៣. អ្វីជាការអធិស្ឋាននៃពិធីសាសនា និងមូលហេតុដែលមិនទទួលបានអ្វីពីពិធីនោះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឲ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបទំនើបដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមអ្វីដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងអោយមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យនិងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់ទ្រង់មិនប្រកាន់នូវច្បាប់ទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គទ្រង់ធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារដែលជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនអ្នកក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅដោយលើកតម្កើងច្បាប់ ហើយឲ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយច្បាប់ និងសញ្ញាណរបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

រាល់គ្នាតែងតែធ្លាប់និយាយអំពីស្ថានភាពខាងវិញ្ញាណ និងបញ្ហាខាងវិញ្ញាណរបស់អ្នក ក៏ប៉ុន្តអ្នកបានធ្វេសប្រហែសអនុវត្តរឿងរ៉ាវជាច្រើនក្នុងជីវិតពិតជាក់ស្តែង ហើយក៏ធ្វេសប្រហែសមិនរស់នៅតាមជីវិតនោះដែរ។ អ្នកសរសេររាល់ថ្ងៃ អ្នកស្តាប់រាល់ថ្ងៃ ហើយអ្នកអានរាល់ថ្ងៃ មិនតែប៉ុណ្ណោះ អ្នកថែមទាំងបានអធិស្ឋាននៅពេលអ្នកកំពុងចំអិនម្ហូប ដោយពោលថា៖ «ឱ! ព្រះជាម្ចាស់អើយ! សូមឲ្យព្រះអង្គ ក្លាយជាជីវិតរបស់ទូលបង្គំនៅក្នុងទូលបង្គំផង។ ហើយចាប់ពីថ្ងៃនេះទៅ សូមប្រទានពរទូលបង្គំ និងបំភ្លឺទូលបង្គំផង។ អ្វីក៏ដោយ ដែលព្រះអង្គបានបំភ្លឺទូលបង្គំនៅថ្ងៃនេះ សូមអនុញ្ញាតឲ្យទូលបង្គំយល់ពីវានៅក្នុងពេលនេះផងដែរ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអង្គ អាចដើរតួជាជីវិតរបស់ទូលបង្គំ»។ អ្នកក៏បានអធិស្ឋាន នៅពេលអ្នកកំពុងញ៉ាំអាហារពេលល្ងាចថា៖ «ឱ! ព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រទានអាហារនេះដល់យើងខ្ញុំ។ សូមព្រះអង្គប្រទានពរដល់យើងខ្ញុំ។ អាម៉ែន! សូមឲ្យយើងខ្ញុំ រស់នៅដោយសារព្រះអង្គ។ សូមឲ្យព្រះអង្គ គង់នៅជាមួយយើងខ្ញុំ។ អាម៉ែន!» បន្ទាប់ពីអ្នកបានបរិភោគអាហារពេលល្ងាចរួច ហើយកំពុងលាងចាន អ្នកបានចាប់ផ្តើមនិយាយតិចៗថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំប្រៀបដូចជាចានមួយនេះអញ្ចឹង។ យើងខ្ញុំត្រូវបានធ្វើឲ្យខូចអាក្រក់ដោយសាតាំង ប្រៀបបីដូចជាចាន ដែលត្រូវបានគេប្រើរួច ហើយយកវាទៅសំអាតចេញដោយទឹកយ៉ាងដូច្នេះដែរ។ ព្រះអង្គ គឺជាទឹកហើយព្រះបន្ទូលរបស់ព្រះអង្គ គឺជាទឹករស់ដែលផ្តល់ជីវិតសម្រាប់ទូលបង្គំ»។ ព្រិចបើកៗ ក៏ដល់ពេលចូលគេងទៀត ហើយអ្នកចាប់ផ្តើមនិយាយតិចៗ ម្ដងទៀតថា៖ «ឱ ព្រះជាម្ចាស់អើយ! ព្រះអង្គបានប្រទានពរដល់ទូលបង្គំ និងដឹកនាំទូលបង្គំពេញមួយថ្ងៃ។ ទូលបង្គំ ពិតជាអរព្រះគុណព្រះអង្គខ្លាំងណាស់...» នេះជារបៀប ដែលអ្នកចំណាយពេលមួយថ្ងៃរបស់អ្នក ហើយបន្ទាប់មកអ្នកបានចូលដេកលង់លក់ទៅ។ មនុស្សភាគច្រើន រស់នៅដូចនេះជារៀងរាល់ថ្ងៃ ហើយសូម្បីតែឥឡូវនេះ ពួកគេព្រងើយកន្តើយនឹងការចូលទៅក្នុងភាពពិតប្រាកដ ដោយផ្តោតតែទៅលើការចំណាយពេលតែបបូរមាត់ខាងក្រៅក្នុងការអធិស្ឋានរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជាជីវិតពីមុន ជាជីវិតចាស់របស់ពួកគេ។ ហើយភាគច្រើនគឺបែបនេះឯង។ ពួកគេខ្វះការបណ្តុះបណ្តាលពិតប្រាកដ ហើយពួកគេក៏ឆ្លងកាត់ការផ្លាស់ប្តូរពិតប្រាកដតិចតួចបំផុតដែរ។ ពួកគេ អធិស្ឋានដោយបបូរមាត់របស់ពួកគេ ពួកគេចូលទៅជិតព្រះជាម្ចាស់តែពាក្យសំដីរបស់ពួកគេតែប៉ុណ្ណោះ តែខ្វះការយល់ដឹងជ្រៅជ្រះ។ យើងយកឧទាហរណ៍ដ៏សាមញ្ញបំផុត និយាយពីការរៀបចំផ្ទះសម្បែងរបស់អ្នក។ អ្នកឃើញថាផ្ទះរបស់អ្នករញ៉េរញ៉ៃ ដូច្នេះអ្នកអង្គុយនៅទីនោះហើយអធិស្ឋានថា៖ «ឱ! ព្រះជាម្ចាស់អើយ! សូមក្រឡេកមើលអំពើអាក្រក់ ដែលសាតាំងបានធ្វើមកលើទូលបង្គំ។ ទូលបង្គំ ក៏កខ្វក់ដូចផ្ទះនេះអញ្ចឹងដែរ។ ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាសរសើរតម្កើង និងអរព្រះគុណទ្រង់ណាស់។ បើគ្មានសេចក្តីសង្គ្រោះ និងការបំភ្លឺរបស់ព្រះអង្គទេ នោះទូលបង្គំនឹងមិនដឹងការពិតនេះឡើយ»។ អ្នកគ្រាន់តែអង្គុយនៅទីនោះ ហើយអធិស្ឋានតិចៗយ៉ាងយូររួចក្រោយមក អ្នកធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ប្រៀបដូចជាស្ត្រីចំណាស់ម្នាក់កំពុងតែរអ៊ូរងូវៗតែម្នាក់ឯងអញ្ចឹង។ អ្នកឆ្លងកាត់ជីវិតខាងវិញ្ញាណរបស់អ្នក តាមរបៀបនេះឯង ដោយគ្មានការចូលទៅក្នុងសេចក្តីពិតទាល់តែសោះ ជាមួយនឹងការអនុវត្តបែបសើៗយ៉ាងច្រើន! ការចូលទៅក្នុងការបណ្តុះបណ្តាលពិតប្រាកដ គឺជាប់ពាក់ព័ន្ធនឹងជីវិតពិតជាក់ស្តែងរបស់មនុស្ស បូករួមនិងការលំបាកជាក់ស្តែងជាច្រើនដែលពួកគេឆ្លងកាត់ នេះជាមធ្យោបាយតែមួយគត់ ដែលពួកគេអាចផ្លាស់ប្តូរបាន។ បើគ្មានជីវិតពិតជាក់ស្តែងទេ មនុស្សមិនអាចផ្លាស់ប្តូរបានឡើយ។ តើការអធិស្ឋានដោយបបូរមាត់បានប្រយោជន៍អ្វី? បើគ្មានការយល់ដឹង ពីធម្មជាតិរបស់មនុស្សទេ នោះអ្វីៗទាំងអស់ គឺជាការខ្ជះខ្ជាយពេលវេលា ហើយបើគ្មានផ្លូវសម្រាប់ការអនុវត្តទេ នោះអ្វីៗគ្រប់យ៉ាងគឺជាការការខិតខំប្រឹងប្រែងតែប៉ុណ្ណោះដោយខ្ជះខ្ជាយ!

ដកស្រង់ពី «ការពិគ្រោះអំពីជីវិតក្រុមជំនុំ និងជីវិតពិតជាក់ស្តែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជាច្រើនអធិដ្ឋានឥតឈប់ឈរ «ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ បើទោះបីជាការអធិស្ឋាន នៅជាប់នឹងបបូរមាត់របស់ពួកគេជានិច្ចមែន ក៏ពួកគេមិនរស់នៅក្នុងព្រះវត្តមានរបស់ព្រះដែរ។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលមនុស្សបែបនេះអាចរក្សាស្ថានភាពរបស់ពួកគេ ក្នុងព្រះវត្តមានព្រះជាម្ចាស់ ពួកគេគ្មានសមត្ថភាពប្រើប្រាស់ដួងចិត្តរបស់ពួកគេទាំងស្រុង ដើម្បីនៅជាប់ជាមួយព្រះគ្រប់ពេលវេលា ហើយពួកគេក៏មិនអាចចូលមករកព្រះ ដោយមធ្យោបាយនៃការពិសោធន៍ មិនថាតាមរយៈការពិចារណា ការសញ្ជឹងគិតដោយស្ងៀមស្ងាត់ ឬការប្រើគំនិតរបស់ពួកគេដើម្បីនៅជាប់ជាមួយនឹងព្រះជាម្ចាស់ នៅក្នុងចិត្តពួកគេ ដោយការគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់។ ពួកគេគ្រាន់តែថ្វាយការអធិដ្ឋានដល់ព្រះដែលនៅស្ថានសួគ៌ ដោយមាត់របស់ពួកគេប៉ុណ្ណោះ។ ដួងចិត្តរបស់មនុស្សភាគច្រើន គ្មានសង្ឃឹមចំពោះព្រះទេ ហើយព្រះគង់នៅទីនោះ តែនៅពេលដែលពួកគេចូលទៅជិតទ្រង់ប៉ុណ្ណោះ។ ភាគច្រើន ព្រះជាម្ចាស់មិនគង់នៅទីនោះទាល់តែសោះ។ តើនេះមិនមែនជាការបង្ហាញឲ្យឃើញចិត្តមនុស្សដែលគ្មានព្រះគង់ជាមួយទេឬអី? ប្រសិនបើពួកគេពិតជាមានព្រះ នៅក្នុងចិត្តពួកគេមែន តើពួកគេអាចធ្វើកិច្ចការដែលចោរប្លន់ និងសត្វសាហាវធ្វើដែរឬទេ? ប្រសិនបើមនុស្សម្នាក់ពិតជាគោរពព្រះមែន ពួកគេនឹងនាំដួងចិត្តពិតរបស់ពួកគេ មកភ្ជាប់ជាមួយនឹងព្រះ ហើយគំនិត និងយោបល់របស់ពួកគេនឹងនៅជាប់ដោយព្រះបន្ទូលរបស់ព្រះជានិច្ច។ ពួកគេមិនទំនងជាធ្វើខុស ក្នុងកិច្ចការដែលមនុស្សអាចសម្រេចបាន ហើយនឹងមិនធ្វើកិច្ចការណាដែលទាស់ទទឹងនឹងព្រះឡើយ។ នេះហើយគឺជាខ្នាតគំរូនៃជីវិតជាអ្នកជឿ។

ដកស្រង់ពី «អំពីបទពិសោធន៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើមនុស្សភាគច្រើនអធិស្ឋានយ៉ាងដូចម្ដេចនៅពេលជួបប្រទះនឹងការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលត្រូវលួសកាត់ និងដោះស្រាយជាមួយដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅពេលទទួលស្គាល់និស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ពួកគេ? ពួកគេសុទ្ធតែជាប្រភេទតែមួយ ដែលនិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំរងទុក្ខលំបាក។ ឱព្រះជាម្ចាស់អើយ ទូលបង្គំរងទុក្ខលំបាកណាស់»។ តើសម្ដីទាំងនោះ មិនធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អើមទេឬអី? នៅពេលអ្នកមកចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ តើអ្នកពិតជាមិនត្រូវការឱ្យទ្រង់បំភ្លឺអ្នកដោយអ្វីផ្សេងបន្តិចទេឬ? តើអ្នកមិនត្រូវការសេចក្ដីជំនឿ និងកម្លាំង ឬត្រូវការឱ្យព្រះជាម្ចាស់ធ្វើជាអ្នកទំនុកបម្រុងដល់អ្នក និងបំភ្លឺ ហើយណែនាំអ្នក ដើម្បីឱ្យអ្នកអាចដើរបានស្រួលនៅលើមាគ៌ាទៅមុខទេឬ? តើអ្នកមិនត្រូវការការប្រៀនប្រដៅ និងការវាយផ្ចាលរបស់ទ្រង់ទេឬអី? តើអ្នកមិនត្រូវការការណែនាំរបស់ទ្រង់ទេឬ? តើអ្នកគ្រាន់តែត្រូវការទ្រង់ដើម្បីបន្ថយទុក្ខលំបាករបស់អ្នកតែប៉ុណ្ណេះឬ? មនុស្សពិតជាត្រូវបានធ្វើឱ្យក្រៀមស្វិតពីខាងក្នុង និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យអាណិត! ការមិនដឹងថាត្រូវអធិស្ឋានបែបណា មើលទៅហាក់ដូចជាបញ្ហាតូចមួយ ប៉ុន្តែតាមពិតទៅ នៅពេលអ្នកយល់អំពីបញ្ហាតូចនេះ និងវិភាគពីសារជាតិរបស់វា អ្នកឃើញថា វាមិនមែនជាបញ្ហាតូចតាចនោះទេ។ នេះបង្ហាញថា ក្នុងនាមជាមនុស្សម្នាក់ អ្នកពុំមានប្រភេទជីវិតណាមួយត្រូវនិយាយឡើយ ហើយមិនថាអ្នកមានជីវិតបែបណានោះទេ អ្នកកម្រនឹងប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ណាស់។ រវាងអ្នក និងព្រះជាម្ចាស់ អ្នកមិនបានបង្កើតប្រភេទទំនាក់ទំនង ដែលគប្បីត្រូវមានរវាងព្រះជាម្ចាស់ និងអ្នកដើរតាមទ្រង់ ឬរវាងវត្ថុដែលបានបង្កើតមក និងព្រះអាទិកររបស់ពួកគេឡើយ។ នៅពេលជួបបញ្ហា អ្នកធ្វើការសម្រេចចិត្តទៅតាមការសន្និដ្ឋានផ្ទាល់ខ្លួន តាមសញ្ញាណ គំនិត ចំណេះដឹង អំណោយទាន និងទេពកោសល្យ ព្រមទាំងនិស្ស័យពុករលួយរបស់អ្នក។ អ្នកគ្មានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ទេ ដូច្នេះ នៅពេលអ្នកមកចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ អ្នកមិនដែលមានអ្វីនិយាយទៅកាន់ទ្រង់ឡើយ។ នេះគឺជាសភាពទុក្ខសោករបស់មនុស្សដែលជឿលើព្រះជាម្ចាស់! នេះគឺជាស្ថានភាពដ៏គួរឱ្យអាណិត! នៅខាងក្នុង មនុស្សត្រូវស្ងួតហែង និងស្ពឹកស្រពន់។ ពួកគេគ្មានអារម្មណ៍អ្វីសោះ នៅពេលនិយាយដល់រឿងទាំងអស់នេះ ហើយពួកគេក៏គ្មានការយល់ដឹងអំពីរឿងទាំងអស់នេះដែរ។ នៅពេលដែលពួកគេមកចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ ពួកគេគ្មានអ្វីត្រូវនិយាយនោះទេ។ មិនថាអ្នកគិតថាខ្លួនឯងស្ថិតនៅក្នុងស្ថានភាពបែបណា មិនថាអ្នកជួបការលំបាកបែបណា និងមិនថាអ្នកជួបសេចក្ដីវេទនាបែបណានោះទេ ប្រសិនបើអ្នកមិននិយាយអ្វីនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ទេ នោះតើសេចក្ដីជំនឿរបស់អ្នកអាចនាំឱ្យមានមន្ទិលសង្ស័យដែរឬទេ? តើនេះមិនមែនជាទឹកមុខរបស់មនុស្សដ៏គួរឱ្យអាណិតទេឬ? បន្ទាប់ពីបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមក អ្នកនៅតែត្រូវរៀនពីរបៀបអធិស្ឋានសាជាថ្មី អ្នកនៅតែមិនដឹងថាត្រូវអធិស្ឋានដោយរបៀបណា ហើយនៅពេលអ្នកជួបបញ្ហា អ្នកគ្រាន់តែថ្លែងនូវពាក្យពីរោះស្ដាប់ និងធ្វើការប្ដេជ្ញាចិត្ត ឬរអ៊ូរទាំដាក់ព្រះជាម្ចាស់ និងពោលពីទុក្ខព្រួយ ដោយនិយាយថាតើអ្នកកំពុងរងទុក្ខបែបណា ឬបើពុំដូច្នេះទេ ក៏រកហេតុផល និងនិយាយល្អពីខ្លួនឯងនៅក្នុងចម្លើយសារភាព។ វាគ្មានអ្វីត្រូវឆ្ងល់ទេថាហេតុអ្វីអ្នករាល់គ្នាយឺតយ៉ាវក្នុងការចូលទៅក្នុងសេចក្ដីពិតនោះ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (IX)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

គ្មានអ្វីដែលព្រះជាម្ចាស់ស្អប់ជាងការអធិស្ឋានក្នុងពិធីសាសនានោះទេ។ ការអធិស្ឋាននៅកាន់ព្រះជាម្ចាស់ ត្រូវបានទទួលយកតែនៅពេលដែលការអធិដ្ឋានទាំងនោះស្មោះត្រង់ប៉ុណ្ណោះ។ ប្រសិនបើអ្នកគ្មានអ្វីស្មោះត្រង់ត្រូវនិយាយទេ នោះចូរនៅឱ្យស្ងៀមចុះ។ មិនត្រូវនិយាយពាក្យកុហកជាដរាបឡើយ ហើយធ្វើការស្បថទាំងងងឹតងងុល ដោយព្យាយាមបោកប្រាស់ទ្រង់ ដោយនិយាយថាអ្នកស្រឡាញ់ទ្រង់ខ្លាំងប៉ុនណា អ្នកចង់ក្លាយជាអ្នកស្មោះត្រង់នឹងទ្រង់ច្រើនប៉ុនណានោះទេ។ ប្រសិនបើអ្នកមិនអាចសម្រេចបំណងចិត្តរបស់ខ្លួនឯងបាន ប្រសិនបើអ្នកខ្វះការតាំងចិត្ត និងកម្ពស់នេះ ចូរកុំអធិស្ឋានបែបនេះនៅចំពោះព្រះជាម្ចាស់អី ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។ នោះគឺគួរឱ្យអស់សំណើចណាស់។ គួរឱ្យអស់សំណើច មានន័យថាលេងសើចជាមួយនរណាម្នាក់ ចាត់ទុកគេជាមនុស្សមិនសំខាន់។ នៅពេលមនុស្សអធិស្ឋាននៅចំពោះព្រះជាម្ចាស់ដោយនិស្ស័យបែបនេះ យ៉ាងហោចណាស់ក៏នេះជាការបោកបញ្ឆោតដែរ។ ប្រសិនបើអ្នកធ្វើបែបនេះញឹកញាប់ អាក្រក់បំផុតនោះ គឺអ្នកនឹងមានលក្ខណៈគួរឱ្យស្អប់ខ្ពើមជាខ្លាំង។ ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់ទោសអ្នកពិតមែន នោះការដាក់ទោសនេះ នឹងហៅថាជាការប្រមាថមិនខាន! មនុស្សគ្មានការគោរពចំពោះព្រះជាម្ចាស់ទេ ហើយពួកគេមិនដឹងថាត្រូវគោរពព្រះជាម្ចាស់ដោយរបៀបណា ឬត្រូវស្រឡាញ់ និងផ្គាប់ព្រះហឫទ័យទ្រង់ដោយរបៀបណានោះទេ។ ព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ថាតើសេចក្ដីពិតបានច្បាស់លាស់ចំពោះពួកគេដែរឬអត់ ឬនិស្ស័យរបស់ពួកគេពុករលួយឬអត់នោះទេ។ ប៉ុន្តែ ពួកគេនាំយកចរិតលក្ខណៈបែបនេះទៅរកព្រះជាម្ចាស់ និងប្រព្រឹត្តដាក់ព្រះជាម្ចាស់ដូចជាអ្នកមិនជឿប្រព្រឹត្តដាក់មនុស្សដទៃដែរ។ បន្ថែមលើនេះ ពួកគេលត់ជង្គង់នៅចំពោះព្រះភ័ក្រ្តទ្រង់ អធិស្ឋានយ៉ាងឱឡារឹក ដោយពាក្យពេចន៍ទាំងអស់នេះ ដើម្បីល្បងល និងលួងលោមព្រះជាម្ចាស់ ហើយនៅពេលនិយាយចប់ ពួកគេមិនត្រឹមតែមិនមានអារម្មណ៍ស្ដាយក្រោយចំពោះខ្លួនឯងទេ ប៉ុន្តែក៏គ្មានអារម្មណ៍យកចិត្តទុកដាក់ចំពោះទង្វើរបស់ពួកគេដែរ។ បើដូច្នេះមែន តើព្រះជាម្ចាស់គង់នៅជាមួយពួកគេដែរឬទេ? តើមនុស្សម្នាក់ដែលគ្មានវត្តមានរបស់ព្រះជាម្ចាស់សោះនោះ អាចត្រូវបានបំភ្លឺ និងស្រាយបំភ្លឺដែរឬទេ? តើពួកគេអាចត្រូវបានបំភ្លឺដោយសេចក្ដីពិតដែរឬទេ? (ទេ ពួកគេមិនអាចទេ)។ ដូច្នេះ ពួកគេនឹងជួបបញ្ហា។ តើអ្នករាល់គ្នាបានអធិស្ឋានបែបនេះច្រើនលើកច្រើនសាហើយមែនទេ? តើអ្នកធ្វើបែបនេះញឹកញាប់ដែរឬទេ? នៅពេលមនុស្សចំណាយពេលច្រើននៅក្នុងពិភពខាងក្រៅ ពួកគេស្រូបក្លិនស្អុយរបស់សង្គម សារជាតិកខ្វក់របស់ពួកគេកាន់តែរីកធំឡើងៗ ហើយពួកគេត្រូវជ្រាបសព្វទៅដោយថ្នាំពុល និងរបៀបរស់នៅរបស់សាតាំង។ ពាក្យដែលចេញពីមាត់របស់ពួកគេ គឺជាពាក្យកុហក និងបោកប្រាស់។ ពួកគេនិយាយដោយមិនបានគិត ឬបើមិនដូច្នោះទេ និយាយពាក្យដែលគ្មានអ្វីផ្សេងក្រៅពីការលើកចិត្ត និងគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេទេ ហើយកម្រនឹងមានការលើកទឹកចិត្តដែលត្រឹមត្រូវណាស់។ នេះគឺជាបញ្ហាធ្ងន់ធ្ងរណាស់។ នៅពេលមនុស្សនាំយកទស្សនវិជ្ជា និងរបៀបរស់នៅរបស់សាតាំងទៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ តើពួកគេមិនបង្ខូចដល់និស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? តើការធ្វើបែបនេះនឹងជួបបញ្ហាអ្វីខ្លះ? សំបកក្រៅ ការអធិស្ឋានទាំងនេះ គឺជាការព្យាយាមចង់បោកប្រាស់ និងបោកបញ្ឆោតព្រះជាម្ចាស់ ហើយមិនត្រូវតាមបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ទ្រង់ឡើយ។ ជាគោលការណ៍សំខាន់ ចំណុចនេះកើតចេញពីសារជាតិរបស់មនុស្ស។ វាមិនមែនជាការបើកសម្ដែងនូវសេចក្ដីពុករលួយម្ដងម្កាលនោះទេ។

ដកស្រង់ពី «មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ២. អ្វីជាការអិធិស្ឋានដ៏ពិត និងអ្វីដែលការអធិស្ឋានអាចសម្រេចបាន

បន្ទាប់៖ ៤. វិធីដែលមនុស្សអាចចូលទៅក្នុងការអធិស្ឋានដ៏ពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ