២. គ្រាន់តែស្រឡាញ់ព្រះជាម្ចាស់នៅលើស្ថានសួគ៌ ដោយគ្មានការស្រឡាញ់ព្រះគ្រីស្ទនៅលើផែនដី ជាការស្រឡាញ់ព្រះជាម្ចាស់ឬអត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ជាងនេះទៅទៀត លក្ខណៈពិតរបស់ព្រះ គឺមិនត្រឹមតែឲ្យមនុស្សជឿលើទ្រង់ប៉ុណ្ណោះទេ គឺឲ្យគេស្រឡាញ់ទ្រង់។ ប៉ុន្តែ មនុស្សជាច្រើនក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ គឺសុទ្ធតែអសមត្ថភាព រកមិនឃើញ «អាថ៌កំបាំង» នេះ។ មនុស្សមិនហ៊ានស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនព្យាយាមស្រឡាញ់ទ្រង់ដែរ។ ពួកគេពុំដែលធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់មានលក្ខណៈគួរឲ្យស្រឡាញ់ច្រើនណាស់។ ពួកគេពុំធ្លាប់រកឃើញសោះថា ព្រះជាម្ចាស់ គឺជាព្រះដែលស្រឡាញ់មនុស្ស និងជាព្រះដ៏គង់នៅ ដើម្បីឲ្យមនុស្សស្រឡាញ់។ សោភ័ណភាពរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមក តាមរយៈកិច្ចការរបស់ទ្រង់៖ លុះត្រាតែ មនុស្សមានបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ ទើបពួកគេអាចរកឃើញសោភ័ណភាពរបស់ទ្រង់។ មានតែតាមរយៈបទពិសោធន៍ជាក់ស្ដែងរបស់គេទេ ទើបគេអាចស្ងើចសរសើរពី សោភ័ណភាពរបស់ព្រះជាម្ចាស់បាន ហើយប្រសិនបើមិនមានការកត់សម្គាល់ពីបទពិសោធន៍នេះនៅក្នុងជីវិតពិតទេ ក៏គ្មាននរណាម្នាក់អាចរកឃើញសោភណភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់មានលក្ខណៈគួរឲ្យស្រឡាញ់ច្រើនណាស់ ប៉ុន្តែ ប្រសិនបើគ្មានចំណងទំនាក់ទំនងពិតជាមួយនឹងទ្រង់ទេ មនុស្សក៏មិនអាចរកឃើញលក្ខណៈដ៏គួរឲ្យស្រឡាញ់ទាំងនេះដែរ។ មានន័យថា ប្រសិនបើព្រះជាម្ចាស់មិនបានក្លាយជាសាច់ឈាមទេ មនុស្សច្បាស់ជាមិនអាចមានចំណងទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ឡើយ ហើយប្រសិនបើពួកគេមិនអាចមានចំណងទំនាក់ទំនងពិតជាមួយទ្រង់ទេ នោះពួកគេច្បាស់ជាមិនអាចស្គាល់កិច្ចការរបស់ទ្រង់ឡើយ ហើយសេចក្ដីស្រឡាញ់របស់គេចំពោះ ព្រះអង្គ ក៏ច្បាស់ជាត្រូវសៅហ្មង ដោយភាពក្លែងក្លាយជា និងការស្រមើស្រមៃជាច្រើន។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅឯស្ថានសួគ៌ មិនជាក់ស្ដែងដូចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅផែនដីនេះទេ ដ្បិតការដែលមនុស្សស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺផ្អែកទៅលើការស្រមើស្រមៃរបស់គេ មិនមែនផ្អែកលើអ្វីដែលគេមើលឃើញផ្ទាល់នឹងភ្នែក និងផ្អែកលើអ្វីដែលគេបានពិសោធដោយខ្លួនឯង។ ពេលព្រះជាម្ចាស់យាងមកផែនដី មនុស្សអាចមើលឃើញសោភ័ណភាព និងទង្វើរបស់ទ្រង់ផ្ទាល់ ហើយពួកគេក៏អាចមើលឃើញ គ្រប់យ៉ាងទាក់ទងទៅនឹងនិស្ស័យជាក់ស្ដែង និងនិស្ស័យធម្មតារបស់ទ្រង់ ដែលសេចក្ដីទាំងអស់នេះមានលក្ខណៈជាក់ស្ដែង លើសពីការដែលគេស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ រាប់ពាន់ដង។ បើទោះបីមនុស្សស្រឡាញ់ព្រះជាម្ចាស់ ដែលគង់នៅឯស្ថានសួគ៌ខ្លាំងប៉ុនណា ក៏សេចក្ដីស្រឡាញ់នេះគ្មានអ្វីជាក់ស្ដែងដែរ ហើយពោរពេញទៅដោយគំនិតរបស់មនុស្ស។ បើទោះបីជាសេចក្ដីស្រឡាញ់របស់មនុស្ស ចំពោះព្រះដែលគង់នៅលើផែនដីនេះ មានតិចតួចស្តួចស្ដើងម្ដេចក្ដី ក៏សេចក្ដីស្រឡាញ់នេះ ជាសេចក្ដីស្រឡាញ់ជាក់ស្ដែងដែរ បើទោះបីជាមានតិចតួចប៉ុនណាក្ដី ក៏សេចក្ដីស្រឡាញ់នេះ នៅតែជាសេចក្ដីស្រឡាញ់ពិត។ ព្រះជាម្ចាស់ធ្វើឲ្យមនុស្សស្គាល់ទ្រង់ តាមរយៈកិច្ចការជាក់ស្ដែង ហើយទ្រង់ទទួលបាននូវសេចក្ដីស្រឡាញ់របស់គេ តាមរយៈចំណេះដឹងនេះហើយ។ គឺដូចជា ពេត្រុសដែរ៖ ប្រសិនបើគាត់មិនធ្លាប់រស់នៅ ជាមួយព្រះយេស៊ូវ នោះគាត់មុខជាមិនអាចស្រឡាញ់ព្រះយេស៊ូវឡើយ។ ដូច្នេះ ភក្ដីភាពដែលគាត់មាន ចំពោះព្រះយេស៊ូវ ក៏ផ្អែកលើចំណងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេស៊ូវដែរ។ ដើម្បីឲ្យមនុស្សស្រឡាញ់ព្រះជាម្ចាស់ ទ្រង់បានយាងមកក្នុងចំណោមមនុស្សលោក ហើយរស់នៅជាមួយពួកគេ ហើយអស់ទាំងសេចក្ដីដែលព្រះអង្គបើកសម្ដែងឲ្យមនុស្សបានឃើញ និងមានបទពិសោធន៍ សុទ្ធតែជាតថភាពរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេគ្រាន់តែស្រឡាញ់អ្វីដែលគេមិនអាចមើលឃើញឬប៉ះបានប៉ុណ្ណោះ ពោលគឺអ្វីដែលមានអាថ៌កំបាំង និងអស្ចារ្យខ្លាំងបំផុត និងអ្វីដែលមនុស្សមិនអាចស្រមៃបាន ហើយមនុស្សធម្មតាមិនអាចចាំយកបាន។ នៅពេលដែលអ្វីទាំងអស់នេះកាន់តែមិនពិតប្រាកដ នោះមនុស្សកាន់តែវិភាគវាខ្លាំងឡើង ហើយមនុស្សកាន់តែស្វែងរកអ្វីអស់ទាំងនោះដោយមិនប្រុងប្រយ័ត្ន និងព្យាយាមយកអ្វីទាំងនោះឲ្យបាន។ នៅពេលដែលអ្វីទាំងនោះកាន់តែអរូបី មនុស្សកាន់តែពិនិត្យពិច័យនិងវិភាគវាដោយយកចិត្តទុក ហើយថែមទាំងធ្វើឲ្យគំនិតអំពីអ្វីអស់ទាំងនោះកាន់តែជ្រាលជ្រៅថែមទៀត។ ផ្ទុយទៅវិញ នៅពេលដែលអ្វីកាន់តែជាក់ស្តែង មនុស្សកាន់តែមិនឲ្យតម្លៃលើវា។ ពួកគេមិនឲ្យតម្លៃលើអ្វីអស់ទាំងនោះ ហើយថែមទាំងមើលងាយវាទៀតផង។ តើនេះមិនមែនជាអត្តចរិតរបស់អ្នករាល់គ្នា ចំពោះកិច្ចការជាក់ស្ដែងដែលខ្ញុំធ្វើក្នុងពេលបច្ចុប្បន្ននេះទេឬអី? នៅពេលអ្វីទាំងអស់នោះកាន់តែជាក់ស្ដែងឡើងៗ អ្នករាល់គ្នាកាន់តែលម្អៀង ព្រោះស្អប់អ្វីទាំងអស់នោះ។ អ្នកមិនបានចំណាយពេលដើម្បីពិនិត្យមើលវា ហើយបែរជាមិនអើពើនឹងវាទៅវិញ។ អ្នកមើលស្រាលចំពោះលក្ខខណ្ឌតម្រូវដែលជាក់ស្តែង និងទាបតូចនេះ ហើយបែរជាមានសញ្ញាណច្រើនអំពីព្រះជាម្ចាស់ដែលពិតប្រាកដបំផុតនេះទៅវិញ ថែមទាំងមិនអាចទទួលយកនូវការពិតនិងភាពសាមញ្ញ របស់ទ្រង់បានទៀតផង។ តាមរបៀបនេះ តើអ្នករាល់គ្នាមិនមែនកំពុងប្រកាន់តាមសេចក្តីជំនឿស្រពិចស្រពិលទេឬអី? អ្នករាល់គ្នាមានសេចក្តីជំនឿដ៏មុតមាំចំពោះព្រះដ៏ស្រពិចស្រពិលកាលពីអតីតកាល ហើយគ្មានចាប់អារម្មណ៍នឹងព្រះជាម្ចាស់ដ៏ពិតប្រាកដនៃសម័យបច្ចុប្បន្ននេះសោះ។ តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាល និងព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ មកពីសម័យពីរខុសគ្នាទេឬអី? តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាលគឺជាព្រះជាម្ចាស់នៅស្ថានសួគ៌ដែលខ្ពង់ខ្ពស់ ចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាមនុស្សតូចទាបនៅលើផែនដីទេឬអី? បន្ថែមលើនេះ តើវាមិនមែនដោយសារព្រះជាម្ចាស់ដែលមនុស្សថ្វាយបង្គំ គឺជាព្រះដែលបង្កើតឡើងនៅក្នុងសញ្ញាណរបស់គេចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាព្រះខាងសាច់ឈាមពិតៗ ដែលកើតនៅលើផែនដីនេះទេឬអី? នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបាននិយាយ និងធ្វើរួចរាល់តើវាមិនមែនដោយសារព្រះជាម្ចាស់នៃបច្ចុប្បន្ននេះ ពិតប្រាកខ្លាំងពេក ទើបធ្វើឲ្យមនុស្សមិនស្វែងរកទ្រង់ទេឬអី? ដ្បិតអ្វីដែលព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះទាមទារពីមនុស្សគឺច្បាស់ជាអ្វីដែលមនុស្សមិនសុខចិត្តធ្វើតាម និងជាអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍អាប់មុខ។ តើនេះមិនមែនធ្វើឲ្យមនុស្សកាន់តែលំបាកទេឬអី? តើនេះមិនមែនជាការបើកបង្ហាញស្នាមរបួសរបស់មនុស្សទេឬអី? តាមរបៀបនេះ មនុស្សជាច្រើនដែលមិនស្វែងរកការពិត ក្លាយជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាការពិតច្បាស់ក្រឡែតទេឬអី? កាលពីអតីតកាល នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាមនៅឡើយ អ្នកអាចក្លាយជាមេដឹកនាំសាសនា ឬជាអ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម អ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន បានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួន។ តើអ្នកដឹងថាមានអ្វីកើតឡើងដែរឬទេ? នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនបានចាប់អារម្មណ៍លើការពិតឬស្វែងរក សេចក្តីពិតនោះទេ តែបែរជាជាប់ជំពាក់យ៉ាងក្រាស់ក្រែល ទៅនឹងភាពក្លែងក្លាយទៅវិញហើយតើនេះមិនមែនជាប្រភពយ៉ាងច្បាស់ក្រឡែតអំពីការប្រឆាំងរបស់អ្នកចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេឬអី? ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេហៅថាព្រះគ្រីស្ទ ដូចនេះ តើអ្នកទាំងឡាយដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនមែនជាពួកទទឹងទាស់នឹងព្រះគ្រីស្ទទេឬអី? ដូច្នេះ តើមនុស្សម្នាក់ដែលអ្នកជឿ និងស្រឡាញ់ ពិតជាព្រះជាម្ចាស់នៅក្នុងសាច់ឈាមមែនទេ? តើព្រះជាម្ចាស់ដែលមានព្រះជន្មរស់ មានដកដង្ហើម គឺជាព្រះដែលពិតប្រាកដជាងគេ និងសាមញ្ញជាងគេមែនទេ? តើគោលបំណងពិតប្រាកដនៃការស្វែងរករបស់អ្នកគឺជាអ្វីដែរ? តើវានៅឯស្ថានសួគ៌ ឬនៅលើផែនដី? តើវាជាសញ្ញាណ ឬជាសេចក្តីពិត? តើជាព្រះជាម្ចាស់ ឬជាភាវៈអភិធម្មជាតិមួយចំនួន? ជាការពិតណាស់ សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់បង្កើតមនុស្សមក និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «សុភាសិតនៃជីវិត»។ វាមិនមែនជាសុភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដី ពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាព្រះសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌ ផែនដីនិងគ្រប់សព្វសារពើទាំងអស់មកលើមនុស្សជាតិ។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «សុភាសិតនៃជីវិតដែលខ្ពស់ជាងគេបំផុត»។ ការស្វែងរករបស់មនុស្សក្នុងការដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្ត គឺជាការបំពេញកិច្ចការបស់ពួកគេពោលគឺវាជាការស្វែងរកការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ខ្លឹមសារសំខាន់នៃសេចក្ដីតម្រូវនេះ មានលក្ខណៈពិតជាងគេបំផុតក្នុងចំណោមសេចក្តីពិតទាំងអស់ ជាជាងគោលលទ្ធិទទេស្អាតដែលគ្មានមនុស្សណាម្នាក់អាចសម្រេចបាន។ ប្រសិនបើការស្វែងរករបស់អ្នក គឺគ្មានអ្វីផ្សេងក្រៅពីគោលលទ្ធិ និងគ្មាននូវការពិតទេ តើអ្នកមិនមែនបះបោរទាស់នឹងសេចក្តីពិតទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ ដែលវាយប្រហារលើសេចក្តីពិតទេឬអី? តើមនុស្សបែបនេះអាចក្លាយជាមនុស្សម្នាក់ដែលស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? មនុស្សដែលគ្មានការពិត គឺជាអ្នកដែលផិតក្បត់នឹងសេចក្តីពិត ហើយពួកគេជាពួកប៉ះបោរពីកំណើត!

ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នាប្រាថ្នាចង់ទទួលបានរង្វាន់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និងចង់ឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នករាល់គ្នា ព្រោះមនុស្សគ្រប់គ្នាសង្ឃឹមចង់បានរឿងបែបនេះ នៅពេលពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ ព្រោះគ្រប់គ្នាវក់នឹងការដេញតាមភាពខ្ពង់ខ្ពស់ ហើយគ្មានមនុស្សណាចង់នៅក្រោមអ្នកដទៃនោះទេ។ មនុស្សគឺបែបនេះហើយ។ ច្បាស់ណាស់ ដោយសារហេតុផលនេះ ក្នុងចំណោមអ្នករាល់គ្នាមានមនុស្សជាច្រើនតែងតែប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្ដែតាមការពិត ភក្តីភាព និងភាពទៀងត្រង់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺតិចជាងភក្តីភាព និងភាពទៀងត្រង់ចំពោះខ្លួនអ្នកឆ្ងាយណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រោះខ្ញុំមិនទទួលស្គាល់ភក្តីភាពរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់សោះឡើយ ហើយជាងនេះទៀត ព្រោះខ្ញុំហ៊ានប្រកែកថាដួងចិត្តរបស់អ្នករាល់គ្នាគ្មានព្រះជាម្ចាស់ឡើយ។ មានន័យថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាថ្វាយបង្គំ គឺព្រះជាម្ចាស់ដ៏ស្រពិចស្រពិលដែលអ្នករាល់គ្នាលើកសរសើរតម្កើងនោះគ្មានវត្តមានសោះឡើយ។ ហេតុផលដែលខ្ញុំអាចនិយាយបាន យ៉ាងច្បាស់ដូច្នេះព្រោះអ្នករាល់គ្នានៅឆ្ងាយពីព្រះដ៏ពិតខ្លាំងពេក។ ហេតុផលសម្រាប់ភក្តីភាពរបស់អ្នករាល់គ្នា គឺរូបព្រះដែលស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយនៅពេលនេះ ចំពោះខ្ញុំវិញ អ្នករាល់គ្នាគ្រាន់តែទទួលស្គាល់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាគិតថាមិនធំ ក៏មិនតូច តាមពាក្យសម្តីប៉ុណ្ណោះ។ នៅពេលខ្ញុំនិយាយថា អ្នករាល់គ្នានៅឆ្ងាយពីព្រះជាម្ចាស់នោះ គឺខ្ញុំចង់មានន័យថា អ្នករាល់គ្នាឃ្លាតឆ្ងាយពីព្រះដ៏ពិត ខណៈដែលព្រះដ៏ស្រពិចស្រពិលនោះហាក់ដូចជាស្ថិតនៅក្បែរខ្លួនអ្នករាល់គ្នាទៅវិញ។ នៅពេលខ្ញុំនិយាយថា «មិនធំ» នោះគឺខ្ញុំចង់សំដៅលើព្រះដែលអ្នករាល់គ្នាជឿសព្វថ្ងៃនេះ ទំនងគ្រាន់តែជាបុគ្គលមួយរូបដែលគ្មានសមត្ថភាពអស្ចារ្យអ្វីនោះទេ គឺជាបុគ្គលដែលមិនមានភាពខ្ពង់ខ្ពស់អ្វីឡើយ។ ហើយនៅពេលខ្ញុំនិយាយថា «មិនតូច» ខ្ញុំចង់មានន័យថាទោះបីជាបុគ្គលនេះមិនអាចហៅខ្យល់ហៅភ្លៀងបានក៏ដោយ ប៉ុន្តែទ្រង់អាចហៅព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកធ្វើកិច្ចការដែលធ្វើឲ្យស្ថានសួគ៌ និងផែនដីញ័ររញ្ជួយបាន ដែលនឹងធ្វើឲ្យមនុស្សស្រឡាំងកាំង។ មើលពីខាងក្រៅ អ្នករាល់គ្នាហាក់ដូចជាស្តាប់បង្គាប់ចំពោះព្រះគ្រីស្ទដែលគង់នៅលើផែនដី ប៉ុន្តែតាមពិត អ្នករាល់គ្នាមិនមានសេចក្ដីជំនឿលើទ្រង់ឡើយ ហើយក៏មិនស្រឡាញ់ទ្រង់ដែរ។ នេះមានន័យថា ព្រះដែលអ្នករាល់គ្នាជឿ យ៉ាងពិតប្រាកដ គឺគ្រាន់តែជាព្រះដ៏ស្រពិចស្រពិល នៅក្នុងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយព្រះដែលអ្នករាល់គ្នាស្រឡាញ់យ៉ាងពិតប្រាកដ ដែលអ្នករាល់គ្នាចង់បានយ៉ាងខ្លាំងទាំងថ្ងៃទាំងយប់ គឺអ្នករាល់គ្នាមិនដែលបានឃើញទ្រង់ផ្ទាល់សោះឡើយ។ ចំពោះព្រះគ្រីស្ទ សេចក្ដីជំនឿរបស់អ្នករាល់គ្នាគឺមានតិចតួចប៉ុណ្ណោះ ចំណែកក្តីស្រឡាញ់របស់អ្នករាល់គ្នាវិញគឺគ្មានសោះឡើយ។ សេចក្ដីជំនឿមានន័យថា ការជឿ និងការទុកចិត្ត ចំណែកក្តីស្រឡាញ់វិញមានន័យថាការចូលចិត្តយ៉ាងខ្លាំង និងការលើកសរសើរនៅក្នុងដួងចិត្តរបស់នរណាម្នាក់ និងមិនអាចបំបែកពីគ្នាបានឡើយ។ ប៉ុន្តែសេចក្ដីជំនឿ និងក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទនៅសព្វថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ នៅពេលនិយាយដល់សេចក្ដីជំនឿ តើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្តេច? នៅពេលនិយាយដល់ក្តីស្រឡាញ់ តើអ្នករាល់គ្នាស្រឡាញ់ទ្រង់តាមរបៀបណា? អ្នករាល់គ្នាមិនមានការយល់ដឹងពីនិស្ស័យរបស់ទ្រង់ទាល់តែសោះ កុំថាឡើយអ្នករាល់គ្នាស្គាល់ពីព្រះវិញ្ញាណរបស់ទ្រង់ ដូចនេះតើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់បានយ៉ាងដូចម្តេច? តើការពិតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា? តើអ្នករាល់គ្នាស្រឡាញ់ទ្រង់យ៉ាងដូចម្តេច? តើការពិតនៃក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា?

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តាមរយៈការងារជាច្រើនឆ្នាំ អ្នករាល់គ្នាបានមើលឃើញសេចក្តីពិតជាច្រើន ប៉ុន្តែតើអ្នករាល់គ្នាមានបានដឹងពីអ្វីដែលត្រចៀករបស់យើងបានស្តាល់លឺទេ? តើក្នុងចំណោមអ្នករាល់គ្នាមានប៉ុន្មានអ្នកដែលសុខចិត្តទទួលយកសេចក្តីពិតនេះ? អ្នករាល់គ្នាសុទ្ធតែជឿថាអ្នករាល់គ្នាសុខចិត្តបង់នូវតម្លៃដើម្បីប្តូរយកសេចក្តីពិត ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាតើមានប៉ុន្មានអ្នកបានរងទុក្ខយ៉ាងពិតប្រាកដ ដើម្បីប្តូរយកសេចក្តីពិតនោះ? គ្មានអ្វីក្រៅពីសេចក្តីទុច្ចរិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ ដែលធ្វើឲ្យអ្នករាល់គ្នាគិតថាគ្រប់គ្នាសុទ្ធតែមានគំនិតបោកប្រាស់ និងវៀចវេរដូចគ្នា មិនថាគេជានរណានោះទេហើយអ្នករាល់គ្នាថែមទាំងជឿបែបនេះទៀតថា ការត្រលប់ជាសាច់ឈាម របស់ព្រះជាម្ចាស់ អាចមានលក្ខណៈដូចជាមនុស្សធម្មតា គឺគ្មានដួងចិត្តដែលសប្បុរស និងសេចក្ដីស្រឡាញ់ដែលប្រកបដោយមេត្តាធម៌។ លើសពីនេះទៅទៀត អ្នករាល់គ្នាជឿថាចរិតដ៏ខ្ពង់ខ្ពស់ និងនិស្ស័យមេត្តាធម៌ ព្រមទាំងអាណិតអាសូរ កើតមានតែនៅក្នុងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នាជឿថា មនុស្សបរិសុទ្ធបែបនេះមិនមាននៅលើលោកនេះទេ គឺមានតែអំពើខ្មៅងងឹត និងអំពើអាក្រក់ប៉ុណ្ណោះចំណែកព្រះជាម្ចាស់វិញ គឺគ្រាន់តែជារបស់ដែលមនុស្សដាក់ក្ដីប្រាថ្នារបស់ពួកគេចង់ឲ្យបានល្អ និងស្រស់ស្អាត តាមតួអង្គនៅរឿងព្រេងនិទានដែលពួកគេបានប្រឌិតឡើងប៉ុណ្ណោះ។ នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌គឺទៀងត្រង់ សុចរិត និង អស្ចារ្យ ដែលស័ក្ដិសមនឹងការគោរពបូជា និង ការលើកសរសើរប៉ុន្តែចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺគ្រាន់តែជាអ្នកជំនួស និងជាឧបករណ៍របស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នកជឿថាព្រះជាម្ចាស់អង្គនេះមិនអាចប្រៀបស្មើនឹងព្រះជាម្ចាស់ដែលគង់ស្ថានសួគ៌បានទេ កុំថាឡើយយកមកប្រៀបធៀបនឹងទ្រង់នោះ។ នៅពេលនិយាយពីភាពអស្ចារ្យ និង កិត្តិយសរបស់ព្រះជាម្ចាស់វិញ ទាំងនោះគឺជាផ្នែកមួយនៃសិរីរុងរឿងរបស់ព្រះម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្តែនៅពេលនិយាយដល់និស្ស័យ និងការខូចអាក្រក់របស់មនុស្សវិញទាំងនោះគឺជាលក្ខណៈដែលជាប់មកជាមួយនឹងព្រះជាម្ចាស់ដែលគង់នៅលើផែនដី។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺមានភាពខ្ពង់ខ្ពស់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមិនសំខាន់ ទន់ខ្សោយ និងគ្មានសមត្ថភាពជារៀងរហូត ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនមានមនោសញ្ចេតនានោះទេ គឺមានតែសេចក្តីសុចរិតប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមានតែហេតុផលអត្មានិយម និងគ្មានភាពយុត្តិធម៌ ឬហេតុផលនោះទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនវៀចវេរសោះឡើយ និងមានភាពស្មោះត្រង់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដី គឺតែងតែគ្មានភាពទៀងត្រង់។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ស្រឡាញ់មនុស្សខ្លាំងណាស់ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សមិនគ្រប់គ្រាន់ និងថែមទាំងមិនអើពើនឹងពួកគេទៀតផង។ ការយល់ដឹងខុសឆ្គងនេះបានស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាយូរមកហើយ ហើយក៏អាចបន្តទៅអនាគតបានថែមទៀតផង។ អ្នករាល់គ្នាគិតដល់ទង្វើរបស់ព្រះគ្រីស្ទតាមទស្សនៈរបស់ពួកទុច្ចរិត និងវាយតម្លៃគ្រប់ការងារទាំងអស់របស់ទ្រង់ ព្រមទាំងអត្តសញ្ញាណ និងព្រះវិញ្ញាណរបស់ទ្រង់តាមទស្សនៈរបស់ពួកមនុស្សអាក្រក់។ អ្នករាល់គ្នាបានបង្កើតកំហុសដ៏ធ្ងន់ធ្ងរ និងបានធ្វើរឿងដែល មិនធ្លាប់មាននរណាបានធ្វើពីមុនមកទេ។ បានន័យថា អ្នករាល់គ្នាបម្រើតែព្រះដែលខ្ពង់ខ្ពស់ដែលគង់នៅស្ថានសួគ៌ ដែលមានមកុដនៅលើព្រសិរសារបស់ទ្រង់ប៉ុណ្ណោះ និងមិនបម្រើព្រះដែលអ្នករាល់គ្នាគិតថាមិនសំខាន់សោះរហូតដល់មើលមិនឃើញទ្រង់។ តើនេះមិនមែនអំពើបាបរបស់អ្នករាល់គ្នាទេឬ? តើនេះមិនមែនជាឧទាហរណ៍ទូទៅដែលបង្ហាញពីការប្រមាថនិស្ស័យរបស់ព្រះរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាចូលចិត្តរូបអង្គដ៏ខ្ពង់ខ្ពស់ និងឲ្យតម្លៃដល់អ្នកដែលចំណានខាងវោហាស័ព្ទបញ្ចុះបញ្ចូល។ អ្នករីករាយនឹងទទួលបញ្ជាពីព្រះជាម្ចាស់ដែលបានញាត់មាសប្រាក់ពេញដៃរបស់អ្នក និងចង់បានព្រះជាម្ចាស់ដែលអាចបំពេញគ្រប់សេចក្តីប្រាថ្នារបស់អ្នក។ ព្រះមួយអង្គដែលអ្នកមិនថ្វាយបង្គំ គឺជាព្រះជាម្ចាស់ដែលគ្មានភាពខ្ពស់ខ្ពស់ ហើយរឿងតែមួយគត់ដែលអ្នកស្អប់ គឺទាក់ទងនឹងព្រះជាម្ចាស់ដែលគ្មានមនុស្សណាគោរព។ រឿងតែមួយគត់ដែលអ្នកមិនសុខចិត្តធ្វើ គឺបម្រើព្រះជាម្ចាស់ដែលមិនដែលផ្តល់ប្រាក់សូម្បីមួយសេនដល់អ្នក ហើយព្រះមួយអង្គដែលមិនអាចធ្វើឲ្យអ្នកចង់បានទ្រង់ គឺព្រះជាម្ចាស់ដែលមិនគួរឲ្យស្រឡាញ់នេះហើយ។ ព្រះជាម្ចាស់បែបនេះមិនអាចធ្វើឲ្យអ្នកពង្រីកចំណេះដឹងរបស់អ្នកបាន ហើយមិនអាចឲ្យអ្នកមានអារម្មណ៍ដូចជាអ្នករកបានកំណប់នោះទេ កុំថាឡើយបំពេញតាមសេចក្តីប្រាថ្នារបស់អ្នក។ ដូចនោះ ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកធ្លាប់បានគិតដល់សំណួរបែបនេះទេ? អ្វីដែលអ្នកធ្វើមិនត្រឹមតែប្រមាថដល់ព្រះគ្រីស្ទនោះទេ សំខាន់ជាងនេះទៀតនោះ គឺវាថែមទាំងប្រមាថដល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ថែមទៀតផង។ ខ្ញុំគិតថា នេះមិនមែនជាគោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ទេ!

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នាចង់ឲ្យព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីព្រះម្ចាស់។ តើអ្វីជាបញ្ហានៅទីនេះ? អ្នករាល់គ្នាទទួលតែព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែមិនទទួលយកការដោះស្រាយ និងការលួសកាត់របស់ទ្រង់ កុំថាឡើយអ្នកអាចទទួលយកគ្រប់ការររៀបចំរបស់ទ្រង់ ដើម្បីមានជំនឿពេញលេញចំពោះ ទ្រង់។ ដូចនោះ តើអ្វីជាបញ្ហានៅទីនេះ? នៅក្នុងការវិភាគចុងក្រោយ សេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសម្បកស៊ុតទទេមួយ ដែលមិនអាចញាស់ជាកូនមាន់បាន ទេ។ ព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនបាននាំសេចក្តីពិតមកដល់អ្នករាល់គ្នាឬក៏ផ្តល់ជីវិតដល់អ្នក ប៉ុន្តែផ្ទុយមកវិញ បានផ្តល់ឲ្យអ្នករាល់គ្នានូវញាណបំភាន់ភ្នែកអំពីការទ្រទ្រង់ជីវិត និងក្តីសង្ឃឹម។ គឺញាណនៃកាទ្រទ្រង់ជីវិត និងក្តីសង្ឃឹមនេះហើយ ដែលជាគោលបំណងរបស់អ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ គឺមិនមែនជាសេចក្តីពិត និងជីវិតនោះទេ។ ហេតុនេះហើយទើបខ្ញុំនិយាយថា រយៈពេលនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គ្មានអ្វីក្រៅពីការព្យាយាមដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ តាមរយៈទាសភាព និងភាពឥតអៀនខ្មាស់នោះទេ ហើយក៏មិនអាចចាត់ទុកថាជាសេចក្ដីជំនឿពិតប្រាកបានដែរ។ តើកូនមាន់អាចកើតចេញពីសេចក្ដីជំនឿបែបនេះបានយ៉ាងដូចម្តេច? អាចនិយាយម្យ៉ាងទៀតបានថាតើសេចក្ដីជំនឿបែបនេះអាចសម្រេចបានអ្វីខ្លះ? គោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺប្រើប្រាស់ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ ខ្លួន។ តើនេះមិនមែនជាការប្រមាថរបស់អ្នករាល់គ្នាចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ទេឬ? អ្នករាល់គ្នាជឿថា ព្រះជាម្ចាស់ដែលគង់នៅលើស្ថានសួគ៌មានពិតប្រាកដមែននិងបដិសេធថាព្រះជាម្ចាស់ដែលគង់នៅលើផែនដីមិនមានពិតប្រាកដទេ ប៉ុន្តែយើងមិនទទួលស្គាល់ទស្សនៈរបស់អ្នករាល់គ្នាទេ ព្រោះយើងលើកសរសើរតែអ្នកណាដែលដាក់ជើងរបស់ខ្លួននៅលើដី ហើយបម្រើព្រះជាម្ចាស់ដែលគង់នៅលើផែនដីប៉ុណ្ណោះប៉ុន្តែមិនសរសើរអ្នកណាដែលមិនទទួលស្គាល់ព្រះគ្រីស្ទដែលគង់នៅលើផែនដីនោះទេ។ មិនថាមនុស្សបែបនេះមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ នៅទីបំផុតពួក គេមិនអាចគេចផុតពីព្រះហស្ដរបស់យើងដែលនឹងដាក់ទោសមនុស្សអាក្រក់បានឡើយ។ មនុស្សទាំងនេះសុទ្ធតែជាមនុស្សអាក្រក់ ព្រោះពួកគេគឺជាមនុស្សធ្វើអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងមិនដែលបានស្តាប់បង្គាប់ព្រះគ្រីស្ទដោយក្តីរីករាយឡើយ។ ពិតណាស់ ចំនួនរបស់ពួកគេរាប់បញ្ចូលទាំងអស់អ្នកដែលមិនស្គាល់ព្រះគ្រីស្ទ និងជាងនេះទៀត មិនទទួលស្គាល់ព្រះគ្រីស្ទ។ ដរាបណាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តើអ្នកជឿថាអ្នកអាចធ្វើអ្វីបានតាមចិត្តខ្លួនចំពោះព្រះគ្រីស្ទឬ? ខុសហើយ! ការមិនអើពើរបស់អ្នកចំពោះព្រះគ្រីស្ទគឺជាការមិនអើចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ មិនថាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ វាគ្រាន់តែជាសម្តីដែលគ្មានន័យ និងការធ្វើពើប៉ុណ្ណោះ ព្រោះព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនគ្រាន់តែជាមធ្យោយបាយសម្រាប់ឲ្យមនុស្សទទួលបានសេចក្តីពិត និងចំណេះដឹងដ៏ជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ទ្រង់គឺជាមធ្យោបាយក្នុងការថ្កោលទោសមនុស្ស និងបន្ទាប់មកជាមធ្យោបាយក្នុងការយកការពិតមកដាក់ទោសមនុស្សអាក្រក់។ តើអ្នកបានយល់ពីលទ្ធផលដែលផ្តល់ផលប្រយោជន៍ និងផលអាក្រក់នៅទីនេះឬទេ? តើអ្នកធ្លាប់ឆ្លងកាត់លទ្ធផលទាំងនេះឬទេ? យើងសូមជូនពរឲ្យអ្នករាល់គ្នាយល់ពីសេចក្តីពិតនេះនៅថ្ងៃណាមួយឆាប់ៗនេះ ដែលថា ដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកមិនត្រឹមតែត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដីផងដែរ។ ចូរកុំច្រលំពីរឿងអាទិភាពរបស់អ្នក ឬអនុញ្ញាតឲ្យរឿងបន្ទាប់បន្សំជំនួសរឿងសំខាន់ឡើយ។ មានតែតាមវិធីនេះទេ ទើបអ្នកអាចកសាងទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងកាន់តែខិតជិតព្រះជាម្ចាស់ ព្រមទាំងនាំយកដួងចិត្តរបស់អ្នកឲ្យកាន់តែខិតជិតទ្រង់។ ប្រសិនបើអ្នកមានសេចក្ដីជំនឿជាច្រើនឆ្នាំមកហើយ ហើយមានទំនាក់ទំនងជាមួយ យើងយូរមកហើយ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីយើង នោះយើងអាចនិយាយថា គឺប្រាកដជាអ្នកនេះហើយដែលតែងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់របស់អ្នកនឹងពិបាករកគិតពុំយល់។ ប្រសិនបើការទាក់ទងនឹងខ្ញុំជាច្រើនឆ្នាំមកនេះមិនបានផ្លាស់ប្តូរអ្នកឲ្យទៅជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឲ្យផ្លូវអាក្រក់របស់អ្នកជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយភាពក្អេងក្អាងរបស់អ្នកមិនត្រឹមតែកើនឡើងលើសមុនទ្វេរដងទេ ប៉ុន្តែការយល់ខុសរបស់អ្នកអំពីយើងក៏បានកើនឡើងច្រើនដងផងដែរ រហូតដល់អ្នកចាប់ផ្តើមគិតថាយើងជាមិត្តភក្តិដ៏តូចតាចរបស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែងស្ថិតនៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹងរបស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឲ្យគេរៀបចំបុណ្យសពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់អង្វរករឲ្យខ្ញុំធ្វើជាព្រះជាម្ចាស់របស់អ្នកទេ ព្រោះអ្នកបានប្រព្រឹត្តិអំពើបាបដែលស័ក្ដិសមនឹងសេចក្តីស្លាប់ ជាអំពើបាបដែលមិនអាចអត់ឱនឲ្យបាន។ ទោះបីជាខ្ញុំអាចមានក្តីអាណិតអាសូរដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងទទួចចង់យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថរបស់អ្នកដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតានោះទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេលវេលាមកដល់ សូមកុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឲ្យសោះ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើរឿងទាំងអស់នេះហើយ គឺនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដែលជាព្រះជាម្ចាស់នៅលើផែនដីក្នុងនាមជាមនុស្សធម្មតាម្នាក់ គឺនៅពេលនោះហើយដែលអ្នកជឿថា ព្រះជាម្ចាស់គ្មានអ្វីក្រៅតែពីជាមនុស្សម្នាក់នោះទេ គឺនៅពេលនោះហើយអ្នកនឹងត្រូវវិនាស។ នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នករាល់គ្នាប៉ុណ្ណោះ។

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើពេត្រុសមានវិប្បដិសារីបំផុតចំពោះអ្វីខ្លះ? ក្រោយពេលពេត្រុសបាននិយាយថា៖ «ទ្រង់ជាបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់» មិនបានប៉ុន្មាន ព្រះយេស៊ូវក៏សួរសំណួរមួយទៀតដល់ពេត្រុស (ទោះបីវាមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរតាមរបៀបនេះក៏ដោយ)។ ព្រះយេស៊ូវបានសួរគាត់ថា៖ «ពេត្រុសអើយ! តើអ្នកធ្លាប់ស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានយល់ពីអត្ថន័យព្រះបន្ទូលរបស់ទ្រង់ ហើយបាននិយាយថា៖ «ឱ ព្រះអម្ចាស់អើយ! ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ ទូលបង្គំសូមសារភាពថា ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ឡើយ»។ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖ «បើមនុស្សមិនស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះរាជបុត្រាទ្រង់ដែលនៅលើផែនដីនេះបាន? ហើយប្រសិនបើមនុស្សមិនស្រឡាញ់ព្រះរាជបុត្រាដែលព្រះជាម្ចាស់ព្រះដ៏ជាវរបិតាចាត់មកផង ធ្វើម្ដេចពួកគេអាចស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌បាន? ប្រសិនបើមនុស្សពិតជាស្រឡាញ់ព្រះរាជបុត្រាដែលគង់នៅលើផែនដី នោះពួកគេក៏ពិតជាស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ ពេលពេត្រុសបានឮពាក្យទាំងនេះ គាត់ក៏បានដឹងពីអ្វីដែលគាត់គ្មាន។ គាត់តែងមានវិប្បដិសារី រហូតដល់ស្រក់ទឹកភ្នែក ស្ដាយពាក្យសម្ដី ដែលគាត់បាននិយាយថា៖ «ទូលបង្គំធ្លាប់ស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ ទូលបង្គំមិនធ្លាប់ស្រឡាញ់ទ្រង់ឡើយ»។ ក្រោយពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងក្រោយពេលដែលទ្រង់រយាងឡើងស្ថានសួគ៌ គាត់កាន់តែមានវិប្បដិសារី និងស្ដាយក្រោយចំពោះពាក្យទាំងនេះ។ ដោយនឹកចាំអំពីកិច្ចការពីអតីតកាល និងឋានៈបច្ចុប្បន្នរបស់គាត់ ជារឿយៗ គាត់នឹងចូលមកចំពោះព្រះយេស៊ូវដោយអធិស្ឋាន ទាំងមានអារម្មណ៍ស្ដាយក្រោយ និងជំពាក់ទ្រង់រហូត ដោយសារតែគាត់មិនបានបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនបានបំពេញតាមបទដ្ឋានរបស់ព្រះជាម្ចាស់។ រឿងទាំងនេះបានក្លាយជាបន្ទុកដ៏ធំបំផុតរបស់គាត់។ គាត់បាននិយាយថា៖ «នៅថ្ងៃមួយ ទូលបង្គំនឹងថ្វាយដល់ទ្រង់នូវអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមាន និងអ្វីគ្រប់យ៉ាងដែលជីវិតទូលបង្គំ ហើយទូលបង្គំនឹងថ្វាយដល់ទ្រង់ នូវរបស់ដែលមានតម្លៃបំផុត»។ គាត់បាននិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ជីវិតរបស់ទូលបង្គំគ្មានតម្លៃអ្វីឡើយ ឯរូបកាយទូលបង្គំទៀតសោត ក៏គ្មានតម្លៃដែរ។ ទូលបង្គំមានតែសេចក្តីជំនឿមួយ និងសេចក្តីស្រឡាញ់មួយប៉ុណ្ណោះ។ ក្នុងគំនិតទូលបង្គំមានតែសេចក្តីជំនឿជឿលើទ្រង់ប៉ុណ្ណោះ ចំណែកក្នុងចិត្តទូលបង្គំ ក៏មានតែសេចក្តីស្រឡាញ់ចំពោះទ្រង់ដែរ។ ទូលបង្គំមានតែរបស់ពីរនេះប៉ុណ្ណោះ ដែលទូលបង្គំអាចថ្វាយដល់ទ្រង់ គឺគ្មានអ្វីផ្សេងឡើយ»។ ពេត្រុសបានទទួលការលើកទឹកចិត្ត ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រោះមុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់បានប្រាប់ពេត្រុសថា៖ «ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយអ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ»។ ក្រោយមក ពេលពេត្រុសមានការឈឺចាប់ខ្លាំងពេក ព្រះយេស៊ូវក៏បានរំឭកដល់គាត់ថា៖ «ពេត្រុសអើយ តើអ្នកបានភ្លេចហើយឬ? ខ្ញុំមិនមែនមកពីលោកីយ៍នេះឡើយ ហើយដែលខ្ញុំបានចាកចេញមុននេះ ក៏ដោយសារតែកិច្ចការរបស់ខ្ញុំដែរ។ អ្នកក៏មិនមែនមកពីលោកីយ៍នេះដែរ តើអ្នកពិតជាភ្លេចហើយមែនទេ? ខ្ញុំបានប្រាប់អ្នកពីរដងហើយ តើអ្នកមិនចាំទេឬអី?» ពេលឮព្រះបន្ទូលទាំងនេះ ពេត្រុសក៏បានឆ្លើយថា៖ «ទូលបង្គំមិនបានភ្លេចនោះឡើយ!» បន្ទាប់មក ព្រះយេស៊ូវបានមានព្រះបន្ទូលថា៖ «អ្នកធ្លាប់បានចំណាយ ពេលដ៏រីករាយជាមួយខ្ញុំនៅស្ថានសួគ៌ និងបានចំណាយពេលមួយរយៈនៅក្បែរខ្ញុំ។ អ្នកនឹកខ្ញុំ ហើយខ្ញុំក៏នឹកអ្នកដែរ។ ទោះបីជាសត្តនិករទាំងអស់គ្មានតម្លៃនឹងលើកយកមកនិយាយ នៅចំពោះព្រះនេត្ររបស់ខ្ញុំក៏ដោយ ប៉ុន្តែ តើខ្ញុំមិនអាចស្រឡាញ់មនុស្សស្លូតត្រង់ និងគួរឲ្យស្រឡាញ់ដូចម្ដេចបាន? តើអ្នកបានភ្លេចព្រះបន្ទូលសន្យារបស់ខ្ញុំហើយឬ? អ្នកត្រូវតែទទួលយកសេចក្តីបង្គាប់របស់ខ្ញុំនៅលើផែនដី ហើយអ្នកត្រូវតែសម្រេចភារកិច្ចដែលខ្ញុំបានផ្ទុកផ្ដាក់ឲ្យអ្នកធ្វើ។ ថ្ងៃមួយ ខ្ញុំច្បាស់ជាដឹកនាំអ្នកឲ្យមកនៅក្បែរខ្ញុំវិញ»។ ក្រោយពេលឮពាក្យនេះ ពេត្រុសកាន់តែមានទឹកចិត្ត និងទទួលបាននូវការជំរុញចិត្តកាន់តែខ្លាំង ដល់ថ្នាក់ពេលដែលគាត់ជាប់នៅលើឈើឆ្កាង គាត់អាចនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចស្រឡាញ់ទ្រង់បានសមល្មមឡើយ! ទោះបីជាទ្រង់បង្គាប់ឲ្យទូលបង្គំស្លាប់ក៏ដោយ ក៏ទូលបង្គំនៅតែមិនស្រឡាញ់ទ្រង់ឲ្យល្មមដែរ។ ទោះបីជាទ្រង់បញ្ជូនព្រលឹងរបស់ទូលបង្គំទៅកន្លែងណា ទោះបីជាទ្រង់មិនបំពេញតាមព្រះបន្ទូលសន្យាពីអតីតកាលរបស់ទ្រង់ ហើយទោះបីជាទ្រង់នឹងធ្វើអ្វីនៅពេលខាងមុខនោះឡើយ ក៏ទូលបង្គំនៅតែស្រឡាញ់ និងជឿលើទ្រង់ជានិច្ច»។ អ្វីដែលគាត់បានប្រកាន់ខ្ជាប់ គឺជាសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់គាត់។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់ និងអ្វីជាសារៈសំខាន់នៃការស្រឡាញ់ចំពោះព្រះជាម្ចាស់

បន្ទាប់៖ ៣. វិធីដែលមនុស្សម្នាក់សម្រេចបានសេចក្ដីស្រឡាញ់ពិតចំពោះព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ