២. វិធីដែលមនុស្សអាចសម្រេចបានការស្គាល់ខ្លួនឯងដ៏ពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា ដើម្បីឱ្យមនុស្សស្គាល់ខ្លួនឯង។ ទ្រង់បណ្ដោយឱ្យមនុស្សចាប់ផ្ដើមស្គាល់ខ្លួនឯងបន្តិចម្ដងៗ តាមរយៈបទពិសោធន៍។ ព្រះជាម្ចាស់បណ្ដោយឱ្យមនុស្សមានបទពិសោធន៍ជាដរាប ទ្រង់ប្រើទាំងការល្បងល ការជំនុំជម្រះ ឬការវាយផ្ចាលដោយព្រះបន្ទូល ឬហេតុការណ៍នានា ដើម្បីឱ្យគេឆ្លងកាត់នូវការជំនុំជម្រះ ការវាយផ្ចាល និងការប្រៀនប្រដៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យគេស្គាល់នូវការបំភ្លឺ និងការពន្យល់ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទន្ទឹមនឹងនោះ ទ្រង់ក៏បណ្ដោយឱ្យមនុស្សទទួលស្គាល់នូវភាពពុករលួយ ភាពបះបោរ និងធម្មជាតិរបស់ខ្លួនឯងផ្ទាល់ផងដែរ។ ដូច្នេះ តើអ្វីជាគោលដៅចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការធ្វើបែបនេះ? គឺដើម្បីឱ្យមនុស្សគ្រប់ៗរូបស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ ឱ្យដឹងថាមនុស្សជាអ្វី។ តើ «មនុស្សជាអ្វី» រួមមានអ្វីខ្លះ? វារួមមានការបណ្ដោយឱ្យមនុស្សទទួលស្គាល់អត្តសញ្ញាណ គោលជំហរ ភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួនផ្ទាល់។ វាជាការបណ្ដោយឱ្យអ្នករាល់គ្នាស្គាល់ថាមនុស្សជានរណា ហើយខ្លួនអ្នករាល់គ្នាផ្ទាល់ជានរណា។ នេះហើយជាគោលដៅចុងក្រោយបំផុតនៃការដែលព្រះជាម្ចាស់បណ្ដោយឱ្យមនុស្សស្គាល់ខ្លួនឯង។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

គន្លឹះដើម្បីសម្រេចបានការផ្លាស់ប្ដូរខាងឯនិស្ស័យ គឺត្រូវស្គាល់ពីធម្មជាតិរបស់ខ្លួនឯង ហើយការនេះត្រូវតែកើតឡើងស្របតាមការបើកសម្ដែងមកពីព្រះជាម្ចាស់។ មានតែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចស្គាល់ពីធម្មជាតិដ៏គួរឲ្យស្អប់របស់ខ្លួន ទទួលស្គាល់ថាមានថ្នាំពុលផ្សេងៗរបស់សាតាំងនៅក្នុងធម្មជាតិរបស់ខ្លួន ទទួលស្គាល់ថាខ្លួនជាមនុស្សល្ងីល្ងើ ហើយល្ងង់ខ្លៅ និងទទួលស្គាល់ធាតុដែលទន់ខ្សោយ និងអវិជ្ជមាននៅក្នុងធម្មជាតិរបស់ខ្លួន។ ក្រោយពេលដែលបានស្គាល់ចំណុចទាំងអស់នេះច្បាស់លាស់ ហើយអ្នកពិតជាអាចស្អប់ខ្លួនឯង និងលះបង់ចោលសាច់ឈាម អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងជាប់លាប់ និងមានឆន្ទៈចុះចូលទាំងស្រុងចំពោះព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានដើរលើមាគ៌ារបស់ពេត្រុស។ បើគ្មានព្រះគុណរបស់ព្រះជាម្ចាស់ ហើយបើគ្មានការបំភ្លឺ និងការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធទេ នោះវានឹងពិបាកដើរលើមាគ៌ានេះណាស់ ពីព្រោះមនុស្សមិនមានសេចក្ដីពិត និងមិនអាចក្បត់ខ្លួនឯងបាន។ ការដើរលើមាគ៌ានៃភាពគ្រប់លក្ខណ៍របស់ពេត្រុសពឹងផ្អែកទៅលើការតាំងចិត្ត ការមានសេចក្ដីជំនឿ និងការពឹងពាក់លើព្រះជាម្ចាស់។ លើសពីនេះទៅទៀត បុគ្គលម្នាក់ត្រូវតែចុះចូលចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺក្នុងគ្រប់កិច្ចការទាំងអស់ គេមិនអាចធ្វើវាដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ទាំងនេះគឺជាទិដ្ឋភាពសំខាន់ៗ គ្មានទិដ្ឋភាពណាមួយដែលអាចបំពានបានឡើយ។ ការព្យាយាមស្គាល់ខ្លួនឯងតាមរយៈបទពិសោធន៍ គឺពិបាកខ្លាំងណាស់ ហើយបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គឺវាពិបាកចូលទៅខ្លាំងណាស់។

ដកស្រង់ពី «ការស្គាល់ខ្លួនឯង ជាចម្បងគឺស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ដើម្បីស្គាល់ខ្លួនឯង អ្នកត្រូវតែស្គាល់ការសម្ដែងចេញនូវសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នក ភាពទន់ខ្សោយដ៏សំខាន់ផ្ទាល់ខ្លួនរបស់អ្នក និស្ស័យរបស់អ្នក និងសារជាតិធម្មជាតិរបស់អ្នក។ អ្នកក៏ត្រូវតែស្គាល់ឱ្យលម្អិតនូវអ្វីៗដែលត្រូវបានបើកសម្ដែងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ការជំរុញចិត្តរបស់អ្នក ការយល់ឃើញរបស់អ្នក និងឥរិយាបថរបស់អ្នកអំពីរឿងនីមួយៗ មិនថាអ្នកនៅផ្ទះ ឬនៅខាងក្រៅ នៅពេលដែលអ្នកជួបជុំ នៅពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬនៅក្នុងគ្រប់ទាំងបញ្ហានីមួយៗដែលអ្នកជួបប្រទះ។ តាមរយៈអ្វីៗទាំងនេះ អ្នកត្រូវតែស្គាល់ខ្លួនឯង។ ដើម្បីស្គាល់ខ្លួនឯងក្នុងកម្រិតជ្រៅជ្រះមួយ អ្នកត្រូវតែរួមបញ្ចូលនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការស្គាល់ខ្លួនឯងដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបអ្នកអាចសម្រេចបានលទ្ធផល។ នៅពេលដែលទទួលបានការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងមិនត្រូវខ្លាចការរងទុក្ខឡើយ ហើយពួកយើងក៏មិនគួរភ័យខ្លាចការឈឺចាប់ដែរ ហើយ ពួកយើងរឹតតែមិនគួរភ័យខ្លាចថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងចាក់ទម្លុះបេះដូងរបស់ពួកយើងឡើយ។ ពួកយើងគួរតែអានឱ្យកាន់តែច្រើននូវព្រះសូរសៀងរបស់ទ្រង់ អំពីវិធីដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលពួកយើង ព្រមទាំងបើកបង្ហាញសារជាតិពុករលួយរបស់ពួកយើង។ ពួកយើងត្រូវតែអានព្រះសូរសៀងទាំងនេះ ហើយប្រៀបធៀបខ្លួនឯងជាមួយព្រះសូរសៀងទាំងនេះឱ្យកាន់តែច្រើន។ មិនត្រូវប្រៀបធៀបអ្នកដទៃជាមួយព្រះសូរសៀងទាំងនេះទេ ពួកយើងត្រូវតែប្រៀបធៀបខ្លួនយើងទៅនឹងពួកវា។ ពួកយើងមិនខ្វះអ្វីមួយក្នុងចំណោមអ្វីៗទាំងនេះទេ។ ពួកយើងទាំងអស់អាចស្របទៅតាមពួកវា។ ប្រសិនបើអ្នកមិនជឿវាទេ ចូរចេញទៅយកបទពិសោធន៍អំពីវាដោយខ្លួនឯង។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមួយចំនួនមិនអាចប្រើប្រាស់ព្រះបន្ទូលនោះចំពោះខ្លួនឯងឡើយ។ ពួកគេគិតថា ផ្នែកនានានៃព្រះបន្ទូលទាំងនេះ គឺមិនមែននិយាយអំពីពួកគេទេ ប៉ុន្តែផ្ទុយទៅវិញគឺនិយាយអំពីមនុស្សដទៃ។ ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់បើកបង្ហាញមនុស្សជាស្រីចិត្តចើក និងស្រីពេស្យា នោះបងប្អូននារីមួយចំនួនមានអារម្មណ៍ថា ដោយសារតែពួកគេស្មោះត្រង់ដោយគ្មានប្រព្រឹត្តខុសឆ្គងចំពោះស្វាមីរបស់ពួកគេ នោះព្រះបន្ទូលបែបនេះ មិនពាក់ព័ន្ធនឹងពួកគេទេ។ បងប្អូននារីមួយចំនួនមានអារម្មណ៍ថា ដោយសារតែពួកគេមិនទាន់រៀបការ ហើយមិនធ្លាប់មានទំនាក់ទំនងផ្លូវភេទ នោះព្រះបន្ទូលបែបនេះ ក៏មិនមែនចែងអំពីពួកគេដែរ។ បងប្អូនបុរសៗមួយចំនួនមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះគ្រាន់តែសំដៅលើនារីប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងពួកគេទេ។ មនុស្សមួយចំនួនជឿថា ព្រះបន្ទូលបែបនេះរបស់ព្រះជាម្ចាស់ គឺស្ដាប់ទៅមិនពេញចិត្តសោះ ហើយបដិសេធមិនទទួលយកព្រះបន្ទូលទាំងនោះ។ ក៏មានមនុស្សដែលនិយាយថា នៅក្នុងការឧបមាមួយចំនួន ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺខុស។ តើនេះគឺជាឥរិយាបថត្រឹមត្រូវទេ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់? មនុស្សមិនអាចឆ្លុះបញ្ចាំងខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ នៅទីនេះ «ស្រីចិត្តចើក» និង «ស្រីពេស្យា» សំដៅទៅលើសេចក្ដីពុករលួយនៃភាពមិនរើសមុខរបស់មនុស្ស។ មិនថាបុរស ឬស្រ្តី អ្នករៀបការរួច ឬមិនទាន់រៀបការទេ គឺគ្រប់គ្នាមានសេចក្ដីពុករលួយនៃភាពមិនរើសមុខ ដូច្នេះ តើវាមិនពាក់ព័ន្ធនឹងអ្នកដូចម្ដេចទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញនិស្ស័យពុករលួយរបស់មនុស្ស។ មិនថាប្រុស ឬស្រីទេ កម្រិតនៃសេចក្ដីពុករលួយរបស់មនុស្សម្នាក់គឺដូចគ្នា។ តើនេះមិនមែនជាតថភាពទេឬ? មុនពេលដែលធ្វើអ្វីមួយផ្សេងទៀត ពួកយើងត្រូវតែដឹងថា ពួកយើងត្រូវតែទទួលយកព្រះបន្ទូលគ្រប់ពាក្យដែលព្រះជាម្ចាស់មានបន្ទូល មិនថាព្រះសូរសៀងទាំងនេះ ស្តាប់ទៅពេញចិត្ត ឬអត់ ហើយមិនថាពួកវាផ្ដល់អារម្មណ៍កាន់តែល្វីងជូរចត់ឱ្យយើង ឬអារម្មណ៍ផ្អែមល្ហែមឱ្យយើងនោះទេ។ បែបនេះ គឺជាឥរិយាបថដែលពួកយើងគួរតែមានចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើនេះគឺជាឥរិយាបថប្រភេទណា? តើវាគឺជាឥរិយាបថល្អ ឥរិយាបថអត់ធ្មត់ ឬជាឥរិយាបថនៃការឱបក្រសោបការរងទុក្ខវេទនា? ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា វាមិនមែនឥរិយាបថណាមួយខាងលើនេះទេ។ នៅក្នុងសេចក្ដីជំនឿរបស់ពួកយើង ពួកយើងត្រូវតែរក្សាដោយជំហរយ៉ាងមាំថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ដោយសារព្រះបន្ទូលគឺពិតជាសេចក្ដីពិត នោះពួកយើងគួរតែទទួលយកព្រះបន្ទូលទាំងនោះយ៉ាងសមហេតុផល។ មិនថាពួកយើងអាចទទួលស្គាល់ ឬយល់ព្រមចំពោះបន្ទូលនោះទេ ឥរិយាបថដំបូងរបស់ពួកយើងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាឥរិយាបថនៃការទទួលយកដែលដាច់ខាត។ រាល់ប្រយោគនីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាក់ទងទៅនឹងសភាពជាក់លាក់មួយ។ មានន័យថា គ្មានប្រយោគណាមួយនៃព្រះសូរសៀងរបស់ទ្រង់ និយាយអំពីបញ្ញត្តិខាងក្រៅ ឬទម្រង់សាមញ្ញមួយនៃអាកប្បកិរិយានៅក្នុងមនុស្សទេ។ ពួកវាមិនដូច្នោះទេ។ ប្រសិនបើអ្នកមើលឃើញរាល់ប្រយោគនីមួយៗដែលព្រះជាម្ចាស់មានព្រះសូរសៀង និយាយអំពីប្រភេទសាមញ្ញនៃអាកប្បកិរិយារបស់មនុស្ស ឬនិយាយអំពីរូបរាងខាងក្រៅ នោះអ្នកគ្មានការយល់ខាងវិញ្ញាណឡើយ ហើយអ្នកក៏មិនយល់អ្វីជាសេចក្ដីពិតដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានលក្ខណៈជ្រាលជ្រៅ។ តើព្រះបន្ទូលទាំងនោះជ្រាលជ្រៅប៉ុនណា? គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គ្រប់យ៉ាងដែលទ្រង់បើកសម្ដែង គឺបង្ហាញអំពីនិស្ស័យពុករលួយរបស់មនុស្ស និងអំពីអ្វីៗដែលចាក់ឫសគល់យ៉ាងជ្រៅ និងជាសារជាតិនៅក្នុងជីវិតរបស់ពួកគេ។ ពួកវាគឺជារឿងពាក់ព័ន្ធនឹងសារជាតិ មិនមែនជារូបរាងខាងក្រៅឡើយ ហើយជាពិសេស ពួកវាមិនមែនជាអាកប្បកិរិយាខាងក្រៅទេ។

ដកស្រង់ពី «សារៈសំខាន់នៃការស្វែងរកសេចក្ដីពិត និងផ្លូវនៃការស្វែងរកវា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឲ្យបាននូវការយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ និងភាពគួរឲ្យស្រលាញ់របស់ទ្រង់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាធម្មជាតិពុករលួយ និងភាពខ្វះចន្លោះជាក់ស្ដែងរបស់មនុស្សដែរ ដូច្នេះហើយទើបមានការបំពេញតាមគ្រប់ទិដ្ឋភាពនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលឆ្លងកាត់ការល្បងលរាប់រយមកពីព្រះជាម្ចាស់ ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ព្រះបន្ទូលទាំងអស់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ដល់មនុស្ស និងបានព្យាយាមស្វែងយល់ពីអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តរបៀបនេះ គាត់អាចសម្រេចការយល់ដឹងមួយអំពីខ្លួនឯងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់អំពីសារជាតិ ធម្មជាតិ និងភាពខ្វះចន្លោះផ្សេងៗរបស់មនុស្សដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលនិយាយដល់ការយល់ដឹងពីធម្មជាតិរបស់មនុស្ស អ្វីដែលសំខាន់ជាងគេបំផុតគឺ មើលវាចេញពីទស្សនៈនៃគតិលោករបស់មនុស្ស ទស្សនៈពីជីវិត និងគុណតម្លៃផ្សេងៗ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ពាក្យសម្តីដែលបាននិយាយដោយមេអារក្ស បុគ្គលអស្ចារ្យ និងអ្នកទស្សនវិជ្ជានៃផែនដីនេះ បានក្លាយជារបៀបរស់នៅនៃមនុស្សទាំងនោះ។ ជាពិសេសនោះ ពាក្យសម្ដីភាគច្រើនរបស់ខុងជឺ ជាអ្នកដែលជនជាតិចិនបានសរសើរថាជា «អ្នកប្រាជ្ញ» បានក្លាយជាជីវិតរបស់មនុស្ស។ ក៏មានសុភាសិតល្បីល្បាញពីអ្នកជឿខាងពុទ្ធសាសនា និងសាសនាតាវ និងពាក្យភាសិតបុរាណនិយាយពីបុគ្គលមួយចំនួនដែរ។ សេចក្តីទាំងអស់នេះជាការបញ្ជាក់នៃទស្សនៈវិទូសាតាំង និងធម្មជាតិរបស់សាតាំង។ ទាំងនេះក៏ជាការបង្ហាញឱ្យឃើញច្បាស់ និងជាការពន្យល់ឱ្យពីធម្មជាតិរបស់សាតាំងដែរ។ ថ្នាំពុលដែលត្រូវបានដាក់ទៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺសុទ្ធតែមកពីសាតាំង មិនមែនមកពីព្រះជាម្ចាស់ សូម្បីតែបន្តិច។ ពាក្យសម្តីអស់ទាំងនោះ ក៏ជាអ្វីមួយដែលប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ វាជាការពិតជាក់ច្បាស់ខ្លាំងណាស់ ដែលភាពពិតនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ សុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយអ្វីៗដែលអវិជ្ជមានដែលបំពុលមនុស្ស គឺមកពីសាតាំង។ ហេតុដូច្នេះហើយ អ្នកអាចស្ទង់មើលធម្មជាតិនៃបុគ្គលណាម្នាក់ និងមើលថា តើគេស្ថិតនៅក្រោមឥទ្ធិពលរបស់នរណា តាមរយៈទស្សនៈជីវិត និងគុណតម្លៃរបស់គេ។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ សាកស្រមៃមើលថា ប្រសិនបើអ្នកសួរនរណាម្នាក់ដែលគាត់សកម្មនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍នូវសំណួរនេះ៖ «ដោយសារអ្នកបានរស់នៅអស់រយៈពេលជាយូរមកហើយ និងសម្រេចសមិទ្ធផលបានជាច្រើន តើពាក្យសំខាន់ណាមួយដែលអ្នករស់នៅតាម?» គាត់អាចនិយាយថា «អ្វីដែលសំខាន់បំផុតគឺ មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ»។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលនោះទេឬ? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់គាត់ទៅហើយ ហើយការក្លាយជាមន្ត្រីគឺជាអ្វីដែលផ្តល់ឱ្យគាត់នូវជីវិត។ នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងររៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ។ មនុស្សអាចនឹងស្គាល់ធម្មជាតិរបស់ខ្លួនផ្ទាល់បានដោយងាយស្រួល ប្រសិនបើធម្មជាតិរបស់គេអាចវិភាគបានដោយរបៀបនេះ។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ។ អ្វីៗគ្រប់យ៉ាងដែលសាតាំងធ្វើគឺសម្រាប់វាខ្លួនឯង។ វាប្រថ្នាចង់ឈ្នះលើព្រះជាម្ចាស់ ផ្ដាច់ខ្លួនចេញពីទ្រង់ និងកាន់អំណាចដោយខ្លួនឯង ព្រមទាំងកាន់កាប់អ្វីៗទាំងអស់ដែលជាការបង្កើតរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ធម្មជាតិរបស់មនុស្ស គឺជាធម្មជាតិរបស់សាតាំង។ តាមពិតទៅ បាវចនារបស់មនុស្សជាច្រើនសុទ្ធតែអាចតំណាង និងឆ្លុះបញ្ចាំងពីធម្មជាតិរបស់ពួកគេ។ មិនថាមនុស្សព្យាយាមបន្លំខ្លួននៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ និងនៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេនិយាយក៏ដោយ ក៏ពួកគេមិនអាចលាក់បាំងថាខ្លួនជានរណាឡើយ។ មានមនុស្សមួយចំនួនដែលមិនធ្លាប់និយាយសេចក្ដីពិតសោះ ហើយពួកគេពូកែធ្វើពុតណាស់ ប៉ុន្ដែនៅពេលដែលអ្នកដទៃទៀតបានប្រាស្រ័យទាក់ទងជាមួយពួកគេមួយសន្ទុះ នោះធម្មជាតិបោកប្រាស់ និងភាពមិនស្មោះត្រង់ទាំងស្រុងរបស់ពួកគេក៏ត្រូវបានគេដឹង។ នៅទីបញ្ចប់ អ្នកដទៃក៏ទាញសេចក្ដីសន្និដ្ឋានដូច្នេះថា៖ បុគ្គលម្នាក់នោះមិនដែលនិយាយពាក្យពិតឡើយ ហើយគឺជាមនុស្សបោកប្រាស់។ ពាក្យសម្ដីនេះតំណាងឲ្យធម្មជាតិរបស់មនុស្សប្រភេទនេះ។ វាគឺជាការបង្ហាញ និងជាភស្ដុតាងដ៏ល្អបំផុតអំពីសារជាតិនៃធម្មជាតិរបស់ពួកគេ។ ទស្សនវិជ្ជារបស់ពួកគេអំពីជីវិត គឺមិនប្រាប់នរណាម្នាក់ពីសេចក្ដីពិត ក៏ដូចជាមិនទុកចិត្តអ្នកណាម្នាក់ដែរ។ ធម្មជាតិជាសាតាំងរបស់មនុស្សមានទស្សនបែបនេះយ៉ាងច្រើន។ ពេលខ្លះ សូម្បីតែអ្នកខ្លួនឯងក៏មិនបានដឹងពីធម្មជាតិនោះដែរ ហើយក៏មិនយល់ពីវាផង ប៉ុន្តែទោះជាយ៉ាងណា គ្រប់វិនាទីនៃជីវិតរបស់អ្នកគឺសុទ្ធតែផ្អែកលើធម្មជាតិនោះ។ លើសពីនេះទៀត អ្នកគិតថាទស្សនវិជ្ជានេះពិតជាត្រឹមត្រូវ និងសមហេតុផល ហើយគ្មានកំហុសឆ្គងអ្វីទាំងអស់។ នេះគ្រប់គ្រាន់នឹងបង្ហាញថា ទស្សនវិជ្ជារបស់សាតាំងបានក្លាយជាធម្មជាតិរបស់មនុស្ស ហើយថាពួកគេកំពុងរស់នៅស្របតាមធម្មជាតិនោះទាំងស្រុង ដោយមិនបះបោរប្រឆាំងនឹងវាសូម្បីតែបន្ដិច។ ដូច្នេះហើយ ពួកគេបើកសម្ដែងនូវធម្មជាតិបែបសាតាំងរបស់ពួកគេយ៉ាងជាប់លាប់ ហើយពួកគេបន្ដរស់នៅតាមទស្សនវិជ្ជារបស់សាតាំងក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ធម្មជាតិរបស់សាតាំងគឺជាជីវិតរបស់មនុស្ស។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្នកយល់ពីធម្មជាតិរបស់មនុស្សយ៉ាងដូចម្ដេច? តាមពិតទៅ ការយល់ពីធម្មជាតិរបស់អ្នកមានន័យថា ការស្វែងយល់ពីជម្រៅនៃព្រលឹងរបស់អ្នក ហើយវាពាក់ព័ន្ធនឹងអ្វីដែលនៅក្នុងជីវិតរបស់អ្នក។ វាគឺជាតក្កសាស្ដ្ររបស់សាតាំង និងជាទស្សនរបស់សាតាំងដែលអ្នកកំពុងរស់នៅ ពោលគឺអ្នកបានរស់នៅតាមជីវិតរបស់សតាំង។ មានតែតាមរយៈការរកឃើញផ្នែកដ៏ជ្រៅនៃព្រលឹងរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចយល់ពីធម្មជាតិរបស់អ្នកបាន។ តើការទាំងអស់នេះអាចត្រូវបានរកឃើញដោយរបៀបណា? ទាំងអស់នេះមិនអាចរកឃើញ ឬស្វែងយល់តាមរយៈព្រឹត្តិការណ៍តែមួយ ឬក៏ពីរនោះទេ។ ជាច្រើនដង ក្រោយពេលដែលអ្នកធ្វើរឿងអ្វីមួយចប់ អ្នកនៅតែមិនទាន់មានការយល់ដឹងនៅឡើយ។ វាអាចចំណាយពេលពីបីឆ្នាំ ឬប្រាំឆ្នាំមុនពេលដែលអ្នកអាចទទួលបានការដឹង និងការយល់ដឹងបន្ដិចបន្ដួច។ នៅក្នុងស្ថានភាពជាច្រើន អ្នកត្រូវតែឆ្លុះបញ្ចាំងអំពីខ្លួនឯង និងស្គាល់ខ្លួនឯង ហើយមានតែនៅពេលដែលអ្នកហាត់ជីកឱ្យជ្រៅប៉ុណ្ណោះ ទើបអ្នកមើលឃើញលទ្ធផល។ នៅពេលដែលការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតកាន់តែរីកចម្រើនខ្លាំងឡើងៗ នោះអ្នកនឹងស្គាល់ពីសារជាតិនៃធម្មជាតិរបស់ខ្លួនឯងបន្ដិចម្ដងៗ តាមរយៈការឆ្លុះបញ្ចាំងអំពីខ្លួនឯង និងការស្គាល់ខ្លួនឯង។ ដើម្បីដឹងពីធម្មជាតិរបស់ខ្លួនឯង អ្នកត្រូវតែសម្រេចកិច្ចការពីរបីយ៉ាង។ ទីមួយ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់មួយអំពីអ្វីដែលអ្នកចូលចិត្ត។ នេះមិនសំដៅទៅលើអ្វីដែលអ្នកចូលចិត្តញ៉ាំ ឬស្លៀកពាក់នោះទេ ផ្ទុយទៅវិញវាមានន័យថាប្រភេទនៃអ្វីៗដែលអ្នករីករាយ អ្វីៗដែលអ្នកច្រណែនឈ្នានីស អ្វីៗដែលអ្នកថ្វាយបង្គំ អ្វីៗដែលអ្នកស្វែងរក និងអ្វីៗដែលអ្នកយកចិត្ដទុកដាក់នៅក្នុងដួងចិត្តរបស់អ្នក ប្រភេទនៃមនុស្សដែលអ្នកចូលចិត្តទាក់ទងជាមួយ ប្រភេទនៃកិច្ចការដែលអ្នកចូលចិត្តធ្វើ និងប្រភេទមនុស្សដែលអ្នកលើកតម្កើងនៅក្នុងដួងចិត្តរបស់អ្នក។ ឧទាហរណ៍ មនុស្សជាច្រើនចូលចិត្តមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ជាមនុស្សដែលមានពាក្យសម្ដី និងឫកពាថ្លៃថ្នូរ ឬក៏ចូលចិត្តអស់អ្នកដែលពូកែនិយាយបញ្ជោរ ឬអស់អ្នកដែលធ្វើសកម្មភាព។ អ្វីដែលបានរៀបរាប់ខាងលើគឺនិយាយអំពីប្រភេទមនុស្សដែលពួកគេចូលចិត្តប្រាស្រ័យទាក់ទងជាមួយ។ ចំពោះអ្វីដែលមនុស្សរីករាយជាមួយ រួមបញ្ចូលទាំងការមានឆន្ទៈធ្វើកិច្ចការជាក់លាក់ដែលងាយស្រួលធ្វើ រីករាយក្នុងការធ្វើកិច្ចការដែលអ្នកដទៃគិតថាល្អ និងធ្វើឱ្យមនុស្សច្រៀងសរសើរ ព្រមទាំងផ្ដល់ការកោតសរសើរ។ នៅក្នុងធម្មជាតិរបស់មនុស្ស គឺមានលក្ខណៈទូទៅមួយអំពីអ្វីដែលពួកគេចូលចិត្ត។ មានន័យថាពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលអ្នកដទៃច្រណែនឈ្នានីសដោយសារតែអាការខាងក្រៅ ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមើលទៅស្រស់ស្អាត និងល្អប្រណីត ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកគេដោយសារតែអាការខាងក្រៅ។ អ្វីៗទាំងអស់ដែលមនុស្សចូលចិត្ដ គឺអស្ចារ្យ ភ្លឺរលោង ឆើតឆាយ និងសម្បើម។ មនុស្សទាំងអស់សុទ្ធតែថ្វាយបង្គំរបស់ទាំងអស់នេះ។ គេអាចមើលឃើញថា មនុស្សមិនមានសេចក្ដីពិតណាមួយឡើយ ហើយពួកគេក៏មិនមានលលក្ខណៈដូចមនុស្សពិតប្រាកដដែរ។ មិនមានសារៈសំខាន់សូម្បីតែបន្ដិចនៅក្នុងការថ្វាយបង្គំរបស់ទាំងអស់នេះ ប៉ុន្ដែមនុស្សនៅតែចូលចិត្តវា។ រឿងដែលមនុស្សចូលចិត្តទាំងនេះ ហាក់ដូចជាល្អពិសេសចំពោះពួកអ្នកដែលមិនជឿលើព្រះជាម្ចាស់ ហើយជាពិសេសពួកគេមានឆន្ទៈដេញតាមរឿងទាំងនេះ។ ... ការប្រាថ្នាចង់ធ្វើរឿងទាំងនេះ គឺត្រូវលង់ក្នុងភក់ជ្រាំជាមួយមនុស្សនៃលោកិយ។ នេះជារឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ វាខ្វះសេចក្ដីពិត វាខ្វះភាពជាមនុស្ស ហើយវាមានលក្ខណៈសាតាំង។ នេះគឺជាអ្វីដែលត្រូវគាស់កកាយធម្មជាតិរបស់មនុស្សចេញពីចំណង់ចំណូលចិត្តរបស់ពួកគេ។ ចំណង់ចំណូលចិត្តរបស់មនុស្ស គេអាចមើលឃើញតាមរបៀបដែលពួកគេស្លៀកពាក់៖ អ្នកខ្លះចង់ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ ឬសម្លៀកបំពាក់ប្លែកៗ។ ពួកគេនឹងពាក់គ្រឿងលម្អដែលគ្មាននរណាម្នាក់ធ្លាប់ពាក់ពីមុនមក ហើយពួកគេចូលចិត្តអ្វីៗដែលអាចទាក់ទាញអ្នកដែលមានភេទផ្ទុយពីខ្លួន។ ការដែលពួកគេស្លៀកសម្លៀកបំពាក់ និងគ្រឿងលម្អទាំងនេះ វាបង្ហាញពីចំណង់ចំណូលចិត្តដែលពួកគេមានចំពោះអ្វីៗទាំងនេះនៅក្នុងជីវិតរបស់ពួកគេ និងនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ។ អ្វីៗដែលពួកគេចូលចិត្ត គឺមិនថ្លៃថ្នូរ ឬសមរម្យនោះទេ។ ពួកវាមិនមែនជាអ្វីៗនៃមនុស្សបរិសុទ្ធពិតប្រាកដឡើយ។ ពួកគេមានភាពទុច្ចរិតនៅក្នុងការចូលចិត្តពួកវា។ ទស្សនៈរបស់ពួកគេគឺដូចគ្នាបេះបិទនឹងមនុស្សលោកិយដែរ។ គេមិនអាចមើលឃើញសេចក្ដីពិតនៅក្នុងពួកគេបន្តិចសោះឡើយ។ ដូច្នេះហើយ អ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកផ្ដោតលើ អ្វីដែលអ្នកថ្វាយបង្គំ អ្វីដែលអ្នកច្រណែនឈ្នានីស និងអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នករៀងរាល់ថ្ងៃ គឺសុទ្ធតែតំណាងឱ្យធម្មជាតិរបស់អ្នក។ វាគ្រប់គ្រាន់នឹងបញ្ជាក់បានថា ធម្មជាតិរបស់អ្នកគឺចូលចិត្តអំពើទុច្ចរិត ហើយក្នុងស្ថានភាពដែលធ្ងន់ធ្ងរ ធម្មជាតិរបស់អ្នកគឺអាក្រក់ និងមិនអាចព្យាបាលបាន។ អ្នកគួរតែវិភាគពីធម្មជាតិរបស់អ្នកតាមវិធីនេះ ពោលគឺត្រួតពិនិត្យមើលអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកបោះបង់ចោលនៅក្នុងជីវិតរបស់អ្នក។ អ្នកប្រហែលជាធ្វើល្អសម្រាប់អ្នកណាម្នាក់ក្នុងពេលណាមួយ ប៉ុន្ដែនេះមិនមែនបញ្ជាក់ថាអ្នកចូលចិត្តពួកគេនោះទេ។ អ្វីដែលអ្នកពិតជាពេញចិត្តបំផុតនោះគឺអ្វីដែលនៅក្នុងធម្មជាតិរបស់អ្នក ហើយទោះបីជាឆ្អឹងរបស់អ្នកបាក់ក៏ដោយ ក៏អ្នកនៅតែរីករាយជាមួយវា និងមិនអាចបោះបង់វាចោលឡើយ។ ការនេះគឺមិនងាយផ្លាស់ប្ដូរឡើយ។ ចូរយកការស្វែងរកដៃគូជាឧទាហរណ៍ចុះ។ ប្រសិនបើស្ត្រីម្នាក់ពិតជាលង់ស្នេហ៍ជាមួយនរណាម្នាក់មែន នោះគ្មាននរណាម្នាក់អាចបញ្ឈប់នាងបានឡើយ។ ទោះបីជាជើងរបស់នាងត្រូវបាក់ក៏ដោយ ក៏នាងនឹងនៅតែចង់នៅជាមួយគាត់ដែរ នាងនឹងចង់រៀបការជាមួយគាត់ ទោះបីជាវាធ្វើឱ្យនាងត្រូវស្លាប់ក៏ដោយ។ តើការនេះអាចទៅរួចបានយ៉ាងដូចម្ដេច? វាដោយសារតែគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរអ្វីៗដែលមនុស្សមាននៅក្នុងជម្រៅដួងចិត្តរបស់ពួកគេបានឡើយ។ ទោះបីជាមនុស្សស្លាប់ក៏ដោយ ក៏ព្រលឹងរបស់គេនៅតែចូលចិត្តរបស់ដដែលដែរ ទាំងនេះគឺជាលក្ខណៈនៃនិស្ស័យរបស់មនុស្ស ហើយពួកវាតំណាងឱ្យសារជាតិរបស់មនុស្សម្នាក់។ អ្វីៗដែលមនុស្សចូលចិត្តមានផ្ទុកនូវភាពទុច្ចរិតមួយចំនួន។ អ្នកខ្លះបង្ហាញច្បាស់នៅក្នុងការចូលចិត្តរបស់ពួកគេចំពោះអ្វីៗទាំងនោះ ឯអ្នកខ្លះទៀតមិនបង្ហាញច្បាស់ទេ អ្នកខ្លះចូលចិត្តពួកវាយ៉ាងខ្លាំង ឯអ្នកខ្លះទៀតមិនចូលចិត្តខ្លាំងទេ អ្នកខ្លះអាចគ្រប់គ្រងខ្លួនឯងបាន ឯអ្នកខ្លះទៀតមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ អ្នកខ្លះប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពងងឹត ដែលនេះបញ្ជាក់ថា ពួកគេមិនមានសូម្បីតែចម្រៀកដ៏តូចមួយនៃជីវិត។ ប្រសិនបើមនុស្សអាចមិនត្រូវបានកាន់កាប់ និងទប់ស្កាត់ដោយអ្វីៗទាំងនោះទេ វាបញ្ជាក់ថា និស្ស័យរបស់ពួកគេត្រូវបានផ្លាស់ប្រែបន្តិចបន្តួច ហើយពួកគេមានឋានៈបន្តិចបន្តួចដែរ។ អ្នកខ្លះយល់ពីសេចក្ដីពិតបានមួយចំនួន និងមានអារម្មណ៍ថា ពួកគេមានជីវិត ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់។ តាមការពិត វានៅឆាប់ពេកនៅឡើយ ហើយការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស មិនមែនជារឿងសាមញ្ញនោះទេ។ តើធម្មជាតិរបស់មនុស្សងាយយល់ឬទេ? ទោះបីជាអ្នកបានយល់ពីវាបន្តិចបន្តួចក្ដី ក៏វាមិនងាយស្រួលក្នុងការផ្លាស់ប្ដូរដែរ។ នេះគឺជាផ្នែកដែលពិបាកសម្រាប់មនុស្ស។ ទោះបីជាមនុស្ស បញ្ហា ឬរឿងនៅជុំវិញអ្នកផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ហើយទោះបីជាពិភពលោកក្រឡាប់ចាក់យ៉ាងណាក៏ដោយ ប្រសិនបើសេចក្ដីពិតកំពុងនាំផ្លូវអ្នកពីខាងក្នុង ប្រសិនបើវាចាក់ឫសនៅក្នុងខ្លួនរបស់អ្នក ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំផ្លូវជីវិតរបស់អ្នក ចំណង់ចំណូលចិត្តរបស់អ្នក បទពិសោធន៍របស់អ្នក និងអត្ថិភាពរបស់អ្នក នៅចំណុចនោះអ្នកនឹងមានការបំផ្លាស់បំប្រែពិតប្រាកដ។ ឥឡូវនេះ ការបំផ្លាស់បំប្រែដែលគេហៅនេះ គ្រាន់តែជាមនុស្សដែលសហការបន្តិចបន្តួច ហើយមានភាពរីករាយ និងសេចក្ដីជំនឿបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែនេះមិនអាចចាត់ទុកថាជាការបំផ្លាស់បំប្រែនោះទេ ហើយវាក៏មិនបញ្ជាក់ថា មនុស្សមានជីវិតដែរ វាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់មនុស្សទេតើ គ្មានអ្វីផ្សេងទៀតឡើយ។

បន្ថែមលើការគាស់កកាយអ្វីៗដែលមនុស្សចូលចិត្តនៅក្នុងធម្មជាតិរបស់ពួកគេ ផ្នែកផ្សេងទៀតដែលទាក់ទងនឹងធម្មជាតិរបស់ពួកគេក៏ចាំបាច់ត្រូវគាស់កកាយដែរ។ ឧទាហរណ៍ ទស្សនៈរបស់មនុស្សអំពីអ្វីៗ វិធីសាស្ត្រ និងគោលដៅរបស់មនុស្សក្នុងជីវិត គុណតម្លៃជីវិតនិងទស្សនៈរបស់មនុស្សអំពីជីវិត ក៏ដូចជាទស្សនៈអំពីរបស់សព្វសារពើដែលទាក់ទងនឹងសេចក្ដីពិតដែរ។ ទាំងនេះគឺជារបស់សព្វសារពើដែលកប់ជ្រៅនៅក្នុងព្រលឹងរបស់មនុស្ស ហើយពួកវាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការបំផ្លាស់បំប្រែនិស្ស័យ។ ដូច្នេះ តើអ្វីទៅជាទស្សនៈជីវិតរបស់មនុស្សជាតិពុករលួយ? គេអាចនិយាយបានដូច្នេះថា៖ «មនុស្សរាល់រូបគិតតែពីខ្លួនឯង ហើយអ្នកឆ្លាតរស់ អ្នកល្ងង់ស្លាប់»។ មនុស្សទាំងអស់រស់ដើម្បីតែខ្លួនឯង និយាយឱ្យច្បាស់ជាងនេះទៅទៀតគឺថា ពួកគេរស់នៅដើម្បីតែសាច់ឈាម។ ពួកគេរស់នៅគ្រាន់តែដើម្បីដាក់អាហារចូលមាត់របស់ពួកគេតែប៉ុណ្ណោះ។ តើអត្ថិភាពនេះខុសគ្នាពីសត្វបានយ៉ាងដូចម្ដេចទៅ? យ៉ាងម៉េចក៏ដោយ ការរស់នៅបែបនេះគ្មានគុណតម្លៃអ្វីសោះឡើយ កុំថាឡើយដល់ទៅមានន័យនោះ។ ទស្សនៈជីវិតរបស់មនុស្សនិយាយអំពី អ្វីៗដែលអ្នកពឹងផ្អែកទៅលើដើម្បីរស់នៅក្នុងពិភពលោក មូលហេតុដែលអ្នករស់នៅ និងរបៀបដែលអ្នករស់នៅ ហើយទាំងអស់នេះជារឿងដែលត្រូវធ្វើជាមួយសារជាតិនៃធម្មជាតិរបស់មនុស្ស។ តាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្ស អ្នកនឹងឃើញថា មនុស្សសុទ្ធតែកំពុងទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេសុទ្ធតែជាអារក្ស ហើយមិនមានមនុស្សល្អពិតប្រាកដទេ។ មានតែតាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សប៉ុណ្ណោះ ទើបអ្នកអាចដឹងច្បាស់ពីសារជាតិ និងសេចក្ដីពុករលួយរបស់មនុស្ស ហើយយល់ពីអ្វីៗដែលជាម្ចាស់កម្មសិទ្ធិរបស់មនុស្សពិតប្រាកដ អ្វីៗដែលមនុស្សពិតជាខ្វះខាត អ្វីៗដែលពួកគេគួរតែមាន និងរបៀបដែលពួកគេគួរតែរស់នៅក្នុងលក្ខណៈជាមនុស្ស។ ការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សពិតជាមិនងាយស្រួលនោះទេ ហើយមិនអាចធ្វើទៅបានដោយមិនដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនមានបទពិសោធន៍ពិតប្រាកដឡើយ។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើមនុស្សត្រូវស្វែងយល់ពីខ្លួនឯង នោះពួកគេត្រូវតែយល់សភាពពិតរបស់ពួកគេ។ ចំណុចដែលមានសារៈសំខាន់បំផុតនៃការស្វែងយល់ពីសភាពផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ គឺត្រូវយល់ដឹងនូវគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្លួន។ គ្រប់អំឡុងពេលនីមួយៗ គំនិតរបស់មនុស្សត្រូវបានគ្រប់គ្រងដោយរឿងចម្បងមួយ។ ប្រសិនបើអ្នកអាចយល់ដឹងពីគំនិតរបស់អ្នក នោះអ្នកអាចយល់ពីអ្វីៗដែលនៅពីក្រោយគំនិតទាំងនោះ។ មនុស្សមិនអាចគ្រប់គ្រងគំនិត និងទស្សនៈរបស់ពួកគេបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកពិតជាចាំបាច់ស្គាល់ថា តើគំនិត និងទស្សនៈទាំងនេះមកពីណា អ្វីជាការជំរុញចិត្តដែលនៅពីក្រោយពួកវា តើគំនិត និងទស្សនៈទាំងនេះកើតឡើងរបៀបណា អ្វីដែលគ្រប់គ្រងពួកវា ហើយអ្វីជាធម្មជាតិរបស់ពួកវា នោះទេ។ បន្ទាប់ពីនិស្ស័យរបស់អ្នកត្រូវបានផ្លាស់ប្ដូរ នោះគំនិត និងទស្សនៈរបស់អ្នក ដែលជាចំណង់ដែលចិត្តរបស់អ្នកតាមរក និងជាទស្សនៈរបស់អ្នកអំពីការតាមរក ដែលត្រូវបានបង្កើតចេញពីចំណែកមួយរបស់អ្នកដែលត្រូវបានផ្លាស់ប្ដូរ នឹងមានលក្ខណៈខុសៗគ្នា។ គំនិត និងទស្សនៈទាំងនោះ ដែលកើតចេញពីចំណែករបស់អ្នកដែលមិនត្រូវបានផ្លាស់ប្ដូរ គឺជាអ្វីៗដែលអ្នកមិនយល់យ៉ាងច្បាស់ និងជាអ្វីៗដែលអ្នកមិនត្រូវបានជំនួសដោយបទពិសោធន៍នៃសេចក្ដីពិត គឺជារឿងដែលគួរឱ្យស្អប់ខ្ពើម កខ្វក់ និងអាក្រក់។ មនុស្សនាពេលសព្វថ្ងៃ ដែលមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលបីបួនឆ្នាំ មានការយល់ និងដឹងខ្លះៗអំពីបញ្ហាទាំងនេះ។ ចំណែកអស់អ្នកដែលមានបទពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ក្នុងរយៈពេលខ្លី មិនទាន់យល់ពីបញ្ហាទាំងនេះទេ។ ពួកគេនៅតែមិនច្បាស់។ ពួកគេមិនស្គាល់ពីចំណុចខ្សោយរបស់ពួកគេ ឬមិនស្គាល់តំបន់ណាខ្លះដែលពួកគេងាយនឹងដួលទេ។ បច្ចុប្បន្ននេះ អ្នករាល់គ្នាមិនស្គាល់ថាអ្នកជាមនុស្សប្រភេទណានោះទេ ហើយទោះបីជាអ្នកដទៃអាចមើលឃើញខ្លះៗអំពីប្រភេទមនុស្សរបស់អ្នកក៏ដោយ ក៏អ្នកមិនអាចមានអារម្មណ៍ដឹងពីវាបានដែរ។ អ្នកមិនអាចញែកឱ្យច្បាស់នូវការគិត ឬបំណងសាមញ្ញរបស់អ្នក ហើយអ្នកមិនមានការយល់ដ៏ច្បាស់អំពីសារជាតិនៃបញ្ហាទាំងនេះ។ អ្នកយល់អំពីទិដ្ឋភាពមួយកាន់តែជ្រាលជ្រៅ នោះអ្នកនឹងផ្លាស់ប្ដូរកាន់តែច្រើននៅក្នុងទិដ្ឋភាពនោះ។ ដូច្នេះ អ្វីៗដែលអ្នកធ្វើនឹងស្របទៅតាមសេចក្ដីពិត អ្នកនឹងអាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងខិតកាន់តែជិតទៅរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការស្វែងរកតាមវិធីនេះទេ ទើបអ្នកអាចទទួលបានលទ្ធផល។

ដកស្រង់ពី «មនុស្សដែលធ្វើការទាមទារជានិច្ចពីព្រះជាម្ចាស់ គឺជាមនុស្សដែលមានហេតុផលតិចបំផុត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

គន្លឹះសំខាន់ចំពោះការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ខ្លួនឯងគឺយ៉ាងនេះ៖ កាលណាអ្នកកាន់តែមានអារម្មណ៍ថាខ្លួនបានធ្វើការបានល្អនៅក្នុងផ្នែកជាក់លាក់ណាមួយ ឬបានធ្វើរឿងត្រឹមត្រូវ ហើយកាលណាអ្នកកាន់តែគិតថាខ្លួនអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចអួតអាងក្នុងផ្នែកជាក់លាក់មួយចំនួន នោះវាកាន់តែមានតម្លៃសម្រាប់អ្នកក្នុងការស្គាល់ខ្លួនឯងនៅក្នុងផ្នែកទាំងនោះ និងកាន់តែមានតម្លៃឲ្យអ្នកជីកកកាយកាន់តែជ្រៅចូលក្នុងផ្នែកទាំងនោះ ដើម្បីមើលឃើញថាតើមានភាពមិនបរិសុទ្ធអ្វីខ្លះនៅក្នុងអ្នក ក៏ដូចជាអ្វីខ្លះដែលអ្នកមិនអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ចូរយើងយកប៉ុលធ្វើជាឧទាហរណ៍។ ប៉ុលមានចំណេះដឹងច្រើនណាស់ ហើយគាត់បានរងទុក្ខជាច្រើននៅក្នុងកិច្ចការបង្រៀនរបស់គាត់។ គាត់ក៏ត្រូវាបានគេស្រលាញ់ពេញចិត្តច្រើនណាស់ដែរ។ ជាលទ្ធផល ក្រោយពេលបំពេញកិច្ចការជាច្រើនចប់ គាត់សន្និដ្ឋានថានឹងមានមកុដដែលនឹងត្រៀមទុកសម្រាប់គាត់។ ការនេះបណ្ដាលឲ្យគាត់កាន់តែធ្លាក់ឆ្ងាយទៅៗចូលក្នុងផ្លូវខុសឆ្គង រហូតដល់ចុងក្រោយលោកត្រូវព្រះជាម្ចាស់ដាក់ទោស។ ក្នុងពេលដូចគ្នានោះ ប្រសិនបើគាត់មានការឆ្លុះបញ្ចាំងពីខ្លួនឯង និងពិនិត្យខ្លួនឯង នោះគាត់នឹងមិនគិតបែបនោះឡើយ។ ម្យ៉ាងទៀត ប៉ុលមិនបានផ្ដោតលើការស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទេ គាត់មានតែជឿលើសញ្ញាណ និងការស្រមៃឃើញរបស់ខ្លួនឯងប៉ុណ្ណោះ។ គាត់បានគិតថា ដរាបណាគាត់បានធ្វើរឿងល្អៗបានបន្តិចបន្តួច និងបង្ហាញឲ្យឃើញនូវអាកប្បកិរិយាល្អ នោះគាត់នឹងត្រូវបានព្រះជាម្ចាស់លើកសរសើរ និងប្រទានរង្វាន់ជាមិនខាន។ ចុងក្រោយ សញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់បានធ្វើឲ្យវិញ្ញាណរបស់គាត់ងងឹតងងល់ ព្រមទាំងគ្របបាំងនូវមុខមាត់ពិតរបស់គាត់។ យ៉ាងណាក្ដី មនុស្សមិនបានដឹងពីការនេះឡើយ ហើយដោយគ្មានព្រះជាម្ចាស់នាំយកការនេះមកចូលក្នុពន្លឺទេ នោះពួកគេនៅតែកំណត់យកថាប៉ុលជាបទដ្ឋានមួយដែលត្រូវឈោងចាប់ឲ្យបាន ជាគំរូមួយដែលពួកគេរស់នៅតាម និងចាត់ទុកគាត់ជាម្នាក់ដែលពួកគេចង់បានដូច និងទុកជាគោលបំណងនៃការតាមរករបស់ពួកគេ ហើយទុកលោកជាមនុស្សម្នាក់ដែលត្រូវយកតម្រាប់តាម។ សាច់រឿងអំពីប៉ុលនេះគឺជាការព្រមានមួយសម្រាប់មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ ដែលបង្ហាញថា នៅពេលដែលយើងមានអារម្មណ៍ថាយើងបានធ្វើយ៉ាងល្អពិសេស ឬជឿថាយើងមាននូវអំណោយទានជាពិសេសលើផ្នែកណាមួយ ឬគិតថាយើងមិនចាំបាច់ត្រូវផ្លាស់ប្ដូរ ឬត្រូវដោះស្រាយលើផ្នែកណាមួយទេ នោះយើងគួរតែព្យាយាមឆ្លុះបញ្ចាំងពីការនោះ ហើយស្គាល់ខ្លូនឯងឲ្យកាន់តែខ្លាំងនៅក្នុងផ្នែកនោះ។ ការនេះពិតជាសំខាន់ខ្លាំងណាស់។ នេះគឺដោយសារតែអ្នកច្បាស់ជាមិនបានរកឃើញ មិនបានយកចិត្តទុកដាក់ ឬពិនិត្យឃើញនូវទិដ្ឋភាពនៃខ្លួនអ្នក ដែលអ្នកជឿថាល្អ ដើម្បីដឹងថាតើចំណុចទាំងនោះមានផ្ទុកនូវអ្វីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ដែរឬទេ។

ដកស្រង់ពី «មានតែតាមរយៈការទទួលស្គាល់នូវទស្សនៈខុសរបស់ខ្លួនប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ខ្លួនឯងបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្នកអាចប្រាប់យ៉ាងដូចម្ដេចថាអ្វីទៅជាសារជាតិរបស់មនុស្សម្នាក់? អ្នកមិនអាចប្រាប់ទេថា សារជាតិនៃធម្មជាតិ របស់មនុស្សម្នាក់ជាអ្វី នៅពេលដែលពួកគេមិនធ្វើអ្វីសោះ ឬពេលពួកគេធ្វើរឿងកំប៉ិកកំប៉ុក។ ការទាំងនេះត្រូវបានបង្ហាញនៅក្នុងអ្វីដែលពួកគេបើកសម្ដែងជាទៀងទាត់ នៅក្នុងគោលបំណងពីខាងក្រោយទង្វើរបស់ពួកគេ នៅក្នុងចេតនាពីក្រោយអ្វីដែលពួកគេធ្វើ នៅក្នុងសេចក្តីប៉ងប្រាថ្នាដែលពួកគេមាន និង នៅ លើផ្លូវដែលពួកគេដើរ។ សំខាន់ជាងនេះទៀត សារជាតិទាំងនេះត្រូវបានបង្ហាញចេញនៅក្នុងរបៀប ដែល ពួកគេប្រតិកម្ម ពេលដែលពួកគេជួបបរិយាកាសដែលត្រូវបានចាត់ចែងដោយព្រះជាម្ចាស់ ពេលដែល ពួកគេជួបប្រទះអ្វីមួយដែលព្រះជាម្ចាស់បានធ្វើចំពោះពួកគេ ពេលដែលពួកគេត្រូវបានល្បងល និងបន្សុទ្ធ ឬត្រូវបានដោះស្រាយ និងលួសកាត់ បើមិនដូច្នោះទេ នៅពេលដែលព្រះជាម្ចាស់បំភ្លឺ និងដឹកនាំពួកគេ ដោយផ្ទាល់។ តើ ការ ទាំងអស់នេះទាក់ ទងនឹងអ្វីទៅ? វាទាក់ទងនឹងសកម្មភាពរបស់មនុស្សម្នាក់ របៀប ដែលពួកគេរស់នៅ និងគោលការណ៍ដែលពួកគេប្រកាន់ខ្ជាប់។ វាក៏ទាក់ទងនឹងទិសដៅ និងគោលដៅនៃការដេញតាមរបស់ពួកគេ ព្រម ទាំង មធ្យោបាយដែលពួកគេដេញតាមដែរ។ អាច និយាយ ម្យ៉ាងទៀតបាន ថា វាទាក់ទងនឹងផ្លូវដែលបុគ្គលនេះដើរ របៀបដែលពួកគេរស់នៅ អ្វីដែលពួកគេប្រកាន់ខ្ជាប់ និងមូលដ្ឋាននៃអត្ថិភាពរបស់ពួកគេ។

ដកស្រង់ពី «របៀបឈ្វេងយល់អំពីសារជាតិនៃធម្មជាតិរបស់ប៉ុល» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ព្រះជាម្ចាស់អាចធ្វើឲ្យមនុស្សគ្រប់លក្ខណ៍បានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ វាអាស្រ័យថាតើអ្នកអាចទទួលបានបទពិសោធន៍ឬអត់ ហើយថាតើអ្នកបន្តទទួលបាននូវភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ឬអត់។ ប្រសិនបើអ្នកពិតជាស្វែងរកការទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ នោះភាពអវិជ្ជមានមិនអាចធ្វើឲ្យអ្នកទទួលរងនូវការបាត់បង់ទេ ប៉ុន្តែអាចផ្ដល់ឲ្យអ្នកនូវអ្វីដែលកាន់តែពិតប្រាកដ ហើយអាចធ្វើឲ្យអ្នកកាន់តែដឹងថាអ្វីខ្លះនៅក្នុងអ្នកមានភាពខ្វះខាត កាន់តែអាចយល់បានពីភាពពិតរបស់អ្នក ហើយមើលឃើញថាមនុស្សមិនមានអ្វីទេ គឹគ្មានអ្វីសោះ។ ប្រសិនបើអ្នកមិនមានបទពិសោធរងទុក្ខលំបាក នោះអ្នកនឹងមិនដឹងទេ ហើយនឹងតែងតែមានអារម្មណ៍ថាអ្នកខ្ពស់ជាងអ្នកដទៃ និងប្រសើរជាងមនុស្សគ្រប់គ្នាផ្សេងទៀតជានិច្ច។ តាមរយៈអ្វីៗទាំងអស់នេះ អ្នកនឹងឃើញថា អ្វីៗដែលបានកើតឡើងពីមុន ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ហើយត្រូវបានការពារដោយព្រះជាម្ចាស់។ ការទទួលរងទុក្ខលំបាកធ្វើឲ្យអ្នកគ្មានសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿ អ្នកខ្វះការអធិស្ឋាន ហើយអ្នកមិនអាចច្រៀងទំនុកតម្កើង ហើយដោយមិនដឹងខ្លួននៅក្នុងស្ថានភាពនេះ អ្នកចាប់ផ្ដើមស្គាល់ខ្លួនឯង។ ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការធ្វើជាមនុស្សបានគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីអោយមនុស្សឃើញជាក់។ ក្នុងម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់អោយមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងអោយមនុស្សជីកកកាយរក និងឃើញនូវ «អាថ៌កំបាំង» នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងអោយឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីអោយមនុស្សអាចដឹងថាព្រះជាម្ចាស់ជាព្រះពិត។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន មើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឲ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឲ្យគេកាន់តែអាចមានបទពិសោធន៍អំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឲ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនអ្នកយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីនិស្ស័យរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការបរាជ័យ និងការជំពប់ដួលជាច្រើនដងមិនមែនជារឿងអាក្រក់ទេ ហើយវាក៏មិនត្រូវបានលាតត្រដាងនោះដែរ។ មិនថាអ្នកត្រូវបានដោះស្រាយ លួសកាត់ ឬលាតត្រដាងឡើយ អ្នកត្រូវតែចងចាំជានិច្ចថា៖ ការត្រូវបានលាតត្រដាងមិនមែនមានន័យថា អ្នកកំពុងតែត្រូវបានថ្កោលទោសឡើយ។ ការត្រូវបានលាតត្រដាងគឺជារឿងល្អ ព្រោះវាជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីស្គាល់ខ្លួនឯង។ វាអាចនាំបទពិសោធន៍នៃជីវិតរបស់អ្នកទៅកាន់កម្រិតមួយថ្មី។ បើគ្មានវាទេ នោះអ្នកនឹងមិនមានឱកាស លក្ខខណ្ឌ ឬបរិបទ ដើម្បីទទួលបានការយល់ដឹងអំពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់អ្នកឡើយ។ បើអ្នកអាចស្គាល់អ្វីៗនៅខាងក្នុងអ្នក ដែលជាគ្រប់អ្វីៗដ៏លាក់កំបាំងនៅក្នុងជម្រៅចិត្តរបស់អ្នក ទាំងពិបាកស្គាល់ និងពិបាករកឃើញ នោះគឺជារឿងដ៏ល្អមួយ។ ការអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់អ្នក ដើម្បីប៉ះប៉ូវផ្លូវរបស់អ្នក និងក្លាយជាមនុស្សថ្មីម្នាក់ ហើយក៏ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានជីវិតថ្មីដែរ។ នៅពេលដែលអ្នកស្គាល់ខ្លួនឯងយ៉ាងប្រាកដ នោះអ្នកនឹងអាចមើលឃើញថា នៅពេលដែលសេចក្តីពិតក្លាយជាជីវិតរបស់អ្នក នោះវាជារឿងប្រពៃមួយ ព្រោះអ្នកនឹងស្រេកឃ្លានសេចក្តីពិត ហើយចូលទៅក្នុងតថភាពជាក់ស្ដែង។ នេះគឺជារឿងដ៏អស្ចារ្យណាស់! បើអ្នកអាចចាប់យកឱកាសនេះ និងឆ្លុះបញ្ចាំងយ៉ាងអស់ពីចិត្តចំពោះខ្លួនឯង ហើយទទួលបានចំណេះដឹងយ៉ាងពិតប្រាកដអំពីខ្លួនឯង នៅគ្រប់ពេលដែលអ្នកបរាជ័យ ឬជំពប់ដួល នោះនៅក្នុងចំណោមភាពអវិជ្ជមាន និងសេចក្ដីកម្សោយនោះ អ្នកនឹងអាចក្រោកឈរឡើងវិញមិនខាន។ នៅពេលដែលអ្នកបានឆ្លងផុតច្រកទ្វារនេះ នោះអ្នកនឹងអាចបោះជំហានដ៏ធំទៅមុខ ហើយចូលទៅក្នុងតថភាពនៃសេចក្តីពិតមិនខាន។

ដកស្រង់ពី «ដើម្បីទទួលបានសេចក្តីពិត អ្នកត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុជុំវិញអ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ១. អ្វីជាការស្គាល់ដ៏ពិតចំពោះខ្លួនឯង និងអ្វីដែលអាចទទួលបានពីការស្គាល់ខ្លួនឯង

បន្ទាប់៖ ៣. មូលហេតុដែលមនុស្សមិនអាចសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងសេចក្ដីសង្គ្រោះ ដោយគ្មានការស្គាល់ខ្លួនឯង

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ