ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

29-07-2020

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានប្រាស្រ័យទាក់ទងតាមហោរាម្នាក់ ឬត្រូវបានថ្លែងចេញពីព្រះដែលយកកំណើតជាមនុស្ស តាមរយៈរូបភាពរបស់ព្រះអម្ចាស់យេស៊ូវនោះឡើយ ទាំងអស់នេះសុទ្ធតែជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជួយឲ្យមនុស្សដឹងអំពីសិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលទាំងនោះ ព្រមទាំងដឹងទៀតថា ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្តីពិត ហើយនេះជារឿងមិនអាចប្រកែកបានឡើយ។ អស់អ្នកដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ញឹកញាប់ អាចមើលឃើញពីការសម្ដែងចេញអំពីសិទ្ធិអំណាច ឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់នៅក្នុងព្រះបន្ទូលទាំងនោះ ក៏ដូចជាការសម្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ផងដែរ ពោលគឺដោយតាមរបៀបនេះហើយ ទើបអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលលេចមកជាសាច់ឈាមគឺជាកម្រងនៃព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ហើយដែលត្រូវបានថ្លែងចេញពីព្រះជាម្ចាស់ បានបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិនៅក្នុងយុគសម័យនៃព្រះគុណ ហើយបានចាប់ផ្ដើមជាផ្លូវការនូវកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដោយចាប់ផ្ដើមជាមួយព្រះដំណាក់របស់ទ្រង់។ ព្រះបន្ទូលទាំងនេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់មនុស្សជាតិទាំងអស់នៅគ្រាចុងក្រោយ។ នៅក្នុងព្រះបន្ទូលទាំងនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាលាតត្រដាងអំពីសេចក្តីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ព្រមទាំងគោលបំណង និងសារៈសំខាន់នៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ សេចក្តីអាថ៌កំបាំងអំពីការយកកំណើតជាមនុស្សរបស់ទ្រង់ សេចក្តីអាថ៌កំបាំងអំពីការជំនុំជម្រះនៅគ្រាចុងក្រោយ និងសេចក្តីអាថ៌កំបាំងអំពីចុងបញ្ចប់ និងវាសនារបស់មនុស្សជាតិ ហើយព្រះបន្ទូលទាំងនេះក៏បើកសម្ដែងអំពីសារជាតិ និងសេចក្តីពិតអំពីសេចក្តីពុករលួយដែលសាតាំងធ្វើចំពោះមនុស្ស និងបង្ហាញដល់មនុស្សជាតិអំពីមាគ៌ាដែលត្រូវអនុវត្តតាមសេចក្តីពិត និងទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេផងដែរ ហើយទាំងអស់នេះកំពុងតែសម្រេចតាមសេចក្តីទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ «ហើយនៅខាងស្ដាំព្រះហស្តទ្រង់ដែលគង់នៅលើបល្ល័ង្ក ខ្ញុំបានឃើញក្រាំងមួយក្បាលដែលកត់ត្រាទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាចំនួនប្រាំពីរ។ ហើយខ្ញុំបានឃើញទេវតាដ៏អង់អាចមួយកំពុងប្រកាសខ្លាំងៗថា តើនរណាសក្ដិសមបើកក្រាំង និងបកត្រានោះចេញទៅ? នៅស្ថានសួគ៌ នៅលើផែនដី និងនៅក្រោមដី គ្មាននរណាម្នាក់អាចបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង។ ហើយខ្ញុំបានយំយ៉ាងខ្លាំង ព្រោះថាគ្មាននរណាម្នាក់សក្ដិសមនឹងបើកក្រាំង ឬសូម្បីតែក្រឡេកមើលផង។ ហើយនៅក្នុងចំណោមនោះ មានពួកចាស់ទុំម្នាក់បាននិយាយប្រាប់ខ្ញុំថា កុំយំអី មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:១-៥)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៃកណ្ឌគម្ពីរវិវរណៈ។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចលាតត្រដាងសេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់ ហើយមានតែព្រះជាម្ចាស់ ដែលនៅក្នុងអត្តសញ្ញាណរបស់ទ្រង់ជាព្រះអាទិករប៉ុណ្ណោះ ទើបអាចថ្លែងព្រះសូរសៀងរបស់ទ្រង់ទៅកាន់មនុស្សជាតិទាំងអស់ អាចជំនុំជម្រះ និងបើកសម្ដែងសេចក្តីពិតអំពីសេចក្តីពុករលួយរបស់មនុស្សជាតិ ហើយកំណត់អំពីទីចុងបញ្ចប់ និងវាសនាសម្រាប់មនុស្សគ្រប់ប្រភេទបាន។ ព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយគ្រប់ទាំងព្រះបន្ទូលតំណាងឲ្យកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងអាចអះអាងបានថា ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាកម្រងនៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទៅកាន់មនុស្សជាតិទាំងអស់នៅគ្រាចុងក្រោយ ក៏ដូចជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទៅកាន់ពួកជំនុំ។

គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមមានបន្ទូល ព្រះអង្គតែងតែថ្លែងព្រះបន្ទូលបែបដាស់តឿន និងទាមទារឲ្យមនុស្សស្ដាប់តាម ជាព្រះបន្ទូលដែលកាត់ទោស វាយផ្ចាល និងបើកសម្ដែងពីមនុស្សដ៏ពុករលួយ ក៏ដូចជាព្រះបន្ទូលដែលសន្យាទៅដល់ពួកគេជាដើម។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាការសម្ដែងចេញអំពីសេចក្តីពិត អំពីផ្លូវ និងអំពីជីវិត ដូច្នេះ ព្រះបន្ទូលទាំងនោះគឺជាការបើកសម្ដែងអំពីសារជាតិនៃព្រះជន្មទ្រង់ តំណាងឲ្យនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ការនេះប្រៀបដូចជារបៀបដែលព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញនូវព្រះបន្ទូលជាច្រើន នៅពេលដែលទ្រង់បានយាងមកធ្វើកិច្ចការរបស់ទ្រង់អ៊ីចឹង។ ឧទាហរណ៍៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ «អ្នកត្រូវស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក។ នេះជាបទ‌បញ្ជាទីមួយ និងសំខាន់ជាងគេ។ ហើយបទ‌បញ្ជាទីពីរក៏សំខាន់ដូចគ្នាគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចស្រឡាញ់ខ្លួនឯង។ គ្រប់ទាំងគម្ពីរវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ញត្តិទាំងពីរនេះហើយ» (ម៉ាថាយ ២២:៣៧-៤០)។ «ប៉ុន្តែ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមានបញ្ចូលនូវការទាមទាររបស់ព្រះជាម្ចាស់ចំពោះមនុស្ស ក៏ដូចជាព្រះបន្ទូលរបស់ទ្រង់អំពីការជំនុំជម្រះពួកគេផងដែរ។ ព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែងទៅកាន់មនុស្សលោក ដោយព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ជាព្រះអាទិករ ហើយផ្អែកលើព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះអម្ចាស់យេស៊ូវ យើងអាចមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត មើលឃើញថាព្រះបន្ទូលទាំងនេះប្រកបដោយសិទ្ធិអំណាច និងព្រះចេស្ដា ហើយមើលឃើញទៀតថា ព្រះបន្ទូលទាំងនេះពិតជាតំណាងឲ្យអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់មែន។ ព្រះបន្ទូលដែលត្រូវបានថ្លែងដោយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺដូចគ្នាទៅនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ។ ព្រះបន្ទូលទាំងនេះជាព្រះបន្ទូលដែលត្រូវបានថ្លែងទៅកាន់មនុស្សជាតិ ដោយព្រះដែលយកកំណើតជាមនុស្ស ហើយសម្ដែងចេញអំពីនិស្ស័យ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ដោយបង្ហាញទាំងស្រុងអំពីអត្តសញ្ញាណ និងមុខតំណែងរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនគ្រាន់តែបើកសម្ដែងពីសេចក្តីអាថ៌កំបាំងទាក់ទងនឹងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បើកសម្ដែងអំពីសារជាតិ និងប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់ផងដែរ ហើយទ្រង់ថែមទាំងលាតត្រដាងពីសេចក្តីពុករលួយនៃដួងចិត្ត និងគំនិតនៅក្នុងមនុស្ស ដែលពួកគេមិនបានដឹងទៀតផង។ តាមរយៈការអានព្រះបន្ទូលទាំងនេះ មនុស្សទទួលយកយ៉ាងអស់ពីចិត្ត។ ដូចគ្នានេះដែរ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបង្ហាញដល់ពួកគេនូវផ្លូវមួយ ដើម្បីបណ្ដេញឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំង ហើយត្រូវបានបន្សុទ្ធ និងទទួលបានសេចក្តីសង្រ្គោះ ព្រមទាំងប្រាប់មនុស្សអំពីគ្រប់ទាំងសេចក្តីពិតដែលពួកគេគួរតែអនុវត្ត និងចូលទៅក្នុងសេចក្តីជំនឿរបស់គេ ដូចជា របៀបក្លាយជាមនុស្សទៀងត្រង់ របៀបស្រឡាញ់ និងចុះចូលចំពោះព្រះជាម្ចាស់ របៀបកោតខ្លាចទ្រង់ និងគេចចេញពីសេចក្តីអាក្រក់ របៀបបម្រើទ្រង់ របៀបរស់នៅក្នុងភាពជាមនុស្សសាមញ្ញ ជាដើម។ គ្រប់ទាំងទិដ្ឋភាពខុសៗគ្នានៃសេចក្តីពិតដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ សុទ្ធតែបំពេញ និងសម្រេចតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ក្រៅពីព្រះអាទិករ តើនរណាអាចនិយាយទៅកាន់មនុស្សជាតិទាំងអស់ទៅ? តើនរណាអាចសម្ដែងចេញដោយផ្ទាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាមទារពីមនុស្សជាតិ? ក្រៅពីព្រះជាម្ចាស់ តើនរណាអាចមើលឃើញសេចក្តីពិត និងសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ? តើនរណាអាចលាតត្រដាងពីនិស្ស័យបែបសាតាំងដែលលាក់កប់យ៉ាងជ្រៅបំផុតនៅក្នុងដួងចិត្តរបស់មនុស្ស? តើនរណាអាចសម្រេចកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយសង្រ្គោះមនុស្សចេញពីឥទ្ធិពលរបស់សាតាំងយ៉ាងហ្មត់ចត់ទៅ? គ្មានតារាល្បីល្បាញ បុគ្គលអស្ចារ្យ បញ្ញវន្ត ឬទេវវិទូណាម្នាក់អាចសម្ដែងចេញនូវសេចក្តីពិត ឬនិយាយទៅកាន់មនុស្សជាតិទាំងអស់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចមើលធ្លុះពីសារជាតិដ៏ពុករលួយរបស់មនុស្ស ឬសង្រ្គោះពួកគេពីការត្រួតត្រារបស់សាតាំងបានដែរ ពោលគឺមានតែព្រះអាទិករមួយអង្គប៉ុណ្ណោះដែលមានសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះ! ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការបង្ហាញចេញដ៏ពេញលេញអំពីសិទ្ធិអំណាច និងព្រះចេស្ដាដ៏វិសេសឯករបស់ព្រះជាម្ចាស់ ហើយព្រះបន្ទូលទាំងនេះគឺជាការបង្ហាញចេញពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយការនេះលើសពីសេចក្តីមន្ទិលរបស់មនុស្សគ្រប់គ្នាទៅទៀត។

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...