៤. វិធីដែលមនុស្សអាចចូលទៅក្នុងការអធិស្ឋានដ៏ពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលអធិស្ឋាន អ្នកត្រូវតែមានដួងចិត្តដែលស្ងប់ស្ងាត់នៅចំពោះព្រះ ហើយអ្នកត្រូវមានដួងចិត្តដ៏ស្មោះសរ។ អ្នកកំពុងតែមានទំនាក់ទំនងដ៏ស្និទ្ធស្នាលពិត និងកំពុងអធិស្ឋានជាមួយព្រះ ដូច្នេះ អ្នកមិនត្រូវព្យាយាមបញ្ជោរព្រះ ដោយពាក្យពីរោះស្ដាប់នោះឡើយ។ ការអធិស្ឋានគួរតែផ្ដោតសំខាន់លើអ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវនេះ។ ចូរទូលសុំព្រះជាម្ចាស់ឲ្យប្រទានដល់អ្នកនូវការស្រាយបំភ្លឺ និងការស្រាយពន្យល់កាន់តែធំ សុំឲ្យទ្រង់នាំយកសភាពពិត និងបញ្ហារបស់អ្នក ចូលទៅក្នុងព្រះវត្តមានរបស់ទ្រង់ នៅពេលដែលអ្នកអធិស្ឋាន រួមទាំងការតាំងចិត្តដែលអ្នកបានធ្វើចំពោះព្រះផងដែរ។ ការអធិស្ឋានមិនមែនអំពីការធ្វើតាមនីតិវិធីឡើយ ប៉ុន្តែវាជាការស្វែងរកព្រះ ដោយចេញពីចិត្តស្មោះសរ។ ចូរទូលសូមឲ្យព្រះជាម្ចាស់ការពារដួងចិត្តរបស់អ្នក ដើម្បីឲ្យដួងចិត្តរបស់អ្នកអាចនៅស្ងប់ស្ងាត់ចំពោះទ្រង់ ជាញឹកញាប់។ ចូរទូលសូមឲ្យទ្រង់ដាក់អ្នកនៅក្នុងបរិយាកាសមួយ ដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្លួនឯង និងបោះបង់ចោលខ្លួនឯង ការធ្វើបែបនេះ អនុញ្ញាតឲ្យអ្នកមានទំនាក់ទំនងតាមធម្មតាជាមួយព្រះ និងក្លាយជាបុគ្គលម្នាក់ដែលពិតជាស្រឡាញ់ព្រះ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លក្ខខណ្ឌអប្បបរមាដែលព្រះជាម្ចាស់តម្រូវចង់បានពីមនុស្ស គឺឲ្យមនុស្សអាចបើកចិត្តរបស់គេចំពោះទ្រង់។ ប្រសិនបើមនុស្សថ្វាយដួងចិត្តដ៏ពិតរបស់គេដល់ព្រះ ហើយនិយាយអំពីអ្វីដែលមាននៅខាងក្នុងចិត្តរបស់គេ នោះព្រះជាម្ចាស់នឹងព្រមធ្វើការនៅខាងក្នុងគេមិនខាន។ អ្វីដែលព្រះជាម្ចាស់ចង់បាន មិនមែនជាដួងចិត្តដែលវៀចវេររបស់មនុស្សឡើយ ប៉ុន្តែ ជាដួងចិត្តដ៏បរិសុទ្ធ និងទៀងត្រង់។ ប្រសិនបើមនុស្សមិននិយាយទៅកាន់ព្រះ ដោយចេញពីចិត្តរបស់គេទេ នោះព្រះជាម្ចាស់នឹងមិនប៉ះពាល់ដួងចិត្តរបស់គេ ឬក៏ធ្វើការនៅក្នុងគេឡើយ។ ដូច្នេះ ចំណុចសំខាន់នៃការអធិស្ឋាន គឺជាការទូលទៅកាន់ព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់អ្នក ប្រាប់ទ្រង់អំពីសេចក្តីខ្វះចន្លោះ ឬនិស្ស័យបះបោររបស់អ្នក លាតត្រដាងដួងចិត្តរបស់អ្នកទាំងស្រុងនៅចំពោះទ្រង់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់ចាប់អារម្មណ៍លើការអធិស្ឋានរបស់អ្នក បើមិនដូច្នោះទេ ទ្រង់នឹងលាក់ព្រះភក្ត្ររបស់ទ្រង់ពីអ្នកមិនខាន។ លក្ខខណ្ឌអប្បបរមាសម្រាប់ការអធិស្ឋាន គឺអ្នកត្រូវតែចេះរក្សាចិត្តរបស់អ្នកឲ្យស្ងប់ នៅចំពោះព្រះ ហើយដួងចិត្តនេះមិនត្រូវនៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ ក្នុងដំណាក់កាលនេះ អ្នកប្រហែលជាមិនទទួលបានការយល់ដឹងថ្មីៗ ឬខ្ពស់ជាងមុនឡើយ ប៉ុន្តែ អ្នកត្រូវតែប្រើការអធិស្ឋាន ដើម្បីថែរក្សាស្ថានភាពបច្ចុប្បន្នរបស់អ្នក អ្នកមិនត្រូវរាថយឡើយ។ នេះជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកត្រូវសម្រេច។ ប្រសិនបើសូម្បីតែកិច្ចការនេះ ក៏អ្នកមិនអាចសម្រេចផង បញ្ជាក់ឲ្យឃើញថា ជីវិតខាងវិញ្ញាណរបស់អ្នក មិនបានដើរនៅលើផ្លូវត្រូវឡើយ។ ជាលទ្ធផល អ្នកនឹងមិនអាចប្រកាន់ខ្ជាប់នឹងនិមិត្តដែលអ្នកមានកាលពីដំបូង អ្នកនឹងបាត់បង់សេចក្តីជំនឿលើព្រះ ហើយការតាំងចិត្តដ៏មោះមុតរបស់អ្នក នឹងបាត់បង់ទៅបន្ដិចម្ដងៗ។ សញ្ញាមួយដែលបង្ហាញថា អ្នកបានចូល ឬមិនបានចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺជាការមើលឃើញថា ការអធិស្ឋានរបស់អ្នក ស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ មនុស្សទាំងអស់ត្រូវតែចូលទៅក្នុងការពិតនេះ។ ពួកគេទាំងអស់ត្រូវតែមានស្មារតីធ្វើកិច្ចការហ្វឹកហាត់ខ្លួនឯងនៅក្នុងការអធិស្ឋាន មិនមែនអង្គុយរង់ចាំ ដោយមិនធ្វើអ្វីសោះនោះឡើយ ប៉ុន្តែត្រូវមានស្មារតីស្វះស្វែង ដើម្បីទទួលបានការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ។ មានតែបែបនេះទេ ទើបពួកគេនឹងក្លាយជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ពិតប្រាកដ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការអធិស្ឋានមិនមែនជាការធ្វើបង្រ្គប់កិច្ច ធ្វើតាមនីតិវិធី ឬសូត្រតាមព្រះបន្ទូលនៃព្រះឡើយ។ ពោលគឺ ការអធិស្ឋានមិនមែនជាការនិយាយត្រាប់ដូចជាសត្វសេក ហើយក៏មិនមែនជាការយកតម្រាប់តាមនរណាម្នាក់ដែរ។ នៅក្នុងការអធិស្ឋាន គេត្រូវតែចូលទៅដល់ចំណុចមួយ ដែលដួងចិត្តរបស់គេអាចថ្វាយដល់ព្រះ ដោយលាតត្រដាងដួងចិត្តរបស់គេ ដើម្បីឲ្យព្រះជាម្ចាស់ធ្វើការប៉ះពាល់ចិត្ត។ ដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព ដូច្នេះ ការអធិស្ឋាននោះ ត្រូវតែមានមូលដ្ឋានលើការអានព្រះបន្ទូលរបស់ព្រះ។ មានតែការអធិស្ឋានចេញពីព្រះបន្ទូលរបស់ព្រះទេ ទើបអាចនាំឲ្យមនុស្សម្នាក់ អាចទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ បានកាន់តែខ្លាំង។ សញ្ញាស្ដែងចេញអំពីការអធិស្ឋានដ៏ពិតមានដូចជា៖ ការមានដួងចិត្តស្រេកឃ្លានចង់បានគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់ចង់បាន ហើយលើសពីនេះទៅទៀត គេមានចិត្តចង់សម្រេចតាមអ្វីដែលព្រះជាម្ចាស់ទាមទារ ការស្អប់ខ្ពើមនូវអ្វីដែលព្រះទ្រង់ស្អប់ខ្ពើម ការទទួលបាននូវការយល់ដឹងខ្លះៗអំពីការអធិស្ឋាន ដោយសង់ពីលើគ្រឹះមូលដ្ឋាននេះ និងការមានចំណេះដឹង និងភាពច្បាស់លាស់ខ្លះៗ ទាក់ទងនឹងសេចក្តីពិត ដែលព្រះជាម្ចាស់បរិយាយ។ កន្លែងណាដែលមានការតាំងចិត្តដ៏មោះមុត សេចក្តីជំនឿ ចំណេះដឹង និងផ្លូវនៃការប្រតិបត្តិការអធិស្ឋាន ទើបអាចត្រូវបានហៅថាជាការអធិស្ឋានពិត ហើយមានតែការអធិស្ឋានបែបនេះប៉ុណ្ណោះ ដែលអាចមានប្រសិទ្ធភាព។ ប៉ុន្តែ ការអធិស្ឋានត្រូវតែសង់ពីលើសេចក្តីរីករាយនឹងព្រះបន្ទូលរបស់ព្រះ វាត្រូវតែតាំងឡើងនៅលើគ្រឹះមូលដ្ឋាននៃទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយដួងចិត្តត្រូវតែអាចស្វែងរកព្រះជាម្ចាស់ និងមានភាពស្ងប់ស្ងាត់នៅចំពោះទ្រង់។ ការអធិស្ឋានបែបនេះ បានចូលដល់ដំណាក់កាល នៃការរួមប្រកបដ៏ពិតជាមួយព្រះជាម្ចាស់រួចទៅហើយ។

ចំណេះដឹងមូលដ្ឋានបំផុតអំពីការអធិស្ឋាន៖

១. កុំនិយាយអ្វីគ្រប់យ៉ាងដែលចូលក្នុងគំនិតរបស់អ្នក ទាំងងងឹតងងល់។ ត្រូវតែមានបន្ទុកមួយនៅក្នុងចិត្តរបស់អ្នក មានន័យថា អ្នកត្រូវតែមានគោលដៅ នៅពេលដែលអ្នកអធិស្ឋាន។

២. ការអធិស្ឋានត្រូវតែមានផ្ទុកនូវព្រះបន្ទូលរបស់ព្រះ ហើយវាត្រូវតែចាក់គ្រឹះលើព្រះបន្ទូលរបស់ព្រះ។

៣. នៅពេលកំពុងអធិស្ឋាន អ្នកមិនត្រូវនិយាយអំពីរឿងដែលកន្លងផុតទៅ ដដែលៗនោះឡើយ។ ការអធិស្ឋានរបស់អ្នកគួរតែទាក់ទងជាមួយព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះ ហើយនៅពេលដែលអ្នកអធិស្ឋាន ចូរប្រាប់ព្រះជាម្ចាស់ អំពីគំនិតដ៏ជ្រាលជ្រៅបំផុតរបស់អ្នក។

៤. ការអធិស្ឋានជាក្រុម ចាំបាច់ត្រូវតែផ្ដោតទៅលើចំណុចកណ្ដាល ដែលជាកិច្ចការបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធ។

៥. មនុស្សទាំងអស់ត្រូវតែរៀនអំពីការអធិស្ឋានលន់តួ។ នេះក៏ជារបៀបមួយនៃការបង្ហាញនូវការពិចារណាទៅលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។

ជីវិតនៃការអធិស្ឋានរបស់បុគ្គលម្នាក់ ត្រូវមានមូលដ្ឋានលើការយល់ដឹងអំពីសារៈសំខាន់នៃការអធិស្ឋាន និងអំពីចំណេះដឹងមូលដ្ឋាននៃការអធិស្ឋាន។ ចូរអធិស្ឋាន សម្រាប់សេចក្តីខ្វះចន្លោះរបស់អ្នកឲ្យបានញឹកញាប់ នៅក្នុងជីវិតប្រចាំថ្ងៃ អធិស្ឋានដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរនិស្ស័យនៅក្នុងជីវិតរបស់អ្នក និងអធិស្ឋានលើមូលដ្ឋាននៃចំណេះដឹងរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះ។ បុគ្គលម្នាក់ៗគួរតែបង្កើតទម្លាប់នៃការអធិស្ឋានរបស់ខ្លួនអ្នកផ្ទាល់ ពួកគេគួរតែអធិស្ឋានឲ្យបានស្គាល់ព្រះបន្ទូលរបស់ព្រះ ហើយពួកគេគួរតែអធិស្ឋាន ដើម្បីស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះ។ ចូរលាតត្រដាងកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នកនៅចំពោះព្រះ ហើយបើកចិត្តនិយាយត្រង់ៗប្រាប់ទ្រង់ ដោយគ្មានការរអ៊ូរទាំអំពីរបៀបដែលអ្នកអធិស្ឋាន ហើយចំណុចគន្លឹះ គឺដើម្បីទទួលបានការយល់ដឹងដ៏ពិត និងដើម្បីទទួលបានបទពិសោធន៍ដ៏ពិតនៃព្រះបន្ទូលរបស់ព្រះ។ បុគ្គលម្នាក់ដែលស្វែងរកច្រកចូលទៅក្នុងជីវិតខាងវិញ្ញាណ ត្រូវតែចេះអធិស្ឋានតាមរបៀបខុសៗគ្នាជាច្រើន។ ការអធិស្ឋានដោយស្ងប់ស្ងាត់ ការសញ្ជឹងគិតអំពីព្រះបន្ទូលនៃព្រះ និងការព្យាយាមស្គាល់ពីកិច្ចការរបស់ព្រះ ទាំងអស់នេះគឺជា ឧទាហរណ៍អំពីកិច្ចការនៃការប្រកបគ្នាខាងវិញ្ញាណ ដើម្បីសម្រេចឲ្យបានផ្លូវចូលទៅក្នុងជីវិតខាងព្រលឹងវិញ្ញាណតាមធម្មតា ដែលជាជីវិតដែលធ្វើឲ្យប្រសើរឡើងនូវសភាពរបស់មនុស្សម្នាក់នៅចំពោះព្រះ និងជំរុញគេឲ្យមានវឌ្ឍនភាពកាន់តែខ្លាំងនៅក្នុងជីវិត។ ជារួមមក គ្រប់កិច្ចការដែលអ្នកធ្វើ មិនថាជាការទទួលទាន និងការផឹកពីព្រះបន្ទូលនៃព្រះ ឬជាការអធិស្ឋានស្ងាត់ៗ ឬជាការប្រកាសខ្លាំងៗឡើយ គឺដើម្បីជួយឲ្យអ្នកមើលឃើញព្រះបន្ទូលរបស់ព្រះ កិច្ចការរបស់ទ្រង់ និងសេចក្ដីដែលទ្រង់ចង់សម្រេចនៅក្នុងជីវិតអ្នកឲ្យកាន់តែច្បាស់។ សំខាន់ជាងនេះទៅទៀត រាល់កិច្ចការដែលអ្នកធ្វើ ត្រូវតែធ្វើឡើងដើម្បីសម្រេចតាម បទដ្ឋានដែលព្រះជាម្ចាស់តម្រូវ និងដើម្បីលើកស្ទួយជីវិតរបស់អ្នកទៅកាន់កម្រិតថ្មី។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នកស្វែងរកការប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយរបៀបណា? រឿងសំខាន់បំផុត គឺត្រូវរស់នៅក្នុងព្រះបន្ទូល នាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងអធិស្ឋានដោយផ្អែកទៅលើ មូលដ្ឋាននៃសេចក្ដីតម្រូវ របស់ព្រះជាម្ចាស់។ តាមរយៈការអធិស្ឋានដោយរបៀបនេះ នោះព្រះវិញ្ញាណបរិសុទ្ធ ប្រាកដជានឹងប៉ះពាល់អ្នក។ ប្រសិនបើអ្នកមិនស្វែងរកមូលដ្ឋាននៃព្រះបន្ទូល ដែលព្រះជាម្ចាស់បានថ្លែងទេ នោះការនេះគ្មានផលផ្លែអ្វីនោះឡើយ។ អ្នកគួរអធិស្ឋានដោយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំប្រឆាំងនឹងព្រអង្គ ហើយទូលបង្គំជំពាក់ព្រះអង្គច្រើនណាស់។ ទូលបង្គំពិតជាមិនស្ដាប់បង្គាប់មែន ហើយមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ឱព្រះអង្គអើយ ទូលបង្គំចង់ឲ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំចង់បម្រើព្រះអង្គរហូតដល់ថ្ងៃចុងក្រោយ ទូលបង្គំចង់លះបង់ជិវិតសម្រាប់ព្រះអង្គ។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលទូលបង្គំ ហើយទូលបង្គំសមតែស្លាប់ ដើម្បីឲ្យមនុស្សទាំងអស់អាចប្រកាន់ខ្ជាប់នូវនិស្ស័យសុចរិតរបស់ព្រះអង្គដោយតាមរយៈការស្លាប់របស់ទូលបង្គំ»។ នៅពេលដែលអ្នកអធិស្ឋានតាមរបៀបនេះចេញពីចិត្តរបស់អ្នក នោះព្រះជាម្ចាស់នឹងស្ដាប់ឮអ្នក ហើយទ្រង់នឹងដឹកនាំអ្នក។ ប្រសិនបើអ្នកមិនអធិស្ឋានដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្នទេ នោះមិនមាននូវការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកឡើយ។ ប្រសិនបើអ្នកអធិស្ឋានផ្អែកតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងធ្វើនៅពេលនេះ នោះអ្នកពោលថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ទទួលយកបញ្ជាបេសកកម្មរបស់ព្រះអង្គ ហើយទូលបង្គំសុខចិត្ដបូជាជីវិតរបស់ទូលបង្គំទាំងមូលសម្រាប់សិរីល្អរបស់ព្រះអង្គ ដើម្បីឲ្យអ្វីទាំងអស់ដែលទូលបង្គំបានធ្វើអាចឈានទៅដល់បទដ្ឋាននៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ សូមឲ្យព្រះអង្គបានប៉ះពាល់ដួងចិត្ដរបស់ទូលបង្គំ។ ទូលបង្គំចង់ឲ្យព្រះវិញ្ញាណរបស់ព្រះអង្គបានបំភ្លឺទូលបង្គំ ដើម្បីធ្វើឲ្យអ្វីទាំងអស់ដែលទូលបង្គំធ្វើបាននាំនូវភាពអាម៉ាស់មកទម្លាក់លើសាតាំង ដើម្បីឲ្យនៅទីបំផុត ព្រះអង្គនឹងទទួលយកទូលបង្គំ»។ ប្រសិនបើអ្នកអធិស្ឋានរបៀបនេះ អធិស្ឋានក្នុងរបៀបមួយដែលផ្ដោតជុំវិញបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកដោយចៀសមិនផុតឡើយ។ អ្វីដែលសំខាន់នោះមិនអាស្រ័យលើថា តើអ្នកអធិស្ឋានបានប៉ុន្មានពាក្យទេ អ្វីដែលសំខាន់នោះគឺថា តើអ្នកយល់ពីបំណងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។ អ្នករាល់គ្នាប្រហែលជាសុទ្ធតែមាននូវបទពិសោធន៍ដូចខាងក្រោមនេះហើយ៖ ជួនកាល ក្នុងពេលអធិស្ឋាននៅពេលជួបជុំគ្នា សក្ដានុពលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ឈានដល់ចំណុចខ្ពស់បំផុត ដែលបណ្ដាលឲ្យកម្លាំងរបស់មនុស្សគ្រប់គ្នាបានកើនឡើង។ មនុស្សមួយចំំនួនយំដោយជូរចត់ និងបង្ហូរទឹកភ្នែកក្នុងពេលអធិស្ឋាននោះ ពួកគេយកឈ្នះលើវិប្បដិសារីនៅចំពោះព្រះជាម្ចាស់ ហើយមនុស្សមួយចំនួនទៀតបង្ហាញនូវការតាំងចិត្ដ និងធ្វើការស្បថ។ នេះគឺជាឥទ្ធិពលដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធសម្រេចបាន។ ថ្ងៃនេះ វាជាការសំខាន់ដែលមនុស្សទាំងអស់ចាក់បង្ហូរដួងចិត្ដរបស់គេទាំងស្រុងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរកុំផ្ដោតលើព្រះបន្ទូលដែលបានថ្លែងពីមុន ហើយប្រសិនបើអ្នកនៅតែប្រកាន់ខ្ជាប់នូវអ្វីដែលចែងមកពីមុន នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ តើអ្នកមើលឃើញថា តើការនេះសំខាន់ប៉ុនណាដែរឬទេ?

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលអ្នកចាប់ផ្ដើមអធិស្ឋាន កុំឈោងហួសមិនប្រមាណខ្លួន ហើយសង្ឃឹមចង់សម្រេចអ្វីៗគ្រប់យ៉ាងនៅក្នុងពេលតែម្ដងឡើយ។ អ្នកមិនអាចទាមទារហួសហេតុ ដោយរំពឹងថា ពេលដែលអ្នកបើកមាត់ភ្លាម នោះអ្នកនឹងទទួលបានការបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ឬរំពឹងថា អ្នកនឹងទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ ឬរំពឹងថា ព្រះជាម្ចាស់នឹងស្រោចស្រពព្រះគុណដល់អ្នកនោះឡើយ។ រឿងនឹងមិនកើតឡើងបែបនេះទេ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលហួសនិស្ស័យធម្មជាតិឡើយ។ ព្រះជាម្ចាស់ឆ្លើយតបពាក្យអធិស្ឋានរបស់មនុស្ស នៅក្នុងពេលកំណត់របស់ទ្រង់ ហើយពេលខ្លះ ទ្រង់ល្បងលសេចក្តីជំនឿរបស់គេ ដើម្បីមើលថា តើអ្នកមានចិត្តភក្ដីភាពចំពោះទ្រង់ដែរឬអត់។ នៅពេលដែលអ្នកអធិស្ឋាន អ្នកត្រូវតែមានសេចក្តីជំនឿ ការស៊ូទ្រាំ និងការតាំងចិត្តដ៏មោះមុត។ ពេលទើបតែចាប់ផ្ដើមការហ្វឹកហាត់ មនុស្សភាគច្រើននឹងមានអារម្មណ៍នឿយណាយចិត្ត ដោយសារតែពួកគេមិនអាចទទួលបានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ការនេះនឹងប្រើការមិនបានឡើយ! អ្នកត្រូវតែស៊ូទ្រាំ។ អ្នកត្រូវតែផ្ដោតអារម្មណ៍ទៅលើការប៉ះពាល់នៃព្រះវិញ្ញាណបរិសុទ្ធ ហើយបន្តស្វែងរក និងសិក្សាតទៅទៀត។ ពេលខ្លះ ផ្លូវនៃការអនុវត្តរបស់អ្នកមិនត្រឹមត្រូវឡើយ ហើយពេលខ្លះបំណងចិត្ត និងសញ្ញាណរបស់អ្នក មិនអាចបន្តប្រកាន់ខ្ជាប់យ៉ាងមាំនៅចំពោះព្រះ ដូច្នេះ ព្រះវិញ្ញាណរបស់ព្រះ មិនអាចប៉ះពាល់អ្នកបានឡើយ។ មានពេលខ្លះទៀត ព្រះជាម្ចាស់ទតមើលថា តើអ្នកមានចិត្តភក្តីភាពចំពោះទ្រង់ ឬក៏អត់។ ជារួមមក ក្នុងអំឡុងពេលនៃការហ្វឹកហាត់ អ្នកគួរតែមានការលះបង់កាន់តែខ្ពស់។ បើអ្នករកឃើញថា អ្នកកំពុងតែងាករេចេញពីផ្លូវនៃការអនុវត្តរបស់អ្នក អ្នកអាចផ្លាស់ប្ដូររបៀបដែលអ្នកអធិស្ឋានបាន។ ដរាបណាអ្នកស្វែងរក ដោយចេញពីចិត្តស្មោះ និងដួងចិត្តដែលចង់បាន នោះព្រះវិញ្ញាណបរិសុទ្ធ នឹងប្រាកដជានាំអ្នកចូលក្នុងតថភាពនេះជាមិនខាន។ ពេលខ្លះ អ្នកអធិស្ឋានដោយចេញពីចិត្តស្មោះ ប៉ុន្តែ មិនមានអារម្មណ៍ថា អ្នកទទួលបានការប៉ះពាល់ជាពិសេសនោះទេ។ ក្នុងពេលបែបនេះ អ្នកត្រូវតែពឹងអាងលើសេចក្តីជំនឿ ដោយទុកចិត្តថា ព្រះជាម្ចាស់ទតឃើញពាក្យអធិស្ឋានរបស់អ្នក ហើយអ្នកត្រូវតែមានចិត្តស៊ូទ្រាំ នៅក្នុងការអធិស្ឋានរបស់អ្នក។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំបានរកឃើញបញ្ហាមួយដែលមនុស្សទាំងអស់មាននោះគឺ នៅពេលដែលមានអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេចូលទៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន ប៉ុន្តែចំពោះពួកគេ ការអធិស្ឋានគឺជារឿងមួយ ហើយកិច្ចការនៅក្នុងដៃគឺជារឿងមួយទៀត។ ពួកគេជឿថា ពួកគេមិនគួរនិយាយអំពីអ្វីដែលកំពុងតែកើតឡើងចំពោះពួកគេនៅក្នុងការអធិស្ឋានឡើយ។ អ្នករាល់គ្នាកម្រអធិស្ឋានដោយចេញពីចិត្តស្មោះណាស់ ហើយអ្នកខ្លះថែមទាំងមិនចេះអធិស្ឋានទៀតផង។ តាមពិតទៅ ការអធិស្ឋានគ្រាន់តែជាការនិយាយចេញនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នក ដូចជាអ្នកកំពុងតែនិយាយធម្មតាតែប៉ុណ្ណោះ។ យ៉ាងណាមិញ មានមនុស្សដែលភ្លេចអំពីទីកន្លែងរបស់ខ្លួន នៅពេលដែលពួកគេចាប់ផ្ដើមអធិស្ឋាន។ ពួកគេទទូចឲ្យព្រះជាម្ចាស់ប្រទានអ្វីមួយដល់ពួកគេ ដោយមិនខ្វល់ថាតើវាស្របតាមព្រះហឫទ័យរបស់ទ្រង់ឬអត់ឡើយ ហើយជាលទ្ធផល ពាក្យអធិស្ឋានរបស់ពួកគេក៏ស្វិតស្រពោនទៅ។ នៅពេលដែលអ្នកអធិស្ឋាន មិនថាអ្វីដែលអ្នកកំពុងតែទូលសុំនៅក្នុងដួងចិត្តរបស់អ្នក ជាអ្វីដែលអ្នកទន្ទឹងរង់ចាំនោះឡើយ ឬប្រហែលមានបញ្ហាមួយដែលអ្នកចង់ដោះស្រាយ តែអ្នកគ្មានការយល់ដឹងជ្រៅជ្រះ អ្នកអាចទូលសុំឲ្យព្រះជាម្ចាស់ប្រទានប្រាជ្ញា ឬកម្លាំងដល់អ្នក ឬសុំឲ្យទ្រង់បំភ្លឺអ្នក មិនថាសំណូមពររបស់អ្នកជាអ្វីនោះឡើយ អ្នកត្រូវតែចេះប្រើវាឲ្យបានត្រឹមត្រូវនៅក្នុងការរៀបរាប់។ បើអ្នកមិនចេះទេ ហើយអ្នកលុតជង្គង់អធិស្ឋានថា «ព្រះជាម្ចាស់អើយ សូមប្រទានកម្លាំងដល់ទូលបង្គំផង។ ទូលបង្គំសូមអង្វរឲ្យទ្រង់ធ្វើឲ្យទូលបង្គំបែបនេះ...»។ «ការអង្វរ» របស់អ្នកនោះមានគុណភាពបែបបង្ខិតបង្ខំ ហើយវាជាចេតនាដាក់សម្ពាធទៅលើព្រះជាម្ចាស់ ដោយបង្ខំឲ្យទ្រង់ធ្វើអ្វីមួយដែលអ្នកចង់បាន ហើយនេះជាលក្ខខណ្ឌដែលអ្នកបានកំណត់ជាមុនជាឯកតោភាគីប៉ុណ្ណោះ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធទតឃើញការនេះ តើការអធិស្ឋានបែបនេះបានផលអ្វីខ្លះទៅ នៅពេលដែលអ្នកបានកំណត់លក្ខខណ្ឌជាស្រេចអំពីអ្វីដែលអ្នកចង់ធ្វើនោះ? គេគួរតែអធិស្ឋាន ដោយដួងចិត្តដែលស្វែងរក និងចុះចូល។ ឧទាហរណ៍ នៅពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក ហើយអ្នកមិនដឹងពីរបៀបដោះស្រាយជាមួយវា អ្នកអាចនិយាយថា «ព្រះជាម្ចាស់អើយ! ទូលបង្គំមិនដឹងអំពីអ្វីដែលត្រូវធ្វើចំពោះរឿងនេះឡើយ។ ទូលបង្គំចង់ធ្វើតាមព្រះហឫទ័យរបស់ទ្រង់នៅក្នុងកិច្ចការនេះ ហើយទូលបង្គំចង់ស្វែងរកព្រះហឫទ័យរបស់ទ្រង់។ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេច។ ទូលបង្គំចង់ធ្វើតាមព្រះហឫទ័យទ្រង់តែមួយប៉ុណ្ណោះ មិនមែនតាមចិត្តរបស់ទូលបង្គំឡើយ។ ទ្រង់ជ្រាបថា ឆន្ទៈរបស់មនុស្សគ្រប់រូបផ្ទុយពីព្រះហឫទ័យរបស់ទ្រង់ ប្រឆាំងនឹងទ្រង់ ហើយក៏មិនស្របតាមសេចក្តីពិតនោះដែរ។ ទូលបង្គំទូលសុំឲ្យទ្រង់បំភ្លឺទូលបង្គំ ប្រទានការដឹកនាំដល់ទូលបង្គំនៅក្នុងរឿងនេះ ព្រមទាំងសូមកុំឲ្យទូលបង្គំប្រមាថទ្រង់នោះឡើយ...»។ នេះជាសំឡេងដ៏សមរម្យសម្រាប់ការអធិស្ឋាន។ បើអ្នកគ្រាន់តែនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំសុំឲ្យទ្រង់ជួយដល់ទូលបង្គំ ដឹកនាំទូលបង្គំ ផ្គត់ផ្គង់ទូលបង្គំជាមួយបរិយាកាសដែលត្រឹមត្រូវ និងមនុស្សដែលត្រឹមត្រូវ ព្រមទាំងសូមឲ្យទូលបង្គំធ្វើកិច្ចការរបស់ទូលបង្គំបានយ៉ាងល្អផង...» បន្ទាប់មក ក្រោយអ្នកអធិស្ឋានរួច អ្នកនឹងនៅតែមិនយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល ក្នុងពេលដែលអ្នកបានកំពុងតែទូលសុំឲ្យព្រះជាម្ចាស់ធ្វើស្របតាមឆន្ទៈរបស់អ្នកផ្ទាល់។

ឥឡូវ អ្នកត្រូវតែស្វែងរកមើលថាតើពាក្យពេចន៍ដែលអ្នកប្រើនៅក្នុងការអធិស្ឋាននោះ គឺជាពាក្យដ៏សមហេតុផលឬក៏អត់។ បើការអធិស្ឋានរបស់អ្នកមិនសមហេតុផលទេ ទោះបីវាដោយសារតែភាពល្ងីល្ងើរបស់អ្នក ឬដោយការរៀបចំក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការលើអ្នកដែរ។ ដូច្នេះ នៅពេលដែលអ្នកអធិស្ឋាន អ្នកត្រូវតែនិយាយដោយសមហេតុផលនៅក្នុងសំឡេងដ៏សមរម្យ។ ចូរនិយាយបែបនេះ៖ «ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបអំពីសេចក្តីកម្សោយ និងការបះបោររបស់ទូលបង្គំ។ ទូលបង្គំសុំឲ្យទ្រង់ប្រទានកម្លាំងដល់ទូលបង្គំ និងជួយទូលបង្គំឲ្យចេះស៊ូទ្រាំនឹងកាលៈទេសៈរបស់ទូលបង្គំ តែសូមធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះ។ នេះជាគ្រប់យ៉ាងដែលទូលបង្គំទូលសុំ។ ទូលបង្គំមិនដឹងអំពីព្រះហឫទ័យរបស់ទ្រង់ជាអ្វីឡើយ ប៉ុន្តែសូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចទៅចុះ។ ទោះបីទូលបង្គំត្រូវបានបង្កើតមក ដើម្បីបម្រើ ឬក្លាយជាមនុស្សបន្ទាប់បន្សំក៏ដោយ ក៏ទូលបង្គំនឹងធ្វើដោយចេញពីចិត្តដែរ។ ទូលបង្គំសុំឲ្យទ្រង់ប្រទានកម្លាំង និងប្រាជ្ញាដល់ទូលបង្គំ ហើយសូមឲ្យទូលបង្គំបំពេញតាមព្រះហឫទ័យរបស់ទ្រង់នៅក្នុងកិច្ចការនេះចុះ។ ទូលបង្គំគ្រាន់តែចង់ចុះចូលចំពោះការរៀបចំរបស់ទ្រង់ប៉ុណ្ណោះ...»។ ក្រោយការអធិស្ឋានបែបនេះ ដួងចិត្តរបស់អ្នកនឹងបានធូរស្រាល។ បើគ្រប់យ៉ាងដែលអ្នកធ្វើគឺជាការអង្វរករគ្រប់ពេល នោះមិនថាអ្នកនិយាយច្រើនកម្រិតណាទេ វានឹងគ្រាន់តែជាពាក្យប្រហោងក្នុងប៉ុណ្ណោះ ហើយព្រះជាម្ចាស់នឹងមិនធ្វើការឆ្លើយតបចំពោះពាក្យអង្វរកររបស់អ្នកឡើយ ដោយសារតែអ្នកកំណត់ទុកជាមុននូវអ្វីដែលអ្នកចង់បានរួចស្រេចទៅហើយ។ នៅពេលដែលអ្នកលុតជង្គង់នៅក្នុងការអធិស្ឋាន ចូរនិយាយបែបនេះ៖ «ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបអំពីសេចក្តីកម្សោយរបស់មនុស្ស ហើយទ្រង់ក៏ជ្រាបអំពីសភាពរបស់មនុស្សដែរ។ ទូលបង្គំសុំឲ្យទ្រង់បំភ្លឺទូលបង្គំនៅក្នុងរឿងនេះ។ សូមជួយឲ្យទូលបង្គំយល់អំពីព្រះហឫទ័យរបស់ទ្រង់ផង។ ទូលបង្គំចង់ចុះចូលចំពោះគ្រប់ការរៀបចំរបស់ទ្រង់ ហើយដួងចិត្តរបស់ទូលបង្គំក៏ព្រមស្ដាប់បង្គាប់តាមទ្រង់ផងដែរ...»។ ចូរអធិស្ឋានបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់ចិត្តអ្នកមិនខាន។ បើរបៀបដែលអ្នកអធិស្ឋានមិនត្រឹមត្រូវទេ នោះការអធិស្ឋានរបស់អ្នកនឹងក្រៀមស្វិត ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមិនប៉ះពាល់ចិត្តអ្នកឡើយ។ កុំនិយាយឥតបានការ ដោយនិយាយតែម្នាក់ឯងនោះឡើយ ព្រោះការធ្វើបែបនេះ គឺគ្មានន័យអ្វីក្រៅពីធ្វេសប្រហែស និងធ្វើបង្គ្រប់កិច្ចនោះឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការដែរឬ បើអ្នកធ្វេសប្រហែស និងធ្វើតែបង្គ្រប់កិច្ចបែបនេះនោះ? នៅពេលដែលមនុស្សម្នាក់ចូលទៅចំពោះព្រះជាម្ចាស់ ពួកគេត្រូវតែរៀបចំខ្លួនឲ្យបានត្រឹមត្រូវ ដោយមានឥរិយាបថគោរពប្រណិប័តន៍ព្រះ ដូចជាពួកសង្ឃនៅក្នុងយុគសម័យនៃព្រះគុណ ដែលបានលុតជង្គង់ចុះ នៅពេលដែលពួកគេបានថ្វាយយញ្ញបូជា។ ការអធិស្ឋានមិនមែនជារឿងសាមញ្ញទេ។ តើវាអាចសម្រេចបានដោយរបៀបណាសម្រាប់បុគ្គលម្នាក់ដែលចូលទៅចំពោះព្រះជាម្ចាស់ ដោយបើកមាត់ និងសម្ដែងកាយវិការគំរាមកំហែង ឬអធិស្ឋានដេកផ្ងារ សំកុកនៅក្នុងភួយ ទាំងជឿថា ព្រះជាម្ចាស់អាចស្ដាប់ឮពួកគេ? នោះមិនមែនជាការគោរពប្រណិប័តន៍ព្រះទេ! គោលបំណងរបស់ខ្ញុំនៅក្នុងការសន្ទនានេះគឺមិនទាមទារឲ្យមនុស្សប្រកាន់ខ្ជាប់តាមច្បាប់វិន័យជាក់លាក់ណាមួយទេ។ យ៉ាងហោចណាស់ អ្វីដែលគេអាចធ្វើបានគឺបន្ទន់ចិត្តរបស់ខ្លួននៅចំពោះព្រះជាម្ចាស់ ហើយចូលទៅចំពោះទ្រង់ដោយឥរិយាបថដែលគោរពប្រណិប័តន៍ព្រះ។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការអធិស្ឋានរបស់អ្នករាល់គ្នាខ្វះនូវហេតុផលច្រើនពេកហើយ។ អ្នកតែងតែអធិស្ឋានជាមួយសំឡេងដូចខាងក្រោម៖ «ឱព្រះជាម្ចាស់អើយ! ដោយសារតែទ្រង់បានអនុញ្ញាតឲ្យទូលបង្គំបំពេញភារកិច្ចនេះ នោះទ្រង់ប្រាកដជាធ្វើឲ្យអ្វីគ្រប់យ៉ាងដែលទូលបង្គំធ្វើមានភាពត្រឹមត្រូវមិនខាន ដូច្នេះ កិច្ចការរបស់ទ្រង់នឹងមិនត្រូវរំខាន ហើយផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់នឹងមិនត្រូវរងការខាតបង់ណាមួយដែរ។ ទ្រង់ត្រូវតែការពារទូលបង្គំ...»។ ការអធិស្ឋានបែបនេះគឺគ្មានហេតុផលទាល់តែសោះ មិនអ៊ីចឹងឬ? តើព្រះជាម្ចាស់នឹងធ្វើការលើអ្នក បើអ្នកចូលចំពោះទ្រង់ ហើយអធិស្ឋានបែបនេះឬ? តើខ្ញុំនឹងស្ដាប់ បើអ្នកបានចូលមកចំពោះខ្ញុំ ហើយនិយាយបែបនេះឬ? ខ្ញុំនឹងទាត់អ្នកចេញពីទ្វារមិនខាន! តើអ្នកមិននៅចំពោះព្រះវិញ្ញាណដូចដែលអ្នកនៅចំពោះព្រះគ្រីស្ទទេឬអី? នៅពេលដែលបុគ្គលម្នាក់ចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន ពួកគេត្រូវតែពិចារណាពីរបៀបដែលពួកគេអាចធ្វើដោយសមហេតុផល និងរបៀបដែលពួកគេអាចកែសម្រួលសភាពខាងក្នុងរបស់ពួកគេ ដើម្បីសម្រេចបានការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងសមត្ថភាពនៃការចុះចូល។ ដោយធ្វើបែបនេះ នោះវាជាការល្អសម្រាប់អ្នកក្នុងការចូលទៅអធិស្ឋាន ហើយអ្នកនឹងមានអារម្មណ៍អំពីព្រះវត្តមានរបស់ព្រះជាម្ចាស់។ មានពេលជាច្រើនដង មនុស្សលុតជង្គង់ចុះអធិស្ឋាន។ ពួកគេបិទភ្នែក ហើយនឹកមិនឃើញពាក្យណាក្រៅពី «ឱព្រះជាម្ចាស់អើយ! ឱព្រះជាម្ចាស់អើយ!» នោះឡើយ។ ហេតុអ្វីបានជាអ្នកត្រូវស្រែកឡើងបែបនេះ ដោយគ្មានពាក្យពេចន៍ក្នុងពេលយូរបែបនេះ? សភាពរបស់អ្នកគឺមិនត្រឹមត្រូវឡើយ។ តើអ្នករាល់គ្នាធ្លាប់ធ្វើបែបនេះដែរឬទេ? ឥឡូវ អ្នករាល់គ្នាដឹងអំពីអ្វីដែលអ្នកត្រូវធ្វើ និងកម្រិតដែលអ្នកអាចធ្វើវាបានហើយ ហើយអ្នកក៏បានវាយតម្លៃដោយខ្លួនឯងផងដែរ ប៉ុន្តែមានពេលជាច្រើនដងដែលអ្នកនឹងស្ថិតនៅក្នុងសភាពខុសប្រក្រតី។ ពេលខ្លះ ទោះបីសភាពរបស់អ្នកអាចត្រូវបានកែសម្រួលក៏ដោយ ក៏អ្នកអាចមិនដឹងពីរបៀបដែលការនេះបានកើតឡើងដែរ ហើយជាញឹកញាប់ អ្នកគ្មានពាក្យដែលត្រូវអធិស្ឋានឡើយ។ អ្នកអាចថែមទាំងចាត់ទុកការនេះជាការខ្វះនូវការអប់រំទៀតផង។ តើបុគ្គលម្នាក់ត្រូវតែមានការអប់រំខ្ពង់ខ្ពស់ទើបចេះអធិស្ឋានឬ? ការអធិស្ឋានមិនមែនជាការតែងសេចក្ដីទេ ដូច្នេះ សូមគ្រាន់តែនិយាយត្រង់ៗ ដោយមានហេតុផលជាមនុស្សធម្មតាទៅបានហើយ។ សូមមើលទៅកាន់ការអធិស្ឋានរបស់ព្រះយេស៊ូវចុះ (ទោះបីជាការអធិស្ឋានរបស់ទ្រង់មិនត្រូវបានលើកឡើងនៅត្រង់នេះ ដើម្បីធ្វើឲ្យមនុស្សយល់អំពីកន្លែង ឬមុខតំណែងរបស់ទ្រង់ក៏ដោយ)៖ នៅក្នុងសួនកេតសេម៉ានី ព្រះអង្គបានអធិស្ឋានថា «ប្រសិនបើអាច...»។ ពោលគឺ «ប្រសិនបើអាចធ្វើទៅបាន»។ ឃ្លានេះត្រូវបានលើកឡើង ដើម្បីធ្វើការពិភាក្សា ហើយព្រះអង្គមិនបានមានបន្ទូលថា «ទូលបង្គំសូមអង្វរទ្រង់» នោះឡើយ។ ដោយមានដួងចិត្តដែលចុះចូល និងស្ថិតក្នុងសភាពចុះចូល ទ្រង់បានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ» (ម៉ាថាយ ២៦:៣៩)។ ព្រះអង្គនៅតែអធិស្ឋានបែបនេះនៅលើកទីពីរ ហើយនៅលើកទីបី ទ្រង់បានអធិស្ឋានថា «សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេច»។ ដោយយល់អំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា ទ្រង់បានមានបន្ទូលថា «សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេច»។ ទ្រង់អាចចុះចូលបានទាំងស្រុង ដោយគ្មានការជ្រើសរើសផ្ទាល់ខ្លួនឡើយ។ ព្រះអង្គបានសួរថាតើព្រះជាម្ចាស់អាចដកពែងនេះចេញពីទ្រង់បានឬក៏អត់។ តើការនេះមានន័យដូចម្ដេចទៅ? ព្រះអង្គបានអធិស្ឋានបែបនេះ ដោយសារតែទ្រង់បាននឹកគិតអំពីទុក្ខវេទនាដ៏ធំនៃការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរហូតដល់ដង្ហើមចុងក្រោយ ដែលនាំឲ្យទ្រង់ឈានដល់ការសុគត ហើយនោះដោយសារតែព្រះអង្គមិនទាន់បានយល់ទាំងស្រុងអំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ ការដែលឲ្យព្រះអង្គអាចអធិស្ឋានបែបនេះបាន ទោះបីបានគិតអំពីទុក្ខវេទនាបែបនោះក៏ដោយ ក៏ទ្រង់បានចុះចូលទាំងស្រុងដែរ។ ឥរិយាបថនៃការអធិស្ឋានរបស់ទ្រង់គឺធម្មតា ហើយព្រះអង្គមិនបានដាក់លក្ខខណ្ឌណាមួយនៅក្នុងការអធិស្ឋានរបស់ទ្រង់ឡើយ ហើយព្រះអង្គក៏មិនបានសុំឲ្យដកពែងចេញនោះដែរ។ ផ្ទុយទៅវិញ គោលបំណងរបស់ទ្រង់គឺដើម្បីស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងស្ថានភាពមួយដែលទ្រង់មិនបានយល់ទៅវិញទេ។ នៅលើកដំបូងដែលទ្រង់បានអធិស្ឋាន ព្រះអង្គមិនបានយល់ឡើយ ហើយទ្រង់បានអធិស្ឋានថា «ប្រសិនបើអាច...តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ ព្រះអង្គបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងសភាពនៃការចុះចូល។ នៅលើកទីពីរ ព្រះអង្គបានអធិស្ឋានតាមរបៀបដដែល។ ជារួមមក ទ្រង់បានអធិស្ឋានចំនួនបីដង (តាមពិតទៅ ការអធិស្ឋានទាំងបីលើកនេះមិនបានកើតឡើងក្នុងពេលបីថ្ងៃនោះទេ) ហើយនៅក្នុងការអធិស្ឋានចុងក្រោយរបស់ទ្រង់ ព្រះអង្គបានយល់ទាំងស្រុងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបទ្រង់លែងអង្វរករសុំអ្វីមួយតទៅទៀត។ នៅក្នុងការអធិស្ឋានទាំងពីរដំបូងរបស់ទ្រង់ ព្រះអង្គគ្រាន់តែស្វែងរក ហើយទ្រង់បានស្វែងរកនៅក្នុងសភាពនៃការចុះចូល។ យ៉ាងណាមិញ មនុស្សមិនបានអធិស្ឋានបែបនេះទេ។ នៅក្នុងការអធិស្ឋានរបស់ពួកគេ មនុស្សនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំអង្វរសុំឲ្យទ្រង់ធ្វើបែបនេះ និងបែបនោះ ហើយទូលបង្គំសូមអង្វរទ្រង់ឲ្យដឹកនាំទូលបង្គំនៅក្នុងកិច្ចការនេះ និងកិច្ចការនោះ ហើយទូលបង្គំសូមអង្វរទ្រង់ឲ្យរៀបចំលក្ខខណ្ឌរួចជាស្រេចសម្រាប់ទូលបង្គំ...»។ ប្រហែលទ្រង់នឹងមិនរៀបចំលក្ខខណ្ឌដ៏សមស្របសម្រាប់អ្នកទេ ហើយទ្រង់នឹងបណ្ដោយឲ្យអ្នករងទុក្ខលំបាក។ វាជារឿងមិនសមហេតុផលឡើយសម្រាប់មនុស្សដែលតែងតែអធិស្ឋានថា «ព្រះជាម្ចាស់អើយ ទូលបង្គំសុំឲ្យទ្រង់ធ្វើការរៀបចំសម្រាប់ទូលបង្គំ និងប្រទានកម្លាំងដល់ទូលបង្គំនោះ»។ អ្នកត្រូវតែមានហេតុផល នៅពេលដែលអ្នកអធិស្ឋាន ហើយអ្នកត្រូវតែធ្វើបែបនេះដោយស្ថិតនៅក្រោមលក្ខខណ្ឌថា អ្នកកំពុងតែចុះចូល។ កុំដាក់លក្ខខណ្ឌ មុនពេលអ្នកអធិស្ឋានឡើយ។ សូម្បីតែមុនពេលអ្នកចាប់ផ្ដើមអធិស្ឋាន ក៏អ្នកកំពុងតែកំណត់លក្ខខណ្ឌរួចជាស្រេច ដោយគិតថា៖ ខ្ញុំត្រូវតែអង្វរករព្រះជាម្ចាស់ ហើយសុំឲ្យទ្រង់ធ្វើបែបនេះ ឬបែបនោះ។ ការអធិស្ឋានបែបនេះមិនសមហេតុផលឡើយ។ ជារឿយៗ ព្រះជាម្ចាស់មិនព្រះសណ្ដាប់ការអធិស្ឋានរបស់មនុស្សទាល់តែសោះ ដូច្នេះហើយបានជានៅពេលដែលមនុស្សអធិស្ឋាន ពួកគេគ្មានអារម្មណ៍ទាល់តែសោះនោះ។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការអធិស្ឋាន និងការស្វែងរកព្រះវត្តមានរបស់ព្រះជាម្ចាស់មិនមែនជាការបង្ខំឲ្យព្រះជាម្ចាស់ធ្វើបែបនេះ ឬបែបនោះឡើយ។ តើអ្វីទៅជាការអធិស្ឋានដែលសមហេតុផល? តើអ្វីទៅជាការអធិស្ឋានមិនសមហេតុផល? អ្នកនឹងដឹងអំពីកិច្ចការទាំងនេះចេញពីបទពិសោធន៍ ក្រោយពេលធ្វើបានមួយរយៈ។ ឧទាហរណ៍ ក្រោយពេលអ្នកអធិស្ឋាន អ្នកអាចមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើតាមអ្វីដែលអ្នកបានអធិស្ឋាន និងថាទ្រង់មិនបានដឹកនាំអ្នក នៅពេលដែលអ្នកបានអធិស្ឋាន។ នៅលើកក្រោយដែលអ្នកអធិស្ឋាន អ្នកនឹងអធិស្ឋានខុសពីមុន។ អ្នកនឹងគ្មានបំណងចង់បង្ខំព្រះជាម្ចាស់ ដូចដែលអ្នកបានធ្វើកាលពីលើកមុន ឬស្នើសុំឲ្យទ្រង់ធ្វើអ្វីមួយតាមការប៉ងប្រាថ្នារបស់អ្នកឡើយ។ អ្នកនឹងនិយាយថា «ឱព្រះជាម្ចាស់អើយ! អ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចស្របតាមព្រះហឫទ័យរបស់ទ្រង់»។ ដរាបណាអ្នកផ្ដោតទៅលើវិធីសាស្ត្រនេះ ហើយក្រោយការស្ទាបស្ទង់បានមួយរយៈ នោះអ្នកនឹងដឹងអំពីអត្ថន័យនៃការមិនសមហេតុផលមិនខាន។ វាក៏មានសភាពមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍នៅក្នុងវិញ្ញាណរបស់អ្នកថា ពេលដែលអ្នកអធិស្ឋានស្របតាមការប៉ងប្រាថ្នារបស់អ្នកផ្ទាល់ ការអធិស្ឋានរបស់អ្នកប្រែជាគួរឲ្យធុញ ហើយភ្លាមៗ អ្នករកឃើញថា អ្នកអស់ពាក្យដែលត្រូវនិយាយ។ បើអ្នកនិយាយកាន់តែច្រើន នោះពាក្យសម្ដីរបស់អ្នកក៏កាន់តែឆ្គាំឆ្គងដែរ។ ការនេះសបញ្ជាក់ឲ្យឃើញថា នៅពេលដែលអ្នកអធិស្ឋានបែបនេះ អ្នកកំពុងតែដើរតាមសាច់ឈាមទាំងស្រុង ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការ ឬដឹកនាំអ្នកតាមបែបនោះឡើយ។ ការនេះក៏ជាកិច្ចការស្វែងរក និងជាកិច្ចការនៃបទពិសោធន៍ដែរ។ ទោះបីឥឡូវ ខ្ញុំបានបញ្ចប់មេរៀនរបស់ខ្ញុំទៅកាន់អ្នកអំពីរឿងនេះក៏ដោយ ក៏អ្នកទំនងជាជួបនូវស្ថានភាពពិសេសមួយចំនួននៅក្នុងបទពិសោធន៍របស់អ្នកដែរ។ ជាចម្បង ការអធិស្ឋានគឺជាការនិយាយចេញពីចិត្តទៀងត្រង់។ «ឱព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបអំពីសេចក្តីពុករលួយរបស់មនុស្ស។ នៅថ្ងៃនេះ ទូលបង្គំបានធ្វើកិច្ចការមិនសមហេតុផលមួយទៀតហើយ។ ទូលបង្គំមានចេតនាមួយគឺថា ទូលបង្គំជាមនុស្សបោកបញ្ឆោត។ ទូលបង្គំមិនកំពុងប្រព្រឹត្តស្របតាមព្រះហឫទ័យរបស់ទ្រង់ ឬតាមសេចក្តីពិតឡើយ។ ទូលបង្គំបានប្រព្រឹត្តតាមចិត្តទូលបង្គំ ហើយព្យាយាមដោះសាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទទួលស្គាល់សេចក្តីពុករលួយរបស់ទូលបង្គំ។ ទូលបង្គំទូលសុំឲ្យទ្រង់បំភ្លឺទូលបង្គំកាន់តែច្រើន និងអនុញ្ញាតឲ្យទូលបង្គំយល់អំពីសេចក្តីពិត យកសេចក្តីពិតទៅអនុវត្ត និងកម្ចាត់ចោលសេចក្តីពុករលួយទាំងនេះ»។ ចូរនិយាយបែបនេះទៅ។ ចូររៀបរាប់រឿងរ៉ាវពិតអំពីកិច្ចការពិតចុះ។ មនុស្សភាគច្រើនមិនអធិស្ឋានដោយពិតប្រាកដក្នុងពេលភាគច្រើនឡើយ។ ពួកគេគ្រាន់តែសញ្ជឹងគិតលើអតីតកាល ដោយមានចំណេះដឹងតិចតួចនៅក្នុងគំនិតរបស់ពួកគេ និងមានឆន្ទៈក្នុងការប្រែចិត្តប៉ុណ្ណោះ តែពួកគេមិនបានសញ្ជឹងគិត ឬក៏ស្ទាបស្ទង់មើលសេចក្តីពិតឡើយ។ ការសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការស្វែងរកសេចក្តីពិត ខណៈពេលដែលកំពុងអធិស្ឋាន គឺមានភាពជ្រាលជ្រៅឆ្ងាយជាងការគ្រាន់តែស្មិងស្មាធិ៍ និងការមានចំណេះដឹងទៅទៀត។ ការប៉ះពាល់ដែលមាននៅក្នុងអ្នក ដោយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺ ព្រមទាំងការស្រាយបំភ្លឺដែលកិច្ចការរបស់ទ្រង់ផ្គត់ផ្គង់ដល់អ្នក តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងជួយដឹកនាំអ្នកទៅរកចំណេះដឹងដ៏ពិត និងការប្រែចិត្តដ៏ពិត។ ការទាំងនេះមានភាពជ្រាលជ្រៅខ្លាំងជាងគំនិត និងចំណេះដឹងរបស់មនុស្សទៅទៀត។ ដ្បិតការនេះជាអ្វីមួយដែលអ្នកត្រូវតែដឹងឲ្យបានល្អ។ បើអ្នកគ្រាន់តែចូលរួមនៅក្នុងការគិត និងការត្រួតពិនិត្យដ៏គ្មានរបៀបរបបបែបសើៗ នោះអ្នកគ្មានផ្លូវដ៏សមរម្យដែលត្រូវអនុវត្តឡើយ ហើយអ្នកមានវឌ្ឍនភាពតិចតួចទៅរកសេចក្តីពិត ដូច្នេះ អ្នកនឹងបន្តគ្មានសមត្ថភាពក្នុងការផ្លាស់ប្ដូរដដែល។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើមនុស្សអាចរក្សាទំនាក់ទំនងជាមួយព្រះជាម្ចាស់បានដោយរបៀបណា? ហើយតើពួកគេគប្បីពឹងផ្អែកលើអ្វីដើម្បីរក្សាទំនាក់ទំនងនេះបាន? ពួកគេគប្បីពឹងផ្អែកលើការអង្វរករដល់ព្រះជាម្ចាស់ អធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ តាមទំនាក់ទំនងបែបនេះ មនុស្សតែងតែរស់នៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ជានិច្ច ហើយមនុស្សបែបនេះមានភាពសុខសាន្តណាស់។ មនុស្សខ្លះចំណាយពេលទាំងអស់របស់ពួកគេសម្រាប់សកម្មភាពខាងក្រៅ ធ្វើឱ្យខ្លួនពួកគេរវល់នឹងកិច្ចការខាងក្រៅ។ នៅពេលគ្មានជីវិតខាងវិញ្ញាណមួយថ្ងៃ ឬពីរថ្ងៃទៅ ពួកគេគ្មានអារម្មណ៍អ្វីទេ។ បន្ទាប់ពីបីឬប្រាំថ្ងៃ ឬមួយខែឬពីរខែទៅ ពួកគេនៅតែគ្មានអារម្មណ៍អ្វីដែរ។ ពួកគេមិនដែលបានអធិស្ឋាន បានធ្វើការអង្វរករ ឬបានធ្វើការទាក់ទងខាងវិញ្ញាណអ្វីនោះទេ។ នៅពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក ក៏មានការអង្វរករចេញមក ហើយអ្នកទូលសុំព្រះជាម្ចាស់ឱ្យជួយអ្នក ណែនាំអ្នក ប្រទានដល់អ្នក បំភ្លឺអ្នក និងអនុញ្ញាតឱ្យអ្នកបានយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ និងដឹងថាត្រូវធ្វើអ្វីខ្លះឱ្យស្របទៅតាមសេចក្ដីពិត។ ទំហំនៃការអធិស្ឋានគឺធំធេងណាស់៖ ពេលខ្លះ អ្នកនិយាយពាក្យនៅក្នុងដួងចិត្តរបស់អ្នក ដោយទូលទៅកាន់ព្រះជាម្ចាស់អំពីការលំបាក ឬភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់អ្នក។ ដូច្នេះហើយ អ្នកក៏អធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅពេលដែលអ្នកបះបោរ ឬបើមិនដូច្នោះទេ អ្នកទូលទៅទ្រង់អំពីរឿងរ៉ាវដែលកើតមានចំពោះអ្នកជារៀងរាល់ថ្ងៃ មិនថាអ្នកដឹងច្បាស់អំពីរឿងទាំងនោះឬអត់នោះទេ។ នេះគឺជាការអធិស្ឋាន។ ទំហំនៃការអធិស្ឋាន ជាទូទៅគឺជាការនិយាយ និងការបើកចិត្តថ្វាយទៅព្រះជាម្ចាស់។ ពេលខ្លះ ការអធិស្ឋានធ្វើឡើងមានពេលវេលាទៀងទាត់ ពេលខ្លះក៏អត់។ អ្នកអាចអធិស្ឋានបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមដែលអ្នកប្រាថ្នា។ ការទាក់ទងខាងវិញ្ញាណ គឺមិនមែនផ្លូវការហួសហេតុនោះទេ។ ពេលខ្លះគឺដោយសារអ្នកមានបញ្ហា ពេលខ្លះក៏មិនមែនដែរ។ ពេលខ្លះវាពាក់ព័ន្ធនឹងព្រះបន្ទូល ពេលខ្លះក៏មិនមែនដែរ។ នៅពេលអ្នកមានបញ្ហាអ្វីមួយ អ្នកទូលរឿងនោះថ្វាយទៅព្រះជាម្ចាស់ រួចអធិស្ឋាន។ នៅពេលអ្នកគ្មានបញ្ហាអ្វីទេ អ្នកគិតថាតើព្រះជាម្ចាស់ស្រឡាញ់មនុស្សបែបណា ថាតើទ្រង់ខ្វាយខ្វល់អំពីមនុស្សប៉ុនណា ថាតើទ្រង់ស្ដីបន្ទោសមនុស្សបែបណា។ អ្នកអាចទាក់ទងជាមួយព្រះជាម្ចាស់បាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នេះហើយគឺជាការទាក់ទងខាងវិញ្ញាណ។ ពេលខ្លះ នៅពេលអ្នកចូលរួមធ្វើកិច្ចការធម្មតាណាមួយ ហើយអ្នកគិតដល់រឿងដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត នោះអ្នកមិនចាំបាច់ត្រូវលត់ជង្គង់ ឬបិទភ្នែកនោះទេ។ អ្នកគ្រាន់តែត្រូវទូលទៅព្រះជាម្ចាស់តាមដួងចិត្តរបស់អ្នកថា៖ «ឱ ព្រះជាម្ចាស់អើយ សូមណែនាំទូលបង្គំចំពោះរឿងនេះផង។ ទូលបង្គំទន់ខ្សោយ ទូលបង្គំមិនអាចយកឈ្នះលើវាបានទេ»។ ដួងចិត្តរបស់អ្នកមានការរំជួលចិត្តជាខ្លាំង។ អ្នកនិយាយតែពាក្យធម្មតាពីរបីម៉ាត់ ហើយព្រះជាម្ចាស់ជ្រាបនូវការនេះ។ ពេលខ្លះ អ្នកនឹកផ្ទះ ហើយពោលថា៖ «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជានឹកផ្ទះខ្លាំងណាស់...»។ អ្នកពុំបាននិយាយថា អ្នកនឹកនរណាឱ្យប្រាកដនោះទេ។ អ្នកគ្រាន់តែមានអារម្មណ៍មិនសប្បាយចិត្ត និងទូលរឿងនេះទៅព្រះជាម្ចាស់ប៉ុណ្ណោះ។ បញ្ហាអាចដោះស្រាយបានតែនៅពេលណាដែលអ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងទូលនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នកតែប៉ុណ្ណោះ។ តើការនិយាយជាមួយមនុស្សដទៃអាចដោះស្រាយបញ្ហាបានទេ? វាមិនអីនោះទេ ប្រសិនបើអ្នកជួបប្រទះនរណាម្នាក់ដែលយល់ពីសេចក្ដីពិត ប៉ុន្តែប្រសិនបើពួកគេមិនយល់វិញ ពោលគឺប្រសិនបើអ្នកជួបនរណាម្នាក់ដែលអវិជ្ជមាន និងទន់ខ្សោយ នោះអ្នកអាចមានឥទ្ធិពលលើពួកគេបាន។ ប្រសិនបើអ្នកទូលទៅព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងបានលួងលោមអ្នក និងធ្វើឱ្យអ្នករំជួលចិត្ត។ ប្រសិនបើអ្នកអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ងាត់ៗនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ នោះអ្នកនឹងអាចយល់ពីសេចក្ដីពិតបាន និងអាចដោះស្រាយបញ្ហានោះបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចឱ្យអ្នកស្វែងរកផ្លូវដោះស្រាយបាន ដើម្បីអាចឆ្លងកាត់ឧបសគ្គបន្តិចបន្ដួចនេះ។ ឧបសគ្គនេះ នឹងមិនឱ្យអ្នកមានការស្ទាក់ស្ទើរឡើយ វាក៏នឹងមិនឃាត់ឃាំងអ្នក ហើយក៏មិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកដែរ។ មានពេលខ្លះ អ្នកស្រាប់តែមានអារម្មណ៍មិនសូវសប្បាយចិត្តភ្លាមៗ និងមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ នៅពេលបែបនេះ មិនត្រូវស្ទាក់ស្ទើរក្នុងការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ឡើយ។ វាអាចថា អ្នកមិនបានធ្វើការអង្វរករដល់ព្រះជាម្ចាស់ អាចថាគ្មានអ្វីដែលអ្នកចង់ឱ្យព្រះជាម្ចាស់ធ្វើ ឬក៏បំភ្លឺដល់អ្នក។ អ្នកគ្រាន់តែទូលទៅព្រះជាម្ចាស់ និងបើកចិត្តចំពោះទ្រង់នៅគ្រប់ពេលវេលា នៅគ្រប់ទីកន្លែងដែលអ្នកទៅ។ តើគ្រប់ពេលវេលាទាំងអស់ អ្នកមានអារម្មណ៍បែបណា? មានអារម្មណ៍ថា៖ «ព្រះជាម្ចាស់គឺតែងតែគង់នៅជាមួយខ្ញុំ ទ្រង់មិនដែលចាកចេញពីខ្ញុំឡើយ ខ្ញុំអាចដឹងបាន។ មិនថាខ្ញុំស្ថិតនៅទីណា ឬខ្ញុំកំពុងធ្វើអ្វីនោះទេ មិនថាខ្ញុំសម្រាក ឬស្ថិតក្នុងការជួបជុំ ឬបំពេញភារកិច្ចរបស់ខ្ញុំទេ នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា ព្រះជាម្ចាស់ដឹកដៃរបស់ខ្ញុំ ដឹងថាទ្រង់មិនដែលទុកខ្ញុំចោលនោះទេ»។ ពេលខ្លះ ពេលនឹកគិតឡើងវិញថាអ្នកបានឆ្លងផុតមួយថ្ងៃៗក្នុងពេលប៉ុន្មានឆ្នាំមកនេះដោយបែបណានោះ អ្នកមានអារម្មណ៍ថា កម្ពស់របស់អ្នកបានខ្ពស់ឡើង មានអារម្មណ៍ថាអ្នកត្រូវបានព្រះជាម្ចាស់ណែនាំ ថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានការពារអ្នកជារៀងរហូតមក។ បើគិតដល់រឿងទាំងនេះ អ្នកអធិស្ឋាននៅក្នុងដួងចិត្ត ដោយថ្លែងអំណរព្រះគុណដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំអរព្រះគុណទ្រង់ហើយ! ទូលបង្គំទន់ខ្សោយ និងទន់ជ្រាយខ្លាំងណាស់ ពុករលួយខ្លាំងណាស់។ បើគ្មានទ្រង់ដឹកនាំផ្លូវទូលបង្គំដូច្នេះទេ នោះទូលបង្គំពិតជាមិនអាចរស់បានដល់សព្វថ្ងៃនេះឡើយ បើពឹងផ្អែកលើខ្លួនទូលបង្គំនោះ»។ តើនេះមិនមែនជាការទាក់ទងខាងវិញ្ញាណទេឬ? ប្រសិនបើមនុស្សតែងតែទាក់ទងដោយរបៀបនេះ តើពួកគេនឹងមិនមានអ្វីច្រើនទូលថ្វាយទៅព្រះជាម្ចាស់ទេឬ? ពួកគេនឹងមិនអាចរស់នៅជាច្រើនថ្ងៃដោយមិនទូលអ្វីទៅកាន់ព្រះជាម្ចាស់នោះទេ។ នៅពេលដែលអ្នកគ្មានអ្វីត្រូវទូលទៅព្រះជាម្ចាស់សោះ នោះព្រះជាម្ចាស់គ្មានវត្តមាននៅក្នុងដួងចិត្តរបស់អ្នកទេ។ ប្រសិនបើព្រះជាម្ចាស់ស្ថិតនៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ នោះអ្នកនឹងអាចនិយាយអ្វីគ្រប់យ៉ាងពីក្នុងដួងចិត្តអ្នកទូលថ្វាយទៅព្រះជាម្ចាស់ រួមទាំងរឿងដែលអ្នកនឹងនិយាយប្រាប់ទៅមនុស្សជំនិតរបស់អ្នកផងដែរ។ ជាការពិតណាស់ ព្រះជាម្ចាស់គឺជាអ្នកជំនិតជាងគេបំផុតរបស់អ្នក។ ប្រសិនបើអ្នកចាត់ទុកព្រះជាម្ចាស់ជាអ្នកជំនិតជាងគេបំផុតរបស់អ្នក ជាគ្រួសាររបស់អ្នកដែលអ្នកអាចពឹងពាក់បានច្រើនជាងគេបំផុត ទុកចិត្តបំផុត និងប្រាប់ឱ្យដឹងរឿងរ៉ាវច្រើនជាងគេបំផុត ជាអ្នកដែលអ្នកស្និទ្ធស្នាលជាងគេបំផុត នោះវាមិនអាចទៅរួចនោះទេដែលអ្នកគ្មានអ្វីត្រូវទូលទៅព្រះជាម្ចាស់នោះ។ ប្រសិនបើអ្នកតែងតែមានអ្វីត្រូវទូលទៅព្រះជាម្ចាស់ តើអ្នកនឹងរស់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ជានិច្ចមែនទេ? ប្រសិនបើអ្នកអាចរស់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់បានជានិច្ច នោះនៅគ្រប់ពេលទាំងអស់ អ្នកនឹងដឹងថាតើព្រះជាម្ចាស់ដឹកនាំអ្នកដោយរបៀបណា ថាតើទ្រង់យកព្រះទ័យទុកដាក់ និងការពារអ្នកយ៉ាងដូចម្ដេច ថាតើទ្រង់នាំសេចក្ដីសុខសាន្ត និងសេចក្ដីអរសប្បាយមកឱ្យអ្នកដោយរបៀបណា ថាតើទ្រង់បំភ្លឺអ្នកដោយរបៀបណា និងថាតើទ្រង់ស្ដីបន្ទោសអ្នក ប្រៀនប្រដៅអ្នក វាយផ្ចាលអ្នក និងជំនុំជម្រះ ព្រមទាំងវាយផ្ចាលអ្នកដោយរបៀបណា។ គ្រប់ការទាំងអស់នេះ អ្នកនឹងបានឃើញច្បាស់ និងជាក់ស្ដែងនៅក្នុងដួងចិត្តរបស់អ្នក។ ជារៀងរាល់ថ្ងៃ អ្នកនឹងមិន គ្រាន់តែតស៊ូយកឈ្នះ ដោយពុំដឹងអ្វីសោះនោះទេ ដោយគ្រាន់តែនិយាយថា អ្នកជឿលើព្រះជាម្ចាស់ បំពេញភារកិច្ចរបស់អ្នក និងចូលរួមក្នុងការជួបជុំគ្នាដើម្បីតែការចូលរួម អានព្រះបន្ទូលព្រះជាម្ចាស់ និងអធិស្ឋានជារៀងរាល់ថ្ងៃ គ្រាន់តែដើម្បីធ្វើអ្វីឱ្យតែបាននោះទេ ប៉ុន្តែទង្វើរបស់អ្នកនឹងមិនគ្រាន់តែជាប្រភេទនៃពិធី សាសនាតែសំបកក្រៅនោះទេ។ ផ្ទុយទៅវិញ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគិតដល់ព្រះជាម្ចាស់ និងអធិស្ឋានទៅព្រះជាម្ចាស់គ្រប់វិនាទី អ្នកនឹងទាក់ទងជាមួយព្រះជាម្ចាស់គ្រប់ពេល ហើយអ្នកនឹងអាចចុះចូលចំពោះព្រះជាម្ចាស់ និងរស់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។

ដកស្រង់ពី «ប្រសិនបើអ្នកមិនអាចរស់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានជានិច្ចទេ នោះអ្នកគឺជាអ្នកមិនជឿហើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៣. អ្វីជាការអធិស្ឋាននៃពិធីសាសនា និងមូលហេតុដែលមិនទទួលបានអ្វីពីពិធីនោះ

បន្ទាប់៖ ១. អ្វីជាជីវិតខាងវិញ្ញាណដ៏សាមញ្ញ ហើយអ្វីជាការចូលពាក់ព័ន្ធនឹងក្នុងពិធីសាសនា

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ