១. អ្វីជាការប្រែចិត្តពិត និងអ្វីជាការបើកបង្ហាញការប្រែចិត្តពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

មនុស្សគ្រប់រូប មានពេលខ្លះប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយនៅពេលខ្លះ មនុស្សគ្រប់រូប បានបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមានចេតនាស្ដាប់បង្គាប់ព្រះដែលយកកំណើតជាសាច់ឈាម ហើយផ្គាប់ព្រះទ័យរបស់ព្រះចាប់ពីពេលនេះទៅ ដោយភាពស្មោះត្រង់របស់អ្នក ចូរអនុវត្តតាមសេចក្តីពិតដែលអ្នកគួរអនុវត្ត បំពេញភារកិច្ចដែលអ្នករាល់គ្នាគួរបំពេញ និង ប្រព្រឹត្តតាមបទបញ្ជាដែលអ្នកគួរប្រព្រឹត្តតាម ពេលនោះអ្នកគឺជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ចោលការបះបោររបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យព្រះ និងជាមនុស្សម្នាក់ ដែលព្រះធ្វើឲ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាចចេសរឹងរូស មិនព្រមមើលឃើញកំហុសរបស់ខ្លួន និងគ្មានបំណងកែប្រែខ្លួន ប្រសិនបើអ្នកនៅតែជម្នះ ចង់បន្តការបះបោររបស់អ្នក ដោយគ្មានបំណងចង់ប្រកបជាមួយព្រះ និងផ្គាប់ព្រះហឬទ័យរបស់ទ្រង់ ដូច្នេះមនុស្សដែលមានចិត្តរឹងត្បឹង និងមិនចេះប្រែចិត្តដូចជាអ្នក ពិតជានឹងត្រូវទទួលទណ្ឌកម្មជាក់ជាមិនខាន ហើយក៏នឹងមិនដែលក្លាយជាមនុស្សដែលព្រះប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ អ្នកគឺជាសត្រូវរបស់ព្រះនៅថ្ងៃនេះ ហើយថ្ងៃស្អែក អ្នកនឹងក្លាយជាសត្រូវរបស់ព្រះដែរ ហើយអ្នកនឹងនៅតែបន្តក្លាយជាសត្រូវរបស់ព្រះនៅថ្ងៃក្រោយទៀតដែរ។ អ្នករាល់គ្នានឹងក្លាយជាអ្នកប្រឆាំងទាស់ និងជាសត្រូវរបស់ព្រះជារៀងរហូត។ ក្នុងករណីនេះ តើព្រះអាចលើកលែងទោសដល់អ្នករាល់គ្នាដូចម្តេចបាន? ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាជាចរិតរបស់មនុស្ស តាំងពីកំណើត ប៉ុន្ដែ មនុស្សមិនបាច់មានចេតនាស្វែងយល់ពី «អាថ៌កំបាំង» នៃការប្រឆាំងទាស់នឹងព្រះនោះទេ ដ្បិតការផ្លាស់ប្តូរចរិតលក្ខណៈរបស់មនុស្ស គឺជាកិច្ចការដែលពិបាកបំផុត។ ប្រសិនបើដូច្នោះមែន នោះអ្នកគួរតែដើរចេញឱ្យឆ្ងាយ មុនហួសពេល ក្រែងលោទណ្ឌកម្មរបស់អ្នកនាពេលអនាគត កាន់តែធ្ងន់ធ្ងរ ហើយក្រែងលោចរិតធម្មជាតិដ៏កាចសាហាវរបស់អ្នករាល់គ្នាផ្ទុះឡើង និងមិនអាចគ្រប់គ្រងបាន រហូតរាងកាយខាងសាច់ឈាមរបស់អ្នក ត្រូវព្រះជាម្ចាស់កម្ចាត់ចោលនៅទីចុងបំផុតទៅ។ អ្នករាល់គ្នាជឿលើព្រះ ដើម្បីទទួលបានព្រះពរ។ ប៉ុន្តែ ប្រសិនបើនៅទីបំផុត មានតែសំណាងអាក្រក់ដែលកើតឡើងចំពោះអ្នក តើនោះមិនមែនជាការអាម៉ាស់ទេឬអី? ខ្ញុំសុំលើកទឹកចិត្តអ្នកចុះ យកល្អ អ្នកត្រូវរៀបចំផែនការមួយទៀត។ អ្វីក៏ដោយដែលអ្នកអាចធ្វើបាន មុខជាល្អប្រសើរជាងការជឿលើព្រះ៖ ប្រាកដណាស់ ផ្លូវមិនមែនមានតែមួយនេះទេ។ ប្រសិនបើអ្នកមិនបានស្វែងរកសេចក្តីពិត តើអ្នកអាចបន្តរួចជីវិតបានទេ? ហេតុអ្វីបានជាអ្នកត្រូវតែប្រឆាំងនឹងព្រះ យ៉ាងដូច្នេះ?

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សគ្រប់រូប តែងបានប្រព្រឹត្តអំពើរំលង មិនថាតិចឬច្រើននោះទេ។ នៅពេលដែលអ្នកមិនដឹងថាអំពើរំលងជាអ្វីនោះ អ្នកគិតលើអំពើនោះដោយសភាពនៃចិត្តដែលស្រពិចស្រពិល ឬប្រហែលជាអ្នកនៅតែបន្តប្រកាន់ខ្ជាប់តាមគំនិត ការអនុវត្ត និងវិធីនៃការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នកដដែល ប៉ុន្តែថ្ងៃមួយ អាចថាតាមរយៈការប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ឬតាមរយៈការបើកសម្ដែងរបស់ព្រះជាម្ចាស់ អ្នកក៏បានដឹងថា អំពើបែបនេះគឺជាអំពើរំលង ជាការប្រមាថដល់ព្រះជាម្ចាស់។ ដូច្នេះ តើអ្នកនឹងមានអាកប្បកិរិយា បែបណាវិញ? តើអ្នកនៅតែបន្តប្រកាន់ខ្ជាប់តាមគំនិតផ្ទាល់ខ្លួន ពិចារណារកហេតុផល ជជែកវែកញែក ធ្វើតាមគំនិតផ្ទាល់ខ្លួនរបស់អ្នកដដែល ដោយជឿថាអ្វីដែលអ្នកកំពុងធ្វើនោះស្របទៅតាមសេចក្ដីពិតមែនទេ? ចំណុចនេះពាក់ព័ន្ធនឹងអត្តចរិតរបស់អ្នកចំពោះព្រះជាម្ចាស់។ តើអត្តចរិតបែបណាដែលហ្លួងដាវីឌចាត់ទុកថាជាអំពើរំលង? មានការស្ដាយក្រោយ។ គាត់នឹងលែងប្រព្រឹត្តបែបនោះទៀតហើយ។ ដូច្នេះ តើគាត់បានធ្វើអ្វី? គាត់បានអធិស្ឋានទូលសុំឱ្យព្រះជាម្ចាស់ដាក់ទោសគាត់៖ «ប្រសិនបើទូលបង្គំប្រព្រឹត្តិខុសម្ដងទៀត សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ និងឱ្យទូលបង្គំស្លាប់ចុះ!» នោះគឺជាការតាំងចិត្តរបស់គាត់។ នោះគឺជាការស្ដាយក្រោយដ៏ពិតប្រាកដ។ តើមនុស្សធម្មតាអាចធ្វើបែបនេះបានដែរឬទេ? ចំពោះមនុស្សធម្មតា វាគឺជាការល្អប្រសិនបើពួកគេពុំព្យាយាមជជែកវែកញែក ឬទទួលខុសត្រូវដោយតុណ្ហីភាព ហើយនៅក្នុងដួងចិត្តរបស់ពួកគេវិញ ពួកគេបែរជាគិតថា៖ «ខ្ញុំសង្ឃឹមថាគ្មាននរណាម្នាក់លើកឡើងពីបញ្ហានេះម្ដងទៀតឡើយ។ ខ្ញុំនឹងត្រូងគេធ្វើឱ្យអាម៉ាស់មុខមិនខាន»។ តើនេះគឺជាការស្ដាយក្រោយពិតប្រាកដដែរឬទេ? ដើម្បីមានការស្ដាយក្រោយពិតប្រាកដ អ្នកត្រូវលះបង់រឿងអាក្រក់របស់អ្នកពីមុនចោល ទម្លាក់វាចុះ និងមិនត្រូវធ្វើរឿងបែបនោះម្ដងទៀតឡើយ។ មែនហើយ ដូច្នេះតើគប្បីត្រូវធ្វើអ្វីខ្លះ? តើគ្រាន់តែត្រូវលះបង់រឿងអាក្រក់ មិនត្រូវធ្វើរឿងអាក្រក់ និងមិនត្រូវគិតអំពីរឿងអាក្រក់ បានផលដែរឬទេ? តើអ្នកមានអាកប្បកិរិយា បែបណាចំពោះព្រះជាម្ចាស់? តើអ្នកមានវិធីសាស្រ្តអ្វីដែលអ្នកនឹងត្រូវនាំយកទៅជួបព្រះជាម្ចាស់ដែលបើកសម្ដែងឱ្យឃើញពីអ្នកក្នុងពេលនេះ? (យើងនឹងទទួលយកការដាក់ទោសរបស់ព្រះជាម្ចាស់)។ ការទទួលយកការដាក់ទោសរបស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាល់របស់ទ្រង់ គឺជាផ្នែកមួយ។ ផ្នែកមួយទៀត គឺការទទួលយកនូវការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលអ្នកទទួលយកការដាក់ទោសរបស់ទ្រង់។ នៅពេលអ្នកបានទទួលយកផ្នែកទាំងពីរនេះរួច តើការតាំងចិត្តរបស់អ្នកនឹងទៅជាបែបណា? នៅពេលអ្នកជួបប្រទះកាលៈទេសៈបែបនេះ និងបញ្ហាបែបនេះនៅពេលអនាគត តើអ្នកនឹងធ្វើបែបណា? បើគ្មានការស្ដាយក្រោយពិតប្រាកដទេ មនុស្សម្នាក់មិនអាចលះបង់សេចក្ដីអាក្រក់បានទេ ហើយនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ពួកគេអាចត្រឡប់ទៅរកក្បួនចាស់ដូចកាលពីមុនដែរ ដោយប្រព្រឹត្តអំពើរំលងដូចមុន ប្រព្រឹត្តកំហុសដូចមុនម្ដងហើយម្ដងទៀត។ ចំណុចនេះបើកសម្ដែងឱ្យឃើញនូវអាកប្បកិរិយា របស់មនុស្សចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

ដើមដំបូង មនុស្សមានការស្ទាក់ស្ទើរក្នុងការអនុវត្តសេចក្ដីពិត។ ចូរយកការបំពេញភារកិច្ចរបស់មនុស្សដ៏ស្មោះស្ម័គ្រភក្តីជាឧទាហរណ៍ចុះ៖ អ្នកមានការយល់ដឹងខ្លះៗអំពីការបំពេញភារកិច្ចរបស់អ្នក និងស្មោះស្ម័គ្រភក្តីចំពោះព្រះជាម្ចាស់ ហើយអ្នកក៏យល់ពីសេចក្ដីពិតដែលទាក់ទងដែរ ប៉ុន្តែតើពេលណាទើបអ្នកអាចលះបង់ខ្លួនដល់ព្រះជាម្ចាស់បានពេញលេញ? តើនៅពេលណាទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នកទាំងចិត្តទាំងកាយបាន? នេះនឹងត្រូវការឱ្យមានដំណើរការមួយ។ នៅក្នុងដំណើរការនេះ អ្នកអាចទទួលរងនូវទុក្ខលំបាកជាច្រើន។ អ្នកខ្លះអាចនឹងដោះស្រាយជាមួយអ្នក ហើយអ្នកខ្លះទៀតអាចនឹងរិះគន់អ្នក។ ភ្នែករបស់មនុស្សគ្រប់គ្នានឹងតាមមើលអ្នក ហើយមានតែពេលនោះទេ ទើបអ្នកនឹងចាប់ផ្ដើមដឹងថា អ្នកកំពុងធ្វើខុស ហើយអ្នកពិតជាមនុស្សដែលធ្វើមិនបានល្អមែន និងដឹងទៀតថា កង្វះការលះបង់នៅក្នុងការបំពេញភារកិច្ចរបស់អ្នកគឺជារឿងដែលមិនអាចទទួលយកបាន ហើយអ្នកមិនត្រូវធ្វេសប្រហែស ឬគ្រាន់តែធ្វើបង្គ្រប់កិច្ចឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកពីខាងក្នុង ហើយស្ដីបន្ទោសអ្នកនៅពេលអ្នកធ្វើខុស។ នៅក្នុងដំណើរការនេះ អ្នកនឹងយល់ដឹងរឿងមួយចំនួនអំពីខ្លួនអ្នក ហើយអ្នកនឹងដឹងថា អ្នកមិនបរិសុទ្ធយ៉ាងខ្លាំង អ្នកលាក់បាំងចេតនា ផ្ទាល់ខ្លួនច្រើនណាស់ និងមានសេចក្ដីប្រាថ្នាហួសប្រមាណ ច្រើនពេកក្រៃនៅពេលបំពេញភារកិច្ចរបស់អ្នក។ នៅពេលអ្នកបានយល់ពីសារជាតិនៃរឿងទាំងនេះហើយ នោះអ្នកអាចអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងប្រែចិត្តយ៉ាងពិតប្រាកដ។ តាមរបៀបនេះ អ្នកអាចត្រូវបានញែកជាបរិសុទ្ធចេញពីភាពមិនបរិសុទ្ធទាំងនោះ។ តាមបែបនេះ ប្រសិនបើអ្នកស្វះស្វែងរកសេចក្ដីពិតជារឿយៗដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកផ្ទាល់ នោះអ្នកនឹងចាប់ផ្ដើមដាក់ជើងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៃសេចក្ដីជំនឿ។ កាលណានិស្ស័យពុករលួយរបស់មនុស្សត្រូវបានបន្សុទ្ធកាន់តែច្រើន នោះនិស្ស័យនៃជីវិតរបស់ពួកគេនឹងកាន់តែផ្លាស់ប្រែ។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការផ្លាស់ប្ដូរនិស្ស័យចាប់ផ្ដើមចេញពីការទទួលស្គាល់សភាពនានាដែលកើតចេញពីនិស្ស័យផ្សេងៗ។ ប្រសិនបើមនុស្សម្នាក់មិនបានចាប់ផ្ដើមទទួលស្គាល់ចំណុចនេះទេ ប្រសិនបើមនុស្សម្នាក់មិនបានចូលទៅក្នុងទិដ្ឋភាពនៃតថភាពនេះទេ នោះការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សម្នាក់ មិនអាចទៅរួចនោះទេ។ ដូច្នេះ បើការផ្លាស់ប្ដូរនិស្ស័យមិនអាចទៅរួចទេ តើមនុស្សភាគច្រើនដើរតួនាទីអ្វីនៅក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ? វាគឺជាការខិតខំប្រឹងប្រែងធ្វើអ្វីដោយខ្លួនឯង ឱ្យខ្លួនឯងរវល់ជាប់នៅក្នុងកិច្ចការនានា។ ពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែភាគច្រើន គឺជាការងារធ្ងន់។ ពេលខ្លះ នៅពេលពួកគេមានអារម្មណ៍ល្អ ពួកគេខំប្រឹងប្រែងយ៉ាងខ្លាំង ហើយក្រោយមក នៅពេលពួកគេគ្មានអារម្មណ៍ល្អទេ ពួកគេមិនបានខំប្រឹងប្រែងទេ។ បន្ទាប់ពីនេះទៅ ពួកគេគិតជាថ្មីម្ដងទៀត ហើយមានអារម្មណ៍សោកស្ដាយខ្លះដែរ ដូច្នេះ ពួកគេក៏ប្រឹងបន្ថែមទៀត ហើយមានអារម្មណ៍ថា ពួកគេបានប្រែចិត្តហើយ។ តាមពិតទៅ នេះមិនមែនជាការផ្លាស់ប្ដូរពិតប្រាកដទេ។ នេះមិនមែនជាការប្រែចិត្តពិតប្រាកដទេ។ ការប្រែចិត្តពិតប្រាកដ ផ្ដើមចេញពីអាកប្បកិរិយារបស់អ្នក។ ប្រសិនបើមានការផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នក នោះអ្នកអាចលះបង់ខ្លួន និងលែងធ្វើអ្វីបែបនេះទៀតហើយ សកម្មភាពរបស់អ្នក ហាក់ដូចជាស្របគ្នានឹងគោលការណ៍នេះ ហើយអ្នកអាចមានគោលការណ៍ទាំងក្នុងពាក្យសម្ដី និងទង្វើរបស់អ្នកបន្ដិចម្ដងៗ ដូច្នេះ នេះគឺជាការចាប់ផ្ដើមការផ្លាស់ប្ដូរនិស្ស័យហើយ។

ដកស្រង់ពី «មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សខ្លះគ្រាន់តែធ្វើអ្វីឱ្យតែបាន ទៅតាមចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ «មនុស្សគ្រប់គ្នានិយាយថា ពួកគេត្រូវគេបោកប្រាស់ ដូច្នេះ ខ្ញុំក៏ត្រូវគេបោកប្រាស់ដែរ។ បើខ្ញុំថាខ្ញុំមិនត្រូវគេបោកប្រាស់ វាដូចជាចម្លែកពេក»។ ពួកគេនិយាយវាដោយសេចក្ដីអរសប្បាយ ហាក់ដូចជាកំពុងពាក់រោមសត្វនៅលើមួករបស់ពួកគេអ៊ីចឹង។ នេះគឺជាការធ្វើអ្វីឱ្យតែបាន។ តើមានការជាប់ជំពាក់ណាមួយក្នុងចំណេះដឹងរបស់ពួកគេដែលមកអំពីការធ្វើអ្វីឱ្យតែបាននេះដែរឬទេ? គ្មាននោះទេ។ មិនថាពួកគេទទួលស្គាល់ការបោកប្រាស់ខ្លួនឯង និងនិស្ស័យពុករលួយរបស់ពួកគេយ៉ាងណានោះទេ វាមិនមែនជាការទទួលស្គាល់ពិតប្រាកដឡើយ។ តើហេតុអ្វីបានជាខ្ញុំមានបន្ទូលថា វាមិនមែនជាការទទួលស្គាល់ពិតប្រាកដ? ការទទួលស្គាល់របស់ពួកគេ មិនមែនជាការលាតត្រដាង និងការស្អប់ខ្ពើមដោយពិតប្រាកដចំពោះខ្លួនពួកគេដែលមកអំពីជម្រៅចិត្តរបស់ពួកគេឡើយ។ ពួកគេគ្មានអារម្មណ៍ស្អប់ខ្ពើម គ្មានអារម្មណ៍ជាប់ជំពាក់ នៅពេលពួកគេធ្វើអ្វីអាក្រក់នោះទេ។ ពួកគេគ្មានអារម្មណ៍ជាប់ជំពាក់ នៅពេលពួកគេបោកប្រាស់ព្រះជាម្ចាស់ ឬប្រមាថព្រះជាម្ចាស់ ឬបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ឬនៅពេលពួកគេឆបោកមនុស្សដទៃឡើយ។ ប្រសិនបើពួកគេគ្មានអារម្មណ៍ជាប់ជំពាក់ទេ តើពួកគេអាចស្ដាយក្រោយដែរឬទេ? តើមនុស្សដែលគ្មានការស្ដាយក្រោយ អាចប្រែចិត្តបានទេ? តើមនុស្សដែលមិនអាចប្រែចិត្តបាន អាចបកក្រោយ និងបដិសេធប្រយោជន៍ខាងសាច់ឈាម ដើម្បីអនុវត្តសេចក្ដីពិតបានដែរឬទេ? ពួកគេមិនអាចទេ។ នេះគឺជាបញ្ហារបស់ដួងចិត្ត។ មនុស្សខ្លះស្គាល់ខ្លួនឯងពិតប្រាកដពីក្នុងចិត្តមក និងអាចប្រែចិត្តបាន។ បើទោះបីជាមាត់ពួកគេពុំនិយាយស្ដីចេញមកក្ដី ក៏ពួកគេមានការខ្មាស់អៀន ពួកគេមានអារម្មណ៍ថា ពួកគេបានកុហក ហើយពួកគេមិនអាចនិយាយប្រាប់អ្នកដទៃបានទេ នៅក្នុងក្នុងចិត្តរបស់ពួកគេ ពួកគេដឹងថា ពួកគេជាមនុស្សបោកប្រាស់ និងជាមនុស្សអាក្រក់ ដឹងថាពួកគេមិនមែនជាមនុស្សសុចរិត ដឹងថាពួកគេជាមនុស្សក្លែងក្លាយ និងបោកប្រាស់ទាំងស្រុង ដឹងថាពួកគេកំពុងបោកប្រាស់បងប្អូនប្រុសស្រី និងបោកប្រាស់ព្រះជាម្ចាស់។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេស្អប់ខ្លួនឯង ដូច្នេះហើយ ពួកគេមានការប្រែចិត្ត។ បើទោះបីជាមនុស្សគ្រប់គ្នាមានសារជាតិពីធម្មជាតិដូចគ្នាក៏ដោយ តែនៅពេលណាដែលពួកគេដឹងពីភាពល្ងង់ខ្លៅរបស់ខ្លួន ពួកគេនឹងមានអារម្មណ៍ខ្មាស់អៀន ពួកគេទទួលស្គាល់ថាគ្រប់សព្វសារពើដែលព្រះជាម្ចាស់បើកសម្ដែងពិតជាត្រឹមត្រូវ ហើយចាប់ផ្ដើមទទួលយកការជំនុំជម្រះ និងការវាយផ្ចាល។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ស្ដាយក្រោយយ៉ាងពិតប្រាកដ។ នេះគឺជាការយល់ដឹង និងចំណេះដឹងដ៏ពិតប្រាកដ។ ក្នុងពេលជាមួយគ្នានោះ អស់អ្នកណាដែលគ្មានការយល់ដឹងពិតប្រាកដ ក៏អាចធ្វើរឿងផ្លូវការណាមួយបានដដែលដែរ ប្រៀបដូចជាពួកគេកំពុងនិយាយកំប្លែង ឬសូត្រកំណាព្យឱ្យកូនក្មេងស្ដាប់។ ទាំងអស់នេះ គ្រាន់តែជាឃ្លាដែលគេសូត្រមកញឹកញាប់ប៉ុណ្ណោះ។ ការបោកប្រាស់របស់ពួកគេ ធ្វើឱ្យមនុស្សស្រក់ទឹកភ្នែក ប៉ុន្តែវាគ្មានន័យអ្វីចំពោះពួកគេឡើយ។ តើមានមនុស្សដូចនេះច្រើនដែរឬទេ? មនុស្សដូចនេះ គឺជាមនុស្សកំពូលបោកប្រាស់ហើយ។

ដកស្រង់ពី «មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អស់អ្នកដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅមានសង្ឃឹម និងឱកាស ដើម្បីប្រែចិត្ត ហើយក៏អាចជម្រុះចោលនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេដែរ តែពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកសេចក្តីពិតទេ ដូច្នេះ មិនថាអ្នកប្រាប់ពួកគេឱ្យបើកចិត្ត ហើយស្មោះត្រង់ និងមិនចាំបាច់ខ្វល់ខ្វាយ ឬរិះគិតអំពីអ្វីដែលខ្លួនត្រូវនិយាយ តែគ្រាន់តែនិយាយដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏ពួកគេមានអារម្មណ៍ថា អ្វីដែលចេញមកពីពួកគេនឹងជាការអាក្រក់ និងមានអារម្មណ៍ទៀតថា វាមិនអាចប្រើការបានឡើយ ពោលគឺគ្រាន់តែជាភាពល្ងីល្ងើប៉ុណ្ណោះ។ សូមសាកល្បងធ្វើតាមដែលពួកគេអាចធ្វើទៅចុះ ពួកគេមិនអាចយកវាទៅអនុវត្តបានឡើយ។ នោះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះហើយជាភាពខុសគ្នា។ ទោះបីជាសេចក្តីពិតត្រូវបានប្រាស្រ័យទាក់ទងតាមរបៀបណាក៏ដោយ ក៏មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះគ្រាន់តែទទួលស្គាល់ថា ពួកគេមិនបានប្រព្រឹត្តស្របតាមសេចក្តីពិត និងទទួលស្គាល់ទៀតថា ពួកគេមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ យ៉ាងណាមិញ ការព្រមទទួលរបស់ពួកគេគឺគ្មានប្រយោជន៍ឡើយ ហើយការទទួលយករបស់ពួកគេអំពីការនេះក៏គ្មានប្រយោជន៍អ្វីដែរ។ ពួកគេមិនអនុវត្តតាមសេចក្តីពិតទេ ដូច្នេះ ពួកគេក៏គ្មានសមត្ថភាពទទួលបានការផ្លាស់ប្ដូរ ហើយព្រះជាម្ចាស់ក៏នឹងមិនសង្រ្គោះពួកគេដែរ។ តែនៅពេលដែលពួកគេឮព្រះបន្ទូលទាំងនេះ មនុស្សខ្លះដែលមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ចងចាំព្រះបន្ទូលទាំងនោះនៅក្នុងដួងចិត្តរបស់ពួកគេ ហើយព្រះបន្ទូលទាំងនោះប៉ះពាល់ដួងចិត្តរបស់ពួកគេ។ «ដូច្នេះ នោះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ! នេះហើយជាការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះ ហើយការនេះពិតជាធ្ងន់ធ្ងរខ្លាំងណាស់! ខ្ញុំមានសភាពបែបនោះ ហើយនោះគឺជារបៀបដែលខ្ញុំប្រព្រឹត្ត។ ខ្ញុំមានសារជាតិបែបនោះ។ ហើយខ្ញុំជាប្រភេទមនុស្សបែបនោះឯង!» បន្ទាប់មក ពួកគេនឹងរិះគិតអំពីរបៀបដែលពួកគេអាចផ្លាស់ប្ដូរ របៀបដែលពួកគេអាចចៀសផុតពីនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ របៀបដែលពួកគេលែងពាក់ព័ន្ធជាមួយវា ឬជាប់ទាក់ទិននឹងវាទៀត និងរបៀបដែលមិនត្រូវដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅកន្លែងការងារ នៅក្នុងជីវិត នៅក្នុងច្រកចូលផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងឥរិយាបថរបស់ពួកគេចំពោះមនុស្ស ព្រឹត្តិការណ៍ និងវត្ថុ នៅក្នុងការដោះស្រាយជាមួយអ្វីៗដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ជាមួយពួកគេ ពួកគេនឹងពិចារណាមើលថាតើទង្វើនោះជារបស់ពួកទទឹងនឹងព្រះគ្រីស្ទឬអត់ ហើយពួកគេនឹងស្អប់វា នៅពេលដែលនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបើកសម្ដែងនៅក្នុងពួកគេ ហើយពួកគេមានអារម្មណ៍សោកស្ដាយ ក្រោយពេលដែលវាត្រូវបានបើកសម្ដែង។ តើចិត្តស្អប់ និងអារម្មណ៍សោកស្ដាយរបស់ពួកគេនឹងផ្ដល់ជាប្រយោជន៍ដល់ច្រកចូលទៅក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្ដេចទៅ? ក្នុងពេលមួយ ឬពីរឆ្នាំ នៅកន្លែងការងារក្ដី និងនៅក្នុងច្រកចូលផ្ទាល់ខ្លួនរបស់ពួកគេក្ដី ពួកគេនឹងកម្ចាត់ចោលនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេបន្ដិចម្ដងៗ ហើយតយុទ្ធ និងប្រឆាំងទាស់នឹងវា។ ពេលខ្លះ ពួកគេនឹងមិនអាចជួយខ្លួនឯងបានទេ ហើយពួកគេនឹងនៅតែចង់ធ្វើ និងនិយាយសម្រាប់ជាប្រយោជន៍នៃឋានៈបុណ្យសក្ដិដដែល។ ពួកគេនឹងស្អប់ខ្លួនឯង នៅពេលដែលពួកគេបាននិយាយរួច តែពួកគេនឹងធ្វើវាម្ដងទៀត បន្ទាប់ពីរឿងរ៉ាវបែបនេះកើតឡើង ហើយក្រោយមកក៏មានអារម្មណ៍សោកស្ដាយម្ដងទៀត ពោលគឺវាកើតឡើងដដែលៗបែបនេះ។ តើការដដែលៗនេះសបញ្ជាក់អំពីអ្វីទៅ? វាសបញ្ជាក់ឱ្យឃើញថា ពួកគេស្ថិតនៅក្នុងច្រកចូល។ បើគ្មានការដដែលៗ គ្មានច្រកចូល ឬដំណើរត្រឡប់ក្រោយបែបនេះទេ នោះក៏គ្មានជីវិតដែរ។ ការដដែលៗសបញ្ជាក់ឱ្យឃើញថា ជីវិតនៅក្នុងបុគ្គលម្នាក់គឺសំខាន់ណាស់ បញ្ជាក់ថាពួកគេមានជីវិត និងមានមូលដ្ឋានគ្រឹះមួយ។ មនុស្សខ្លះគ្មានអារម្មណ៍ គ្មានការឈឺចាប់ ឬគ្មានការសប្បាយឡើយ ហើយនៅពេលដែលពួកគេបានប្រកបគ្នាអំពីការនេះ ពួកគេទទួលស្គាល់ថា ពួកគេមាននិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ និងទទួលស្គាល់ទៀតថា ពួកគេបានដើរតាមមាគ៌ានៃពួកទទឹងនឹងព្រះគ្រីស្ទ។ អ្វីដែលពួកគេនិយាយមើលទៅដូចជាល្អគួរសម ប៉ុន្តែពេលនិយាយដល់ច្រកចូលវិញ វាគ្មានការតយុទ្ធនៅក្នុងពួកគេឡើយ។ សាកសួរពួកគេមើល៍ តើពួកគេបានតយុទ្ធទាស់នឹងនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេហើយឬនៅ? តើពួកគេស្ដីបន្ទោសខ្លួនឯងពីខាងក្នុងដែរឬទេ នៅពេលដែលពួកគេនិយាយការពារឋានៈបុណ្យសក្ដីរបស់ខ្លួននោះ? តើពួកគេមានអារម្មណ៍សោកស្ដាយអំពីវានៅពេលក្រោយដែរឬទេ? ដោយបានដឹងអំពីការនេះ តើពួកគេមានបំណងចង់ទប់សម្ដីរបស់ខ្លួនដែរឬទេ នៅពេលដែលពួកគេនិយាយនៅលើកក្រោយ? តើសភាពទាំងនេះមាននៅក្នុងពួកគេដែរឬទេ? អស់អ្នកដែលនិយាយបែបនេះនឹងនិយាយថា «ខ្ញុំមិនដឹងថា ខ្ញុំមានទាំងអស់នេះឡើយ»។ ពួកគេយល់ស្របថា ពួកគេមានទាំងអស់ តែក្រោយពេលដែលពួកគេបានសារភាពអំពីការនេះរួចមក វាគ្មានអ្វីមួយដែលទាក់ទងនឹងច្រកចូលដ៏ល្អិតល្អន់ ឬស្ថានភាពជាក់លាក់របស់ពួកគេទេ។ អស់អ្នកដែលបានចូលយ៉ាងពិតប្រាកដ ពួកគេនឹងនៅមិនស្ងប់ចិត្តឡើយ។ «ខ្ញុំដឹងថា ខ្ញុំមាននិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុអ្វីបានជាខ្ញុំមិនអាចកម្ចាត់វាចោលដូច្នេះ? វាពិបាកណាស់។ វាមិនមែនជារឿងងាយស្រួលក្នុងការផ្លាស់ប្ដូរឡើយ!» តើពាក្យសម្ដីរបស់ពួកគេដែលថា វាមិនងាយស្រួលនោះ សបញ្ជាក់អំពីអ្វីទៅ? វាសបញ្ជាក់ឱ្យឃើញថា នៅខាងក្នុងពួកគេ ពួកគេកំពុងតែចូល ពួកគេកំពុងតែតយុទ្ធ ហើយសភាពរបស់ពួកគេកំពុងតែឆ្លងកាត់ការផ្លាស់ប្ដូរថេរមួយ។ តាមរបៀបនេះ អ្វីៗនឹងប្រសើរឡើងបន្ដិចម្ដងៗ ហើយនៅទីបំផុត ពួកគេនឹងឈ្នះមិនខាន។ ការនេះមិនមែនជារឿងងាយស្រួលទេ! វាប្រៀបដូចជាការសង្រ្គោះមនុស្សម្នាក់ដែលកំពុងតែជិតស្លាប់ ហើយអ្នកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបានអ៊ីចឹង។ បើបុគ្គលម្នាក់នៅមានជីវិតនៅឡើយ នោះវានឹងនៅមានសញ្ញាជីវិតនៅក្នុងរូបកាយរបស់ពួកគេមិនខាន ចំណែកឯមនុស្សដែលស្លាប់បាត់វិញ វានឹងគ្មានការឆ្លើយតបឡើយ មិនថាអ្នកធ្វើអ្វីនោះទេ។ ពួកគេពិតជាស្លាប់ និងគ្មានដឹងខ្លួនឡើយ។

ដកស្រង់ពី «ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ

មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីពីរ)»

នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

កាលពីមុន មានមនុស្សមួយចំនួនបានបើកសម្ដែងពីនិស្ស័យជាក់លាក់របស់ពួកទទឹងនឹងព្រះគ្រីស្ទម្នាក់។ ពួកគេជាមនុស្សព្រៃផ្សៃ និងធ្វើតាមអំពើចិត្ត ដោយពួកគេចង់ធ្វើអ្វីៗតាមដែលពួកគេចង់ធ្វើ។ ប៉ុន្តែ តាមរយៈការដោះស្រាយ និងលួសកាត់ ពីសំណាក់បងប្អូនប្រុសស្រីដោយចែករំលែកការប្រកបជាមួយពួកគេ តាមរយៈការផ្លាស់ប្តូរ ឬជំនួស ដោយការរងទុក្ខនឹងឧបសគ្គធំៗ មានភាពអវិជ្ជមានមួយរយៈ ហើយបន្ទាប់មកគិតថា «មិនថាមានបញ្ហាអ្វីក៏ដោយ ខ្ញុំនៅតែត្រូវផ្តល់អាទិភាពក្នុងការបំពេញនូវភារកិច្ចឲ្យបានត្រឹមត្រូវ។ ខ្ញុំកំពុងដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំមិនត្រូវបានគេចាត់ទុកថាជាពួកទទឹងនឹងព្រះគ្រីស្ទទេ ដូច្នេះខ្ញុំត្រូវតែជឿជាក់លើជំនឿរបស់ខ្ញុំ ខ្ញុំត្រូវតែដេញតាមដោយស្មោះអស់ពីចិត្ត។ មិនមានអ្វីខុសទេជាមួយនឹងមាគ៌ានៃការដេញតាមសេចក្ដីពិត» បន្តិចម្តងៗ ពួកគេត្រឡប់បកក្រោយ ហើយបន្ទាប់មក ពួកគេក៏ប្រែចិត្ត។ មានការបើកសម្ដែងល្អៗនៅក្នុងពួកគេ ពួកគេស្វែងរកគោលការណ៍ពិតនៅពេលបំពេញភារកិច្ចរបស់ពួកគេ និងស្វែងរកគោលការណ៍នៃសេចក្ដីពិតនៅពេលចូលរួមជាមួយអ្នកដទៃផងដែរ។ ក្នុងគ្រប់កិច្ចការ ពួកគេឆ្ពោះទៅរកទិសដៅដែលប្រសើរជាងមុន។ តើពួកគេមិនបានផ្លាស់ប្តូរទេឬ? នេះជាការងាកបែរចេញពីការដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទៅរកការដើរតាមមាគ៌ានៃការអនុវត្ត និងដេញតាមសេចក្តីពិតវិញ។ មានក្តីសង្ឃឹមសម្រាប់ពួកគេ ពួកគេនៅមានឱកាស ពួកគេអាចបែរត្រឡប់ក្រោយវិញបាន។ តើអ្នកអាចចាត់ថ្នាក់មនុស្សបែបនេះថាជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយតែពួកគេធ្លាប់បានធ្វើការបើកសម្ដែងខ្លះៗអំពីពួកទទឹងនឹងព្រះគ្រីស្ទ ឬធ្លាប់ដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ បានទេ? អត់ទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រែចិត្តទេ ពួកគេមិនមានភាពខ្មាសអៀន ហើយលើសពីនេះទៀត និស្ស័យរបស់ពួកគេសាហាវ និងអាក្រក់ ហើយពួកគេស្អប់សេចក្ដីពិតខ្លាំងបំផុត។ តើការស្អប់ខ្ពើមខ្លាំងបំផុតរបស់ពួកគេកំណត់នូវអ្វីខ្លះ? ថាពួកគេមិនអាចប្រែចិត្តបានទេ។ ប្រសិនបើពួកគេស្អប់សេចក្ដីពិតដល់កម្រិតនេះហើយ តើពួកគេអាចអនុវត្តសេចក្តីពិតបានទេ ហើយតើពួកគេអាចប្រែចិត្តបានទេ? មិនអាចទៅរួចឡើយ។ ប្រសិនបើមានអ្វីមួយជាក់លាក់សម្រាប់មនុស្សដើម្បីអាចប្រែចិត្តបាន នោះគឺថាពួកគេបានធ្វើខុស តែអាចទទួលយកនូវការជំនុំជម្រះ និងការវាញផ្ចាលរបស់ព្រះជាម្ចាស់ អាចទទួលយកសេចក្តីពិតដែលព្រះជាម្ចាស់មានបន្ទូល ហើយអាចសាកល្បងដោយខំប្រឹងតាមដែលពួកគេអាចធ្វើទៅបានដើម្បីសហការ ដោយការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាសេចក្ដីថ្លែងផ្ទាល់ខ្លួនពួកគេ និងធ្វើឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតក្នុងជីវិតរបស់ពួកគេ។ ពួកគេទទួលយកសេចក្ដីពិត ហើយក្នុងជម្រៅដួងចិត្ត ពួកគេមិនស្អប់សេចក្ដីពិតទេ។ តើនេះមិនមែនជាភាពខុសគ្នាទេឬអី?

ដកស្រង់ពី «ពួកគេនឹងឱ្យអ្នកដទៃស្តាប់បង្គាប់តែពួកគេ

មិនមែនស្ដាប់បង្គាប់សេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីមួយ)»

នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

នៅពេលដែលស្ដេចក្រុងនីនីវេបានឮដំណឹងនេះ ទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ទ្រង់ដោះព្រះ‌ពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ បន្ទាប់មក ទ្រង់បានប្រកាសប្រាប់ថា មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនគេដោយសំពត់ធ្មៃ ហើយមនុស្សត្រូវអំពាវ‌នាវយ៉ាងខ្លាំងទៅព្រះជាម្ចាស់។ ស្ដេចក៏បានប្រកាសទៀតថា ពួកគេទាំងអស់គ្នាត្រូវតែងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។ ដោយវិនិច្ឆ័យចេញពីទង្វើជាបន្តបន្ទាប់នេះ ស្ដេចនៃក្រុងនីនីវេពិតជាមានការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់ទ្រង់មែន។ ទង្វើជាបន្តបន្ទាប់ដែលទ្រង់បានធ្វើនេះ ចាប់តាំងពីការយាងចុះពីរាជបល្ល័ង្ក ការដោះព្រះពស្ត្រចេញ ការឃ្លុំសំពត់ធ្មៃ និងការគង់នៅក្នុងផេះ ប្រាប់ទៅកាន់មនុស្សថា ស្ដេចនៃក្រុងនីនីវេកំពុងតែទុកឋានៈជាស្ដេចរបស់ទ្រង់នៅម្ដុំ ហើយឃ្លុំសំពត់ធ្មៃរួមជាមួយរាស្ត្រសាមញ្ញដែរ។ ការនេះបង្ហាញថា ក្រោយពេលបានឮដំណឹងពីព្រះយេហូវ៉ា ស្ដេចនៃក្រុងនីនីវេមិនបានកាន់កាប់មុខតំណែងជាស្ដេចរបស់ទ្រង់ ដើម្បីបន្តដើរតាមផ្លូវអាក្រក់របស់ទ្រង់ ឬបន្តធ្វើអំពើឃោរឃៅនៅក្នុងព្រះហស្តរបស់ទ្រង់ឡើយ ផ្ទុយទៅវិញ ទ្រង់បានទុកសិទ្ធិអំណាចដែលទ្រង់មាននៅម្ដុំសិន ហើយប្រែចិត្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ា។ ក្នុងពេលនោះ ស្ដេចនៃក្រុងនីនីវេមិនបានកំពុងប្រែចិត្ត ក្នុងនាមជាស្ដេចឡើយ ប៉ុន្តែ ទ្រង់បានចូលមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីប្រែចិត្ត និងលន់តួបាបរបស់ទ្រង់ ក្នុងនាមជាបុគ្គលសាមញ្ញម្នាក់ដែលស្ថិតនៅក្រោមចំណុះរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទ្រង់ក៏បានប្រាប់អ្នកក្រុងទាំងមូលឲ្យប្រែចិត្ត និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ា តាមរបៀបដែលទ្រង់បានធ្វើដែរ ហើយមួយវិញទៀត ទ្រង់មានគម្រោងជាក់លាក់អំពីរបៀបដែលត្រូវធ្វើ ដូចមានចែងនៅក្នុងបទគម្ពីរ៖ «មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ៖ ... ហើយអំពាវ‌នាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ»។ ក្នុងនាមជាព្រះរាជា ស្ដេចនៃក្រុងនីនីវេបានកាន់កាប់ឋានៈ និងអំណាចដ៏ខ្ពស់បំផុត ហើយទ្រង់អាចធ្វើអ្វីៗតាមតែទ្រង់ចង់ធ្វើ។ នៅពេលប្រឈមជាមួយដំណឹងរបស់ព្រះយេហូវ៉ា ទ្រង់អាចព្រងើយកន្ដើយចំពោះដំណឹងនោះ ឬគ្រាន់តែប្រែចិត្ត និងលន់តួបាបរបស់ទ្រង់តែអង្គឯង ហើយព្រងើយកន្ដើយចំពោះប្រជាជននៅក្នុងក្រុងនេះ ដោយឲ្យពួកគេជ្រើសរើសប្រែចិត្តឬក៏អត់ គឺជារឿងរបស់គេ។ ប៉ុន្តែ ស្ដេចនៃក្រុងនីនីវេមិនបានធ្វើបែបនេះឡើយ។ ទ្រង់មិនគ្រាន់តែយាងចុះពីរាជបល្ល័ង្ក ឃ្លុំសំពត់ធ្មៃ និងគង់នៅក្នុងផេះ ហើយប្រែចិត្ត ព្រមទាំងលន់តួបាបរបស់ទ្រង់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏បញ្ជាឲ្យមនុស្ស និងសត្វទាំងអស់នៅក្នុងទីក្រុងនេះ ធ្វើដូចគ្នាដែរ។ ទ្រង់ថែមទាំងបញ្ជាឲ្យមនុស្សទាំងអស់ «ហើយអំពាវ‌នាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា»។ ទៀតផង។ តាមរយៈសកម្មភាពជាបន្តបន្ទាប់នេះ ស្ដេចនៃក្រុងនីនីវេបានធ្វើនូវកិច្ចការដែលស្ដេចមួយអង្គគួរតែធ្វើយ៉ាងពិតប្រាកដ។ សកម្មភាពជាបន្តបន្ទាប់របស់ទ្រង់ គឺជាសកម្មភាពមួយដែលពិបាកធ្វើសម្រាប់ស្ដេចផ្សេងៗនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយជាការពិត គឺគ្មានស្ដេចណាផ្សេងអាចសម្រេចកិច្ចការទាំងនេះបានឡើយ។ សកម្មភាពទាំងនេះអាចត្រូវបានហៅថា មិនធ្លាប់មានពីមុនមកឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយវាជាសកម្មភាពដែលសក្ដិសមឲ្យមនុស្សជាតិស្ងើចសរសើរ និងយកតម្រាប់តាម។ តាំងពីដើមដំបូងនៃមនុស្សមក ស្ដេចគ្រប់រូបបានដឹកនាំមនុស្សរបស់ទ្រង់ ដើម្បីប្រឆាំង និងជំទាស់ចំពោះព្រះជាម្ចាស់។ គ្មាននរណាម្នាក់ធ្លាប់ដឹកនាំប្រជារាស្ត្ររបស់ខ្លួនឲ្យអំពាវនាវទៅកាន់ព្រះជាម្ចាស់ ដើម្បីស្វែងរកការប្រោសលោះពីអំពើអាក្រក់របស់គេ ទទួលការអត់ទោសរបស់ព្រះយេហូវ៉ា និងចៀសផុតពីការដាក់ទោសដែលជិតមកដល់នោះឡើយ។ យ៉ាងណាមិញ ស្ដេចនៃក្រុងនីនីវេអាចដឹកនាំប្រជារាស្ត្ររបស់ទ្រង់ឲ្យបែរទៅរកព្រះជាម្ចាស់ ឲ្យងាកចេញពីអំពើអាក្រក់របស់ខ្លួន និងបោះបង់ចោលអំពើឃោរឃៅរបស់ខ្លួនដែលមានក្នុងដៃរបស់គេ។ លើសពីនេះទៅទៀត ទ្រង់ក៏អាចទុករាជបល្ល័ង្ករបស់ទ្រង់នៅម្ដុំសិនដែរ ហើយជាលទ្ធផល ព្រះយេហូវ៉ាបានផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ និងមានព្រះទ័យសោកស្ដាយ ដោយដកសេចក្ដីក្រោធរបស់ទ្រង់មកវិញ ហើយអនុញ្ញាតឲ្យអ្នកក្រុងនីនីវេបន្តមានជីវិតរស់ ដោយមិនឲ្យពួកគេត្រូវបំផ្លាញឡើយ។ សកម្មភាពរបស់ស្ដេចអាចត្រូវបានហៅថាជាការអស្ចារ្យដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយអាចចាត់ទុកថាជាឧទាហរណ៍គំរូមួយអំពីមនុស្សជាតិដ៏ពុករលួយ ដែលប្រែចិត្ត និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«ផ្លូវអាក្រក់» នេះ មិនសំដៅទៅលើអំពើអាក្រក់មួយក្ដាប់តូចនោះឡើយ ប៉ុន្តែ សំដៅលើប្រភពនៃអំពើអាក្រក់ ដែលស្ដែងចេញឲ្យឃើញតាមរយៈអាកប្បកិរិយារបស់មនុស្ស។ «ងាកចេញពីផ្លូវអាក្រក់របស់គេ» មានន័យថា អស់អ្នកដែលពាក់ព័ន្ធនឹងមិនត្រូវប្រព្រឹត្តទង្វើទាំងនេះម្ដងទៀតឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ពួកគេនឹងមិនត្រូវប្រព្រឹត្តអំពើអាក្រក់នេះម្ដងទៀតឡើយ ហើយវិធីសាស្ត្រ ប្រភព គោលបំណង ចេតនា និងគោលការណ៍នៃសកម្មភាពរបស់គេបានផ្លាស់ប្ដូរទាំងអស់ ព្រោះពួកគេនឹងមិនប្រើវិធីសាស្ត្រ និងគោលការណ៍ទាំងនេះ ដើម្បីទទួលបានការរីករាយ និងការសប្បាយនៅក្នុងចិត្តរបស់គេទៀតឡើយ។ ពាក្យថា «ងាកចេញ» នៅក្នុង «និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ» មានន័យថា ទម្លាក់ចុះ លះចោល កាត់ផ្ដាច់ទាំងស្រុងពីអតីតកាល ហើយលែងបែរក្រោយ។ នៅពេលដែលអ្នកក្រុងនីនីវេបានបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេ ការនេះបានបញ្ជាក់ និងតំណាងឲ្យការប្រែចិត្តដ៏ពិតរបស់គេ។ ព្រះជាម្ចាស់ទតឃើញអាការៈខាងក្រៅរបស់មនុស្ស រួមទាំងដួងចិត្តរបស់គេដែរ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញយ៉ាងច្បាស់អំពីការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់អ្នកក្រុងនីនីវេ ហើយក៏បានទតឃើញថា ពួកគេបានចាកចេញពីផ្លូវអាក្រក់របស់គេ និងបានបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេ នោះទ្រង់ក៏បានប្ដូរព្រះទ័យរបស់ទ្រង់ដែរ។ ការនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ការប្រព្រឹត្ត អាកប្បកិរិយា និងទង្វើរបស់មនុស្សទាំងនេះ ព្រមទាំងការលន់តួ និងការប្រែចិត្តដ៏ពិតរបស់គេចេញពីអំពើបាប បានធ្វើឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ប្ដូរចេតនា ដកការសម្រេចព្រះទ័យរបស់ទ្រង់ ហើយមិនដាក់ទោស ឬបំផ្លាញពួកគេឡើយ។ ដូច្នេះ អ្នកក្រុងនីនីវេទទួលបាននូវលទ្ធផលខុសពីមុនសម្រាប់ពួកគេផ្ទាល់។ ពួកគេបានរួចជីវិត ហើយក្នុងពេលជាមួយគ្នា ពួកគេក៏ទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ដែរ នៅពេលដែលព្រះជាម្ចាស់បានដកសេចក្ដីក្រោធរបស់ទ្រង់វិញ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើពេត្រុសមានវិប្បដិសារីបំផុតចំពោះអ្វីខ្លះ? ក្រោយពេលពេត្រុសបាននិយាយថា៖ «ទ្រង់ជាបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» មិនបានប៉ុន្មាន ព្រះយេស៊ូវក៏សួរសំណួរមួយទៀតដល់ពេត្រុស (ទោះបីវាមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរតាមរបៀបនេះក៏ដោយ)។ ព្រះយេស៊ូវបានសួរគាត់ថា៖ «ពេត្រុសអើយ! តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានយល់ពីអត្ថន័យព្រះបន្ទូលរបស់ទ្រង់ ហើយបាននិយាយថា៖ «ឱ ព្រះអម្ចាស់អើយ! ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ ទូលបង្គំសូមសារភាពថា ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ»។ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖ «បើមនុស្សមិនស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះរាជបុត្រាទ្រង់ដែលនៅលើផែនដីនេះបាន? ហើយប្រសិនបើមនុស្សមិនស្រឡាញ់ព្រះរាជបុត្រាដែលព្រះជាម្ចាស់ព្រះដ៏ជាវរបិតាចាត់មកផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌បាន? ប្រសិនបើមនុស្សពិតជាស្រឡាញ់ព្រះរាជបុត្រាដែលគង់នៅលើផែនដី នោះពួកគេក៏ពិតជាស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ ពេលពេត្រុសបានឮពាក្យទាំងនេះ គាត់ក៏បានដឹងពីអ្វីដែលគាត់គ្មាន។ គាត់តែងមានវិប្បដិសារី រហូតដល់ស្រក់ទឹកភ្នែក ស្ដាយពាក្យសម្ដី ដែលគាត់បាននិយាយថា៖ «ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ ទូលបង្គំមិនធ្លាប់ស្រឡាញ់ទ្រង់ឡើយ»។ ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងក្រោយពេលដែលទ្រង់រយាងឡើងស្ថានសួគ៌ គាត់កាន់តែមានវិប្បដិសារី និងស្ដាយក្រោយចំពោះពាក្យទាំងនេះ។ ដោយនឹកចាំអំពីកិច្ចការពីអតីតកាល និងឋានៈបច្ចុប្បន្នរបស់គាត់ ជារឿយៗ គាត់នឹងចូលមកចំពោះព្រះយេស៊ូវដោយអធិស្ឋាន ទាំងមានអារម្មណ៍ស្ដាយក្រោយ និងជំពាក់ទ្រង់រហូត ដោយសារតែគាត់មិនបានបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបានបំពេញតាមបទដ្ឋានរបស់ព្រះជាម្ចាស់។ រឿងទាំងនេះបានក្លាយជាបន្ទុកដ៏ធំបំផុតរបស់គាត់។ គាត់បាននិយាយថា៖ «នៅថ្ងៃមួយ ទូលបង្គំនឹងថ្វាយដល់ទ្រង់នូវអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលជីវិតទូលបង្គំ ហើយទូលបង្គំនឹងថ្វាយដល់ទ្រង់ នូវរបស់ដែលមានតម្លៃបំផុត»។ គាត់បាននិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ជីវិតរបស់ទូលបង្គំគ្មានតម្លៃអ្វីឡើយ ឯរូបកាយទូលបង្គំទៀតសោត ក៏គ្មានតម្លៃដែរ។ ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ក្នុងគំនិតទូលបង្គំមានតែសេចក្តីជំនឿជឿលើទ្រង់ប៉ុណ្ណោះ ចំណែកក្នុងចិត្តទូលបង្គំ ក៏មានតែសេចក្តីស្រឡាញ់ចំពោះទ្រង់ដែរ។ ទូលបង្គំមានតែរបស់ពីរនេះប៉ុណ្ណោះ ដែលទូលបង្គំអាចថ្វាយដល់ទ្រង់ គឺគ្មានអ្វីផ្សេងឡើយ»។ ពេត្រុសបានទទួលការលើកទឹកចិត្ត ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រោះមុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់បានប្រាប់ពេត្រុសថា៖ «ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយអ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ»។ ក្រោយមក ពេលពេត្រុសមានការឈឺចាប់ខ្លាំងពេក ព្រះយេស៊ូវក៏បានរំឭកដល់គាត់ថា៖ «ពេត្រុសអើយ តើអ្នកបានភ្លេចហើយឬ? ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយដែលខ្ញុំបានចាកចេញមុននេះ ក៏ដោយសារតែកិច្ចការរបស់ខ្ញុំដែរ។ អ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ តើអ្នកពិតជាភ្លេចហើយមែនទេ? ខ្ញុំបានប្រាប់អ្នកពីរដងហើយ តើអ្នកមិនចាំទេឬអី?» ពេលឮព្រះបន្ទូលទាំងនេះ ពេត្រុសក៏បានឆ្លើយថា៖ «ទូលបង្គំមិនបានភ្លេចនោះឡើយ!» បន្ទាប់មក ព្រះយេស៊ូវបានមានព្រះបន្ទូលថា៖ «អ្នកធ្លាប់បានចំណាយ ពេលដ៏រីករាយជាមួយខ្ញុំនៅស្ថានសួគ៌ និងបានចំណាយពេលមួយរយៈនៅក្បែរខ្ញុំ។ អ្នកនឹកខ្ញុំ ហើយខ្ញុំក៏នឹកអ្នកដែរ។ ទោះបីជាសត្តនិករទាំងអស់គ្មានតម្លៃនឹងលើកយកមកនិយាយ នៅចំពោះព្រះនេត្ររបស់ខ្ញុំក៏ដោយ ប៉ុន្តែ តើខ្ញុំមិនអាចស្រឡាញ់មនុស្សស្លូតត្រង់ និងគួរឲ្យស្រឡាញ់ដូចម្ដេចបាន? តើអ្នកបានភ្លេចព្រះបន្ទូលសន្យារបស់ខ្ញុំហើយឬ? អ្នកត្រូវតែទទួលយកសេចក្តីបង្គាប់របស់ខ្ញុំនៅលើផែនដី ហើយអ្នកត្រូវតែសម្រេចភារកិច្ចដែលខ្ញុំបានផ្ទុកផ្ដាក់ឲ្យអ្នកធ្វើ។ ថ្ងៃមួយ ខ្ញុំច្បាស់ជាដឹកនាំអ្នកឲ្យមកនៅក្បែរខ្ញុំវិញ»។ ក្រោយពេលឮពាក្យនេះ ពេត្រុសកាន់តែមានទឹកចិត្ត និងទទួលបាននូវការជំរុញចិត្តកាន់តែខ្លាំង ដល់ថ្នាក់ពេលដែលគាត់ជាប់នៅលើឈើឆ្កាង គាត់អាចនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចស្រឡាញ់ទ្រង់បានសមល្មមឡើយ! ទោះបីជាទ្រង់បង្គាប់ឲ្យទូលបង្គំស្លាប់ក៏ដោយ ក៏ទូលបង្គំនៅតែមិនស្រឡាញ់ទ្រង់ឲ្យល្មមដែរ។ ទោះបីជាទ្រង់បញ្ជូនព្រលឹងរបស់ទូលបង្គំទៅកន្លែងណា ទោះបីជាទ្រង់មិនបំពេញតាមព្រះបន្ទូលសន្យាពីអតីតកាលរបស់ទ្រង់ ហើយទោះបីជាទ្រង់នឹងធ្វើអ្វីនៅពេលខាងមុខនោះឡើយ ក៏ទូលបង្គំនៅតែស្រឡាញ់ និងជឿលើទ្រង់ជានិច្ច»។ អ្វីដែលគាត់បានប្រកាន់ខ្ជាប់ គឺជាសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់គាត់។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. មូលហេតុដែលមនុស្សមិនអាចសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងសេចក្ដីសង្គ្រោះ ដោយគ្មានការស្គាល់ខ្លួនឯង

បន្ទាប់៖ ២. វិធីដែលមនុស្សអាចសម្រេចបានការប្រែចិត្តពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ