សធម្មតាណាម្នាក់អាចធ្វើទីបន្ទាល់នេះបានឡើយ ហើយយើងក៏មិនធ្លាប់បានអានពីទីបន្ទាល់នេះ នៅក្នុងរឿងណាផ្សេងក្នុងព្រះគម្ពីរដែរ តែព្រះជាម្ចាស់បានទតឃើញទីបន្ទាល់នេះ មុនពេលដែលយ៉ូបនិយាយពាក្យនេះយូរមកហើយ។ ព្រះជាម្ចាស់គ្រាន់តែចង់ប្រើឱកាសនេះដើម្បីអនុញ្ញាតឲ្យយ៉ូបបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាឃើញថា ព្រះជាម្ចាស់ ត្រឹមត្រូវប៉ុណ្ណោះ។ បន្ទាប់ពីបានប្រឈមនឹងពាក្យណែនាំរបស់ប្រពន្ធលោករួច យ៉ូបមិនត្រឹមតែមិនបោះបង់ចោលសច្ចភាពរបស់គាត់ ឬមិនបោះបង់ព្រះជាម្ចាស់នោះឡើយ គាត់ថែមទាំងនិយាយទៅប្រពន្ធគាត់ថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» តើពាក្យនេះមានអត្ថន័យធ្ងន់ណាស់មែនទេ? ត្រង់នេះ មានតែការពិតមួយគត់ដែល អាចបញ្ជាក់ពីទម្ងន់អត្ថន័យនៃពាក្យនេះ។ ទម្ងន់អត្ថន័យនៃពាក្យនេះគឺ សេចក្ដីទាំងនេះ ត្រូវបានព្រះជាម្ចាស់សរសើរនៅក្នុងព្រះហឫទ័យរបស់ទ្រង់ សេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់បានសេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់សណ្ដាប់ ហើយសេចក្ដីទាំងនេះ គឺជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញ ពាក្យទាំងនេះក៏ជាសារជាតិនៃទីបន្ទាល់របស់យ៉ូបដែរ។ ក្នុងន័យនេះ ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប គឺត្រូវបានបញ្ជាក់ឲ្យដឹង។ តម្លៃរបស់យ៉ូប បង្កប់ក្នុងរបៀបដែលគាត់នៅតែពោលពាក្យបែបនេះបាន ក្នុងគ្រាដែលគាត់ត្រូវល្បួង និងសូម្បីតែក្នុងគ្រាដែលរាងកាយទាំងមូលរបស់គាត់គ្របដណ្ដប់ដោយដំបៅពងខ្ទុះ នៅពេលដែលគាត់ស៊ូទ្រាំនឹងទណ្ឌកម្មដ៏លំបាកបំផុត និងនៅពេលដែលប្រពន្ធ និងសម្លាញ់របស់គាត់ទូន្មានគាត់។ ម្យ៉ាងទៀតគឺ ក្នុងចិត្តរបស់គាត់ គាត់ជឿថា ទោះបីជាសេចក្ដីល្បួងនោះជាអ្វីក៏ដោយ ទោះបីជាសេចក្ដីវេទនា ឬទណ្ឌកម្មនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ទោះបីជាសេចក្ដីស្លាប់នឹងត្រូវធ្លាក់លើគាត់ក៏ដោយ ក៏គាត់មិនបោះបង់ព្រះជាម្ចាស់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ ដូច្នេះ អ្នកឃើញថា ព្រះជាម្ចាស់នៅតែមានតំណែងសំខាន់បំផុតក្នុងចិត្តរបស់គាត់ និងមើលឃើញថា ក្នុងចិត្តរបស់គាត់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់។ គឺមកពីហេតុនេះហើយ ទើបយើងបានអានការពណ៌នាអំពីលោកនៅក្នុងបទគម្ពីរថា៖ ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។ លោកមិនត្រឹមតែមិនប្រព្រឹត្តបាបដោយបបូរមាត់របស់លោកទេ ប៉ុន្តែក្នុងចិត្តរបស់លោក លោកក៏មិនបានត្អូញត្អែរពីព្រះជាម្ចាស់ដែរ។ លោកមិនបាននិយាយពាក្យមិនពីរោះអំពីព្រះជាម្ចាស់ លោកក៏មិនបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដែរ។ លោកមិនត្រឹមតែថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅនឹងមាត់របស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោកដែរ ទាំងមាត់ និងចិត្តរបស់លោក គឺតែមួយ។ នេះគឺជាយ៉ូបពិតប្រាកដ ដែលព្រះជាម្ចាស់ទតឃើញ ហើយនេះក៏ជាហេតុផលដ៏ជាក់លាក់មួយដែលព្រះជាម្ចាស់ឲ្យតម្លៃយ៉ូប។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល