៤. របៀបដែលមនុស្សគួរតែអនុវត្តសេចក្ដីជំនឿរបស់ពួកគេ ដើម្បីរួចផុតពីកម្លាំងរបស់សាតាំង និងត្រូវបានសង្គ្រោះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឲ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឲ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាម ការបញ្ជារបស់សាតាំង។ ហេតុនេះព្រះជាម្ចាស់ គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះ។ មនុស្សលោក ត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែ ពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឲ្យរួចពីអំពើបាបសិន។ មានតែតាមរបៀបនេះទេ ដែលព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឲ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកឡើងមកទើបទ្រង់ត្រូវធ្វើឲ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឲ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឲ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឲ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឲ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឲ្យពេញខ្នាត ចូលទៅក្នុងសេចក្ដីសម្រាក។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សារសំខាន់នៃការជឿលើព្រះជាម្ចាស់ គឺដើម្បីត្រូវបានសង្គ្រោះ ដូច្នេះតើការដែលត្រូវបានសង្គ្រោះមានន័យដូចម្ដេច? មនុស្សនិយាយអំពី «ការត្រូវបានសង្គ្រោះ» «ការបំបែកចេញពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង» នេះជាញឹកញាប់ ប៉ុន្តែពួកគេពុំដឹងថាតើការត្រូវបានសង្គ្រោះមានន័យបែបណានោះទេ។ តើការត្រូវបានសង្គ្រោះមានន័យបែបណា? វាជាប់ទាក់ទិននឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ និយាយឲ្យងាយយល់ ដើម្បីត្រូវបានសង្គ្រោះ មានន័យថា អ្នកអាចបន្តរស់នៅបាន ហើយអ្នកត្រូវបានត្រឡប់មកជាមានជីវិតសាជាថ្មី។ ដូច្នេះ នៅមុនពេលនោះ តើអ្នកស្លាប់មែនទេ? អ្នកអាចនិយាយបាន ហើយអ្នកអាចដកដង្ហើមបាន ដូច្នេះ តើគេអាចនិយាយថាអ្នកស្លាប់បានយ៉ាងដូចម្ដេចទៅ? (វិញ្ញាណគឺស្លាប់)។ តើហេតុអ្វីបានជាគេនិយាយថា មនុស្សស្លាប់ ប្រសិនបើវិញ្ញាណរបស់ពួកគេស្លាប់? តើការនិយាយបែបនេះមានមូលដ្ឋានអ្វី? តើមនុស្សរស់នៅក្រោមដែនត្រួតត្រារបស់នរណា មុនពេលដែលពួកគេបានទទួលនូវការសង្គ្រោះ? (នៅក្រោមដែនត្រួតត្រារបស់សាតាំង)។ តើមនុស្សពឹងផ្អែកលើអ្វីខ្លះក្នុងការរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង? ពួកគេពឹងផ្អែកលើធម្មជាតិ និងនិស្ស័យពុករលួយរបស់សាតាំងក្នុងការរស់នៅ។ នៅពេលមនុស្សរស់នៅតាមសេចក្ដីទាំងនេះ តើជីវិតរបស់គេទាំងមូល សាច់ឈាមរបស់គេ និងគ្រប់ទិដ្ឋភាពដទៃផ្សេងទៀតទាំងអស់ ដូចជាព្រលឹងនិងការគិតរបស់ពួកគេ នៅរស់ ឬស្លាប់? តាមទស្សនៈរបស់ព្រះជាម្ចាស់ ពួកគេស្លាប់។ មើលពីសំបកក្រៅ អ្នកហាក់ដូចជាកំពុងដកដង្ហើមនិងកំពុងគិត ប៉ុន្តែអ្វីគ្រប់យ៉ាងដែលកំពុងគិតមិនឈប់នោះ គឺជារឿងអាក្រក់។ អ្នកគិតអំពីអ្វីៗដែលទាស់នឹងព្រះជាម្ចាស់ ហើយមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គិតអំពីរឿងដែលព្រះជាម្ចាស់ស្អប់ខ្ពើម មិនសព្វព្រះទ័យ និងដាក់ទោស។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គ្រប់សព្វសារពើទាំងអស់នេះ មិនត្រឹមតែជារបស់ខាងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែវាសុទ្ធតែជាកម្មសិទ្ធិរបស់សាតាំង និងពួកអារក្ស។ ដូច្នេះ តើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាអ្វីវិញ? តើពួកគេជាមនុស្សដែរឬទេ? អត់ទេ ពួកគេមិនមែនជាមនុស្សទេ។ ព្រះជាម្ចាស់ទតឃើញថា ពួកគេជាអារក្ស ជាសត្វ និងជាសាតាំង ជាខ្មោចសាតាំងដើរដី! មនុស្សរស់នៅតាមសម្ភារៈ និងតាមសារជាតិរបស់សាតាំង ហើយក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេខ្លួនឯងគឺជាខ្មោចសាតាំងដើរដី ដែលពាក់ស្បែកមនុស្ស។ ព្រះជាម្ចាស់ហៅមនុស្សបែបនេះថា ជាសាកសពចេះដើរ ជាមនុស្សស្លាប់។ ព្រះជាម្ចាស់បំពេញកិច្ចការនៃការសង្រ្គោះនាពេលបច្ចុប្បន្ននេះដើម្បីទទួលយកមនុស្សបែបនេះ ជាសាកសពចេះដើរ ដែលរស់នៅតាមនិស្ស័យពុករលួយបែបសាតាំង និងតាមសារជាតិពុករលួយបែបសាតាំង។ ទ្រង់ទទួលយកមនុស្សដែលហៅថាជាមនុស្សស្លាប់នេះ និងប្រោសឲ្យពួកគេមានជីវិតរស់ឡើងវិញ។ នេះហើយគឺជាអត្ថន័យនៃការត្រូវបានសង្គ្រោះ។

ចំណុចនៃការជឿលើព្រះជាម្ចាស់ គឺការទទួលបានសេចក្ដីសង្គ្រោះ។ ការត្រូវបានសង្គ្រោះ មានន័យថា អ្នកបានប្រែពីមនុស្សស្លាប់ទៅជាមនុស្សរស់វិញ។ អត្ថន័យនៃចំណុចនេះគឺថា ដង្ហើមរបស់អ្នកបានដកឡើងវិញ ហើយអ្នកមានជីវិតរស់។ អ្នកអាចស្គាល់ព្រះជាម្ចាស់ ហើយអ្នកអាចក្រាបចុះដើម្បីថ្វាយបង្គំព្រះជាម្ចាស់បាន។ នៅក្នុងដួងចិត្តរបស់អ្នក អ្នកគ្មានការរឹងទទឹងនឹងព្រះជាម្ចាស់ទេ។ អ្នកក៏លែងប្រឆាំងទាស់នឹងទ្រង់ វាយប្រហារទ្រង់ ឬបះបោរប្រឆាំងនឹងទ្រង់ទៀតដែរ។ មានតែមនុស្សបែបនេះទេដែលមានជីវិតពិតប្រាកដនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែនិយាយថា ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ដូច្នេះ តើពួកគេជាមនុស្សរស់ឬអត់? (អត់ទេ ពួកគេមិនមែនទេ)។ ដូច្នេះ តើមនុស្សប្រភេទណាជាមនុស្សរស់? តើភាពពិតបែបណាដែលមនុស្សរស់មាន? យ៉ាងហោចណាស់ មនុស្សរស់អាចនិយាយភាសាមនុស្សបាន។ តើនោះមានន័យដូចម្ដេច? វាមានន័យថា ពាក្យដែលពួកគេនិយាយមានគំនិត ការគិត និងការយល់ដឹង។ ជារឿយៗ តើមនុស្សរស់គិតនិងធ្វើអ្វីខ្លះ? ពួកគេអាចចូលរួមក្នុងសកម្មភាពមនុស្ស និងបំពេញភារកិច្ចរបស់ពួកគេបាន។ តើអ្វីដែលពួកគេធ្វើ និងនិយាយមានលក្ខណៈធម្មជាតិអ្វីខ្លះ? នោះគឺថាគ្រប់យ៉ាងដែលពួកគេបើកសម្ដែងឲ្យឃើញ គ្រប់យ៉ាងដែលពួកគេគិត និងគ្រប់យ៉ាងដែលពួកគេធ្វើ គឺធ្វើទៅតាមធម្មជាតិនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដើម្បីនិយាយឲ្យកាន់តែងាយយល់ ក្នុងនាមជាមនុស្សរស់ម្នាក់ រាល់ទង្វើរបស់អ្នក និងរាល់ការគិតរបស់អ្នក មិនត្រូវបានព្រះជាម្ចាស់ដាក់ទោស ឬត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោលនោះទេ តែផ្ទុយទៅវិញ ទង្វើនិងការគិតនោះ ត្រូវបានព្រះជាម្ចាស់ទទួលយក និងកោតសរសើរ។ នេះគឺអ្វីដែលមនុស្សរស់ធ្វើ ហើយវាក៏ជាអ្វីដែលមនុស្សរស់គប្បីត្រូវធ្វើផងដែរ។

ដកស្រង់ពី «មានតែមនុស្សម្នាក់ស្ដាប់បង្គាប់ដោយពិតប្រាកដទេ ទើបគេមានសេចក្ដីជំនឿដ៏ពិតប្រាកដ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

អស់អ្នកដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត គឺជាមនុស្សដែលរស់នៅក្នុងសេចក្តីស្លាប់ គឺជាអស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង។ បើគ្មានការសង្គ្រោះពីព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់ជំនុំជម្រះ ព្រមទាំងវាយផ្ចាលនោះទេ នោះមនុស្សមិនអាចគេចផុតពីឥទ្ធិពលរបស់សេចក្តីស្លាប់បានឡើយ។ ពួកគេមិនអាចក្លាយជាមនុស្សមានជីវិតបានទេ។ «មនុស្សស្លាប់» ទាំងនេះ មិនអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ ហើយព្រះជាម្ចាស់ក៏មិនអាចប្រើពួកគេដែរ ជាងនេះទៅទៀត ពួកគេ រឹតតែមិនអាចចូលទៅក្នុងនគរព្រះបានទៀតផង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានទីបន្ទាល់របស់មនុស្សមានជីវិត មិនមែនមនុស្សស្លាប់នោះទេ ហើយទ្រង់ស្នើឲ្យមនុស្សមានជីវិតធ្វើការសម្រាប់ទ្រង់ មិនមែនមនុស្សស្លាប់នោះទេ។ «មនុស្សស្លាប់» គឺអស់អ្នកដែលទាស់ទទឹង ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលស្ពឹកស្រពន់ខាងវិញ្ញាណ ហើយមិនយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលមិនយកសេចក្តីពិតទៅអនុវត្ត ហើយមិនមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់សូម្បីតែបន្តិច ហើយពួកគេគឺជាមនុស្សដែលរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងត្រូវបានសាតាំងកេងប្រវ័ញ្ច។ មនុស្សស្លាប់ស្ដែងពីខ្លួនរបស់គេតាមរយៈការក្រោកឈរប្រឆាំងនឹងសេចក្តីពិត តាមរយៈការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងតាមរយៈចរិតឱនលំទោន ភាពថោកទាប ភាពអាក្រក់ ភាពសាហាវឃោរឃៅ ការបោកប្រាស់ និងកលល្បិច។ ទោះបីជាមនុស្សបែបនេះបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅបានដែរ។ ទោះបីជាពួកគេមានជីវិតក៏ដោយ ក៏ពួកគេគ្រាន់តែជាសាកសពដែលដកដង្ហើម និងសាកសពដែលដើរប៉ុណ្ណោះ។ មនុស្សស្លាប់ពិតជាមិនអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបានឡើយ ជាងនេះទៅទៀត ពួកគេ ក៏កាន់តែមិនស្តាប់បង្គាប់ទ្រង់យ៉ាងពិតប្រាកដទៀតផង។ ពួកគេគ្រាន់តែអាចបោកបញ្ឆោតទ្រង់ ប្រមាថប្រឆាំងនឹងទ្រង់ និងក្បត់ទ្រង់ប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលពួកគេនាំមកតាមរយៈរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែបើកសម្តែងពីធម្មជាតិរបស់សាតាំង។ ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ និងការដោះស្រាយពីព្រះជាម្ចាស់ ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវ ទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើតមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឲ្យពួកគេរស់ឡើងវិញ ដើម្បីឲ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឲ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។

ដកស្រង់ពី «តើអ្នកគឺជាមនុស្សម្នាក់ដែលមានជីវិតឬ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបានការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏ដោយ ទោះបីជាមានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំដែរ។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែ ទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ ការវាយផ្ចាលរបស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឲ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែ លើសពីនេះទៅទៀត វាជាការវាយផ្ចាល និងការជំនុំជម្រះ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានពិសោធន៍នូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។ ទោះបីទូលបង្គំបានជួបការល្បងល និងទុក្ខវេទនារាប់រយ ហើយទោះបីជាទូលបង្គំប៊ិះនឹងស្លាប់ក៏ដោយ ប៉ុន្តែ វាបានជួយឲ្យទូលបង្គំស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងទទួលបានសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតវិញទេ។ ប្រសិនបើការវាយផ្ចាល ការជំនុំជម្រះ និងការលត់ដំរបស់ទ្រង់ ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះទូលបង្គំនឹងរស់នៅក្នុងសេចក្តីងងឹត ក្រោមដែនត្រួតត្រារបស់អារក្សសាតាំងមិនខាន។ តើសាច់ឈាមរបស់មនុស្សមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះវាប្រៀបបីដូចជាព្រះវិញ្ញាណរបស់ទ្រង់បានបោះបង់ចោលទូលបង្គំ និងដូចជាទ្រង់លែងគង់នៅជាមួយទូលបង្គំអ៊ីចឹង។ ប្រសិនបើបែបនេះមែន តើទូលបង្គំអាចបន្តរស់នៅយ៉ាងម៉េចកើតទៅ? ប្រសិនបើទ្រង់ប្រទានឲ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែ ប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួតត្រារបស់អារក្សសាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ? ទូលបង្គំមិនអាចទ្រាំទ្រនឹងសេចក្តីងងឹត និងជីវិតបែបនេះបានឡើយ។ ដោយមានទ្រង់គង់នៅជាមួយទូលបង្គំ គឺដូចជាទូលបង្គំមើលឃើញទ្រង់អ៊ីចឹង ដូច្នេះ តើទូលបង្គំអាចចាកចេញពីទ្រង់បានយ៉ាងដូចម្ដេចកើត? ទូលបង្គំសូមអង្វរ សូមទ្រង់កុំដកសេចក្តីកំសាន្តចិត្តដ៏ធំបំផុតរបស់ទូលបង្គំចេញពីជីវិតរបស់ទូលបង្គំឡើយ ទោះបីវាគ្រាន់តែជាព្រះបន្ទូលនៃសេចក្តីធានាអះអាងតែពីរបីពាក្យក៏ដោយ។ ទូលបង្គំបានរីករាយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនៅថ្ងៃនេះ ទូលបង្គំមិនអាចរស់នៅដោយគ្មានទ្រង់បានឡើយ។ តើទូលបង្គំអាចមិនស្រឡាញ់ទ្រង់យ៉ាងដូចម្ដេចកើត? ទូលបង្គំបានបង្ហូរទឹកភ្នែកនៃទុក្ខព្រួយជាច្រើនដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែ ទូលបង្គំតែងតែមានអារម្មណ៍ថា ជីវិតបែបនេះទើបជាជីវិតដែលមានអត្ថន័យជាង ធ្វើឲ្យជីវិតទូលបង្គំកាន់តែប្រសើរឡើង កាន់តែអាចបំផ្លាស់បំប្រែទូលបង្គំ និងកាន់តែអាចជួយឲ្យទូលបង្គំទទួលបានសេចក្តីពិត ដែលសត្តនិករគួរតែមាន»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជីវិតទាំងស្រុងរបស់មនុស្សត្រូវបានរស់នៅក្រោមដែនត្រួតត្រារបស់អារក្សសាតាំង ហើយគ្មានមនុស្សណាម្នាក់ អាចរំដោះខ្លួនចេញពីឥទ្ធិពលរបស់អារក្សសាតាំងដោយខ្លួនអ្នកបានឡើយ។ មនុស្សទាំងអស់រស់នៅក្នុងពិភពដ៏ស្មោកគ្រោក នៅក្នុងសេចក្តីពុករលួយ និងភាពទទេ ដោយគ្មានអត្ថន័យ ឬតម្លៃអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានផង ហើយពួកគេរស់នៅក្នុងជីវិតដែលមិនខ្វល់ គឺរស់នៅសម្រាប់តែខាងសាច់ឈាម សម្រាប់សេចក្តីស្រើបស្រាល និងសម្រាប់តែអារក្សសាតាំងប៉ុណ្ណោះ។ វាគ្មានតម្លៃអ្វីសោះឡើយចំពោះអត្ថិភាពរបស់ពួកគេ។ មនុស្សគ្មានសមត្ថភាពរកឃើញសេចក្តីពិតដែលនឹងរំដោះគេឲ្យចេញផុតពីដែនឥទ្ធិពលរបស់អារក្សសាតាំងឡើយ។ ទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងអានព្រះគម្ពីរក៏ដោយ ក៏គេមិនយល់អំពីរបៀបរំដោះខ្លួនចេញពីឥទ្ធិពលគ្រប់គ្រងរបស់អារក្សសាតាំងដែរ។ នៅគ្រប់យុគសម័យ មានមនុស្សតិចតួចណាស់ដែលបានរកឃើញនូវអាថ៌កំបាំងនេះ ហើយមានមនុស្សតិចតួចណាស់ដែលបានយល់អំពីការនេះ។ ដូច្នេះហើយ ទោះបីជាមនុស្សស្អប់ខ្ពើមអារក្សសាតាំង និងស្អប់សាច់ឈាមក៏ដោយ ក៏គេមិនដឹងពីរបៀបដកខ្លួនចេញពីឥទ្ធិពលទាក់ចិត្តរបស់អារក្សសាតាំងដែរ។ នៅថ្ងៃនេះ តើអ្នករាល់គ្នាមិនស្ថិតនៅក្រោមដែនគ្រប់គ្រងរបស់អារក្សសាតាំងទេឬអី? អ្នករាល់គ្នាមិនស្ដាយក្រោយចំពោះទង្វើមិនស្ដាប់បង្គាប់របស់ខ្លួនហើយ ថែមទាំងមិនមានអារម្មណ៍ថា ខ្លួនអ្នកស្មោកគ្រោក និងមិនស្ដាប់បង្គាប់ទៀត។ ក្រោយពេលដែលប្រឆាំងនឹងព្រះជាម្ចាស់ អ្នករាល់គ្នាថែមទាំងមានសេចក្តីសុខផ្លូវចិត្ត និងសេចក្តីសុខសាន្តថែមទៀត។ តើសេចក្តីសុខសាន្តរបស់អ្នក មិនមែនដោយសារតែអ្នកជាមនុស្សពុករលួយទេឬអី? តើសេចក្តីសុខផ្លូវចិត្តនេះមិនមែនចេញមកពីការមិនស្ដាប់បង្គាប់របស់អ្នកទេឬអី? មនុស្សរស់នៅក្នុងស្ថាននរករបស់មនុស្ស គេរស់នៅក្រោមឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំង ហើយនៅទូទាំងទឹកដី ខ្មោចរស់នៅរួមជាមួយមនុស្ស ដោយចូលទន្ទ្រានលើសាច់ឈាមរបស់មនុស្ស។ នៅលើផែនដី អ្នកមិនរស់នៅក្នុងស្ថានបរមសុខដ៏ស្រស់ស្អាតឡើយ។ ទីកន្លែងដែលអ្នករស់នៅ គឺជាពិភពរបស់អារក្ស ជានរករបស់មនុស្ស ជាស្ថានអវចី។ ប្រសិនបើមនុស្សមិនត្រូវបានលាងជម្រះទេ នោះគេចេញពីអ្វីៗដែលស្មោកគ្រោកហើយ។ ប្រសិនបើគេមិនត្រូវបានព្រះជាម្ចាស់ការពារ និងមើលថែទេ នោះគេនៅតែជាឈ្លើយសឹករបស់អារក្សសាតាំងដដែល។ ប្រសិនបើគេមិនទទួលការជំនុំជម្រះ និងការវាយផ្ចាលទេ នោះគេនឹងគ្មានផ្លូវរត់គេចខ្លួនចេញពីការសង្កត់សង្កិននៃឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំងបានឡើយ។ និស្ស័យដ៏ពុកខូចដែលអ្នកបង្ហាញចេញ និងអាកប្បកិរិយាមិនស្ដាប់បង្គាប់ដែលអ្នកបង្ហាញចេញមកតាមរយៈការរស់នៅ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា អ្នកកំពុងតែរស់នៅក្រោមដែនត្រួតត្រារបស់អារក្សសាតាំងដដែល។ ប្រសិនបើគំនិត និងចិត្តរបស់អ្នកមិនត្រូវបានលាងជម្រះទេ ហើយនិស្ស័យរបស់អ្នកមិនត្រូវបានជំនុំជម្រះ និងវាយផ្ចាលទេ នោះជីវិតទាំងមូលរបស់អ្នកនឹងនៅតែត្រូវបានត្រួតត្រា ដោយដែនត្រួតត្រារបស់អារក្សសាតាំង គំនិតរបស់អ្នកត្រូវបានបង្គាប់បញ្ជាដោយសាតាំង ហើយរូបកាយទាំងមូលរបស់អ្នកក៏ត្រូវបានត្រួតត្រាដោយដៃរបស់សាតាំងដែរ។ ឥឡូវនេះ តើអ្នកដឹងដែរឬទេថា អ្នកនៅឆ្ងាយប៉ុនណាពីបទដ្ឋានរបស់ពេត្រុស? តើអ្នកមាននូវគុណសម្បត្តិនោះដែរឬទេ? តើអ្នកដឹងច្រើនប៉ុនណាអំពីការវាយផ្ចាល និងការជំនុំជម្រះនៅថ្ងៃនេះ? តើអ្នកមានគុណសម្បត្តិដែលពេត្រុសបានដឹងច្រើនកម្រិតណាទៅ? ប្រសិនបើអ្នកមិនដឹងនៅថ្ងៃនេះទេ តើអ្នកនឹងអាចទទួលបានចំណេះដឹងនេះនៅថ្ងៃខាងមុខដែរឬទេ? មនុស្សដែលមានចរិតខ្ជិលច្រអូស និងកំសាកដូចអ្នកនេះ គឺគ្មានសមត្ថភាពដឹងអំពីការវាយផ្ចាល និងការជំនុំជម្រះឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីសុខនៃសាច់ឈាម និងសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម នោះអ្នកនឹងគ្មានផ្លូវទទួលការលាងជម្រះបានឡើយ ហើយនៅទីចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅឯសាតាំងវិញ ដ្បិតអ្វីដែលអ្នកបង្ហាញចេញតាមរយៈការរស់នៅ គឺជាសាតាំង និងសាច់ឈាម។ នាពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមិនបន្តស្វែងរកជីវិតឡើយ នេះមានន័យថា ពួកគេមិនខ្វល់អំពីការលាងជម្រះ ឬអំពីការចូលទៅក្នុងបទពិសោធន៍ជីវិតកាន់តែស៊ីជម្រៅឡើយ។ បើដូច្នេះ តើពួកគេអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដោយរបៀបណា? អស់អ្នកដែលមិនបន្តស្វែងរកជីវិត គ្មានឱកាសទទួលបានការប្រោសឲ្យគ្រប់លក្ខណ៍ឡើយ ហើយអស់អ្នកដែលមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ អ្នកដែលមិនបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ ក៏គ្មានសមត្ថភាពរួចខ្លួនពីឥទ្ធិពលដ៏ងងឹតរបស់អារក្សសាតាំងដែរ។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នកអាចគេចចេញពីឥទ្ធិពលនៃភាពងងឹតក្រោយពីទទួលបានជំនឿលើព្រះជាម្ចាស់បានដោយរបៀបណា? នៅពេលដែលអ្នកបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្មោះត្រង់ អ្នកបង្វែរដួងចិត្ដរបស់អ្នកទៅរកព្រះអង្គទាំងស្រុង ក្នុងដំណាក់កាលនេះ ដួងចិត្តរបស់អ្នកនឹងត្រូវបណ្ដាលដោយព្រះវិញ្ញាណនៃព្រះ។ អ្នករឹតតែព្រមថ្វាយខ្លួនឯងផ្ទាល់ចំពោះព្រះជាម្ចាស់ទាំងស្រុង ហើយនៅពេលនេះ អ្នកបានគេចផុតពីឥទ្ធិពលនៃភាពងងឹតហើយ។ ប្រសិនបើទង្វើគ្រប់យ៉ាងដែលមនុស្សធ្វើ គឺជាទង្វើដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ និងស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ នោះគេជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅស្ថិតក្រោមការថែរក្សា និងការការពាររបស់ទ្រង់។ ប្រសិនបើមនុស្សមិនអាចអនុវត្ដព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ប្រសិនបើគេតែងតែព្យាយាមបញ្ឆោតព្រះអង្គ ដោយធ្វើល្អបង្គ្រប់កិច្ចចំពោះព្រះអង្គ ហើយមិនជឿលើព្រះវត្ដមានគង់នៅរបស់ព្រះអង្គ អ្នកទាំងនេះហើយគឺជាមនុស្សទាំងអស់ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទទួលបានការសង្គ្រោះពីព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង ពោលគឺ ពួកគេទាំងអស់គ្នារស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនជឿលើព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅ ក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។ សូម្បីតែមនុស្សដែលជឿលើព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់ក៏ប្រហែលជាមិនចាំបាច់កំពុងតែរស់ក្នុងពន្លឺរបស់ព្រះជាម្ចាស់ដែរ ដ្បិតតាមពិត អស់អ្នកដែលជឿលើទ្រង់ ក៏ប្រហែលជាមិនមែនកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយក៏មិនអាចចុះចូលនឹងព្រះជាម្ចាស់បានដែរ។ មនុស្សមានដែនកំណត់ចំពោះការជឿលើព្រះជាម្ចាស់ ហើយដោយសារមនុស្សគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ នោះគេនៅតែកំពុងរស់នៅជាមួយនឹងក្រឹត្យក្រមចាស់គំរឹល រស់នៅក្នុងន័យពាក្យដែលគ្មានបានការ នៅក្នុងជីវិតមួយដែលងងឹត មិនច្បាស់លាស់ មិនត្រូវបានបន្សុទ្ធដោយព្រះជាម្ចាស់ទាំងស្រុង ហើយមិនត្រូវបានទទួលយកទាំងស្រុងពីព្រះអង្គដែរ។ ដូចនេះ សូម្បីតែមនុស្សដែលជឿលើព្រះជាម្ចាស់ ក៏ប្រហែលជាកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតដែរ ដ្បិតពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាមិនបាច់និយាយក៏ដឹងដែរថា អ្នកដែលមិនជឿលើព្រះជាម្ចាស់ គេកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទាន់បានទទួលនូវព្រះគុណ និងក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ និងមនុស្សដែលមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺគេកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយមនុស្សដែលអាស្រ័យផលនៃព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនទាន់ស្គាល់ទ្រង់នៅឡើយ គេក៏ស្ថិតនៅក្នុងអំណាចនៃភាពងងឹត សឹងតែគ្រប់ពេលដែរ។ ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែ បែរជាចំណាយពេលភាគច្រើនក្នុងជីវិតរបស់គាត់ រស់នៅក្រោមឥទ្ធិពលនៃភាពងងឹត នោះវត្ដមានជីវិតមនុស្សម្នាក់នេះ បានបាត់បង់អត្ថន័យរបស់វារួចទៅហើយ ចំណែកឯមនុស្សដែលមិនជឿថា មានព្រះជាម្ចាស់វិញ តើមានអ្វីត្រូវយកមកនិយាយទៀត?

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សដែលជឿលើព្រះជាម្ចាស់ តែមិនព្យាយាមឲ្យបានសេចក្ដីពិត គ្មានផ្លូវអាចគេចផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ មនុស្សដែលមិនរស់នៅក្នុងភាពស្មោះត្រង់ មនុស្សប្រព្រឹត្ដនៅចំពោះមុខអ្នកដទៃផ្សេង ហើយប្រព្រឹត្ដនៅក្រោយខ្នងអ្នកដទៃផ្សេង មនុស្សដែលបង្ហាញនូវការបន្ទាបខ្លួន ការអត់ធ្មត់ និងសេចក្ដីស្រលាញ់ ទាំងដែលចរិតពិតរបស់គេ គឺបោកប្រាស់ មានល្បិចកល និងគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ មនុស្សបែបនេះហើយ គឺជាអ្នកតំណាងទូទៅរបស់មនុស្ស ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ពួកគេគឺជាពួកមនុស្សប្រភេទតែមួយនឹងសត្វពស់។ មនុស្សដែលជឿលើព្រះជាម្ចាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មនុស្សដែលគិតថា ខ្លួនឯងសុចរិត និងមានឬកខ្ពស់ មនុស្សអួតអាង និងមនុស្សដែលការពារឋានៈខ្លួនឯង គឺជាមនុស្សដែលស្រលាញ់សាតាំង និងប្រឆាំងទាស់នឹងសេចក្ដីពិត។ មនុស្សទាំងនេះតតាំងនឹងព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិទាំងស្រុងរបស់សាតាំងផង។ មនុស្សដែលមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ មនុស្សដែលមិនបម្រើព្រះជាម្ចាស់ដោយអស់ពីចិត្ដ មនុស្សដែលតែងតែខ្វល់ខ្វាយតែពីរបស់ខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួនឯង មនុស្សដែលមិនអាចលះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនឯងទៅព្រះជាម្ចាស់ និងមនុស្សដែលមិនរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ គឺជាមនុស្សដែលនៅក្រៅព្រះបន្ទូលរបស់ព្រះអង្គ។ មនុស្សបែបនេះមិនអាចទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។

នៅពេលព្រះជាម្ចាស់បានបង្កើតមនុស្សមក គឺដើម្បីឲ្យពួកគេអាចរីករាយនឹងភាពសម្បូរណ៍សប្បាយរបស់ទ្រង់ ហើយស្រលាញ់ទ្រង់ មនុស្សមុខជារស់នៅក្នុងពន្លឺរបស់ព្រះអង្គ តាមវិធីនេះ។ សព្វថ្ងៃនេះ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់ គេមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះអង្គ មិនអាចថ្វាយដួងចិត្ដរបស់ខ្លួនទាំងស្រុងដល់ព្រះអង្គ មិនអាចមានចិត្ដដូចព្រះហឫទ័យរបស់ទ្រង់ និងមិនអាចរែកពុនបន្ទុករបស់ព្រះអង្គ ដូចជាបន្ទុករបស់ខ្លួនបាន ពន្លឺរបស់ព្រះជាម្ចាស់ មិនចាំងចែងលើមនុស្សប្រភេទនេះទេ ដូច្នេះ ពួកគេទាំងអស់នោះកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ពួកគេស្ថិតលើផ្លូវផ្ទុយគ្នាស្រឡះពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្នុងកិច្ចការដែលគេធ្វើ សូម្បីសេចក្ដីពិតតែមួយសរសៃ ក៏គ្មានផង។ ពួកគេកំពុងតែត្រាំត្រែងក្នុងភក់ជ្រាំជាមួយសាតាំង ពួកគេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ប្រសិនបើអ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿយៗ ហើយយកចិត្ដទុកដាក់ចំពោះបំណងព្រះហឫទ័យទ្រង់ ព្រមទាំងយកព្រះបន្ទូលទ្រង់មកអនុវត្ដ នោះអ្នកគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ហើយ ហើយអ្នកក៏ជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ តើអ្នកព្រមគេចចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយរស់នៅក្រោមពន្លឺរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នករស់នៅ ក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមានឱកាសអនុវត្តកិច្ចការរបស់ទ្រង់ ប្រសិន បើអ្នករស់នៅក្រោមឥទ្ធិពលរបស់សាតាំង នោះអ្នកនឹងមិនផ្ដល់ឱកាសបែបនេះដល់ព្រះវិញ្ញាណឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានអនុវត្តលើមនុស្ស ពន្លឺដែលព្រះអង្គចាំងលើពួកគេ ព្រមទាំងទំនុកចិត្ដដែលទ្រង់ប្រទានដល់ពួកគេ ស្ថិតស្ថេរតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន ហើយមិនបានយកចិត្ដទុកដាក់ទេនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងទៅហួសពីពួកគេ។ ប្រសិនបើមនុស្សរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយពួកគេ ព្រមទាំងអនុវត្តកិច្ចការចំពោះពួកគេផង។ ប្រសិនបើមនុស្សមិនរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងចំណងរបស់សាតាំងហើយ។ ប្រសិនបើមនុស្សរស់នៅជាមួយនឹងនិស្ស័យខូចអាក្រក់ នោះពួកគេគ្មានវត្ដមាននៃកិច្ចការរបស់ព្រះវិញ្ញាញបរិសុទ្ធឡើយ។ ប្រសិនបើអ្នករស់នៅក្នុងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នករស់នៅក្នុងសភាពដែលព្រះជាម្ចាស់តម្រូវ នោះអ្នកក៏ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់នឹងត្រូវអនុវត្តមកលើអ្នក ប្រសិនបើអ្នកមិនមែនកំពុងរស់នៅក្នុងដែនកំណត់នៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តែបែរជាកំពុងរស់នៅក្រោមអំណាចរបស់សាតាំង នោះច្បាស់ណាស់ថា អ្នកកំពុងតែរស់នៅក្នុងសេចក្ដីខូចអាក្រក់របស់សាតាំងហើយ។ មានតែតាមរយៈការរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការថ្វាយដួងចិត្ដរបស់អ្នកទៅទ្រង់ទេ ទើបអ្នកអាចធ្វើតាមសេចក្ដីតម្រូវរបស់ទ្រង់បាន អ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ដោយយកព្រះសូរសៀងរបស់ទ្រង់មកធ្វើជាគ្រឹះនៃវត្ដមានជីវិត និងជាតថភាពរបស់អ្នក ហើយធ្វើជាសេចក្ដីនៅក្នុងជីវិតរបស់អ្នក ដល់ពេលនោះទើបអ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពិតជាអនុវត្ដតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងអនុវត្តកិច្ចការមកលើអ្នក ហើយអ្នកនឹងបានរស់នៅក្រោមព្រះពររបស់ទ្រង់ រស់នៅក្នុងពន្លឺនៃព្រះភក្រ្ដរបស់ព្រះអង្គ អ្នកនឹងយល់ដឹងអំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្ត ហើយអ្នកនឹងបានស្គាល់នូវអំណរក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដើម្បីគេចចេញពីឥទ្ធិពលនៃភាពងងឹត ជាដំបូង អ្នកត្រូវស្មោះត្រង់នឹងព្រះជាម្ចាស់ និងមានចិត្ដព្យាយាមឲ្យបានសេចក្ដីពិត នោះទើបអ្នកអាចមានភាវៈដ៏ត្រឹមត្រូវ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាលក្ខខណ្ឌតម្រូវជាមុន សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត។ ការដែលគ្មានភាវៈដ៏ត្រឹមត្រូវ ជាការវៀចវេរចំពោះព្រះជាម្ចាស់ និងគ្មានចិត្ដចង់ស្វែងរកសេចក្ដីពិត ហើយការគេចចេញពីឥទ្ធិពលនៃភាពងងឹតនោះ គឺមិនបាច់ឆ្ងល់ទេ។ បន្ទូលរបស់ខ្ញុំជាមូលដ្ឋានរបស់មនុស្ស សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយមនុស្សណាដែលមិនអាចអនុវត្ដតាមបន្ទូលរបស់ខ្ញុំ នឹងមិនអាចគេចផុតពីចំណងឥទ្ធិពលនៃភាពងងឹតឡើយ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាការរស់នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការរស់នៅក្នុងភាវៈនៃការស្វែងរកសេចក្ដីពិត ការរស់នៅក្នុងតថភាពនៃការលះបង់ជីវិតរបស់មនុស្សម្នាក់ ដោយភាពស្មោះត្រង់ សម្រាប់ប្រយោជន៍ព្រះជាម្ចាស់ និងជាការរស់នៅក្នុងភាវៈនៃការស្រលាញ់ព្រះជាម្ចាស់ដោយភាពពិតត្រង់។ មនុស្សដែលរស់នៅក្នុងភាវៈ និងរស់នៅក្នុងតថភាពនេះ នឹងផ្លាស់ប្រែបន្ដិចម្ដងៗ ពេលពួកគេចូលក្នុងជម្រៅនៃសេចក្ដីពិត ហើយពួកគេនឹងផ្លាស់ប្រែ នៅពេលដែលកិច្ចការនេះ ចូលកាន់តែជ្រៅ ហើយនៅចុងបញ្ចប់ ពួកគេប្រាកដជាក្លាយជាមនុស្សដែលព្រះជាម្ចាស់ទទួលយក ហើយជាមនុស្សដែលស្រលាញ់ព្រះជាម្ចាស់ ពិតប្រាកដ។ មនុស្សដែលបានគេចផុតពីឥទ្ធិពលនៃភាពងងឹត អាចដឹងច្បាស់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយយល់ដឹងពីព្រះហឫទ័យទ្រង់បន្ដិចម្ដងៗ គង់មានថ្ងៃមួយ គេក៏ក្លាយជាមិត្តសម្លាញ់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែគ្មានគំនិតយល់ដឹងបែបរវើរវាយ ចំពោះព្រះជាម្ចាស់ និងមិនប្រឆាំងទាស់នឹងទ្រង់ឡើយ តែពួកគេថែមទាំងស្អប់គំនិតរវើរវាយ និងការបះបោរដែលពួកគេធ្លាប់មានពីមុនមកទៀតផង ហើយសេចក្ដីស្រលាញ់ដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ក៏ផុសឡើងនៅក្នុងចិត្ដរបស់ពួកគេ។ មនុស្សដែលមិនអាចគេចផុតពីឥទ្ធិពលនៃភាពងងឹត គឺសុទ្ធតែជាមនុស្សដែលចាប់អារម្មណ៍តែនឹងសាច់ឈាមទាំងស្រុង ហើយពោរពេញដោយការបះបោរ ដួងចិត្ដរបស់ពួកគេ ពោរពេញដោយគំនិតរបស់មនុស្ស និងទស្សនៈជាច្រើន សម្រាប់ការរស់នៅ ក៏ដូចជាចេតនាផ្ទាល់ខ្លួន និងការសញ្ជឹងគិតរបស់ពួកគេ។ អ្វីដែលព្រះជាម្ចាស់តម្រូវគឺ សេចក្ដីស្រលាញ់តែមួយពីមនុស្ស អ្វីដែលព្រះអង្គតម្រូវ គឺឲ្យមនុស្សចាប់អារម្មណ៍តែនឹងព្រះបន្ទូលរបស់ទ្រង់ ហើយមានដួងចិត្ដមួយដែលពេញដោយក្ដីស្រលាញ់សម្រាប់ព្រះអង្គ។ ការរស់នៅក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់ ការស្វែងរកសេចក្ដីដែលគេគួរស្វែងរក នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ការស្រលាញ់ព្រះជាម្ចាស់ដើម្បីបានព្រះបន្ទូលទ្រង់ ការរត់ដើម្បីព្រះបន្ទូលទ្រង់ ការរស់នៅដើម្បីឲ្យបានព្រះបន្ទូលទ្រង់ ទាំងនេះសុទ្ធតែជាគោលដៅ ដែលមនុស្សគួរប្រឹងប្រែងសម្រេចឲ្យបាន។ គ្រប់យ៉ាងត្រូវតែស្អាងឡើងលើព្រះបន្ទូលរបស់ទ្រង់ មានតែបែបនេះទេ ទើបមនុស្សអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនប្រដាប់ខ្លួនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគេគ្រាន់តែជាដង្កូវមួយក្បាលរបស់សាតាំងប៉ុណ្ណោះ! ចូរថ្លឹងថ្លែងសេចក្ដីនេះមើលវា៖ តើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចាក់គ្រឹះក្នុងជីវិតអ្នកច្រើនប៉ុនណា? តើក្នុងកិច្ចការណាខ្លះ ដែលអ្នកកំពុងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើក្នុងកិច្ចការណាខ្លះ ដែលអ្នករស់នៅមិនស្របតាមព្រះបន្ទូលរបស់ទ្រង់? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានឥទ្ធិពលទាំងស្រុងលើអ្នកទេ តើក្នុងចិត្ដរបស់អ្នកកំពុងមានអ្វីឲ្យប្រាកដ? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក តើអ្នកកំពុងត្រូវសាតាំងគ្រប់គ្រង ឬអ្នកកំពុងតែមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ទ្រង់ ជាមូលដ្ឋាននៃសេចក្ដីអធិស្ឋានរបស់អ្នកដែរឬទេ? តើអ្នកបានចេញផុតពីភាវៈអគតិ តាមរយៈការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយមែនទេ? ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាមូលដ្ឋាននៃវត្ដមានជីវិតរបស់អ្នកនេះហើយ គឺជាអ្វីដែលគ្រប់គ្នា គួរយកមកអនុវត្តក្នុងជីវិត។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនស្ថិតក្នុងជីវិតរបស់អ្នកទេ នោះអ្នកកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតហើយ អ្នកកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ អ្នកកំពុងតែតតាំងនឹងទ្រង់ ហើយអ្នកកំពុងបន្ទាបបន្ថោកព្រះនាមទ្រង់ហើយ។ ជំនឿដែលមនុស្សបែបនេះមានចំពោះព្រះជាម្ចាស់ គឺជាការបំភាន់ និងជាការរំខានសុទ្ធសាធ។ តើជីវិតរបស់អ្នក បានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ? តើជីវិតរបស់អ្នក មិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ ច្រើនប៉ុនណា? តើព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ពីអ្នក សម្រេចបានច្រើនប៉ុនណាហើយ? តើព្រះបន្ទូលដែលនៅក្នុងអ្នក បានបាត់បង់អស់ ច្រើនប៉ុណ្ណាហើយ? តើអ្នកបានពិចារណាអំពីសេចក្ដីទាំងនេះ ឲ្យបានដឹតដល់ទេ?

ការគេចចេញពីឥទ្ធិពលនៃសេចក្ដីងងឹត ទាមទារឲ្យមានទាំងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការរួមចំណែកពីការតាំងចិត្តរបស់មនុស្ស។ ហេតុអ្វីបានជាខ្ញុំពោលថា មនុស្សមិនដើរលើផ្លូវត្រូវ? មនុស្សដែលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ដំបូងគេអាចថ្វាយដួងចិត្ដរបស់ខ្លួនទៅព្រះជាម្ចាស់។ នេះជាគឺជាភារកិច្ចមួយដែលត្រូវចំណាយពេលវេលាយូរ ដើម្បីយកមកអនុវត្ត ដ្បិតមនុស្សលោកតែងតែ រស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយក៏បានឋិតនៅក្រោមចំណងរបស់អារក្សសាតាំងរាប់ពាន់ឆ្នាំដែរ។ ដូចនេះ ការចូលក្នុងផ្លូវនេះ មិនអាចសម្រេចបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះឡ់យ។ ថ្ងៃនេះ ខ្ញុំលើកពីបញ្ហានេះឡើយ ដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងអំពីភាវៈរបស់ខ្លួន នៅពេលដែលមនុស្សលោកអាចដឹងថា អ្វីទៅជាឥទ្ធិពលនៃភាពងងឹត និងដឹងអំពីអត្ថន័យនៃការរស់នៅក្នុងពន្លឺហើយ នោះការចូលក្នុងផ្លូវនេះ ក៏កាន់តែងាយស្រួលដែរ។ នេះដោយសារតែអ្នកត្រូវដឹងថា អ្វីជាឥទ្ធិពលរបស់សាតាំង មុនពេលដែលអ្នកអាចគេចផុតពីវា មានតែក្រោយពេលដែលអ្នកបានដឹង ទើបអ្នកមានវិធីបណ្ដេញវាចេញ។ អ្វីដែលត្រូវធ្វើបន្ទាប់ទៀតនោះ គឺជាកិច្ចការដែលមនុស្សត្រូវធ្វើខ្លួនឯង។ ចូរយកកិច្ចការគ្រប់យ៉ាងមកអនុវត្ត ដោយចាប់ផ្ដើមពីគំនិតវិជ្ជមាន ហើយកុំរង់ចាំ ដោយមិនធ្វើអ្វីសោះឡើយ។ មានតែវិធីនេះទេ ទើបអាចឲ្យព្រះជាម្ចាស់ទទួលយកអ្នកបាន។

ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅក្នុងមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងលោកយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាលោកយ៉ូប គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះវាយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ ពោលគឺ គោលបំណងនេះគឺជា ការបញ្ចូលទៅក្នុងមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាជាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឲ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយជ្រួតជ្រាបពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ហើយទាំងអស់នេះគឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ចំណុចមួយទៀតគឺ មនុស្សរមែងត្រូវបានប្រគល់ឲ្យទៅសាតាំង ដ្បិតសាតាំងគឺជាគ្រឿងបន្ទាប់បន្សំ និងជាវត្ថុសម្រាប់បម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជា មធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញការល្បួងរបស់សាតាំង ហើយវាយប្រហារភាពឃោរឃៅ ភាពស្មោកគ្រោក និងលក្ខណៈដ៏គួរឲ្យស្អប់របស់សាតាំង ហើយធ្វើឲ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមាន។ ដំណើរការនេះអនុញ្ញាតឲ្យពួកគេដោះខ្លួនឲ្យរួចពីការគ្រប់គ្រង និងការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដែលពួកគេមានចំពោះព្រះជាម្ចាស់ ហើយទាល់តែពេលនោះទើបពួកគេត្រូវបានដោះឲ្យរួចទាំងស្រុងពី អំណាចគ្រប់គ្រប់របស់សាតាំង។ ការប្រោសឲ្យរួចរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា ពួកគេលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ សាតាំងបានខ្ជាក់ពួកគេ ចេញ ជំនួសឲ្យការលេបត្របាក់ពួកគេវិញ។ នេះមកពីមនុស្សបែបនេះ គឺជាមនុស្សទៀងត្រង់ មកពី ពួកគេមានសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយមកពីពួកគេ ដាច់ចេញពីសាតាំងទាំងស្រុង។ ពួកគេបាននាំយកក្ដីអាម៉ាស់មកឲ្យសាតាំង ពួកគេធ្វើឲ្យសាតាំង ទៅជាកំសាក ហើយពួកគេបានធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង។ ភាពជឿជាក់របស់ពួកគេនៅក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើឲ្យសាតាំងបរាជ័យ និងធ្វើឲ្យសាតាំងបោះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះ ទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ ហើយនេះទើបជាគោលបំណងដ៏ធំបំផុតរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់បានសង្គ្រោះ និងចង់ឲ្យព្រះជាម្ចាស់ទទួលយកទាំងស្រុង នោះអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង និងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបរួចពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង គឺជាមនុស្សដែលនឹងបានសង្គ្រោះដោយព្រះជាម្ចាស់។ មានន័យថា អស់អ្នកណាដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ គឺជាអស់អ្នកដែលបានឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវបានល្បួង និងត្រូវបានវាយប្រហារជាច្រើនលើកច្រើនសាពីសំណាក់សាតាំង។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ យល់អំពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចយល់ស្របតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងគ្រាកំពុងត្រូវល្បួងរបស់សាតាំងឡើយ។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តមេត្តា ពួកគេបែងចែកដាច់ស្រឡះរវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ពួកគេមានចិត្តស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានភាពត្រឹមត្រូវតាមវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់នឹងព្រះជាម្ចាស់ និងឲ្យតម្លៃអ្វី គ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបសង្កេត មិនត្រូវចោទប្រកាន់ ឬត្រូវបំពានដោយសាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានប្រោសលោះ ហើយត្រូវដោះឲ្យរួចទាំងស្រុង។ លោកយ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលមានសេរីភាព ហើយពិតណាស់ថា នេះគឺជាសារៈសំខាន់នៃមូលហេតុដែលព្រះជាម្ចាស់បានប្រគល់គាត់ឲ្យទៅសាតាំង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីជំនឿរបស់លោកយ៉ូប ការស្ដាប់បង្គាប់ និងទីបន្ទាល់របស់គាត់អំពីការយកឈ្នះលើសាតាំង ជាប្រភពជំនួយ និងជាការលើកទឹកចិត្តយ៉ាងលើសលប់ដល់មនុស្សទាំងពួង។ នៅក្នុងលោកយ៉ូប ពួកគេ មើលឃើញសេចក្ដីសង្ឃឹមសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ហើយមើលឃើញថា តាមរយៈសេចក្ដីជំនឿ និងការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចព្រះជាម្ចាស់ អាចធ្វើឲ្យសាតាំាង បរាជ័យ និងអាចយកឈ្នះលើសាតាំងទាំងស្រុង។ ពួកគេមើលឃើញថា ដរាបណាពួកគេយល់ស្របទៅតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយដរាបណាពួកគេមានការតាំងចិត្ត និងមានសេចក្ដីជំនឿមិនបោះបង់ព្រះជាម្ចាស់ បន្ទាប់ពីគេបានបាត់បង់អ្វីៗគ្រប់យ៉ាង នោះពួកគេអាចនាំយកភាពអាម៉ាស់ និងភាពបរាជ័យឲ្យសាតាំង ហើយពួកគេឃើញថា ពួកគេចាំបាច់ត្រូវមានការតាំងចិត្ត និងសេចក្ដីខ្ជាប់ខ្ជួនក្នុងការឈរមាំនៅក្នុងទីបន្ទាល់របស់ពួកគេប៉ុណ្ណោះ ទោះបីជាមានន័យថា ពួកគេត្រូវលះបង់ជីវិតខ្លួនអ្នកក៏ដោយ ទើបសាតាំងភ័យខ្លាច ហើយកញ្ជ្រោលដកថយយ៉ាងរួសរាន់។ ទីបន្ទាល់របស់លោកយ៉ូបគឺជាការដាស់តឿនប្រាប់ទៅមនុស្សជំនាន់ក្រោយ ហើយការដាស់តឿននេះប្រាប់ពួកគេថា ប្រសិនបើពួកគេមិនធ្វើឲ្យសាតាំងបរាជ័យ នោះពួកគេនឹងមិនអាចកម្ចាត់ការចោទប្រកាន់ និងការជ្រៀតជ្រែករបស់សាតាំងពីខ្លួនពួកគេបានឡើយ ហើយពួកគេក៏ពុំអាចគេចផុតពីការបំពាន និងការវាយប្រហារ របស់សាតាំង។ ទីបន្ទាល់របស់លោកយ៉ូបបានបំភ្លឺដល់មនុស្សជំនាន់ក្រោយៗ។ ការបំភ្លឺនេះបង្រៀនមនុស្សថា ទាល់តែពួកគេជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទើបពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន វាបង្រៀនពួកគេថា ទាល់តែពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបពួកគេអាចធ្វើទីបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារថ្វាយព្រះជាម្ចាស់បាន ទាល់តែពួកគេធ្វើទីបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារថ្វាយព្រះជាម្ចាស់ ទើបពួកគេមិនអាចត្រូវបានគ្រប់គ្រងដោយសាតាំង ហើយរស់នៅក្រោមការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់បាន ពេលនោះទើបពួកគេត្រូវបានសង្គ្រោះ យ៉ាងពិតប្រាកដ។ បុគ្គលិកលក្ខណៈរបស់លោកយ៉ូប និងការព្យាយាមឲ្យបានជីវិតរបស់គាត់ គួរតែត្រូវបានត្រាប់ តាមដោយមនុស្សគ្រប់គ្នាដែលព្យាយាមឲ្យបានសេចក្ដីសង្គ្រោះ។ នេះហើយជាសេចក្ដីដែលលោកបានស្ដែងចេញនៅក្នុងជីវិតរបស់លោកទាំងមូល ហើយកិរិយារបស់លោក ក្នុងគ្រាដែលលោកត្រូវល្បងល ក៏ជាកំណប់ទ្រព្យដ៏មានតម្លៃដល់មនុស្សណា ដែលព្យាយាមឲ្យបានផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះ ជីវិតរបស់ពួកគេតែងតែត្រូវបានជ្រៀតជ្រែក ហើយថែមទាំងត្រូវបានគ្រប់គ្រងដោយសាតាំង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនត្រូវបានសង្គ្រោះ គឺជាអ្នកទោសរបស់សាតាំង ដូច្នេះ ពួកគេពុំមានសេរីភាព ពួកគេពុំត្រូវបានសាតាំងដោះលែង ពួកគេគ្មានលក្ខណសម្បត្តិ ឬគ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាយប្រហារយ៉ាងសាហាវ។ មនុស្សបែបនេះពុំមានភាពរីករាយសម្រាប់លើកមកនិយាយទេ ពួកគេពុំមានសិទ្ធិទទួលបានវត្តមានជីវិតធម្មតាមួយសម្រាប់លើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកមកនិយាយទេ។ ទាល់តែអ្នកក្រោកឈរ ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់ធ្វើជាសាស្ត្រា វុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំង ទើបអ្នកអាចធ្វើឲ្យវាបរាជ័យទៅទាំងស្រុង និងធ្វើឲ្យវាបាក់កន្ទុយ ហើយក្លាយជាកំសាក រាល់ពេលដែលវាឃើញអ្នក ដូច្នេះ វានឹងបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង ទាល់តែពេលនោះ ទើបអ្នកនឹងបានសង្គ្រោះ ហើយមានសេរីភាព។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ពីសាតាំងទាំងស្រុង ប៉ុន្តែអ្នកមិនទាន់ប្រដាប់កាយនឹងសាស្ត្រាវុធ ដែលនឹងជួយអ្នកឲ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល ហើយខណៈដែលពេលវេលាកន្លងទៅមុខ នៅពេលដែលអ្នកត្រូវសាតាំងដាក់ទណ្ឌកម្ម រហូតទាល់តែអ្នកអស់កម្លាំងរលីងពីខ្លួន នោះអ្នកនៅមិនទាន់បានដោះខ្លួនអ្នកឲ្យរួចពីការចោទប្រកាន់ និងការវាយប្រហារទាស់នឹងអ្នកនៅឡើយទេ ប៉ុន្តែ អ្នកក៏នៅតែអាចធ្វើទីបន្ទាល់បាន ហើយអ្នកនឹងមានសង្ឃឹមតិចតួចអំពីសេចក្ដីសង្គ្រោះ។ នៅចុងបំផុត នៅពេលដែលសេចក្ដីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស នោះអ្នកនឹងនៅតែស្ថិតក្នុងដៃរបស់សាតាំងដដែល មិនអាចរំដោះខ្លួនឲ្យរួចបានទេ ដូច្នេះអ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតឡើយ។ ពេលនោះ និយាយឲ្យចំទៅគឺ មនុស្សបែបនេះនឹងស្ថិតក្នុងទាសភាពរបស់សាតាំងទាំងស្រុង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងកិច្ចការនៃការប្រកាន់តាមការផ្គត់ផ្គង់ និងការជ្រោមជ្រែងរបស់ព្រះជាម្ចាស់ ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យទាំងស្រុងរបស់ទ្រង់ និងសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីទង្វើ និងនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីឲ្យមនុស្សប្រដាប់កាយដោយកេរ្តិ៍ឈ្មោះ និងអនុញ្ញាតឲ្យមនុស្សទទួលបាននូវសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ ខណៈដែលគេកំពុងដើរតាមទ្រង់ ពោលគឺសេចក្ដីពិតដែលជាសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានប្រដាប់កាយរួចហើយ មនុស្សត្រូវតែប្រឈមនឹងការល្បងលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមានមធ្យោបាយជាច្រើនសម្រាប់ល្បងលមនុស្ស ប៉ុន្តែ ពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់គឺ សាតាំង។ មានន័យថា ការប្រទានឲ្យមនុស្សមានសាស្ត្រាវុធដើម្បីធ្វើសឹកជាមួយសាតាំង ព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឲ្យសាតាំង រួចអនុញ្ញាតិឲ្យសាតាំង «ល្បងល» កេរ្តិ៍ឈ្មោះរបស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំង ប្រសិនបើគេអាចរត់រួចពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិតរស់ នោះមនុស្សប្រាកដជាឆ្លងផុតការល្បងល។ ប្រសិនបើមនុស្សបរាជ័យ ដោយចាកចេញពីក្បួនសឹករបស់សាតាំង និងចុះចូលចំពោះសាតាំង នោះគេនឹងឆ្លងមិនផុតពីការល្បងលនេះឡើយ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចកត្តាណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខណៈវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺទៅលើការដែល មនុស្សឈរមាំ ឬមិនមាំនៅក្នុង ទីបន្ទាល់របស់គេ នៅពេលដែលគេត្រូវសាតាំងវាយប្រហារ ហើយគេបោះបង់ ឬមិនបោះបង់ចោលព្រះជាម្ចាស់ ហើយគេចុះចាញ់ ឬមិនចុះចាញ់ ហើយចុះចូល ឬមិនចុះចូលចំពោះសាតាំង នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ គេអាចនិយាយបានថា មនុស្សបានសង្គ្រោះ ឬមិនបានសង្គ្រោះ អាស្រ័យលើថា តើគេអាចយកឈ្នះ និងអាចធ្វើឲ្យសាតាំង បរាជ័យបាន ឬមិនបាន ហើយគេអាច ឬមិនអាចទទួលបានសេរីភាព គឺអាស្រ័យលើថា តើគេអាច ឬមិនអាចលើកសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យគេដោយខ្លួនអ្នក ដើម្បីយកឈ្នះទាសភាពរបស់សាតាំង ធ្វើឲ្យសាតាំងបោះបង់សេចក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឲ្យនៅម្នាក់អ្នក។ ប្រសិនបើសាតាំងបោះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នេះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងមិនចោទប្រកាន់ និងជ្រៀតជ្រែកពួកគេម្ដងទៀតឡើយ វាក៏នឹងមិនដាក់ទណ្ឌកម្ម ហើយវាយប្រហារពួកគេដោយ គ្មានមេត្តាម្ដងទៀតដែរ គឺមានតែមនុស្សបែបនេះទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ។ នេះគឺជាដំណើរការទាំងស្រុងដែលព្រះជាម្ចាស់ប្រើដើម្បីទទួលបានមនុស្ស។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. អ្វីជាភាពខុសគ្នារវាងជំនឿលើព្រះជាម្ចាស់ និងជំនឿលើសាសនា

បន្ទាប់៖ ១. អ្វីជាសារៈសំខាន់នៃការអធិស្ឋាន

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ