ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីពុករលួយជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឲ្យក្លាយជាពុករលួយអស់ ហើយសាតាំងក៏បាននាំឲ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថា វិចារណញ្ញាណរបស់មនុស្សបានបាត់បង់មុខងារដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឲ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែគេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាសទាល់តែសោះ! គេជាមនុស្សមានអំនួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សចាប់ផ្ដើមជាមួយនឹងការយល់ដឹងពីសារជាតិគេ និងតាមរយៈការផ្លាស់ប្ដូរការគិត លក្ខណៈធម្មជាតិ និងទស្សនៈវិស័យផ្លូវចិត្ដ និងតាមរយៈការផ្ដាស់ប្ដូរជាមូលដ្ឋាន។ មានតែតាមរយៈរបៀបនេះទេ ទើបការផ្ដាស់ប្ដូរពិតប្រាកដ អាចសម្រេចបាននៅក្នុងនិស្ស័យរបស់មនុស្ស។ និស្ស័យពុករលួយរបស់មនុស្ស កើតឡើងដោយសារសាតាំងបានបំពុល និងជាន់ឈ្លីពួកគេ និងដោយសារតែមហន្តរាយដ៏អាក្រក់ ដែលសាតាំងបានធ្វើដាក់មកលើការគិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយអស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឲ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនយល់អំពីសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។ អស់អ្នកណាដែលកើតមកនៅលើទឹកដីដែលពេញដោយសេចក្ដីពុករលួយបំផុតនោះ រឹតតែមិនដឹងអ្វីសោះពីព្រះជាម្ចាស់ ឬមិនដឹងចំពោះអត្ថន័យនៃការជឿលើព្រះជាម្ចាស់។ នៅពេលមនុស្សដែលកាន់តែពុករលួយ ពួកគេកាន់តែមិនសូវដឹងថា ព្រះជាម្ចាស់មានពិតប្រាកដមែន ហើយវិចារណញ្ញាណ និងការចេះដឹងរបស់គេ ក៏កាន់តែខ្សោយទៅៗដែរ។ ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីពុករលួយរបស់គេដែលបង្កដោយសាតាំង។ ដោយសារតែសេចក្ដីពុករលួយរបស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឲ្យក្លាយជាពុករលួយ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកឯង។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឲ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងល់។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឲ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឲ្យមនុស្សទៅជាពុករលួយ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះជាម្ចាស់ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងល់ប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

ការបើកសម្ដែងឲ្យឃើញអំពីនិស្ស័យពុករលួយរបស់មនុស្ស គ្មានប្រភពមកពីណាក្រៅពីមនសិការដែលអន់ថយ សន្ដានព្យាបាទ ព្រមទាំងវិចារណញ្ញាណដែលមិនសមរម្យរបស់គេ។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់មនុស្ស អាចប្រែក្លាយទៅជាធម្មតាម្ដងទៀតបាន នោះគេនឹងក្លាយជាមនុស្សម្នាក់ដែលសក្ដិសមនឹងប្រើប្រាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ វាជារឿងធម្មតាទៅហើយ ដោយសារមនសិការរបស់មនុស្សតែងតែស្ពឹកស្រពន់ជានិច្ច ហើយដោយសារតែវិចារណញ្ញាណរបស់មនុស្ស ដែលមិនធ្លាប់មានភាពសមរម្យផងនោះ ក៏កាន់តែអន់ថយទៅៗ ទើបមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាន់តែខ្លាំង គេថែមទាំងដល់ថ្នាក់ឆ្កាងព្រះយេស៊ូវនៅលើឈើឆ្កាង ព្រមទាំងបដិសេធចំពោះការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅគ្រាចុងក្រោយដែលទ្រង់យាងចូលក្នុងដំណាក់របស់ព្រះអង្គ ហើយគេក៏បានថ្កោលទោសសាច់ឈាមរបស់ព្រះជាម្ចាស់ និងមើលងាយបន្ទាបបន្ថោកសាច់ឈាមរបស់ព្រះអង្គផង។ ប្រសិនបើមនុស្សមាននូវភាពជាមនុស្សតែបន្ដិចនោះ គេនឹងមិនប្រព្រឹត្ដយ៉ាងឃោរឃៅ ចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមកនោះឡើយ។ ប្រសិនបើគេមានវិចារណញ្ញាណតែបន្តិច នោះគេនឹងមិនប្រព្រឹត្ដយ៉ាងព្រៃផ្សៃ ចំពោះសាច់ឈាមដែលព្រះជាម្ចាស់បានចាប់បដិសន្ធិនោះឡើយ។ ប្រសិនបើគេមានមនិសការតែបន្ដិច នោះគេនឹងមិន «អរព្រះគុណ» ចំពោះព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមក តាមរបៀបនេះឡើយ។ មនុស្សរស់នៅក្នុងយុគសម័យដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ប៉ុន្ដែ គេមិនអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការប្រទាននូវឱកាសល្អដល់ខ្លួនឡើយ ហើយផ្ទុយទៅវិញ គេក៏បានដាក់បណ្ដាសាចំពោះការយាងមករបស់ព្រះជាម្ចាស់ ឬបានព្រងើយកន្តើយ ចំពោះសេចក្ដីពិតនៃការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយក៏ហាក់ដូចជាប្រឆាំង និងនឿយណាយ ចំពោះការចាប់បដិសន្ធិនេះផងដែរ។ សរុបមក បើទោះបីជាមនុស្សប្រព្រឹត្តចំពោះការយាងមកវិញរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់តែងតែអនុវត្តកិច្ចការរបស់ទ្រង់ ដោយអត់ធ្មត់ ទោះបីជាមនុស្សមិនបានស្វាគមន៍ព្រះអង្គសូម្បីតែបន្ដិច និងតែងទូលសុំពីព្រះអង្គទាំងងងឹតងងល់ក្ដី។ និស្ស័យរបស់មនុស្ស បានប្រែក្លាយទៅជាឃោឃៅយ៉ាងខ្លាំង វិចារណញ្ញាណរបស់គេក៏កាន់តែស្ពឹកស្រពន់ខ្លាំងដែរ ហើយមនសិការរបស់គេក៏ត្រូវបានអារក្សជាន់ឈ្លីទាំងស្រុង ហើយលែងជាមនសិការដើមរបស់មនុស្សជាយូរមកហើយ។ មនុស្សមិនត្រឹមតែមិនដឹងគុណដល់ព្រះដែលក្លាយជាសាច់ឈាម ចំពោះការដែលទ្រង់ប្រទាននូវជីវិត និងព្រះគុណយ៉ាងច្រើនដល់មនុស្សជាតិទេ តែគេបែរជាតូចចិត្ដនឹងព្រះជាម្ចាស់ដែលបានប្រទាននូវសេចក្ដីពិតដល់ខ្លួនទៅវិញ នេះគឺដោយសារមនុស្សមិនមានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតសូម្បីតែបន្ដិច ទើបគេតូចចិត្ដចំពោះព្រះជាម្ចាស់បែបនេះ។ មនុស្សមិនត្រឹមតែមិនអាចលះបង់ជីវិតរបស់ខ្លួន សម្រាប់ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សនោះទេ ប៉ុន្តែគេថែមទាំងបានព្យាយាមទាញយកព្រះហឫទ័យអធ្យាស្រ័យពីទ្រង់ ហើយទាមទារផលប្រយោជន៍លើសពីអ្វីដែលមនុស្សបានថ្វាយចំពោះព្រះជាម្ចាស់រាប់សិបដងទៅទៀត។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបែបនេះ គិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយក៏នៅតែជឿថា ពួកគេបានលះបង់យ៉ាងច្រើនសម្រាប់ព្រះជាម្ចាស់ និងគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេបន្ដិចបន្ដួចប៉ុណ្ណោះ។ មានមនុស្សលាដៃទារឲ្យខ្ញុំសងទឹកដោះគោគេវិញពីរចាន ដ្បិតពួកគេបានឲ្យទឹកខ្ញុំមួយចាន ឬទារឲ្យខ្ញុំចេញថ្លៃបន្ទប់សំណាក់ឲ្យគេបីបួនយប់ ដោយសារតែគេចេញថ្លៃបន្ទប់សំណាក់ ឲ្យខ្ញុំមួយយប់។ តើអ្នកនៅតែចង់បានជីវិត ទាំងមានលក្ខណៈជាមនុស្ស និងមនសិការបែបនេះ ដូចម្ដេចបាន? អ្នកពិតជាមនុស្សទុរគតគួរឲ្យមើលងាយមែន! លក្ខណៈជាមនុស្ស និងមនសិការបែបនេះនៅក្នុងខ្លួនគេ គឺជាដើមហេតុដែលបណ្ដាលឲ្យព្រះជាម្ចាស់ដែលចាប់បដិសន្ធិជាមនុស្ស យាងមកត្រាច់ចរពេញផែនដី ដោយគ្មានកន្លែងណាធ្វើជាទីជម្រកឡើយ។ មនុស្សដែលមានមនសិការ និងលក្ខណៈជាមនុស្សពិតប្រាកដ គួរតែថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ ដែលបានយកកំណើតជាមនុស្សដោយអស់ពីចិត្ដ មិនមែនធ្វើដោយព្រោះតែព្រះអង្គបានធ្វើកិច្ចការជាច្រើនឡើយ តែត្រូវបម្រើព្រះអង្គ បើទោះបីជាទ្រង់មិនបានធ្វើការសោះក្ដី។ កិច្ចការនេះគួរតែត្រូវបានធ្វើឡើង ដោយបុគ្គលដែលមានវិចារណញ្ញាណត្រឹមត្រូវ ហើយវាគឺជាកាតព្វកិច្ចរបស់មនុស្ស។ មនុស្សភាគច្រើនហ៊ានទាំងនិយាយលក្ខខណ្ឌជាច្រើន ចំពោះការបម្រើព្រះជាម្ចាស់ទៀតផង៖ ពួកគេមិនខ្វល់ទេថា ទ្រង់ជាព្រះជាម្ចាស់ ឬជាមនុស្ស ហើយពួកគេគ្រាន់តែនិយាយអំពីលក្ខខណ្ឌរបស់ខ្លួនឯង ហើយគេព្យាយាមសម្រេចសេចក្ដីប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលអ្នករាល់គ្នាចម្អិនអាហារឲ្យខ្ញុំ អ្នករាល់គ្នាទាមទារថ្លៃឈ្នួលចុងភៅ នៅពេលអ្នករត់ឲ្យខ្ញុំ អ្នកក៏សុំថ្លៃរត់ នៅពេលអ្នកធ្វើការឲ្យខ្ញុំ អ្នកក៏ទាមទារថ្លៃធ្វើការដែរ នៅពេលអ្នកបោកគក់សម្លៀកបំពាក់របស់ខ្ញុំ អ្នកទាមទារថ្លៃបោកគក់ នៅពេលអ្នកផ្គត់ផ្គង់ដល់ក្រុមជំនុំ អ្នកក៏ទាមទារសំណងថ្លៃចំណាយមកវិញ នៅពេលអ្នកអធិប្បាយ អ្នកក៏ទាមទារថ្លៃអធិប្បាយ នៅពេលអ្នកចែកចាយសៀវភៅ អ្នកក៏ទាមទារថ្លៃឈ្នួលចែកចាយសៀវភៅនោះ ហើយនៅពេលដែលអ្នកសរសេរ អ្នកក៏ទាមទារថ្លៃនិពន្ធដែរ។ អស់អ្នកដែលខ្ញុំបានដោះស្រាយរួច ថែមទាំងបានទាមទារការតបស្នងពីខ្ញុំទៀត រីឯអស់អ្នកដែលត្រូវបានបញ្ជូនទៅផ្ទះ ក៏ទាមទារនូវសំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់គេ អស់អ្នកដែលមិនទាន់បានរៀបការ ក៏ទាមទារថ្លៃបណ្ណាការ ឬការទូទាត់សំណងសម្រាប់ការបាត់បង់ភាពជាយុវវ័យរបស់គេ អស់អ្នកដែលបានសម្លាប់សត្វមាន់ ក៏បានទាមទារថ្លៃសម្លាប់សត្វ អស់អ្នកដែលចៀនអាហារ ក៏ទាមទារថ្លៃឈ្នួលចៀន ហើយអស់អ្នកដែលស្លសម្ល ក៏ទាមទារថ្លៃស្លនោះដែរ...។ នេះហើយជាលក្ខណៈមនុស្សជាតិដ៏ខ្ពង់ខ្ពស់ និងអស្ចារ្យរបស់អ្នករាល់គ្នានោះ ហើយទង្វើទាំងនេះហើយដែលមនសិការដ៏កក់ក្ដៅរបស់អ្នករាល់គ្នាយកតម្រាប់តាម។ តើវិចារណញាណរបស់អ្នករាល់គ្នានៅឯណា? តើលក្ខណៈជាមនុស្សរបស់អ្នកនៅឯណា? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ប្រសិនបើអ្នករាល់គ្នានៅតែបន្ដបែបនេះ នោះខ្ញុំនឹងឈប់ធ្វើការក្នុងអ្នករាល់គ្នាជាមិនខាន។ ខ្ញុំនឹងមិនធ្វើការក្នុងចំណោមហ្វូងសត្វតិរច្ឆាន ដែលពាក់ស្បែកជាមនុស្សឡើយ ខ្ញុំនឹងមិនរងទុក្ខជំនួសក្រុមមនុស្សដែលយកទឹកមុខទន់ភ្លន់ មកលាក់បាំងចិត្ដព្រៃផ្សៃឡើយ ខ្ញុំនឹងមិនស៊ូទ្រាំជួសហ្វូងសត្វមួយក្ដាប់ ដែលមិនអាចទទួលបានការសង្គ្រោះ សូម្បីតែបន្ដិចនោះឡើយ។ នៅថ្ងៃដែលខ្ញុំយាងត្រលប់មករកអ្នករាល់គ្នាវិញ គឺជាថ្ងៃដែលអ្នករាល់គ្នាស្លាប់ជាមិនខាន វាជាថ្ងៃដែលភាពងងឹតចូលមកដល់អ្នករាល់គ្នា ហើយជាថ្ងៃដែលពន្លឺបោះបង់ចោលអ្នករាល់គ្នាផងដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ខ្ញុំនឹងមិនដែលមានចិត្ដសប្បុរស ចំពោះក្រុមមនុស្សដូចជាអ្នករាល់គ្នា ជាក្រុមមួយដែលអន់ជាងសត្វតិរច្ឆានទៅទៀតនោះឡើយ! ព្រះបន្ទូល និងសកម្មភាពរបស់ខ្ញុំមានដែនកំណត់ តាមភាពជាមនុស្សជាតិ និងមនសិការរបស់អ្នករាល់គ្នា នៅពេលនេះ ខ្ញុំនឹងមិនធ្វើការទៀតឡើយ ដ្បិតអ្នករាល់គ្នាខ្វះខាតមនសិការយ៉ាងខ្លាំង អ្នករាល់គ្នាបណ្ដាលឲ្យខ្ញុំមានការឈឺចាប់ក្រៃលែង ហើយឥរិយាបថដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា ក៏ធ្វើឲ្យខ្ញុំខ្ពើមរអើមខ្លាំងណាស់ដែរ។ មនុស្សណាដែលខ្វះខាតនូវភាពជាមនុស្ស និងមនសិការខ្លាំងពេក នោះនឹងមិនអាចមានឱកាសទទួលបានការសង្គ្រោះឡើយ។ ខ្ញុំនឹងមិនសង្គ្រោះមនុស្សដែលគ្មានចិត្ដ និងរមិលគុណឡើយ។ លុះវេលាកំណត់របស់ខ្ញុំមកដល់ ខ្ញុំនឹងបង្អុរភ្លើងដ៏សន្ធោសន្ធៅអស់កល្បជានិច្ចមកលើកូនចៅនៃសេចក្ដីរឹងចចេស ដែលធ្លាប់ពន្យុះឲ្យខ្ញុំពិរោធយ៉ាងខ្លាំង ខ្ញុំនឹងដាក់ទណ្ឌកម្មជាដរាប ដល់សត្វលោកណាដែលធ្លាប់គ្រវែងខ្ញុំចោល ដោយគ្មានសន្ដានចិត្ដ និងបានបោះបង់ចោលខ្ញុំ ខ្ញុំនឹងយកភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ មកដុតកូននៃសេចក្ដីរឹងចចេស ដែលធ្លាប់បានរួមអាហារ និងរស់នៅជាមួយខ្ញុំ តែមិនបានជឿលើខ្ញុំ គឺមនុស្សដែលបានជេរប្រមាថ និងក្បត់ខ្ញុំ។ អស់អ្នកណាដែលពន្យុះឲ្យខ្ញុំមានសេចក្ដីក្រោធ ខ្ញុំនឹងដាក់ទណ្ឌកម្មអ្នកនោះ ខ្ញុំនឹងបង្អុរសេចក្ដីក្រោធទាំងអស់របស់ខ្ញុំមកលើពួកតិរិច្ឆានដែលធ្លាប់ចង់នៅក្បែរខ្ញុំ ចង់បានឋានៈស្មើនឹងខ្ញុំ តែមិនបានថ្វាយបង្គំ ឬស្ដាប់បង្គាប់ខ្ញុំទេ។ រំពាត់ដែលខ្ញុំយកមកវាយមនុស្សនឹងត្រូវធ្លាក់ទៅលើពពួកសត្វដែលធ្លាប់តែរីករាយចំពោះការមើលថែរបស់ខ្ញុំ ហើយធ្លាប់រីករាយនឹងអាថ៌កំបាំងដែលខ្ញុំមានបន្ទូលប្រាប់ផង ព្រមទាំងអស់អ្នកណាដែលធ្លាប់ព្យាយាមយកការសប្បាយនឹងទ្រព្យសម្បត្តិដែលខ្ញុំប្រទានឲ្យ។ ខ្ញុំនឹងមិនអត់ទោសចំពោះនរណាដែលព្យាយាមដណ្ដើមតំណែងរបស់ខ្ញុំទេ ខ្ញុំនឹងមិនទុកជីវិតឲ្យនរណាម្នាក់ដែលព្យាយាមដណ្ដើមយកអាហារ និងសម្លៀកបំពាក់ពីខ្ញុំឡើយ។ ដ្បិតពេលនេះ អ្នករាល់គ្នាបានគេចផុតពីគ្រោះថ្នាក់ និងបន្ដទាមទារពីខ្ញុំហួសហេតុ។ ពេលថ្ងៃនៃសេចក្ដីក្រោធមកដល់ នោះអ្នករាល់គ្នានឹងមិនទាមទារអ្វីពីខ្ញុំទៀតឡើយ នៅគ្រានោះ ខ្ញុំនឹងឲ្យអ្នករាល់គ្នា «រីករាយ» នឹងភាពស្កប់ស្កល់នៃដួងចិត្ដរបស់ខ្លួនឯង ខ្ញុំនឹងបង្ខំអ្នករាល់គ្នាផ្កាប់មុខទៅនឹងដី ហើយអ្នករាល់គ្នានឹងមិនអាចក្រោកឡើងម្ដងទៀតបានឡើយ! មិនយូរប៉ុន្មាន ខ្ញុំនឹង «សង» បំណុលនេះទៅអ្នករាល់គ្នាវិញ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងរង់ចាំថ្ងៃនោះមកដល់ដោយសេចក្ដីអត់ធ្មត់។

ប្រសិនបើមនុស្សដែលគួរឲ្យមើលងាយនេះ ពិតជាអាចបោះបង់បំណងប្រាថ្នាដ៏ហួសហេតុនេះចោលបាន រួចវិលត្រលប់ទៅរកព្រះជាម្ចាស់វិញ នោះគេនៅតែមានឱកាសទទួលបានការសង្គ្រោះដដែល។ ប្រសិនបើមនុស្សមានដួងចិត្ដដែលពិតជាចង់បានព្រះជាម្ចាស់មែន នោះព្រះជាម្ចាស់នឹងមិនបោះបង់គេចោលឡើយ។ មនុស្សបរាជ័យមិនបានព្រះជាម្ចាស់ គឺមិនមែនដោយសារតែព្រះជាម្ចាស់រញ្ជួយព្រះទ័យ ឬដោយសារតែព្រះជាម្ចាស់មិនមានបំណងឲ្យមនុស្សទួលបានទ្រង់ដែរ ប៉ុន្ដែ មនុស្សទៅវិញទេដែលមិនចង់បានព្រះជាម្ចាស់ ហើយដោយសារតែមនុស្សមិនប្រញាប់ប្រញាល់ស្វែងរកព្រះជាម្ចាស់។ តើព្រះជាម្ចាស់អាចដាក់បណ្ដាសាមនុស្សណាម្នាក់ នៅក្នុងចំណោមមនុស្សដែលស្វែងរកទ្រង់ពិតប្រាកដ ដូចម្ដេចបាន? តើវិចារណញ្ញាណដ៏ត្រឹមត្រូវ និងមនសិការដែលប្រកបដោយវិចារណញាណ ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសាបានយ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលបានថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ពិតប្រាកដ ត្រូវឆេះបន្សុសដោយភ្លើងនៃព្រះពិរោធរបស់ទ្រង់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលរីករាយនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ ត្រូវបណ្ដេញចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលមិនអាចស្រលាញ់ព្រះជាម្ចាស់សមល្មម អាចរស់នៅក្នុងការដាក់ទោសរបស់ព្រះជាម្ចាស់ យ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលរីករាយនឹងលះបង់គ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់ ត្រូវទុកចោលដោយគ្មានអ្វីសោះ យ៉ាងដូចម្ដេច? មនុស្សគ្មានឆន្ទៈនឹងព្យាយាមឲ្យបានព្រះជាម្ចាស់ គ្មានឆន្ទៈនឹងលះបង់ទ្រព្យរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយគ្មានឆន្ទៈនឹងលះបង់ការខិតខំក្នុងមួយជីវិតរបស់ខ្លួន ដើម្បីព្រះជាម្ចាស់ ផ្ទុយទៅវិញ គេពោលថា ព្រះជាម្ចាស់ជ្រុលពេក ដោយលក្ខណៈរបស់ព្រះជាម្ចាស់ ខុសឆ្ងាយពីការយល់ឃើញរបស់មនុស្សខ្លាំងពេក។ ដោយមានភាពជាមនុស្សបែបនេះ បើទោះបីជាអ្នករាល់គ្នាមិនកំណត់ការប្រឹងប្រែងរបស់ខ្លួន ក៏អ្នកនៅតែមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ ដោយមិនបាច់និយាយដល់ការពិតដែលថា អ្នកមិនស្វែងរកព្រះជាម្ចាស់ផង។ តើអ្នករាល់គ្នាមិនដឹងទេអីឬថា អ្នករាល់គ្នា គឺជាទំនិញខូចគុណភាពរបស់មនុស្សលោក? តើអ្នកមិនដឹងទេឬអីថា គ្មានភាពជាមនុស្សណា ដែលទាបជាងភាពជាមនុស្សរបស់អ្នករាល់គ្នាទេ? តើអ្នករាល់គ្នាមិនដឹងពីងារដែលអ្នកដទៃហៅអ្នក ដើម្បីផ្ដល់កិត្តិយសដល់អ្នករាល់គ្នាទេឬអី? អស់អ្នកដែលស្រលាញ់ព្រះជាម្ចាស់ពិតប្រាកដ ហៅអ្នករាល់គ្នាថាជាឪពុកចចក ជាម្ដាយចចក ជាកូនចចក និងជាចៅចចក។ អ្នករាល់គ្នាជាពូជពង្សចចក ហើយអ្នករាល់គ្នាគួរតែស្គាល់ពីអត្ដសញ្ញាណរបស់ខ្លួន ហើយមិនត្រូវភ្លេចឡើយ។ ចូរកុំគិតថាខ្លួនជាបុគ្គលដ៏ខ្ពង់ខ្ពស់នោះឡើយ៖ អ្នករាល់គ្នា គឺជាសត្វតិរិច្ឆានដ៏សាហាវនៅក្នុងចំណោមមនុស្សជាតិ។ តើអ្នករាល់គ្នាមិនដឹងរឿងនេះសោះមែនទេ? តើអ្នករាល់គ្នាដឹងថា ខ្ញុំបានប្រថុយគ្រោះថ្នាក់ខ្លាំងប៉ុនណាទេ ក្នុងការមកធ្វើការក្នុងចំណោមអ្នករាល់គ្នានេះ? ប្រសិនបើវិចារណញ្ញាណរបស់អ្នករាល់គ្នា មិនអាចដូចធម្មតាឡើងវិញបាន ហើយមនសិការរបស់អ្នករាល់គ្នា មិនអាចដំណើរការដូចធម្មតាទេនោះ អ្នករាល់គ្នានឹងមិនអាចបោះបង់ងារជា «ចចក» នោះចោលបានទេ អ្នករាល់គ្នានឹងមិនអាចគេចផុតថ្ងៃនៃបណ្ដាសា និងថ្ងៃនៃការដាក់ទោសរបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាបានកើតមកក្នុងឋានៈតូចទាប ជាជីវិតមួយដែលគ្មានតម្លៃទាល់តែសោះ។ តាមសន្ដានអ្នករាល់គ្នាពីកំណើត អ្នកគឺចចកស្រេកឃ្លានមួយហ្វូង ជាគំនរកម្ទេចកម្ទី និងជាគំនរសំរាម ហើយខ្ញុំខុសពីអ្នករាល់គ្នា គឺខ្ញុំមិនធ្វើការក្នុងចំណោមអ្នករាល់គ្នា ដើម្បីទទួលបានការពេញចិត្ដឡើយ តែដោយសារតែតម្រូវការការងារដែលត្រូវបំពេញវិញ។ ប្រសិនបើអ្នករាល់គ្នានៅបន្ដបះបោររបៀបនេះទៀត នោះខ្ញុំនឹងបញ្ឈប់កិច្ចការរបស់ខ្ញុំ ហើយនឹងមិនធ្វើការក្នុងចំណោមអ្នករាល់គ្នាជាថ្មីម្ដងទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងផ្ទេរកិច្ចការរបស់ខ្ញុំ ទៅឲ្យមនុស្សមួយក្រុមផ្សេងទៀតដែលខ្ញុំសព្វព្រះទ័យ ហើយខ្ញុំនឹងចាកចេញពីអ្នករាល់គ្នារបៀបនេះ ជារៀងរហូត ដ្បិតខ្ញុំមិនចង់លើកតម្កើងអ្នកណាដែលជាសត្រូវនឹងខ្ញុំឡើយ។ ដូចនេះ តើអ្នករាល់គ្នានៅតែចង់ចុះសម្រុងជាមួយខ្ញុំ ឬចង់ធ្វើជាសត្រូវប្រឆាំងនឹងខ្ញុំ?

ខាង​ដើម៖ តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?

បន្ទាប់៖ មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ