១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖

«ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក ជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក និងជាព្រះនៃយ៉ាកុប បានបញ្ជូនខ្ញុំមកឯអ្នក៖ នេះជាព្រះនាមរបស់ខ្ញុំអស់កល្បជានិច្ច ហើយនេះជាសេចក្ដីរឭករបស់ខ្ញុំចំពោះមនុស្សគ្រប់ជំនាន់ទាំងអស់» (និក្ខមនំ ៣:១៥)។

«ទេវតារបស់ព្រះអម្ចាស់បានលេចមកចំពោះលោកនៅក្នុងសុបិន្ត ដោយពោលថា យ៉ូសែប កូនរបស់ដាវីឌអើយ ចូរកុំភ័យខ្លាចនឹងរៀបការជាមួយម៉ារីដែលជាភរិយារបស់អ្នកឡើយ៖ ដ្បិតកូនដែលបានចាប់កំណើតក្នុងផ្ទៃនាងគឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ។ ហើយនាងនឹងបង្កើតបានកូនប្រុសមួយ ហើយអ្នកត្រូវដាក់ឈ្មោះកូននេះថា យេស៊ូវ៖ ដ្បិតទ្រង់នឹងសង្គ្រោះរាស្ដ្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ» (ម៉ាថាយ ១:២០-២១)។

«ព្រះអម្ចាស់មានព្រះបន្ទូលថា៖ អញជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។

«យើងថ្វាយការអរព្រះគុណដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដែលគង់នៅ ក៏ធ្លាប់បានគង់នៅ ហើយនឹងត្រូវយាងមកអើយ ដ្បិតព្រះអង្គបានយកព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះអង្គបានសោយរាជ្យ» (វិវរណៈ ១១:១៧)។

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងរបស់ទ្រង់ទាំងមូល គឺច្បាស់លាស់ខ្លាំងណាស់៖ យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃព្រះគុណ ហើយគ្រាចុងក្រោយ គឺជាគ្រាចុងក្រោយ។ មានភាពខុសគ្នាដាច់ស្រឡះរវាងយុគសម័យនីមួយៗ ដ្បិតក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការដែលជាតំណាងឲ្យយុគសម័យនោះ។ សម្រាប់កិច្ចការនៃគ្រាចុងក្រោយដែលត្រូវបំពេញ គឺត្រូវមានការដុតដោយភ្លើង ការជំនុំជម្រះ ការវាយផ្ចាល សេចក្ដីក្រោធ និងការបំផ្លាញ ដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់។ គ្រាចុងក្រោយសំដៅលើយុគសម័យចុងក្រោយ។ ក្នុងអំឡុងយុគសម័យចុងក្រោយនេះ តើព្រះជាម្ចាស់នឹងនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរឬទេ? ដើម្បីបញ្ចប់យុគសម័យនេះ ព្រះជាម្ចាស់ត្រូវនាំការវាយផ្ចាល និងការជំនុំជម្រះមកជាមួយទ្រង់។ មានតែបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គោលបំណងរបស់ព្រះយេស៊ូវ គឺដើម្បីឲ្យមនុស្សអាចបន្តជីវិតបាន ដើម្បីបន្តរស់នៅ និងដើម្បីឲ្យគេអាចមានជីវិតនៅក្នុងផ្លូវដែលល្អប្រសើរ។ ទ្រង់បានសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបដើម្បីឲ្យគេអាចឈប់ធ្លាក់ទៅក្នុងអំពើគ្មានគុណធម៌ និងលែងរស់នៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក ហើយតាមរយៈការសង្គ្រោះមនុស្សពីស្ថានឃុំព្រលឹង និងស្ថាននរកនេះ ព្រះយេស៊ូវបានអនុញ្ញាតឲ្យគេបន្តរស់នៅតទៅទៀត។ បច្ចុប្បន្ននេះ គ្រាចុងក្រោយបានចូលមកដល់ហើយ។ ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សវិនាសហិនហោច និងបំផ្លាញពូជមនុស្សទាំងស្រុង ពោលគឺទ្រង់នឹងបំផ្លាស់បំប្រែការបះបោររបស់មនុស្សជាតិ។ ដោយព្រោះមូលហេតុនេះ និងតាមរយៈនិស្ស័យនៃចិត្តក្ដួលអាណិត និងគួរឲ្យស្រឡាញ់ពីអតីតកាល វានឹងមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់ត្រូវបញ្ចប់យុគសម័យនេះ ឬនាំផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ឲ្យចេញផលផ្លែ។ នៅគ្រប់យុគសម័យទាំងអស់ មានការតំណាងជាពិសេសអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្រប់យុគសម័យទាំងអស់ សុទ្ធតែមានកិច្ចការដែលព្រះជាម្ចាស់គប្បីត្រូវបំពេញ។ ដូច្នេះ កិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបំពេញនៅក្នុងយុគសម័យនីមួយៗ មានការបើកសម្ដែងពីនិស្ស័យពិតប្រាកដរបស់ទ្រង់ ហើយព្រះនាមទាំងពីររបស់ទ្រង់ និងកិច្ចការដែលទ្រង់បំពេញ បានផ្លាស់ប្ដូរជាមួយនឹងយុគសម័យនេះ ពោលគឺកិច្ចការទាំងអស់នេះ សុទ្ធតែថ្មីទាំងអស់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់ន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់សត្តនិករទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ចិត្តក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាព្រះអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់ព្រះអង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយអំពើបាបរបស់ពួកគេត្រូវបានអត់អត់ទោសឲ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មីលើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។ ហេតុនេះ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ហើយនៅក្នុងយុគសម័យនៃព្រះគុណ ព្រះនាមព្រះយេស៊ូវ គឺបានតំណាងឲ្យព្រះជាម្ចាស់។ ក្នុងអំឡុងគ្រាចុងក្រោយ ព្រះនាមរបស់ទ្រង់គឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏មានគ្រប់ចេស្ដា ដែលប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីដឹកនាំមនុស្ស យកឈ្នះលើមនុស្ស និងទទួលបានមនុស្ស ហើយចុងក្រោយ នាំយុគសម័យនោះទៅរកទីបញ្ចប់។ នៅគ្រប់ដំណាក់កាលទាំងអស់ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាភស្ដុតាង។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«យេហូវ៉ា» គឺជានាមដែលខ្ញុំប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ «យេស៊ូវ» គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណព្រមទាំងអាចធ្វើជាតំណាងឲ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ មានន័យថា មានតែព្រះយេហូវ៉ាទេ ទើបជាព្រះរបស់សាសន៍អ៊ីស្រាអែលដ៏ជារាស្ត្រជ្រើសរើស ជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក ជាព្រះរបស់យ៉ាកុប ជាព្រះរបស់ម៉ូសេ និងជាព្រះរបស់សាសន៍អ៊ីស្រាអែលទាំងមូល។ ហេតុនេះ នៅពេលបច្ចុប្បន្ននេះសាសន៍អ៊ីស្រាអែលទាំងអស់ ក្រៅពីពូជអំបូរយូដា គឺសុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេថ្វាយយញ្ញបូជាដល់ទ្រង់លើអាសនា ហើយបម្រើទ្រង់នៅក្នុងព្រះវិហារ ដោយស្លៀកពាក់ជាសង្ឃ។ អ្វីដែលគេសង្ឃឹមនោះ គឺការលេចមករបស់ព្រះយេហូវ៉ា។ គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះ នៃមនុស្សជាតិហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពី យុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះ មនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឲ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ ក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ។ «យេហូវ៉ា» តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តនាម សម្រាប់ព្រះ ជាម្ចាស់ ដែលសាសន៍អ៊ីស្រាអែលថ្វាយបង្គំដែរ។ «យេស៊ូវ» គឺជាព្រះនាមតំណាងឲ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះរបស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។

ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ 'ពពកស' មួយដុំ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើទីបន្ទាល់អំពីព្រះនាមរបស់ព្រះយេស៊ូវ ហើយព្រះនាមរបស់ព្រះយេហូវ៉ា លែងត្រូវបានគេនិយាយទៀតហើយ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញនូវកិច្ចការថ្មីនេះ ដែលជាគោលការណ៍ក្រោមព្រះនាមព្រះយេស៊ូវ។ ការធ្វើទីបន្ទាល់របស់អ្នកដែលបានជឿលើទ្រង់ កើតចេញពីព្រះយេស៊ូវគ្រីស្ទ ហើយកិច្ចការដែលពួកគេបានធ្វើ ក៏ដើម្បីព្រះយេស៊ូវគ្រីស្ទដែរ។ ការបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យថាកិច្ចការដែលធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ា បានមកដល់ទីបញ្ចប់ហើយ។ ហេតុដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់ លែងហៅថាជា ព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់ត្រូវគេហៅថា ព្រះយេស៊ូវ ហើយចាប់ពីចំណុចនេះតទៅ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ដូច្នេះ សព្វថ្ងៃនេះ មនុស្សនៅតែហូប និងផឹកព្រះបន្ទូលរបស់ព្រះយេហូវ៉ាដដែល ហើយនៅតែធ្វើគ្រប់យ៉ាងទៅតាមកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យដដែល តើអ្នកមិនកំពុងអនុវត្តតាមក្រឹត្យវិន័យទាំងងងឹតងងុលទេឬអី? តើអ្នកមិនមែនកំពុងជាប់គាំងនៅក្នុងអតីតកាលទេឬ? អ្នករាល់គ្នាដឹងថា គ្រាចុងក្រោយបានចូលមកដល់ហើយ។ តើវាអាចទេថា នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់នឹងនៅតែត្រូវគេហៅថាព្រះយេស៊ូវដដែល? ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់រាស្រ្តអ៊ីស្រាអែលថា ព្រះ‌មែស្ស៊ីនឹងយាងមក ក៏ប៉ុន្តែនៅពេលដែលទ្រង់យាងមកនោះ ទ្រង់មិនត្រូវគេហៅថាព្រះមែស្ស៊ីទេ ប៉ុន្តែត្រូវគេហៅថា ព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ហើយថាទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ។ ទាំងអស់នេះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្តែតើអ្នកឃើញផ្លូវដែលព្រះយេស៊ូវបានយាងចាកចេញទៅដែរឬទេ? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស ប៉ុន្តែតើអាចថាទ្រង់នឹងយាងត្រឡប់មកវិញនៅលើដុំពពកសដោយផ្ទាល់ព្រះអង្គក្នុងចំណោមមនុស្សដែរឬទេ? ប្រសិនបើដូច្នេះមែន តើទ្រង់នឹងមិននៅតែត្រូវគេហៅថា ព្រះយេស៊ូវដដែលទេឬអី? នៅពេលដែលព្រះយេស៊ូវយាងមកម្ដងទៀត យុគសម័យនេះ នឹងបានផ្លាស់ប្ដូររួចជាស្រេច ដូច្នេះ តើទ្រង់នៅតែអាចឲ្យគេហៅថា ព្រះយេស៊ូវ បានដែរឬទេ? តើអាចថាព្រះជាម្ចាស់អាចត្រឹមគេស្គាល់ដោយព្រះនាមថា ព្រះយេស៊ូវ មែនទេ? តើទ្រង់អាចមិនត្រូវគេហៅដោយព្រះនាមថ្មីនៅក្នុងយុគសម័យថ្មីនេះមែនទេ? តើរូបកាយរបស់មនុស្សម្នាក់ និងឈ្មោះជាក់លាក់ណាមួយ អាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពេញលេញនោះឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតែតំណាងឲ្យទិដ្ឋភាពបណ្ដោះអាសន្ននៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យណាមួយប៉ុណ្ណោះ។ អ្វីដែលព្រះនាមអាចធ្វើបាន គឺតំណាងដល់កិច្ចការរបស់ទ្រង់។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ដែលជាអត្ថប្រយោជន៍ដល់និស្ស័យរបស់ទ្រង់ ដើម្បីតំណាងដល់យុគសម័យទាំងមូល។ មិនខ្វល់ថាតើវាគឺជាយុគសម័យនៃព្រះយេហូវ៉ា ឬជាយុគសម័យនៃព្រះយេស៊ូវទេ យុគសម័យនីមួយៗ គឺត្រូវមានព្រះនាមតំណាងមួយ។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងឲ្យព្រះនាមរបស់ព្រះយេស៊ូវ ហើយវាតំណាងឲ្យយុគសម័យនៃព្រះគុណ។ សម្រាប់កិច្ចការដែលព្រះយេហូវ៉ាបំពេញ គឺតំណាងឲ្យព្រះយេហូវ៉ា ហើយវាគឺតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយនៅក្នុងយុគសម័យពីរផ្សេងគ្នា។ កិច្ចការដែលព្រះយេស៊ូវបានបំពេញអាចតំណាងត្រឹមយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ តំណាងត្រឹមយុគសម័យនៃក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានណែនាំត្រឹមរាស្រ្តអ៊ីស្រាអែល និងរាស្រ្តអេសីព្ទ និងគ្រប់ជាតិសាសន៍ទាំងអស់នៅក្រៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះ។ កិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រះនាមរបស់ព្រះយេស៊ូវ នៅពេលដែលទ្រង់បានដឹកនាំយុគសម័យនោះ។ ... អាចនឹងមាននូវយុគសម័យថ្មីមួយនៅពេលដែលព្រះយេស៊ូវយាងមកបំពេញកិច្ចការថ្មី ដើម្បីបើកយុគសម័យថ្មីមួយ ដើម្បីឆ្លងកាត់កិច្ចការដែលបានបំពេញពីមុននៅស្រុកអ៊ីស្រាអែល និងដើម្បីបំពេញកិច្ចការរបស់ទ្រង់មិនឲ្យស្របទៅតាមកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអ៊ីស្រាអែល ឬស្របតាមក្រឹត្យវិន័យចាស់របស់ទ្រង់ ឬស្របទៅតាមបទប្បញ្ញត្តិណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីបំពេញកិច្ចការថ្មីដែលទ្រង់គប្បីត្រូវបំពេញ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ យាងមកដើម្បីបើកយុគសម័យនោះ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏យាងមកដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរ។ មនុស្សមិនអាចធ្វើកិច្ចការនៃការចាប់ផ្ដើមយុគសម័យមួយ និងបញ្ចប់យុគសម័យនោះបានទេ។ ប្រសិនបើព្រះយេស៊ូវមិនបាននាំយកកិច្ចការរបស់ព្រះយេហូវ៉ាទៅរកទីបញ្ចប់ ក្រោយពីទ្រង់បានយាងមកទេ នោះនឹងក្លាយជាភស្ដុតាងបញ្ជាក់ថា ទ្រង់គឺគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ និងមិនអាចតំណាងឲ្យព្រះជាម្ចាស់បានឡើយ។ ច្បាស់ណាស់ថា ដោយសារព្រះយេស៊ូវបានយាងមក និងបានបញ្ចប់កិច្ចការរបស់ព្រះយេហូវ៉ា បានបន្តកិច្ចរបស់ព្រះយេហូវ៉ា និងបន្តកិច្ចការផ្ទាល់របស់ព្រះអង្គ ដែលជាកិច្ចការថ្មីមួយទៀត នោះបញ្ជាក់ថា នេះគឺជាយុគសម័យថ្មីមួយ ហើយថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់បានបំពេញនូវកិច្ចការនៅដំណាក់កាលពីរផ្សេងគ្នា។ ដំណាក់កាលមួយត្រូវធ្វើឡើងនៅក្នុងព្រះវិហារ ហើយដំណាក់កាលមួយត្រូវធ្វើឡើងនៅក្រៅព្រះវិហារ។ ដំណាក់កាលមួយ ត្រូវដឹកនាំមនុស្សស្របទៅតាមក្រឹត្យវិន័យ ហើយដំណាក់កាលមួយទៀត ត្រូវលះបង់ធ្វើជាដង្វាយលោះអំពើបាប។ ដំណាក់កាលនៃកិច្ចការទាំងពីរនេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។ ការនេះបែងចែកយុគសម័យថ្មីចេញពីយុគសម័យចាស់ ហើយវាត្រឹមត្រូវណាស់ដែលនិយាយថា ដំណាក់កាលទាំងពីរ គឺជាយុគសម័យពីរផ្សេងគ្នា។ ទីតាំងនៃកិច្ចការរបស់ទ្រង់គឺខុសគ្នា ខ្លឹមសារនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នា ហើយគោលបំណងនៃកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាដែរ។ ដូច្នេះ ដំណាក់កាលនៃកិច្ចការនេះអាចបែងចែកជាពីរយុគសម័យ៖ ព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរសញ្ញាចាស់ យុគសម័យសញ្ញាថ្មី និងយុគសម័យសញ្ញាចាស់។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានយាងទៅក្នុងព្រះវិហារទេហើយនេះបញ្ជាក់ថា យុគសម័យរបស់ព្រះយេហូវ៉ាបានបញ្ចប់រួចហើយ។ ទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហារទេដោយសារកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងព្រះវិហារបានបញ្ចប់រួចហើយ និងមិនចាំបាច់ត្រូវការធ្វើវាម្ដងទៀតឡើយ ហើយបើធ្វើម្ដងទៀតនឹងជាន់គ្នាមិនខាន។ មានតែតាមរយៈការចាកចេញពីព្រះវិហារ ការចាប់ផ្ដើមកិច្ចការថ្មី និងការចាប់ផ្ដើមមាគ៌ាថ្មីនៅក្រៅព្រះវិហារទេ ទើបទ្រង់អាចនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់ចំណុចកំពូលរបស់វាបាន។ ប្រសិនបើទ្រង់មិនបានចាកចេញពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ទេ នោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវជាប់គាំងនៅលើមូលដ្ឋានគ្រឹះនៃព្រះវិហារដដែល ហើយនឹងមិនមានការផ្លាស់ប្ដូរថ្មីណាមួយទេ។ ហេតុដូច្នេះហើយ នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់មិនបានចូលទៅក្នុងព្រះវិហារឡើយ និងមិនបានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងព្រះវិហារទេ។ ទ្រង់បានបំពេញកិច្ចការរបស់ទ្រង់នៅក្រៅព្រះវិហារ និងបានដឹកនាំពួកសិស្ស ព្រមទាំងបានបំពេញកិច្ចការរបស់ទ្រង់ដោយសេរី។ ការយាងចាកចេញរបស់ព្រះជាម្ចាស់ពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ មានន័យថា ព្រះជាម្ចាស់មានផែនការថ្មីមួយ។ កិច្ចការរបស់ទ្រង់ គឺត្រូវបំពេញនៅក្រៅព្រះវិហារ ហើយវាគឺជាកិច្ចការថ្មីដែលមិនជាប់ជំពាក់នឹងការអនុវត្តកិច្ចការនេះក្នុងលក្ខណៈណាមួយឡើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ ទ្រង់បាននាំកិច្ចការរបស់ព្រះយេហូវ៉ាក្នុងអំឡុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ទៅរកទីបញ្ចប់។ បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ទ្រង់ណែនាំយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ។ ប្រវត្តិសាស្រ្តតែងផ្លាស់ប្ដូរទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឲ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញនូវកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការថ្មី និងកាន់តែអស្ចារ្យ ហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ឧបមាថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រប់យុគសម័យនេះ គឺតែងតែដូចគ្នា ហើយទ្រង់គឺតែងតែត្រូវគេហៅដោយព្រះនាមដូចគ្នា តើមនុស្សអាចនឹងស្គាល់ទ្រង់បានដោយរបៀបណា? ព្រះជាម្ចាស់ត្រូវគេហៅថាព្រះយេហូវ៉ា ហើយក្រៅពីព្រះជាម្ចាស់ដែលត្រូវគេហៅថាព្រះយេហូវ៉ានោះ នរណាក៏ដោយដែលត្រូវគេហៅដោយឈ្មោះទីទៃពីនេះ មិនមែនជាព្រះជាម្ចាស់ឡើយ។ ឬបើពុំដូច្នោះទេ ព្រះជាម្ចាស់អាចត្រឹមជាព្រះយេស៊ូវ ហើយក្រៅពីព្រះនាមរបស់ព្រះយេស៊ូវ ទ្រង់មិនអាចមិនត្រូវបានគេហៅដោយព្រះនាមដទៃទៀតឡើយ។ ក្រៅពីព្រះយេស៊ូវ ព្រះយេហូវ៉ាគឺមិនមែនជាព្រះជាម្ចាស់ឡើយ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាក៏មិនមែនជាព្រះជាម្ចាស់ដែរ។ មនុស្សជឿថា វាពិតប្រាកដហើយដែលព្រះជាម្ចាស់មានគ្រប់ព្រះចេស្តានោះ ប៉ុន្តែព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមមនុស្ស ហើយទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ ដ្បិតព្រះជាម្ចាស់គឺគង់នៅជាមួយមនុស្ស។ ការគិតបែបនេះ គឺស្របទៅតាមគោលលទ្ធិ និងបានកំណត់ព្រះជាម្ចាស់ក្នុងកម្រិតជាក់លាក់មួយ។ ដូច្នេះ នៅគ្រប់ដំណាក់កាលទាំងអស់ កិច្ចការដែលព្រះជាម្ចាស់បំពេញ ព្រះនាមដែលគេហៅទ្រង់ និងរូបអង្គដែលទ្រង់ប្រើ កិច្ចការដែលទ្រង់បំពេញនៅគ្រប់ដំណាក់កាលតាំងពីដើមរហូតដល់បច្ចុប្បន្ន គឺចំណុចទាំងអស់នេះមិនអនុវត្តតាមបញ្ញត្តិតែមួយ និងមិនស្ថិតនៅក្រោមដែនកំណត់ណាមួយឡើយ។ ទ្រង់គឺជាព្រះយេហូវ៉ា ប៉ុន្តែទ្រង់ក៏ជាព្រះយេស៊ូវដែរ ហើយក៏ជាព្រះមែស្ស៊ី និងជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ កិច្ចការរបស់ទ្រង់អាចឆ្លងកាត់ការបំផ្លាស់បំប្រែបន្តិចម្ដងៗ ដោយមានការផ្លាស់ប្ដូរទៅតាមព្រះនាមរបស់ទ្រង់។ គ្មានព្រះនាមណាមួយដែលអាចតំណាងដល់ទ្រង់ដោយពេញលេញបានឡើយ ប៉ុន្តែគ្រប់ព្រះនាមទាំងអស់ដែលគេហៅទ្រង់ សុទ្ធតែអាចតំណាងឲ្យទ្រង់បាន ហើយកិច្ចការដែលទ្រង់បំពេញនៅគ្រប់ដំណាក់កាល សុទ្ធតែតំណាងឲ្យនិស្ស័យរបស់ទ្រង់។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើព្រះនាមរបស់ព្រះយេស៊ូវ ដែលថា «ព្រះ‌អង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ» តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងមែនទេ? តើវាអាចបង្ហាញពីព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? ប្រសិនបើមនុស្សនិយាយថា ព្រះជាម្ចាស់អាចត្រឹមហៅថាព្រះយេស៊ូវ និងមិនមានព្រះនាមអ្វីផ្សេង ដោយសារព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ទ្រង់បាន ព្រះបន្ទូលទាំងអស់នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរខ្លាំងណាស់! តើអ្នកជឿថា ព្រះនាមព្រះយេស៊ូវ គឺ ព្រះ‌អង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ តែមួយមុខនេះ អាចតំណាងឲ្យព្រះជាម្ចាស់ទាំងស្រុងបានដែរឬទេ? ព្រះជាម្ចាស់អាចត្រូវបានគេហៅដោយព្រះនាមជាច្រើន ប៉ុន្តែក្នុងចំណោមព្រះនាមទាំងអស់នេះ គ្មានព្រះនាមណាមួយដែលអាចគេចផុតពីព្រះជាម្ចាស់ឡើយ គ្មានព្រះនាមណាមួយអាចតំណាងឲ្យព្រះជាម្ចាស់ដោយពេញលេញនោះទេ។ ដូច្នេះហើយ ព្រះជាម្ចាស់មានព្រះនាមជាច្រើន ប៉ុន្តែព្រះនាមទាំងអស់នេះ មិនអាចសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយពេញលេញឡើយ ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់ គឺសម្បូរបែប លើសពីសមត្ថភាពដែលមនុស្សអាចស្គាល់ទ្រង់បាន។ ការប្រើភាសារបស់មនុស្សជាតិ មិនគ្រប់គ្រាន់ដើម្បីបង្ហាញពីព្រះជាម្ចាស់ឲ្យបានពេញលេញនោះទេ។ មនុស្សជាតិគ្មានអ្វីក្រៅពីពាក្យសម្ដីបន្តិចបន្តួចដើម្បីបង្ហាញពីអ្វីទាំងអស់ដែលពួកគេដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះឡើយ ដូចជាពាក្យថា៖ មហិមា កិត្តិយស អស្ចារ្យ មិនអាចយល់បាន ឧត្តុង្គឧត្តម បរិសុទ្ធ សុចរិត ឈ្លាសវៃ និងពាក្យដទៃផ្សេងទៀត។ មានពាក្យជាច្រើនខ្លាំងណាស់! ពាក្យបន្តិចបន្តួចនេះ មិនអាចរៀបរាប់សូម្បីតែនិស្ស័យរបស់ព្រះជាម្ចាស់ដែលមនុស្សបានដឹងដ៏តិចតួចក្ដី។ ពេលកន្លងមក អ្នកដទៃទៀតបានបន្ថែមពាក្យពេចន៍ដែលពួកគេបានគិតថា អាចរៀបរាប់បានកាន់តែប្រសើរអំពីភាពឆេះឆួលដែលនៅក្នុងដួងចិត្តរបស់ពួកគេដូចជាពាក្យដែលថា៖ ព្រះជាម្ចាស់មហិមាខ្លាំងណាស់! ព្រះជាម្ចាស់បរិសុទ្ធខ្លាំងណាស់! ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ខ្លាំងណាស់! សព្វថ្ងៃ ការនិយាយរបស់មនុស្សបែបនេះបានដល់កម្រិតកំពូលហើយ ក៏ប៉ុន្តែ មនុស្សនៅតែមិនអាចសម្ដែងពីខ្លួនអ្នកឲ្យបានច្បាស់នៅឡើយ។ ដូច្នេះហើយ សម្រាប់មនុស្ស ព្រះជាម្ចាស់មានព្រះនាមជាច្រើន ទ្រង់មិនមែនមានតែព្រះនាមមួយទេ នេះគឺដោយសារសភាវៈរបស់ព្រះជាម្ចាស់ គឺសម្បូរបែបខ្លាំងណាស់ ហើយភាសារបស់មនុស្ស គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពាក្យមួយម៉ាត់ ឬព្រះនាមមួយពុំអាចតំណាងឲ្យព្រះជាម្ចាស់ទាំងស្រុងបានទេ ដូច្នេះ តើអ្នកគិតថាព្រះនាមរបស់ទ្រង់អាចមិនប្រែប្រួលដែរទេ? ព្រះជាម្ចាស់មហិមា និងបរិសុទ្ធខ្លាំងណាស់ ក៏ប៉ុន្តែតើអ្នកនឹងមិនអនុញ្ញាតឲ្យទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់នៅក្នុងយុគសម័យថ្មីទេឬ? ហេតុនេះ នៅគ្រប់យុគសម័យ ដែលព្រះជាម្ចាស់បំពេញនូវកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គ គឺទ្រង់ប្រើព្រះនាមមួយ ដែលស័ក្តិសមនឹងយុគសម័យនោះ ដើម្បីបង្ហាញពីកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ទ្រង់ប្រើព្រះនាមនេះ ជាព្រះនាមមួយដែលមានលក្ខណៈសំខាន់បណ្ដោះអាសន្ន ដើម្បីតំណាងឲ្យនិស្ស័យរបស់ទ្រង់នៅក្នុងយុគសម័យនោះ។ នេះគឺជាព្រះជាម្ចាស់ដែលប្រើភាសាមនុស្សជាតិដើម្បីបើកសម្ដែងពីនិស្ស័យផ្ទាល់របស់ទ្រង់។ បើទោះបីជាដូច្នេះក្ដី មនុស្សជាច្រើនដែលធ្លាប់មានបទពិសោធន៍ខាងវិញ្ញាណ និងធ្លាប់បានឃើញព្រះជាម្ចាស់ដោយផ្ទាល់ក្ដី ក៏នៅតែមានអារម្មណ៍ថា ព្រះនាមមួយនេះមិនអាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងទេ។ វរហើយ! រឿងនេះមិនអាចជួយបានទេ ដូច្នេះ មនុស្សលែងហៅព្រះជាម្ចាស់ដោយព្រះនាមរបស់ទ្រង់តទៅទៀតហើយ ប៉ុន្តែហៅទ្រង់ត្រឹមថា «ព្រះជាម្ចាស់» ប៉ុណ្ណោះ។ ដួងចិត្តរបស់មនុស្ស ហាក់ដូចជាពោរពេញដោយសេចក្ដីស្រឡាញ់ក៏ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធនឹងការជំទាស់ដែរ ដ្បិតមនុស្ស ពុំបានដឹងថាតើត្រូវពន្យល់អំពីព្រះជាម្ចាស់ដោយរបៀបណានោះទេ។ លក្ខណៈរបស់ព្រះជាម្ចាស់សម្បូរបែបខ្លាំងរហូតដល់គ្មានវិធីណាដែលអាចរៀបរាប់បានឡើយ។ គ្មានព្រះនាមណាមួយ ដែលអាចសង្ខេបពីនិស្ស័យរបស់ព្រះជាម្ចាស់បាននោះឡើយហើយគ្មានព្រះនាមណា មួយដែលអាចរៀបរាប់ពីគ្រប់កម្មសិទ្ធ និងលក្ខណៈរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនរណាម្នាក់សួរខ្ញុំថា៖ «តើទ្រង់ប្រើព្រះនាមអ្វីឲ្យប្រាកដ?» ខ្ញុំនឹងនិយាយ ប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់!» តើនេះមិនមែនជាព្រះនាមដ៏ល្អបំផុតសម្រាប់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? រឿងគឺបែបនេះហើយ តើហេតុអ្វីបានជាអ្នករាល់គ្នាខំប្រឹងស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ខ្លាំងយ៉ាងនេះ? តើហេតុអ្វីអ្នកត្រូវប្រើខួរក្បាលរបស់អ្នក ដោយគ្មានបានហូបចុក និងដេកពួន ដើម្បីតែជាប្រយោជន៍ដល់ព្រះនាមមួយបែបនេះ? ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលព្រះជាម្ចាស់លែងត្រូវគេហៅថា ព្រះយេហូវ៉ា ព្រះយេស៊ូវ ឬព្រះមែស្ស៊ីតទៅទៀត គឺទ្រង់នឹងត្រូវគេហៅត្រឹមថា ព្រះអាទិករ។ នៅពេលនោះ គ្រប់ព្រះនាមទាំងអស់ដែលទ្រង់បានដាក់នៅលើផែនដី នឹងត្រូវចូលដល់ទីបញ្ចប់ ដ្បិតកិច្ចការរបស់ទ្រង់នៅលើផែនដី នឹងត្រូវចូលដល់ទីបញ្ចប់ ក្រោយពេលដែលព្រះនាមរបស់ទ្រង់លែងមានទៀត។ នៅពេលដែលគ្រប់យ៉ាងទាំងអស់មកនៅក្រោមអំណាចត្រួតត្រារបស់ព្រះអាទិករ តើចាំបាច់អ្វីដែលទ្រង់ត្រូវការព្រះនាមសមស្របតែមិនពេញលេញបែបនេះធ្វើអ្វី? តើអ្នកនឹងនៅតែបន្តស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ក្នុងពេលនេះទៀតដែរឬទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់គឺនៅតែត្រូវហៅថា ព្រះយេហូវ៉ា តែមួយប៉ុណ្ណោះទៀតមែនទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់អាចត្រូវហៅត្រឹម ព្រះយេស៊ូវ តែមួយប៉ុណ្ណោះមែនទេ? តើអ្នកអាចទូលរែកអំពើបាបនៃការប្រមាថចំពោះព្រះជាម្ចាស់បានដែរឬទេ? អ្នកគប្បីដឹងថា កាលពីដើមដំបូង ព្រះជាម្ចាស់គ្មានព្រះនាមអ្វីទេ។ ទ្រង់គ្រាន់តែមានព្រះនាមមួយ ឬពីរ ឬច្រើន ដោយសារតែទ្រង់មានកិច្ចការត្រូវបំពេញ និងត្រូវគ្រប់គ្រងមនុស្សជាតិប៉ុណ្ណោះ។ មិនថាគេហៅព្រះនាមទ្រង់បែបណានោះទេ តើទ្រង់មិនជ្រើសយកព្រះនាមនោះដោយផ្ទាល់ព្រះអង្គអ្នកទេមែនទេ? តើទ្រង់ត្រូវការឲ្យអ្នកដែលជាសត្តនិករមួយដែលទ្រង់បានបង្កើតមកនោះ រៀបរាប់អំពីព្រះនាមនោះដែរឬទេ? ព្រះនាមដែលគេហៅព្រះជាម្ចាស់ គឺជាព្រះនាមមួយដែលស្របនឹងអ្វីដែលមនុស្សអាចយល់ដឹងបាន ស្របតាមភាសារបស់មនុស្សជាតិ ប៉ុន្តែព្រះនាមនេះ គឺមិនមែនជាព្រះនាមដែលមនុស្សអាចសង្ខេបរួមបានទេ។ អ្នកអាចនិយាយបានត្រឹមថា មានព្រះជាម្ចាស់គង់នៅលើស្ថានសួគ៌ ថាទ្រង់ត្រូវគេហៅថា ព្រះជាម្ចាស់ ថាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានព្រះចេស្ដាខ្លាំងពូកែ ដែលមានព្រះប្រាជ្ញាញាណអស្ចារ្យ ខ្ពង់ខ្ពស់ អស្ចារ្យ និងអាថ៌កំបាំងយ៉ាងខ្លាំង និងមានព្រះចេស្តាអស្ចារ្យ ហេតុដូច្នេះហើយ អ្នកមិនអាចនិយាយអ្វីបានឡើយ ហើយអ្នកទាំងគ្នាអាចដឹងបានតែបន្ដិចបន្ដួចនេះប៉ុណ្ណោះ។ រឿងគឺបែបនេះហើយ តើព្រះនាមព្រះយេស៊ូវអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែនទេ? នៅពេលដែលគ្រាចុងក្រោយមកដល់ បើទោះបីជាព្រះជាម្ចាស់គឺជាអ្នកដែលនៅបន្តបំពេញកិច្ចការរបស់ទ្រង់ក្ដី ក៏ព្រះនាមរបស់ទ្រង់ត្រូវតែផ្លាស់ប្ដូរដែរ ដ្បិតវាគឺជាយុគសម័យមួយខុសគ្នា។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឲ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដានោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យ នៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី៊ គឺសុទ្ធតែតំណាងឲ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឲ្យខ្ញុំនៅក្នុងភាពបរិបូររបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឲ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុង យុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថាព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ។ គេធ្លាប់ស្គាល់ខ្ញុំជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាចកិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្សប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះពិតតែមួយ និងដើម្បីឲ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែល និងជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង។

ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញនៅលើ 'ពពកស' មួយដុំ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. វិធីដែលដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ កាន់តែស៊ីជម្រៅជាជំហានៗ ដើម្បីឱ្យមនុស្សអាចត្រូវបានសង្គ្រោះ និងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

បន្ទាប់៖ ២. ព្រះនាមរបស់ទ្រង់អាចផ្លាស់ប្ដូរ ប៉ុន្តែសារជាតិរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ