សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)

អ្នករាល់គ្នាគួរតែដឹងអំពីសាច់រឿងបង្កប់ពីក្រោយព្រះគម្ពីរ និងសាច់រឿងនៃការបង្កើតព្រះគម្ពីររួចហើយ។ មនុស្សដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនមានចំណេះដឹងនេះឡើយ គឺពួកគេមិនដឹងទេ។ ប្រសិនបើអ្នកត្រូវនិយាយត្រង់ៗអំពីចំណេះដឹងទាំងនេះទៅកាន់ពួកគេ នោះគេនឹងលែងក្លាយជាមនុស្សប្រកាន់ខ្ជាប់នឹងព្រះគម្ពីរជាមួយអ្នកទៀតហើយ។ ជានិច្ចកាល ពួកគេកំពុងតែសិក្សាស៊ីជម្រៅទៅ​លើសេចក្តីំទំនាយដែលត្រូវបានថ្លែង៖ តើសេចក្តីទំនាយនេះបានក្លាយជាការពិតហើយឬនៅ? តើសេច​ក្តីទំនាយនោះបានក្លាយជាការពិតហើយឬនៅ? ពួកគេទទួលដំណឹងល្អដែលស្របតាមព្រះគម្ពីរ ហើយពួកគេប្រកាសដំណឹងល្អដែលស្របតាមព្រះគម្ពីរ។ ជំនឿរបស់គេលើព្រះជាម្ចាស់ពឹងអាងលើព្រះបន្ទូលចេញពីព្រះគម្ពីរ ហើយបើគ្មានព្រះគម្ពីរទេ នោះពួកគេនឹងមិនជឿលើព្រះជាម្ចាស់ឡើយ។ នេះជារបៀប​ដែលពួកគេរស់នៅ គឺដោយពិនិត្យពិច័យលើព្រះគម្ពីរ។ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរម្ដងទៀត ហើយសុំឲ្យអ្នកពន្យល់ អ្នកនិយាយថា៖ «ជាដំបូង ចូរយើងកុំផ្ទៀងផ្ទាត់ប្រយោគនីមួយៗឡើយ។ ផ្ទុយទៅវិញ ចូរយើងមើលពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ​វិញ។ ចូរយើងដើរតាមផ្លូវដែលយើងដើរ ហើយប្រៀបធៀបវាជាមួយសេចក្តីពិត ដើម្បីចង់ដឹងថាតើផ្លូវនេះពិតជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយចូរយើងប្រើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីពិនិត្យមើលថាតើផ្លូវមួយនេះត្រឹមត្រូវឬក៏អត់។ ចំពោះថាតើសេចក្តីនេះ ឬសេចក្តីនោះបានក្លាយជាការពិតដូចបានថ្លែងទុកឬអត់ ក្នុងនាមជាមនុស្ស យើងមិនគួរខ្វល់អំពីវាឡើយ។ សម្រាប់យើង វាប្រសើរជាងក្នុងការនិយាយអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការថ្មីៗបំផុតដែលព្រះជាម្ចាស់បានកំពុងតែធ្វើ»។ សេចក្តីទំនាយនៅក្នុងព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលត្រូវបានបញ្ជូនមក តាមរយៈពួកហោរានៅគ្រានោះ ហើយព្រះបន្ទូលត្រូវបានសរសេរឡើង ដោយមនុស្សដែលព្រះជាម្ចាស់បានប្រើប្រាស់ ហើយទទួលបានការបណ្ដាលឲ្យតែង។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ប៉ុណ្ណោះដែលអាចពន្យល់អំពីព្រះបន្ទូលទាំងនោះ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលអាចបកស្រាយអត្ថន័យនៃព្រះបន្ទូលទាំងនោះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន។ អ្នកនិយាយថា៖ «អ្នកមិនមែនជាព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏មិនមែនជាព្រះជាម្ចាស់ដែរ ដូច្នេះ តើនរណាហ៊ានពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? តើអ្នកហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះឬ? ទោះបីជាហោរា យេរេមា ​យ៉ូហាន និងអេលីយ៉ា មកក៏ដោយ ក៏ពួកគេ​មិនហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះដែរ ព្រោះថាពួកគេមិនមែនជាកូនចៀមឡើយ។ មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន ហើយគ្មានអ្នកផ្សេងទៀតអាចពន្យល់អំពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ខ្ញុំមិនហ៊ានដណ្ដើមព្រះនាមរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានបំណងចង់ពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ តើអ្នកជាព្រះជាម្ចាស់ឬ? គ្មានសត្តនិកររបស់ព្រះជាម្ចាស់ណាម្នាក់ហ៊ានបើកក្រាំង ឬពន្យល់អំពីព្រះបន្ទូលទាំងនោះឡើយ ហើយខ្ញុំក៏មិនហ៊ានពន្យល់ដែរ។ យោគល្អ អ្នកមិនគួរមានបំណងចង់ពន្យល់ព្រះបន្ទូលទាំងនោះឡើយ។ មិនគួរមាននរណាម្នាក់ព្យាយាមពន្យល់ព្រះបន្ទូលទាំងនោះទេ។ ចូរយើងនិយាយអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធវិញ ព្រោះថានេះជាអ្វីដែលមនុស្សអាចធ្វើបាន។ ខ្ញុំមានចំណេះដឹងតិចតួចប៉ុណ្ណោះអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ហើយខ្ញុំក៏គ្មានបទពិសោធន៍ផ្ទាល់ខ្លួនអំពីកិច្ចការបែបនេះដែរ ដូច្នេះ ខ្ញុំអាចនិយាយអំពីកិច្ចការនេះបានតែបន្តិចបន្តួច​ប៉ុណ្ណោះ។​ ចំពោះអត្ថន័យនៃព្រះបន្ទូលដែលអេសាយ ឬព្រះយេស៊ូវបានថ្លែងនៅក្នុងសម័យរបស់ពួកគេ ខ្ញុំនឹងមិនពន្យល់ឡើយ។ ខ្ញុំមិនសិក្សាព្រះគម្ពីរឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ខ្ញុំដើរតាមកិច្ចការនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ជាការពិត អ្នកចាត់ទុកព្រះគម្ពីរ ជាក្រាំងតូចមួយ ប៉ុន្តែ តើនេះមិនមែនជាសៀវភៅមួយដែលមានតែកូនចៀមប៉ុណ្ណោះដែលអាចបើកបានទេឬអី? ក្រៅពីកូនចៀម តើនរណាទៅដែលអាចបើកវាបាន? អ្នកមិនមែនជាកូនចៀមឡើយ ហើយខ្ញុំក៏មិនហ៊ានតាំងខ្លួនជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ដែរ ដូច្នេះ ចូរយើងកុំវិភាគអំពីព្រះគម្ពីរ ឬពិនិត្យពិច័យព្រះគម្ពីរឡើយ។ អ្វីដែលប្រសើរជាងក្នុងការពិភាក្សានោះ គឺជាកិច្ចការដែលត្រូវបានធ្វើ ដោយព្រះវិញ្ញាណបរិសុទ្ធ ព្រោះថានេះជាកិច្ចការនាពេលបច្ចុប្បន្ន ដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្ក​។ ចូរយើងមើលអំពីគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ និងលក្ខណៈ​សំខាន់​នៃកិច្ចការរបស់ទ្រង់វិញ ហើយប្រើប្រាស់ចំណុចទាំងនេះ ដើម្បីផ្ទៀងផ្ទាត់មើលថាតើផ្លូវដែលយើងដើរសព្វថ្ងៃ គឺជាផ្លូវដែលត្រឹមត្រូវឬអត់ ហើយដោយធ្វើបែបនេះ វានឹងជួយឲ្យយើងប្រាកដច្បាស់អំពីផ្លូវមួយនោះ»។ ប្រសិនបើអ្នករាល់គ្នាចង់ប្រកាសដំណឹងល្អ ជាពិសេសទៅកាន់មនុស្សដែលស្ថិតនៅក្នុងពិភពខាងសាសនា អ្នកត្រូវតែយល់អំពីព្រះគម្ពីរ និងមានសមត្ថភាពប៉ិនប្រសប់អំពីសាច់រឿងខាងក្នុងនៃព្រះគម្ពីរ បើមិនដូច្នោះ​ទេ អ្នកគ្មានផ្លូវអាចប្រកាសដំណឹងល្អបានឡើយ។ នៅពេលដែលអ្នកបានយល់អំពីរូបភាពធំ ហើយឈប់ពិនិត្យ​ពិច័យលើព្រះបន្ទូលដែលគ្មានជីវិតនៃព្រះគម្ពីរតាម​របៀបមិនសំខាន់ ប៉ុន្តែ បែរជានិយាយតែអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្តីពិតជីវិត នោះអ្នកនឹងអាចទទួលបានមនុស្សដែលស្វែងរកចេញពីដួងចិត្តដ៏ពិតមិនខាន។

កិច្ចការរបស់ព្រះយេហូវ៉ា ក្រឹត្យវិន័យដែលទ្រង់បានបង្កើតឡើង និងគោលការណ៍ដែលទ្រង់បានចង្អុលបង្ហាញដល់មនុស្សនៅក្នុងការរស់នៅរបស់ពួក​គេ មាតិការនៃកិច្ចការដែលទ្រង់បានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ភាពសំខាន់នៃការដែលទ្រង់ដាក់ឲ្យប្រើប្រាស់ក្រឹត្យវិន័យរបស់ទ្រង់ ភាពសំខាន់នៃកិច្ចការរបស់ទ្រង់ចំពោះយុគសម័យ​នៃព្រះគុណ និងកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងដំណាក់កាលចុងក្រោយនេះ៖ ទាំងអស់នេះគឺជាចំណុចដែលអ្នករាល់គ្នាគួរតែយល់ដឹង។ ដំណាក់កាលដំបូង គឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទីពីរ គឺជាកិច្ចការនៅយុគសម័យនៃព្រះគុណ​។ ហើយដំណាក់កាលទីបី គឺជាកិច្ចការនៃគ្រាចុងក្រោយ​។ អ្នករាល់គ្នាត្រូវតែយល់ឲ្យបានច្បាស់អំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់។ ចាប់តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់ សរុបមក វាមានបីដំណាក់កាល។ តើអ្វីទៅជាលក្ខណៈ​សំខាន់​នៃកិច្ចការនៅដំណាក់កាលនីមួយៗ? តើនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំមានដំណាក់កាលចំនួនប៉ុន្មានដែលត្រូវអនុវត្ត? តើដំណាក់កាលទាំងនេះត្រូវបានអនុវត្តយ៉ាងដូចម្ដេច? ហេតុអ្វីបានជាដំណាក់កាលនីមួយៗត្រូវបានអនុវត្តតាមរបៀបនោះ? ទាំងនេះសុទ្ធតែជាសំណួរដ៏សំខាន់។ កិច្ចការនៅយុគសម័យនីមួយៗមាននូវគុណតម្លៃតំណាងរបស់វា។ តើកិច្ចការអ្វីទៅដែលព្រះយេហូវ៉ាបានអនុវត្ត? ហេតុអ្វីបានជាទ្រង់ធ្វើវាតាមរបៀបនោះ? ហេតុអ្វីទ្រង់ត្រូវបានហៅថាជាព្រះយេហូវ៉ា? ជាថ្មីម្ដងទៀត តើកិច្ចការអ្វីដែលព្រះយេស៊ូវបានអនុវត្តនៅក្នុងយុគសម័យនៃព្រះគុណ? តើទ្រង់បានធ្វើកិច្ចការនោះដោយរបៀបណា? តើផ្នែកណាខ្លះនៃនិស្ស័យរបស់ព្រះជាម្ចាស់តំណាងឲ្យដំណាក់កាលនីមួយៗនៃកិច្ចការ និងយុគសម័យនីមួយៗ? តើផ្នែកណាខ្លះនៃនិស្ស័យរបស់ទ្រង់ដែលត្រូវបានបង្ហាញចេញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ? តើមានផ្នែកណាខ្លះនៅក្នុងយុគសម័យនៃព្រះគុណ? តើមានផ្នែកណាខ្លះនៅក្នុងយុគសម័យចុងក្រោយ? ទាំងនេះគឺជាសំណួរដ៏សំខាន់ដែលអ្នករាល់គ្នាត្រូវយល់ឲ្យបានច្បាស់។ និស្ស័យ​ទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។ និស្ស័យទាំងនេះមិនត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យនៃព្រះគុណ យុគសម័យនៃក្រឹត្យវិន័យ ឬតែក្នុងអំឡុងពេលនៃគ្រាចុងក្រោយប៉ុណ្ណោះនោះឡើយ។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយតំណាងដោយការជំនុំជម្រះ សេចក្ដី​ក្រោធ និងការវាយផ្ចាល។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយ មិនអាចជំនួសឲ្យកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ យ៉ាងណាមិញ ដំណាក់កាលទាំងបីដែលមានភាពជាប់ទាក់ទងគ្នានេះ បង្កើតបានជាស្ថាប័នមួយ ហើយដំណាក់កាលទាំងបីនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ តាមធម្មតា ការអនុវត្តនៃកិច្ចការនេះ ត្រូវបានបែងចែកជាយុគសម័យខុសៗគ្នា។ កិច្ចការដែលត្រូវបានធ្វើនៅគ្រាចុងក្រោយនាំមកនូវការបិទបញ្ចប់ចំពោះអ្វីៗគ្រប់យ៉ាង ហើយការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃការចាប់ផ្ដើម ឯកិច្ចការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅបន្តជាពាក្យប្រដៅដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែ វាមិនតំណាងឲ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្រាន់តែជាគ្រាចុងក្រោយ ហើយថ្ងៃចុងក្រោយ គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនតំណាងឲ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ​។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាឡើយ ប៉ុន្តែ វានៅតែជាព្រះបន្ទូល ដ្បិតមនុស្សមិនយល់អំពីលក្ខណៈ​សំខាន់​នៃព្រះគម្ពីរឡើយ។ នៅក្នុង​ការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យលើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែ គេនឹងមិនអាចចម្រាញ់យកអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅតែជាពាក្យប្រដៅចំពោះមនុស្សជារៀងរហូត នៅតែបន្តជាសេចក្តីអាថ៌កំបាំងជារៀងរហូត។ អ្នកមិនបាច់ខ្វល់អំពីសេចក្តីនៅក្នុងពិភពខាងសាសនាឡើយ ហើយនៅថ្ងៃនេះ ប្រសិន​បើ​ខ្ញុំមិនមាន​បន្ទូល​ប្រាប់ដល់អ្នករាល់គ្នាទេ នោះអ្នកនឹងមិនយល់អំពីវាឡើយ។ កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេច​ក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចទទួលយកវាបានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែ វាក៏ជាអ្វីមួយដែល​គេមិនយល់ច្បាស់បំផុតដែរ។ នៅពេលដែលអ្នករាល់គ្នាស្ថិតនៅក្នុងយុគសម័យនៃព្រះគុណ អ្នកមិនដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ ឬកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាឡើយ។ មនុស្សមិនយល់អំពីហេតុផលដែលព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យ ហេតុផលដែលទ្រង់សុំឲ្យបណ្ដាជនកាន់តាមក្រឹត្យវិន័យ ឬហេតុផលដែលព្រះវិហារត្រូវបានសង់ ហើយក៏មិនយល់អំពីហេតុផលដែលប្រជាជនអ៊ីស្រាអែលត្រូវបានដឹកនាំចេញពីស្រុកអេស៊ីព្ទ ចូលទៅក្នុងវាលរហោស្ថាន បន្ទាប់មក ចូលទៅក្នុងទឹកដីកាណានឡើយ។ សេចក្តីទាំងនេះនៅមិនទាន់បើកសម្ដែង រហូតមកដល់ពេលបច្ចុប្បន្ន។

កិច្ចការនៅគ្រាចុងក្រោយ គឺជាដំណាក់កាលចុងក្រោយនៃដំណាក់កាលទាំងបី។ វាជាកិច្ចការនៃយុគសម័យថ្មីមួយទៀត ហើយវាមិនតំណាងឲ្យកិច្ចការគ្រប់គ្រងទាំងអស់ឡើយ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឲ្យកិច្ចការនៃយុគសម័យទាំងបីឡើយ ប៉ុន្តែ តំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឲ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឲ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឲ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឲ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងកំណត់អត្ថន័យព្រះជាម្ចាស់ទៅតាមនិយមន័យខាងក្រោមថា «ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ»។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់អំពើបាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែ ​គេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ​។ ដូច្នេះ យុគសម័យនីមួយៗតំណាងឲ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅ​ពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅ​ពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង​។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែល​អ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការធ្វើសេច​ក្តីសន្និដ្ឋានរបស់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ​ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ជាកម្មសិទ្ធិចំពោះឈើឆ្កាងតែមួយគត់ ហើយនិយាយទៀតថា ឈើឆ្កាងតំណាងឲ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះការនិយាយ​បែបនេះ នឹងដាក់ព្រំដែនកំណត់ព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីវាសនា និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ​។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឲ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់​គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់​គេ។ មាន​តែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់​គេ។ មានតែក្រោយពេល​ដែល​ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យ​ទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ឥឡូវនេះ អ្នករាល់គ្នាបានដកពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យចុងក្រោយរួចហើយ តើនិស្ស័យរបស់ព្រះជាម្ចាស់គឺជាអ្វីទៅ? តើអ្នកហ៊ាននិយាយថា ព្រះជាម្ចាស់ជាព្រះដែលគ្រាន់តែមានបន្ទូលតែម្យ៉ាងឬ? អ្នកនឹងមិនហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះឡើយ។ អ្នកខ្លះនឹងនិយាយថា ព្រះជាម្ចាស់ជាព្រះដែលលាតត្រដាងសេចក្តីអាថ៌កំបាំង ហើយនិយាយទៀតថា ព្រះជាម្ចាស់គឺជាកូនចៀម និងជាព្រះដែលបកត្រាទាំងប្រាំពីរ។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានធ្វើសេចក្តីសន្និដ្ឋានបែបនេះឡើយ។ អ្នកផ្សេងទៀតនឹងនិយាយថា ព្រះជាម្ចាស់ជាសាច់ឈាមដែលយកកំណើតជាមនុស្ស ប៉ុន្តែ នេះនៅតែមិនទាន់ត្រឹមត្រូវនៅឡើយទេ។ អ្នកផ្សេងទៀតអាចនិយាយថា ព្រះដែលយកកំណើតជាមនុស្សយាងមក ដើម្បីមានបន្ទូលតែប៉ុណ្ណោះ ហើយទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យអ្វីឡើយ។ ការនិយាយបែបនេះមិនត្រូវឡើយ ព្រោះព្រះយេស៊ូវបានត្រលប់ជាសាច់ឈាម ហើយបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ដូច្នេះ អ្នកនឹងមិនហ៊ានកំណត់អត្ថន័យព្រះជាម្ចាស់ស្រាលៗបែបនេះឡើយ។ គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់​គ្រង​រយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។ មានតែក្រោយពេលដែល​កិច្ចការទាំងអស់នេះត្រូវបានបើកសម្ដែងឲ្យមនុស្សបានឃើញ និងត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ ទើបមនុស្សជាតិនឹងដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ និងពី​កម្មសិទ្ធិ និង​លក្ខណៈ​របស់​ទ្រង់​។ នៅពេលដែលកិច្ចការនៃដំណាក់កាលនេះត្រូវបានបញ្ចប់ទាំងស្រុង នោះគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ នឹងត្រូវបានបើកសម្ដែង គ្រប់ទាំងសេចក្តីពិតដែលមិនបានយល់កាលពីមុន នឹងត្រូវបានបង្ហាញឲ្យយល់ច្បាស់ ហើយពូជសាសន៍មនុស្សនឹងបានដឹងអំពីផ្លូវ និងវាសនាទៅថ្ងៃអនាគតរបស់គេ។ នេះគឺជាកិច្ចការទាំងស្រុងដែលត្រូវធ្វើនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ទោះបីផ្លូវដែលមនុស្សដើរនាពេលសព្វថ្ងៃ ជាផ្លូវនៃឈើឆ្កាង និងផ្លូវនៃទុក្ខវេទនាក៏ដោយ ប៉ុន្តែ អ្វីដែលមនុស្សត្រូវអនុវត្ត អ្វីដែល​គេបរិភោគ ផឹក និងរីករាយនៅថ្ងៃនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលមនុស្សបានធ្វើនៅក្រោមក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ​។ អ្វីដែលត្រូវបានស្នើសុំពីមនុស្សនាពេលសព្វថ្ងៃ ខុសពីអ្វីដែលត្រូវបានស្នើសុំកាលពីអតីតកាល ហើយក៏កាន់តែខុសពីអ្វីដែលត្រូវបានស្នើសុំនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ដូច្នេះ តើអ្វីទៅដែលត្រូវបានស្នើសុំពីមនុស្សនៅក្រោមក្រឹត្យវិន័យ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល? វាជាការដែលមនុស្សត្រូវតែកាន់តាមថ្ងៃសប្ប័ទ និងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្វើការនៅថ្ងៃសប្ប័ទ ឬបំពានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនេះទៀតទេ។ នៅថ្ងៃសប្ប័ទ មនុស្សធ្វើការ ជួបជុំគ្នា និងអធិស្ឋានតាមធម្មតា ហើយគ្មានបម្រាមណាមួយត្រូវបានដាក់ទៅលើពួកគេទេ។ អស់អ្នកដែលនៅក្នុងយុគសម័យនៃព្រះគុណត្រូវទទួលបុណ្យជ្រមុជទឹក ហើយពួកគេក៏ត្រូវបានស្នើសុំឲ្យតមអាហារ កាច់នំប៉័ង ផឹកស្រាទំពាំងបាយជូរ គ្របក្បាល និងលាងជើងរបស់អ្នកដទៃ។ សព្វថ្ងៃនេះ ច្បាប់ទាំងនេះត្រូវបានលុបបំបាត់ចោល ប៉ុន្តែ មនុស្សទទួលបានការទាមទារកាន់ តែធំ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ចម្រើនឡើងកាន់តែស៊ីជម្រៅ ហើយច្រកចូលរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ដែរ។ កាលពីអតីតកាល ព្រះយេស៊ូវបានដាក់ព្រះហស្តទ្រង់លើមនុស្ស ហើយអធិស្ឋានសម្រាប់ពួកគេ ប៉ុន្តែ ឥឡូវនេះ ចំពោះគ្រប់ទាំងសេចក្តីដែលត្រូវបានថ្លែង តើអ្វីទៅជាអត្ថប្រយោជន៍នៃការអធិស្ឋាន​ដាក់ដៃពី​លើ? គឺមានតែ​ព្រះបន្ទូលមួយគត់ ដែលអាចសម្រេចជាលទ្ធផលបាន​។ នៅពេលដែលទ្រង់បានដាក់ព្រះហស្តទ្រង់ទៅលើមនុស្សកាលពីអតីត​កាល វាជាការប្រទានពរដល់មនុស្ស ហើយវាក៏ជាការប្រោសមនុស្សឲ្យជាពីជំងឺរបស់​គេដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនោះទៀតឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការ និងសម្រេចជាលទ្ធផល។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញយ៉ាងច្បាស់ដល់អ្នករាល់គ្នា ហើយអ្នកគួរតែអនុវត្តតាមព្រះបន្ទូល ដែលអ្នកបានទទួល​។ ព្រះបន្ទូលរបស់ទ្រង់ គឺជាព្រះហឫទ័យរបស់ទ្រង់ ហើយព្រះបន្ទូលទាំងនោះ គឺជាកិច្ចការដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកនឹងយល់អំពីព្រះហឫទ័យរបស់ទ្រង់ ហើយចំពោះការដែលទ្រង់សុំឲ្យអ្នកទទួលបាន អ្នកគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ដោយ​ផ្ទាល់​ទៅ ដោយមិនចាំបាច់មានការដាក់ដៃពី​លើ​នោះឡើយ។ អ្នកខ្លះនិយាយថា៖ «សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក! សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក ដើម្បីឲ្យទូលបង្គំអាចទទួលបានព្រះពររបស់ទ្រង់ និងដើម្បីឲ្យទូលបង្គំអាចចូលរួមចំណែកជាមួយទ្រង់»។ ទាំងនេះជាការអនុវត្តពីអតីតកាលដែលហួសសម័យ ឥឡូវនេះ វាប្រើការលែងបានទៀត​ហើយ​ ព្រោះថាយុគសម័យបានផ្លាស់ប្ដូរហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការស្របតាមយុគសម័យ ដោយមិនធ្វើការបែបព្រាវៗ ឬស្របតាមក្បួនច្បាប់នោះឡើយ។ យុគសម័យបានផ្លាស់ប្ដូរ ហើយយុគសម័យថ្មីក៏នាំមកនូវកិច្ចការថ្មីដែរ។ នេះជាការពិតនៅគ្រប់ដំណាក់កាលនៃកិច្ចការ ដូច្នេះ កិច្ចការរបស់ទ្រង់មិនដែលជាន់ដានដដែលៗឡើយ​។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើន ដូចជា ការប្រោសជំងឺឲ្យជា ការបណ្ដេញអារក្ស ការដាក់ដៃអធិស្ឋានលើមនុស្ស និងការប្រទានពរដល់មនុស្ស។ យ៉ាងណាមិញ ការធ្វើបែបនេះនៅក្នុងសម័យបច្ចុប្បន្ន នឹងក្លាយជារឿងគ្មានន័យឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនោះកាលនៅគ្រានោះ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ហើយវាមានព្រះគុណគ្រប់គ្រាន់សម្រាប់មនុស្ស ដើម្បីរីករាយ។ មនុស្សមិនត្រូវបានស្នើសុំឲ្យបង់ថ្លៃអ្វីឡើយ ហើយដរាបណាគេមានសេច​ក្តីជំនឿ នោះគេនឹងទទួលបានព្រះគុណមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រព្រឹត្តទៅដោយព្រះគុណ។ ឥឡូវនេះ យុគសម័យបានផ្លាស់ប្ដូរ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏បានវិវឌ្ឍទៅមុខដែរ។ គឺមានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះ ទើបការបះបោររបស់មនុស្ស និងអ្វីៗដែលមិនបរិសុទ្ធនៅក្នុងមនុស្ស នឹងត្រូវជម្រះចោល។ នៅដំណាក់កាលនៃការប្រោសលោះនោះ វាជារឿងចាំបាច់ដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនោះ គឺជាការបង្ហាញព្រះគុណគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សរីករាយ ដូច្នេះ មនុស្សអាចត្រូវបានប្រោសលោះពីអំពើបាប ហើយតាមរយៈមធ្យោ​បាយ​នៃព្រះគុណ អំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ​។ ដំណាក់កាលបច្ចុប្បន្ននេះ គឺជាការលាតត្រដាងសេចក្តីទុច្ចរិតដែលមាននៅ​ខាងក្នុងមនុស្ស តាមរយៈមធ្យោបាយនៃការវាយផ្ចាល ការជំនុំជម្រះ និងការផ្ចាញ់ដោយព្រះបន្ទូល ក៏ដូចជាការប្រៀនប្រដៅ និងការបើកសម្ដែងនៃព្រះបន្ទូល ដើម្បីឲ្យមនុស្សជាតិនៅជំនាន់ក្រោយៗត្រូវបា​ន​សង្រ្គោះ​។​ នេះគឺជាកិច្ចការមួយដែលស៊ីជម្រៅជាងការប្រោស​លោះ។ ព្រះគុណនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រប់គ្រាន់សម្រាប់ការីករាយរបស់មនុស្ស ប៉ុន្តែ ឥឡូវនេះ មនុស្សបានដកពិសោធន៍ព្រះគុណនេះរួចហើយ ដូច្នេះ គេលែងរីករាយនឹងវាទៀតហើយ។ ឥឡូវ កិច្ចការនេះក្លាយជាអតីតកាល ហើយវាលែងត្រូវបានធ្វើទៀតហើយ។ ឥឡូវនេះ មនុស្សត្រូវបានសង្រ្គោះ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូល​។ ក្រោយពេលដែល​មនុស្សត្រូវបានជំនុំជម្រះ ត្រូវបានវាយផ្ចាល និងត្រូវបានបន្សុទ្ធ នោះនិស្ស័យរបស់គេនឹងត្រូវបានផ្លាស់ប្ដូរ។ ចំពោះព្រះបន្ទូលដែលខ្ញុំបានថ្លែង តើវាមិនទាន់គ្រប់គ្រាន់ទៀតឬ? ដំណាក់កាលនីមួយៗត្រូវបានធ្វើស្របតាមការវិវឌ្ឍនៃពូជសាសន៍មនុស្ស​ទាំងមូល ហើយក៏ស្របតាមយុគសម័យដែរ។ កិច្ចការទាំងអស់សុទ្ធតែសំខាន់ ហើយកិច្ចការទាំងអស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃសេចក្តីសង្រ្គោះចុងក្រោយ ដើម្បីឲ្យមនុស្សជាតិអាចមានវាសនាល្អនៅថ្ងៃអនាគត និងដើម្បីឲ្យមនុស្សជាតិអាចត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់គេនៅទីចុងបញ្ចប់​។

កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែល​ទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបានទីសម្គាល់ និងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់​ដៃ​ពីលើមែន ប៉ុន្តែ និស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្ស នៅតែមានដដែល​។ មនុស្សត្រូវបានប្រោសឲ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅ​ឡើយទេ​។ មនុស្សគ្រាន់តែទទួលបានសេចក្ដី​សង្រ្គោះ និងការអត់ទោសពីអំពើបាបរបស់ពួក​គេសម្រាប់សេចក្តីជំនឿរបស់​គេប៉ុណ្ណោះ ប៉ុន្តែ និស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ប៉ុន្តែ ការនេះមិនមែនមានន័យថា មនុស្សលែងមានអំពើបាបនៅក្នុង​គេនោះឡើយ។ អំពើបាបរបស់មនុស្សអាចត្រូវបានអត់ទោសឲ្យ​ តាមរយៈតង្វាយលោះបាបមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឲ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់​គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ ​គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោសឲ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេត​ទៅ​ទៀត​។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដី​សង្រ្គោះទាំង​ស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់​គេ ដើម្បីឲ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំង​ស្រុង មិនឲ្យវិវឌ្ឍម្ដងទៀត ​និងឲ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឲ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឲ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឲ្យនិស្ស័យរបស់​គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឲ្យអ្វីៗទាំងអស់ដែល​គេធ្វើ អាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់​គេ និងដើម្បីឲ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹត​របស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីអំពើបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវកំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះ​ហឫទ័យ​មេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស​។ ដោយសារតែភាព​រឹង​មាំ​នៃ​សេចក្ដី​ជំនឿរបស់ពួក​គេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាម​រយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាង​ណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារ​ទាំងមូល និង​ការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញ​កិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ​។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេល​ស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួក​គេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួក​គេនៅក្នុងវដ្ដដដែល​ៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួក​គេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ​។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យ​បាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជា​មួយ​ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបាន​មនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង​។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់​ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់​ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ​។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាន​នោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោល​គឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់​ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឲ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដី​សង្រ្គោះនោះដែរ។ ប្រសិន​បើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយបំផ្លាញមិនខាន បើមិនដូច្នោះទេ ពួក​គេ​គ្មានផ្លូវចូលទៅជិត​ព្រះជាម្ចាស់បាន​ឡើយ ហើយ​ពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។ ការយកកំណើតជាមនុស្សលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប ដើម្បីប្រោសលោះមនុស្សពីឈើឆ្កាង ប៉ុន្តែ និស្ស័យសាតាំងដ៏ពុករលួយនៅតែបន្តមានខាងក្នុងមនុស្សដដែល​។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែ ដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីអំពើបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីអំពើបាបរបស់ពួក​គេ និងត្រូវ​បាន​ញែក​​ជា​បរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួក​គេអាចរំដោះ​ខ្លួនឲ្យ​មានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេល​ដែល​យុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួក​គេ ហើយ​ទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំង​ស្រុង​។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់​ព្រះអង្គ។ នោះគឺ​ដោយ​សារ​តែ​មានដំណាក់កាលតែ​មួយប៉ុណ្ណោះនៅក្នុងចំណោម​ដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹក​នាំ​ជីវិតរបស់ខ្លួន​ ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាន​នូវ​កិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការ ក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបានសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជា​ការ​ឆ្លើយ​តប​ដោយផ្ទាល់ពីស្ថានសួគ៌ចំពោះ​សេចក្ដី​អធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់​យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេច​ក្តីសង្រ្គោះយ៉ាងពេញលេញ។ ការយកកំណើតជាមនុស្សលើកទីពីរ នឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីលាងជម្រះអំពើបាបរបស់មនុស្ស ហើយប្រោសឲ្យគេបានបរិសុទ្ធយ៉ាងពេញលេញ។ ដូច្នេះ តាមរ​យៈការយកកំណើតជាមនុស្សលើកទីពីរ កិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវនាំទៅរកការបិទបញ្ចប់ ហើយភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏បាន​បញ្ចប់ដែរ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងបានមកដល់ទីបញ្ចប់ទាំងស្រុង។ ក្រោយការយកកំណើតជាមនុស្សលើកទីពីរ ទ្រង់នឹងមិនត្រលប់ជាសាច់ឈាមជាលើកទីបីសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ព្រោះការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយនឹងទទួលបាន​ទាំងស្រុងនូវពួករាស្ត្រជ្រើសតាំងរបស់ទ្រង់ ហើយមនុស្សជាតិនៅក្នុងគ្រាចុងក្រោយនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួក​គេ។ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្រ្គោះ ហើយក៏មិនយាងត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការណាមួយទៀតដែរ។ នៅក្នុងកិច្ចការនៃគ្រាចុងក្រោយ ព្រះបន្ទូលមានអំណាចខ្លាំងជាងការបង្ហាញទីសម្គាល់ និងការអស្ចារ្យទៅទៀត ហើយសិទ្ធិអំណាចនៃព្រះបន្ទូល ក៏ខ្ពស់លើសសិទ្ធិអំណាចនៃទីសម្គាល់ និងការអស្ចារ្យដែរ។ ព្រះបន្ទូលលាតត្រដាងគ្រប់ទាំងនិស្ស័យដ៏ពុករលួយដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ អ្នកគ្មានផ្លូវណា ដើម្បីដឹងអំពីនិស្ស័យទាំងនោះដោយខ្លួនអ្នកឡើយ។ នៅពេលដែលនិស្ស័យទាំងនោះត្រូវបានលាតត្រដាងនៅមុខអ្នកតាមរយៈព្រះបន្ទូល នោះអ្នកនឹងឈ្វេងយល់ពីនិស្ស័យ​ទាំងនោះដោយឯកអ្នក ​អ្នកនឹងមិនអាចបដិសេធវាបានឡើយ ហើយអ្នកនឹងជឿជាក់ទាំងស្រុងមិនខាន។ តើនេះមិនមែនជាសិទ្ធិអំណាចនៃព្រះបន្ទូលទេឬ? នេះគឺជាលទ្ធផលដែលសម្រេចបាន តាមរយៈកិច្ចការនៃព្រះបន្ទូលនាពេលសព្វថ្ងៃ។ ដូច្នេះ មិនមែនតាមរយៈការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សនោះ​ទេ ដែលនាំឲ្យមនុស្សអាចបានសង្រ្គោះយ៉ាងពេញលេញពីអំពើបាបរបស់ខ្លួន​ ហើយគេក៏មិនអាចបានពេញខ្នាត ដោយការបង្ហាញទីសម្គាល់ និងការអស្ចារ្យនោះដែរ។ សិទ្ធិអំណាចក្នុងការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្ស ផ្ដល់ឲ្យមនុស្សតែព្រះគុណប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមរបស់មនុស្សនៅតែជាកម្មសិទ្ធិរបស់សាតាំងដដែល ហើយនិស្ស័យសាតាំងដ៏ពុករលួយនៅតែមាននៅខាងក្នុងមនុស្សដដែល។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា អ្វីដែលមិនទាន់ត្រូវបានប្រោសឲ្យបរិសុទ្ធ នៅតែជាប់ទាក់ទងនឹងអំពើបាប និងសេចក្តីស្មោកគ្រោកដដែល។ មានតែក្រោយពេលដែលគេត្រូវបានប្រោសឲ្យបរិសុទ្ធ​តាមរយៈព្រះបន្ទូលប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្ស ហើយគេអាចត្រូវបានញែកជាបរិសុទ្ធ។ នៅពេលដែលអារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ហើយគេត្រូវបានប្រោសលោះ នេះមានន័យថា គេបានរើបម្រះចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ បើគ្មានការប្រោសឲ្យបរិសុទ្ធ ឬការផ្លាស់ប្រែ ដោយព្រះជាម្ចាស់ទេ នោះគេនៅតែជាមនុស្សដ៏ពុករលួយដដែល។ នៅក្នុងមនុស្សនៅតែមានសេចក្តីស្មោកគ្រោក ការប្រឆាំង និងការបះបោរដដែល ហើយមនុស្សនៅតែត្រលប់ទៅរកព្រះជាម្ចាស់តាមរយៈការប្រោសលោះរបស់ទ្រង់ ប៉ុន្តែ គេគ្មានចំណេះដឹងសូម្បីតែ​បន្ដិច​អំពីព្រះជាម្ចាស់ ហើយគេនៅតែមានសមត្ថភាពប្រឆាំង និងក្បត់ទ្រង់ដដែល។ មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែល​សាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹង​ក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈ​សំខាន់​ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំង​ស្រុង និងត្រលប់​ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាត​ឲ្យ​ស្អាត​ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ​។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះ​ជា​ម្ចាស់​ទទួល​បាន​មនុស្ស​ ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យ​ចំពោះអំពើបាបរបស់ខ្លួន​ វាអាចត្រូវបានគេ​ចាត់​ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្ត​ចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះ​បីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្ស​អវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ​។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមាន​សម្បុរក្រហម! សូមឲ្យនាគដ៏ធំមាន​សម្បុរក្រហមដួលរលំពីអំណាច! សូមឲ្យព្រះជាម្ចាស់ប្រោសឲ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀត​ៗ​។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះគឺជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស​។ មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរ​បន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។ មនុស្សបានស្រែកបែបនេះកាលពីអតីតកាល ដោយសារតែគេគ្មានការយល់ដឹងអំពីនិស្ស័យដើមដ៏ពុករលួយរបស់គេ។ ទាំងនេះគឺជាភាពមិនបរិសុទ្ធដែលមាននៅក្នុងមនុស្ស។ នៅក្នុងអំឡុងពេលដ៏យូរនៃការជំនុំជម្រះ និងការវាយផ្ចាល មនុស្សបានរស់នៅក្នុងបរិយាកាសដ៏តានតឹងមួយ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? តើអ្នកមិនបានស្រែកខ្លាំងដែរទេឬ មុនពេលដែល​មានការល្បងលដល់ពួកអ្នកស៊ីឈ្នួល? «ចូរចូលក្នុងនគរព្រះ! អស់អ្នកដែលទទួលយកព្រះនាមនេះ នឹងចូលទៅក្នុងនគរព្រះ! មនុស្សទាំងអស់នឹងចូលរួមទទួលចំណែកពីព្រះជាម្ចាស់!» នៅពេលដែលការល្បងលនៃពួកអ្នកស៊ីឈ្នួលបានមកដល់ នោះអ្នកលែងស្រែកឡើងទៀតហើយ។ កាលពីដើមដំបូង មនុស្សទាំងអស់បានស្រែកឡើងថា «ឱ ព្រះជាម្ចាស់អើយ! នៅគ្រប់ទីកន្លែងដែលទ្រង់ដាក់ទូលបង្គំ នោះទូលបង្គំនឹងចុះចូលឲ្យទ្រង់ដឹកនាំ»។ នៅពេលដែល​បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ «តើនរណាខ្លះនឹងក្លាយដូចជាប៉ុលរបស់ខ្ញុំ?» មនុស្សបាននិយាយថា «ទូលបង្គំព្រម!» បន្ទាប់មក ពួកគេបានឃើញឃ្លាថា «ចុះចំណែកសេចក្តីជំនឿរបស់យ៉ូប?» និងបាននិយាយថា «ទូលបង្គំព្រមមានសេចក្តីជំនឿរបស់យ៉ូប។ ឱ ព្រះជាម្ចាស់អើយ សូមទ្រង់ល្បងលទូលបង្គំមកចុះ!» នៅពេលដែលការល្បងលពួកអ្នកស៊ីឈ្នួលបានមកដល់ ពួកគេបានដួលរលំតែម្ដង ហើយមិនអាចក្រោកឈរបានម្ដងទៀតឡើយ។ ក្រោយមកទៀត ភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់គេចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងៗ។ តើការនេះមិនត្រូវបានសម្រេច តាមរយៈព្រះបន្ទូលទេឬ? ដូច្នេះ អ្វីដែលអ្នករាល់គ្នាបានដកពិសោធន៍នៅថ្ងៃនេះ គឺជាលទ្ធផលដែលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល ហើយវាមានកម្រិតធំធេងជាងលទ្ធផលដែលត្រូវបានសម្រេចតាមរយៈការធ្វើទី​សម្គាល់ និងការអស្ចារ្យរបស់ព្រះយេស៊ូវទៅទៀត។ សិរីល្អរបស់ព្រះជាម្ចាស់ដែលអ្នកមើលឃើញ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ដែលអ្នកមើល​ឃើញ មិនត្រឹមតែត្រូវបានមើលឃើញតាមរយៈមធ្យោ​បាយនៃការជាប់ឆ្កាង ការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះទៅទៀត ក៏តាមរយៈមធ្យោបាយនៃការជំនុំជម្រះនៃព្រះបន្ទូលរបស់ទ្រង់ដែរ។ ការនេះបង្ហាញដល់អ្នកថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនកើតឡើងតាមរយៈតែការធ្វើទីសម្គាល់ ការប្រោសជំងឺឲ្យជា និងការបណ្ដេញអារក្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញថា ការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែអាចតំណាងឲ្យសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងបើកសម្ដែងពីភាពពេញដោយព្រះចេស្ដារបស់ទ្រង់ដែរ។

អ្វីដែលមនុស្សទទួលបានសព្វថ្ងៃនេះ ដូចជា កម្ពស់​បច្ចុប្បន្ន ចំណេះដឹង សេចក្តីស្រឡាញ់ ស្វាមីភក្ដិ​ ការស្ដាប់បង្គាប់ និងគតិជ្រៅជ្រះរបស់គេ ទាំងអស់នេះគឺជាលទ្ធផលដែលទទួលបានតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល​។ ការដែលអ្នកអាចមានស្វាមីភក្ដិ​ និងបន្តឈរមាំ រហូតមកដល់ថ្ងៃនេះ គឺទទួលបានតាមរយៈព្រះបន្ទូល។ ឥឡូវ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សពិតជាអស្ចារ្យមែន ហើយមានរឿងជាច្រើនទៀតនៅក្នុងកិច្ចការនេះ ដែលមនុស្សមិនអាចទទួលបាន ព្រោះវាជាសេចក្តីអាថ៌កំបាំង និងភាពអច្ឆរិយៈ។ ដូចនេះ មនុស្សជាច្រើនបានចុះចូល។ អ្នកខ្លះមិនធ្លាប់ចុះចូលចំពោះមនុស្សណាម្នាក់ឡើយ តាំងពីកើតមក ប៉ុន្តែ នៅពេលដែលពួកគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ពួកគេក៏ព្រមចុះចូលទាំងស្រុង ទាំងមិនបានចាប់អារម្មណ៍ ហើយ​ពួកគេមិនហ៊ានពិនិត្យពិច័យ ឬនិយាយអ្វីផ្សេងឡើយ។ មនុស្សបានលុតជង្គង់នៅក្រោមព្រះបន្ទូល ហើយត្រូវបានដួលនៅក្រោមការជំនុំជម្រះនៃព្រះបន្ទូល។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះ​បន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឲ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ តាមរយៈព្រះ​បន្ទូល​។ មានតែបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឲ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឲ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឲ្យមនុស្សអាចស្គាល់វា និងឲ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ហើយមាន​តែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យមនុស្សស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ដើម្បីឲ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាម​រយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឲ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះ​​បីជា​​សាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃ​ភាព​ជាមនុស្ស​សាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែ លទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ និងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​។ តាមរយៈមធ្យោបាយនេះ មនុស្សជាតិទាំងអស់បានមើលឃើញថា ទ្រង់គឺ​ជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ ឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្ក​ដែលបានត្រលប់ជាសាច់ឈាម មើលឃើញថា គ្មាននរណាម្នាក់អាចបំពានលើទ្រង់បាន​ឡើយ និងមើលឃើញទៀតថា គ្មាននរណាម្នាក់អាចខ្ពស់ហួសពីការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល ហើយក៏គ្មានកម្លាំងនៃសេចក្តីងងឹតណាមួយអាចយកឈ្នះលើសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មនុស្សចុះចូលចំពោះទ្រង់ទាំងស្រុង ដោយសារតែទ្រង់ជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងដោយសារតែការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល។ កិច្ចការដែលត្រូវបាននាំមក ដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាសិទ្ធិអំណាចមួយដែលទ្រង់មាន។ ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀប​ជាក់ស្ដែងមួយ​នៅក្នុងចំណោមមនុស្សជាតិ គឺតាម​របៀបមួយដែលមនុស្សអាចមើលឃើញ និងស្ទាបបាន។ កិច្ចការនេះមានលក្ខណៈប្រាកដប្រជាជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឲ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាម​របៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈ​​ដែលលក្ខណៈ​សំខាន់​របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែ ចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឲ្យទ្រង់ធ្វើកិច្ចការចេញពីលក្ខណៈជាក់ស្ដែង។ គ្រប់ទាំងកិច្ចការជាក់ស្ដែងនេះ អាចសម្រេចបានលទ្ធផល។ ទោះបីជាគ្មានមនុស្សណាម្នាក់ដឹងថា ទ្រង់មានសិទ្ធិអំណាច ឬមើលឃើញថា ទ្រង់មិនអាចត្រូវបានបំពាន ឬមើលឃើញពីសេចក្ដី​ក្រោធរបស់ទ្រង់ក៏ដោយ ក៏ទ្រង់សម្រេចបានលទ្ធផលគ្រោងទុកនៃព្រះបន្ទូលរបស់ទ្រង់តាមរយៈសិទ្ធិអំណាចដ៏លាក់កំបាំងរបស់ទ្រង់ សេចក្ដី​ក្រោធ​ដ៏លាក់កំបាំងរបស់ទ្រង់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយចំហ​។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា តាមរយៈព្រះសូរសៀងរបស់ទ្រង់ ភាពប្រាកដប្រជានៃព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះប្រាជ្ញាញាណចេញពីព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សនឹងជឿទាំង​ស្រុងតែម្ដង​។ តាម​របៀបនេះ មនុស្សចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ដែលមើល​ទៅហាក់ដូចជាគ្មានសិទ្ធិអំណាច ប៉ុន្តែ បែរជាអាចសម្រេច​បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុង​ការសង្រ្គោះមនុស្សបានទៅវិញ។ នេះគឺជាទិដ្ឋភាពមួយទៀតនៃភាពសំខាន់អំពីការយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាការមានបន្ទូលកាន់តែប្រាកដប្រជា និងអនុញ្ញាតឲ្យតថភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលទៅលើមនុស្ស ដើម្បីឲ្យមនុស្សធ្វើបន្ទាល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ បើកិច្ចការនេះមិនត្រូវបានធ្វើឡើង​ តាមរយៈមធ្យោបាយនៃការយកកំណើតជាមនុស្សទេ នោះវានឹងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ ហើយវានឹងមិនអាចសង្រ្គោះមនុស្សមាន​បាបបានយ៉ាងពេញលេញឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេ និងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្ម​ជាតិ​ខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមឡើយ ហើយវាក៏គ្មានផ្លូវនៃការបង្កើតនូវទំនាក់ទំនងរវាងពួកគេបានដែរ បើដូច្នេះ មនុស្សគ្មានសមត្ថភាពទទួលបានការបំផ្លាស់ប្រែខាងវិញ្ញាណឡើយ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែ មនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបាន​ទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់​។ ដោយសារ​ហេតុផលដដែលនេះហើយ​ បាន​ជា​ក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែ វាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែ មនុស្សមិនអាចឡើងដោយផ្ទាល់ទៅស្ថានសួគ៌ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារ​ហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឲ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌ និងផែនដី ដោយមិនចាំបាច់ឲ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះ​មនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់​ដែល​ព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះ​អង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត​។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងការអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។

នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ​។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ​។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ ក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយគេក៏ចាប់ផ្ដើមដឹងអំពីលក្ខណៈ​សំខាន់​របស់គេដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូល​ដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើការបោះបង់ចោលនូវចំណេះដឹងអំពីសញ្ញាណចាស់ និងភាពជោគជ័យរបស់អ្នក ក៏មិនត្រូវបានទទួលតាមរយៈព្រះបន្ទូលដែរទេឬអី? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែ នៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យ​ឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។ ពួកហោរាបានថ្លែងតែសេចក្តីទំនាយប៉ុណ្ណោះ ពួកគេបាននិយាយអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត ប៉ុន្តែ មិនបាននិយាយអំពីកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនាពេលបច្ចុប្បន្នឡើយ។ ពួកគេក៏មិនបានថ្លែង ដើម្បីដឹកនាំមនុស្សជាតិនៅក្នុងជីវិតរបស់ពួក​គេ ឬក៏ផ្ដល់នូវសេចក្តីពិតចំពោះមនុស្សជាតិ ឬបើកសម្ដែងពីសេចក្តីអាថ៌កំបាំងដល់ពួកគេឡើយ រឹត​តែ​មិនបានផ្ដល់នូវជីវិតទៅ​ទៀត​។ ចេញពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ មានសេចក្តីទំនាយ និងសេចក្តីពិត ប៉ុន្តែ ព្រះបន្ទូលទាំងនេះបម្រើជាចម្បង ដើម្បីប្រទានជីវិតដល់មនុស្សប៉ុណ្ណោះ។ ព្រះបន្ទូលនាពេលបច្ចុប្បន្នខុសពីសេចក្តីទំនាយរបស់ពួកហោរា។ នេះគឺជាដំណាក់កាលនៃកិច្ចការមួយសម្រាប់ជីវិតរបស់មនុស្ស ដើម្បីផ្លាស់​​ប្ដូរ​និស្ស័យនៃជីវិតរបស់មនុស្ស និងមិនមែនសម្រាប់ជាប្រយោជន៍​នៃការថ្លែងទំនាយឡើយ។ ដំណាក់កាលទីមួយ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា។ កិច្ចការរបស់ទ្រង់ គឺរៀបចំផ្លូវមួយសម្រាប់មនុស្ស ដើម្បីថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី។ វាជាកិច្ចការនៃទីចាប់ផ្ដើម ដើម្បីស្វែងរកប្រភពដើមសម្រាប់កិច្ចការនៅលើផែនដី។ នៅគ្រានោះ ព្រះយេហូវ៉ាបានបង្រៀនដល់ប្រជាជនអ៊ីស្រាអែលឲ្យកាន់តាមថ្ងៃសប្ប័ទ គោរព​ឪពុកម្ដាយរបស់ខ្លួន​ និងរស់នៅចុះសម្រុងគ្នា។ នេះគឺដោយសារតែមនុស្សនៅគ្រានោះ មិនបានយល់អំពីអ្វីដែលបានរួមផ្សំជាមនុស្ស ហើយក៏មិនយល់ពីរបៀបរស់នៅលើផែនដីដែរ។ នៅក្នុងដំណាក់កាលទីមួយនៃកិច្ចការ វាចាំបាច់ណាស់​ដែល​ទ្រង់ត្រូវ​ចង្អុលបង្ហាញមនុស្សជាតិឲ្យចេះដឹកនាំជីវិតរបស់ពួក​គេ។ រាល់សេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកគេ មនុស្សជាតិមិនធ្លាប់ដឹងឮ ឬមានចំណេះបែបនោះពីមុនមកឡើយ។ នៅគ្រានោះ ព្រះជាម្ចាស់បានរើសតាំងពួកហោរាជាច្រើននាក់ ដើម្បីថ្លែងទំនាយ ហើយពួកគេទាំងអស់បានធ្វើការនេះ ក្រោមការចង្អុលបង្ហាញរបស់ព្រះយេហូវ៉ា។ នេះគ្រាន់តែជាចំណុចមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងដំណាក់​កាលទីមួយ ព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមឡើយ ដូច្នេះ ទ្រង់បានបង្គាប់ដល់គ្រប់ពូជ​អំបូរ និងគ្រប់ប្រជាជាតិតាមរយៈពួកហោរា។ នៅពេលដែលព្រះយេស៊ូវបានធ្វើការនៅក្នុងសម័យរបស់ទ្រង់ ទ្រង់មិនបានមានបន្ទូល​ជាច្រើន ដូចនៅក្នុងសម័យបច្ចុប្បន្នឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះបន្ទូលនៅក្នុងគ្រាចុងក្រោយនេះ មិនធ្លាប់បានធ្វើនៅក្នុងយុគសម័យ និងជំនាន់មុនៗឡើយ។ ទោះបីអេសាយ ដានីយ៉ែល និងយ៉ូហានបានថ្លែងនូវសេចក្តីទំនាយជាច្រើនក៏ដោយ ក៏សេចក្តីទំនាយ​របស់គេខុសគ្នាស្រឡះពីព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះដែរ។ អ្វីដែលពួកគេបានមានប្រសាសន៍ គឺគ្រាន់តែជាសេចក្តីទំនាយប៉ុណ្ណោះ ប៉ុន្តែ ព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះ មិនមែនជាសេចក្តីទំនាយឡើយ​។ ប្រសិនបើខ្ញុំប្រែក្លាយគ្រប់ទាំងសេចក្តីដែលខ្ញុំមានបន្ទូលឥឡូវនេះឲ្យក្លាយជាសេចក្តីទំនាយ តើអ្នករាល់គ្នានឹងអាចយល់ដែរឬទេ? ឧបមាថា អ្វីដែលខ្ញុំបានមានបន្ទូលនោះ គឺជាកិច្ច​ការ​នានាក្រោយពេលដែល​ខ្ញុំបានចេញទៅផុត តើអ្នកអាចទទួលបានការយល់ដឹងយ៉ាងដូចម្ដេចទៅ? កិច្ចការនៃព្រះបន្ទូលមិនត្រូវបានធ្វើនៅក្នុងសម័យរបស់ព្រះយេស៊ូវ ឬនៅក្នុងយុគសម័យនៃក្រឹត្យវិន័យឡើយ។ ប្រហែលជា អ្នកខ្លះនឹងនិយាយថា «តើព្រះយេហូវ៉ាមិនបានមានបន្ទូលនៅក្នុងពេលដែលទ្រង់ធ្វើការដែរទេឬអី? បន្ថែមពីលើការប្រោសជំងឺឲ្យជា ការបណ្ដេញអារក្ស និងការធ្វើទីសម្គាល់ និងការអស្ចារ្យ តើព្រះយេស៊ូវមិនបានមានបន្ទូលនៅគ្រាដែលទ្រង់កំពុងតែធ្វើការដែរទេឬអី?» វាមានភាពខុសគ្នានៅក្នុងរបៀបដែលព្រះបន្ទូលត្រូវបានថ្លែង។ តើអ្វីទៅជាលក្ខណៈ​សំខាន់​នៃព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែង? ទ្រង់កំពុងតែចង្អុលបង្ហាញមនុស្សជាតិឲ្យចេះដឹកនាំជីវិតរបស់ពួក​គេនៅលើផែនដី ហើយវាមិនបានប៉ះពាល់ដល់កិច្ចការនៅក្នុងជីវិតខាងវិញ្ញាណឡើយ។ ហេតុ​អ្វីបានជាគេនិយាយថា នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូល ទ្រង់បានបង្គាប់ទៅកាន់មនុស្សនៅគ្រប់ទីកន្លែង​? ពាក្យថា «បង្គាប់» មានន័យថា ប្រាប់យ៉ាងជាក់ច្បាស់ និងបញ្ជាដោយត្រង់។ ទ្រង់មិនបានប្រទានជីវិតដល់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែកាន់ដៃមនុស្ស ហើយបង្រៀនពួកគេពីរបៀបគោរពស្រឡាញ់ទ្រង់ ដោយមិនបានផ្ដល់ជាប្រស្នាជាច្រើនឡើយ។ កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺមិនទាក់ទងនឹងការដោះស្រាយ ការប្រៀនប្រដៅមនុស្ស ឬការប្រទានការជំនុំជម្រះ និងការវាយផ្ចាលឡើយ ប៉ុន្តែ វាជាការចង្អុលបង្ហាញពួកគេវិញ។ ព្រះយេហូវ៉ាបានបញ្ជាទៅកាន់ម៉ូសេឲ្យប្រាប់ប្រជារាស្ត្ររបស់ទ្រង់ ឲ្យ​ដើរប្រមូលនំម៉ាណានៅឯវាលរហោស្ថាន​។ រៀងរាល់ព្រឹក មុនពេលថ្ងៃរះ ពួកគេត្រូវចេញទៅប្រមូលនំម៉ាណា គឺមួយគ្រប់ល្មមសម្រាប់ពួកគេក្នុងការបរិភោគសម្រាប់ថ្ងៃនោះប៉ុណ្ណោះ។ នំម៉ាណាមិនអាចរក្សាទុករហូតដល់ថ្ងៃស្អែកបានឡើយ ព្រោះវានឹងដុះផ្សិតមិនខាន។ ទ្រង់មិនបានបង្រៀនមនុស្ស ឬលាតត្រដាងពីធម្ម​ជាតិ​របស់ពួកគេ ហើយក៏មិនបានបង្ហាញគំនិត និងយោបល់របស់ពួក​គេដែរ។ ទ្រង់មិនបានផ្លាស់ប្ដុរ​មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បានចង្អុលបង្ហាញដល់ពួកគេនៅក្នុងការដឹក​នាំ​ជីវិតរបស់ខ្លួន​វិញ។ មនុស្សនៅគ្រានោះ ដូចជាកូនក្មេងអ៊ីចឹង ហើយ​ពួក​គេ​គ្មានយល់អ្វីឡើយ ក្រៅពីការដេកដើរឈរអង្គុយ ដូច្នេះ ព្រះយេហូវ៉ាគ្រាន់តែចេញក្រឹត្យវិន័យ ដើម្បីចង្អុលបង្ហាញដល់បណ្ដា​ជនប៉ុណ្ណោះ។

ដើម្បីផ្សាយដំណឹងល្អ ​ឲ្យមនុស្សទាំងអស់ដែលស្វែងរកដោយដួងចិត្តដ៏ពិត អាចទទួលបានចំណេះដឹងអំពីកិច្ចការដែលត្រូវបានធ្វើនៅថ្ងៃនេះ និងជឿជាក់យ៉ាងមុតមាំ អ្នកត្រូវតែមានការយល់ដឹងដ៏ច្បាស់លាស់អំពីសាច់រឿងខាងក្នុង យល់អំពីលក្ខណៈ​សំខាន់​ និងភាពសំខាន់នៃកិច្ចការដែលត្រូវបានធ្វើនៅក្នុងដំណាក់កាលនីមួយៗ។ ដោយ​ស្ដាប់ឮការប្រកបគ្នារបស់អ្នក អ្នកផ្សេងទៀតអាចយល់​អំពីកិច្ចការរបស់ព្រះយេហូវ៉ា កិច្ចការរបស់ព្រះយេស៊ូវ ហើយកាន់តែសំខាន់ជាងនេះទៀតនោះ គឺគេអាចយល់អំពីគ្រប់ទាំងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក៏ដូចជាទំនាក់ទំនង និងភាពខុសគ្នារវាងដំណាក់កាលទាំងបីនៃកិច្ចការនេះ​ដែរ។ ដូច្នេះ ក្រោយពេលដែល​ពួកគេបានបញ្ចប់ការស្ដាប់ហើយ អ្នកផ្សេងទៀតនឹងមើលឃើញថា ដំណាក់កាលទាំងបីមិនបានបង្អាក់ដល់គ្នាឡើយ ប៉ុន្តែ មើលឃើញថា ដំណាក់កាលទាំងអស់គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ទោះបីជា​ពួកទ្រង់ធ្វើការនៅក្នុងយុគសម័យផ្សេងគ្នា មាតិការ​នៃកិច្ចការដែលពួកទ្រង់អនុវត្តខុសគ្នា ហើយព្រះបន្ទូលដែលពួកទ្រង់មានបន្ទូលខុសគ្នាក៏ដោយ ក៏គោលការណ៍ដែលពួកទ្រង់ធ្វើ គឺតែមួយ និងដូចគ្នាដែរ។ ទាំងនេះគឺជានិមិត្តដ៏ធំបំផុតដែលអ្នកដើរតាមព្រះជាម្ចាស់ទាំងអស់ គួរតែយល់។

ខាង​ដើម៖ គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

បន្ទាប់៖ ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ