២. វិធីដែលមនុស្សម្នាក់អាចសម្រេចបានការស្គាល់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការទាំងបីដំណាក់កាល ជាកិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានចំពោះព្រះជាម្ចាស់ គ្មានអ្វីទាំងអស់ក្រៅតែពីពាក្យពេចន៍ អត់ប្រយោជន៍គ្មានអ្វីក្រៅតែពីការនិយាយអួតតែពីខ្លួនឯងឡើយ។ ចំណេះដឹងបែបនេះ មិនអាចនិយាយឲ្យមនុស្សជឿ ហើយក៏មិនអាចយកឈ្នះមនុស្សបានដែរ។ វាខុសផ្សេងពីតថភាព ហើយក៏ពុំមែនជាសេចក្ដីពិតដែរ។ វាអាចថាមានចំនួនច្រើន និងពីរោះស្ដាប់ដល់ត្រចៀក ប៉ុន្តែប្រសិនបើវាខុសពីនិស្ស័យដែលព្រះជាម្ចាស់មានជាស្រេច នោះទ្រង់នឹងមិនសំចៃអ្នកនោះឡើយ។ ទ្រង់មិនត្រឹមតែមិនសរសើរចំណេះដឹងរបស់អ្នកទេ តែទ្រង់ក៏នឹងផ្ដន្ទាទោសអ្នក ដោយព្រោះតែអ្នកគឺជាមនុស្សមានបាបដែលបានប្រមាថទ្រង់ទៀតផង។ ពាក្យពេចន៍ដែលបញ្ជាក់អំពីការស្គាល់ព្រះជាម្ចាស់ មិនមែនចេះតែនិយាយចេញមកងាយៗនោះទេ។ ថ្វីបើអ្នកប្រហែលជាពូកែនិយាយបញ្ចុះបញ្ចូលនិងពូកែនិយាយឲ្យគេជឿ ហើយបើទោះបីសម្ដីរបស់អ្នកវាងវៃរហូតអ្នកអាចនិយាយឲ្យខ្មៅជាស រួចឲ្យសទៅជាខ្មៅក៏ដោយ ក៏សម្ដីរបស់អ្នកនៅតែពុំមានភាពជ្រាលជ្រៅ ពេលនិយាយអំពីចំណេះដឹងអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ ពុំមែនជាបុគ្គលដែលអ្នកអាចប៉ាន់ប្រមាណដោយរួសរាន់ ឬសរសើរម្ដងម្កាល ឬនិយាយមើលងាយម្ដងហើយម្ដងទៀតបានឡើយ។ នរណាក៏អ្នកសរសើរ ហើយសរសើរមនុស្សគ្រប់គ្នាផង ប៉ុន្តែអ្នកពិបាករកពាក្យសម្ដីត្រឹមត្រូវមកពណ៌នាអំពីគុណធម៌ និងមេត្តាធម៌ដ៏មហិមារបស់ព្រះជាម្ចាស់ នេះជាលក្ខណៈដែលមនុស្សបាត់បង់គ្រប់គ្នា ចាប់ផ្ដើមទទួលស្គាល់។ បើទោះបីជាមានអ្នកជំនាញខាងភាសាជាច្រើន ដែលអាចរៀបរាប់ពីព្រះជាម្ចាស់ ក៏សុក្រឹតភាពនៃអ្វីដែលពួកគេរៀបរាប់ វាគ្រាន់តែជាមួយភាគក្នុងមួយរយនៃសេចក្ដីពិតដែលថ្លែងដោយប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ថ្វីបើគេជាមនុស្សមិនសូវសម្បូរវាចារ តែពួកគេមានបទពិសោធន៍ជាច្រើនដែលពួកគេអាចយកមកប្រើបាន។ ដូច្នេះ អាចមើលឃើញថា ចំណេះដឹងអំពីព្រះជាម្ចាស់ស្ថិតនៅលើសុក្រឹតភាព និងភាពពិតជាក់ស្ដែង ហើយមិនមែនស្ថិតលើការប្រើប្រាស់ពាក្យសម្ដីដ៏ឈ្លាសវៃ ឬវាក្យវោហារសព្ទអ្វីទេ ហើយមើលឃើញថា ចំណេះដឹងរបស់មនុស្ស និងចំណេះដឹងអំពីព្រះជាម្ចាស់ គឺពុំមានពាក់ព័ន្ធគ្នាទាំងស្រុង។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ខ្ពង់ខ្ពស់ជាងវិទ្យាសាស្ត្រធម្មជាតិរបស់មនុស្សជាតិទៅទៀត។ វាជាមេរៀនដែលមានមនុស្សតិចតួចបំផុត ដែលព្យាយាមស្វែងរកព្រះជាម្ចាស់ ទើបអាចសម្រេចបាន ហើយប្រសិនបើត្រឹមតែជាបុគ្គលម្នាក់ដែលមានទេពកោសល្យ ក៏មិនអាចសម្រេចបានដែរ។ ដូច្នេះអ្នករាល់គ្នាមិនត្រូវចាត់ទុកថា ការស្គាល់ព្រះជាម្ចាស់ និងការព្យាយាមឲ្យបានសេចក្ដីពិតប្រៀបបីដូចជាកិច្ចការដែលសូម្បីតែក្មេងក៏អាចសម្រេចបាននោះដែរ។ ប្រហែលជាអ្នកមានជោគជ័យទាំងស្រុងក្នុងជីវិត គ្រួសាររបស់អ្នក ឬអាជីពការងាររបស់អ្នក ឬជីវិតអាពាហ៍ពិពាហ៍របស់អ្នក តែពេលនិយាយដល់សេចក្ដីពិត និងមេរៀនពីការស្គាល់ព្រះជាម្ចាស់ អ្នកគ្មានអ្វីបង្ហាញសម្រាប់ខ្លួនឯង ហើយមិនសម្រេចបានអ្វីទាំងអស់ដែរ។ ការយកសេចក្ដីពិតទៅអនុវត្ត អាចនិយាយបានថា គឺជាការពិបាកបំផុតសម្រាប់អ្នករាល់គ្នា ហើយការស្គាល់ព្រះជាម្ចាស់ ក៏កាន់តែជាបញ្ហាធំជាងមុនទៅទៀត។ នេះគឺជាការលំបាករបស់អ្នករាល់គ្នា ហើយនេះជាការលំបាកដែលមនុស្សជាតិទាំងមូលប្រឈមផងដែរ។ នៅក្នុងចំណោមមនុស្សដែលមានស្នាដៃខ្លះ ក្នុងដំណើរដែលគេស្គាល់ព្រះជាម្ចាស់ គឺពុំមានមនុស្សណាម្នាក់ដែលត្រូវតាមបទដ្ឋាននោះទេ។ មនុស្សមិនដឹងថា ការស្គាល់ព្រះជាម្ចាស់ មានអត្ថន័យយ៉ាងណាទេឬក៏មិនដឹងថា មនុស្សត្រូវឈានដល់កម្រិតណា ទើបស្គាល់ព្រះជាម្ចាស់នោះឡើយ។ នេះគឺជារឿងដែលធ្វើឲ្យមនុស្សទាល់គំនិតបំផុត ហើយនិយាយឲ្យខ្លី គឺជាប្រស្នាធំបំផុតដែលមនុស្សប្រឈម គ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះទេ ក៏គ្មាននរណាម្នាក់ព្រមឆ្លើយនឹងសំណួរនេះដែរ ដ្បិតរហូតមកទល់សព្វថ្ងៃនេះ នៅក្នុងចំណោមមនុស្សជាតិ ពុំមាននរណាម្នាក់ទទួលបាននូវជោគជ័យណាមួយ នៅក្នុងការសិក្សាអំពីកិច្ចការនេះឡើយ។ ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលត្រូវបានសម្រាយឲ្យមនុស្សជាតិដឹង នោះនឹងមានមនុស្សមានទេពកោសល្យមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ លេចមកបន្តកិច្ចការនេះ។ ប្រាកដណាស់ ខ្ញុំសង្ឃឹមដំណើររឿងនឹង ទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរ ការនៃការអនុវត្តកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងមើលឃើញមនុស្ស មានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចឡើងនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ដល់ទីបញ្ចប់ ឬប្រសិនបើមានតែមនុស្សម្នាក់ ឬពីរនាក់ បានទទួលការប្រោសឲ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដោយផ្ទាល់ គ្មានអ្វីតឹងចិត្ត និងគួរឲ្យស្ដាយជាងនេះឡើយ។ យ៉ាងណាមិញ នេះគ្រាន់តែជាលទ្ធផលដ៏ល្អបំផុតដែលអាចកើតឡើង។ បើទោះបីជាអាចមានករណីបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថាអស់អ្នកដែលព្យាយាមពិតប្រាកដ អាចទទួលបានព្រះពរនេះ។ តាំងពីដើមដំបូងមកគឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការបង្កើតមនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដំបូងដែលស្គាល់ព្រះជាម្ចាស់ តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវបានព្រះជាម្ចាស់សរសើរជាងនេះទេ?

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កម្មសិទ្ធិ និងភាវៈរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុទ្ធតែត្រូវបានបើកសម្ដែងឲ្យមនុស្សស្គាល់ តាមរយៈព្រះបន្ទូលរបស់ទ្រង់។ កាលណាមនុស្សស្គាល់ព្រះបន្ទូលរបស់ទ្រង់ គេនឹងចាប់ផ្ដើមយល់ពីគោលបំណងដែលនៅពីក្រោយព្រះបន្ទូល ដែលព្រះជាម្ចាស់ថ្លែង និងយល់ពីប្រភពព្រមទាំងសាវតានៃព្រះ បន្ទូលរបស់ព្រះជាម្ចាស់ រួចយល់ និងអរគុណដល់ឥទ្ធិពលដែលបានគ្រោងទុកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការយកព្រះបន្ទូលទាំងនេះទៅអនុវត្ត។ សម្រាប់មនុស្សទាំងអស់នេះជាសេចក្ដីគ្រប់យ៉ាងដែលមនុស្សត្រូវតែឆ្លងកាត់ ត្រូវតែយល់ និងត្រូវតែទទួលឲ្យបាន ដើម្បីទទួលបានសេចក្ដីពិត និងជីវិត យល់ពីបំណងរបស់ព្រះជាម្ចាស់ បានបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួន ហើយអាចស្ដាប់ បង្គាប់អធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នា មនុស្សដែលឆ្លងកាត់ យល់ ហើយទទួលបានសេចក្ដីទាំងនេះនោះគេនឹងទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់បន្តិចម្ដងៗ ហើយនៅពេលនេះគេក៏នឹងបានទទួលកម្រិតខុសគ្នានៃចំណេះដឹងអំពីព្រះអង្គដែរ។ ការយល់ដឹងនិងចំណេះដឹងនេះ មិនមែនកើតចេញមកពីអ្វីម្យ៉ាងដែលមនុស្សធ្លាប់ស្រមៃ ឬប្រឌិតឡើងទេ ប៉ុន្តែកើតចេញពីអ្វីដែលគេឲ្យតម្លៃ គេឆ្លងកាត់ គេដឹង និងបញ្ជាក់ក្នុងខ្លួនគេ ផ្ទាល់។ លុះត្រាតែគេឲ្យតម្លៃ ស្គាល់ ដឹង និងបញ្ជាក់ពីសេចក្ដីទាំងនេះ ទើបចំណេះដឹងរបស់មនុស្សចំពោះព្រះជាម្ចាស់ ទទួលបាននូវខ្លឹមសារ។ មានតែចំណេះដឹងដែលមនុស្សម្នាក់នោះទទួលបាននៅពេលនេះប៉ុណ្ណោះ ទើបជាចំណេះដឹងជាក់ស្ដែងពិតប្រាកដ និងត្រឹមត្រូវ ហើយដំណើរការនៃការទទួលបានការយល់ដឹង និងចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ តាមរយៈការឲ្យតម្លៃ ការឆ្លងកាត់ ការដឹង និងការបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់នេះ មិនមែនជាអ្វីផ្សេង ក្រៅពីសម្ពន្ធវង្សពិតប្រាកដរវាងមនុស្ស និងព្រះជាម្ចាស់នោះឡើយ។ ក្នុងទំនាក់ទំនងបែបនេះ មនុស្សគឺពិតជាដឹង និងចាប់ផ្ដើមយល់ពីចេតនារបស់ព្រះជាម្ចាស់ ពិតជាចាប់ផ្ដើមយល់ និងស្គាល់ពីកម្មសិទ្ធិ និងភាវៈរបស់ព្រះជាម្ចាស់ ពិតជាចាប់ផ្ដើមយល់ និងស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ និងស្គាល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឈានដល់ការជឿជាក់យ៉ាងពិតប្រាកដ ព្រមទាំង និយមន័យដ៏ត្រឹមត្រូវអំពីការពិតនៃអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់លើសត្តនិករទាំងអស់ និងទទួលបានការអត់ធ្មត់ដ៏សំខាន់ និងចំណេះដឹងពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទំនាក់ទំនងប្រភេទនេះ មនុស្សផ្លាស់ប្ដូរគំនិតរបស់គេចំពោះព្រះជាម្ចាស់ លែងស្រមៃពីទ្រង់ដោយពុំមានអ្វីសោះ ឬសង្ស័យចំពោះព្រះអង្គតាមទំនើងចិត្ត ឬយល់ខុសចំពោះទ្រង់ ឬថ្កោលទោសទ្រង់ ឬទិតៀនទ្រង់ ឬសង្ស័យ ទ្រង់បន្តិចម្ដងៗទៀត ហើយ។ ដូច្នេះ មនុស្សនឹងមានការជំទាស់ជាមួយព្រះជាម្ចាស់រឹតតែតិចទៅៗ គេនឹងមានជម្លោះជាមួយនឹងព្រះជាម្ចាស់រឹតតែតិច ហើយឱកាសដែលមនុស្សបះបោរទាស់នឹងព្រះជាម្ចាស់ ក៏មានរឹតតែតិចទៅដែរ។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់របស់មនុស្ស និងការស្ដាប់បង្គាប់របស់គេចំពោះព្រះជាម្ចាស់ នឹងកើនឡើងកាន់តែខ្លាំង ហើយការកោតខ្លាច របស់គេចំពោះព្រះជាម្ចាស់ ក៏កាន់តែពិតប្រាកដ ហើយជ្រាលជ្រៅដែរ។ នៅក្នុងសម្ពន្ធវង្សបែបនេះ មនុស្សនឹងទទួលបានត្រឹមតែការផ្ដល់ជូននូវសេចក្ដីពិត និងពិធីបុណ្យជ្រមុជនៃជីវិតប៉ុណ្ណោះ ប៉ុន្តែ ក្នុងពេលជាមួយគ្នា គេក៏នឹងទទួលបាននូវចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ដែរ។ នៅក្នុងទំនាក់ទំនងបែបនេះ មនុស្សនឹងមិនត្រឹមតែបានបំផ្លាស់បំប្រែនិស្ស័យរបស់គេ ហើយទទួលបានសេចក្ដីសង្គ្រោះនោះទេ តែក្នុងពេលជាមួយគ្នា គេក៏ទទួលបាននូវការគោរពកោតខ្លាចនិងការថ្វាយបង្គំដ៏ពិតប្រាកដដែលមនុស្សមានចំពោះព្រះជាម្ចាស់ដែរ។ ដោយសារការមានទំនាក់ទំនងបែបនេះ សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់នឹងលែងជាក្រដាសទទេ ឬជាសេចក្ដីសន្យាដែលផ្ដល់ជូនត្រឹមបបូរមាត់ ឬជាទម្រង់នៃការព្យាយាមឲ្យបាន និងការគោរពស្រឡាញ់ទាំងងងឹតងងុលទៀតហើយ។ មានតែទំនាក់ទំនងបែបនេះទេ ទើបជីវិតរបស់មនុស្សលូតលាស់ទៅរកភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានតែពេលនេះទេ ទើបនិស្ស័យរបស់គេនឹងត្រូវបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយសេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ នឹងប្ដូរពីសេចក្ដីជំនឿដ៏ស្រពិចស្រពិល និងមិនច្បាស់លាស់ ទៅជាការស្ដាប់បង្គាប់ និងការយកចិត្តទុកដាក់ពិតប្រាកដ ទៅជាការគោរពកោតខ្លាចដ៏ពិតបន្តិចម្ដងៗ ហើយមនុស្សក៏នឹងវិវឌ្ឍពីជំហរអសកម្ម ទៅជាជំហរសកម្ម ពីជំហរអវិជ្ជមាន ទៅជាជំហរវិជ្ជមានសន្សឹមៗនៅក្នុងដំណើរការនៃការដើរតាមព្រះជាម្ចាស់។ គឺមានតែទំនាក់ទំនងបែបនេះទេ ទើបមនុស្សឈានដល់ការស្គាល់ និងការយល់ពីព្រះជាម្ចាស់ពិតប្រាកដ ជាចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រឈមមុខនឹងឥរិយាបថ និងសភាវៈរបស់មនុស្សចំពោះទ្រង់ ព្រះជាម្ចាស់បានបំពេញកិច្ចការថ្មី ដែលអនុញ្ញាតឲ្យមនុស្សមានចំណេះដឹង និងការស្តាប់បង្គាប់ចំពោះទ្រង់ រួមទាំងក្តីស្រឡាញ់ និងទីបន្ទាល់ផង។ ដូច្នេះ មនុស្សត្រូវតែឆ្លងកាត់ការបន្សុទ្ធ ក៏ដូចជាការជំនុំជម្រះ ការដោះស្រាយ និងការកាត់តម្រឹមរបស់ទ្រង់ បើមិនដូច្នោះទេ គ្មានផ្លូវដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ ហើយស្រឡាញ់ទ្រង់ និងធ្វើជាទីបន្ទាល់ដល់ទ្រង់បានឡើយ។ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីប្រយោជន៍តែម៉្យាងនោះទេ ប៉ុន្តែដើម្បីប្រយោជន៍ច្រើនយ៉ាង។ មានតែតាមវិធីនេះទេ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធចំពោះមនុស្សដែលចង់ស្វះស្វែងរកសេចក្តីពិត ដើម្បីឲ្យព្រះជាម្ចាស់ធ្វើឲ្យសេចក្តីស្រឡាញ់ និងការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍។ ចំពោះអស់អ្នកដែលចង់ស្វះស្វែងរកសេចក្តីពិត និងទទូចចង់រកព្រះជាម្ចាស់ គ្មានអ្វីមានន័យជាង ឬប្រសើរជាងការបន្សុទ្ធបែបនេះទេ។ មនុស្សមិនអាចយល់ ឬដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ងាយៗនោះទេ ដ្បិតនៅទីបញ្ចប់ ព្រះជាម្ចាស់គឺជាព្រះ។ ទីបំផុត ព្រះជាម្ចាស់មិនអាចមាននិស្ស័យ ដូចមនុស្សបានទេ ដូច្នេះហើយ មនុស្សក៏មិនអាចដឹងពីនិស្ស័យរបស់ទ្រង់ដោយងាយៗបានដែរ។ មនុស្សមិនអាចទទួលបានសេចក្តីពិតពីដូនតានោះទេ ហើយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ក៏មិនងាយនឹងយល់ពីសេចក្តីពិតដែរ។ មនុស្សខ្វះសេចក្តីពិត និងខ្វះការតាំងចិត្តដើម្បីអនុវត្តសេចក្តីពិត ហើយប្រសិនបើពួកគេមិនរងការឈឺចាប់ និងមិនត្រូវបានបន្សុទ្ធ ឬជំនុំជម្រះទេ នោះកុំសង្ឃឹមថាការតាំងចិត្តរបស់ពួកគេបានគ្រប់លក្ខណ៍ឲ្យសោះ។ សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។

ដកស្រង់ពី «មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការស្គាល់ព្រះជាម្ចាស់ត្រូវតែសម្រេច តាមរយៈការអាន និងការយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សផង តើខ្ញុំអាចស្គាល់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?» តាមពិតទៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការសម្ដែងចេញអំពីនិស្ស័យរបស់ទ្រង់។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកអាចមើលឃើញពីសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្ស ក៏ដូចជាវិធីសាស្ត្ររបស់ទ្រង់ក្នុងការសង្រ្គោះពួកគេផងដែរ...។ នោះគឺដោយសារតែព្រះបន្ទូលត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនមែនត្រូវបានសរសេរឡើងដោយមនុស្សឡើយ។ ព្រះបន្ទូលទាំងនោះត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គកំពុងតែបង្ហាញព្រះបន្ទូលរបស់ទ្រង់ និងព្រះសូរសៀងខាងក្នុងរបស់ទ្រង់។ ហេតុអ្វីបានជាគេហៅព្រះបន្ទូលទាំងនេះថាជាព្រះបន្ទូលចេញពីព្រះហឫទ័យ? នោះគឺដោយសារតែព្រះបន្ទូលទាំងនេះត្រូវបានចេញមកពីជម្រៅខាងក្នុង ព្រមទាំងបង្ហាញពីនិស្ស័យ ព្រះហឫទ័យ ព្រះតម្រិះ សេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ និងសេចក្ដីរំពឹងទុករបស់ទ្រង់ចំពោះមនុស្សជាតិ...។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ រួមបញ្ចូលទាំងព្រះបន្ទូលគំរោះគំរើយ និងព្រះបន្ទូលទន់ភ្លន់ និងចេះគិតគូរ ហើយព្រះបន្ទូលបែបបើកសម្ដែងខ្លះទៀតក៏មិនស្របតាមសេចក្តីប៉ងប្រាថ្នារបស់មនុស្សដែរ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលបែបបើកសម្ដែងតែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាប្រិតប្រៀងខ្លាំងពេកហើយ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលដ៏ទន់ភ្លន់តែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាគ្មានសិទ្ធិអំណាចខ្លាំងនោះទេ។ ដូច្នេះ អ្នកមិនគួរយកព្រះបន្ទូលទាំងនោះចេញពីបរិបទឡើយ ផ្ទុយទៅវិញ គួរតែមើលទៅកាន់ព្រះបន្ទូលទាំងនោះចេញពីគ្រប់ជ្រុងជ្រោយវិញ។ ពេលខ្លះ ព្រះជាម្ចាស់មានបន្ទូលចេញពីទិដ្ឋភាពទន់ភ្លន់ និងក្ដួលអាណិត ហើយបន្ទាប់មក មនុស្សក៏មើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិ។ ពេលខ្លះទៀត ព្រះអង្គមានបន្ទូលចេញពីទិដ្ឋភាពប្រិតប្រៀងខ្លាំង បន្ទាប់មក មនុស្សមើលឃើញពីនិស្ស័យរបស់ទ្រង់ ដែលមិនត្រាប្រណីចំពោះសេចក្តីល្មើសឡើយ។ មនុស្សស្មោកគ្រោកយ៉ាងខ្លាំង ហើយគេមិនស័ក្ដិសមនឹងឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ ឬមិនសមនឹងចូលមកចំពោះទ្រង់ឡើយ។ ការដែលមនុស្សត្រូវបានអនុញ្ញាតឱ្យចូលមកចំពោះទ្រង់ឥឡូវនេះ គឺដោយសារតែព្រះគុណរបស់ទ្រង់សុទ្ធសាធតែប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញចេញពីរបៀបដែលទ្រង់ធ្វើការ និងនៅក្នុងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ មនុស្សអាចនៅតែមើលឃើញរឿងរ៉ាវទាំងនេះនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដោយមិនចាំបាច់មានទំនាក់ទំនងដោយផ្ទាល់ចេញពីទ្រង់ឡើយ។ នៅពេលមនុស្សម្នាក់ដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ មានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះជំនួបរបស់គេជាមួយព្រះគ្រីស្ទអាចមានភាពស្របគ្នាជាមួយចំណេះដឹងដែលមានស្រាប់របស់ពួកគេអំពីព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលមនុស្សម្នាក់ដែលមានតែការយល់ដឹងបែបទ្រឹស្ដី ជួបជាមួយព្រះជាម្ចាស់ នោះគេមិនអាចមើលឃើញពីភាពជាប់ទាក់ទងគ្នានេះឡើយ។ ទិដ្ឋភាពនៃសេចក្តីពិតនេះគឺជាផ្នែកដ៏ជ្រាលជ្រៅបំផុតនៃសេចក្តីអាថ៌កំបាំង ហើយវាក៏ពិបាកវាស់ស្ទង់ផងដែរ។ ចូរសង្ខេបព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាក់ទងនឹងសេចក្តីអាថ៌កំបាំងអំពីការយកកំណើតជាមនុស្ស ចូរមើលទៅកាន់ព្រះបន្ទូលចេញពីគ្រប់ជ្រុងជ្រោយ បន្ទាប់មក អធិស្ឋានជាមួយគ្នា សញ្ជឹងគិត និងប្រកបគ្នាថែមទៀតទៅលើទិដ្ឋភាពនៃសេចក្តីពិតនោះ។ ដោយធ្វើបែបនេះ អ្នកនឹងអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការយល់ដឹង។ ដោយសារតែមនុស្សគ្មានឱកាសមានទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះជាម្ចាស់ ដូច្នេះ ពួកគេត្រូវតែពឹងអាងលើបទពិសោធន៍បែបនេះ ដើម្បីយល់ពីផ្លូវរបស់ខ្លួន ហើយចូលទៅបន្ដិចម្ដងៗ ដើម្បីទទួលបានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។

ដកស្រង់ពី «របៀបស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធន៍របស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាធ្វើឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់ចូលចិត្ត អ្វីដែលទ្រង់មិនចូលចិត្ត អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឱ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ក្រៅពីការដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ចេញពីព្រះបន្ទូលរបស់ទ្រង់ អ្វីដែលសំខាន់បំផុតនោះ គឺជាតម្រូវការដើម្បីទទួលបានការយល់ដឹងនេះ តាមរយៈបទពិសោធន៍ជាក់ស្ដែង។ ប្រសិនបើមនុស្សម្នាក់នៅដាច់ចេញពីជីវិតពិត ដើម្បីស្គាល់ព្រះជាម្ចាស់ នោះពួកគេនឹងមិនអាចសម្រេចបានឡើយ។ ទោះបីមានមនុស្សដែលអាចទទួលបានការយល់ដឹងខ្លះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការយល់ដឹងរបស់ពួកគេនៅមានកម្រិតត្រឹមជាទ្រឹស្ដី និងពាក្យពេចន៍ប៉ុណ្ណោះ ហើយវានៅតែមានភាពខុសគ្នាជាមួយលក្ខណៈដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបានដោយពឹងផ្អែកលើការគិតស្រមៃរបស់អ្នកបានទេ។ ដោយសារតែអ្នកមិនអាចពឹងផ្អែកលើការគិតស្រមៃដើម្បីស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចស់ នោះតើតាមវិធីណាដែលអ្នកអាចសម្រេចបាននូវចំណេះដឹងមួយដ៏ពិតប្រាកដអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? វិធីដើម្បីអាចសម្រេចបាន គឺតាមរយៈការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការប្រកបគ្នា និងតាមរយៈការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកនឹងមានបទពិសោធន៍ជាក់ស្តែងបន្តិចម្តងៗ និងការបញ្ជាក់អះអាងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានការយល់ដឹងបន្តិចម្តងៗ និងចំណេះដឹងបន្ថែមអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺមិនមានផ្លូវកាត់នោះទេ។ ការស្នើមិនឲ្យអ្នករាល់គ្នាគិតស្រមៃ មិនដូចគ្នាទៅនឹងការធ្វើឲ្យអ្នករាល់គ្នាអង្គុយស្ងៀមរង់ចាំការបំផ្លាញ ឬបញ្ឈប់អ្នករាល់គ្នាមិនឲ្យធ្វើអ្វីមួយនោះទេ។ ការមិនប្រើប្រាស់ខួរក្បាលដើម្បីគិត និងគិតស្រមៃ មានន័យថាជាការមិនប្រើភាពតក្កៈ និងការសន្និដ្ឋាន មិនប្រើចំណេះដឹងដើម្បីវិភាគ និងមិនប្រើវិទ្យាសាស្ត្រជាមូលដ្ឋាន ប៉ុន្តែផ្ទុយទៅវិញ ជាការសរសើរ ការបញ្ជាក់អះអាង និងការបញ្ជាក់ថា ព្រះជាម្ចាស់ដែលអ្នកជឿមានសិទ្ធិអំណាច បញ្ជាក់ថា ទ្រង់កាន់កាប់អធិបតេយ្យភាពលើជោគវាសនារបស់អ្នក ហើយថា ព្រះចេស្ដារបស់ទ្រង់បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតគ្រប់ពេលវេលា តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការពិត និងតាមរយៈគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិត។ នេះគឺជាវិធីតែមួយគត់ដែលគ្រប់គ្នាអាចសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា ពួកគេមានបំណងចង់ស្វែងរកវិធីដ៏សាមញ្ញមួយក្នុងការសម្រេចបានគោលបំណងនេះ ប៉ុន្តែតើអ្នករាល់គ្នាអាចគិតដល់វិធីបែបនេះឬទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា មិនចាំបាច់គិតនោះទេ៖ គ្មានផ្លូវណាផ្សេងនោះទេ! វិធីតែមួយគត់ គឺស្គាល់ និងបញ្ជាក់អះអាងយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងយកចិត្តទុកដាក់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈព្រះបន្ទូលនីមួយៗដែលទ្រង់ថ្លែង និងតាមរយៈអ្វីៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីតែមួយគត់ដើម្បីស្គាល់ព្រះជាម្ចាស់។ ចំពោះកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ មិនមែនឥតសារៈសំខាន់ និងទទេស្អាតនោះទេ ប៉ុន្តែពួកវាពិតប្រាកដមែន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការដឹងថា នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការ ខណៈដែលយោនយកកំណើត នោះគឺជាពេលដែលមនុស្សអាចទៅដល់ និងឃើញកម្មសិទ្ធិ និងលក្ខណៈស្ទើរតែទាំងអស់របស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ ព្រមទាំងនិស្ស័យរបស់ទ្រង់។ វាគឺជាឱកាសដ៏ល្អបំផុតដើម្បីស្គាល់ព្រះជាម្ចាស់។ កាលពីអតីតកាល មនុស្សបាននិយាយថាពួកគេចង់ស្គាល់សកម្មភាព និងនិស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែរឿងនោះមិនមែនជារឿងងាយស្រួលធ្វើទេ ពីព្រោះពួកគេមិនអាចចូលទៅរកទ្រង់បានឡើយ។ ត្រឡប់ទៅមើលពេលម៉ូសេស្គាល់ព្រះយេហូវ៉ាដំបូង ហើយបានឃើញសកម្មភាពមួយចំនួនរបស់ទ្រង់ តើគាត់មានចំណេះដឹងជាក់ស្ដែងប៉ុន្មាន? តើមានចំណេះដឹងជាក់ស្ដែងច្រើនជាងមនុស្សនាពេលសព្វថ្ងៃនេះទេ? តើវាជាក់ស្ដែងជាងចំណេះដឹងរបស់មនុស្សនាពេលសព្វថ្ងៃនេះទេ? ពិតជាមិនមែនទេ។ នៅពេលដែលព្រះយេហូវ៉ាបានធ្វើកិច្ចការនៅកាលនោះ សកម្មភាពរបស់ទ្រង់ត្រូវបានបើកសម្ដែងយ៉ាងច្រើននៅអ៊ីស្រាអែល។ មនុស្សជាច្រើនបានឃើញព្រះយេហូវ៉ាបើកបង្ហាញការអស្ចារ្យ ហើយមានមនុស្សបានឃើញស្រមោលរបស់ព្រះយេហូវ៉ាពីខាងក្រោយខ្នងទ្រង់។ មនុស្សជាច្រើនក៏បានឃើញពួកទេវតាដែរ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់ព្រះជាម្ចាស់? តិចណាស់! បើតាមជាក់ស្ដែង គ្មានមនុស្សណាម្នាក់ពិតជាស្គាល់ព្រះជាម្ចាស់ទេ។ មានតែមនុស្សនៃគ្រាចុងក្រោយប៉ុណ្ណោះ ដែលមានចំណេះដឹងច្រើនពីព្រះជាម្ចាស់ ពីបទពិសោធន៍របស់ពួកគេក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ខណៈដែលទ្រង់នៅជាសាច់ឈាម ដោយសារព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្សដោយផ្ទាល់៖ កិច្ចការអ្វីដែលទ្រង់ធ្វើ និងធ្វើដល់ណា អ្វីជាព្រះហឬទ័យរបស់ទ្រង់ អ្វីជាឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងសភាព និងលក្ខណៈដ៏ពុករលួយរបស់មនុស្សជាតិ...។ តាមរយៈអ្វីៗទាំងអស់នេះ មនុស្សអាចមើលឃើញថាព្រះជាម្ចាស់គឺពិតជាព្រះជាម្ចាស់បែបនេះមែន អ្វីដែលទ្រង់ចង់បានសម្រាប់មនុស្សជាតិ គឺពិតជាបានដូច្នោះ។ និស្ស័យរបស់ទ្រង់គឺពិតជាដូច្នោះ។ សកម្មភាពរបស់ទ្រង់គឺពិតជាអស្ចារ្យណាស់។ ព្រះប្រាជ្ញាញាណរបស់ទ្រង់ គឺពិតជាជ្រាលជ្រៅ ហើយសេចក្ដីមេត្តាករុណារបស់ទ្រង់លើមនុស្សជាតិ គឺពិតជាពិតប្រាកដណាស់។ ពេលនេះ អ្វីៗទាំងនេះអាចធ្វើឱ្យមនុស្សមានបទពិសោធន៍យ៉ាងពិតប្រាកដ។ អ្វីៗទាំងនេះ អនុញ្ញាតឱ្យអ្នកមានបទពិសោធន៍ថា សេចក្ដីស្រឡាញ់ និងការអត់ទ្រាំរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺពិតជាគ្មានដែនកំណត់ឡើយ ហើយថាបំណងព្រះហឫទ័យរបស់ទ្រង់ដើម្បីសង្គ្រោះមនុស្សទាំងអស់ គឺពាក់ព័ន្ធនៅក្នុងកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ អ្វីទាំងនេះ អនុញ្ញាតឱ្យមនុស្សមានបទពិសោធន៍ដ៏ពិតពីវា។ ដូច្នេះហើយ ចំណេះដឹងរបស់អ្នកអំពីសារជាតិនៃការយោនយកកំណើត គឺចេញពីអំឡុងពេលនៃការយោនយកកំណើត។ គ្មានចំណេះដឹងណាមួយ ចេញពីអំឡុងពេលផ្សេង មានសភាពជាក់ស្ដែងឡើយ។ បន្ទាប់ពីកិច្ចការនៃការយោនយកកំណើតត្រូវបានបញ្ចប់ ហើយទ្រង់ចាកចេញទៅ ប្រសិនបើអ្នកព្យាយាមដើម្បីមានបទពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ នោះវានឹងមិនពិតចំពោះអ្នក ដូចជាពេលឥឡូវទេ ពីព្រោះនៅពេលបច្ចុប្បន្ន អ្នកអាចមើលឃើញព្រះជាម្ចាស់យោនយកកំណើតធ្វើការ ដោយផ្ទាល់ភ្នែករបស់អ្នក ហើយវាពិតជាជាក់ស្ដែង។ ជាងនេះទៅទៀត ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការផ្ទាល់នឹងមុខបែបនេះជាបន្តបន្ទាប់ ហើយមនុស្សមានបទពិសោធន៍ជាមួយរឿងបែបនេះដោយផ្ទាល់ បន្តិចម្ដងៗ។ ... ដូច្នេះហើយ ប្រសិនបើអ្នកចង់យល់ពីសារជាតិរបស់ព្រះជាម្ចាស់ ពេលវេលាដ៏មានប្រយោជន៍បំផុតសម្រាប់អ្នកដើម្បីធ្វើដូច្នោះ គឺជាពេលដែលព្រះជាម្ចាស់យោនយកកំណើតកំពុងធ្វើកិច្ចការ។ អ្នកអាចមើលឃើញ ហើយប៉ះបាន អ្នកអាចស្ដាប់ឮ ហើយអ្នកអាចមានអារម្មណ៍ដ៏ជ្រាលជ្រៅ។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ អំឡុងពេលនៃការយោនយកកំណើតត្រូវបានបញ្ចប់ ប្រសិនបើអ្នកបន្តព្យាយាមមានបទពិសោធន៍ ពិវិធីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការ ហើយព្យាយាមឆ្លុះបញ្ចាំងត្រឡប់ក្រោយវិញ នោះវានឹងមិនធំធេងដូចពេលនេះឡើយ ហើយការយល់របស់អ្នកនឹងមានសភាពរាក់។ នៅពេលនោះ ទ្រង់នឹងគ្រាន់តែបន្សុទ្ធនិស្ស័យដ៏ពុករលួយរបស់មនុស្សប៉ុណ្ណោះ ហើយនៅពេលដែលត្រូវបានបន្សុទ្ធ នោះមនុស្សអាចយល់សេចក្ដីពិតមួយចំនួនថែមទៀត ហើយប្រើប្រាស់សេចក្ដីពិតដែលពួកគេបានទទួល ធ្វើជាមូលដ្ឋានគឹ្រះសម្រាប់ជីវិតរបស់ពួកគេ និងដើម្បីផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយនៅក្នុងពួកគេ។ ប៉ុន្តែ មិនថា អ្នកស្រឡាញ់ព្រះជាម្ចាស់ប៉ុនណាឡើយ អ្នកក៏នឹងមិនរីកចម្រើនច្រើនដែរនៅពេលនោះ នៅក្នុងការយល់របស់អ្នកអំពីទ្រង់។ វានឹងមិនមានប្រយោជន៍ដូចជាការស្គាល់ព្រះជាម្ចាស់ នៅពេលដែលទ្រង់នៅក្នុងការយោនយកកំណើត និងកំពុងធ្វើកិច្ចការនោះទេ។

ដកស្រង់ពី «សេចក្ដីស្រឡាញ់ដ៏ពិតរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានបង្កើតមានទស្សនៈជាច្រើនអំពីទ្រង់ ហើយតែងតែវិនិច្ឆ័យទ្រង់តាមទស្សនៈរបស់គាត់ផ្ទាល់។ ទោះបីពេត្រុសមានកម្រិតការយល់ដឹងខ្លះអំពីព្រះវិញ្ញាណក៏ដោយ ប៉ុន្តែ ការយល់ដឹងរបស់គាត់មិនសូវជាច្បាស់លាស់ឡើយ ដែលជាហេតុនាំឲ្យគាត់និយាយថា៖ «ខ្ញុំត្រូវដើរតាមព្រះដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌ចាត់ឲ្យមក។ ខ្ញុំត្រូវតែទទួលស្គាល់ព្រះអង្គដែលត្រូវបានជ្រើសរើស ដោយព្រះវិញ្ញាណបរិសុទ្ធ»។ គាត់មិនបានយល់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ហើយក៏ខ្វះនូវភាពច្បាស់លាស់ អំពីកិច្ចការទាំងនោះផងដែរ។ ក្រោយពេលដើរតាមទ្រង់បានមួយរយៈ ពេត្រុសកាន់តែចាប់អារម្មណ៍នឹងអ្វីដែលទ្រង់បានធ្វើ និងមានបន្ទូល ហើយក៏ចាប់អារម្មណ៍ខ្លាំងលើព្រះយេស៊ូវផ្ទាល់ផងដែរ។ គាត់ចាប់ផ្ដើមមានអារម្មណ៍ថា ព្រះយេស៊ូវបានបណ្ដាលឲ្យមានសេចក្តីស្រឡាញ់ និងការគោរពបែបនេះ។ គាត់ចូលចិត្តចំណាយពេលជាមួយទ្រង់ និងនៅជិតទ្រង់ ហើយការស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវបានផ្តល់ជាការគាំទ្រ និងជំនួយដល់គាត់ទៀតផង។ ក្នុងអំឡុងពេលដែលគាត់ដើរតាមព្រះយេស៊ូវ ពេត្រុសបានសង្កេត និងរៀនសូត្រនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជន្មរបស់ទ្រង់ ដូចជា សកម្មភាព ពាក្យសម្ដី ចលនា និងការសម្ដែងចេញរបស់ទ្រង់។ គាត់បានទទួលនូវការយល់ដឹងដ៏ស៊ីជម្រៅថា ព្រះយេស៊ូវមិនដូចជាបុរសទូទៅនោះឡើយ។ ទោះបីរូបរាងជាមនុស្សរបស់ទ្រង់លើសពីធម្មតាក៏ដោយ ប៉ុន្តែ ទ្រង់ពេញដោយសេចក្តីស្រឡាញ់ ចិត្តអាណិតអាសូរ និងការអត់ឱនចំពោះមនុស្សលោក។ គ្រប់យ៉ាងដែលទ្រង់ធ្វើ ឬមានបន្ទូល គឺជាជំនួយដ៏ធំចំពោះអ្នកដទៃ ហើយពេត្រុសបានឃើញ និងបានទទួលពីព្រះយេស៊ូវ នូវសេចក្តីដែលគាត់មិនធ្លាប់បានឃើញ ឬធ្លាប់មានកាលពីមុនឡើយ។ គាត់បានឃើញថា ទោះបីព្រះយេស៊ូវមិនមានឋានៈខ្ពង់ខ្ពស់ ឬគ្មានភាពជាមនុស្សប្លែកពីគេក៏ដោយ ប៉ុន្តែ ទ្រង់ពិតជាមានលក្ខណសម្បត្តិដ៏អស្ចារ្យ និងខុសប្លែកពីធម្មតា។ ទោះបីពេត្រុសមិនអាចពន្យល់បានទាំងស្រុងក្ដី ប៉ុន្តែ គាត់អាចមើលឃើញថា ព្រះយេស៊ូវមានកិរិយាខុសប្លែកពីអ្នកឯទៀត ព្រោះថា កិច្ចការដែលទ្រង់បានធ្វើ ខុសប្លែកពីកិច្ចការដែលមនុស្សធម្មតាធ្វើប្រាកដមែន។ ចាប់តាំងពីពេលដែលគាត់មានទំនាក់ទំនងជាមួយព្រះយេស៊ូវ ពេត្រុសក៏បានឃើញដែរថា អត្តចរិតរបស់ទ្រង់ខុសប្លែកពីអត្តចរិតរបស់មនុស្សទូទៅដែរ។ ទ្រង់តែងតែប្រព្រឹត្តដោយចរិតនឹងធឹង មិនតក់ក្រហល់ មិននិយាយបំផ្លើស ឬមិនស្រាលមនុស្ស ហើយទ្រង់បានបញ្ចេញកិរិយាមាយាទក្នុងជីវិតរបស់ទ្រង់ តាមរបៀបមួយដែលសម្ដែងពីអត្តចរិតមួយដែលសាមញ្ញផង និងគួរឲ្យស្ងើចសរសើរផង។ នៅក្នុងការសន្ទនា ព្រះយេស៊ូវបានមានបន្ទូលត្រង់ៗ និងពេញដោយព្រះគុណ តែងតែប្រាស្រ័យទាក់ទងដោយឫកពារីករាយ តែស្ងប់ស្ងាត់ ហើយទ្រង់មិនដែលបាត់បង់សេចក្តីថ្លៃថ្នូររបស់ទ្រង់ឡើយ ក្នុងពេលដែលកំពុងតែធ្វើកិច្ចការរបស់ទ្រង់។ ពេត្រុសបានឃើញថា ពេលខ្លះ ព្រះយេស៊ូវមិនសូវមាត់ក ប៉ុន្តែ ពេលខ្លះទៀត ទ្រង់មានបន្ទូលឥតឈប់។ ពេលខ្លះ ទ្រង់សប្បាយរីករាយយ៉ាងខ្លាំង ដូចជាសត្វព្រាបដែលអរកញ្ឆេង និងប្រលែងលេង ហើយមានពេលខ្លះទៀត ទ្រង់កើតទុក្ខយ៉ាងខ្លាំងដោយមិនមានបន្ទូលអ្វីសោះ ហើយមើលទៅដូចជា ទ្រង់មានពេញដោយទុក្ខព្រួយ ដូចជាអ្នកម្ដាយម្នាក់ដែលស្គមស្គាំង និងល្ហិតល្ហៃ។ ពេលខ្លះ ទ្រង់ពេញដោយកំហឹង ដូចជាទាហានដ៏អង់អាចដែលសម្រុកទៅសម្លាប់ខ្មាំង ហើយពេលខ្លះទៀត ទ្រង់ដូចជាសត្វសិង្ហដែលកំពុងគ្រហឹម។ ពេលខ្លះ ទ្រង់សើច ហើយពេលខ្លះទៀត ទ្រង់បានអធិស្ឋាន ហើយយំសោកផង។ ទោះបីជាព្រះយេស៊ូវប្រព្រឹត្តយ៉ាងណាក៏ដោយ ក៏ពេត្រុសកាន់តែមានចិត្តស្រឡាញ់ និងការគោរពចំពោះទ្រង់ដែនឥតកំណត់។ សំណើចរបស់ព្រះយេស៊ូវបានធ្វើឲ្យគាត់ពេញដោយសេចក្តីសុខ ទុក្ខសោករបស់ទ្រង់បានធ្វើឲ្យគាត់លិចលង់ក្នុងទុក្ខព្រួយ កំហឹងទ្រង់បានធ្វើឲ្យគាត់ខ្លាច ខណៈពេលដែលព្រះទ័យមេត្តា ការអត់ទោស និងការទាមទារដ៏តឹងរ៉ឹងដែលទ្រង់ចង់បានពីមនុស្ស បានធ្វើឲ្យគាត់ស្រឡាញ់ព្រះយេស៊ូវ និងបង្កើតជាការគោរព និងការស្រេកឃ្លានចង់បានទ្រង់យ៉ាងពិតប្រាកដ។ ពិតណាស់ ក្រោយពេលពេត្រុសបានរស់នៅជាមួយព្រះយេស៊ូវ អស់រយៈពេលជាច្រើនឆ្នាំ ទើបគាត់ចាប់ផ្ដើមទទួលស្គាល់ការទាំងអស់នេះបន្តិចម្ដងៗ។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ទ្រង់ឲ្យបានពិតប្រាកដ ចង់យល់ពីទ្រង់ឲ្យបានពិតប្រាកដ នោះចូរកុំរឹតត្បិតខ្លួនឯងឲ្យនៅតែក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬរឿងនិទាននានាអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីមុន។ ប្រសិនបើអ្នកព្យាយាមស្គាល់ទ្រង់តាមរបៀបនោះ មានន័យថាអ្នកកំពុងតែដាក់ដែនកំណត់លើព្រះជាម្ចាស់ដោយរឹតត្បិតទ្រង់។ អ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ដូចវត្ថុដ៏តូចបំផុតមួយ។ តើការធ្វើដូច្នោះនឹងជះឥទ្ធិពលយ៉ាងណាដល់មនុស្ស? អ្នកនឹងមិនអាចដឹងសោះឡើយអំពីភាពល្អអស្ចារ្យ និងភាពឧដុង្គឧត្ដមរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះចេស្ដា និងសព្វានុភាពរបស់ទ្រង់ ព្រមទាំងវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់ផងដែរ។ ការយល់ដឹងបែបនេះនឹងមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការទទួលការពិតដែលថា ព្រះជាម្ចាស់ជាមេដឹកនាំនៃរបស់សព្វសារពើ ក៏ដូចជាការស្គាល់នូវអត្តសញ្ញាណ និងឋានៈពិតរបស់ព្រះជាម្ចាស់។ ម៉្យាងទៀត ប្រសិនបើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រូវបានកម្រិតឲ្យនៅតែក្នុងវិសាលភាព នោះអ្វីៗដែលអ្នកអាចទទួលបានក៏មានកម្រិតដូចគ្នា។ ហេតុនេះហើយអ្នកត្រូវតែពង្រីកវិសាលភាពរបស់អ្នក និងពង្វាតព្រំដែនចំណេះរបស់អ្នក។ អ្នកគួរតែស្វះស្វែងយល់អំពីអ្វីៗទាំងអស់នេះដូចជា វិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់ វិន័យរបស់ទ្រង់ និងរបស់ទាំងអស់ដែលទ្រង់គ្រប់គ្រង និងត្រួតត្រា។ អ្នកគួរតែបែរមកយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរយៈអ្វីៗទាំងនេះ។ ដោយមានការយល់ដឹងបែបនេះ អ្នកនឹងទៅជាយល់ដោយមិនដឹងខ្លួនថា ព្រះជាម្ចាស់ត្រួតត្រា គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើនៅក្នុងចំណោមពួកវា ហើយអ្នកក៏នឹងយល់ពិតប្រាកដថា អ្នកគឺជាចំណែក និងជាសមាជិកនៃរបស់សព្វសារពើ។ ដោយព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ ដូច្នេះអ្នកក៏កំពុងតែទទួលវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាមនុស្សអាចស្រាវជ្រាវយ៉ាងជ្រាលជ្រៅអំពីវិទ្យាសាស្ត្រ និងច្បាប់នានាដែលគ្រប់គ្រងរបស់សព្វសារពើក៏ដោយ ក៏ការស្រាវជ្រាវនោះនៅតែមានដែនកំណត់ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ សម្រាប់មនុស្ស ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺគ្មានដែនកំណត់ទេ។ មនុស្សម្នាក់អាចចំណាយពេលពេញមួយជីវិតដើម្បីស្រាវជ្រាវអំពីកិច្ចការដ៏តូចបំផុតរបស់ព្រះជាម្ចាស់ដោយមិនទទួលបានលទ្ធផលពិតអ្វីឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រើតែចំណេះដឹង និងអ្វីៗដែលអ្នកបានរៀនដើម្បីសិក្សាអំពីព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ ឬយល់ពីទ្រង់បានឡើយ។ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកផ្លូវស្វែងរកការពិត និងស្វែងរកព្រះជាម្ចាស់ ហើយក្រឡេកមើលព្រះជាម្ចាស់តាមបែបបែរមកស្គាល់ទ្រង់ នោះនៅថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា សកម្មភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ គឺមាននៅគ្រប់ទីកន្លែងក្នុងពេលតែមួយ ហើយអ្នកនឹងដឹងពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជា ម្ចាស់នៃរបស់សព្វសារពើ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកមានការយល់ដឹងបែបនេះកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ពីមូលហេតុដែលគេថា ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើមិនខាន។ របស់សព្វសារពើគ្រប់យ៉ាង ដែលរួមទាំងខ្លួនអ្នកផង សុទ្ធតែកំពុងទទួលការប្រទានពីព្រះជាម្ចាស់ជាហូរហែយ៉ាងមាំទាំឥតឈប់ឈរ។ អ្នកក៏នឹងអាចដឹងយ៉ាងច្បាស់ផងដែរថា នៅក្នុងពិភពលោកនេះ និងនៅក្នុងចំណោមមនុស្សជាតិនេះ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ដែលអាចមានសមត្ថភាព និងសារជាតិក្នុងការត្រួតត្រា គ្រប់គ្រង និងថែរក្សាវត្ដមាននៃរបស់សព្វសារពើដូចទ្រង់បានឡើយ។ នៅពេលអ្នកឈានដល់កម្រិតយល់ដឹងនេះ អ្នកនឹងពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់របស់អ្នក។ នៅពេលអ្នកឈានដល់ចំនុចនេះ អ្នកពិតជានឹងបានទទួលយកព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើជាព្រះជាម្ចាស់របស់អ្នក និងធ្វើជាម្ចាស់របស់អ្នក។ នៅពេលអ្នកបានទទួលការយល់ដឹងបែបនេះ ហើយជីវិតរបស់អ្នកបានឈានដល់ចំនុចបែបនេះ នោះព្រះជាម្ចាស់នឹងលែងសាកល្បង និងជំនុំជម្រះអ្នកទៀតហើយ ហើយទ្រង់ក៏នឹងមិនទាមទារអ្វីពីអ្នកទៀតដែរ ពីព្រោះអ្នកមុខជាយល់ពីព្រះជាម្ចាស់ មុខជាស្គាល់ព្រះហឫទ័យរបស់ទ្រង់ ហើយមុខជាបានទទួលយកព្រះជាម្ចាស់ចូលក្នុងដួងចិត្ដរបស់អ្នកពិតប្រាកដមែន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VIII» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។ ដ្បិតព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់ជាញឹកញាប់ ដើម្បីឲ្យមនុស្សមើលឃើញ។ ព្រះជាម្ចាស់មិនដែលឈប់សន្ទនាជាមួយមនុស្សជាតិឡើយ ទ្រង់មិនដែលលាក់បាំងអង្គទ្រង់ពីមនុស្ស ហើយក៏មិនបានលាក់ព្រះភ័ក្ត្រទ្រង់ផ្ទាល់នោះដែរ។ ព្រះតម្រិះ យោបល់ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ត្រូវបានបើកសម្ដែងឲ្យមនុស្សជាតិបានឃើញ។ ដូច្នេះ ដរាបណាមនុស្សចង់ស្គាល់ព្រះជាម្ចាស់ នោះគេនឹងអាចយល់ ហើយស្គាល់ទ្រង់ តាមរយៈមធ្យោបាយ និងវិធីសាស្ត្រគ្រប់ប្រភេទមិនខាន។ ហេតុផលដែលមនុស្សគិតទាំងងងឹតងងល់ថា ព្រះជាម្ចាស់មានបំណងគេចវេះពីគេ គិតថាព្រះជាម្ចាស់មានបំណងលាក់ព្រះភ័ក្ត្រទ្រង់ពីមនុស្ស គិតថាព្រះជាម្ចាស់គ្មានបំណងចង់ឲ្យមនុស្សយល់ និងស្គាល់ទ្រង់នោះ គឺដោយសារតែគេមិនស្គាល់ថាទ្រង់ជានរណា ហើយក៏គ្មានចិត្តចង់យល់ពីព្រះជាម្ចាស់ដែរ។ លើសពីនេះទៅទៀត មនុស្សមិនខ្វល់ជាមួយព្រះតម្រិះ ព្រះបន្ទូល ឬទង្វើរបស់ព្រះជាម្ចាស់នោះឡើយ...។ និយាយដោយត្រង់ បើមនុស្សគ្រាន់តែប្រើពេលទំនេររបស់គេ ដើម្បីផ្ដោតអារម្មណ៍ និងយល់ពីព្រះបន្ទូល ឬទង្វើរបស់ព្រះអាទិករ ហើយបើគេយកចិត្តទុកដាក់តែបន្ដិចចំពោះព្រះតម្រិះរបស់ព្រះអាទិករ និងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ នោះវានឹងមិនពិបាកសម្រាប់មនុស្សក្នុងការទទួលស្គាល់ថា ព្រះតម្រិះ ព្រះបន្ទូល និងទង្វើរបស់ព្រះអាទិករ ពិតជាច្បាស់ៗ និងមានតម្លាភាពនោះឡើយ។ ដូចគ្នាដែរ វានឹងត្រូវការកិច្ចខិតខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះក្នុងការទទួលស្គាល់ថា ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា ទទួលស្គាល់ថា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងការបង្កើតទាំងអស់ និងទទួលស្គាល់ទៀតថា ទ្រង់កំពុងតែធ្វើសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ។ លក្ខណៈសំខាន់ និងនិស្ស័យរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស ហើយព្រះតម្រិះ និងយោបល់របស់ទ្រង់ត្រូវបានស្ដែងចេញទាំងអស់នៅក្នុងសកម្មភាពរបស់ទ្រង់។ ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា។ ទ្រង់មានបន្ទូលស្ងាត់ៗទៅកាន់មនុស្សជាតិ និងការបង្កើតទាំងអស់ ដោយព្រះបន្ទូលស្ងាត់ៗថា៖ «អញគង់នៅក្នុងស្ថានសួគ៌ ហើយអញស្ថិតនៅក្នុងចំណោមការបង្កើតរបស់អញ។ អញកំពុងតែបន្តទតមើល បន្តរង់ចាំ ហើយអញគង់នៅខាងឯងហើយ...»។ ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ និងរឹងមាំ។ ដានព្រះបាទាទ្រង់ជាពន្លឺ។ ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ។ ទម្រង់របស់ទ្រង់ឆ្លងផុត និងផ្លាស់ប្រែ ក្រសោបយកមនុស្សជាតិទាំងអស់។ ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត។ ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ។ ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលជំនិតរបស់មនុស្សជាតិជានិច្ច គឺមិនដែលចាកចោលពួកគេឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាការស្គាល់ព្រះជាម្ចាស់ និងអ្វីជាសារៈសំខាន់នៃការស្គាល់ព្រះជាម្ចាស់

បន្ទាប់៖ ៣. មូលហេតុដែលនិយាយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ទាស់ទទឹងនឹងព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ