គោលជំនឿរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា

29-07-2020

(១) គោលលទ្ធិរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា

គោលលទ្ធិនៃគ្រីស្ទសាសនាមានប្រភពចេញពីព្រះគម្ពីរ ហើយគោលលទ្ធិរបស់ពួកជំនុំនៃព្រះដ៏មានព្រះចេស្ដាមានប្រភពចេញពីគ្រប់ទាំងសេចក្តីពិតដែលត្រូវបានព្រះជាម្ចាស់សម្ដែងចេញ ចាប់តាំងពីកំណើតពិភពលោក ក្នុងអំឡុងពេលនៃកិច្ចការនាយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ គឺអាចនិយាយបានថា ព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រមទាំងព្រះគម្ពីរយុគសម័យនៃនគរព្រះ ដែលជាព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានសម្ដែងចេញដោយព្រះអម្ចាស់យេស៊ូវដែលត្រូវបានយាងមកនៅគ្រាចុងក្រោយ ដែលជាព្រះដ៏មានគ្រប់ព្រះចេស្ដានោះ គឺជាគោលជំនឿ និងគោលលទ្ធិរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះគម្ពីរសញ្ញាចាស់កត់ត្រាអំពីកិច្ចការរបស់ព្រះយេហូវ៉ាដែលចេញនូវក្រឹត្យវិន័យ និងបញ្ញត្តិ ព្រមទាំងដឹកនាំជីវិតមនុស្សនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះគម្ពីរសញ្ញាថ្មីកត់ត្រាអំពីកិច្ចការប្រោសលោះដែលត្រូវបានអនុវត្តដោយព្រះអម្ចាស់យេស៊ូវ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ហើយព្រះបន្ទូលលេចមកជាសាច់ឈាមគឺជាគ្រប់ទាំងសេចក្តីពិតសម្រាប់ការបន្សុទ្ធ និងការសង្រ្គោះមនុស្សជាតិ ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងអំឡុងយុគសម័យនៃនគរព្រះ ក៏ដូចជាសាច់រឿងនៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ក្នុងអំឡុងគ្រាចុងក្រោយ។ គោលជំនឿរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាគ្រប់ទាំងព្រះសូរសៀងរបស់ព្រះជាម្ចាស់ក្នុងអំឡុងដំណាក់កាលទាំងបីនៃកិច្ចការ។ ទាំងនេះគឺជាគោលជំនឿ និងគោលលទ្ធិរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។

គ្រីស្ទសាសនាកើតចេញពីកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ប៉ុន្តែព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលគេជឿលើនេះ គ្រាន់តែធ្វើកិច្ចការប្រោសលោះនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្សត្រូវបានជាប់ឆ្កាង និងបម្រើជាតង្វាយលោះបាបរបស់មនុស្ស រំដោះមនុស្សពីកណ្ដាប់ដៃរបស់សាតាំង និងប្រោសគេឲ្យរួចពីទោសពៃរ៍ និងបណ្ដាសានៃក្រឹត្យវិន័យ ហើយមនុស្សត្រូវតែចូលទៅចំពោះព្រះជាម្ចាស់ លន់តួបាបរបស់គេ និងប្រែចិត្ត ដើម្បីទទួលបានការលើកលែងពីអំពើបាបរបស់គេ ហើយរីករាយនឹងព្រះគុណ និងព្រះពរដ៏ហូរហៀរដែលព្រះជាម្ចាស់ប្រទានមក។ នេះគឺជាកិច្ចការប្រោសលោះដែលព្រះអម្ចាស់យេស៊ូវបានអនុវត្ត។ ទោះបីជាអំពើបាបរបស់មនុស្សត្រូវបានលើកលែង តាមរយៈការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏មនុស្សមិនត្រូវបានរួចខ្លួនពីធម្មជាតិបាបរបស់គេដែរ ពួកគេនៅតែជាប់ចំណង និងត្រូវបានត្រួតត្រាដោយអំពើបាប ហើយមិនអាចធ្វើអ្វីបាន ក្រៅពីប្រព្រឹត្តអំពើបាប និងប្រឆាំងនឹងព្រះជាម្ចាស់ តាមរយៈភាពក្រអឺតក្រទម និងភាពក្អេងក្អាង ការស្វែងរកកិត្តិនាម និងផលចំណេញ ការច្រណែន និងការទាស់ទែង ការកុហក និងការបោកប្រាស់មនុស្ស ការដើរតាមនិន្នាការអាក្រក់របស់លោកីយ៍ ជាដើម។ មនុស្សមិនបានមានសេរីភាពពីចំណងនៃអំពើបាប និងក្លាយជាបរិសុទ្ធឡើយ ដូច្នេះហើយបានជាព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយជាច្រើនដងថា ទ្រង់នឹងយាងមកម្ដងទៀត ដើម្បីអនុវត្តកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ដោយមានបន្ទូលថា៖ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ... ហើយបានប្រទានឲ្យទ្រង់មានសិទ្ធិអំណាចធ្វើការជំនុំជម្រះផង ដោយសារតែទ្រង់ជាកូនមនុស្ស» (យ៉ូហាន ៥:២២-២៧)។ វាក៏មានចែងនៅក្នុងសំបុត្រទីមួយរបស់ពេត្រុស ជំពូកទី៤ ខទី១៧ដែរថា «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់។» ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ។ ទ្រង់បានសម្ដែងចេញគ្រប់ទាំងសេចក្តីពិតសម្រាប់ការបន្សុទ្ធ និងការសង្រ្គោះមនុស្ស ទ្រង់បានអនុវត្តកិច្ចការជំនុំជម្រះ ដែលចាប់ផ្ដើមនៅព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយបានសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៃព្រះគម្ពីរ។ ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជា «ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ ដែលត្រូវបានថ្លែងទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈ ហើយក៏ជាសាច់រឿងនៃកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយផងដែរ។ កិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយក៏ជាដំណាក់កាលមូលដ្ឋាន និងសំខាន់បំផុតផងដែរ។ ប្រសិនបើមនុស្សចង់ទទួលបានការសង្រ្គោះពីព្រះជាម្ចាស់ និងចង់ចូលទៅក្នុងនគរស្ថានសួគ៌ គេត្រូវតែទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចំពោះការនេះ វាសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរឯងរាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «មើលអញឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងអញ ហើយបើកទ្វារឲ្យអញ នោះអញនឹងចូលទៅឯ អ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងអញដែរ» (វិវរណៈ ៣:២០)។ មានតែមនុស្សដែលទទួលយក និងដកពិសោធន៍ការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ទើបអាចស្គាល់ពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ស្គាល់ពីសារជាតិដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ និងសេចក្តីពិតអំពីវា ប្រែចិត្តយ៉ាងពិតប្រាកដនៅចំពោះព្រះជាម្ចាស់ រំដោះខ្លួនគេចេញពីអំពើបាប ក្លាយជាម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ មានតែបែបនេះទេ ទើបគេនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគរព្រះ គ្រងមរតកនៃព្រះបន្ទូលសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ហើយទទួលបានវាសនាដ៏ស្រស់បំព្រង។

ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការសង្រ្គោះមនុស្សជាតិ ដោយតាមពីក្រោយការបង្កើតពិភពលោករបស់ទ្រង់ ហើយផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់ការសង្រ្គោះមនុស្សនឹងមិនត្រូវបានបញ្ចប់ឡើយ លុះត្រាតែទ្រង់បញ្ចប់កិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមនៅព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្នុងអំឡុងនៃគ្រាចុងក្រោយជាមុនសិន។ ចំពោះព្រះបន្ទូល និងគ្រប់ទាំងសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញនៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ យើងអាចឃើញទាំងស្រុងថាតើវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវបានធ្វើ ដោយការប្រើមនុស្សនៅដើមដំបូង ក្នុងអំឡុងយុគសម័យនៃព្រះគុណ ឬក៏កិច្ចការរបស់ទ្រង់នៅក្នុងអំឡុងទាំងពីរលើកដែលទ្រង់បានយកកំណើតជាមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ដែលទាំងអស់នេះសុទ្ធតែជាព្រះសូរសៀង និងការសម្ដែងចេញនៃសេចក្តីពិតរបស់ព្រះវិញ្ញាណតែមួយ។ តាមពិត គឺជាព្រះជាម្ចាស់តែមួយដែលមានបន្ទូល និងធ្វើការ។ ដូច្នេះ គ្រប់ទាំងសេចក្តីពិតដែលបានសម្ដែងចេញដោយព្រះជាម្ចាស់នៅក្នុងអំឡុងយុគសម័យទាំងបីនៃកិច្ចការរបស់ទ្រង់ ពោលគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ និងព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ បង្កើតបានជាគោលជំនឿ និងគោលលទ្ធិរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។

(២) អំពីព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលលេចមកជាសាច់ឈាម គឺជាព្រះសូរសៀងដោយផ្ទាល់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រមទាំងជាគ្រប់ទាំងសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សនៅក្នុងអំឡុងនៃកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ។ សេចក្ដីពិតទាំងនេះគឺជាការសម្ដែងចេញដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ជាការបើកសម្ដែងអំពីព្រះជន្ម និងសារជាតិរបស់ព្រះជាម្ចាស់ ជាការសម្ដែងចេញអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ទាំងនេះគឺជាផ្លូវតែមួយគត់ដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយទទួលបានការបន្សុទ្ធ និងការសង្រ្គោះ។ ព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាគោលការណ៍ដ៏ខ្ពស់បំផុតនៃសកម្មភាព និងការប្រព្រឹត្តិរបស់មនុស្ស ហើយគ្មានក្បួនខ្នាតណាដែលខ្ពស់ជាងនេះសម្រាប់ជីវិតរបស់មនុស្សទៀតឡើយ។

គ្រីស្ទបរិស័ទរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាអានព្រះបន្ទូលដែលសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងព្រះបន្ទូលលេចមកជាសាច់ឈាមជារៀងរាល់ថ្ងៃ ដូចជាអ្នកជឿនៃគ្រីស្ទសាសនាដែលអានព្រះគម្ពីរអ៊ីចឹងដែរ។ គ្រីស្ទបរិស័ទទាំងអស់យកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមគ្គុទេសក៏ដឹកនាំជីវិតរបស់ពួកគេ និងជាក្បួនខ្នាតដ៏ខ្ពស់បំផុតនៃជីវិតគ្រប់យ៉ាង។ នៅក្នុងយុគសម័យនៃព្រះគុណ គ្រីស្ទបរិស័ទទាំងអស់អានព្រះគម្ពីរ ហើយស្ដាប់តាមសេចក្តីអធិប្បាយនៃព្រះគម្ពីរ។ ការផ្លាស់ប្ដូរមួយចំនួនបានកើតឡើងបន្ដិចម្ដងៗនៅក្នុងអាកប្បកិរិយារបស់មនុស្ស ហើយពួកគេបានប្រព្រឹត្តអំពើបាបកាន់តែតិចទៅៗ។ ដូចគ្នាផងដែរ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការដកពិសោធន៍តាមព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គ្រីស្ទបរិស័ទរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាយល់បន្ដិចម្ដងៗអំពីសេចក្តីពិត និងមានសេរីភាពពីចំណងនៃអំពើបាប ដោយនិស្ស័យបែបសាតាំងរបស់ពួកគេត្រូវបានសម្អាត និងផ្លាស់ប្រែ ពួកគេលែងប្រព្រឹត្តអំពើបាប និងប្រឆាំងព្រះជាម្ចាស់ ហើយពួកគេក្លាយជាអ្នកស្ដាប់បង្គាប់យ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់។ ការពិតបញ្ជាក់មកថា មានតែតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការអនុវត្ត និងការដកពិសោធន៍តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបនិស្ស័យដ៏ពុករលួយរបស់មនុស្សអាចត្រូវបានបន្សុទ្ធ និងបំផ្លាស់បំប្រែ ហើយមនុស្សអាចសម្ដែងចេញនូវរូបភាពជាមនុស្សពិត។ ទាំងនេះគឺជាការពិតដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរត្រូវបានសម្ដែងមកថា ព្រះជាម្ចាស់បានធ្វើការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ខណៈពេលដែលព្រះបន្ទូលលេចមកជាសាច់ឈាមវិញ គឺជាព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ។ ប្រភពទាំងពីរនេះគឺចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយប្រភពទាំងពីរនេះគឺជាការសម្ដែងចេញមកពីព្រះជាម្ចាស់តែមួយ។ ព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៅក្នុងព្រះគម្ពីរ ដូចអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ដូចគ្នាដែរ ការនេះក៏ត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរវិវរណៈថា៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ «ហើយនៅខាងស្ដាំព្រះហស្តទ្រង់ដែលគង់នៅលើបល្ល័ង្ក ខ្ញុំបានឃើញក្រាំងមួយក្បាលដែលកត់ត្រាទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាចំនួនប្រាំពីរ... កុំយំអី មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:១ ៥)

សព្វថ្ងៃនេះ យើងទាំងអស់គ្នាបានមើលឃើញការពិតមួយ៖ គ្រប់ទាំងព្រះបន្ទូលដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត ហើយព្រះបន្ទូលទាំងនោះមានទាំងសិទ្ធិអំណាច និងព្រះចេស្ដា ដ្បិតព្រះបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបដិសេធ ឬផ្លាស់ប្ដូរការពិតនេះបានឡើយ! ព្រះបន្ទូលលេចមកជាសាច់ឈាមមាននៅលើអ៊ីនធឺណិតតាំងពីយូរយារមកហើយ ដើម្បីឲ្យមនុស្សនៅគ្រប់ប្រទេស និងគ្រប់ដែនដីធ្វើការសិក្សាស្វែងយល់។ គ្មាននរណាម្នាក់ហ៊ានបដិសេធថា ព្រះបន្ទូលទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនមែនជាសេចក្តីពិតនោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កំពុងតែជំរុញមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខ មនុស្សចាប់ផ្ដើមភ្ញាក់រឭក ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេកំពុងតែទទួលយកសេចក្តីពិត ស្គាល់សេចក្តីពិត និងត្រូវបានព្រះជាម្ចាស់ដឹកនាំចូលទៅក្នុងយុគសម័យនៃនគរព្រះបន្ដិចម្ដងៗ។ យុគសម័យនៃនគរព្រះគឺជាយុគសម័យមួយ ដែលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសោយរាជ្យនៅលើផែនដី។ ព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច និងបំពេញ។ ដូចជាអ្នកជឿលើព្រះជាម្ចាស់ទាំងអស់ដែលទទួលស្គាល់ព្រះគម្ពីរនាពេលសព្វថ្ងៃដែរ នាពេលអនាគតដ៏ខ្លី មនុស្សដែលជឿលើព្រះជាម្ចាស់នឹងទទួលស្គាល់ថា ព្រះបន្ទូលលេចមកជាសាច់ឈាមគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ សព្វថ្ងៃនេះ ព្រះបន្ទូលលេចមកជាសាច់ឈាមគឺជាគោលជំនឿរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយច្បាស់ណាស់ វាក៏នឹងក្លាយជាមូលដ្ឋានគ្រឹះនៃអត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់នៅក្នុងសម័យកាលបន្ទាប់ផងដែរ។

(៣) អំពីព្រះនាមរបស់ព្រះជាម្ចាស់ និងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់

ក្រោយពេលសាតាំងធ្វើឲ្យគេពុករលួយ មនុស្សរស់នៅក្រោមការត្រួតត្រារបស់សាតាំង ហើយសេចក្តីពុករលួយរបស់គេបានផុងកាន់តែជ្រៅទៅៗ។ មនុស្សមិនអាចរំដោះខ្លួនចេញពីចំណងនៃអំពើបាបបានទេ ហើយមនុស្សទាំងអស់សុទ្ធតែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ដោយស្របតាមតម្រូវការរបស់មនុស្សជាតិដ៏ពុករលួយ ព្រះជាម្ចាស់បានធ្វើដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក្នុងយុគសម័យនៃព្រះគុណ និងក្នុងយុគសម័យនៃនគរព្រះ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់បានធ្វើកិច្ចការនៃការចេញក្រឹត្យវិន័យ និងបញ្ញត្តិ ព្រមទាំងដឹកនាំជីវិតរបស់មនុស្ស។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយផ្អែកលើមូលដ្ឋាននៃកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ទ្រង់បានអនុវត្តកិច្ចការនៃការជាប់ឆ្កាង និងបានប្រោសលោះមនុស្សពីអំពើបាប។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមម្ដងទៀត ហើយផ្អែកលើមូលដ្ឋាននៃកិច្ចការប្រោសលោះនៅយុគសម័យនៃព្រះគុណ ទ្រង់អនុវត្តកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ដើម្បីសម្ដែងគ្រប់ទាំងសេចក្តីពិតសម្រាប់ការបន្សុទ្ធ និងការសង្រ្គោះមនុស្ស ព្រមទាំងដឹកនាំយើងនៅលើផ្លូវតែមួយគត់ទៅរកការស្វែងរកការបន្សុទ្ធ និងការសង្រ្គោះ។ ប្រសិនបើយើងមិនទទួលបានសេចក្តីពិតជាជីវិតរបស់យើង ក្លាយជាមនុស្សដែលស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់ទេ នោះយើងនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យទ្រង់ដឹកនាំយើងចូលទៅក្នុងនគរព្រះ ព្រមទាំងទទួលបានព្រះបន្ទូលសន្យា និងព្រះពររបស់ព្រះជាម្ចាស់ឡើយ។ ដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួត ដំណាក់កាលនីមួយៗសុទ្ធតែសំខាន់ កាន់តែឡើងខ្ពស់ និងស៊ីជម្រៅជាងដំណាក់កាលមុនៗ ទាំងនេះគឺជាដំណាក់កាលទាំងបីនៃកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់តែមួយនៅក្នុងយុគសម័យខុសគ្នា ហើយមានតែដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជាកិច្ចការដ៏ពេញលេញរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សជាតិ។

ព្រះនាមទាំងបី មានជាអាទិ៍ ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះនាមខុសៗគ្នាដែលព្រះជាម្ចាស់បានប្រើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ព្រះជាម្ចាស់យកព្រះនាមខុសៗគ្នា ដោយសារតែកិច្ចការរបស់ទ្រង់មានលក្ខណៈខុសគ្នានៅក្នុងយុគសម័យខុសគ្នា។ ព្រះជាម្ចាស់ប្រើព្រះនាមមួយថ្មី ដើម្បីចាប់ផ្ដើមយុគសម័យមួយថ្មី ហើយទ្រង់ប្រើព្រះនាមនោះ ដើម្បីតំណាងឲ្យកិច្ចការនាយុគសម័យនោះ។ ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាព្រះយេហូវ៉ា ហើយព្រះនាមព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះជាម្ចាស់ប្រើព្រះនាមមួយថ្មី គឺព្រះដ៏មានគ្រប់ព្រះចេស្ដា នៅក្នុងយុគសម័យនៃនគរព្រះ។ ការនេះសម្រេចតាមសេចក្តីទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈនៃព្រះគម្ពីរដែលចែងថា៖ «ហើយសរសេរទៅកាន់ទេវតានៃពួកជំនុំនៅក្នុងក្រុងភីឡាដិលភាថា... អ្នកណាដែលឈ្នះ នោះអញនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះអញ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយអញនឹងចារឹកព្រះនាមព្រះរបស់អញ និងឈ្មោះក្រុងនៃព្រះរបស់អញនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់អញ ហើយអញនឹងចារឹកព្រះនាមរបស់អញលើគេផងដែរ» (វិវរណៈ ៣:៧-១២)។ «ព្រះអម្ចាស់មានព្រះបន្ទូលថា៖ អញជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ ទោះបីជាព្រះនាម និងកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលទាំងបីមានលក្ខណៈខុសគ្នាក៏ដោយ ក៏មានតែព្រះជាម្ចាស់មួយអង្គគត់នៅក្នុងសារជាតិ ហើយប្រភពវិញក៏តែមួយផងដែរ។

ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សគឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ ទោះបីជាព្រះជាម្ចាស់ធ្វើការខុសៗគ្នានៅក្នុងដំណាក់កាលនីមួយៗ ហើយប្រើព្រះនាមខុសគ្នានៅក្នុងយុគសម័យកាលនីមួយៗក៏ដោយ ក៏សារជាតិរបស់ព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរដែរ ព្រោះថាព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់តែមួយដូចគ្នា។ ព្រះយេស៊ូវជាការលេចមកនៃព្រះយេហូវ៉ា ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ដូច្នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់ដ៏ពិតតែមួយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ បញ្ជាលើអ្វីៗគ្រប់យ៉ាង និងមានអធិបតេយ្យភាពលើរបស់គ្រប់យ៉ាង ហើយទ្រង់ជាព្រះអាទិករដ៏គង់នៅស្ថិតស្ថេរតែមួយគត់។

នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះមនុស្ស ព្រះជាម្ចាស់បានបើកសម្ដែងនិស្ស័យទាំងស្រុងរបស់ទ្រង់ដល់មនុស្ស ដោយអនុញ្ញាតឲ្យយើងមើលឃើញថា និស្ស័យរបស់ព្រះជាម្ចាស់មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសេចក្តីសុចរិត ឫទ្ធានុភាព និងសេចក្តីក្រោធ មើលឃើញថា សារជាតិរបស់ទ្រង់គឺជាភាពបរិសុទ្ធ និងសេចក្តីសុចរិត និងជាសេចក្តីពិត និងសេចក្តីស្រឡាញ់ ព្រមទាំងមើលឃើញទៀតថា និស្ស័យ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនត្រូវបានកាន់កាប់ ដោយភាវៈដែលត្រូវបានបង្កើតឡើង ឬមិនបានបង្កើតឡើងណាមួយឡើយ។ ចាប់តាំងពីពេលនៃកំណើតពិភពលោក រហូតដល់ចុងបញ្ចប់នៃពិភពលោក មិនថាព្រះជាម្ចាស់ធ្វើការដោយរបៀបណា ឬព្រះនាមទ្រង់ផ្លាស់ប្ដូរបែបណា ឬព្រះជាម្ចាស់ជ្រើសរើសយកការលេចមកឲ្យមនុស្សជាតិឃើញយ៉ាងណា ក៏សារជាតិរបស់ព្រះជាម្ចាស់មិនដែលផ្លាស់ប្រែដែរ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ ហើយគ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែងសុទ្ធតែជាសេចក្តីពិត។ ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនរលាយបាត់ឡើយ ហើយគ្រប់ទាំងព្រះបន្ទូលនឹងត្រូវបានសម្រេចជាក់ជាមិនខាន!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...