២. អត្ថន័យនៃការជឿលើព្រះជាម្ចាស់ពិតប្រាកដ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីឲ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា «ព្រះជាម្ចាស់» និង «កិច្ចការរបស់ព្រះជាម្ចាស់» ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឲ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឲ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមព្រះហឫទ័យរបស់ទ្រង់ដដែល។ «ជំនឿជឿលើព្រះជាម្ចាស់» គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតីលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា «សេចក្ដីជំនឿលើព្រះជាម្ចាស់»។ ប៉ុន្តែ ជារឿយៗមនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងឥតបានការ។ មនុស្សដែលជឿលើព្រះជាម្ចាស់តាមរបៀបនេះ បានបាត់បង់នូវអត្ថន័យនៃការជឿលើព្រះជាម្ចាស់ហើយទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស។ សព្វថ្ងៃនេះ នៅតែមានមនុស្សដែលជឿលើព្រះជាម្ចាស់ ស្របតាមន័យពាក្យ និងគោលលទ្ធិប្រហោងក្នុងទៀត។ ពួកគេមិនដឹងថា ពួកគេខ្វះនូវខ្លឹមនៃសេចក្ដីជំនឿជឿលើព្រះជាម្ចាស់ ហើយពួកគេមិនអាចទទួលបាននូវការយល់ព្រមពីព្រះជាម្ចាស់ឡើយ។ ពួកគេនៅតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់ប្រទានព្រះពរនៃសុខសុវត្ថិភាព និងព្រះគុណដ៏គ្រប់គ្រាន់ទៀត។ ឥឡូវនេះ ចូរយើងឈប់បន្តិចសិន ធ្វើចិត្តឲ្យស្ងប់ ហើយសួរខ្លួនឯងថា៖ តើវាអាចទេថា ការជឿលើព្រះជាម្ចាស់ តាមពិតទៅជាកិច្ចការដ៏ងាយស្រួលបំផុតនៅលើផែនដី? តើវាអាចទេថា ការជឿលើព្រះជាម្ចាស់គ្មានន័យអ្វីសោះ ក្រៅពីការទទួលយកព្រះគុណឲ្យបានច្រើនពីព្រះជាម្ចាស់? តើមនុស្សដែលជឿលើព្រះជាម្ចាស់ ទាំងមិនស្គាល់ទ្រង់ ឬមិនជឿលើទ្រង់ ប៉ុន្តែបែរជាប្រឆាំងនឹងទ្រង់ ពិតជាអាចធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យឬ?

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជំនឿដ៏ពិតលើព្រះជាម្ចាស់មិនមែនជាការជឿលើទ្រង់ ដោយគ្រាន់តែចង់បានសេចក្តីសង្រ្គោះ និងចង់ក្លាយជាមនុស្សល្អម្នាក់ប៉ុណ្ណោះនោះទេ។ ហើយវាក៏មិនមែនគ្រាន់តែចង់មានលក្ខណៈជាមនុស្សនោះដែរ។ ជាការពិត មនុស្សមិនគួរមានទស្សនៈថា សេចក្តីជំនឿគ្រាន់តែជាការជឿថាមានព្រះជាម្ចាស់មួយអង្គ និងជឿថា ទ្រង់ជាសេចក្តីពិត ជាផ្លូវ ជាជីវិត ហើយគ្មានអ្វីលើសពីនេះទៀតនោះឡើយ។ សេចក្តីជំនឿបែបនេះមិនបានជួយឲ្យអ្នកទទួលស្គាល់ព្រះជាម្ចាស់ និងជឿថាទ្រង់ជាព្រះសោយរាជ្យលើរបស់សព្វសារពើ ជឿថាទ្រង់ជាព្រះដ៏មានគ្រប់ចេស្ដា ជឿថាទ្រង់បានបង្កើតរបស់សព្វសារពើនៅក្នុងពិភពលោក និងជឿទៀតថា ទ្រង់ជាព្រះដ៏វិសេសឯក និងខ្ពង់ខ្ពស់បំផុតឡើយ។ សេចក្តីជំនឿមិនគ្រាន់តែជាការជឿលើការពិតនេះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យចង់ឲ្យអ្នកថ្វាយគ្រប់ទាំងភាវៈ និងដួងចិត្តទាំងអស់របស់អ្នកដល់ទ្រង់ និងចុះចូលចំពោះទ្រង់ ពោលគឺអ្នកគួរតែដើរតាមព្រះជាម្ចាស់ អនុញ្ញាតឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នក ហើយរីករាយក្នុងការបម្រើទ្រង់។ អ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានសម្រាប់ទ្រង់ អ្នកគួរតែធ្វើចុះ។ ការនេះមិនមែនមានន័យថា មានតែអស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន និងបានជ្រើសរើស ទើបអាចជឿលើទ្រង់នោះឡើយ។ តាមការពិត មនុស្សជាតិទាំងអស់គួរតែថ្វាយបង្គំព្រះជាម្ចាស់ យកចិត្តទុកដាក់ចំពោះទ្រង់ និងស្ដាប់បង្គាប់ទ្រង់ ដោយសារតែមនុស្សជាតិត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ បើអ្នកតែងតែនិយាយថា «តើយើងមិនជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានជីវិតអស់កល្បទេឬ? តើយើងមិនជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានការសង្រ្គោះទេឬ?» នោះជំនឿរបស់អ្នកលើព្រះជាម្ចាស់ប្រៀបដូចជារឿងពីសម្បកក្រៅ ដែលធ្វើសម្រាប់តែប្រយោជន៍នៃការទទួលបានអ្វីមួយប៉ុណ្ណោះ។ នេះមិនមែនជារបៀបដែលមនុស្សគួរតែយល់ពីជំនឿលើព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «មានតែការប្រដេញតាមសេចក្ដីពិតទេ ទើបជាជំនឿពិត ចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលទ្រង់ ដើម្បីសម្រេចឲ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឲ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យអ្នកស្ដាប់បង្គាប់ទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរតែត្រូវបានបំពេញដោយសត្តនកររបស់ព្រះជាម្ចាស់។ នេះហើយគឺជាគោលដៅនៃការជឿលើព្រះ ជាម្ចាស់។ អ្នកត្រូវសម្រេចឲ្យបាននូវចំណេះដឹងអំពី ភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងសត្ដនិករដែលទ្រង់បង្កើត។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ សំខាន់បំផុតគឺជាការផ្លាស់ប្ដូរពីជិវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ វាជាលទ្ធភាពដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនមែនជាការស្ដាប់បង្គាប់សាច់ឈាមនោះទេ វាជាការទុកឱកាសឲ្យព្រះជាម្ចាស់ទទួលបានដួងចិត្តអ្នកទាំងមូល ទុកឲ្យព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឲ្យរួចពីនិស្ស័យពុករលួយរបស់សាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឲ្យព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឲ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយ សម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឲ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺស្ដាប់បង្គាប់រហូតដល់អស់ជីវិត ដូចជា ពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឲ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចស្ដាប់បង្គាប់ទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជិវិត។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឲ្យព្រះជាម្ចាស់កែច្នៃគេឲ្យបានគ្រប់លក្ខណ៍ ឲ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ចូរប្រយ័ត្នចំពោះក្ដីប្រាថ្នា ចូរសម្រេចឲ្យបាននូវកេរ្តិ៍ឈ្មោះដូច ពេត្រុស ហើយទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ ដូច ពេត្រុសផង ដល់ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឲ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដូច្នេះ អ្នកត្រូវតែបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែ មិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឲ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថា ជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតអ្នកស្រេកឃ្លាន» ប៉ុណ្ណោះ។ បើអ្នកនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បីតែបន្ដិច នោះវាគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវបរិភោគ និងផឹកព្រះបន្ទូល របស់ព្រះជាម្ចាស់ឲ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅ ជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឲ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយគ្មានការបរិភោគ និងផឹកព្រះបន្ទូល របស់ព្រះជាម្ចាស់បានដែរឬអី? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់ នៃនគរព្រះដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះ ជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយកឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេហើយតាមមធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោស ឲ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុង និងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងចិត្តគេ ហើយជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងខាងក្នុងនិងខាងក្រៅ។ មានតែបែបនេះទេទើបមនុស្សជាតិនឹងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការពិតរបស់គេ។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កំហុសដ៏ធំបំផុតរបស់មនុស្ស នៅក្នុងសេចក្ដីជំនឿ របស់គេចំពោះព្រះជាម្ចាស់ គឺពួកគេជឿត្រឹមតែពាក្យសំដី ប៉ុណ្ណោះ តែមែនទែនទៅ ព្រះជាម្ចាស់គ្មានវត្តមានក្នុងជីវិត ប្រចាំថ្ងៃរបស់ពួកគេ ទេ។ ពិតណាស់ មនុស្សទាំងអស់ជឿ ថាមានព្រះ ប៉ុន្តែ ព្រះមិនមានចំណែកនៅក្នុងជីវិតប្រចាំថ្ងៃ របស់ពួកគេឡើយ។ មាត់មនុស្ស លើកសេចក្តីអធិស្ថានជា ច្រើនទៅកាន់ព្រះ ប៉ុន្តែ ក្នុងចិត្តគេ មានព្រះតិចតួចណាស់ ហេតុនេះ ទើបព្រះបានល្បងលគេ ម្តងហើយម្តងទៀត។ នេះដោយសារពួកគេមានចិត្តមិនស្អាត ទើបព្រះមិនមាន ជម្រើសផ្សេងក្រៅពីល្បងលគេ ដើម្បីឲ្យពួកគេខ្មាស ហើយ ដឹងខ្លួនឯង តាមរយៈការល្បងលទាំងអស់នេះ។ ពុំនោះទេ មនុស្សលោកនឹងក្លាយទៅជាកូនចៅរបស់ពួកមហាទេវតា ហើយរឹតតែអាក្រក់ឡើងៗ។ នៅក្នុងដំណើរវិវឌ្ឍនៃសេចក្តី ជំនឿរបស់ពួកគេចំពោះព្រះ មនុស្សម្នាក់ៗលះបង់គោល បំណង និងគោលដៅផ្ទាល់ខ្លួនរបស់គេ ក្រោមការសម្អាត ដោយឥតឈប់ឈររបស់ព្រះ។ ពុំនោះទេ ព្រះគ្មានវិធីណា មកប្រើមនុស្សណាម្នាក់ ក៏គ្មានវិធីណា មកអនុវត្តកិច្ចការ ដែលទ្រង់ត្រូវធ្វើ នៅក្នុងពួកគេដែរ។ ដំបូងព្រះអង្គសម្អាត មនុស្សជាមុនសិន ហើយតាមដំណើរការនេះ អ្នកទាំងនោះ អាចស្គាល់ខ្លួនឯង រួចទ្រង់ក៏អាចបំផ្លាស់បំប្រែពួកគេបាន។ បន្ទាប់មក ទើបព្រះអង្គដាក់ព្រះជន្មទ្រង់ ឲ្យគង់ក្នុងពួកគេ ទាល់តែបែបនេះ ទើបពួកគេប្រែចិត្តទាំងស្រុងចំពោះព្រះ។ ដូច្នេះហើយ ទើបខ្ញុំនិយាយថា ការជឿព្រះ មិនមែនងាយ ស្រួលដូចគេនិយាយនោះឡើយ។ ប្រសិនបើអ្នកមានតែ ចំណេះដឹងមួយមុខ ប៉ុន្តែ គ្មានព្រះបន្ទូលទ្រង់ជាជីវិត ដូច ដែលព្រះទតឃើញ ហើយប្រសិនបើចំណេះរបស់អ្នកមាន កម្រិតទៅតាមសមត្ថភាពរបស់អ្នក ប៉ុន្តែ មិនអាចអនុវត្តនូវ សេចក្តីពិត ឬរស់នៅតាមព្រះបន្ទូលរបស់ព្រះបាន នេះស បញ្ជាក់ថា អ្នកមិនទាន់មានចិត្តស្រឡាញ់ព្រះនៅឡើយទេ ហើយបង្ហាញថា ចិត្តរបស់អ្នកមិនមែនជាកម្មសិទ្ធិរបស់ព្រះ នោះឡើយ។ មនុស្សអាចស្គាល់ព្រះ តាមរយៈការទទួល ជឿទ្រង់ នេះគឺជាគោលដៅចុងក្រោយ ហើយជាគោលដៅ ដែលមនុស្សស្វះស្វែងរក។ អ្នកត្រូវខិតខំរស់នៅ តាមព្រះ បន្ទូលព្រះ ដើម្បីឱ្យព្រះបន្ទូលនោះ បង្កើតផលផ្លែ តាមការ អនុវត្តរបស់អ្នក។ ប្រសិនបើអ្នកមានតែចំណេះដឹងខាងឯ គោលលទ្ធិ នោះសេចក្តីជំនឿរបស់អ្នកចំពោះព្រះ ក៏ពុំមាន ប្រយោជន៍អ្វីដែរ។ លុះត្រាតែអ្នកអនុវត្ត ហើយរស់នៅតាម ព្រះបន្ទូលរបស់ព្រះ ទើបសេចក្តីជំនឿរបស់អ្នកត្រូវបានរាប់ ថាបានពេញខ្នាត និងស្របតាមព្រះហឫទ័យរបស់ព្រះ។

ដកស្រង់ពី «អ្នកត្រូវរស់នៅដើម្បីសេចក្តីពិត ដ្បិតអ្នករាល់គ្នាជឿដល់ព្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម និងព្រះដែលគង់នៅស្ថានសួគ៌ ហើយការនេះបង្ហាញថា ពួកគេជឿទៅលើព្រះជាម្ចាស់ មិនមែនដើម្បីស្ដាប់បង្គាប់ទ្រង់ឡើយ ប៉ុន្តែដើម្បីទទួល បានផលប្រយោជន៍ណាមួយ ឬដើម្បីឲ្យបានរួចខ្លួនពីទុក្ខវេទនា ដែលកើតពីគ្រោះមហន្តរាយតែប៉ុណ្ណោះ។ ទាល់តែបែបនេះ ទើបពួកគេស្ដាប់បង្គាប់ខ្លះ។ ការស្ដាប់បង្គាប់របស់គេមានលក្ខខណ្ឌ ហើយគេធ្វើឡើងដោយបង្ខំចិត្ត ទាំងគិតដល់ប្រយោជន៍របស់គេ។ បើដូច្នេះ ហេតុអ្វីក៏អ្នកជឿលើព្រះជាម្ចាស់? ប្រសិនបើអ្នកជឿដើម្បីតែផលប្រយោជន៍ និងដើម្បីសម្រេចជោគវាសនារបស់ខ្លួន នោះកុំជឿព្រះអង្គល្អជាង។ សេចក្តីជំនឿបែបនេះ គឺជាការបញ្ឆោតខ្លួនឯង ជាការធានាដល់ខ្លួនឯង និងជាការកោតសរសើរដល់ខ្លួនឯង។ ប្រសិនបើសេចក្តីជំនឿរបស់អ្នក មិនត្រូវបានសង់ឡើងពីលើគ្រឹះនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោសចំពោះការទាស់ទទឹងនឹងទ្រង់វិញមិនខាន។ អស់អ្នកណាដែលមិនព្យាយាមស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺទាស់ទទឹងនឹងទ្រង់ហើយ។ ព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សស្វែងរកសេចក្តីពិត ឲ្យគេស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់ ឲ្យគេបរិភោគ និងផឹកពីព្រះបន្ទូលទ្រង់ ហើយប្រតិបត្តិតាមព្រះបន្ទូលទាំងនោះ ដើម្បីឲ្យគេអាចសម្រេចបាននូវការស្ដាប់បង្គាប់តាមព្រះជាម្ចាស់។ ប្រសិនបើចំណុចទាំងនេះ គឺជាចេតនាដ៏ពិតរបស់អ្នក នោះព្រះជាម្ចាស់នឹងច្បាស់ជាលើកអ្នកឡើង ហើយទ្រង់នឹងសម្ដែងព្រះគុណរបស់ទ្រង់ដល់អ្នកជាប្រាកដ។ ការនេះគ្មានអ្វីដែលត្រូវសង្ស័យ និងប្រែប្រួលបានឡើយ។ ប្រសិនបើអ្នកគ្មានចេតនានឹងស្ដាប់បង្គាប់ព្រះ ហើយអ្នកមានគោលបំណងផ្សេង ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយ និងធ្វើ (គឺទាំងពាក្យអធិស្ឋានរបស់អ្នកនៅចំពោះព្រះ ព្រមទាំងគ្រប់ទង្វើរបស់អ្នក) នឹងក្លាយជាការទាស់ទទឹងនឹងទ្រង់ជាក់ជាមិនខាន។ អ្នកប្រហែលជាមនុស្សម្នាក់ដែលនិយាយស្ដីទន់ភ្លន់ និងមានចរិតស្លូតបូត គ្រប់ទង្វើ និងកាយវិការរបស់អ្នក អាចមើលទៅមានភាពរមទម ហើយអ្នកអាចធ្វើខ្លួនដូចជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ ប៉ុន្តែ ពេលដែលនិយាយដល់ចេតនា និងទស្សនៈរបស់អ្នកចំពោះសេចក្តីជំនឿលើព្រះវិញ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែទាស់ទទឹងនឹងព្រះ គ្រប់យ៉ាងដែលអ្នកធ្វើ សុទ្ធតែអាក្រក់ទាំងអស់។ មនុស្សដែលមើលទៅស្ដាប់បង្គាប់ដូចជាសត្វចៀម ប៉ុន្តែ ដួងចិត្តពេញដោយចេតនាអាក្រក់ គឺប្រៀបដូចជាសត្វចចកដែលពាក់ស្បែកចៀមដូច្នោះដែរ។ ពួកគេប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ ហើយព្រះអង្គនឹងមិនត្រាប្រណីដល់ពួកគេណាម្នាក់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបើកសម្ដែងពីពួកគេម្ដងម្នាក់ៗ ហើយបង្ហាញដល់មនុស្សគ្រប់គ្នាឲ្យឃើញថា ពួកមនុស្សកំពុត ច្បាស់ ជាត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធជាមិនខាន។ កុំបារម្ភឡើយ៖ ព្រះជាម្ចាស់នឹងគិតបញ្ជី ហើយចាត់ការជាមួយនឹងពួកគេម្នាក់ៗវិញមិនខាន។

ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ពេលនេះ ដើម្បីជឿលើព្រះដ៏ សកម្ម អ្នកត្រូវតែដើរតាមវិថីត្រឹមត្រូវ។ ប្រសិន បើអ្នកជឿ ព្រះ អ្នកមិនត្រូវស្វែងរកព្រះពរតែមួយមុខនោះទេ ប៉ុន្តែអ្នក ត្រូវតែស្រឡាញ់ និងស្គាល់ព្រះអង្គផង។ តាមរយៈការបំភ្លឺ របស់ទ្រង់ និងការស្វែងរករបស់អ្នកផ្ទាល់ អ្នកអាចបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ អាចបង្កើតការយល់ដឹងច្បាស់ លាស់អំពីព្រះអង្គ ព្រមទាំងមានក្ដីស្រឡាញ់ពិតចំពោះព្រះ ដោយចេញពីចិត្តរបស់ខ្លួន។ ពោលគឺនៅពេលក្ដីស្រឡាញ់ របស់អ្នកចំពោះព្រះ គឺជាសេចក្ដីស្រឡាញ់ពិត គ្មាននរណា អាចបំផ្លាញ និងរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអង្គបានឡើយ ពេលនេះហើយ អ្នកស្ថិតនៅលើវិថីត្រឹមត្រូវ ខាងឯក្តីជំនឿលើព្រះហើយ។ ការនេះបញ្ជាក់ថា អ្នកក្លាយ ជាកម្មសិទ្ធរបស់ព្រះ ដ្បិតព្រះអង្គទទួលបាននូវចិត្តរបស់អ្នក ជាកម្មសិទ្ធិទ្រង់ហើយ ក៏គ្មាននរណាម្នាក់ អាចយកអ្នកធ្វើ ជាកម្មសិទ្ធិបានដែរ។ តាមរយៈបទពិសោធន៍ និងការលះ បង់របស់អ្នក និងតាមរយៈកិច្ចការរបស់ព្រះអង្គ អ្នកអាច បង្កើតបានសេចក្តីស្រឡាញ់ឥតព្រៀងនៅចំពោះទ្រង់ ហើយ ពេលអ្នកមានសេចក្តីស្រឡាញ់នេះ អ្នកនឹងរួចពីឥទ្ធិពល របស់សាតាំង ហើយចូលមករស់នៅក្នុងពន្លឺនៃព្រះបន្ទូល របស់ព្រះអង្គវិញ។ ទាល់តែអ្នកបានរួចចេញពីឥទ្ធិពលនៃ ភាពងងឹត ទើបអាចនិយាយបានថា អ្នកបានទទួលព្រះ ហើយ។ តាមសេចក្តីជំនឿដែលអ្នកមានក្នុងព្រះជាម្ចាស់ អ្នកត្រូវតែព្យាយាមស្វែងរកគោលដៅនេះ។ នេះជាភារកិច្ច របស់អ្នករាល់គ្នាម្នាក់ៗ។ អ្នកទាំងអស់គ្នាមិនត្រូវស្កប់ស្កល់ ជាមួយស្ថានភាពបច្ចុប្បន្ននេះទេ។ អ្នកមិនអាចមានចិត្តពីរ ចំពោះកិច្ចការរបស់ព្រះនោះទេ ហើយអ្នកក៏មិនអាចមើល ស្រាលលើកិច្ចការនេះបានដែរ។ អ្នកត្រូវគិតពីព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការ និងគ្រប់ពេលវេលាទាំងអស់ ហើយធ្វើរាល់ កិច្ចការទាំងអស់សម្រាប់ទ្រង់។ ហើយរាល់ពេលដែលអ្នក និយាយ ឬប្រព្រឹត្ត អ្នកគួរតែគិតដល់ផលប្រយោជន៍របស់ ដំណាក់នៃព្រះជាទីមួយសិន។ ធ្វើបែបនេះ ទើបអ្នកអាច ក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «អ្នកត្រូវរស់នៅដើម្បីសេចក្តីពិត ដ្បិតអ្នករាល់គ្នាជឿដល់ព្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហេតុដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ អ្នកត្រូវតែកម្ចាត់ចោល នូវនិស្ស័យពុករលួយរបស់អ្នក អ្នកត្រូវតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការសម្រេចចិត្ត ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឲ្យបាននូវការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកត្រូវបានបង្កើតមក អ្នកគប្បីស្ដាប់បង្គាប់ព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកគ្មានអំណាចត្រួតត្រាលើខ្លួនឯង និងគ្មានសមត្ថភាពដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីស្វែងរកភាពបរិសុទ្ធ និងការផ្លាស់ប្ដូរ។ ដោយសារអ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នកគប្បីធ្វើតាមភារកិច្ចរបស់អ្នក និងត្រូវរក្សាទីកន្លែងរបស់អ្នក ហើយអ្នកមិនត្រូវប្រព្រឹត្តឲ្យហួសពីភារកិច្ចរបស់អ្នកឡើយ។ នេះគឺមិនមែនដើម្បីឃុំឃាំងអ្នក ឬដើម្បីគាបសង្កត់លើអ្នកតាមរយៈគោលលទ្ធិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាផ្លូវដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ហើយជាផ្លូវដែលអាចសម្រេចបាន (និងគប្បីសម្រេចឲ្យបាន) ដោយអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នរណាដែលបម្រើព្រះជាម្ចាស់ មិនត្រឹមតែដឹងពីរបៀបនៃការរងទុក្ខសម្រាប់ទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត ពួកគេគប្បីយល់ថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើអ្នក មិនត្រឹមតែដើម្បីបន្សុទ្ធអ្នក ឬដើម្បីជាប្រយោជន៍ដើម្បីឲ្យអ្នករងទុក្ខនោះទេ ប៉ុន្ដែព្រះជាម្ចាស់ប្រើអ្នកដើម្បីឲ្យអ្នកដឹងពីសកម្មភាពរបស់ទ្រង់ ដឹងពីភាពសំខាន់ដ៏ពិតអំពីជីវិតមនុស្ស ហើយជាពិសេស ដើម្បីឲ្យអ្នកអាចដឹងថាការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការងាយស្រួលទេ។ ការទទួលពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនដើម្បីរីករាយនឹងព្រះគុណទេ តែជាការរងទុក្ខចំពោះសេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់។ ដោយព្រោះអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ អ្នកក៏ត្រូវរីករាយនឹងការវាយផ្ចាលរបស់ទ្រង់ផងដែរ។ អ្នកត្រូវតែមានបទពិសោធន៍អំពីការទាំងអស់នេះ។ អ្នកអាចទទួលបាននូវបទពិសោធន៍អំពីការបំភ្លឺរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ហើយអ្នកក៏អាចមានបទពិសោធន៍ពីរបៀបដែលទ្រង់ដោះស្រាយជាមួយអ្នក និងជំនុំជម្រះអ្នកផងដែរ។ តាមវិធីនេះ បទពិសោធន៍របស់អ្នកនឹងមានលក្ខណៈទូលំទូលាយ។ ព្រះជាម្ចាស់បានអនុវត្តនូវកិច្ចការរបស់ទ្រង់អំពីការជំនុំជម្រះ និងការវាយផ្ចាល់មកលើអ្នក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានដោះស្រាយជាមួយអ្នក ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ ព្រះបន្ទូលក៏បានបំភ្លឺ និងធ្វើឲ្យអ្នកយល់ច្បាស់ផងដែរ។ នៅពេលដែលអ្នកមានភាពអវិជ្ជមាន និងខ្សោយ ព្រះជាម្ចាស់បារម្ភពីអ្នក។ គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីឲ្យអ្នកដឹងថាអ្វីៗទាំងអស់អំពីមនុស្ស គឺស្ថិតនៅក្នុងផែនការដែលព្រះជាម្ចាស់បានរៀបចំ។ អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឲ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឲ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឲ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការលុបបំបាត់នូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឲ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅទៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីលុបបំបាត់ចោលនូវនិស្ស័យរបស់សាតាំងដែលពុករលួយរបស់មនុស្ស។ ដោយបានបោះចោលនូវភាពស្មោកគ្រោក និងអំពើទុច្ចរិតទាំងប៉ុន្មាននៅខាងក្នុងអ្នក ហើយបោះចោលចេតនាដែលមិនត្រឹមត្រូវរបស់អ្នក និងបានលូតលាស់នូវសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ មានតែសេចក្ដីជំនឿដ៏ពិតប៉ុណ្ណោះ ទើបអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដបាន។ អ្នកអាចស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដលើគ្រឹះនៃជំនឿរបស់អ្នកនៅក្នុងទ្រង់។ តើអ្នកអាចសម្រេចបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ដោយមិនជឿលើទ្រង់ដែរទេ? ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនអាចភ័ន្ដច្រលំអំពីរឿងនេះបានទេ។ មនុស្សខ្លះមានកម្លាំងពេញលេញ នៅពេលពួកគេឃើញថាសេចក្ដីជំនឿលើព្រះជាម្ចាស់នឹងនាំមកនូវព្រះពរដល់ពួកគេ ប៉ុន្តែបន្ទាប់មកពួកគេបាត់បង់ថាមពលទាំងអស់ នៅពេលពួកគេឃើញថាពួកគេត្រូវរងទុក្ខនូវការបន្សុទ្ធ។ តើនោះជាការជឿលើព្រះជាម្ចាស់ទេ? នៅទីបំផុត អ្នកត្រូវតែទទួលបានការស្ដាប់បង្គាប់ពេញលេញ និងទាំងស្រុង នៅចំពោះព្រះជាម្ចាស់ដោយជំនឿរបស់អ្នក។ អ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែមានការទាមទារពីទ្រង់ មានសញ្ញាណខាងសាសនាជាច្រើនដែលអ្នកមិនអាចផ្ដាច់ខ្លួនចេញ ផលប្រយោជន៍ផ្ទាល់ខ្លួនដែលអ្នកមិនអាចបោះបង់ចោល ហើយអ្នកនៅតែស្វែងរកព្រះពរខាងសាច់ឈាម ហើយចង់ឲ្យព្រះជាម្ចាស់ជួយសង្គ្រោះសាច់ឈាមអ្នក ដើម្បីសង្គ្រោះព្រលឹងអ្នក ទាំងនេះគឺជាអាកប្បកិរិយារបស់មនុស្សដែលមានទស្សនៈខុសឆ្គង។ ទោះបីជាមនុស្សដែលមានជំនឿលើសាសនា មានជំនឿលើព្រះជាម្ចាស់ក៏ដោយ ពួកគេមិនស្វែងរកការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេ ហើយមិនស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេស្វែងរកតែផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា មានសេចក្ដីជំនឿដែលជាផ្នែកនៃជំនឿសាសនា។ នេះមិនមែនជាសេចក្ដីជំនឿដ៏ពិតចំពោះព្រះជាម្ចាស់នោះទេ។ ដើម្បីជឿលើព្រះជាម្ចាស់ មនុស្សត្រូវតែមានដួងចិត្តដែលត្រៀមរងទុក្ខលំបាកសម្រាប់ទ្រង់ និងមានឆន្ទៈលះបង់ខ្លួនឯង។ ដរាបណាមនុស្សបំពេញនូវលក្ខខណ្ឌទាំងពីរនេះ នោះជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនមានសុពលភាពទេ ហើយពួកគេនឹងមិនអាចសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេឡើយ។ មានតែមនុស្សដែលស្វែងរកសេចក្តីពិតដ៏ពិតប្រាកដ ស្វែងរកចំណេះដឹងពីព្រះជាម្ចាស់ ហើយស្វែងរកជីវិតនោះទេ ទើបជាអ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិត។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការជឿលើព្រះជាម្ចាស់តម្រូវឲ្យមានការស្តាប់បង្គាប់ទ្រង់ និងមានបទពិសោធន៍នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន អាចនិយាយបានថាសម្រាប់មនុស្ស វាជាការធ្វើឲ្យគ្រប់លក្ខណ៍ ជាការបន្សុទ្ធ ហើយជាងនេះទៅទៀត គឺជាការដាក់ទោស។ មិនមានជំហានតែមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសញ្ញាណរបស់មនុស្សទេ។ អ្វីដែលមនុស្សចូលចិត្ត គឺព្រះបន្ទូលដ៏តឹងរឹងរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងធ្វើឲ្យមនុស្សមានភាពគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករដែលទ្រង់បង្កើតមក មនុស្សគួរតែបំពេញនូវកាតព្វកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងទុក្ខលំបាក ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងណា ក៏អ្នកនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ អ្នកធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់អ្នកពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់អ្នក ប៉ុន្តែអ្នកដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារអ្នកប្រាកដថាផ្លូវនេះជាសេចក្ដីពិត អ្នកត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ អ្នកត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីអ្នកបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ អ្នកគប្បីប្រគល់ដួងចិត្តអ្នកទាំងស្រុងដល់ទ្រង់។ ប្រសិនបើអ្នកនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់អ្នកនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលអ្នកគប្បីអនុវត្ត។ នៅពេលអ្នកគួរអធិស្ឋាន អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកគួរជួបជុំធ្វើការប្រកបគ្នា ចូរអ្នកធ្វើដូច្នេះ។ នៅពេលដែលអ្នកគួរច្រៀងទំនុកតម្កើង អ្នកច្រៀងទំនុកតម្កើង ហើយនៅពេលអ្នកគួរបោះបង់ចោលសាច់ឈាម នោះចូរអ្នកបោះបង់ចោលសាច់ឈាមនោះចុះ។ នៅពេលអ្នកបំពេញកាតព្វកិច្ចរបស់អ្នក អ្នកមិនច្របូកច្របល់ទេ។ នៅពេលអ្នកប្រឈមនឹងទុក្ខលំបាក អ្នកនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។

ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីតម្រូវសំខាន់ជាងគេបំផុតនៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺឲ្យគេមានដួងចិត្តស្មោះសរ និងឲ្យគេលះបង់ខ្លួនគេទាំងស្រុង និងស្ដាប់បង្គាប់យ៉ាងពិតប្រាកដ។ អ្វីដែលពិបាកខ្លាំងបំផុតសម្រាប់មនុស្ស គឺត្រូវលះបង់ជីវិតរបស់គេទាំងមូលដើម្បីដូរនឹងជំនឿដ៏ពិតប្រាកដ ដែលតាមរយៈជំនឿនេះ គេអាចទទួលបាននូវសេចក្ដីពិតទាំងស្រុង និងអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ចំណុចនេះ អ្នកដែលបរាជ័យមិនអាចធ្វើឲ្យសម្រេចបានឡើយ ហើយអ្នកដែលមិនអាចស្វែងរកព្រះគ្រីស្ទបាន កាន់តែមិនអាចសម្រេច បានទៅទៀត។ ដោយសារមនុស្សមិនពូកែក្នុងការលះបង់ខ្លួនគេទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ដោយសារមនុស្សមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួនថ្វាយព្រះអាទិករ ដោយសារមនុស្សបានឃើញសេចក្ដីពិត តែគេចចេញពីសេចក្ដីពីត និងដើរតាមផ្លូវរបស់គេផ្ទាល់ ដោយសារមនុស្សតែងស្វែងរកដោយដើរតាមផ្លូវរបស់អ្នកដែលបានបរាជ័យ ដោយសារមនុស្សតែងតតាំងនឹងស្ថានសួគ៌ ហេតុនេះ មនុស្សតែងបរាជ័យ តែងជាប់នៅក្នុងឧបាយកលរបស់សាតាំង និងទាក់ជាប់ក្នុងមងរបស់ខ្លួនឯង។ ដោយសារមនុស្សមិនស្គាល់ព្រះគ្រីស្ទ ដោយសារមនុស្សមិនបានសម្របខ្លួនដើម្បីស្គាល់ និងដកពិសោធន៍ពីសេចក្ដីពិត ដោយសារមនុស្សថ្វាយបង្គំប៉ុលខ្លាំងពេក និងលោភលន់ចង់ឡើងស្ថានសួគ៌ខ្លាំងពេក ដោយសារមនុស្សតែងទាមទារឲ្យព្រះគ្រីស្ទស្ដាប់បង្គាប់គេ និងបង្គាប់បញ្ជាព្រះជាម្ចាស់ ហេតុនេះ បុគ្គលអស្ចារ្យទាំងនោះ និងអស់អ្នកដែលធ្លាប់មានបទពិសោធន៍ ពីដំណើរប្រែប្រួលនៃពិភពលោកនេះ គឺនៅតែជាមនុស្សធម្មតាដដែល និងនៅតែត្រូវស្លាប់នៅក្នុងការវាយផ្ចាល របស់ព្រះជាម្ចាស់ដដែល។ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចមានបន្ទូលបានអំពីមនុស្សបែបនេះ គឺថាពួកគេត្រូវស្លាប់ក្នុងសេចក្ដីស្លាប់ដ៏គួរឲ្យសោកសង្រេង ហើយគ្រោះអាក្រក់ដែលកើតមាន ចំពោះពួកគេដែលជាសេចក្ដីស្លាប់នោះ គឺមិនមែនកើតឡើង ដោយគ្មានហេតុផលនោះឡើយ។ តើបរាជ័យរបស់ពួកគេ មិនកាន់តែមិនអាចអត់ទ្រាំបាន ចំពោះច្បាប់ស្ថានសួគ៌ទេឬអី? សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។ ក៏ប៉ុន្តែ ព្រះគ្រីស្ទប្រទានត្រឹមតែសេចក្ដីពិតប៉ុណ្ណោះ។ ទ្រង់មិនយាងមកដើម្បីសម្រេចថាតើមនុស្សនឹងត្រូវជោគជ័យនៅក្នុងការស្វែងរកសេចក្ដីពិតរបស់គេឡើយ។ ហេតុនេះ ជោគជ័យឬបរាជ័យ នៅក្នុងសេចក្ដីពិត គឺសុទ្ធតែស្ថិតនៅលើការស្វែងរក មនុស្សទាំងអស់។ ជោគជ័យ ឬបរាជ័យរបស់មនុស្សនៅក្នុងសេចក្ដីពិត ក៏មិនមានអ្វីពាក់ព័ន្ធនឹងព្រះគ្រីស្ទដែរ តែផ្ទុយទៅវិញ ត្រូវកំណត់ដោយការស្វែងរករបស់គេ។ គោលដៅរបស់មនុស្ស និងជោគជ័យ ឬបរាជ័យរបស់គេ មិនអាចប្រមូលដាក់លើព្រះសិរសារបស់ព្រះជាម្ចាស់ដើម្បីធ្វើឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទទួលបន្ទុក លើបញ្ហានេះឡើយ ពីព្រោះនេះមិនមែនជាបញ្ហាមួយសម្រាប់ព្រះជាម្ចាស់ផ្ទាល់ ព្រះអង្គឡើយ ប៉ុន្តែគឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភារកិច្ចដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីត្រូវបំពេញ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. មូលហេតុដែលមនុស្សជាតិគួរតែជឿលើព្រះជាម្ចាស់

បន្ទាប់៖ ៣. អ្វីជាភាពខុសគ្នារវាងជំនឿលើព្រះជាម្ចាស់ និងជំនឿលើសាសនា

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ