៤. វិធីដែលសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់គួរតែត្រូវបានយកទៅអនុវត្ត តាមរយៈការល្បងល និងការបន្សុទ្ធ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ប្រឈមមុខនឹងឥរិយាបថ និងសភាវៈរបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឲ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងការកាត់តម្រឹមរបស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យ ដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឲ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើមនុស្សគួរតែស្រឡាញ់ព្រះជាម្ចាស់បែបណានៅក្នុងដំណាក់កាលនៃការបន្សុទ្ធ? តាមរយៈការប្រើប្រាស់ការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ ដើម្បីទទួលយកការបន្សុទ្ធរបស់ទ្រង់៖ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវបានធ្វើទារុណកម្មផ្នែកខាងក្នុង ដូចគេយកកាំបិតចាក់បេះដូងរបស់អ្នក ប៉ុន្តែអ្នកចង់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយប្រើប្រាស់បេះដូងរបស់អ្នកដែលស្រឡាញ់ទ្រង់ ហើយអ្នកមិនចង់យកចិត្តទុកដាក់ចំពោះសាច់ឈាមទេ។ នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ អ្នកមានការឈឺចាប់ផ្នែកខាងក្នុង ហើយការឈឺចាប់របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប៉ុន្តែអ្នកនៅតែចង់មកចំពោះព្រះភ័ក្រព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា «ឱ ព្រះជាម្ចាស់! អើយ ទូលបង្គំមិនអាចចាកចេញពីទ្រង់បានទេ។ ទោះបីជាមានភាពខ្មៅងងឹតនៅក្នុងខ្លួនទូលបង្គំក៏ដោយ ក៏ទូលបង្គំចង់បំពេញព្រះហឫទ័យទ្រង់ដែរ ទ្រង់ដឹងពីចិត្តរបស់ទូលបង្គំ ហើយទូលបង្គំចង់ឲ្យទ្រង់ផ្តល់ក្តីស្រឡាញ់មកក្នុងខ្លួនទូលបង្គំថែមទៀត»។ នេះជាការអនុវត្តនៅក្នុងពេលនៃការបន្សុទ្ធ។ ប្រសិនបើអ្នកប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ធ្វើជាមូលដ្ឋាន នោះការបន្សុទ្ធអាចនាំអ្នកទៅកាន់តែជិតព្រះជាម្ចាស់ និងធ្វើឲ្យអ្នកកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែថ្វាយចិត្តទៅព្រះជាម្ចាស់។ ប្រសិនបើអ្នកថ្វាយ និងដាក់ចិត្តរបស់អ្នកនៅចំពោះព្រះជាម្ចាស់ នោះក្នុងពេលនៃការបន្សុទ្ធ អ្នកនឹងមិនអាចបដិសេធព្រះជាម្ចាស់ ឬចាកចេញពីព្រះជាម្ចាស់បានទេ។ តាមរយៈវិធីនេះ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែជិតស្និទ្ធ និងកាន់តែសាមញ្ញ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងកាន់តែញឹកញាប់ជាងមុន។ ប្រសិនបើអ្នកអនុវត្តវិធីនេះជានិច្ច នោះអ្នកនឹងចំណាយពេលកាន់តែច្រើននៅក្នុងពន្លឺ និងក្រោមការដឹកនាំរបស់ព្រះបន្ទូលទ្រង់។ នឹងមានការផ្លាស់ប្តូរកាន់តែច្រើនឡើងៗ នៅក្នុងឥរិយាបថរបស់អ្នក ហើយចំណេះដឹងរបស់អ្នកនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃដែលការល្បងលរបស់ព្រះជាម្ចាស់ធ្លាក់មកដល់អ្នកមួយរំពេច នោះអ្នកមិនត្រឹមតែអាចឈរនៅខាងព្រះជាម្ចាស់បាននោះទេ អ្នកថែមទាំងអាចនាំទីបន្ទាល់ដល់ព្រះជាម្ចាស់ថែមទៀតផង។ នៅពេលនោះ អ្នកនឹងដូចជាយ៉ូប និងពេត្រុស។ ដោយការនាំយកទីបន្ទាល់ទៅថ្វាយព្រះជាម្ចាស់ នោះអ្នកនឹងស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនឹងថ្វាយជីវិតរបស់អ្នកដល់ទ្រង់យ៉ាងរីករាយ។ អ្នកនឹងក្លាយជាទីបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់។ សេចក្តីស្រឡាញ់ដែលឆ្លងកាត់ការបន្សុទ្ធ គឺជាសេចក្តីស្រឡាញ់ដែលរឹងមាំ មិនទន់ខ្សោយនោះទេ។ មិនថាព្រះជាម្ចាស់ ដាក់អ្នកក្នុងការល្បងលរបស់ទ្រង់នៅពេលណា ឬដោយវិធីណានោះទេ អ្នកអាចថ្វាយក្តីបារម្ភអំពីការរស់នៅ និងការស្លាប់ បោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ ហើយស៊ូទ្រាំគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ដោយរីករាយ នោះសេចក្តីស្រឡាញ់របស់អ្នកនឹងបរិសុទ្ធ ហើយសេចក្តីជំនឿរបស់អ្នកនឹងពិត។ មានតែធ្វើបែបនោះទេ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្រឡាញ់ពិតប្រាកដ ហើយព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ពិតប្រាកដ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គឺនៅក្នុងដំណាក់កាលដ៏ជូរចត់នៃការបន្សុទ្ធនេះហើយ ដែលមនុស្សអាចធ្លាក់ទៅក្នុងឥទ្ធិពលរបស់សាតាំងដោយងាយបំផុត ដូច្នេះ តើអ្នកគួរស្រឡាញ់ព្រះជាម្ចាស់ បែបណាក្នុងដំណាក់កាលនៃការបន្សុទ្ធបែបនេះ? អ្នកត្រូវបោះបង់បំណងរបស់អ្នក ថ្វាយចិត្តនៅចំពោះព្រះជាម្ចាស់ ហើយថ្វាយពេលវេលាចុងក្រោយរបស់អ្នកទៅទ្រង់។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងដូចម្តេចនោះទេ អ្នកគួរតែអាចអនុវត្តសេចក្តីពិត ដើម្បីបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែយកសេចក្តីពិតនោះដាក់ខ្លួន ដើម្បីស្វះស្វែងរកព្រះជាម្ចាស់ និងស្វះស្វែងប្រកបគ្នា។ ក្នុងដំណាក់កាលបែបនេះ អ្នកអកម្មកាន់តែច្រើន នោះអ្នកនឹងអវិជ្ជមានកាន់តែច្រើន ហើយអ្នកនឹងដើរថយក្រោយកាន់តែងាយ។ ទោះបីអ្នកមិនបំពេញតួនាទីរបស់អ្នកបានល្អប្រសើរក៏ដោយ តែនៅពេលដែលអ្នកចាំបាច់បំពេញតួនាទីរបស់អ្នក នោះចូរអ្នកបំពេញវាឲ្យអស់តាមដែលអ្នកអាចធ្វើបាន ហើយបំពេញវាដោយមិនប្រើអ្វីក្រៅពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់នោះទេ មិនថាអ្នកដទៃនិយាយអ្វី មិនថាពួកគេនិយាយថាអ្នកធ្វើបានល្អ ឬធ្វើមិនបានល្អនោះទេ គោលបំណងរបស់អ្នកគឺត្រឹមត្រូវ ហើយអ្នកមិនមែនត្រឹមត្រូវដោយខ្លួនឯងនោះទេ ដោយសារអ្នកកំពុងតែប្រព្រឹត្តក្នុងនាមព្រះជាម្ចាស់។ នៅពេលអ្នកដទៃនិយាយអ្វីមិនពិតពីអ្នក អ្នកអាចអធិស្ឋានទៅព្រះជាម្ចាស់ ហើយនិយាយថា «ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនបានសូមឲ្យអ្នកដទៃធ្វើបាបទូលបង្គំ ឬធ្វើល្អចំពោះទូលបង្គំ ឬឲ្យពួកគេយល់ ឬយល់ស្របជាមួយទូលបង្គំឡើយ។ ទូលបង្គំគ្រាន់តែសូមឲ្យទូលបង្គំអាចស្រឡាញ់ទ្រង់នៅក្នុងចិត្ត អាចមានចិត្តធូរស្បើយ និងឲ្យសតិសម្បជញ្ញៈរបស់ទូលបង្គំបានជ្រះស្រឡះប៉ុណ្ណោះ។ ទូលបង្គំមិនបានសូមឲ្យអ្នកដទៃសរសើរទូលបង្គំ ឬចាត់ទុកទូលបង្គំជាមនុស្សខ្ពង់ខ្ពស់នោះទេ ទូលបង្គំគ្រាន់តែស្វះស្វែងដើម្បីឲ្យទ្រង់សព្វព្រះហឫទ័យដោយចេញចិត្តទូលបង្គំប៉ុណ្ណោះ ទូលបង្គំបំពេញតួនាទីរបស់ទូលបង្គំ ដោយធ្វើគ្រប់យ៉ាងតាមដែលទូលបង្គំអាចធ្វើបាន ហើយទោះបីជាទូលបង្គំឆ្កួត ល្ងីល្ងើ ងងឹតមិនដឹងអីក៏ដោយ ក៏ទូលបង្គំដឹងថា ទ្រង់គួរឲ្យស្រឡាញ់ ហើយទូលបង្គំស្ម័គ្រចិត្តលះបង់គ្រប់យ៉ាងដែលទូលបង្គំមានទៅទ្រង់ប៉ុណ្ណោះ»។ ពេលដែលអ្នកអធិស្ឋានតាមវិធីនេះ នោះសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់កើតឡើង ហើយអ្នកមានអារម្មណ៍ស្រាកស្រាន្តក្នុងចិត្ត។ នេះជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ដូចដែលអ្នកមានបទពិសោធន៍ស្រាប់ អ្នកបរាជ័យពីរដង ហើយជោគជ័យបានម្តង បើមិនដូច្នោះទេ អ្នកបរាជ័យប្រាំដង ហើយជោគជ័យបានពីរដង ហើយដូចដែលអ្នកមានបទពិសោធន៍បែបនេះហើយថា មានតែនៅពេលបរាជ័យប៉ុណ្ណោះ ទើបអ្នកអាចមើលឃើញភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងរកឃើញពីកង្វះខាតនៅក្នុងខ្លួនឯង។ នៅពេលដែលអ្នកជួបប្រទះស្ថានភាពបែបនេះនៅពេលខាងមុខ អ្នកគួរតែប្រយ័ត្នប្រយែងខ្លួន គិតពីជំហានរបស់អ្នក ហើយអធិស្ឋានឲ្យកាន់តែញឹកញាប់ជាងមុន។ អ្នកនឹងអភិវឌ្ឍសមត្ថភាពបន្តិចម្តងៗ ដើម្បីយកឈ្នះស្ថានភាពបែបនោះ។ នៅពេលដែលរឿងនោះកើតឡើង នោះការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាពហើយ។ នៅពេលដែលអ្នកឃើញជោគជ័យរបស់ខ្លួននៅពេលនេះ នោះអ្នកនឹងមានអារម្មណ៍ដឹងគុណនៅក្នុងខ្លួន ហើយនៅពេលដែលអ្នកអធិស្ឋាន អ្នកនឹងអាចធ្វើឲ្យព្រះជាម្ចាស់មានមនោសញ្ចេតនា ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានចាកចេញពីអ្នកនោះទេ មានតែពេលនោះទេ ទើបអ្នកអាចដឹងថា ព្រះជាម្ចាស់ធ្វើការក្នុងខ្លួនឯងបែបណា។ ការអនុវត្តតាមវិធីនេះ នឹងផ្តល់ផ្លូវមួយដល់អ្នកសម្រាប់មានបទពិសោធន៍។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធន៍របស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់ជាក់ តាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឲ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលពីអតីតកាល មនុស្សទាំងអស់មករកព្រះជាម្ចាស់ដើម្បីធ្វើការប្ដេជ្ញាចិត្ដរបស់ពួកគេ ហើយពួកគេនិយាយថា៖ «ទោះបីគ្មានអ្នកណាផ្សេងស្រឡាញ់ព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់ដែរ»។ តែឥឡូវនេះ ការបន្សុទ្ធកើតឡើងលើអ្នក ហើយដោយសារការនេះមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកក៏បាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់។ តើសេចក្ដីស្រឡាញ់នេះពិតឬអត់? អ្នកបានអានជាច្រើនដងហើយអំពីការប្រព្រឹត្តិរបស់យ៉ូប តើអ្នកបានភ្លេចអំពីការប្រព្រឹត្តិទាំងនោះទេឬ? សេចក្ដីស្រឡាញ់ពិតអាចលេចចេញជារូបរាងបានពីសេចក្ដីជំនឿ។ អ្នកបណ្ដុះសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការបន្សុទ្ធដែលអ្នកបានឆ្លងកាត់ ហើយតាមរយៈជំនឿរបស់អ្នក អ្នកអាចគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ហើយវាក៏តាមរយៈសេចក្ដីជំនឿ ដែលអ្នកបោះបង់ចោលសាច់ឈាមរបស់អ្នកផ្ទាល់ ហើយស្វែងរកជីវិត។ នេះគឺជាអ្វីដែលមនុស្សគប្បីធ្វើ។ ប្រសិនបើអ្នកធ្វើការនេះ ពេលនោះអ្នកនឹងអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកខ្វះសេចក្ដីជំនឿ នោះអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ ឬទទួលបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ឡើយ។ ប្រសិនបើអ្នកចង់ត្រូវបានប្រើ និងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ នោះអ្នកត្រូវតែមានអ្វីៗទាំងអស់ដូចជា៖ ឆន្ទៈក្នុងការរងទុក្ខ សេចក្ដីជំនឿ ការស៊ូទ្រាំ ការស្ដាប់បង្គាប់ និងសមត្ថភាពក្នុងការទទួលពិសោធកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីព្រះហឫទ័យរបស់ទ្រង់ ពិចារណាពីទុក្ខព្រួយរបស់ទ្រង់ ជាដើម។ ការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនងាយស្រួលនោះទេ ហើយរាល់ការបន្សុទ្ធនីមួយៗដែលអ្នកជួបប្រទះ តម្រូវឲ្យមានជំនឿ និងសេចក្តីស្រឡាញ់។ ប្រសិនបើអ្នកចង់ទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ វាមិនគ្រប់គ្រាន់ទេក្នុងការដែលគ្រាន់តែឆ្ពោះទៅមុខនៅលើផ្លូវ ហើយវាមិនគ្រប់គ្រាន់ដែរ ក្នុងការដែលគ្រាន់តែលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់នោះ។ អ្នកត្រូវតែមានរបស់ជាច្រើនដើម្បីអាចក្លាយជាមនុស្សម្នាក់ ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឲ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ពួកគេមិនត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ! ព្រះជាម្ចាស់មានព្រះទ័យចង់ឲ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែ បើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកស្រឡាញ់ទ្រង់ នោះទុក្ខវេទនាសព្វបែបយ៉ាងនឹងធ្លាក់មកលើអ្នក ហើយប្រសិនបើអ្នកមិនស្រឡាញ់ទេ នោះអ្វីៗគ្រប់យ៉ាងនឹងប្រហែលជាដំណើរការយ៉ាងរលូនសម្រាប់អ្នក ហើយគ្រប់យ៉ាងដែលនៅជុំវិញអ្នកនឹងមានសុខសន្ដិភាព។ នៅពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ថា មានរឿងជាច្រើននៅជុំវិញអ្នកដែលអ្នកមិនអាចយកឈ្នះបានឡើយ ហើយដោយសារតែកម្ពស់របស់អ្នកនៅទាបពេក ដូច្នេះ អ្នកនឹងត្រូវតែទទួលការបន្សុទ្ធ។ ជាងនេះទៅទៀត អ្នកនឹងគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា ព្រះហឫទ័យរបស់ព្រះជាម្ចាស់មានភាពខ្ពង់ខ្ពស់ពេក ដែលហួសពីការឈោងចាប់របស់មនុស្ស។ ដោយព្រោះតែការទាំងអស់នេះ អ្នកនឹងត្រូវបានបន្សុទ្ធ ដ្បិតមានសេចក្តីកម្សោយយ៉ាងច្រើននៅខាងក្នុងអ្នក ជាសេចក្តីកម្សោយដែលគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នកនឹងត្រូវបានបន្សុទ្ធនៅផ្នែកខាងក្នុង។ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែមើលឃើញឲ្យច្បាស់ថា ការញែកជាបរិសុទ្ធនេះអាចសម្រេចបានតាមរយៈការបន្សុទ្ធតែប៉ុណ្ណោះ។ ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង។ នៅពេលដែលអ្នកត្រូវបានសាតាំងល្បួង អ្នកគួរតែនិយាយថា៖ «ដួងចិត្តរបស់ខ្ញុំជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានទទួលយកខ្ញុំរួចហើយ។ ខ្ញុំមិនអាចបំពេញតាមចិត្តរបស់អ្នកឡើយ ព្រោះថាខ្ញុំត្រូវតែថ្វាយនូវ អ្វីៗទាំងអស់របស់ខ្ញុំដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់»។ ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ។ ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់ នោះគេនឹងគ្មានភាពសោកសៅឡើយ។ ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ ក៏ក្នុងអំឡុងពេលទាំងនេះ អ្នកនឹងពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ ហើយនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម ព្រមទាំងមានអារម្មណ៍ជឿជាក់ថា អ្នកមានអ្វីមួយជាទីពំនាក់។ តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយសារតែការថប់បារម្ភដែលអ្នកមាននោះដែរ។ ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន ចង់ជួបជុំ និងទាក់ទង ចង់ទូលគំនិតរបស់អ្នកប្រាប់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន។ ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើលនឹងក្លាយជារឿងគួរឲ្យធុញទ្រាន់ចំពោះអ្នក ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់។ ប្រសិនបើអ្នកមិនដេញតាមសេចក្តីសុខ ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនឲ្យសាតាំងចោទប្រកាន់ នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឲ្យអ្នកមានកម្លាំងដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន។ មនុស្សអាចអនុវត្តតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានថ្លែង ហើយគ្រប់យ៉ាងដែលគេធ្វើ គឺដើម្បីអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ។ ការស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជាការប្រើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយមិនថាក្នុងពេលណាឡើយ ទោះបីជាពេលដែលអ្នកដទៃគ្មានកម្លាំងចង់ធ្វើក៏ដោយ ក៏នៅខាងក្នុងអ្នកនៅតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាដួងចិត្តមួយដែលស្រេកឃ្លានយ៉ាងជ្រាលជ្រៅចង់បានព្រះជាម្ចាស់ ព្រមទាំងនឹករឭកទ្រង់យ៉ាងខ្លាំង។ នេះហើយជាកម្ពស់ដ៏ពិតប្រាកដនោះ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់កំពុងតែវាយផ្ចាលគាត់ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! សាច់ឈាមរបស់ទូលបង្គំមិនស្ដាប់បង្គាប់ឡើយ ហើយទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ។ ទូលបង្គំអរសប្បាយនៅក្នុងការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយទោះបីជាទ្រង់មិនសព្វព្រះហឫទ័យចង់បានទូលបង្គំក៏ដោយ ប៉ុន្តែ នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ នៅពេលដែលទ្រង់ជំនុំជម្រះទូលបង្គំ ដើម្បីឲ្យអ្នកដទៃអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមានអារម្មណ៍ពេញចិត្តណាស់។ ប្រសិនបើវាអាចស្ដែងចេញពីនិស្ស័យរបស់ទ្រង់ និងអនុញ្ញាតឲ្យសត្តនិករទាំងអស់មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយប្រសិនបើវាអាចធ្វើឲ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ ដើម្បីឲ្យទូលបង្គំអាចមានលក្ខណៈជាមនុស្សសុចរិត នោះការជំនុំជម្រះរបស់ទ្រង់ គឺជារឿងល្អហើយ ព្រោះថាការជំនុំជម្រះបែបនេះគឺធ្វើឡើងចេញពីព្រះហឫទ័យដ៏ពេញដោយព្រះគុណរបស់ទ្រង់។ ទូលបង្គំដឹងថា នៅក្នុងទូលបង្គំមាននូវសារជាតិបះបោរជាច្រើនទៀត និងដឹងទៀតថា ទូលបង្គំមិនទាន់សក្ដិសមចូលមកចំពោះទ្រង់នៅឡើយទេ។ ទូលបង្គំចង់ឲ្យទ្រង់ជំនុំជម្រះទូលបង្គំកាន់តែច្រើន មិនថាតាមរយៈបរិយាកាសឃោរឃៅ ឬទុក្ខវេទនាដ៏ខ្លាំងនោះឡើយ ហើយមិនថាទ្រង់ធ្វើចំពោះទូលបង្គំបែបណាក៏ដោយ ក៏វាជារឿងមានតម្លៃជានិច្ចដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់ជ្រាលជ្រៅណាស់ ហើយទូលបង្គំសុខចិត្តលះបង់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំសូម្បីតែបន្ដិចឡើយ»។ នេះគឺជាចំណេះដឹងរបស់ពេត្រុស ក្រោយពេលដែលគាត់ដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាទីបន្ទាល់មួយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ... នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឲ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងដើម្បីទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បីទ្រង់ គឺជារឿងកំសាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឲ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បីទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឲ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឲ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ និងវាយផ្ចាលនិងសាកល្បងទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឲ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឲ្យទូលបង្គំអាចរស់នៅក្នុងជីវិតដែលកាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់ដើម្បីទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. វិធីដែលមនុស្សម្នាក់សម្រេចបានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់

បន្ទាប់៖ ១. អ្វីជាការស្គាល់ព្រះជាម្ចាស់ និងអ្វីជាសារៈសំខាន់នៃការស្គាល់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកពិតជាអាចស្វាគមន៍ព្រះអម្ចាស់ ដោយសម្លឹងមើលទៅលើមេឃបានទេ?

By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះ​មុនមហន្តរាយ។...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ