៣. អ្វីជាភាពខុសគ្នារវាងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ និងការបម្រើ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមជាមនុស្ស ដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញកិច្ចការរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធន៍ជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ ការជំនុំ ជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬផ្ដល់ផល និងធ្លាក់ទៅវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ គឺជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឲ្យឃើញ នូវអ្វីដែលពួកគេគួរសម្ដែងឲ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឲ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គប្បីត្រូវមានហើយ។ មនុស្សបែបនេះ គេហៅថា «មនុស្សធុនកណ្តាល»។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅថាជាភាវៈដែលបានបង្កើតមកឲ្យបានត្រឹមត្រូវដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយក្នុងទេឬអី?

ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីជាភាពខុសគ្នារវាងការធ្វើការបម្រើ និងការបំពេញភារកិច្ចរបស់ខ្លួន? ការធ្វើការបម្រើមានន័យថាអ្នកធ្វើអ្វីក៏ដោយដែលអ្នកចង់ធ្វើ ដោយយ៉ាងហោចណាស់ អ្វីដែលអ្នកធ្វើនោះមិនប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ ដរាបណាគ្មាននរណាម្នាក់ស៊ើបអង្កេតសកម្មភាពរបស់អ្នក ហើយដរាបណាអ្វីដែលអ្នកធ្វើអាចធ្វើទៅបាន នោះគឺល្អគ្រប់គ្រាន់ហើយ។ អ្នកមិនយកខ្លួនឯងទៅខ្វល់ខ្វាយនឹងការផ្លាស់ប្ដូរនិស្ស័យ ការធ្វើអ្វីៗស្របតាមគោលការណ៍សេចក្ដីពិត ការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរឹតតែមិនខ្វល់ពីរបៀបចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឬរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងថ្វាយវាទៅដល់ព្រះជាម្ចាស់នោះទេ។ អ្នកមិនយកចិត្តទុកដាក់ទៅលើរឿងទាំងអស់នេះទេ ហើយនេះឯងគឺជាអ្វីដែលគេហៅថាការធ្វើការស៊ីឈ្នួល។ ការធ្វើការស៊ីឈ្នួលគឺជាការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នក និងធ្វើការងារតាំងពីព្រឹករហូតដល់យប់ ហាក់ដូចជាអ្នកគឺជាទាសករម្នាក់អ៊ីចឹង។ ប្រសិនបើអ្នកសួរមនុស្សប្រភេទនេះថា «ក្នុងរយៈពេលដ៏ល្វីងជូរចត់ទាំងប៉ុន្មានឆ្នាំនេះ ដែលអ្នកបានដាក់ខ្លួនអ្នកចូលទៅធ្វើកិច្ចការដ៏លំបាក តើទាំងអស់នេះធ្វើដើម្បីអ្វីទៅ?» នោះពួកគេនឹងឆ្លើយតបថា «ហេតុអ្វី គឺដើម្បីឱ្យខ្ញុំអាចទទួលបានព្រះពរ»។ ប្រសិនបើអ្នកសួរពួកគេថា តើក្នុងរយៈពេលប៉ុន្មានឆ្នាំដែលពួកគេជឿលើព្រះជាម្ចាស់នេះ និស្ស័យរបស់ពួកគេមានការផ្លាស់ប្ដូរខ្លះឬអត់ តើពួកគេបានដឹងច្បាស់អំពីអត្ថិភាពរបស់ព្រះជាម្ចាស់ឬអត់ តើពួកគេមានការយល់ដឹង ឬក៏បទពិសោធន៍ពិតប្រាកដក្នុងកម្រិតណាមួយ អំពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករឬអត់ នោះចម្លើយចំពោះសំណួរទាំងអស់នេះនឹងស្ថិតនៅក្នុងប្រភេទ «ទេ» ហើយពួកគេមិនអាចនិយាយអំពីចំណុចណាមួយក្នុងចំណោមចំណុចទាំងអស់នេះបានទេ។ នៅពេលដែលគ្មានការរីកចម្រើន ឬវឌ្ឍនភាពនៅក្នុងសូចនាករដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរខាងឯនិស្ស័យទេ បុគ្គលម្នាក់នោះគ្រាន់តែធ្វើការបម្រើឥតឈប់ឈរប៉ុណ្ណោះ។ ឧបមាថា បុគ្គលម្នាក់ធ្វើការបម្រើអស់រយៈពេលជាច្រើនឆ្នាំ ហើយចាប់ផ្ដើមយល់ថាពួកគេមាននិស្ស័យពុករលួយមួយដោយមិនដឹងខ្លួន ថាពួកគេបះបោរទាស់នឹងព្រះជាម្ចាស់ជារឿយៗ ថាពួកគេរអ៊ូរទាំជារឿយៗ ថាពួកគេមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ជារឿយៗ ថាពួកគេបានពុករលួយយ៉ាងខ្លាំង ហើយថាទោះបីជាព្រះជាម្ចាស់មានបន្ទូលប្រាប់ឱ្យពួកគេចុះចូលចំពោះទ្រង់យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ។ ពួកគេព្យាយាមដាក់កម្រិតលើខ្លួនឯង ប៉ុន្ដែនេះគ្មានប្រយោជន៍ទេ ហើយពួកគេក៏មិនដាក់បណ្ដាសាខ្លួនឯង ឬក៏ស្បថនោះដែរ។ នៅទីបំផុត ពួកគេរកឃើញថា៖ «មនុស្សពិតជាមាននិស្ស័យមួយដែលពុករលួយ ហើយនោះគឺជាមូលហេតុដែលគេអាចបះបោរទាស់នឹងព្រះជាម្ចាស់។ នៅពេលដែលមានរឿងអ្វីមួយកើតឡើង មនុស្សតែងតែមានបំណងចិត្តផ្ទាល់ខ្លួន ហើយពួកគេតែងតែស្រាវជ្រាវរកការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ ទោះបីជាពួកគេមានឆន្ទៈខំប្រឹងប្រែងដោយខ្លួនឯងក៏ដោយ ក៏នៅពេលដែលមានអ្វីមួយទាក់ទងជាមួយនិស្ស័យរបស់ពួកគេ និងមហិច្ឆតាព្រៃ ហើយបំណងចិត្ត និងចេតនា ព្រមទាំងបំណងប្រាថ្នារបស់ពួកគេ នោះពួកគេមិនអាចបោះបង់វាចោល ឬបណ្ដោយឱ្យវាទៅនោះឡើយ។ ពួកគេតែងតែចង់ធ្វើអ្វីៗតាមរបៀបមួយដែលបំពេញចិត្តខ្លួនឯង។ នេះហើយជាខ្ញុំ ហើយខ្ញុំពិតជាអាចគ្រប់គ្រងបាន! តើអាចធ្វើអ្វីបាន?» ប្រសិនបើពួកគេបានចាប់ផ្ដើមពិចារណាអំពីរឿងទាំងអស់នេះ នោះពួកគេមានការយល់ដឹងខ្លះៗអំពីផ្លូវរបស់មនុស្សហើយ។ ប្រសិនបើនៅពេលណាមួយ មនុស្សដែលចូលរួមនៅក្នុងការធ្វើការស៊ីឈ្នួលអាចទទួលយកកិច្ចការពិតប្រាកដ អាចផ្ដោតគំនិតរបស់ពួកគេទៅលើការផ្លាស់ប្ដូរនិស្ស័យ មានការយល់ថា តាមពិតពួកគេក៏មាននិស្ស័យពុករលួយដែរ ថាពួកគេក៏ក្រអឺតក្រទម និងមិនអាចចុះចូលចំពោះព្រះជាម្ចាស់ដែរ ហើយថាវានឹងមិនធ្វើបន្ដទៀតតាមរបៀបនេះទេ។ នៅពេលដែលពេលវេលាមកដល់ ដែលពួកគេអាចគិតអំពីរឿងរ៉ាវទាំងអស់នេះ នោះពួកគេនឹងចាប់ផ្ដើមបែរខ្លួនរបស់ពួកគេត្រឡប់មកវិញ ហើយមានសង្ឃឹមថានិស្ស័យរបស់ពួកគេអាចនឹងផ្លាស់ប្ដូរ ហើយថាពួកគេអាចនឹងទទួលបានសេចក្ដីសង្គ្រោះ។ ឧបមាថា អ្នកណាម្នាក់មិនដែលគិតអំពីរឿងរ៉ាវទាំងអស់នេះទេ ហើយអ្វីដែលពួកគេដឹងនោះគឺរបៀបធ្វើការ ដោយគិតថាការបញ្ចប់កិច្ចការនៅក្នុងដៃរបស់ពួកគេគឺជាអ្វីដែលត្រូវបានតម្រូវដើម្បីបញ្ចប់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយថានៅពេលដែលពួកគេបានបញ្ចប់ការប្រឹងប្រែងខ្លួនឯងហើយនោះ ពួកគេនឹងបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងត្រឹមត្រូវហើយ ដោយមិនដែលគិតអំពីអ្វីដែលជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ អំពីអ្វីដែលជាសេចក្ដីពិត ឬអំពីការដែលថាពួកគេអាចត្រូវបានរាប់ថាជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ឬអត់នោះទេ ពួកគេមិនដែលពិចារណាអំពីរឿងរ៉ាវទាំងអស់នេះទេ។ តើមនុស្សម្នាក់ដែលបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះអាចទទួលបានសេចក្ដីសង្គ្រោះឬទេ? ចម្លើយគឺ មិនអាចទេ។ ពួកគេមិនបានបោះជើងលើផ្លូវទៅកាន់ការទទួលបានសេចក្ដីសង្គ្រោះ ឬក៏ទៅលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបានបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេនៅតែខំប្រឹងប្រែង និងចូលរួមនៅក្នុងការធ្វើការបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះធ្វើការបម្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ថែរក្សា និងការពារពួកគេ ប៉ុន្ដែទ្រង់មិនមានផែនការដើម្បីសង្គ្រោះពួកគេទេ ហើយទ្រង់ក៏មិនដោះស្រាយជាមួយពួកគេ និងលោះកាត់ពួកគេដែរ ក៏មិនជំនុំជម្រះ និងវាយផ្ចាលពួកគេ ហើយក៏មិនដាក់ពួកគេនៅក្រោមការល្បងល ឬការបន្សុទ្ធឡើយ។ ទ្រង់គ្រាន់តែអនុញ្ញាតឱ្យពួកគេទទួលបានព្រះពរខ្លះៗនៅក្នុងជីវិតនេះប៉ុណ្ណោះ និងគ្មានអ្វីផ្សេងទៀតឡើយ។ ប្រសិនបើពេលវេលាមកដល់ ដែលមនុស្សទាំងនេះចេះឆ្លុះបញ្ជាំងពីរឿងរ៉ាវទាំងអស់នេះ ហើយយល់សេចក្ដីអធិប្បាយដែលពួកគេស្ដាប់ឮ នោះពួកគេនឹងដឹង៖ «ដូច្នេះ នេះគឺជាអ្វីដែលជាការជឿលើព្រះជាម្ចាស់។ អ៊ីចឹង ខ្ញុំត្រូវតែព្យាយាមដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើខ្ញុំមិនព្យាយាមទេ ហើយបែរជាយល់ព្រមនឹងការធ្វើការបម្រើវិញ នោះគ្មានអ្វីពាក់ព័ន្ធនឹងជំនឿលើព្រះជាម្ចាស់ឡើយ»។ បន្ទាប់មក ពួកគេពិចារណាថា៖ «តើទិដ្ឋភាពអ្វីខ្លះនៃនិស្ស័យពុករលួយដែលខ្ញុំមាន? តើនិស្ស័យពុករលួយនេះ គឺជាអ្វីឱ្យប្រាកដទៅ? មិនថាយ៉ាងណានោះទេ ជាដំបូង ខ្ញុំត្រូវតែចុះចូលចំពោះព្រះជាម្ចាស់!» ចំណុចទាំងអស់នេះទាក់ទងទៅនឹងសេចក្ដីពិត និងការផ្លាស់ប្ដូរនិស្ស័យ ហើយមានសេចក្ដីសង្ឃឹមសម្រាប់ពួកគេ។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកបំពេញភារកិច្ចអ្វីនោះទេ អ្នកត្រូវតែព្យាយាមដើម្បីយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងយល់ពីអ្វីដែលជាសេចក្ដីតម្រូវរបស់ទ្រង់ដែលពាក់ព័ន្ធនឹងភារកិច្ចរបស់អ្នក។ មានតែបែបនេះ ទើបអ្នកអាចដោះស្រាយបញ្ហានៅក្នុងរបៀបមួយដែលមានគោលការណ៍។ ចំពោះការបំពេញភារកិច្ចរបស់អ្នក ច្បាស់ណាស់ថាអ្នកមិនអាចធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយគ្រាន់តែធ្វើតាមអ្វីដែលអ្នកចង់ធ្វើ អ្វីដែលអ្នកចង់សប្បាយ និងមានអារម្មណ៍កក់ក្ដៅក្នុងការធ្វើវា ឬអ្វីដែលនឹងធ្វើឲ្យអ្នកមើលទៅហាក់ដូចជាល្អនោះឡើយ។ ប្រសិនបើអ្នកបង្ខំដាក់នូវចំណង់ចំណូលចិត្តរបស់អ្នកលើព្រះជាម្ចាស់ ឬអនុវត្តចំណូលចិត្តទាំងនោះដោយធ្វើដូចទាំងនោះជាសេចក្ដីពិត ដោយពិនិត្យមើលចំណុចទាំងនោះដូចវាជាគោលការណ៍សេចក្ដីពិត នោះវាមិនបានបំពេញនូវភារកិច្ចរបស់អ្នកនោះទេ ហើយការបំពេញភារកិច្ចរបស់អ្នកក្នុងរបៀបនេះ នឹងមិនអាចឲ្យព្រះជាម្ចាស់ចងចាំបានឡើយ។ មនុស្សមួយចំនួនមិនយល់ពីសេចក្ដីពិត ហើយពួកគេមិនដឹងពីអត្ថន័យនៃការបំត្រូវពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនោះទេ។ ពួកគេមានអារម្មណ៍ថា ដោយសារតែពួកគេបានដាក់ចិត្ត និងការខិតខំប្រឹងប្រែងចូលទៅក្នុងនោះ ដោយលះបង់សាច់ឈាម និងបានរងទុក្ខ នោះការបំពេញភារកិច្ចរបស់ពួកគេគួរតែត្រូវតាមបទដ្ឋាន ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់តែងតែមិនគាប់ព្រះទ័យ។ តើមនុស្សទាំងនេះបានធ្វើខុសត្រង់ចំណុចណាដែរ? កំហុសរបស់ពួកគេគឺមិនស្វែងរកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយពួកគេបែរជាប្រព្រឹត្តស្របតាមគំនិតរបស់គេផ្ទាល់ទៅវិញ។ ពួកគេចាត់ទុកបំណងប្រាថ្នា ចំណង់ចំណូលចិត្តរបស់ខ្លួនគេផ្ទាល់ និងការជំរុញចិត្តបែបអាត្មានិយមថាជាសេចក្ដីពិត ហើយពួកគេចាត់ទុកចំណុចទាំងនេះហាក់ដូចជាទទួលបានការស្រលាញ់ពីព្រះជាម្ចាស់ គឺទុកដូចជាចំណុចទាំងនេះជាបទដ្ឋាន និងសេចក្ដីតម្រូវរបស់ទ្រង់។ ពួកគេបានឃើញអ្វីដែលពួកគេជឿថាត្រឹមត្រូវ ល្អ និងស្រស់ស្អាតចំពោះសេចក្ដីពិត។ ការនេះមិនត្រឹមត្រូវទេ។ តាមការពិត ទោះបីជាពេលខ្លះមនុស្សអាចគិតថាអ្វីមួយត្រឹមត្រូវ ហើយការនោះស្របតាមសេចក្ដីសេចក្ដីពិត ក៏មិនមែនសុទ្ធតែមានន័យថាវាស្របតាមបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ដែរ។ កាលណាមនុស្សកាន់តែគិតថាអ្វីមួយត្រឹមត្រូវ នោះពួកគេរឹតតែគួរប្រុងប្រយ័ត្នកាន់តែខ្លាំង និងរឹតតែគួរស្វែងរកសេចក្ដីពិត ដើម្បីមើលថាតើអ្វីដែលពួកគេកំពុងគិតអាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើវាកើតឡើងដើម្បីជំទាស់នឹងសេចក្ដីតម្រូវរបស់ទ្រង់ និងជំទាស់ព្រះបន្ទូលរបស់ទ្រង់ នោះវាមិនអាចទទួលយកបានឡើយ បើទោះបីជាអ្នកគិតថាវាត្រឹមត្រូវ វាប្រាកដជាត្រឹមត្រូវ តែត្រូវតាមគំនិតមនុស្សប៉ុណ្ណោះ ហើយវានឹងមិនអាចស្របតាមសេចក្ដីពិតឡើយ មិនថាអ្នកគិតថាវាត្រឹមត្រូវយ៉ាងណាក៏ដោយ។ ការតាំងចិត្តរបស់អ្នកអំពីអ្វីដែលត្រូវ និងអ្វីដែលខុស ត្រូវតែឈរលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយមិនថាអ្នកគិតថាវាត្រូវប៉ុនណានោះទេ លុះត្រាណាតែវាមាននូវមូលដ្ឋានសម្រាប់វានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើពុំដូច្នោះទេ អ្នកត្រូវតែបោះបង់វាចោល។ តើភារកិច្ចជាអ្វី? វាជាបញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រគល់ឲ្យមកមនុស្ស។ ដូចនេះ តើអ្នកគួរបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? ដោយការប្រព្រឹត្តិស្របតាមសេចក្ដីតម្រូវ និងបទដ្ឋានរបស់ព្រះជាម្ចាស់ និងដោយការផ្អែកអាកប្បកិរិយារបស់អ្នកនៅលើគោលការណ៍សេចក្ដីពិត ជាជាងការផ្អែកលើបំណងចិត្តដែលជាការចង់បានរបស់មនុស្ស។ តាមរបៀបនេះ ការបំពេញភារកិច្ចរបស់អ្នកនឹងត្រូវតាមបទដ្ឋាន។

ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍សេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចបំពញភារកិច្ចរបស់ពួកគេបានល្អប្រសើរ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាមនុស្សម្នាក់មានទេសកោសល្យ អំណោយទាន ឬជំនាញប្រភេទណានោះទេ ប្រសិនបើពួកគេគ្រាន់តែធ្វើការ និងប្រឹងប្រែងដោយខ្លួនឯងដើម្បីបំពេញភារកិច្ចរបស់ពួកគេ ហើយមិនថាពួកគេធ្វើអ្វីនោះទេ គឺសុទ្ធតែពឹងផ្អែកលើការស្រមើលស្រមៃ ឬសញ្ញាណរបស់ពួកគេ ឬពឹងផ្អែកលើសភាវគតិផ្ទាល់ខ្លួនរបស់ពួកគេនៅពេលពួកគេប្រឹងប្រែងធ្វើការ និងមែនដែលស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មានគំនិតឬសេចក្ដីចាំបាច់នៅក្នុងដួងចិត្តរបស់ពួកគេដែលនិយាយថា «ខ្ញុំត្រូវអនុវត្តសេចក្ដីពិត។ ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំនោះទេ»។ ហើយសន្ទុះចិត្តតែមួយគត់របស់ពួកគេ គឺត្រូវធ្វើការងាររបស់ពួកគេឲ្យបានល្អ និងបញ្ចប់កិច្ចការរបស់ពួកគេឲ្យបានរួចរាល់ បើដូច្នេះមែន តើពួកគេមិនមែនជាមនុស្សម្នាក់ដែលរស់នៅតាមអំណោយទាន ទេពកោសល្យ និងជំនាញរបស់ពួកគេទាំងស្រុងទេឬអី? តើមានមនុស្សបែបនេះច្រើនដែរឬទេ? នៅក្នុងសេចក្ដីជំនឿ ពួកគេគ្រាន់តែគិតអំពីការខំប្រឹងប្រែងដោយខ្លួនឯង ការលក់ពលកម្មរបស់ពួកគេផ្ទាល់ និងការលក់ជំនាញរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ។ ជាពិសេស នៅពេលដំណាក់របស់ព្រះជាម្ចាស់ប្រគល់ការងារទូទៅឲ្យមនុស្សធ្វើ មនុស្សភាគច្រើននឹងប្រកាន់តាមទស្សនៈនេះនៅពេលបំពេញការងារនេះ។ អ្វីទាំងអស់ដែលពួកគេធ្វើ គឺជាការប្រឹងប្រែងដោយខ្លួនឯង។ ពេលខ្លះ ការប្រឹងប្រែងនោះក៏មានន័យថាជាការប្រើមាត់របស់ពួកគេដើម្បីនិយាយអ្វីខ្លះៗ ពេលខ្លះក៏មានន័យថាជាការប្រើដៃនិងកម្លាំងកាយរបស់ពួកគេ ហើយពេលខ្លះ ក៏ជាការប្រើជើងរបស់ពួកគេដើម្បីរត់ចុះឡើងផងដែរ។ តើហេតុអ្វីបានជាគេនិយាយថា ការពឹងផ្អែកលើរឿងទាំងអស់នេះដើម្បីរស់នៅ គឺជាការប្រើប្រាស់កម្លាំងរបស់មនុស្សម្នាក់ ជាជាងការអនុវត្តសេចក្ដីពិតនោះ? នៅពេលនរណាម្នាក់បានទទួលយកកិច្ចការដែលដំណាក់ព្រះជាម្ចាស់បានប្រគល់ឲ្យ ពួកគេគិតតែធ្វើយ៉ាងណាដើម្បីធ្វើកិច្ចការនោះឲ្យបានឆាប់ហើយតែប៉ុណ្ណោះ ដើម្បីឲ្យពួកគេអាចផ្តល់គុណសម្បត្តិទៅដល់មេដឹកនាំរបស់ពួកគេ និងដើម្បីទទួលបានការកោតសរសើរ។ ពួកគេអាចរៀបចំផែនការតាមដំណាក់កាល ហើយពួកគេអាចមានការខំប្រឹងប្រែងជាខ្លាំង ប៉ុន្តែពួកគេផ្ដោតសំខាន់តែទៅលើការធ្វើកិច្ចការនោះឲ្យហើយតែប៉ុណ្ណោះ ដើម្បីឲ្យមនុស្សដទៃមើលឃើញ ឬពេលដែលពួកគេកំពុងធ្វើការ ពួកគេកំណត់ខ្នាតគំរូផ្ទាល់ខ្លួនដើម្បីវិនិច្ឆ័យការបំពេញការងាររបស់ពួកគេ ហើយផ្អែកលើរបៀបដែលពួកគេអាចធ្វើទៅតាមខ្នាតគំរូនោះបានដោយរបៀបណានោះ ពួកគេអាចទទួលបាននូវសេចក្ដីសុខ និងការអរសប្បាយ និងសម្រេចបាននូវកម្រិតនៃសេចក្ដីពេញខ្នាតដែលពួកគេខំប្រឹងឲ្យសម្រេចបាន។ មិនថាខ្នាតគំរូអ្វីដែលពួកគេបានកំណត់សម្រាប់ខ្លួនឯងនោះទេ ប្រសិនបើពួកគេមិនបានភ្ជាប់វាជាមួយនឹងសេចក្ដីពិតទេ ហើយពួកគេពុំបានស្វែងរកសេចក្ដីពិត ឬយល់ដឹង និងអនុវត្តស្របទៅតាមអ្វីដែលព្រះជាម្ចាស់ចង់បានពីពួកគេនៅមុនពេលធ្វើកិច្ចការនោះទេ តែផ្ទុយទៅវិញបែរជាធ្វើការទាំងងងឹតងងល់ ដោយការវង្វេង នោះអ្វីដែលពួកគេកំពុងធ្វើនោះ គឺគ្រាន់តែការបញ្ចេញកម្លាំងប៉ុណ្ណោះ។ ពួកគេកំពុងធ្វើទៅតាមបំណងប្រាថ្នារបស់ពួកគេផ្ទាល់ តាមអំណាចនៃចិត្តរបស់ពួកគេផ្ទាល់ ឬអំណោយទានរបស់ពួកគេ ឬទៅតាមកម្លាំងនៃសមត្ថភាពឬជំនាញផ្ទាល់ខ្លួនរបស់ពួកគេ។ តើការធ្វើបែបនេះទទួលបានផលអ្វីដែរ? កិច្ចការនោះប្រហែលជាអាចសម្រេចទៅបាន ហើយប្រហែលជាគ្មាននរណាម្នាក់ចាប់កំហុសឡើយ ហើយអ្នកអាចមានអារម្មណ៍អរសប្បាយជាខ្លាំង ក៏ប៉ុន្តែនៅក្នុងពេលកំពុងធ្វើការ ទីមួយអ្នកពុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទីពីរ អ្នកមិនបានធ្វើអ្វីឲ្យអស់ពីចិត្ត ឲ្យអស់ពីគំនិត និងឲ្យអស់ពីកម្លាំងរបស់អ្នកឡើយ អ្នកពុំបានដាក់ចិត្តទាំងស្រុងដើម្បីបំពេញកិច្ចការនោះទេ។ ប្រសិនបើអ្នកបានស្វែងរកគោលការណ៍សេចក្ដីពិត និងបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានសម្រេចកិច្ចការប្រាំបួនភាគដប់ហើយ ហើយអ្នកក៏នឹងបានចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ និងយល់ដឹងដោយត្រឹមត្រូវថាអ្វីដែលអ្នកបានធ្វើពីមុន គឺស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ប្រសិនបើអ្នកបានធ្វើការដោយធ្វេសប្រហែស និងគ្មានរបៀបរៀបរយ បើទោះបីជាកិច្ចការនោះត្រូវបានបញ្ចប់ក្ដី អ្នកនឹងមិនដឹងនៅក្នុងចិត្តថាកិច្ចការនោះបានបញ្ចប់ទៅដោយល្អយ៉ាងណានោះទេ។ អ្នកនឹងគ្មានចំណុចគោល ហើយអ្នកនឹងមិនអាចដឹងថាតើវាស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬស្របទៅតាមសេចក្ដីពិតដែរឬអត់នោះទេ។ ហេតុនេះ ដើម្បីរៀបរាប់ពីការបំពេញភារកិច្ចណាមួយក្នុងសភាពបែបនេះ ពាក្យពីរម៉ាត់គឺគ្រប់គ្រាន់ហើយ៖ ប្រឹងប្រែងខ្លួនឯង។

មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ គប្បីយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ មានតែអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេឲ្យបានល្អប៉ុណ្ណោះដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ហើយមានតែការបំពេញកិច្ចការដែលទ្រង់ប្រគល់ឲ្យពួកគេទេ ទើបការបំពេញភារកិច្ចរបស់ពួកគេម្នាក់ៗនោះ អាចគាប់ព្រះទ័យបាន។ មានក្បួនខ្នាតសម្រាប់ការសម្រេចបេសកកម្មរបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «អ្នកគួរតែស្រលាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីដួងចិត្តរបស់អ្នក ហើយអស់ពីព្រលឹងរបស់អ្នក និងអស់ពីគំនិតរបស់អ្នក ព្រមទាំងអស់ពីកម្លាំងរបស់អ្នកផង»។ ការស្រឡាញ់ព្រះជាម្ចាស់គឺជាទិដ្ឋភាពមួយដែលទ្រង់តម្រូវចង់បានពីមនុស្ស។ នៅក្នុងសេចក្ដីពិត ឲ្យតែព្រះជាម្ចាស់បានប្រទានបេសសកម្មដល់មនុស្ស ហើយឲ្យតែពួកគេជឿលើទ្រង់ និងបំពេញភារកិច្ចរបស់ពួកគេ ទាំងអស់នេះគឺជាក្បួនខ្នាតដែលទ្រង់តម្រូវចង់បានពីពួកគេ៖ នោះគឺពួកគេបំពេញកិច្ចការឲ្យអស់ពីចិត្តរបស់ពួកគេ និងអស់ពីព្រលឹងរបស់ពួកគេ និងអស់ពីចិត្តគំនិតរបស់ពួកគេ និងឲ្យអស់ពីកម្លាំងរបស់ពួកគេ។ ប្រសិនបើអ្នកមានខ្លួន តែគ្មានដួងចិត្ត ប្រសិនបើអ្នកមានការចងចាំនិងការគិតអំពីគំនិតរបស់អ្នក ប៉ុន្តែគ្មានដួងចិត្ត ហើយប្រសិនបើអ្នកសម្រេចកិច្ចការទាំងនេះដោយប្រើមធ្យោបាយសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក តើអ្នកកំពុងបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? ដូច្នេះ តើអ្វីទៅជាក្បួនខ្នាតដែលត្រូវអនុវត្តតាមដើម្បីបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ និងដើម្បីបំពេញភារកិច្ចរបស់អ្នកដោយស្មោះត្រង់និងឲ្យបានល្អនោះ? នោះគឺត្រូវបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត ឲ្យអស់ពីព្រលឹង ឲ្យអស់ពីចិត្តគំនិត និងឲ្យអស់ពីកម្លាំងរបស់អ្នក។ ប្រសិនបើអ្នកប៉ុនប៉ងបំពេញភារកិច្ចរបស់អ្នកឲ្យបានល្អដោយគ្មានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់ទេ នោះវានឹងគ្មានបានការអ្វីទេ។ ប្រសិនបើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កាន់តែរឹងមាំទៅៗ និងច្បាស់លាស់ទៅៗ នោះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានដោយឯកឯងដោយអស់ពីចិត្ត អស់ពីព្រលឹង អស់ពីចិត្តគំនិត និងអស់ពីកម្លាំងរបស់អ្នកទាំងស្រុង។

ដកស្រង់ពី «តើមនុស្សពឹងផ្អែកលើអ្វីឲ្យប្រាកដដើម្បីរស់នៅ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សភាគច្រើនបំពេញភារកិច្ចរបស់ពួកគេទៅតាមសភាពនៃចិត្តនេះ៖ «ប្រសិនបើនរណាម្នាក់ដឹកនាំ នោះខ្ញុំនឹងដើរតាម។ ខ្ញុំនឹងដើរតាមពួកគេទៅកន្លែងដែលពួកគេដឹកនាំទៅ និងធ្វើអ្វីដែលពួកគេសុំឱ្យខ្ញុំធ្វើ»។ ម្យ៉ាងវិញទៀត ការទទួលខុសត្រូវ ឬក្ដីកង្វល់ ឬការយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុន គឺជារឿងដែលពួកគេមិនអាចធ្វើបាន និងជាតម្លៃដែលពួកគេមិនអាចលះបង់បាន។ ពួកគេមានចំណែកក្នុងការបញ្ចេញកម្លាំងកាយ ប៉ុន្តែពួកគេមិនមែនជាចំណែកក្នុងការទទួលខុសត្រូវទេ។ នេះគឺមិនមែនជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ទេ។ អ្នកត្រូវរៀនដាក់ចិត្តរបស់អ្នកក្នុងភារកិច្ចរបស់អ្នក។ ប្រសិនបើមនុស្សម្នាក់មានចិត្ត គេត្រូវតែអាចប្រើចិត្តនោះឱ្យបាន។ ប្រសិនបើមនុស្សម្នាក់មិនដែលប្រើចិត្តរបស់ពួកគេទេ នេះបង្ហាញថា ពួកគេគ្មានចិត្តទេ ហើយមនុស្សគ្មានចិត្តមិនអាចទទួលបានសេចក្ដីពិតឡើយ! តើហេតុអ្វីបានជាពួកគេមិនអាចទទួលបានសេចក្ដីពិត? ពួកគេពុំដឹងថាតើត្រូវមកចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ដោយរបៀបណានោះទេ។ ពួកគេពុំដឹងថាតើត្រូវដាក់ចិត្តក្នុងការយល់ពីការបំភ្លឺ និងការណែនាំរបស់ព្រះជាម្ចាស់ដោយរបៀបណានោះទេ ឬថាត្រូវដាក់ចិត្តក្នុងការសញ្ជឹងគិត ឬក្នុងការស្វែងរកសេចក្ដីពិត ឬក្នុងការស្វែងរក ការយល់ដឹង និងការបង្ហាញការគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយរបៀបណានោះទេ។ តើអ្នកមានសភាពទាំងអស់នោះដែរទេ មិនថាមានអ្វីកើតឡើង និងមិនថាអ្នកមានភារកិច្ចបែបណា ដែលអ្នកអាចស្ងប់ស្ងាត់បាននៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និងប្រើដួងចិត្តរបស់អ្នកដើម្បីសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដាក់ចិត្តរបស់អ្នកក្នុងការស្វែងរកសេចក្ដីពិត និងសញ្ជឹងគិតថាតើភារកិច្ចរបស់អ្នកគប្បីត្រូវបំពេញដោយបែបណាទេ? តើមានពេលបែបនេះច្រើនដែរឬទេ? ការដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ច និងការអាចទទួលខុសត្រូវបាន តម្រូវឱ្យអ្នករងទុក្ខ និងលះបង់។ វាមិនគ្រប់គ្រាន់នោះទេដោយគ្រាន់តែនិយាយពីវានោះ។ ប្រសិនបើអ្នកមិនបានដាក់ចិត្តទៅក្នុងភារកិច្ចរបស់អ្នកទេ តែផ្ទុយទៅវិញ តែងតែខំប្រឹងដោយកម្លាំងកាយ នោះភារកិច្ចរបស់អ្នកច្បាស់ជាមិនអាចបំពេញទៅបានល្អនោះទេ។ អ្នកគ្រាន់តែធ្វើអ្វីឱ្យតែរួចពីដៃប៉ុណ្ណោះ និងគ្មានអ្វីផ្សេងទៀតឡើយ ហើយអ្នកនឹងមិនដឹងថាតើអ្នកបានបំពេញភារកិច្ចរបស់អ្នកបានល្អប៉ុនណានោះទេ។ ប្រសិនបើអ្នកដាក់ចិត្តទៅក្នុងកិច្ចការនោះ អ្នកនឹងបានយល់ពីសេចក្ដីពិតបន្ដិចម្ដងៗ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះអ្នកនឹងមិនអាចយល់បានឡើយ។ នៅពេលអ្នកដាក់ចិត្តក្នុងការបំពេញភារកិច្ចរបស់អ្នក និងស្វែងរកសេចក្ដីពិត ដូច្នេះបន្តិចម្ដងៗ អ្នកនឹងអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន អាចរកឃើញសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ខ្លួន និងអាចធ្វើជាម្ចាស់លើគ្រប់សភាពរបស់អ្នកបាន។ ប្រសិនបើអ្នកមិនប្រើដួងចិត្តរបស់អ្នកដើម្បីពិនិត្យមើលខ្លួនឯងទេ និងផ្ដោតតែទៅលើការខំប្រឹងតែសំបកក្រៅ នោះអ្នកនឹងមិនអាចរកឃើញសភាពខុសគ្នាដែលកើតចេញពីក្នុងដួងចិត្តរបស់អ្នក និងរាល់ប្រតិកម្មទាំងអស់ដែលអ្នកមានចំពោះមជ្ឈដ្ឋានខាងក្រៅទៀតឡើយ ប្រសិនបើអ្នកមិនប្រើដួងចិត្តដើម្បីពិនិត្យមើលខ្លួនឯងទេ នោះអ្នកនឹងពិបាកក្នុងការដោះស្រាយបញ្ហានៅក្នុងដួងចិត្តរបស់អ្នក។ ហេតុនេះ អ្នកត្រូវតែប្រើដួងចិត្តរបស់អ្នក និងភាពស្មោះត្រង់របស់អ្នកដើម្បីសរសើរតម្កើង និងថ្វាយបង្គំព្រះជាម្ចាស់។ ដើម្បីប្រើដួងចិត្ត និងភាពស្មោះត្រង់របស់អ្នកថ្វាយបង្គំព្រះជាម្ចាស់ អ្នកត្រូវមានដួងចិត្តដែលស្ងប់ស្ងៀម និងស្មោះត្រង់។ នៅកប់ជ្រៅនៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវចេះស្វែងយល់ពីបំណងព្រះហឫទ័យ និងសេចក្ដីពិតរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែសញ្ជឹងគិតថាតើត្រូវបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អដោយរបៀបណា ដោយសញ្ជឹងគិតថាតើអ្នកមិនទាន់យល់ផ្នែកណាខ្លះនៃភារកិច្ចរបស់អ្នក និងថាតើត្រូវបំពេញភារកិច្ចនោះឱ្យបានល្អដោយរបៀបណា។ មានតែការគិតអំពីរឿងទាំងអស់នេះនៅក្នុងដួងចិត្តរបស់អ្នកឱ្យបានញឹកញាប់ប៉ុណ្ណោះដែលនឹងអាចឱ្យអ្នកទទួលបានសេចក្ដីពិត។ ប្រសិនបើរឿងទាំងអស់នេះមិនមែនជារឿងដែលអ្នកសញ្ជឹងគិតញឹកញាប់នៅក្នុងដួងចិត្តរបស់អ្នកទេ ហើយដួងចិត្តរបស់អ្នកបែរជាពោរពេញទៅដោយរឿងរបស់ចិត្តគំនិត ឬរឿងខាងក្រៅ ដោយជាប់ជំពាក់នឹងរឿងបែបនេះដែលគ្មានអ្វីទាក់ទងនឹងការប្រើដួងចិត្ត និងភាពស្មោះត្រង់របស់អ្នកក្នុងការថ្វាយបង្គំព្រះជាម្ចាស់សោះ គ្មានអ្វីពាក់ព័ន្ធនឹងវាបន្តិចសោះ នោះតើអ្នកអាចទទួលបានសេចក្ដីពិតដែរឬទេ? តើអ្នកមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែរឬទេ?

ដកស្រង់ពី «មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះភារកិច្ចរបស់អ្នកគឺ «ខ្ញុំនឹងឃើញថាតើខ្ញុំអាចធ្វើបានតិចតួចប៉ុនណា ដែលខ្ញុំអាចយកទៅធ្វើបាន»។ អ្នកដើរមើកៗដោយមិនចាប់អារម្មណ៍ថាតើការពន្យារពេលធ្វើកិច្ចការរបស់អ្នកមានរយៈពេលប៉ុន្មាន។ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាបំពេញភារកិច្ចដោយខ្ជាប់ខ្ជួន អ្នកនឹងធ្វើសម្រេចភារកិច្ចបានយ៉ាងឆាប់រហ័ស។ មានរឿងខ្លះដែលអ្នករាល់គ្នាមិនដឹងត្រូវធ្វើយ៉ាងដូចម្ដេចទេ ដូច្នេះខ្ញុំនឹងផ្តល់ការណែនាំដល់អ្នករាល់គ្នាយ៉ាងជាក់លាក់។ អ្នករាល់គ្នាមិនចាំបាច់គិតទេ អ្នកគ្រាន់តែស្តាប់ និងទទួលយកមកធ្វើ ទោះបីការនោះវាលើសពីសមត្ថភាពអ្នករាល់គ្នាក៏ដោយ។ តើភក្ដីភាពរបស់អ្នករាល់គ្នានៅឯណា? វាមិនដឹងជានៅទីណានោះឡើយ! អ្នករាល់គ្នាបានត្រឹមតែនិយាយចោល ហើយគ្មានចិត្តគ្មានថ្លើមសោះ។ ទោះបីជាក្នុងជម្រៅចិត្តរបស់អ្នកបានយល់ក៏ដោយ ក៏អ្នកមិនធ្វើអ្វីដែរ។ នេះគឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត! ប្រសិនបើអ្នកអាចមើលឃើញវាដោយភ្នែករបស់អ្នករាល់គ្នា ហើយមានអារម្មណ៍ចំពោះវានៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែនៅតែមិនធ្វើអ្វីសោះ អ៊ីចឹងចាំបាច់មានដួងចិត្តធ្វើអ្វី? មនសិការដែលឥតប្រយោជន៍របស់អ្នកមិនបានគ្រប់គ្រងលើសកម្មភាពរបស់អ្នកទេ វាមិនដឹកនាំគំនិតរបស់អ្នកឡើយ។ ដូច្នេះតើវាមានប្រយោជន៍អ្វីទៅ? គឺឥតមានបានការអ្វីទាំងអស់។ វាគ្រាន់តែជាការតុបតែងប៉ុណ្ណោះ។ សេចក្ដីជំនឿរបស់មនុស្សពិតជាគួរឲ្យអាណិតអាសូរណាស់! ហើយតើមានអ្វីដែលត្រូវអាណិតអាសូរអំពីវា? សូម្បីតែនៅពេលគេយល់ពីសេចក្ដីពិតក៏ដោយ ក៏គេមិនយកវាមកអនុវត្តដែរ។ សូម្បីតែនៅពេលគេយល់ច្បាស់អំពីបញ្ហានេះក៏ដោយ ក៏គេមិនទទួលខុសត្រូវចំពោះបញ្ហានេះដែរ។ គេដឹងថានេះជាទំនួលខុសត្រូវរបស់គេ តែគេមិនយកវាទុកដួងចិត្តរបស់ពួកគេឡើយ។ ប្រសិនបើអ្នកមិនទទួលនូវទំនួលខុសត្រូវដែលស្ថិតនៅក្នុងដៃរបស់អ្នកទេ តើអ្វីទៅជាតម្លៃនៃការទទួលខុសត្រូវបន្ដិចបន្ដួចដែលអ្នកបានធ្វើលើការទាំងនោះ? តើពួកវាមានឥទ្ធិពលអ្វីខ្លះ? អ្នកគ្រាន់តែខំប្រឹងប្រែងតិចតួច ដោយនិយាយអ្វីៗដើម្បីជាប្រយោជន៍នៃកិច្ចការនោះប៉ុណ្ណោះ។ អ្នកមិនបានដាក់ចិត្តរបស់អ្នកចូលទៅក្នុងការទទួលខុសត្រូវ រឹតតែមិនបានប្រើថាមពលទាំងអស់របស់អ្នកទៀតផង។ នេះមិនមែនជាការបំពេញភារកិច្ចរបស់អ្នកដោយត្រូវទៅនឹងបទដ្ឋានដែលអាចទទួលយកបានទេ គឺមិនមាននូវភក្ដីភាពទេ។ អ្នកគ្រាន់តែធ្វើការធ្ងន់ ដោយទទួលយកក្នុងនាមអ្នកដើរតាមព្រះជាម្ចាស់ប៉ុណ្ណោះ។ តើមានសារៈសំខាន់ឬទេចំពោះជំនឿបែបនេះ? ជំនឿបែបនេះមិនមានសារៈសំខាន់នោះទេ តើវាមានតម្លៃអ្វីទៅ? នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក អ្នកត្រូវតែទទួលបទពិសោធន៍ពីលទ្ធផលមិនល្អដែលអ្នកបានធ្វើ។ អ្នកត្រូវតែធ្វើដោយខ្ជាប់ខ្ជួន។ តើវាមានន័យយ៉ាងណាក្នុងការធ្វើដោយខ្ជាប់ខ្ជួន? ការធ្វើដោយខ្ជាប់ខ្ជួនមិនមែនមានន័យថាខំប្រឹង ឬរងទុក្ខទារុណកម្មខាងរាងកាយតិចតួចនោះទេ។ អ្វីដែលគន្លឹះសំខាន់គឺថា មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក និងមាននូវបន្ទុក។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវថ្លឹងថ្លែងពីសារៈសំខាន់នៃភារកិច្ចរបស់អ្នក ហើយបន្ទាប់មក ត្រូវអនុវត្តនូវបន្ទុក និងទំនួលខុសត្រូវ ចំពោះគ្រប់អ្វីទាំងអស់ដែលអ្នកធ្វើ ហើយដាក់ដួងចិត្តរបស់អ្នកចូលទៅក្នុងភារកិច្ចនោះ។ អ្នកត្រូវតែធ្វើឲ្យខ្លួនអ្នកសក្តិសមនឹងបេសកម្មដែលព្រះជាម្ចាស់បានប្រគល់ឲ្យអ្នក ក៏ដូចជាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក និងក្តីសង្ឃឹមរបស់ទ្រង់ចំពោះអ្នក។ មានតែការធ្វើដូច្នេះទេដែលជាការធ្វើដោយខ្ជាប់ខ្ជួន។ វាមិនមានប្រយោជន៍សម្រាប់អ្នកដែលធ្វើការដោយគ្មានការតាំងចិត្តនោះឡើយ។ អ្នកអាចបោកបញ្ឆោតមនុស្សបាន ប៉ុន្តែអ្នកមិនអាចបន្លំព្រះនេត្រព្រះជាម្ចាស់បានទេ។ ប្រសិនបើមិនមានតម្លៃពិតប្រាកដ និងមិនមានភក្ដីភាពនៅពេលអ្នកបំពេញភារកិច្ចរបស់អ្នកនោះទេ នោះវាមិនត្រូវតាមបទដ្ឋាននោះឡើយ។ ប្រសិនបើអ្នកមិនមានជំនឿរបស់អ្នកលើព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់អ្នកឲ្យខ្ជាប់ខ្ជួនទេ ប្រសិនបើអ្នកតែងតែធ្វើដោយគ្មានការតាំងចិត្ត និងធ្វើកិច្ចការរបស់អ្នកដើម្បីតែបង្រ្គប់កិច្ចដូចជាមនុស្សមិនជឿដែលធ្វើការឲ្យចៅហ្វាយរបស់ពួកគេ ប្រសិនបើអ្នកគ្រាន់តែខំប្រឹងតិចតួចដោយការធ្វើកិច្ចការមួយថ្ងៃៗឲ្យតែរួចពីដៃ ដោយការមិនអើពើនឹងបញ្ហានៅពេលបានឃើញវា ដោយជំពប់លើវាហើយតែនៅតែមិនដោះស្រាយវាទៀត និងបោះចោលគ្រប់អ្វីទាំងអស់ដែលមិនមែនជាផលប្រយោជន៍របស់អ្នក នោះតើវាមិនមែនជាបញ្ហាទេឬអី? តើអាចមានមនុស្សបែបនេះជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចបាន? មនុស្សបែបនេះគឺជាអ្នកខាងក្រៅ ពួកគេមិនមែនជាចំណែកនៃដំណាក់របស់ព្រះជាម្ចាស់ទេ។ ក្នុងចិត្តរបស់អ្នក អ្នកច្បាស់ណាស់ថាតើអ្នកកំពុងមានភាពស្មោះត្រង់ មានភាពខ្ជាប់ខ្ជួននៅពេលអ្នកបំពេញភារកិច្ចរបស់ខ្លួន ហើយព្រះជាម្ចាស់ក៏កត់ត្រាទុកដែរ។ ដូច្នេះតើអ្នកធ្លាប់បានបញ្ចេញសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នាដោយខ្ជាប់ខ្ជួនឬទេ? តើអ្នកធ្លាប់ទុកវានៅក្នុងដួងចិត្តទេ? តើអ្នកបានចាត់ទុកវាជាទំនួលខុសត្រូវរបស់អ្នក ជាកាតព្វកិច្ចរបស់អ្នកឬទេ? តើអ្នកបានធ្វើជាម្ចាស់របស់វាហើយឬនៅ? តើអ្នកធ្លាប់បានលើកឡើងទេនៅពេលអ្នកបានរកឃើញបញ្ហានៅកំឡុងពេលបំពេញភារកិច្ចរបស់អ្នក? ប្រសិនបើអ្នកមិនដែលលើកឡើងបន្ទាប់ពីរកឃើញនូវបញ្ហា ឬក៏មិនទាំងបានគិតផងនោះ ប្រសិនបើអ្នកខ្លួនឯងមិនយកចិត្តទុកដាក់នឹងរឿងបែបនេះ ហើយគិតថាបញ្ហាតិចកាន់តែប្រសើរ ប្រសិនបើនោះជាគោលការណ៍ដែលអ្នកបានអនុវត្តចំពោះកិច្ចការទាំងនោះ គឺអ្នកមិនបានបំពេញភារកិច្ចរបស់អ្នកទេ។ អ្នកកំពុងតែធ្វើកិច្ចការធ្ងន់ អ្នកកំពុងស៊ីឈ្នួលហើយ។ អ្នកស៊ីឈ្នួលមិនមានសិទ្ធិក្នុងដំណាក់របស់ព្រះជាម្ចាស់ទេ។ ពួកគេជាបុគ្គលិក។ បន្ទាប់ពីបញ្ចប់កិច្ចការរបស់ពួកគេ ពួកគេក៏យកប្រាក់របស់ពួកគេហើយចាកចេញ ពួកគេម្នាក់ៗដើរតាមផ្លូវរបស់ពួកគេផ្ទាល់ ហើយក្លាយជាមនុស្សចម្លែកចំពោះអ្នកដទៃ។ នោះគឺជាទំនាក់ទំនងរបស់ពួកគេជាមួយដំណាក់របស់ព្រះជាម្ចាស់។ សមាជិកនៃដំណាក់របស់ព្រះជាម្ចាស់គឺខុសគ្នា៖ ពួកគេព្យាយាមធ្វើកិច្ចការយ៉ាងខ្លាំងចំពោះរបស់សព្វសារពើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេទទួលខុសត្រូវ ភ្នែករបស់ពួកគេមើលឃើញអ្វីដែលត្រូវធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេចងចាំកិច្ចការទាំងនោះនៅក្នុងចិត្ត ពួកគេចងចាំអ្វីគ្រប់យ៉ាងដែលពួកគេគិតដល់និងបានឃើញ ពួកគេត្រូវបានផ្ទុកផ្ដាក់ឲ្យមានការទទួលខុសត្រូវ។ ពួកគេមានញាណនៃការទទួលខុសត្រូវ។ ទាំងនេះជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាបានឈានដល់ចំណុចនេះហើយឬនៅ? (ទេ)។ អ្នករាល់គ្នានៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវទៅ ដូច្នេះអ្នករាល់គ្នាត្រូវតែបន្តដេញតាមទៀត! ប្រសិនបើអ្នកមិនចាត់ទុកខ្លួនថាជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ហើយដកខ្លួនឯងចេញ អ៊ីចឹងតើព្រះជាម្ចាស់ទតមើលទៅកាន់អ្នកយ៉ាងដូចម្តេច? ព្រះជាម្ចាស់មិនចាត់ទុកអ្នកជាអ្នកក្រៅទេ។ គឺជាអ្នកវិញទេដែលបានដាក់ខ្លួនឯងឲ្យនៅឆ្ងាយពីមាត់ទ្វាររបស់ទ្រង់។ ដូច្នេះ បើនិយាយឲ្យចំទៅ តើអ្នកជាមនុស្សប្រភេទណាឲ្យប្រាកដ? អ្នកមិននៅក្នុងដំណាក់របស់ទ្រង់ទេ។ តើនេះមានអ្វីដែលព្រះជាម្ចាស់ត្រូវមានបន្ទូល ឬកំណត់ដែរឬទេ? អ្នកទៅវិញទេដែលបានដាក់ទីដៅ និងតួនាទីរបស់អ្នកនៅខាងក្រៅដំណាក់របស់ព្រះជាម្ចាស់។ តើត្រូវស្តីបន្ទោសនរណា?

ដកស្រង់ពី «ការបំពេញភារកិច្ចបានល្អយ៉ាងហោចណាស់ទាមទារឲ្យមានមនសិការ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

បើមើលពីខាងក្រៅ មនុស្សមួយចំនួនហាក់ដូចជាមិនមានបញ្ហាធ្ងន់ធ្ងរទេ។ ពួកគេមិនបណ្តាលឲ្យមានការបង្អាក់ ឬរំខាន ឬធ្វើអ្វីដែលមនុស្សអាក្រក់ធ្វើនោះទេ ហើយពួកគេមិនដើរតាមមាគ៌ារបស់អ្នកប្រឆាំងព្រះជាម្ចាស់ឡើយ។ ក្នុងការអនុវត្តកាតព្វកិច្ចរបស់ពួកគេ ពួកគេមិនមានកំហុស ឬបញ្ហានៃគោលការណ៍ណាមួយកើតឡើងនៅឡើយទេ តែពួកគេត្រូវបានលាតត្រដាងដោយមិនដឹងខ្លួន។ ហេតុអ្វីក៏ដូច្នេះ? មនុស្សមិនអាចមើលឃើញពីបញ្ហាទេ តែព្រះជាម្ចាស់ពិនិត្យក្រអៅដួងចិត្តរបស់គេ ហើយទ្រង់ទតមើលឃើញបញ្ហា។ ដោយពេលវេលាចេះតែកន្លងទៅ ហើយពួកគេនៅតែមិនប្រែចិត្ត ពួកគេគួរតែត្រូវបានលាតត្រដាង។ តើការនៅតែមិនប្រែចិត្តមានន័យយ៉ាងណា? វាមានន័យថា ជានិច្ចកាល ពួកគេធ្វើកិច្ចការដោយឥរិយាបថមិនត្រឹមត្រូវ ឥរិយាបទធ្វេសប្រហែស និងធ្វើឲ្យតែបង្រ្គប់កិច្ច ឥរិយាបថធម្មតា ហើយពួកគេមិនដែលមានមនសិការ និងកាន់តែមិនមានភក្ដីភាព។ ពួកគេប្រហែលជាប្រឹងប្រែងបន្ដិចបន្ដួច ប៉ុន្តែពួកគេគ្រាន់តែធ្វើទាំងគ្មានអារម្មណ៍ប៉ុណ្ណោះ។ ពួកគេមិនផ្តល់ឲ្យនូវអ្វីទាំងអស់របស់ពួកគេនោះទេ ហើយអំពើរំលងរបស់ពួកគេគឺគ្មានទីបញ្ចប់ឡើយ។ តាមរយៈភាពប្រសើរជាងរបស់ទ្រង់ ព្រះជាម្ចាស់មិនដែលឃើញពួកគេប្រែចិត្ត ឬបានឃើញពួកគេផ្លាស់ប្តូរឥរិយាបថដែលធ្វេសប្រហែស និងធ្វើឲ្យតែបង្រ្គប់កិច្ចនោះឡើយ ដែលនោះមានន័យថា ពួកគេមិនលះបង់អំពើអាក្រក់នៅក្នុងដៃរបស់ពួកគេ ហើយប្រែចិត្តជឿលើទ្រង់ឡើយ។ ព្រះជាម្ចាស់មិនទតឃើញឥរិយាបថនៃការប្រែចិត្តនៅក្នុងពួកគេទេ ហើយទ្រង់ក៏មិនទតឃើញភាពផ្ទុយគ្នានៅក្នុងឥរិយាបថរបស់ពួកគេដែរ។ ពួកគេប្រកាន់ខ្ជាប់ខ្ជួនទៅនឹងភារកិច្ចរបស់ពួកគេ និងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដោយឥរិយាបថ និងវិធីសាស្ត្របែបនេះ។ ជាទូទៅ គ្មានការផ្លាស់ប្តូរនូវនិស្ស័យរឹងរូស មិនអធ្យាស្រ័យនោះឡើយ ហើយអ្វីដែលលើសពីនេះទៅទៀតនោះ គឺពួកគេមិនដែលមានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់ឡើយ ពួកគេមិនដែលមានអារម្មណ៍ថាការធ្វេសប្រហែស និងការធ្វើកិច្ចការដើម្បីតែបង្រ្គប់កិច្ចរបស់ពួកគេ គឺជាអំពើរំលងដែលជាអំពើអាក្រក់នោះទេ។ ក្នុងចិត្តគេ មិនមានការជំពាក់ គ្មានកំហុស គ្មានការស្តីបន្ទោសខ្លួនឯង ហើយសឹងតែមិនមានការចោទប្រកាន់ខ្លួនឯងឡើយ។ ហើយនៅពេលដែលពេលវេលាកន្លងផុតទៅ ព្រះជាម្ចាស់ទតឃើញថាមនុស្សនេះមិនអាចកែឡើងបានទេ។ មិនថាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយមិនថាពួកគេឮនូវការថ្លែងព្រះបន្ទូលប៉ុន្មានដង មិនថាពួកយល់នូវសេចក្ដីពិតបានប៉ុណ្ណាក៏ដោយ ក៏ដួងចិត្តរបស់ពួកគេមិនរង្គោះរង្គើទេ ហើយអាកប្បកិរិយារបស់ពួកគេក៏មិនមានការផ្លាស់ប្តូរ ឬផ្លាស់ប្តូរការគិតនោះឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «គ្មានសង្ឃឹមសម្រាប់មនុស្សនេះទេ។ គ្មានអ្វីដែលអញបានមានបន្ទូល ធ្វើឲ្យប៉ះដួងចិត្តពួកគេទេ ហើយគ្មានអ្វីដែលអញមានបន្ទូលធ្វើឲ្យពួកគេផ្លាស់ប្ដូរការគិតវិញនោះទេ។ មិនមានមធ្យោបាយណាផ្លាស់ប្តូរពួកគេទេ។ មនុស្សនេះមិនសមនឹងបំពេញភារកិច្ចរបស់ពួកគេទេ ហើយពួកគេក៏មិនសមនឹងបម្រើនៅក្នុងដំណាក់របស់ខ្ញុំដែរ»។ ហើយហេតុអ្វីក៏ដូច្នេះ? ពីព្រោះនៅពេលពួកគេបំពេញភារកិច្ច និងធ្វើកិច្ចការ មិនថាពួកគេមានការអត់ធន់ និងមានភាពអត់ធ្មត់ដល់កម្រិតណានោះទេ វាមិនមានប្រសិទ្ធិភាព និងមិនអាចធ្វើឲ្យពួកគេផ្លាស់ប្តូរបានឡើយ។ វាមិនអាចធ្វើឲ្យពួកគេធ្វើបានល្អជាងនេះទេ វាមិនអាចអនុញ្ញាតឲ្យពួកគេដើរលើមាគ៌ានៃការស្វែងរកសេចក្ដីពិតបានទេ។ មនុស្សនេះគឺកែមិនឡើងទេ។ នៅពេលដែលព្រះជាម្ចាស់កំណត់ថាមនុស្សម្នាក់មិនអាចកែឡើងទេ តើព្រះជាម្ចាស់នៅតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះមនុស្សម្នាក់នេះទៀតឬទេ? ទ្រង់មិនធ្វើទេ។ ព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យពួកគេទៅ។ មនុស្សខ្លះតែងតែអង្វរថា «ព្រះជាម្ចាស់អើយ សូមធ្វើដាក់ទូលបង្គំដោយស្រួលៗ កុំធ្វើឲ្យទូលបង្គំឈឺចាប់ កុំប្រៀនប្រដៅទូលបង្គំឡើយ។ សូមទ្រង់ប្រទានសេរីភាពដល់ទូលបង្គំខ្លះផង! សូមឲ្យទូលបង្គំធ្វើអ្វីមួយដោយធ្វេសប្រហែស និងធ្វើគ្រាន់តែបង្គ្រប់កិច្ចខ្លះផង! សូមឲ្យទូលបង្គំមានភាពខ្វះការអត់ធ្មត់បន្តិចផង!» ពួកគេមិនចង់ឲ្យមានការរារាំងទេ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «ដោយសារអ្នកមិនចង់ដើរតាមផ្លូវត្រូវ ដូច្នេះខ្ញុំនឹងឲ្យអ្នកទៅ។ ខ្ញុំនឹងផ្តល់ឲ្យអ្នកនូវសិទ្ធិសេរីភាពឡើងវិញ។ ចូទៅធ្វើអ្វីដែលអ្នកចង់បានទៅ។ ខ្ញុំមិនគួរនឹងជួយសង្រ្គោះអ្នកទេ ព្រោះអ្នកគឺជាមនុស្សដែលកែមិនឡើង»។ ចំពោះអស់អ្នកដែលកែមិនឡើង តើមានញាណដឹងពីមនសិការទេ? តើពួកគេមានញាណដឹងអំពីការជំពាក់ទេ? តើពួកគេមានញាណដឹងអំពីការចោទប្រកាន់ទេ? តើពួកគេអាចមានញាណដឹងអំពីការស្ដីបន្ទោស ការប្រៀនប្រដៅ ការលុតដំ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ? ពួកគេមិនអាចដឹងពីវានោះទេ។ ពួកគេមិនដឹងអំពីរឿងទាំងនេះឡើយ។ រឿងទាំងនេះត្រូវបានកប់នៅក្នុងចិត្តរបស់ពួកគេ ឬក៏បាត់តែម្ដង។ នៅពេលដែលមនុស្សម្នាក់បានមកដល់ដំណាក់កាលនេះ ដោយលែងមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេទៀត តើពួកគេនៅតែអាចទទួលបានសេចក្តីសង្រ្គោះឬទេ? វាពិបាកនិយាយណាស់។ នៅពេលសេចក្ដីជំនឿរបស់មនុស្សម្នាក់ឈានដល់ចំណុចបែបនេះ នោះពួកគេមានបញ្ហាហើយ។ តើអ្នករាល់គ្នាដឹងពីរបៀបស្វះស្វែងរក របៀបដែលអ្នកគួរអនុវត្ត និងមាគ៌ាណាដែលអ្នកគួរជ្រើសរើសដើម្បីចៀសវាងនូវផលវិបាកនេះ ហើយធានាថាសភាពបែបនេះនឹងមិនកើតឡើងដែរឬទេ? អ្វីដែលសំខាន់បំផុត ជាដំបូងគឺត្រូវជ្រើសរើសមាគ៌ាដ៏ត្រឹមត្រូវ ហើយបន្ទាប់មក ផ្តោតលើការបំពេញភារកិច្ចដែលអ្នកគួរតែបំពេញនាពេលបច្ចុប្បន្ននេះឱ្យបានល្អ។ នេះគឺជាអ្វីដែលសំខាន់បំផុត។ ការដែលឆ្លុះបញ្ចាំងដោយផ្ទាល់ និងអាចយល់បានថាចំណងដែលភ្ជាប់អ្នកទៅនឹងព្រះជាម្ចាស់ គឺជារបៀបដែលអ្នកប្រព្រឹត្ដចំពោះកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់អ្នក និងកិច្ចការដែលទ្រង់ប្រទានឲ្យអ្នកធ្វើ ហើយនិងឥរិយាបថដែលអ្នកមាន។ អ្វីដែលអាចមើលឃើញដោយផ្ទាល់ខ្លាំងបំផុត គឺបញ្ហានេះ។ នៅពេលអ្នកចាប់យកចំណុចសំខាន់នេះ ហើយបំពេញតួនាទីដែលព្រះជាម្ចាស់បានប្រទានដល់អ្នក នោះទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងត្រឡប់ជាធម្មតាវិញ។ ប្រសិនបើនៅពេលដែលព្រះជាម្ចាស់ប្រទានភារកិច្ចឲ្យអ្នកធ្វើ ឬប្រាប់អ្នកឲ្យបំពេញភារកិច្ចជាក់លាក់ណាមួយ នោះឥរិយាបថរបស់អ្នក គឺជាការដាក់បណ្តាសា និងការមិនយកចិត្តទុកដាក់ ហើយអ្នកមិនចាត់ទុកវាជាអាទិភាពទេ។ តើនេះមិនមែនផ្ទុយពីការឲ្យដោយអស់ពីចិត្ត និងពីកម្លាំងរបស់អ្នកទេឬ? ដូច្នេះឥរិយាបថរបស់អ្នកនៅពេលបំពេញភារកិច្ចរបស់អ្នកគឺ មានសារៈសំខាន់ខ្លាំងណាស់ ដូចជាវិធីសាស្ត្រ និងមាគ៌ាដែលអ្នកជ្រើសរើសដែរ។ តើអ្វីជាលទ្ធផលនៃការបំពេញភារកិច្ចរបស់អ្នកដោយធ្វេសប្រហែស និងធ្វើគ្រាន់តែបង្រ្គប់កិច្ច ហើយធ្វើកិច្ចការសើរៗ? វាគឺជាការអនុវត្តមិនល្អនូវភារកិច្ចរបស់អ្នក ទោះបីជាអ្នកមានសមត្ថភាពបំពេញភារកិច្ចបានល្អក៏ដោយ ក៏ការសម្តែងរបស់អ្នកនឹងមិនមានបទដ្ឋានដែរ ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យនឹងឥរិយាបថរបស់អ្នកចំពោះភារកិច្ចរបស់អ្នកឡើយ។ ប្រសិនបើដើមឡើយអ្នកបានស្វែងរក និងសហការធម្មតា ប្រសិនបើអ្នកបានលះបង់គំនិតទាំងអស់របស់អ្នកដើម្បីធ្វើកិច្ចការ ប្រសិនបើអ្នកបានដាក់ដួងចិត្ត និងព្រលឹងរបស់អ្នកក្នងការធ្វើកិច្ចការ ហើយព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើកិច្ចការ ព្រមទាំងបានលះបង់ពេលវេលានៃការខិតខំប្រឹងប្រែង ការខំប្រឹង និងគិតគូររបស់អ្នកទៅលើកិច្ចការ ឬបានលះបង់ពេលវេលាខ្លះដើម្បីឯកសារយោង និងបានប្តេជ្ញាចិត្ត គំនិត និងរាងកាយទាំងមូលរបស់អ្នកដើម្បីកិច្ចការ ប្រសិនបើអ្នកមានសមត្ថភាពក្នុងការសហការបែបនេះ នោះព្រះជាម្ចាស់នឹងនៅខាងមុខដើម្បីដឹកនាំអ្នក។ អ្នកមិនចាំបាច់ប្រើកម្លាំងច្រើននោះទេ។ នៅពេលដែលអ្នកមិនមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ ព្រះជាម្ចាស់នឹងរៀបចំរបស់សព្វសារពើសម្រាប់អ្នក។ ប្រសិនបើអ្នកមានឧបាយកល និងក្បត់ ហើយដល់ពាក់កណ្តាលនៃកិច្ចការ អ្នកមានការផ្លាស់ប្តូរចិត្ត ហើយទាសចេញឆ្ងាយ នោះព្រះជាម្ចាស់នឹងមិនចាប់អារម្មណ៍លើអ្នកទេ។ អ្នកនឹងបាត់បង់ឱកាសនេះ ហើយព្រះជាម្ចាស់នឹងមានបន្ទូលថា៖ «អ្នកមិនល្អគ្រប់គ្រាន់ទេ អ្នកគឺគ្មានប្រយោជន៍ទេ។ ទៅឈរនៅម្ខាងទៅ។ អ្នកចូលចិត្តភាពខ្ជិលមែនទេ? អ្នកចូលចិត្តបោកបញ្ឆោត និងកលល្បិចមែនទេ? អ្នកចូលចិត្តសម្រាកមែនទេ? ដូច្នេះសូមសម្រាកទៅ»។ ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះដល់មនុស្សបន្ទាប់។ តើអ្នករាល់គ្នា និយាយអ្វីខ្លះ៖ តើនេះជាការបរាជ័យ ឬជ័យជម្នះ? វាគឺជាការបរាជ័យដ៏ធំសម្បើមមួយ!

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

សម្រាប់មនុស្សមួយចំនួន មិនថាពួកគេជួបប្រទះនូវបញ្ហាអ្វីនៅពេលពួកគេបំពេញភារកិច្ចនោះទេ ពួកគេមិនស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេតែងតែប្រព្រឹត្តតាមគំនិត សញ្ញាណ ការស្រមៃឃើញ និងបំណងចិត្តរបស់ខ្លួនគេផ្ទាល់។ ពួកគេបំពេញតាមបំណងអាត្មានិយមរបស់គេឥតឈប់ឈរ ហើយនិស្ស័យពុករលួយរបស់គេតែងតែគ្រប់គ្រងលើសកម្មភាពរបស់ពួកគេ។ ទោះបីជាពួកគេអាចបំពេញកាតព្វកិច្ចដែលត្រូវបានប្រគល់ឲ្យពួកគេក្ដី ក៏ពួកគេមិនទទួលបានសេក្ដីពិតណាមួយដែរ។ ដូចនេះ តើមនុស្សបែបនេះពឹងផ្អែកទៅលើអ្វីនៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន? ពួកគេមិនមែនកំពុងពឹងផ្អែកលើសេចក្ដីពិត ហើយក៏មិនពឹងផ្អែកលើព្រះជាម្ចាស់ឡើយ។ សេចក្ដីពិតបន្តិចបន្តួចដែលពួកគេបានយល់ មិនបានចាប់យកអធិបតេយ្យភាពនៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ ពួកគេកំពុងពឹងផ្អែកលើអំណោយទាន និងសមត្ថភាពផ្ទាល់ខ្លួន គឺពឹងលើចំណេះដឹងគ្រប់យ៉ាងដែលគេបានទទួល និងពឹងលើទេពកោសល្យរបស់គេ ដ៏ដូចជាឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ ឬចេតនាល្អ ដើម្បីបំពេញនូវភារកិច្ចទាំងនេះ។ តើនេះជាការបំពេញភារកិច្ចយ៉ាងប្រសើរមែនទេ? តើនេះជាការបំពេញភារកិច្ចរបស់ពួកគេដោយពេញចិត្តដែរឬទេ? ទោះបីជាពេលខ្លះអ្នកពឹងអាងលើលក្ខណៈធម្មជាតិ ការស្រមៃ សញ្ញាណ ចំណេះដឹង និងការរៀនសូត្រដើម្បីបំពេញភារកិច្ចរបស់អ្នកក៏ដោយ ក៏គ្មានបញ្ហានៃគោលការណ៍ពាក់ព័ន្ធក្នុងរឿងមួយចំនួនដែលអ្នកធ្វើដែរ។ បើមើលពីខាងក្រៅ វាមើលទៅដូចជាអ្នកមិនទាន់បានដើរផ្លូវខុសទេ ប៉ុន្តែមានរឿងមួយដែលមិនអាចមើលរំលងបាន៖ ក្នុងអំឡុងពេលនៃដំណើរការក្នុងការបំពេញភារកិច្ចរបស់អ្នក ប្រសិនបើសញ្ញាណ ការស្រមៃ និងបំណងផ្ទាល់ខ្លួន មិនដែលផ្លាស់ប្ដូរ និងមិនដែលជំនួសសេចក្ដីពិត ហើយប្រសិនបើសកម្មភាពរបស់អ្នក និងទង្វើរបស់អ្នកមិនដែលត្រូវបានធ្វើឡើងស្របតាមគោលការណ៍សេចក្ដីពិត នោះតើលទ្ធផលនឹងទៅជាយ៉ាងណា? អ្នកនឹងក្លាយជាអ្នកស៊ីឈ្នូល។ នេះជាអ្វីដែលបានសរសេរយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រាស់ហៅមនុស្សដែលខិតខំប្រឹងប្រែង និងផ្ដល់ការបម្រើថា «មនុស្សប្រព្រឹត្តអំពើទុច្ចរិតអើយ»? មានមួយចំណុចដែលយើងអាចប្រាកដបាន ហើយមិនថាកាតព្វកិច្ច ឬកិច្ចការដែលមនុស្សទាំងនេះធ្វើទេ ការលើកទឹកចិត្ត កម្លាំងជំរុញ ចេតនា និងគំនិតរបស់ពួកគេកើតឡើងចេញពីបំណងចិត្តដែលអាត្មានិយមរបស់ពួកគេទាំងស្រុង ដែលផ្អែកទាំងស្រុងលើគំនិត និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយការពិចារណា និងផែនការរបស់ពួកគេបែរទៅរកតែកេរ្តិ៍ឈ្មោះរបស់ខ្លួន ឋានៈ ភាពឥតខ្លឹមសារ និងការចង់បាននៅពេលខាងមុខ។ នៅក្នុងជម្រៅចិត្តខាងក្នុង ពួកគេមិនមាននូវសេចក្ដីពិត ពួកគេក៏មិនប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតដែរ។ ដូចនេះ តើអ្វីដែលសំខាន់សម្រាប់ឲ្យអ្នកស្វែងរកនាពេលនេះ? (យើងគួរតែស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចស្របតាមបំណងព្រះឫទ័យ និងសេចក្តីតម្រូវរបស់ព្រះជាម្ចាស់)។ តើអ្នកគួរធ្វើអ្វីជាក់លាក់នៅពេលបំពេញភារកិច្ចដែលស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់? ពាក់ព័ន្ធនឹងចេតនា និងគំនិតរបស់អ្នកនៅពេលធ្វើអ្វីមួយ អ្នកត្រូវតែរៀនពីរបៀបដឹងថាពួកគេត្រូវតាមសេចក្ដីពិតឬក៏អត់ ក៏ដូចជាដឹងថាតើចេតនា និងគំនិតរបស់អ្នកឆ្ពោះតម្រង់ទៅរកការបំពេញបំណងបែបអាត្មានិយមរបស់ខ្លួន និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឬអត់។ ប្រសិនបើចេតនា និងគំនិតរបស់អ្នកស្របតាមសេចក្ដីពិត នោះអ្នកអាចបំពេញកាតព្វកិច្ចរបស់អ្នកដែលត្រូវគ្នានឹងការគិតរបស់អ្នក។ យ៉ាងណាក្ដី ប្រសិនបើពួកគេមិនស្របតាមសេចក្ដីពិត នោះអ្នកត្រូវតែងាកចេញ និងបោះបង់ពីផ្លូវនោះយ៉ាងរហ័ស។ មាគ៌ានោះមិនត្រឹមត្រូវទេ ហើយអ្នកមិនអាចអនុវត្តមាគ៌ានោះបានទេ។ ប្រសិនបើអ្នកបន្តដើរតាមមាគ៌ានោះ នោះអ្នកនឹងប្រព្រឹត្តអំពើអាក្រក់។

ដកស្រង់ពី «របៀបមានបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ពេត្រុស ត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ តាមរយៈបទពិសោធន៍នៃការដោះស្រាយនិងការបន្សុទ្ធ។ គាត់បាននិយាយថា «ខ្ញុំត្រូវផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលទាំងអស់។ គ្រប់ការទាំងអស់ដែលខ្ញុំធ្វើ ខ្ញុំគ្រាន់តែចង់ផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ហើយមិនថាខ្ញុំត្រូវវាយផ្ចាលឬជំនុំជម្រះនោះទេ ក៏ខ្ញុំនៅតែសប្បាយចិត្ត នឹងធ្វើបែបនេះដដែល»។ ពេត្រុសបាន ប្រគល់គ្រប់យ៉ាងរបស់គាត់ ថ្វាយដល់ព្រះជាម្ចាស់ ហើយកិច្ចការ ពាក្យសម្ដីនិងជីវិតគាត់ទាំងមូល គឺសឹងសុទ្ធតែដើម្បីសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ គាត់គឺជាមនុស្សម្នាក់ ដែលបានស្វែងរកភាពបរិសុទ្ធ ហើយនៅពេលដែលគាត់មានបទពិសោធន៍កាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់គាត់ ចំពោះព្រះជាម្ចាស់ ក៏កាន់តែធំធេង និងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់គាត់ដែរ។ ផ្ទុយទៅវិញ ប៉ុលបានធ្វើតែកិច្ចការខាងក្រៅប៉ុណ្ណោះ ហើយទោះបីជាគាត់បានខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្ដី ក៏ការងាររបស់គាត់ គឺប្រយោជន៍គ្រាន់តែដើម្បីធ្វើកិច្ចការ របស់គាត់ឲ្យបានត្រឹមត្រូវនិងដើម្បីទទួលបានរង្វាន់តែប៉ុណ្ណោះ។ ប្រសិនបើគាត់បានដឹងជាមុនថា គាត់នឹងមិនទទួលបានរង្វាន់អ្វីទេ នោះគាត់ប្រាកដជាឈប់ធ្វើកិច្ចការរបស់គាត់ជាមិនខាន។ អ្វីដែលពេត្រុសខ្វាយខ្វល់នោះ គឺជាសេចក្ដីស្រឡាញ់ពិតប្រាកដនៅក្នុងដួងចិត្តរបស់គាត់ ហើយជារឿងដែលជាក់ស្ដែង និងអាចសម្រេចបាន។ គាត់មិនបានខ្វាយខ្វល់ថាតើ គាត់នឹងទទួលបានរង្វាន់ឬអត់នោះទេ ប៉ុន្តែគាត់ខ្វាយខ្វល់ថាតើនិស្ស័យរបស់គាត់អាចត្រូវបានបំផ្លាស់បំប្រែដែរឬអត់។ ប៉ុលខ្វាយខ្វល់អំពីការខំប្រឹងប្រែងធ្វើការឲ្យបានកាន់តែខ្លាំងឡើងៗ គាត់ខ្វល់តែពីកិច្ចការ និងការលះបង់តស៊ូតែសំបកក្រៅ និងខ្វល់តែពីគោលលទ្ធិដែលមនុស្សធម្មតា មិនអាចដកពិសោធន៍បាន។ គាត់មិនខ្វាយខ្វល់អំពីការបំផ្លាស់បំប្រែ ស៊ីជម្រៅនៅក្នុងខ្លួនគាត់ឡើយ ហើយក៏មិនខ្វល់ពីសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ដែរ។ បទពិសោធន៍របស់ពេត្រុស គឺដើម្បីសម្រេចបាននូវសេចក្ដីស្រឡាញ់ពិតប្រាកដ និងចំណេះដឹងពិតប្រាកដ អំពីព្រះជាម្ចាស់។ បទពិសោធន៍របស់គាត់ គឺដើម្បីទទួលបានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងដើម្បីមានការរស់នៅដែលជាក់ស្ដែង។ កិច្ចការរបស់ប៉ុលត្រូវបានធ្វើឡើង ដោយព្រោះតែព្រះយេស៊ូវបានប្រទានកិច្ចការនោះដល់គាត់ និងដើម្បីសម្រេចបាននូវអ្វីៗដែលគាត់ទន្ទឹងចង់បាន ក៏ប៉ុន្តែកិច្ចការទាំងអស់នេះ មិនពាក់ព័ន្ធនឹងចំណេះដឹងរបស់គាត់អំពីខ្លួនគាត់ និងព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់គាត់ គឺប្រយោជន៍គ្រាន់តែដើម្បីគេចចេញពីការវាយផ្ចាល និងការជំនុំជម្រះតែប៉ុណ្ណោះ។ អ្វីដែលពេត្រុសបានស្វែងរកគឺជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ហើយអ្វីដែលប៉ុលបានស្វែងរក គឺជាមកុដនៃសេចក្ដីសុចរិត។ ពេត្រុសធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមានចំណេះដឹងជាក់ស្ដែងអំពីព្រះគ្រីស្ទ ក៏ដូចជាចំណេះដឹងជ្រាលជ្រៅអំពីខ្លួនគាត់ដែរ។ ហេតុដូច្នេះ សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជា ម្ចាស់ គឺបរិសុទ្ធ។ ការបន្សុទ្ធអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យការយល់ដឹងរបស់គាត់អំពីព្រះយេស៊ូវ និងអំពីជីវិត មានការកើនឡើង ហើយសេចក្ដីស្រឡាញ់ របស់ទ្រង់ គឺជាសេចក្ដីស្រឡាញ់ដែលឥតលក្ខខណ្ឌ វាគឺជាសេចក្ដីស្រឡាញ់ដែលឆេះឆួលឡើងដោយឯកអ្នក ហើយគាត់ពុំបានសុំអ្វីត្រឡប់មកវិញឡើយ ក៏មិនសង្ឃឹមថានឹងទទួលបានប្រយោជន៍អ្វីនោះដែរ។ ប៉ុលបានធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែគាត់មិនមានចំណេះដឹងច្រើន អំពីព្រះគ្រីស្ទឡើយ ហើយចំណេះដឹងរបស់គាត់អំពីខ្លួនឯង គឺតិចតួចខ្លាំងណាស់។ គាត់គ្មានសេចក្ដីស្រឡាញ់ ចំពោះព្រះគ្រីស្ទឡើយ ហើយកិច្ចការរបស់គាត់ និងការរត់ប្រណាំងរបស់គាត់ គឺដើម្បីទទួលបាននូវកិត្តិយសនៅពេលចុងក្រោយប៉ុណ្ណោះ។ អ្វីដែលគាត់ស្វែងរក គឺជាមកុដដ៏ល្អឯក មិនមែនជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនោះទេ។ គាត់មិនបានស្វែងរក ដោយសកម្មទេ ប៉ុន្តែដោយអកម្ម។ គាត់មិនបានបំពេញនូវភារកិច្ច របស់គាត់ឡើយ ប៉ុន្តែបានបង្ខំចិត្តក្នុងការស្វែងរករបស់គាត់ បន្ទាប់ពីត្រូវបានចាប់ចងដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុដូច្នេះ ការស្វែងរកគាត់ មិនបានបញ្ជាក់ថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ ពេត្រុសនេះឯង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិកររបស់ព្រះជាម្ចាស់ ដោយបានបំពេញនូវភារកិច្ចរបស់គាត់។ មនុស្សគិតថា អស់អ្នកណាដែលបានរួមចំណែកដល់ព្រះជាម្ចាស់ គួរតែទទួលបានរង្វាន់ ហើយកាលណាការរួមចំណែកកាន់តែច្រើន នោះកាន់តែភ្លេចថា ពួកគេគួរតែទទួលបានការគាប់ព្រះហឫទ័យពីព្រះជាម្ចាស់។ សារជាតិ នៃទស្សនៈរបស់មនុស្ស គឺការដោះដូរ ហើយគេពុំបានស្វែងរកដោយសកម្មដើម្បីបំពេញភារកិច្ចរបស់គេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់ព្រះជាម្ចាស់វិញ កាលណាមនុស្សស្វែងរកសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ដែលក៏មានន័យថា ត្រូវបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឲ្យបានកាន់តែច្រើនដែរ នោះពួកគេនឹងកាន់តែអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ ទស្សនៈរបស់ព្រះជាម្ចាស់ គឺទាមទារឲ្យមនុស្សស្រោចស្រង់នូវភារកិច្ច និងឋានៈដើមរបស់គេត្រឡប់មកវិញ។ មនុស្សគឺជាសត្តនិកររបស់ព្រះជាម្ចាស់ ដូច្នេះហើយ មនុស្សមិនគប្បីត្រូវប្រព្រឹត្តខ្លួនឲ្យហួសហេតុដោយទាមទារចង់បានអ្វីពីព្រះជាម្ចាស់ឡើយ ហើយមិនគប្បីធ្វើអ្វីផ្សេងក្រៅពីបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងនាមជាសត្តនិករ របស់ព្រះជាម្ចាស់ឡើយ។ គោលដៅរបស់ប៉ុល និងពេត្រុស ត្រូវវាស់វែងតាមរយៈថាតើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាសត្តនិករបានដែរឬទេ និងមិនមែនកំណត់ទៅតាមទំហំនៃការរួមចំណែករបស់ពួកគេឡើយ។ គោលដៅរបស់ពួកគេ ត្រូវកំណត់ស្របទៅតាមអ្វីដែលពួកគេស្វែងរកតាំងពីដើមដំបូងមក មិនមែនទៅតាមបរិមាណការងារដែលពួកគេធ្វើ ឬទៅតាមការប៉ាន់ស្មានរបស់អ្នកដទៃចំពោះពួកគេឡើយ។ ហេតុដូច្នេះ ការស្វែងរកដោយសកម្មក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់គឺជាផ្លូវទៅកាន់ភាពជោគជ័យ។ ការស្វែងរកផ្លូវ នៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ គឺជាផ្លូវដ៏ត្រឹមត្រូវជាងគេបំផុត។ ការស្វែងរកការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្សម្នាក់ និងការស្វែងរកសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធចំពោះព្រះជាម្ចាស់ គឺជាផ្លូវទៅកាន់ភាពជោគជ័យ។ ផ្លូវទៅកាន់ភាពជោគជ័យ គឺជាផ្លូវនៃការស្រោចស្រង់ភារកិច្ចដើមត្រឡប់មកវិញ ក៏ដូចជារូបកាយដើមនៃសត្តនិកររបស់ព្រះជាម្ចាស់ដែរ។ វាគឺជាផ្លូវនៃការស្រោចស្រង់ ហើយវាក៏ជាគោលដៅនៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់ដែរ។ ប្រសិនបើការស្វែងរករបស់មនុស្ស ប្រឡាក់ជាប់ទៅដោយការទាមទារផ្ទាល់ខ្លួនយ៉ាងច្រើន និងការទន្ទឹងរង់ចាំដែលគ្មានហេតុផល នោះផលដែលសម្រេចបាននឹងមិនមែនជាការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សឡើយ។ ចំណុចនេះ គឺជាមិនស្របគ្នាជាមួយនឹងកិច្ចការនៃការស្រោចស្រង់នោះទេ។ មិនបាច់ឆ្ងល់នោះទេ វាមិនមែនជាកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានបំពេញឡើយ ហេតុដូច្នេះហើយ នេះបញ្ជាក់ថាការស្វែងរកបែបនេះ ព្រះជាម្ចាស់មិនបានអនុញ្ញាតឡើយ។ តើការស្វែងរកដែលព្រះជាម្ចាស់មិនអនុញ្ញាតនោះ មានសារៈសំខាន់អ្វីទៅ?

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់ការទាំងអស់ដែលពេត្រុសបានស្វែងរក គឺទៅតាមដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គាត់បានព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនថាមានទុក្ខវេទនា និងការលំបាកនោះទេ គឺគាត់នៅតែសុខចិត្តគាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល។ គ្មានការស្វែងរករបស់អ្នកជឿលើព្រះជាម្ចាស់ណាម្នាក់ដែលអស្ចារ្យជាងគេនោះឡើយ។ អ្វីដែលប៉ុលបានស្វែងរក ប្រឡាក់ប្រឡូសទៅដោយសាច់ឈាមផ្ទាល់ខ្លួន ដោយសញ្ញាណផ្ទាល់ខ្លួន និងដោយផែនការ ព្រមទាំងគ្រោងការផ្ទាល់ខ្លួនរបស់គាត់។ គាត់គ្មានអ្វីដែលមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ទេ គឺមិនមែនជាមនុស្សម្នាក់ដែលបានព្យាយាមបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពេត្រុសបានព្យាយាមចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាកិច្ចការដែលគាត់បានធ្វើមិនអស្ចារ្យក្ដី ក៏ការជំរុញចិត្តនៅពីក្រោយការស្វែងរករបស់គាត់ និងផ្លូវដែលគាត់បានដើរ គឺជាការស្វែងរក និងជាផ្លូវដែលត្រឹមត្រូវដែរ។ បើទោះបីជាគាត់មិនអាចទទួលយកមនុស្សឲ្យបានច្រើនក្ដី ក៏គាត់អាចស្វែងរកផ្លូវនៃសេចក្ដីពិតបានដែរ។ ដោយសារចំណុចនេះ អាចនិយាយបានថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិកររបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះបើទោះជាអ្នកមិនមែនជាបាវបម្រើក្ដី ក៏អ្នកគប្បីអាចបំពេញភារកិច្ចជាសត្តនិកររបស់ព្រះជាម្ចាស់ និងព្យាយាមចុះចូលនឹងការចាត់ចែងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ដែរ។ អ្នកគប្បីអាចស្ដាប់បង្គាប់គ្រប់ការដែលព្រះជាម្ចាស់មានព្រះបន្ទូល និងបទពិសោធន៍នៃទុក្ខលំបាក និងការបន្សុទ្ធសព្វគ្រប់បែបយ៉ាង ហើយបើទោះបីជាអ្នកអន់ខ្សោយក្ដី ក៏នៅក្នុងដួងចិត្តរបស់អ្នក គប្បីអាចស្រឡាញ់ព្រះជាម្ចាស់បានដដែល។ អស់អ្នកដែលមានទំនួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួនពួកគេ គឺមានឆន្ទៈបំពេញភារកិច្ចជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយទស្សនៈរបស់មនុស្សអំពីការស្វែងរកបែបនេះគឺជា ទស្សនៈដ៏ត្រឹមត្រូវ។ អ្នកទាំងអស់នេះ គឺជាមនុស្សដែលព្រះជាម្ចាស់ត្រូវការ។ ប្រសិនបើអ្នកធ្វើការងារច្រើន ហើយអ្នកដទៃទទួលបានការបង្រៀនរបស់អ្នក ប៉ុន្តែខ្លួនឯងមិនបានផ្លាស់ប្ដូរ និងមិនបានធ្វើទីបន្ទាល់ណាមួយ ឬមានបទពិសោធន៍ពិតប្រាកដនោះការងារបែបនេះនៅចុងបញ្ចប់នៃជីរិតរបស់អ្នក គឺនៅតែគ្មានអ្វីដែលអ្នកបានធ្វើដើម្បីជាទីបន្ទាល់ឡើយ ដូច្នេះ តើអ្នកជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរមែន ទេ? តើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្តីពិតមែនទេ? នៅពេលមួយ ព្រះវិញ្ញាណបរិសុទ្ធបានប្រើអ្នក ប៉ុន្តែនៅពេលដែលទ្រង់បានប្រើអ្នក ទ្រង់បានប្រើចំណែករបស់អ្នកដែលអាចប្រើបានដើម្បីបំពេញកិច្ចការ ហើយទ្រង់មិនបានប្រើចំណែកនៃខ្លួនឯងដែលមិនអាចប្រើប្រាស់បាននោះទេ។ ប្រសិនបើអ្នកបានព្យាយាមដើម្បីផ្លាស់ប្ដូរ នោះអ្នកនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍នៅចុងបំផុត ក្នុងអំឡុងពេលនៃដំណើរការនៃការប្រើប្រាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ មិនទទួលខុសត្រូវថាតើ អ្នកនឹងត្រូវទទួលយកនៅចុងបំផុតទៅដែរ ឬអត់នោះទេ ហើយកិច្ចការនេះ អាស្រ័យលើលក្ខណៈនៃការស្វែងរករបស់អ្នក។ ប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់អ្នកទេនោះគឺដោយសារតែទស្សនៈនៃការស្វែងរករបស់អ្នកនោះ មិនត្រឹមត្រូវ។ ប្រសិនបើអ្នកមិនត្រូវប្រទាននូវរង្វាន់អ្វីទេ នោះវាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ហើយដោយសារខ្លួនអ្នកមិនបានប្រតិបត្តិតាមសេចក្ដីពិត និងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ គ្មានអ្វីដែលសំខាន់ជាង បទពិសោធន៍ ផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយគ្មានអ្វីដែលសំខាន់ជាងច្រកចូលផ្ទាល់ខ្លួនរបស់អ្នកឡើយ។ មនុស្សខ្លះនឹងនិយាយថា «ខ្ញុំបានធ្វើកិច្ចការជាច្រើនសម្រាប់ទ្រង់ ហើយបើទោះបីជាខ្ញុំមិនអាចសម្រេចនូវសមិទ្ធផលដែលគួរសាទរក្ដី ក៏ខ្ញុំនៅតែបន្តមានការព្យាយាមនៅក្នុងកិច្ចការរបស់ខ្ញុំដដែល។ តើទ្រង់មិនអាចត្រឹមអនុញ្ញាតឲ្យខ្ញុំចូលទៅស្ថានសួគ៌ដើម្បីទទួលទានផ្លែឈើនៃជីវិតទេឬ?» អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាត ឲ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឲ្យប្រឡូកប្រឡាក់ទីធ្លា ដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការ យ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឲ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឲ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់ អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ដែលនឹងត្រូវធ្វើ ឲ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. អ្វីជាការទុកចោលគ្រប់យ៉ាង ហើយដើរតាមព្រះជាម្ចាស់

បន្ទាប់៖ ៤. មនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសមរម្យបានឬអត់ ប្រសិនបើពួកគេរស់នៅដោយនិស្ស័យពុករលួយរបស់ពួកគេ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ