តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

23-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។ ទ្រង់កំពុងធ្វើកិច្ចការនៃការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង។ ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលជាបណ្ដុំព្រះបន្ទូលទ្រង់ មាននៅលើប្រព័ន្ធអនឡាញ។ ព្រះបន្ទូលបានធ្វើឱ្យពិភពសាសនា និងពិភពលោកទាំងមូលរញ្ជួយ។ មនុស្សមួយចំនួន ដែលស្រឡាញ់សេចក្ដីពិត និងចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ ពីគ្រប់ប្រទេស និងគ្រប់និកាយ បានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងបានឃើញថា ព្រះបន្ទូលទាំងនោះជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបានឮព្រះសូរសៀងរបស់ព្រះ បានស្គាល់ព្រះដ៏មានគ្រប់ព្រះចេស្ដាថាជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ និងមកចំពោះបល្ល័ង្កព្រះជាម្ចាស់។ ដូចដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ប៉ុន្ដែ ទោះជាមនុស្សជាច្រើននៅក្នុងពិភពសាសនាទទួលស្គាល់ថាបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាសេចក្ដីពិត មាន ព្រះចេស្ដា និងសិទ្ធិអំណាចក៏ដោយ តែដោយសារបន្ទូលទ្រង់មិនត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ពួកគេក៏បដិសេធមិនទទួលយក បន្ទូលទាំងនោះ។ ពួកគេជឿថា កិច្ចការ និងបន្ទូលព្រះជាម្ចាស់សុទ្ធតែមាននៅក្នុងព្រះគម្ពីរ ហើយក្រៅពីនេះ មិនអាចរកឃើញឡើយ។ បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្ដីពិត ប៉ុន្ដែដោយសារតែបន្ទូល ទាំងនោះគ្មានក្នុងព្រះគម្ពីរ តើវាអាចជាកិច្ចការ និងបន្ទូលព្រះជាម្ចាស់ដូចម្ដេចកើតទៅ? ហើយអ្នកខ្លះ ដោយឃើញសមាជិកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា អានព្រះបន្ទូលលេចមកជាសាច់ឈាម មិនអានព្រះគម្ពីរ ក៏ថ្កោលទោសពីទង្វើនេះ ដោយ ថា ការឃ្លាតចេញពីព្រះគម្ពីរ ជាការក្បត់ព្រះអម្ចាស់ ថាវាជាជំនឿខុសឆ្គង។ ការនេះរំឭកខ្ញុំអំពី ពួកផារិស៊ីនៃសាសន៍យូដា ដែលបានវិនិច្ឆ័យ ថ្កោលទោស និងបានប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវដោយសារតែ កិច្ចការ និងបន្ទូលទ្រង់ ថ្លែងហួសបទគម្ពីរពួកគេ ហើយទ្រង់មិនបានត្រូវបានហៅថាជាព្រះមែស្ស៊ី។ ពួកគេថែមទាំងបានឆ្កាងទ្រង់ទៀតផង ហើយក៏ត្រូវបានព្រះដាក់ទោស និងផ្ដន្ទាទោស ដោយបំផ្លាញជាតិសាសន៍អ៊ីស្រាអែល។ នេះគឺជាមេរៀនបំផុតគំនិតមួយ! សព្វថ្ងៃនេះ មនុស្សខាងសាសនាជាច្រើនទទូចថា កិច្ចការ និងបន្ទូលព្រះជាម្ចាស់ សុទ្ធតែមានក្នុងព្រះគម្ពីរ ហើយក្រៅពីនោះ មិនអាចរកឃើញទេ។ ពួកគេបដិសេធ និងថ្កោលទោសកិច្ចការ និងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រកាន់ខ្ជាប់នឹងគំនិតខុសឆ្គងនេះ។ អ្នកខ្លះថែមទាំងទទួលស្គាល់យ៉ាងច្បាស់ថា បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាជាសេចក្ដីពិត ប៉ុន្ដែនៅតែមិនស៊ើបសួរ ហើយជាលទ្ធផល ពួកគេក៏បាត់បង់ឱកាសស្វាគមន៍ព្រះអម្ចាស់មុនពេលគ្រោះមហន្ដរាយ។ គួរឱ្យស្ដាយ ពួកគេបានធ្លាក់ទៅក្នុងគ្រោះមហន្ដរាយ។ «កិច្ចការ និងបន្ទូលព្រះជាម្ចាស់សុទ្ធតែមានក្នុងព្រះគម្ពីរ ហើយក្រៅពីនោះ មិនអាចរកឃើញទេ»។ គំនិតនេះបានធ្វើឱ្យមនុស្សរាប់មិនអស់បាត់បង់ឱកាសស្វាគមន៍ព្រះអម្ចាស់ ដោយបង្កគ្រោះថ្នាក់មិនអាចថ្លែងបាន។ តើគំនិតនេះ មានអ្វីខុសឆ្គងឱ្យប្រាកដទៅ? ខ្ញុំនឹងបន្តចែករំលែកអ្វីដែលខ្ញុំបានដឹងអំពីចំណុចនេះ។

មុននឹងស្វែងយល់ពីរឿងនោះ យើងត្រូវបញ្ជាក់ថាតើព្រះគម្ពីរចេញមកពីណាសិន។ ព្រះគម្ពីរត្រូវបានចងក្រងជាពីរផ្នែក៖ គម្ពីរ សញ្ញាចាស់ និង សញ្ញាថ្មី។ សាសន៍យូដាមានសេចក្ដីជំនឿលើព្រះយេហូវ៉ា និងប្រើព្រះគម្ពីរសញ្ញាចាស់ តែគ្រីស្ទបរិស័ទដែលជឿលើព្រះអម្ចាស់យេស៊ូវ ប្រើព្រះគម្ពីរសញ្ញាថ្មី។ ទាំងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានមនុស្សចងក្រងឡើងជាច្រើនសតវត្សរ៍ ក្រោយពីព្រះបានបញ្ចប់កិច្ចការទ្រង់។ ព្រះគម្ពីរមិនមែនធ្លាក់មកពីស្ថានសួគ៌ទេ ហើយប្រាកដណាស់ ព្រះមិនបានសរសេរវាដោយផ្ទាល់ និងប្រគល់វាឱ្យមកយើងនោះទេ។ វាត្រូវបានផ្គុំបញ្ចូលគ្នាតាមរយៈការសហការគ្នាពីសំណាក់អ្នកដឹកនាំសាសនានៅសម័យនោះ។ ប្រាកដណាស់ ពួកគេមានការបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ គ្មានអ្វីសង្ស័យទេ។ ដោយសារព្រះគម្ពីរ មនុស្សជាអ្នកចងក្រង នោះគ្មានផ្លូវណាដែលគម្ពីរសញ្ញាចាស់អាចរួមបញ្ចូលខ្លឹមសារនៃគម្ពីរសញ្ញាថ្មីទេ ហើយក៏គ្មានផ្លូវណាដែលគម្ពីរសញ្ញាថ្មីអាចរួមបញ្ចូលកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយដែរ។ នោះគឺដោយសារមនុស្សមិនអាចមើលឃើញពីអនាគតបាន។ ខគម្ពីរ និងកណ្ឌដែលបានដាក់បញ្ចូលទៅក្នុងព្រះគម្ពីរ សុទ្ធតែត្រូវបានសម្រិតសម្រាំង ហើយសំណេរពួកហោរា ឬពួកសាវ័កទាំងអស់ មិនសុទ្ធតែត្រូវបានដាក់បញ្ចូលទៅក្នុងព្រះគម្ពីរទេ។ មានសំណេរមួយចំនួនត្រូវបាន លុបចោល ឬដកចេញ។ ប៉ុន្ដែនោះមិនមែនជាបញ្ហាទេ។ ដោយសារមនុស្សជាអ្នកចងក្រង វាជារឿងធម្មតាទេដែលមានការសម្រិតសម្រាំង ការដកចេញ និងការលុចចោលនោះ។ ចំណុចដែលមនុស្សយល់ខុសចំពោះរឿងនេះ គឺទទូចថា រាល់កិច្ចការ និងបន្ទូលព្រះ សុទ្ធតែមានក្នុងព្រះគម្ពីរ ហាក់ដូចនោះជាអ្វីគ្រប់យ៉ាងដែលព្រះបានមានបន្ទូល និងធ្វើនៅក្នុងសម័យទាំងនោះអ៊ីចឹង។ តើនេះជាបញ្ហាបែបណាទៅ? សៀវភៅពួកហោរាខ្លះមិនត្រូវបានកត់ត្រានៅក្នុងគម្ពីរសញ្ញាចាស់ទេ ហើយសៀវភៅមួយចំនួនដែលយើងដឹង ដូចជាសៀវភៅរបស់ ហេណុក និងអែសរ៉ា គឺមិនមាននៅក្នុងព្រះគម្ពីរទេ។ ហើយយើងអាចប្រាកដថា ច្បាស់ជាមានសៀវភៅពួកសាវ័កផ្សេងទៀតដែលមិនបានដាក់បញ្ចូលក្នុងគម្ពីរសញ្ញាថ្មី មិនបាច់និយាយដល់ព្រះអម្ចាស់យេស៊ូវដែលបានអធិប្បាយជាងបីឆ្នាំផង ច្បាស់ជាទ្រង់ថ្លែងបន្ទូលយ៉ាងច្រើនមិនខាន ប៉ុន្ដែមានបន្ទូលតិចតួចប៉ុណ្ណោះនៅក្នុងព្រះគម្ពីរ។ ដូចដែលសាវ័កយ៉ូហានបាននិយាយថា៖ «មានរឿងជាច្រើនផ្សេងទៀតដែលព្រះយេស៊ូវបានធ្វើ បើរឿងនីមួយៗត្រូវបានកត់ត្រាទុក ខ្ញុំគិតថា សូម្បីតែពិភពលោកទាំងមូលក៏មិនអាចដាក់អស់ទាំងសៀវភៅដែលត្រូវបានសរសេរនោះដែរ» (យ៉ូហាន ២១:២៥)។ ច្បាស់ណាស់ថា កំណត់ត្រាក្នុងព្រះគម្ពីរអំពីកិច្ចការ និងបន្ទូលព្រះជាម្ចាស់ គឺមានតិចតួចខ្លាំងណាស់! យើងដឹងដោយគ្មានមន្ទិលថា ទាំងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី សុទ្ធតែគ្មានកិច្ចការ និងបន្ទូលព្រះជាម្ចាស់ពេញលេញទេ សម្រាប់យុគសម័យកាលនោះ។ នេះគឺជាការពិតដែលគ្រប់គ្នាត្រូវទទួលស្គាល់។ មានមនុស្សជាច្រើននៅក្នុងពិភពសាសនា ដែលមិនយល់ព្រះគម្ពីរ ឬយល់ថាតើព្រះគម្ពីរត្រូវចងក្រងបែបណា។ ពួកគេជឿថា រាល់កិច្ចការ និងបន្ទូលព្រះជាម្ចាស់សុទ្ធតែមានក្នុងព្រះគម្ពីរ ហើយបដិសេធ និងថ្កោលទោសអ្វីៗដែលគ្មានក្នុងព្រះគម្ពីរ។ តើវាស្របនឹងសច្ចភាពប្រវត្តិសាស្ដ្រទេ? តើការអះអាងនោះមិនមែនកំពុងវិនិច្ឆ័យកិច្ចព្រះជាម្ចាស់ទេឬ? តើវាមិនមែនកំពុងទាស់ទទឹងនឹងព្រះទេឬ? ព្រះគម្ពីរត្រូវបានចងក្រងក្រោយព្រឹត្តិការណ៍នោះ ហើយមនុស្សជាអ្នកចងក្រង ដូច្នេះ តើមនុស្សអាចបញ្ចូលកិច្ចការព្រះជាម្ចាស់នៅដំណាក់កាលបន្ទាប់ ទៅក្នុងព្រះគម្ពីរ ជាមុនបានយ៉ាងដូចម្ដេច? នោះមិនអាចទៅរួចទេ ព្រោះមនុស្សខ្វះអំណាចនៃការដឹងជាមុន។ អ្នកដែលបានចងក្រងគម្ពីរសញ្ញាចាស់ សុទ្ធតែមិនបានរស់នៅក្នុងសម័យព្រះអម្ចាស់យេស៊ូវ ហើយពួកគេមិនបានឆ្លងកាត់កិច្ចការព្រះអម្ចាស់យេស៊ូវទេ។ តើពួកគេអាច ដាក់បញ្ចូលកិច្ចការ និងបន្ទូលទ្រង់ និងសៀវភៅពួកសាវ័ក ទៅក្នុងគម្ពីរសញ្ញាចាស់ជាមុនពេលយ៉ាងម៉េចបាន? ក៏គ្មានផ្លូវដែល អ្នកចងក្រងគម្ពីរសញ្ញាថ្មី អាចដាក់បញ្ចូលកិច្ចការ និងបន្ទូលព្រះជាម្ចាស់ នៅគ្រាចុងក្រោយ នៅពេល ២ ០០០ ឆ្នាំក្រោយ ទៅក្នុងបទគម្ពីរជាមុនបានដែរ។ ពិភពសាសនាសព្វថ្ងៃ បានឃើញពីកិច្ចការ និងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ្នកខ្លះបានពិនិត្យសួរ ហើយបានទទួលស្គាល់ថា បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា សុទ្ធតែជាសេចក្ដីពិត និងមានសិទ្ធិអំណាច។ ប៉ុន្ដែដោយសារព្រះគម្ពីរមិនមានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះនាមទ្រង់ ហើយរកពុំឃើញនៅក្នុងនោះ ទើបពួកគេបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដា ថាមិនមែនជាការលេចមករបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើកំហុសរបស់ពួកគេមិនដូចពួកផារិស៊ីទេឬ នៅពេលដែលពួកគេបានទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវនោះ? ពួកផារិស៊ីបានគិតថា ដោយសារព្រះនាមព្រះអម្ចាស់យេស៊ូវមិនមែនជា ព្រះមែស្ស៊ី ហើយកិច្ចការ និងបន្ទូលទ្រង់មិនស៊ីគ្នានឹងបទគម្ពីររបស់ពួកគេ ពួកគេអាចបដិសេធថាទ្រង់ជាព្រះមែស្ស៊ី។ មនុស្សខាងសាសនាសព្វថ្ងៃនេះយល់ឃើញថា ព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដាមិនបានទាយទុកនៅក្នុងព្រះគម្ពីរទេ ហើយព្រះបន្ទូលទ្រង់ក៏មិនអាចរកឃើញនៅក្នុងនោះដែរ ដូច្នេះ ពួកគេក៏បដិសេធ និងថ្កោលទោសកិច្ចការ និងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេកំពុងប្រព្រឹត្ត អំពើបាបនៃការឆ្កាងព្រះជាម្ចាស់ម្ដងទៀត។ តាមពិតទៅ ទោះបីព្រះគម្ពីរគ្មានកិច្ចការ និងបន្ទូលព្រះជាម្ចាស់នៃគ្រាចុងក្រោយក៏ដោយ ក៏មានសេចក្ដីទំនាយអំពីព្រះនាមថ្មីរបស់ព្រះនៅគ្រាចុងក្រោយដែរ ដូចជាខគម្ពីរមួយនេះក្នុង អេសាយ៖ «ហើយពួកសាសន៍ដទៃនឹងឃើញពីសេចក្ដីសុចរិតរបស់អ្នក គ្រប់ទាំងស្ដេចនឹងឃើញពីសិរីល្អរបស់អ្នក ហើយអ្នកនឹងមានឈ្មោះថ្មី ដែលព្រះឱស្ឋនៃព្រះយេហូវ៉ាដាក់ឲ្យ» (អេសាយ ៦២:២)។ ហើយយើងអាចឃើញនៅក្នុង វិវរណៈ៖ «អ្នកណាដែលឈ្នះ នោះខ្ញុំនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយខ្ញុំនឹងចារឹកព្រះនាមព្រះរបស់ខ្ញុំ និងឈ្មោះក្រុងនៃព្រះរបស់ខ្ញុំនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់ខ្ញុំ ហើយខ្ញុំនឹងចារឹកព្រះនាមរបស់ខ្ញុំលើគេផងដែរ» (វិវរណៈ ៣:១២)។ «ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)។ ព្រះគម្ពីរក៏ទាយទុកថា ព្រះជាម្ចាស់នឹងថ្លែងព្រះបន្ទូល និងធ្វើកិច្ចការជាច្រើនទៀតនៅគ្រាចុងក្រោយ ដូចដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ក៏មានបន្ទូលដាស់តឿនមួយនៅក្នុង វិវរណៈ ដែលចែងប្រាំពីរដងដែរថា៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ជំពូកទី ២ ៣)។ វិវរណៈ ក៏ទាយកទុកថា ព្រះជាម្ចាស់នឹងបើកក្រាំងដែលមានបិទត្រានៅគ្រាចុងក្រោយដែរ។ ច្បាស់ណាស់ មានទំនាយថាព្រះជាម្ចាស់នឹងមានបន្ទូលទៅកាន់ពួកជំនុំនៅគ្រាចុងក្រោយ ហើយដឹកនាំមនុស្សជាតិចូលក្នុងគ្រប់ទាំងសេចក្ដីពិត។ តើកិច្ចការ និងបន្ទូលចេញពីព្រះជាម្ចាស់នៅគ្រាចុងក្រោយ អាចលេចចេញក្នុងព្រះគម្ពីរមុនពេលយ៉ាងម៉េចបានទៅ? មិនអាចទៅរួចទេ! តាមរយៈសេចក្ដីទំនាយ និងការពិតជាក់ស្ដែងទាំងនេះ ហេតុអ្វីមនុស្សជាច្រើនមើលមិនឃើញ ទាំងដែលភ្នែកខ្លួនបើកធំៗ ដោយវិនិច្ឆ័យ និងទទូចថាកិច្ចការ និងបន្ទូលព្រះជាម្ចាស់ សុទ្ធតែមានក្នុងព្រះគម្ពីរ ហើយក្រៅពីនោះ មិនអាចរកឃើញទេ? ច្បាស់ណាស់ ការហ៊ានវិនិច្ឆ័យ និងទាស់ទទឹងនឹងព្រះ ដោយសារ ទ្រង់បានលេចមក និងកំពុងធ្វើការ គឺមនុស្សទាំងនេះ មិនយល់ពីកិច្ចការព្រះជាម្ចាស់ ហើយក៏មិនយល់ច្បាស់ពីសេចក្ដីពិតដែរ។ ពួកគេត្រូវព្រះថ្កោលទោស និងលុបបំបាត់ចោល ហើយពួកគេបានធ្លាក់ទៅក្នុងគ្រោះមហន្ដរាយហើយ។ ការនេះសម្រេចខគម្ពីរថា៖ «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)។ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)

ចូរយើងមើលបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមួយចំនួន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សេចក្ដីនានាដែលត្រូវបានកត់ត្រាក្នុងព្រះគម្ពីរ មានកម្រិត សេចក្ដីទាំងនោះមិនអាចបង្ហាញពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងបានឡើយ។ ដំណឹងល្អទាំងបួនរួមគ្នាទាំងអស់ មានមិនដល់មួយរយចំពូកផង ក្នុងនោះមានសរសេរតែព្រឹត្តិការណ៍មួយចំនួនតូចប៉ុណ្ណោះ ដូចជា ព្រះយេស៊ូវដាក់បណ្ដាសាដើមឧទុម្ពរ ពេត្រុសបដិសេធបីដងថាមិនស្គាល់ព្រះអម្ចាស់ ព្រះយេស៊ូវលេចមកឲ្យពួកសិស្សឃើញបន្ទាប់ពីការជាប់ឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ សេចក្ដីបង្រៀនអំពីការតមអាហារ សេចក្ដីបង្រៀនអំពីការអធិដ្ឋាន សេចក្ដីបង្រៀនអំពីការលែងលះ ការប្រសូត និងពង្សាវតារបស់ព្រះយេស៊ូវ ការជ្រើសតាំងពួកសិស្សរបស់ព្រះយេស៊ូវ ។ល។ យ៉ាងណាមិញ មនុស្សឲ្យតម្លៃសេចក្ដីទាំងនេះដូចកំណប់ ថែមទាំងយកកិច្ចការបច្ចុប្បន្នទៅប្រៀបធៀបនឹងសេចក្ដីទាំងនោះផង។ ពួកគេថែមទាំងជឿទៀតថា កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានធ្វើក្នុងគ្រាដែលទ្រង់រស់នៅលើផែនដី គឺមានតែត្រឹមប៉ុណ្ណឹង ហាក់ដូចជាព្រះជាម្ចាស់មានសមត្ថភាពធ្វើការត្រឹមប៉ុណ្ណឹង និងគ្មានអ្វីលើសពីនេះទេ។ តើនេះមិនមែនជារឿងលេលាទេឬអី?» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវអនុវត្តថ្ងៃសប្ប័ទ ហើយធ្វើតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងពិសាស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងមួយណាមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់នៃថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃព្រះគម្ពីរទេឬអី?» («ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថាវាមិនផ្តល់ឱ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកនូវឯកសារដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែអ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព» («ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ប្រសិនបើអ្នកចង់ឃើញកិច្ចការយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះអ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៃគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការអំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី និងធ្វើកិច្ចការក្រៅពីអ៊ីស្រាអែល ដែលលើសពីវិសាលភាពនៃព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា នោះគឺជាកិច្ចការថ្មីនិងអស្ចារ្យនៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឱ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែបែបនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែបែបនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ ... ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះសូរសៀងថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងបញ្ចេញព្រះសូរសៀងថ្មីអាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វាគ្រាន់តែជាប្រវត្តិសាស្ត្រនៃការមើលទៅគ្រាមុនរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង 'សៀវភៅដ៏បរិសុទ្ធ' ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង 'សៀវភៅដ៏បរិសុទ្ធ' ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ» («ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«រឿងពិតដែលខ្ញុំចង់ពន្យល់នៅទីនេះ គឺថា៖ លក្ខណៈនិងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ គឺមិនចេះអស់ និងគ្មានដែនកំណត់អស់កល្បជានិច្ច។ ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត និងរបស់សព្វសារពើ។ ភាវៈដែលព្រះបានបង្កើតមក មិនអាចយល់ពីព្រះជាម្ចាស់បានឡើយ។ ចុងក្រោយ ខ្ញុំត្រូវតែបន្តក្រឿនរំឭកដល់អ្នកគ្រប់គ្នាថា៖ កុំដាក់កំហិតព្រះជាម្ចាស់ត្រឹមនៅក្នុងសៀវភៅ ក្នុងព្រះបន្ទូល ឬក្នុងព្រះសូរសៀងរបស់ទ្រង់ពីអតីតកាលឱ្យសោះ។ មានពាក្យតែមួយម៉ាត់គត់ដែលអាចពណ៌នាអំពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់បាន ហើយពាក្យមួយម៉ាត់នោះគឺ 'ថ្មី'។ ព្រះអង្គមិនសព្វព្រះហឫទ័យដើរតាមមាគ៌ាចាស់ ឬធ្វើកិច្ចការរបស់ទ្រង់ដដែលៗឡើយ។ ជាងនេះទៅទៀត ព្រះអង្គមិនចង់ឱ្យមនុស្សថ្វាយបង្គំទ្រង់ ដោយដាក់កំហិតទ្រង់នៅក្នុងវិសាលភាពជាក់លាក់ណាមួយឡើយ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់» («សេចក្តីបញ្ចប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាបានបញ្ជាក់ច្បាស់ណាស់ មែនទេ? ព្រះគម្ពីរគ្រាន់តែជាកំណត់ត្រាមួយអំពីដំណាក់កាលពីរនៃកិច្ចការរបស់ព្រះក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ វាជាសៀវភៅប្រវត្តិសាស្ដ្រមួយ ហើយវាច្បាស់ជាមិនអាចតំណាងឱ្យកិច្ចការ និងបន្ទូលព្រះជាម្ចាស់បានទាំងអស់ទេ។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ជាប្រភពនៃជីវិតមនុស្ស។ ទ្រង់បានមានបន្ទូល និងធ្វើការរាប់ពាន់ឆ្នាំមកហើយ ហើយទ្រង់ជាប្រភពទ្រទ្រង់មិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ដែលតែងតែដឹកនាំយើងឆ្ពោះទៅមុខជានិច្ច។ បន្ទូលទ្រង់ជាប្រភពទឹករស់ ដែលហូរមកមិនដាច់។ គ្មាននរណាម្នាក់ ឬអ្វីមួយអាចរារាំងកិច្ចការ និងបន្ទូលព្រះជាម្ចាស់បានឡើយ រឹតតែមិនអាចកំណត់តាមព្រះគម្ពីរទៀត។ ទ្រង់មិនដែលឈប់មានបន្ទូល និងឈប់ធ្វើកិច្ចការថ្មីស្របតាម ផែនការគ្រប់គ្រងរបស់ទ្រង់ និងតម្រូវការមនុស្សជាតិឡើយ។ ព្រះយេហូវ៉ាដ៏ជាព្រះ បានចេញក្រឹត្យវិន័យដើម្បីដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីក្នុងយុគសម័យនៃក្រឹត្យវិន័យ កាលដែលគ្មានព្រះគម្ពីរនៅឡើយ។ ព្រះអម្ចាស់យេស៊ូវបានអធិប្បាយពីវិធីនៃការប្រែចិត្តក្នុងយុគសម័យនៃព្រះគុណ និងបានធ្វើកិច្ចការនៃការប្រោសលោះ ដោយធ្វើហួសពីគម្ពីរសញ្ញាចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ និងកំពុងធ្វើកិច្ចការនៃការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ។ ទ្រង់បានបើកក្រាំងដែលមានបិទត្រាប្រាំពីរ ដោយសម្ដែងគ្រប់ទាំងសេចក្ដីពិត ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង។ នេះជាដំណាក់កាលថ្មីមួយនៃកិច្ចការដែលកាន់តែខ្ពស់ ដែលបានធ្វើនៅលើគ្រឹះនៃកិច្ចការប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ វាជាកិច្ចការដែលកាន់តែថ្មី និងជាក់ស្ដែងជាងមុន ហើយមិនអាចមាននៅក្នុងព្រះគម្ពីរជាមុនទេ។ យើងអាចមើលឃើញតាមចំណុចនេះថា កិច្ចការរបស់ព្រះតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ តែងតែឆ្ពោះទៅមុខជានិច្ច និងមិនច្រំដែលឡើយ។ កិច្ចការថ្មីរបស់ទ្រង់លើសពីអ្វីដែលមាននៅក្នុងព្រះគម្ពីរ ដោយផ្ដល់ផ្លូវថ្មីមួយ និងសេចក្ដីពិតដែលកាន់តែខ្ពស់ដល់មនុស្ស។ ដូច្នេះ សេចក្ដីជំនឿរបស់យើងមិនអាចផ្អែកលើព្រះគម្ពីរតែមួយមុខទេ ហើយយើងប្រាកដជាមិនអាចនិយាយថា កិច្ចការនិងបន្ទូលព្រះជាម្ចាស សុទ្ធតែមានក្នុងព្រះគម្ពីរដែរ។ យើងត្រូវតែស្វែងរកកិច្ចការព្រះវិញ្ញាណបរិសុទ្ធ និងបន្ដដើរតាមលំអាននៃកិច្ចការរបស់ព្រះ ដើម្បីទទួលការទ្រទ្រង់ និងការឃ្វាលពីបន្ទូលព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ដូចដែល វិវរណៈ ចែងថា៖ «អ្នកទាំងអស់នេះ ជាពួកអ្នកដើរតាមកូនចៀម ទៅគ្រប់ទីកន្លែងដែលទ្រង់ទៅ» (វិវរណៈ ១៤:៤)។ ទាំងនេះជាស្រីព្រហ្មចារីមានគំនិត ដែលអាចចូលរួមបរិភោគការ កូនចៀម ហើយទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ នៅគ្រាចុងក្រោយ។

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានធ្វើកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយរយៈពេល ៣០ ឆ្នាំ ហើយទ្រង់បានសម្ដែងព្រះបន្ទូលរាប់លាន។ ព្រះសូរសៀងរបស់ទ្រង់មានច្រើន និងមិនខ្វះអ្វីសោះឡើយ។ ដោយលាតត្រដាងពីអាថ៌កំបាំងនៃព្រះគម្ពីរ ជាមួយនឹងអាថ៌កំបាំងទាំងអស់នៃផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះ ដូចជា គោលបំណងទ្រង់ក្នុងការគ្រប់គ្រងមនុស្សជាតិ របៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះសង្គ្រោះមនុស្សជាតិពីកម្លាំងសាតាំងមួយជំហានម្ដងៗ របៀបដែលព្រះបន្សុទ្ធមនុស្សជាតិ និងធ្វើឱ្យមនុស្សបរិសុទ្ធតាមរយៈការល្បងល និងការបន្សុទ្ធ សារៈសំខាន់នៃកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងព្រះនាមផ្សេងៗរបស់ទ្រង់ រឿងពិតនៃព្រះគម្ពីរ លទ្ធផលគ្រប់យ៉ាងរបស់មនុស្ស គោលដៅចុងក្រោយរបស់មនុស្សជាតិ និងរបៀបដែលនគរព្រះគ្រីស្ទត្រូវបានសម្រេច នៅលើផែនដី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ជំនុំជម្រះ និងលាតត្រដាង ពីសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ និងធម្មជាតិបែបសាតាំងរបស់ពួកគេដែលទាស់នឹងព្រះ។ ទ្រង់បង្ហាញផ្លូវគេចពីអំពើបាបដល់យើង ហើយយើងត្រូវបានព្រះសង្គ្រោះទាំងស្រុង ដូចជារបៀបប្រែចិត្តពិតប្រាកដ របៀបលះបង់សាច់ឈាម និងអនុវត្តសេចក្ដីពិត របៀបធ្វើជាបុគ្គលស្មោះត្រង់ របៀបធ្វើតាមបំណងព្រះហឫទ័យព្រះ របៀបកោតខ្លាចព្រះ ហើយគេចចេញពីសេចក្ដីអាក្រក់ របៀបសម្រេចបានការយល់ដឹង និងការចុះចូលចំពោះព្រះ ការស្រលាញ់ព្រះ និងចំណុចជាច្រើនទៀត។ បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា មានជាច្រើន និងខ្ពស់ជាងបន្ទូលព្រះក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ហើយសុទ្ធតែជាសេចក្ដីពិតដែលយើងត្រូវមាន ដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះ។ ព្រះបន្ទូលទាំងនោះពិតជាធ្វើឱ្យភ្លឺភ្នែក និងគួរជាទីពេញចិត្តមែន ហើយផ្ដល់ផ្លូវអនុវត្តមួយដល់យើងក្នុងគ្រប់រឿងទាំងអស់។ នៅក្នុងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា យើងរកឃើញ ចម្លើយ និងដំណោះស្រាយគ្រប់យ៉ាងចំពោះការលំបាកក្នុងសេចក្ដីជំនឿយើង។ ព្រះបន្ទូលលេចមកជាសាច់ឈាមមកពីព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះគម្ពីរសម្រាប់យុគសម័យនៃនគរព្រះ ហើយវាជាផ្លូវនៃជីវិតដ៏អស់កល្បដែលព្រះបានប្រទានដល់មនុស្សនៅគ្រាចុងក្រោយ។ តាមរយៈការហូប ផឹក និងអនុវត្តបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ការត្រូវជំនុំជម្រះ វាយផ្ចាលតាមរយៈបន្ទូលទ្រង់ និងការយល់ដឹងពីសេចក្ដីពិតខ្លះ រាស្ដ្ររើសតាំងរបស់ព្រះទទួលបានការយល់ដឹងពិតប្រាកដអំពីព្រះ។ និស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរតាមកម្រិតផ្សេងគ្នា ហើយទីបំផុត ពួកគេក៏គេចផុតពីចំណងនៃអំពើបាប ហើយធ្វើបន្ទាល់ពីការយកឈ្នះលើសាតាំង។ ពួកគេជាអ្នកមានជ័យជម្នះដែលព្រះបានបង្កើតមកមុនគ្រោះមហន្ដរាយ។ ព្រះនាម កិច្ចការ និងព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាប្រហែលមិនបានកត់ត្រានៅក្នុងព្រះគម្ពីរមែន តែផលដែលកើតមក លទ្ធផលជាក់ស្ដែងដែលទទួលបានពីកិច្ចការ និងព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា សម្រេចសេចក្ដីទំនាយនៅក្នុងព្រះគម្ពីរទាំងស្រុង។ ឥឡូវនេះ មានវីដេអូ និងភាពយន្ដអំពីទីបន្ទាល់រាស្ដ្ររើសតាំងរបស់ព្រះនៅលើអនឡាញ ដែលធ្វើបន្ទាល់ទៅកាន់ពិភពលោកអំពីការលេចមក និងកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាប្រៀបដូចជាពន្លឺដ៏អស្ចារ្យមួយ ដែលចែងចាំងពីទិសខាងកើតទៅទិសខាងលិច ដោយបំភ្លឺពិភពលោកទាំងមូល។ មនុស្សកាន់តែច្រើនពីគ្រប់កន្លុកកន្លៀតនៃពិភពលោកដែលស្រឡាញ់សេចក្ដីពិត កំពុងស៊ើបសួរពីផ្លូវពិត ហើយងាកទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ នេះជារលកយក្សដែលបោកបក់ពេញទាំងពិភពលោក ដែលគ្មានកម្លាំងណាអាចបញ្ឈប់បានឡើយ។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ថ្ងៃមួយ នៅពេលដែលសកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះជាម្ចាស់ ហើយគ្រប់គ្នានឹងថ្វាយបង្គំព្រះជាម្ចាស់។ ទាំងអស់នេះនឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជាមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ 'មនុស្ស' សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ... នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ ថ្ងៃនោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ហើយ រីឯអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយប្រទេសនិងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថាពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជួបការលំបាកក្នុងដំណើរនេះ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិតដែរ។ នេះគឺជាអត្ថន័យនៃពាក្យថា 'បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ'» («រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ យុគសម័យនៃនគរព្រះ ជាយុគសម័យនៃព្រះបន្ទូល។ ព្រះកំពុងប្រើបន្ទូលដើម្បីយកឈ្នះ បន្សុទ្ធ និងសង្គ្រោះមនុស្ស ហើយបានបង្កើតក្រុមអ្នកមានជ័យជម្នះ។ ការនេះបង្ហាញពីសិទ្ធិអំណាច និងព្រះចេស្ដានៃបន្ទូលព្រះយ៉ាងពេញលេញ។ ប៉ុន្ដែពិភពសាសនាប្រកាន់ខ្ជាប់តាមព្រះគម្ពីរ ដោយបដិសេធមិនទទួលយកការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ មនុស្សទាំងនេះជាប់គាំងនៅក្នុងជីវិតចាស់របស់ខ្លួនដែលធ្វើបាប រួចលន់តួ ហើយក៏ធ្វើបាបម្ដងទៀត ហើយគេត្រូវបានផាត់ចោលដោយកិច្ចការរបស់ព្រះរួចហើយ ដោយធ្លាក់ទៅក្នុងគ្រោះមហន្ដរាយ ទួញយំ និងសង្កៀតធ្មេញផង។ ពួកគេនៅតែរង់ចាំព្រះអម្ចាស់យាងមកលើពពក និងលើកពួកគេឡើងទៅនគរស្ថានសួគ៌ដើម្បីបានជីវិតអស់កល្ប។ តើនោះមិនមែនជាគំនិតស្រមើស្រមៃទេឬ? ដូចដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ» (យ៉ូហាន ៥:៣៩-៤០)។ អ្នកដែលប្រកាន់ខ្ជាប់នឹងព្រះគម្ពីរ នឹងមិនទទួលបានសេចក្ដីពិត ឬជីវិតឡើយ។ មានតែអ្នកដែលជឿលើព្រះគ្រីស្ទដើរតាម និងចុះចូលនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលនឹងទទួលបានសេចក្ដីពិត និងជីវិត។ ពេលនេះ ព្រះគ្រីស្ទនៅគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា កំពុងសម្ដែងចេញសេចក្ដីពិតដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង។ បើយើងចង់បានសេចក្ដីពិត និងជីវិត យើងត្រូវតែយល់ឱ្យឆ្វាយជាងព្រះគម្ពីរ ហើយបន្ដដើរតាមស្នាមព្រះបាទារបស់ព្រះ ទទួលយក និងចុះចូលនឹងការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ នោះជាផ្លូវតែមួយគត់ដើម្បីគេចពីអំពើបាប និងបានសង្គ្រោះដោយព្រះទាំងស្រុង និងជាផ្លូវតែមួយគត់ដើម្បីឱ្យព្រះការពារនៅពេលមានគ្រោះមហន្ដរាយ និងចូលទៅក្នុងនគរទ្រង់។ អ្នកដែលមិនបោះបង់ចោលព្រះគម្ពីរ តែនៅជាប់គាំងក្នុងកិច្ចការ និងព្រះបន្ទូលពីអតីតរបស់ព្រះ ដែលបដិសេធមិនទទួលយកផ្លូវនៃសេចក្ដីពិតដែលព្រះប្រទានដល់យើងនៅគ្រាចុងក្រោយ នឹងខកខានមិនបានកិច្ចការរបស់ព្រះសោះឡើយ ដើម្បីសង្គ្រោះមនុស្សជាតិទាំងស្រុង ហើយមានតែធ្លាក់ទៅក្នុងគ្រោះមហន្ដរាយ និងត្រូវដាក់ទោសប៉ុណ្ណោះ។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

យើងបញ្ចប់ដោយអានអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយទៀតចុះ៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...

បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?

គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់...

Leave a Reply