២. ព្រះបន្ទូលស្ដីពីការស្គាល់និស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់មាននូវអ្វីដែលជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់មាននូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់បញ្ចេញ និងបើកសម្ដែងឲ្យឃើញ គឺសុទ្ធតែជាតំណាងនៃលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់ទ្រង់។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ក៏ដូចជាលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់ទ្រង់ គឺជាសេចក្ដីដែលមិនអាចយកមនុស្សណាម្នាក់មកជំនួសបានឡើយ។ និស្ស័យរបស់ទ្រង់ គឺរាប់បញ្ចូលទាំងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ភាពស្រាកស្រាន្តរបស់មនុស្សជាតិ សេចក្ដីសម្អប់ចំពោះមនុស្សជាតិ ហើយជាងនេះទៅទៀតគឺ ការយល់ដឹងយ៉ាងហ្មត់ចត់អំពីមនុស្សជាតិ។ យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សអាចមានលក្ខណៈសុទុដ្ឋិនិយម រស់រវើក និងគ្មានមេត្តា។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យរបស់ព្រះដែលគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ រួមទាំងសភាវៈមានជីវិតផង ជានិស្ស័យរបស់ព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក។ និស្ស័យរបស់ទ្រង់ តំណាងឲ្យកិត្តិយស ព្រះចេស្ដា ភាពប្រសើរថ្លៃថ្លា ភាពមហិមា ហើយសំខាន់ជាងគេគឺ ភាពឧត្តុង្គឧត្តម។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃសិទ្ធិអំណាច ជានិមិត្តរូបនៃគ្រប់អំពើសុចរិត ក៏ជានិមិត្តរូបនៃសោភណភាព និងភាពល្អប្រពៃគ្រប់យ៉ាងដែរ។ លើសពីនេះ និស្ស័យនេះ គឺជានិមិត្តរូបនៃព្រះដែលមិនអាច[ក] ឲ្យភាពអន្ធការ និងពួកខ្មាំងសត្រូវណាមួយមកយកឈ្នះ ឬឈ្លានពានបានឡើយ ហើយជានិមិត្តរូបនៃព្រះដែលមិនអាចឲ្យភាវៈណាមួយដែលទ្រង់បានបង្កើតមកបំពាន[ខ] ដែរ (ព្រះអង្គក៏មិនបណ្ដោយឲ្យគេបំពានទ្រង់ដែរ)។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃព្រះចេស្ដាដ៏ខ្ពស់បំផុត។ គ្មានបុគ្គលណាអាចមករំខានកិច្ចការរបស់ទ្រង់ ឬនិស្ស័យរបស់ទ្រង់បានឡើយ។ ដោយឡែក បុគ្គលិកលក្ខណៈរបស់មនុស្ស ក៏មិនមែនគ្រាន់តែជានិមិត្តរូបនៃឧត្ដមភាពដែលមនុស្សមានលើសសត្វបន្តិចបន្តួចនោះដែរ។ មនុស្សផ្ទាល់ ពុំមានសិទ្ធិអំណាច ពុំមានស្វ័យភាព ក៏ពុំមានសមត្ថភាពអ្វីនឹងលើកតម្កើងខ្លួនឯងដែរ ប៉ុន្តែនៅក្នុងលក្ខណៈសំខាន់របស់ខ្លួន មនុស្សម្នាក់ស្ថិតក្រោមការគ្រប់គ្រងនៃរបៀបរបស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាច្រើនទៀត។ អំណររបស់ព្រះជាម្ចាស់ កើតមកពីអត្ថិភាព និងការលេចឡើងនៃភាពសុចរិត និងពន្លឺ ក៏ដោយសារតែក្ដីវិនាសនៃភាពអន្ធការ និងការអាក្រក់ដែរ។ ទ្រង់សព្វព្រះហឫទ័យនឹងនាំយកពន្លឺ និងជីវិតដ៏ល្អប្រពៃមកឲ្យមនុស្សជាតិ ហើយអំណររបស់ទ្រង់ គឺជាអំណរដ៏សុចរិត ជានិមិត្តរូបនៃអត្ថិភាពនៃអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន ហើយលើសពីនេះ អំណរនេះជានិមិត្តរូបនៃភ័ព្វដ៏ប្រសើរ។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមកពីភាពអន្តរាយដែលធ្លាក់មកលើមនុស្សជាតិ ដោយសារតែអត្ថិភាព និងការរំខាននៃអំពើអយុត្តិធម៌ ដោយសារតែអត្ថិភាពនៃសេចក្ដីអាក្រក់ និងភាពអន្ធការ ដោយសារតែអត្ថិភាពនៃកត្តានានាដែលបណ្ដេញសេចក្ដីពិតឲ្យចេញទៅឆ្ងាយ ហើយលើសពីនេះ គឺដោយសារតែអត្ថិភាពនៃកត្តានានាដែលប្រឆាំងទាស់នឹងសេចក្ដីល្អ និងភាពស្រស់បំព្រង។ សេចក្ដីក្រោធរបស់ទ្រង់គឺជានិមិត្តរូបបញ្ជាក់ប្រាប់ថា គ្រប់យ៉ាងដែលអវិជ្ជមាន លែងមានទៀតហើយ លើសពីនេះទៀតគឺបញ្ជាក់ថា សេចក្ដីក្រោធនេះ គឺជានិមិត្តរូបនៃភាពបរិសុទ្ធរបស់ទ្រង់។ សេចក្ដីទុក្ខសោករបស់ទ្រង់ កើតមកពីមនុស្ស ដែលទ្រង់មានក្ដីសង្ឃឹមចំពោះគេ ប៉ុន្តែ គេបែរជាធ្លាក់ក្នុងភាពអន្ធការវិញ ពីព្រោះកិច្ចការដែលទ្រង់ធ្វើចំពោះមនុស្ស មិនបានផ្ដល់ផលសមនឹងក្ដីរំពឹងរបស់ទ្រង់ក៏ដោយសារតែមនុស្សទាំងអស់ដែលទ្រង់ស្រឡាញ់ មិនអាចរស់នៅក្នុងពន្លឺបាន។ ទ្រង់មានអារម្មណ៍សោយសោក ចំពោះមនុស្សឥតទោស ចំពោះមនុស្សស្មោះត្រង់តែល្វីល្ងើ និងចំពោះមនុស្សល្អ តែគ្មានអ្វីជាទស្សនៈផ្ទាល់ខ្លួនឯងសោះ។ សេចក្ដីទុក្ខសោករបស់ទ្រង់ គឺជានិមិត្តរូបនៃសេចក្ដីល្អ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ជានិមិត្តរូបនៃសោភណភាព និងសេចក្ដីសប្បុរសរបស់ទ្រង់។ ព្រះទ័យរីករាយរបស់ទ្រង់ប្រាកដណាស់ គឺបានមកពីការយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ និងទទួលបានភាពស្មោះត្រង់ពីមនុស្ស។ ជាងនេះទៅទៀត ព្រះទ័យរីករាយរបស់ទ្រង់ កើតចេញពីការបណ្ដេញ និងការបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវ ហើយដោយសារតែមនុស្សជាតិទទួលបានជីវិតមួយដ៏ល្អប្រពៃ និងប្រកបដោយសេចក្ដីសុខសាន្ត។ ព្រះទ័យរីករាយរបស់ព្រះជាម្ចាស់ ខុសពីអំណរសប្បាយរបស់មនុស្ស ម្យ៉ាងទៀត ព្រះទ័យរីករាយនេះ ជាអារម្មណ៍រីករាយ ដូចនៅពេលប្រមូលផលដាក់ជង្រុក គឺជាអារម្មណ៍រីករាយខ្លាំងក្លាជាងអំណរធម្មតា។ ព្រះទ័យរីករាយរបស់ទ្រង់ គឺជានិមិត្តរូបនៃការដែលមនុស្សជាតិរើខ្លួនរួចពីទុក្ខលំបាកចាប់ពីពេលនេះតទៅ និងជានិមិត្តរូបនៃការដែលមនុស្សជាតិ ឈានចូលក្នុងពិភពនៃពន្លឺ។ ម្យ៉ាងវិញទៀត អារម្មណ៍របស់មនុស្សជាតិ គឺសុទ្ធតែកើតឡើងដើម្បីជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ មិនមែនដើម្បីភាពសុចរិតមិនមែនដើម្បីពន្លឺ ក៏មិនមែន ដើម្បីភាពស្រស់បំព្រង ហើយក៏រឹតតែមិនមែនដើម្បីព្រះគុណដែលត្រូវបានប្រទានមកពីស្ថានសួគ៌ដែរ។ អារម្មណ៍របស់មនុស្សជាតិ គឺជាអារម្មណ៍អាត្មានិយម ហើយជាកម្មសិទ្ធនៃពិភពងងឹត។ អារម្មណ៍ទាំងនេះមិនមែនកើតឡើងដើម្បីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ក៏រឹតតែមិនមែនដើម្បីផែនការបស់ព្រះជាម្ចាស់ដែរ ហេតុនេះហើយ មនុស្ស និងព្រះជាម្ចាស់ មិនអាចយកសម្ដីពីខ្យល់ដង្ហើមតែមួយមកនិយាយឲ្យយល់បាននោះឡើយ។ ព្រះជាម្ចាស់ទ្រង់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត។ នេះគឺមកពីព្រះជាម្ចាស់ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូតចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឲ្យមនុស្សជាតិមានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ។ ការប្រឹងប្រែងរបស់មនុស្សខ្សោយណាស់ មិនអាចធន់នឹងការវាយប្រហារបាន សូម្បីតែមួយលើកបើទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឲ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់។ ព្រះជាម្ចាស់ពុំធ្លាប់កែប្រែលក្ខណៈសំខាន់នៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំសុចរិត ខ្ញុំគួរឱ្យទុកចិត្ត ហើយខ្ញុំគឺជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រៅបំផុតរបស់មនុស្ស! ខ្ញុំនឹងបើកសម្ដែងឱ្យឃើញភ្លាមៗថា អ្នកណាពិត និងអ្នកណាក្លែងក្លាយ។ ចូរកុំភ្ញាក់ផ្អើលឱ្យសោះ! របស់សព្វសារពើទាំងអស់ដំណើរការដោយផ្អែកលើពេលវេលារបស់ខ្ញុំ។ អ្នកណាដែលចង់បានខ្ញុំយ៉ាងស្មោះស្ម័គ្រ ហើយអ្នកណាដែលមិនចង់បានខ្ញុំយ៉ាងស្មោះស្ម័គ្រ នោះខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាម្ដងមួយៗ។ អ្នករាល់គ្នាគ្រាន់តែខ្វល់ពីរឿងហូប ផឹក និងចូលមកជិតខ្ញុំនៅពេលដែលអ្នកចូលមកក្នុងវត្តមានរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយអង្គឯង។ ចូរកុំខ្វល់ខ្វាយចំពោះលទ្ធផលឆាប់រហ័សខ្លាំងពេក។ កិច្ចការរបស់ខ្ញុំ មិនមែនជាអ្វីមួយដែលអាចត្រូវបានសម្រេចទាំងអស់ភ្លាមៗឡើយ។ នៅក្នុងកិច្ចការនោះ មានជំហាន និងព្រះប្រាជ្ញាញាណ ដូច្នេះហើយទើបព្រះប្រាជ្ញាញាណរបស់ខ្ញុំត្រូវបានបើកសម្ដែង។ ខ្ញុំនឹងឱ្យអ្នករាល់គ្នាមើលឃើញអ្វីដែលត្រូវបានបំពេញដោយព្រះហស្ដរបស់ខ្ញុំ គឺការដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ។ ខ្ញុំច្បាស់ជាមិនយោគយល់នរណាម្នាក់ឡើយ។ អ្នកដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះស្ម័គ្រ នោះខ្ញុំនឹងស្រឡាញ់អ្នកយ៉ាងស្មោះស្ម័គ្រ សេចក្ដីក្រោធរបស់ខ្ញុំនឹងមិនដែលនៅជាមួយពួកគេទេ ប្រយោជន៍ឱ្យពួកគេអាចចងចាំដ៏អស់កល្បជានិច្ចថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏ពិត ជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រៅរបស់មនុស្ស។ ចូរកុំប្រព្រឹត្តផ្សេងនៅចំពោះមុខរបស់អ្នកដទៃ ប៉ុន្តែ នៅពីក្រោយខ្នងរបស់ពួកគេ ប្រព្រឹត្តផ្សឹងអោយសោះ។ ខ្ញុំឃើញយ៉ាងច្បាស់នូវអ្វីៗដែលអ្នកធ្វើ ហើយទោះបីជាអ្នកអាចបំភាន់អ្នកដទៃបានក៏ដោយ ក៏អ្នកមិនអាចបំភាន់ខ្ញុំបានដែរ។ ខ្ញុំឃើញវាទាំងអស់យ៉ាងច្បាស់។ អ្នកមិនអាចលាក់បាំងអ្វីមួយបានទេ។ គ្រប់ការភូតកុហកគឺនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំគិតថាខ្លនឯងឆ្លាត ដោយសារអ្នកទទួលបានផលប្រយោជន៍បន្តិចបន្តួចឱ្យសោះ។ ខ្ញុំមានបន្ទូលប្រាប់អ្នកថា៖ ទោះបីជាមានផែនការជាច្រើន ដែលមនុស្សអាចបង្កើតឡើងក៏ដោយ មិនថាមានរាប់ពាន់ ឬរាប់ម៉ឺនក៏ដោយ នៅទីបំផុត ពួកវាមិនអាចគេចផុតពីបាតព្រះហស្ដរបស់ខ្ញុំបានទេ។ របស់សព្វសារពើ និងវត្ថុគ្រប់យ៉ាង គឺត្រូវបានគ្រប់គ្រងដោយព្រះហស្ដរបស់ខ្ញុំ ចូរកុំខ្វល់ពីនរណាម្នាក់ឱ្យសោះ! ចូរកុំព្យាយាមគេច ឬលាក់ពួនខ្ញុំ ចូរកុំព្យាយាមលាក់ពុត ឬបិទបាំង។ តើវាអាចទៅរួចទេ ដែលអ្នកនៅតែមើលមិនឃើញព្រះភ័ក្រ្ដដ៏មានសិរីល្អរបស់ខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំ និងការជំនុំជម្រះរបស់ខ្ញុំ ដែលត្រូវបានបើកសម្ដែងជាសាធារណៈនោះ? អ្នកណាក៏ដោយដែលមិនចង់បានខ្ញុំយ៉ាងស្មោះស័្មគ្រ នោះខ្ញុំនឹងជំនុំជម្រះពួកគេភ្លាមៗ និងដោយគ្មានមេត្តាករុណាឡើយ។ សេចក្ដីអាណិតរបស់ខ្ញុំបានដល់ទីបញ្ចប់របស់វាហើយ មិនមាននៅសល់ទៀតឡើយ។ ចូរកុំព្យាយាមលាក់ពុតតទៅទៀត ហើយបញ្ឈប់វិធីដ៏ឥតប្រយោជន៍ និងឆ្កួតលីលារបស់អ្នកទៅ។

ដកស្រង់ពី «ជំពូកទី ៤៤» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំប្រកាន់ខ្ជាប់តាមអ្វីដែលខ្ញុំមានបន្ទូល ហើយអ្វីដែលខ្ញុំប្រកាន់ខ្ជាប់ ខ្ញុំតែងតែសម្រេចឲ្យបាន ហើយក៏គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានដែរ ព្រោះវាជារឿងដាច់ខាតតែម្ដង។ មិនថានោះជាព្រះបន្ទូលដែលខ្ញុំបានថ្លែងកាលពីអតីតកាល ឬជាព្រះបន្ទូលដែលខ្ញុំនឹងថ្លែងនាពេលអនាគតឡើយ ខ្ញុំនឹងធ្វើឲ្យព្រះបន្ទូលទាំងអស់នោះក្លាយជាការពិតម្ដងមួយៗ ព្រមទាំងអនុញ្ញាតឲ្យមនុស្សជាតិទាំងអស់មើលឃើញព្រះបន្ទូលទាំងនោះក្លាយជាការពិត។ នេះគឺជាគោលការណ៍នៅពីក្រោយព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ។ ... ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំឬ? អ្វីៗគ្រប់យ៉ាងដែលខ្ញុំមានបន្ទូលត្រូវបានសម្រេច ហើយនៅក្នុងចំណោមមនុស្ស តើមាននរណាអាចប្ដូរព្រះតម្រិះរបស់ខ្ញុំបានទៅ? តើវាអាចជាសេចក្តីសញ្ញាមួយដែលខ្ញុំបានធ្វើនៅលើផែនដីដែរឬទេ? គ្មានអ្វីមួយអាចរារាំងផែនការរបស់ខ្ញុំមិនឲ្យឆ្ពោះទៅមុខនោះឡើយ។ ខ្ញុំតែងតែមានវត្តមាននៅក្នុងកិច្ចការរបស់ខ្ញុំ ក៏ដូចជានៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំជានិច្ច។ នៅក្នុងចំណោមមនុស្សលោក តើមាននរណាអាចលូកដៃជ្រៀតជ្រែកបានទៅ? តើនោះមិនមែនជាខ្ញុំទេឬដែលបានធ្វើការចាត់ចែងដោយផ្ទាល់? ការចូលទៅក្នុងពិភពនេះនាពេលសព្វថ្ងៃ មិនងាកចេញពីផែនការរបស់ខ្ញុំ ឬចេញពីអ្វីដែលខ្ញុំបានទស្សន៍ទាយទុកនោះឡើយ។ ការទាំងអស់នេះត្រូវបានខ្ញុំកំណត់ទុកជាយូរឆ្នាំមកហើយ។ នៅក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចវាស់ស្ទង់ជំហាននៃផែនការរបស់ខ្ញុំនេះបានទៅ? ប្រជារាស្ត្ររបស់ខ្ញុំនឹងប្រាកដជាស្ដាប់សំឡេងខ្ញុំ ហើយអស់អ្នកណាដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ នឹងប្រាកដជាត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំជាមិនខាន។

ដកស្រង់ពី «ជំពូកទី ១» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំគឺជាព្រះដែលសោយភ្លើង ហើយខ្ញុំនឹងមិនអស់ឱនចំពោះកំហុសណាមួយឡើយ។ ដោយសារខ្ញុំជាអ្នកបង្កើតមនុស្សទាំងអស់នេះមក ដូច្នេះ អ្វីក៏ដោយដែលខ្ញុំមានព្រះបន្ទូល និងធ្វើ ពួកគេត្រូវតែស្ដាប់តាម ហើយពួកគេមិនអាចបះបោរបានឡើយ។ មនុស្សគ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំឡើយ ហើយពួកគេកាន់តែគ្មានគុណសម្បត្តិក្នុងការវិភាគថាកិច្ចការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ មួយណាត្រូវ ឬមួយណាខុសណាស់។ ខ្ញុំគឺជាព្រះអម្ចាស់ដែលបង្កើតសព្វសារពើ ហើយសត្តនិករដែលបានបង្កើតមក គប្បីសម្រេចនូវគ្រប់យ៉ាង ដែលខ្ញុំតម្រូវចង់បាន ដោយមានដួងចិត្តកោតខ្លាចចំពោះខ្ញុំ។ ពួកគេមិនគម្បីព្យាយាមដេញដោលរកហេតុ ផលជាមួយខ្ញុំឡើយ ហើយជាពិសេស ពួកគេមិនគួរប្រឆាំងទាស់នឹងខ្ញុំឡើយ។ ខ្ញុំគ្រប់គ្រងលើរាស្រ្តរបស់ខ្ញុំដោយសិទ្ធិអំណាចរបស់ខ្ញុំ ហើយអស់អ្នកណាដែលជាចំណែកនៃការបង្កើតរបស់ខ្ញុំ គប្បីចុះចូលនឹងសិទ្ធិអំណាចរបស់ខ្ញុំ។ បើទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាអង់អាចក្លាហាន និងមិនកោតក្រែងចំពោះខ្ញុំក្ដី បើទោះបីជាអ្នកមិនស្ដាប់បង្គាប់តាមព្រះបន្ទូលដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាក្ដី និងគ្មានការភ័យខ្លាចក្ដី ក៏ខ្ញុំមានត្រឹមតែការអត់ឱនចំពោះការបះបោររបស់អ្នកប៉ុណ្ណោះ។ ខ្ញុំនឹងមិនភ្លាត់ក្រោធ និងប៉ះពាល់ដល់កិច្ចការរបស់ខ្ញុំដោយសារតែពួកដង្កូវតូចតាច និងគ្មានបានការដែលបានកកូរកកាយដីនៅក្នុងគំនរលាមកឡើយ។ ខ្ញុំអត់ឱនចំពោះការបន្តជីវិតរស់នៅនៃគ្រប់យ៉ាងដែលខ្ញុំស្អប់ និងគ្រប់សព្វសារពើដែលខ្ញុំមិនចូលចិត្ត ក៏ព្រោះតែព្រះរាជហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដែរ ហើយខ្ញុំនឹងធ្វើបែបនេះឡើយ រហូតទាល់តែព្រះសូរសៀងរបស់ខ្ញុំបានសម្រេចការ រហូតដល់ពេលវេលាចុងក្រោយបំផុតរបស់ខ្ញុំ។

ដកស្រង់ពី «នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយសារតែអ្នកបានតាំងចិត្តបម្រើខ្ញុំហើយ ខ្ញុំនឹងមិនឲ្យអ្នករបូតចេញទៅឡើយ។ ខ្ញុំជាព្រះជាម្ចាស់ ដែលស្អប់អំពើអាក្រក់ ហើយខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌចំពោះមនុស្សជាតិ។ ដោយសារអ្នកបានសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈរបស់អ្នកហើយ ខ្ញុំនឹងមិនអត់ឱនចំពោះការរត់គេចនៅចំពោះព្រះនេត្ររបស់ខ្ញុំឡើយ ហើយខ្ញុំនឹងមិនអត់ឱនចំពោះការបម្រើម្ចាស់ពីររបស់អ្នកឡើយ។ តើអ្នកគិតថា អ្នកអាចមានសេចក្ដីស្រឡាញ់ទីពីរ បន្ទាប់ពីសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈរបស់ខ្ញុំ និងនៅចំពោះព្រះនេត្ររបស់ខ្ញុំមែនទេ? តើអ្នកអាចអនុញ្ញាញឲ្យមនុស្សលេងសើចនឹងខ្ញុំដោយរបៀបនេះបានមែនទេ? តើអ្នកគិតថា អ្នកអាចសន្យា និងស្បថស្បែរជាធម្មតានៅចំពោះខ្ញុំដោយអណ្ដាតរបស់អ្នកឬ? តើអ្នកគិតថា អ្នកអាចស្បថនៅនឹងបល្ល័ង្ករបស់ខ្ញុំ ជាបល្ល័ង្កដែលខ្ពស់បំផុតរបស់ខ្ញុំមែនទេ? តើអ្នកគិតថាសម្បថរបស់អ្នក បានរលត់ផុតទៅហើយមែនទេ? ខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងចុះ៖ បើទោះបីជាសាច់ឈាមរបស់អ្នករាល់គ្នាបានស្លាប់ទៅហើយក្ដី ក៏ពាក្យសម្បថរបស់អ្នកមិនអាចរលត់ផុតទៅបានដែរ។ ចុងបញ្ចប់ ខ្ញុំនឹងផ្តន្ទាទោសអ្នករាល់គ្នាតាមសេចក្ដីសម្បថរបស់អ្នក។ ក៏ប៉ុន្តែ អ្នករាល់គ្នាជឿថា អ្នកអាចតទល់នឹងខ្ញុំបានដោយសច្ចាពាក្យសម្ដីរបស់អ្នករាល់គ្នានៅចំពោះខ្ញុំ ហើយថាដួងចិត្តរបស់អ្នក អាចបម្រើវិញ្ញាណមិនបរិសុទ្ធ និងវិញ្ញាណអាក្រក់បាន។ តើសេចក្ដីក្រោធរបស់ខ្ញុំ អាចអត់ឱននឹងមនុស្សដូចជាសត្វឆ្កែ មនុស្សដូចសត្វជ្រូកដែលបោកប្រាស់ខ្ញុំនេះបានដោយរបៀបណា? ខ្ញុំត្រូវតែបន្តអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយត្រូវយករបស់ទាំងអស់នោះពីដៃនៃវិញ្ញាណមិនបរិសុទ្ធ គឺមនុស្ស «ជឿស៊ុប» ដែលមានសេចក្ដីជំនឿលើខ្ញុំ ដើម្បីឲ្យពួកគេអាច «បន្តរង់ចាំ» ខ្ញុំ ដោយមានវិន័យ ជាសត្វគោរបស់ខ្ញុំ ជាសត្វសេះរបស់ខ្ញុំ និងស្ថិតក្រោមការចាត់ចែងនៃការសម្លាប់របស់ខ្ញុំ។ ខ្ញុំនឹងឲ្យអ្នកជ្រើសរើសយកការចាត់តាំងពីមុនរបស់អ្នក និងបម្រើខ្ញុំជាថ្មីម្ដងទៀត។ ខ្ញុំនឹងមិនអត់ឱនចំពោះសត្តនិករណាមួយដែលបោកប្រាស់ខ្ញុំឡើយ។ តើអ្នកគិតថា អ្នកអាចស្នើសុំអ្វីពីខ្ញុំដោយគ្មានត្រាប្រណី និងភូតភរនៅចំពោះព្រះភ័ក្រខ្ញុំមែនទេ? តើអ្នកគិតថា ខ្ញុំមិនបានស្ដាប់ឮ ឬមិនបានទតឃើញនូវពាក្យសម្ដី និងទង្វើរបស់អ្នកទេឬអី? តើពាក្យសម្ដីនិងទង្វើរបស់អ្នក អាចមិនស្ថិតនៅក្នុងការព្រះនេត្ររបស់ខ្ញុំដោយរបៀបណាទៅ? តើខ្ញុំអាចអនុញ្ញាតឲ្យមនុស្សបោកប្រាស់ខ្ញុំដោយបែបនេះបានដោយរបៀបណា?

ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ហើយជាងនេះទៅទៀត ខ្ញុំជាអង្គតែមួយគត់នៃព្រះជាម្ចាស់។ លើសពីនេះទៅទៀត ខ្ញុំដែលជាភាពទាំងស្រុងរបស់សាច់ឈាម គឺជាការបើកបង្ហាញដ៏ពេញលេញរបស់ព្រះជាម្ចាស់។ អ្នកណាក៏ដោយដែលហ៊ានមិនគោរពខ្ញុំ អ្នកណាក៏ដោយដែលហ៊ានបង្ហាញការទាស់ទទឹងនៅក្នុងភ្នែករបស់ពួកគេ ហើយអ្នកណាក៏ដោយដែលហ៊ាននិយាយពាក្យមើលងាយប្រឆាំងខ្ញុំ នោះច្បាស់ជានឹងស្លាប់ដោយសារបណ្ដាសា និងសេចក្ដីក្រោធរបស់ខ្ញុំ (នឹងមានការដាក់បណ្ដាសាដោយសារសេចក្ដីក្រោធរបស់ខ្ញុំ)។ ជាងនេះទៅទៀត អ្នកណាក៏ដោយដែលហ៊ានមិនស្មោះត្រង់ ឬគ្មានភក្ដីភាពចំពោះខ្ញុំ ហើយអ្នកណាក៏ដោយដែលហ៊ានព្យាយាមបោកបញ្ឆោតខ្ញុំ ច្បាស់ជានឹងស្លាប់ដោយសារសេចក្ដីស្អប់របស់ខ្ញុំ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំនឹងស្ថិតនៅជារៀងរហូត។ ជាដំបូង ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា ប៉ុន្តែនេះមិនមែនជានិស្ស័យនៃភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំទេ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ គ្រាន់តែជាចំណែកនៃនិស្ស័យរបស់ខ្ញុំ ដែលជាព្រះជាម្ចាស់ដ៏ពេញលេញផ្ទាល់ព្រះអង្គប៉ុណ្ណោះ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា។ ដោយសារតែកិច្ចការដែលខ្ញុំត្រូវបញ្ចប់ នោះខ្ញុំមានសេចក្ដីស្រឡាញ់អស់ពីព្រះទ័យ និងសេចក្ដីមេត្តាករុណា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក គឺលែងត្រូវការអ្វីៗបែបនេះតទៅទៀតហើយ (ហើយចាប់ពីពេលនោះមក ក៏លែងមានអ្វីៗបែបនេះ)។ គ្រប់យ៉ាងគឺជាសេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ ហើយនេះគឺជានិស្ស័យដ៏ពេញលេញនៃភាពជាមនុស្សរបស់ខ្ញុំ គួបផ្សំនឹងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ។

ដកស្រង់ពី «ជំពូកទី ៧៩» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំនឹងដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ ហើយខ្ញុំនឹងនាំសេចក្ដីសុចរិតរបស់ខ្ញុំឱ្យដំណើរការ ហើយខ្ញុំនឹងអនុវត្តការជំនុំជម្រះរបស់ខ្ញុំ។ ខ្ញុំនឹងប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំ ដើម្បីសម្រេចគ្រប់យ៉ាង ដោយធ្វើឱ្យមនុស្សទាំងអស់ និងរបស់សព្វសារពើ មានបទពិសោធន៍ពីព្រះហស្ដវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ឃើញសិរីល្អដ៏ពេញលេញរបស់ខ្ញុំ ប្រាជ្ញាញាណដ៏ពេញលេញរបស់ខ្ញុំ និងចិត្តសប្បុរសដ៏ពេញលេញរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់នឹងហ៊ានក្រោកឈរនៅក្នុងការជំនុំជម្រះទេ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានសម្រេច។ ហើយនៅទីនេះ ខ្ញុំឱ្យមនុស្សគ្រប់គ្នាឃើញកិត្យានុភាពដ៏ពេញលេញរបស់ខ្ញុំ ហើយភ្លក់ជ័យជម្នះដ៏ពេញលេញរបស់ខ្ញុំ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានបើកបង្ហាញ។ ចាប់ពីនេះទៅ មនុស្សអាចឃើញព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងសិទ្ធិអំណាចរបស់ខ្ញុំ។ គ្មាននរណាម្នាក់នឹងហ៊ានប្រមាថខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់នឹងហ៊ានរំខានខ្ញុំឡើយ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងត្រូវបានបើកចំហរ។ តើនរណានឹងហ៊ានលាក់បាំងអ្វីមួយនោះ? ខ្ញុំច្បាស់ជាបង្ហាញមនុស្សនោះគ្មានមេត្តាករុណាឡើយ! អ្នកណាដែលហ៊ានប្រព្រឹត្តបែបនេះ ត្រូវតែទទួលការដាក់ទោសដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយមនុស្សថោកទាបបែបនេះត្រូវតែកំចាត់ចេញពីភ្នែករបស់ខ្ញុំ។ ខ្ញុំនឹងត្រួតត្រាពួកគេដោយដំបងដែក ហើយខ្ញុំនឹងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្ញុំដើម្បីជំនុំជម្រះពួកគេ ដោយគ្មានការអាណិតអាសូរសូម្បីតែបន្តិច និងដោយគ្មានយល់ពីអារម្មណ៍របស់ពួកគេទាល់តែសោះ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលគ្មានមនោសញ្ចេតនា និងដែលមានអនុភាព ហើយមិនអាចត្រូវបានប្រមាថឡើយ។ គ្រប់គ្នាគួរតែយល់ និងមើលឃើញករណីនេះ ប្រសិនបើពួកគេខ្លាចខ្ញុំវាយប្រហារ និងធ្វើឱ្យវិនាស «ដោយគ្មានហេតុ ឬមូលហេតុ» នោះ ដោយសារតែដំបងរបស់ខ្ញុំនឹងវាយប្រហារអស់អ្នកណាដែលប្រមាថខ្ញុំ។ ខ្ញុំមិនខ្វល់ថា ពួកគេស្គាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឬអត់នោះទេ។ នោះនឹងគ្មានផលវិបាកសម្រាប់ខ្ញុំទេ ដោយសារអង្គរបស់ខ្ញុំមិនអត់ទ្រាំនឹងការប្រមាថដោយនរណាម្នាក់ឡើយ។ នេះគឺជាមូលហេតុដែលគេនិយាយថា ខ្ញុំគឺជាសត្វតោ។ នរណាក៏ដោយដែលខ្ញុំប៉ះ នោះខ្ញុំវាយផ្ដួល។ នោះគឺជាអ្វីដែលត្រូវបានគេនិយាយថា ពេលនេះវាជាបណ្ដាសា ដែលនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រលាញ់ដ៏ស្មោះចិត្តសប្បុរស។ ជាសារជាតិ ខ្ញុំមិនមែនជាកូនចៀមទេ ប៉ុន្តែគឺជាតោ។ គ្មាននរណាម្នាក់ហ៊ានប្រមាថខ្ញុំទេ។ នរណាក៏ដោយដែលប្រមាថខ្ញុំ នោះខ្ញុំនឹងដាក់ទោសដោយសេចក្ដីស្លាប់ភ្លាមៗ និងដោយគ្មានសេចក្ដីមេត្តាករុណាឡើយ។

ដកស្រង់ពី «ជំពូកទី ១២០» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះសូរសៀងរបស់ខ្ញុំគឺជាការជំនុំជម្រះ និងសេចក្តីក្រោធ។ ខ្ញុំមិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយទន់ភ្លន់ ហើយក៏មិនបង្ហាញសេចក្តីមេត្តាករុណាដល់នរណាម្នាក់ដែរ ព្រោះថាខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលសុចរិត ហើយខ្ញុំមានសេចក្តីក្រោធ ខ្ញុំមានចំហេះភ្លើង ខ្ញុំមានការបន្សុទ្ធ ហើយខ្ញុំមានការបំផ្លាញ។ នៅក្នុងខ្ញុំ គ្មានអ្វីដែលលាក់បាំង ឬប្រកបដោយមនោសញ្ចេតនាឡើយ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងគឺបើកចំហរ សុចរិត និងមិនលម្អៀង។ ដោយសារតែកូនប្រុសច្បងរបស់ខ្ញុំ នៅលើបល្ល័ង្កជាមួយខ្ញុំរួចហើយ ដោយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ នោះវត្ថុ និងមនុស្សដែលមិនយុត្តិធម៌ ហើយមិនសុចរិតទាំងនោះ ចាប់ផ្តើមទទួលការជំនុំជម្រះហើយនៅពេលនេះ។ ខ្ញុំនឹងស៊ើបអង្កេតម្នាក់ម្តងៗ ដោយមិនរំលងអ្វីមួយឡើយ ហើយបើកសម្តែងពីពួកគេទាំងស្រុង។ ដោយសារតែការជំនុំជម្រះរបស់ខ្ញុំត្រូវបានបើកសម្តែងទាំងស្រុង និងបើកបង្ហាញយ៉ាងពេញលេញ ហើយខ្ញុំមិនបានរក្សាទុកអ្វីឡើយ នោះខ្ញុំនឹងបោះចោលអ្វីៗគ្រប់យ៉ាងដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយបណ្តោយឲ្យវាវិនាសអស់កល្បជានិច្ចនៅក្នុងជង្ហុកធំ។ នៅទីនោះ ខ្ញុំនឹងអនុញ្ញាតឲ្យវាឆេះអស់កល្បជានិច្ច។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ ហើយនេះជាភាពទៀងត្រង់របស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរសេចក្តីនេះបានទេ ហើយគ្រប់យ៉ាងត្រូវតែស្ថិតនៅក្រោមការបញ្ជារបស់ខ្ញុំ។

ដកស្រង់ពី «ជំពូកទី ១០៣» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំបានឃើញយ៉ាងច្បាស់នូវទង្វើនានារបស់វិញ្ញាណអាក្រក់តាំងពីយូរមកហើយ។ ហើយមនុស្សត្រូវបានវិញ្ញាណអាក្រក់ប្រើប្រាស់ (អស់អ្នកដែលមានគោលបំណងខុសឆ្គង អស់អ្នកដែលត្រេកត្រអាលនឹងសាច់ឈាម និងទ្រព្យសម្បត្តិ អស់អ្នកដែលសរសើរខ្លួនឯង អស់អ្នកដែលរំខានក្រុមជំនុំ ។ល។) ចូរកុំសន្និដ្ឋានថា គ្រប់យ៉ាងត្រូវបានបញ្ចប់ នៅពេលដែលវិញ្ញាណអាក្រក់ត្រូវបានកម្ចាត់ចេញឱ្យសោះ។ ខ្ញុំសូមប្រាប់អ្នក! ចាប់ពីពេលនេះតទៅ ខ្ញុំនឹងកម្ចាត់មនុស្សទាំងនេះម្ដងម្នាក់ៗ ដោយមិនប្រើប្រាស់ពួកគេឡើយ! មានន័យថា បុគ្គលណាក៏ដោយដែលត្រូវបានវិញ្ញាណអាក្រក់ធ្វើឱ្យពុករលួយ នឹងមិនត្រូវបានខ្ញុំប្រើប្រាស់ឡើយ ហើយនឹងត្រូវបានទាត់ចោល! ចូរកុំគិតថា ខ្ញុំមិនមានអារម្មណ៍ឱ្យសោះ! ចូរដឹងអំពីរឿងនេះ! ខ្ញុំគឺជាព្រះជាម្ចាស់ដ៏បរិសុទ្ធ ហើយខ្ញុំនឹងមិនស្នាក់នៅក្នុងព្រះវិហារដែលស្មោកគ្រោកឡើយ! ខ្ញុំប្រើប្រាស់តែមនុស្សស្មោះត្រង់ និងឆ្លាតវៃ ដែលស្មោះត្រង់យ៉ាងពេញលេញចំពោះខ្ញុំ និងគិតដល់បន្ទុករបស់ខ្ញុំប៉ុណ្ណោះ។ នេះគឺដោយសារតែមនុស្សបែបនេះត្រូវបានកំណត់ទុកជាមុន ហើយច្បាស់ណាស់ គឺគ្មានវិញ្ញាណអាក្រក់កំពុងតែធ្វើការលើពួកគេទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់រឿងមួយ៖ ចាប់ពីពេលនេះតទៅ អស់អ្នកណាដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ គឺមានកិច្ចការរបស់វិញ្ញាណអាក្រក់។ ខ្ញុំសូមបញ្ជាក់សាជាថ្មី៖ ខ្ញុំមិនចង់បានមនុស្សសូម្បីតែម្នាក់ ដែលមានវិញ្ញាណអាក្រក់ធ្វើការឡើយ។ ពួកគេទាំងអស់នឹងត្រូវបោះចោលទៅក្នុងនរកជាមួយនឹងសាច់ឈាមរបស់ពួកគេ!

ដកស្រង់ពី «ជំពូកទី ៧៦» ស្ដីពី ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការលែងអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពាន គឺជាលក្ខណៈសំខាន់ដែលមានតែមួយគត់របស់ទ្រង់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលមានតែមួយគត់របស់ទ្រង់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺជានិស្ស័យតែមួយគត់របស់ទ្រង់។ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ទ្រង់តែមួយប៉ុណ្ណោះ។ គឺអាចនិយាយមួយបែបទៀតថា គោលការណ៍នេះក៏ជានិមិត្តសញ្ញាអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់ដែលមានតាំងពីដើមមករបស់ទ្រង់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមពេលវេលា ហើយក៏មិនអាចផ្លាស់ប្រែទៅតាមទីតាំងភូមិសាស្ត្រនោះដែរ។ និស្ស័យពីដើមរបស់ទ្រង់ គឺជាលក្ខណៈសំខាន់ខាងក្នុងរបស់ទ្រង់។ មិនថាទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ចំពោះនរណាឡើយ ក៏លក្ខណៈសំខាន់របស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ក៏មិនផ្លាស់ប្រែដែរ។ នៅពេលដែលមនុស្សម្នាក់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ការអ្វីដែលព្រះជាម្ចាស់បញ្ចេញនោះ គឺជានិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ ហើយក្នុងពេលជាមួយគ្នានោះ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយអត្តសញ្ញាណ និងឋានៈដែលមានតែមួយគត់របស់ទ្រង់ ក៏មិនផ្លាស់ប្រែដែរ។ ទ្រង់មិនមានព្រះពិរោធ ដោយសារតែការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់របស់ទ្រង់ ឬដោយសារតែមានសមាសធាតុខុសៗគ្នាលេចចេញពីនិស្ស័យរបស់ទ្រង់ឡើយ ប៉ុន្តែ ដោយសារតែការប្រឆាំងរបស់មនុស្សចំពោះទ្រង់បំពានលើនិស្ស័យរបស់ទ្រង់។ ការបំពានជាក់ស្ដែងរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរមួយចំពោះអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រឆាំងនឹងទ្រង់ មនុស្សកំពុងតែប្រកួតជាមួយទ្រង់ និងកំពុងតែសាកល្បងជាមួយព្រះពិរោធរបស់ទ្រង់។ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រកួតជាមួយព្រះជាម្ចាស់ នៅពេលដែលមនុស្សបន្តសាកល្បងព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយនេះជាពេលដែលអំពើបាបរាលដាលទប់លែងបាន ពេលនោះ ព្រះពិរោធរបស់ព្រះជាម្ចាស់នឹងបើកសម្ដែង និងបង្ហាញចេញមកជាមិនខាន។ ដូច្នេះ ការបង្ហាញព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញាមួយដែលបង្ហាញថា រាល់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវលែងមាន ហើយវាក៏ជានិមិត្តសញ្ញាមួយបង្ហាញថា គ្រប់កម្លាំងប្រឆាំងទាំងអស់នឹងត្រូវបំផ្លាញអស់ដែរ។ នេះគឺជាភាពមានតែមួយគត់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងអំពីព្រះពិរោធរបស់ព្រះជាម្ចាស់។ នៅពេលដែលសេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានប្រឆាំង នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរាំងស្ទះ ហើយមនុស្សមើលមិនឃើញ នោះព្រះជាម្ចាស់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់មិនខាន។ ដោយសារតែលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ រាល់កម្លាំងទាំងអស់នៅលើផែនដីដែលប្រកួត ប្រឆាំង និងប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាកម្លាំងអាក្រក់ ពុករលួយ និងអយុត្តិធម៌ ហើយកម្លាំងទាំងនោះសុទ្ធតែមកពីសាតាំង និងជាគ្នីគ្នារបស់វាទាំងអស់។ ដោយសារតែព្រះជាម្ចាស់ទ្រង់យុត្តិធម៌ ជាពន្លឺ និងបរិសុទ្ធ ដូច្នេះ គ្រប់អ្វីៗដែលអាក្រក់ ពុករលួយ និងជាគ្នីគ្នារបស់សាតាំង នឹងត្រូវវិនាសហិនហោចអស់ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ គ្មានពាក់ព័ន្ធនឹងភាពអល់អែក ឬអ្វីមួយដែលស្រពេចស្រពិល ឬមិនច្បាស់លាស់នោះឡើយ។ ផ្ទុយទៅវិញ វាជាការផ្លាស់ប្ដូរមួយចេញពីព្រះពិរោធដ៏បរិសុទ្ធ ទៅកាន់ព្រះទ័យអត់ឱនដ៏បរិសុទ្ធ។ នេះគឺជាការបើកសម្ដែងដ៏ពិតមួយអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលអល់អែក ឬស្ទាក់ស្ទើរនៅក្នុងទង្វើរបស់ទ្រង់ឡើយ ហើយគោលការណ៍ និងគោលបំណងដែលស្ថិតនៅពីក្រោយទង្វើរបស់ទ្រង់ តែងតែច្បាស់លាស់ មានតម្លាភាព បរិសុទ្ធ និងឥតកំហុសជានិច្ច ព្រមទាំងគ្មានការប្រញាប់ប្រញាល់ ឬផែនការអាក្រក់បង្កប់នៅក្នុងនោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា លក្ខណៈសំខាន់របស់ព្រះជាម្ចាស់គ្មានសេចក្តីងងឹត ឬសេចក្តីអាក្រក់ឡើយ។ ព្រះជាម្ចាស់បានមានព្រះពិរោធចំពោះអ្នកក្រុងនីនីវេ ដោយសារតែអំពើអាក្រក់របស់គេបានលេចឡើងនៅចំពោះព្រះនេត្ររបស់ទ្រង់ ហើយក្នុងពេលនោះ ព្រះពិរោធរបស់ទ្រង់ត្រូវបានចេញមកពីលក្ខណៈសំខាន់របស់ទ្រង់។ យ៉ាងណាមិញ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់បានស្ងប់ទៅវិញ ហើយទ្រង់បានប្រទានព្រះទ័យអត់ឱនរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេជាថ្មីម្ដងទៀត នោះអ្វីគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែងនោះ នៅតែជាលក្ខណៈសំខាន់របស់ទ្រង់ដដែល។ ការផ្លាស់ប្ដូរទាំងស្រុងនេះ គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងឥរិយាបថរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ ក្នុងអំឡុងពេលទាំងអស់នេះ និស្ស័យដែលមិនអាចបំពានរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរឡើយ និស្ស័យដ៏អត់ឱនរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរ ហើយនិស្ស័យនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ក៏មិនបានផ្លាស់ប្ដូរដែរ។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ និងបំពានចំពោះព្រះជាម្ចាស់ នោះទ្រង់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់ដាក់ពួកគេ។ នៅពេលដែលមនុស្សប្រែចិត្តយ៉ាងពិតប្រាកដ នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ ហើយព្រះពិរោធរបស់ទ្រង់នឹងលែងមានតទៅទៀត។ នៅពេលដែលមនុស្សបន្តប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងចចេសរឹងរូស នោះព្រះពិរោធរបស់ទ្រង់នឹងបន្តមាន ហើយសេចក្តីក្រោធរបស់ទ្រង់នឹងធ្លាក់ទៅលើពួកគេបន្ដិចម្ដងៗ រហូតដល់ពួកគេត្រូវបានបំផ្លាញ។ នេះជាលក្ខណៈសំខាន់នៃនិស្ស័យរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសនោះទេ ប៉ុន្តែ គឺការប្រព្រឹត្ត អាកប្បកិរិយា និងឥរិយាបថរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់នៅក្នុងជម្រៅដួងចិត្តរបស់គេវិញទេ ដែលកំណត់នូវអ្វីដែលត្រូវស្ដែងចេញ តាមរយៈការបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់នោះ។ ប្រសិនបើព្រះជាម្ចាស់បន្តសម្ដែងព្រះពិរោធចំពោះមនុស្សម្នាក់ នោះគឺដោយសារតែដួងចិត្តរបស់មនុស្សនោះបន្តប្រឆាំងនឹងព្រះជាម្ចាស់។ ដោយសារតែបុគ្គលនេះមិនបានប្រែចិត្តដ៏ពិត មិនបានក្រាបថ្វាយបង្គំនៅមុខព្រះភ័ក្ត្រព្រះជាម្ចាស់ ឬមិនដែលមានជំនឿដ៏ពិតលើព្រះជាម្ចាស់ ទើបពួកគេមិនដែលទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់ចេះតែទទួលបានការមើលថែ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ បុគ្គលនោះប្រាកដជាមានជំនឿដ៏ពិតលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយដួងចិត្តរបស់គេមិនបានប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ជារឿយៗ បុគ្គលនេះមានជំនឿដ៏ពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដូច្នេះ ទោះបីព្រះជាម្ចាស់ប្រៀនប្រដៅបុគ្គលនេះជាញឹកញាប់ក៏ដោយ ក៏ទ្រង់មិនមានព្រះពិរោធចំពោះគេនោះដែរ។

សាច់រឿងសង្ខេបនេះជួយឲ្យមនុស្សមើលឃើញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ មើលឃើញពីភាពពិតប្រាកដនៃលក្ខណៈសំខាន់របស់ទ្រង់ និងមើលឃើញទៀតថា ព្រះពិរោធរបស់ព្រះជាម្ចាស់ និងការប្ដូរព្រះទ័យរបស់ទ្រង់ មិនមែនធ្វើឡើង ដោយគ្មានហេតុផលនោះឡើយ។ ទោះបីជាព្រះជាម្ចាស់បានបង្ហាញនូវភាពខុសគ្នាយ៉ាងខ្លាំង នៅពេលដែលទ្រង់មានមានសេចក្ដីក្រោធ និងនៅពេលដែលទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ ដែលធ្វើឲ្យមនុស្សជឿថា វាមាននូវការកាត់ផ្ដាច់ ឬភាពផ្ទុយគ្នាដ៏ធំរវាងទិដ្ឋភាពទាំងពីរនៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ពោលគឺព្រះពិរោធ និងសេចក្តីអត់ឱនរបស់ទ្រង់ក៏ដោយ ក៏ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះការប្រែចិត្តរបស់អ្នកក្រុងនីនីវេ ជួយឲ្យមនុស្សមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់សាជាថ្មី។ ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ពិតជាអនុញ្ញាតឲ្យមនុស្សមើលឃើញសាជាថ្មីអំពីសេចក្តីពិតនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ ព្រមទាំងមើលឃើញពីការបើកសម្ដែងដ៏ពិតអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអារម្មណ៍របស់ព្រះជាម្ចាស់នាពេលនោះ គឺជាអារម្មណ៍ដ៏ពិត ហើយការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ ក៏ជាការពិតដែរ។ ព្រះជាម្ចាស់ពិតជាប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សម្ដងទៀតមែន។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បទគម្ពីរខាងក្រោមនេះត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរយ៉ូណាស ៤:១០-១១៖ «បន្ទាប់មក ព្រះ‌យេហូវ៉ាមានព្រះ‌បន្ទូលថា អ្នកបានអាល័យនឹងដើមវល្លិ ដែលអ្នកមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?» នេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះយេហូវ៉ា ដែលត្រូវបានកត់ត្រាទុកចេញពីការសន្ទនារវាងព្រះជាម្ចាស់ និងលោកយ៉ូណាស។ ទោះបីជាកិច្ចសន្ទនានេះខ្លីក៏ដោយ ក៏វាមានពេញដោយការយកព្រះទ័យទុកដាក់របស់ព្រះអាទិករចំពោះមនុស្សជាតិ និងការអល់អែករបស់ទ្រង់ក្នុងការបោះបង់មនុស្សជាតិចោលដែរ។ ព្រះបន្ទូលទាំងនេះបង្ហាញពីឥរិយាបថ និងអារម្មណ៍ដ៏ពិតដែលព្រះជាម្ចាស់មាននៅក្នុងព្រះទ័យទ្រង់ចំពោះការបង្កើតរបស់ទ្រង់។ តាមរយៈព្រះបន្ទូលដ៏ច្បាស់ៗ និងជាក់លាក់ ដែលមនុស្សកម្រនឹងស្ដាប់ឮទាំងនេះ ព្រះជាម្ចាស់មានបន្ទូលពីបំណងព្រះហឫទ័យដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស។ កិច្ចសន្ទនានេះតំណាងឲ្យឥរិយាបថដែលព្រះជាម្ចាស់មានចំពោះអ្នកក្រុងនីនីវេ ប៉ុន្តែ តើនោះជាឥរិយាបថបែបណាទៅ? វាជាឥរិយាបថមួយដែលព្រះជាម្ចាស់មានចំពោះអ្នកក្រុងនីនីវេ មុនពេល និងក្រោយពេលការប្រែចិត្តរបស់គេ និងជាឥរិយាបថមួយដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សជាតិ។ បង្កប់នៅក្នុងព្រះបន្ទូលទាំងនេះ គឺជាព្រះតម្រិះ និងនិស្ស័យរបស់ទ្រង់។

............

ទោះបីទីក្រុងនីនីវេបានពោរពេញដោយមនុស្សដ៏ពុករលួយ អាក្រក់ និងឃោរឃៅ ដូចជាមនុស្សនៅក្រុងសូដុមក៏ដោយ ក៏ការប្រែចិត្តរបស់គេបានធ្វើឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ហើយសម្រេចមិនបំផ្លាញពួកគេដែរ។ ដោយសារតែរបៀបដែលពួកគេបានប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ បានបង្ហាញចេញនូវឥរិយាបថមួយដែលផ្ទុយស្រឡះពីឥរិយាបថរបស់អ្នកក្រុងសូដុម ហើយដោយសារតែការចុះចូលយ៉ាងស្មោះរបស់គេចំពោះព្រះជាម្ចាស់ និងការប្រែចិត្តដ៏ស្មោះចំពោះអំពើបាបរបស់គេ ក៏ដូចជាអាកប្បកិរិយាដ៏ពិតស្មោះរបស់គេនៅក្នុងរាល់ទង្វើរបស់គេ ដូច្នេះ ព្រះជាម្ចាស់បានសម្ដែងព្រះទ័យអាឡោះអាល័យរបស់ទ្រង់ ហើយបានប្រទានវាដល់ពួកគេម្ដងទៀត។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងព្រះទ័យអាឡោះអាល័យរបស់ទ្រង់សម្រាប់មនុស្ស គឺគ្មាននរណាម្នាក់អាចចម្លងបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចមានសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬអារម្មណ៍ដ៏ស្មោះពិតរបស់ទ្រង់ចំពោះមនុស្សនោះដែរ។ តើមាននរណាម្នាក់ដែលអ្នកចាត់ទុកជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬថែមទាំងចាត់ទុកជាមនុស្សដ៏មហស្ចារ្យ ដែលនឹងនិយាយចេញពីទីខ្ពស់ ក្នុងនាមជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬនិយាយចេញពីទីដ៏ខ្ពស់បំផុត ធ្វើសេចក្តីថ្លែងការណ៍បែបនេះទៅកាន់មនុស្សជាតិ ឬការបង្កើតដែរឬទេ? តើនរណានៅក្នុងចំណោមមនុស្សជាតិដែលអាចស្គាល់ពីសភាពនៃជីវិតរបស់មនុស្សច្បាស់ដូចបាតដៃខ្លួនទៅ? តើនរណាអាចលីបន្ទុក និងទំនួលខុសត្រូវសម្រាប់អត្ថិភាពរបស់មនុស្សជាតិ? តើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកាសពីការបំផ្លាញនៃទីក្រុងនេះ? ហើយតើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការអត់ទោសឲ្យទីក្រុងមួយ? តើនរណាអាចនិយាយថា គេឲ្យតម្លៃយ៉ាងខ្ពស់ទៅលើការបង្កើតផ្ទាល់ខ្លួនរបស់គេ? គឺមានតែព្រះអាទិករមួយប៉ុណ្ណោះ! មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលបង្ហាញចិត្តក្ដួលអាណិត និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ដ៏ពិត និងដ៏រឹងមាំសម្រាប់មនុស្សជាតិនេះ។ ដូចគ្នាដែរ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលអាចប្រទានសេចក្តីមេត្តាករុណាទៅដល់មនុស្សជាតិនេះ និងឲ្យតម្លៃយ៉ាងខ្លាំងទៅលើការបង្កើតទាំងអស់របស់ទ្រង់។ ទ្រង់មានព្រះពិរោធ ឈឺចាប់ និងព្រួយព្រះទ័យចំពោះទង្វើអាក្រក់ និងសេចក្ដីពុករលួយរបស់មនុស្ស។ ទ្រង់សប្បាយព្រះទ័យ រីករាយ អត់ទោស និងត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែចិត្ត និងជំនឿរបស់មនុស្ស។ ដ្បិតគ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់តែងតែពាក់ព័ន្ធនឹងមនុស្សជាតិជានិច្ច។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ត្រូវបានបង្ហាញទាំងស្រុងសម្រាប់តែប្រយោជន៍របស់មនុស្សជាតិប៉ុណ្ណោះ ហើយអារម្មណ៍ទាំងមូលរបស់ទ្រង់ត្រូវបានជំពាក់ជំពិនជាមួយនឹងអត្ថិភាពរបស់មនុស្សជាតិ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់ធ្វើដំណើរ និងប្រញាប់ប្រញាល់ធ្វើការ ហើយសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ស្ងាត់ៗ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់គ្រប់វិនាទីនៃព្រះជន្មរបស់ទ្រង់...។ ទ្រង់មិនដែលស្គាល់ការអាឡោះអាល័យចំពោះព្រះជន្មរបស់ទ្រង់ឡើយ ប៉ុន្តែ ទ្រង់តែងតែឲ្យតម្លៃយ៉ាងខ្លាំងចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតមកដោយផ្ទាល់...។ ទ្រង់លះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មានសម្រាប់មនុស្សនេះ...។ ទ្រង់ប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ ដោយឥតលក្ខខណ្ឌ និងដោយគ្មានរំពឹងផលតបស្នងនោះឡើយ។ ទ្រង់ធ្វើបែបនេះ គ្រាន់តែចង់ឲ្យមនុស្សជាតិអាចបន្តរស់រានមានជីវិតនៅមុខព្រះនេត្ររបស់ទ្រង់ ទទួលបានការផ្គត់ផ្គង់របស់ទ្រង់សម្រាប់ជីវិតរបស់គេប៉ុណ្ណោះ។ ទ្រង់ធ្វើបែបនេះ ដើម្បីឲ្យមនុស្សជាតិអាចចុះចូលនៅចំពោះទ្រង់នៅថ្ងៃណាមួយ និងទទួលស្គាល់ថា ទ្រង់ជាព្រះដែលមើលថែដល់អត្ថិភាពរបស់មនុស្ស និងជាព្រះដែលផ្គត់ផ្គង់ដល់ជីវិតនៃការបង្កើតទាំងអស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់» មានន័យថា សារជាតិរបស់ព្រះជាម្ចាស់ គឺគ្មានចន្លោះខ្វះខាត សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺគ្មានភាពអាត្មានិយម អ្វីទាំងអស់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺមិនគិតពីអង្គទ្រង់ខ្លួនឯងឡើយ ហើយភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺឥតសៅហ្មង និងគ្មានកំហុសឡើយ។ ទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់ទាំងអស់នេះ មិនមែនគ្រាន់តែជាព្រះបន្ទូលដែលព្រះអង្គប្រើ ដើម្បីបង្ហាញពីឋានៈរបស់ព្រះអង្គឡើយ ក៏ប៉ុន្តែព្រះជាម្ចាស់ប្រើសារជាតិរបស់ព្រះអង្គ ដើម្បីប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗដោយទៀងត្រង់។ អាចនិយាយម៉្យាងទៀតបានថា សារជាតិរបស់ព្រះជាម្ចាស់ គឺមិនមែនទទេ ហើយក៏មិនមែនជាទ្រឹស្តី ឬក៏ជាគោលលទ្ធិ ហើយក៏មិនមែនជាប្រភេទនៃចំណេះដឹងមួយដែរ។ វាមិនមែនជាប្រភេទនៃការអប់រំសម្រាប់មនុស្សឡើយ តែផ្ទុយទៅវិញ វាគឺជាការបើកសម្ដែងពិតប្រាកដអំពីសកម្មភាពផ្ទាល់របស់ព្រះជាម្ចាស់ និងបានបើកសម្ដែងអំពីសារជាតិដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែល បរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះ ចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹង វិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ ក៏សាតាំងមិនអាចធ្វើឲ្យពុករលួយបានដែរ។ សាច់ឈាមរបស់ទ្រង់ ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំងមិនអាចធ្វើឲ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដីពុករលួយរបស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាចចុះមកពីស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបានពុករលួយដោយសាតាំងទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគ្មានសមាសធាតុនៃការមិនស្ដាប់បង្គាប់ឡើយ។ សារជាតិរបស់ទ្រង់គឺល្អ។ ទ្រង់ជាការសម្ដែងចេញនៃគ្រប់ទាំងភាពស្រស់ស្អាត និងសេចក្តីល្អ ក៏ដូចជារាល់សេចក្តីស្រឡាញ់ដែរ។ សូម្បីតែនៅក្នុងសាច់ឈាម ព្រះជាម្ចាស់មិនបានធ្វើអ្វីមួយដែលបំផ្លាញដល់ព្រះវរបិតាឡើយ។ សូម្បីតែពេល នៃការបូជាព្រះជន្មរបស់ទ្រង់ក៏ទ្រង់ព្រមធ្វើតាមយ៉ាងអស់ពីចិត្ត ហើយទ្រង់នឹងមិនជ្រើសយក ជម្រើសណាផ្សេងឡើយ។ ព្រះជាម្ចាស់គ្មានសមាសធាតុនៃការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជា សំខាន់ ឬសមាសធាតុនៃសេចក្តីអួត និងសេចក្តីក្អេងក្អាងឡើយ ហើយសមាសធាតុនៃសេចក្តីវៀចវេរក៏ទ្រង់គ្មានដែរ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំង ព្រោះថាសាតាំងជាប្រភព នៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ ហេតុផលដែលមនុស្សមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងអារក្សសាតាំង គឺដោយសារតែមនុស្សត្រូវបានពុករលួយ និងកែខៃដោយអារក្សសាតាំង។ ព្រះគ្រីស្ទមិនត្រូវបានពុករលួយ ដោយអារក្សសាតាំងឡើយ ដូច្នេះ ទ្រង់មានចរិតលក្ខណៈរបស់ព្រះជាម្ចាស់តែម្ដង ហើយគ្មានសូម្បីតែបន្តិចនូវចរិតលក្ខណៈរបស់អារក្សសាតាំង។

ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកនឹងមិនដែលឃើញព្រះជាម្ចាស់មានទស្សនៈបែបនេះចំពោះមនុស្សលោកឡើយ ហើយលើសពីនេះ អ្នកក៏នឹងមិនឃើញទ្រង់ប្រើទស្សនៈ ចំណេះដឹង វិទ្យាសាស្ត្រ ទស្សនវិជ្ជា ឬការស្រមើស្រមៃរបស់មនុស្សជាតិ ដើម្បីដោះស្រាយរឿងទាំងនេះនោះដែរ។ ផ្ទុយទៅវិញ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងគ្រប់សេចក្តីដែលព្រះជាម្ចាស់បើកសម្ដែង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីពិត។ នោះមានន័យថា គ្រប់ទាំងព្រះបន្ទូលដែលទ្រង់បានថ្លែង និងគ្រប់ទាំងទង្វើដែលទ្រង់បានធ្វើ ត្រូវបានចងភ្ជាប់ទៅនឹងសេចក្តីពិត។ សេចក្តីពិតនេះមិនមែនជាផលដែលកើតចេញពីសេចក្តីរវើរវាយដែលគ្មានមូលដ្ឋាននោះទេ ប៉ុន្តែសេចក្តីពិតនេះ និងព្រះបន្ទូលទាំងនេះត្រូវបានបង្ហាញចេញពីព្រះជាម្ចាស់ តាមរយៈគុណធម៌នៃសារជាតិ និងព្រះជន្មរបស់ទ្រង់។ ដោយសារតែព្រះបន្ទូលទាំងនេះ និងសារជាតិនៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ជាសេចក្តីពិត យើងអាចនិយាយបានថា សារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ។ នៅម្យ៉ាងទៀត អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល និងធ្វើ នាំមកនូវភាពក្លៀវក្លា និងពន្លឺទៅកាន់មនុស្ស ជួយឲ្យមនុស្សមើលឃើញរឿងវិជ្ជមាន និងភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងនោះ ហើយចង្អុលផ្លូវសម្រាប់មនុស្ស ដើម្បីឲ្យពួកគេអាចដើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ រឿងទាំងអស់នេះត្រូវបានកំណត់ទុក ដោយសារជាតិរបស់ព្រះជាម្ចាស់ និងដោយសារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក។ មិនថាពួកគេប្រែជាពុករលួយ ឬថាពួកគេដើរតាមព្រះអង្គក៏ដោយ ក៏ព្រះជាម្ចាស់ចាត់ទុកមនុស្សជាទីស្រឡាញ់របស់ព្រះអង្គដដែល ឬដូចដែលមនុស្សធ្លាប់និយាយថា មនុស្សជាទីស្រឡាញ់របស់ព្រះអង្គ គេមិនមែនជារបស់លេងរបស់ព្រះអង្គឡើយ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គជាព្រះអាទិករ ហើយមនុស្សគឺជាស្នាព្រះហស្តបង្កើតរបស់ព្រះអង្គ ដែលស្តាប់មើលទៅដូចជាមានភាពខុសគ្នាបន្តិចនៅក្នុងឋានៈក៏ដោយ ក៏ប៉ុន្តែការពិតគឺថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សជាតិ គឺលើសពីទំនាក់ទំនងនៃធម្មជាតិនេះទៅទៀត។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ ថែរក្សាមនុស្សជាតិ និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ ក៏ដូចជាផ្គត់ផ្គង់ដល់មនុស្សជាតិជានិច្ចកាល ដោយឥតឈប់ឈរ។ ព្រះអង្គមិនដែលមានអារម្មណ៍នៅក្នុងព្រះទ័យរបស់ព្រះអង្គថា នេះជាការងារបន្ថែម ឬជាអ្វីមួយដែលសមនឹងទទួលបានកិត្តិយសច្រើននោះទេ។ ហើយព្រះអង្គក៏មិនដែលមានអារម្មណ៍ថា ការជួយសង្គ្រោះមនុស្សជាតិ ការផ្គត់ផ្គង់ និងប្រទានអ្វីគ្រប់យ៉ាងដល់ពួកគេ គឺជាការបរិច្ចាក យ៉ាងធំធេងដល់មនុស្សជាតិនោះឡើយ។ ព្រះអង្គគ្រាន់តែផ្គត់ផ្គង់ឲ្យមនុស្សជាតិដោយស្ងៀមស្ងាត់ និងតាមរបៀបផ្ទាល់របស់ព្រះអង្គ និងតាមរយៈសារជាតិផ្ទាល់របស់ព្រះអង្គ ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គប៉ុណ្ណោះ។ មិនថាមនុស្សជាតិបានទទួលការផ្គត់ផ្គង់ និងជំនួយពីព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលព្រះតម្រិះ ឬព្យាយាមចង់បានព្រះភ័ក្ដ្រឡើយ។ កិច្ចការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ ហើយក៏ជាការបង្ហាញការពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅក្នុងឈុតនេះ តើយើងឃើញព្រះជាម្ចាស់ដើរតួជាអ្វី នៅពេលដែលព្រះអង្គគង់នៅជាមួយអ័ដាម និងអេវ៉ា? ... គឺព្រះជាម្ចាស់បានបង្កើតមនុស្សទាំងពីរនាក់នេះ ហើយព្រះអង្គបានចាត់ទុកពួកគេជាដៃគូរបស់ព្រះអង្គ។ ក្នុងនាមជាក្រុមគ្រួសារតែមួយគត់របស់ពួកគេ គឺព្រះជាម្ចាស់បានមើលថែរក្សាជីវិតរបស់ពួកគេ និងទំនុកបំរុងអាហារ សម្លៀកបំពាក់ និងតម្រូវការទីជម្រកសម្រាប់ពួកគេដែរ។ នៅទីនេះ ព្រះជាម្ចាស់បាន លេចមកក្នុងនាមជាឪពុកម្តាយរបស់អ័ដាម និងអេវ៉ា។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើរឿងនេះ មនុស្សមិនអាចមើលឃើញពីភាពថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ គេមិនបានឃើញភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ អាថ៌កំបាំងរបស់ព្រះអង្គ ហើយជាពិសេស មិនមើលឃើញសេចក្តីក្រោធ ឬឫទ្ធានុភាពរបស់ព្រះអង្គឡើយ។ អ្វីដែលគេបានឃើញ គឺការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ ការស្រឡាញ់ ការយកព្រះទ័យទុកដាក់ចំពោះមនុស្ស ការទទួលខុសត្រូវ និងការមើលថែទាំរបស់ព្រះអង្គចំពោះគេតែប៉ុណ្ណោះ។ ឥរិយាបថ និងរបៀបដែលព្រះជាម្ចាស់បានប្រព្រឹត្ដចំពោះអ័ដាម និងអេវ៉ា គឺស្រដៀងទៅនឹងរបៀបដែលឪពុកម្តាយបង្ហាញការយកចិត្តទុកដាក់ចំពោះកូនៗរបស់ពួកគេយ៉ាងដូច្នោះដែរ។ វាក៏ដូចជារបៀបដែលឪពុកម្តាយស្រឡាញ់ ថែរក្សា និងបីបាច់កូនប្រុសកូនស្រីរបស់ពួកគេដែរ ពោលគឺពិតប្រាកដ អាចមើលឃើញ និងជាក់ស្ដែង។ ជំនួសឲ្យការលើកតម្កើងខ្លួនឡើងទៅកាន់ឋានៈមួយដែលខ្ពង់ខ្ពស់ និងខ្លាំងពូកែនោះ ព្រះជាម្ចាស់បានយកស្បែកសត្វមកធ្វើអាវដោយផ្ទាល់ព្រះអង្គសម្រាប់បំពាក់ឲ្យមនុស្ស។ វាមិនសំខាន់ទេថា តើអាវរោមសត្វនេះត្រូវបានគេប្រើ ដើម្បីគ្របដណ្ដប់លើភាពថ្លៃថ្នូររបស់ពួកគេ ឬដើម្បីការពារពួកគេពីភាពត្រជាក់ក្តី ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថាសម្លៀកបំពាក់ សម្រាប់គ្របដណ្ដាប់ខ្លួនមនុស្សនេះ គឺត្រូវបានធ្វើឡើងដោយព្រះហស្តផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សអាចនឹងគិតថាព្រះជាម្ចាស់ ប្រើមធ្យោបាយអស្ចារ្យនៅក្នុងការធ្វើអាវស្បែកនោះ តែព្រះជាម្ចាស់បានធ្វើអ្វីមួយដែលមនុស្សគិតថាព្រះជាម្ចាស់គួរធ្វើ ឬមិនគួរធ្វើវា។ រឿងនេះមើលទៅដូចជារឿងតូចតាច ប្រហែលជាមានមនុស្សមួយចំនួនគិតថាមិនគួរលើកមកនិយាយនោះទេ ក៏ប៉ុន្តែវាអនុញ្ញាតឲ្យអ្នកដើរតាមព្រះជាម្ចាស់ ណាម្នាក់ ដែលមានគំនិតស្រពិចស្រពិលអំពីព្រះអង្គ ទទួលបានការយល់ដឹងស៊ីជម្រៅអំពីភាពពិតប្រាកដ និងភាពគួរឲ្យស្រឡាញ់របស់ព្រះអង្គ ព្រមទាំងអាចមើលឃើញភាពស្មោះត្រង់ និងការបន្ទាបអង្គទ្រង់របស់ព្រះអង្គដែរ។ វាធ្វើឲ្យមនុស្សក្រអឺតក្រទម ដែលគិតថាមានតែខ្លួនឯងអស្ចារ្យជាងគេ ឱនក្បាលនៃភាពអំណួតរបស់ពួកគេដោយក្តីអាម៉ាស់នៅមុខភាពពិតប្រាកដ និងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះ សេចក្តីពិត និងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់អាចជួយមនុស្ស ឲ្យមើលឃើញថា ព្រះអង្គគួរឲ្យស្រឡាញ់ណាស់។ ផ្ទុយពីនេះ ព្រះ «ដ៏ធំមហិមា» ព្រះ «ដែលគួរឲ្យស្រឡាញ់» និងជា ព្រះ «ដែលប្រកបដោយសព្វានុភាព» ដែលមនុស្សរក្សាទុកនៅក្នុងចិត្តរបស់ពួកគេ បានប្រែទៅជាទាបថោក ហើយអាក្រក់ និងបែកបាក់ទៅជាបំណែកតូចៗទៅវិញ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានអ្វីមួយនៅក្នុងសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ ដែលងាយនឹងមើលរំលងហួស វាគឺជាអ្វីដែលមានតែព្រះជាម្ចាស់ទេដែលកាន់កាប់បាន គឺគ្មាននរណាម្នាក់ផ្សេងឡើយ រួមទាំងអ្នកផ្សេងទៀតដែលគេគិតថាជាមនុស្សអស្ចារ្យ ជាមនុស្សល្អ ឬជាព្រះនៃការស្រមើស្រមៃរបស់ពួកគេផង។ តើវាជារឿងអ្វី? វាគឺជាភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់។ នៅពេលដែលនិយាយអំពីភាពមិនអាត្មានិយម នោះអ្នកអាចគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ ព្រោះនៅពេលដែលនិយាយដល់កូនៗរបស់អ្នក នោះអ្នកមិនដែលចរចារ ឬតថ្លៃជាមួយពួកគេទេ ឬអ្នកគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ នៅពេលដែលនិយាយដល់ឪពុកម្តាយរបស់អ្នក។ មិនថាអ្នកគិតយ៉ាងម៉េចនោះទេ យ៉ាងហោចណាស់អ្នកមានគំនិតអំពីពាក្យ «មិនអាត្មានិយម» និងគិតថាវាជាពាក្យវិជ្ជមាន ហើយថា ការធ្វើជាមនុស្សមិនអាត្មានិយម គឺជាមនុស្សថ្លៃថ្នូរណាស់។ នៅពេលដែលអ្នកមិនអាត្មានិយម អ្នកឲ្យតម្លៃខ្លួនឯងខ្ពស់។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ នៅគ្រប់រឿងទាំងអស់ក្នុងចំណោមមនុស្ស ព្រឹត្តិការណ៍ សម្ភារៈ និងនៅក្នុងកិច្ចការរបស់ព្រះអង្គឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះមនុស្សគឺអាត្មានិយមណាស! ហេតុអ្វីខ្ញុំនិយាយដូច្នេះ? មនុស្សជាតិរស់នៅក្នុងពិភពសម្ភារៈនិយម។ អ្នកអាចធ្វើតាមព្រះជាម្ចាស់ ក៏ប៉ុន្តែអ្នកមិនដែលមើលឃើញ ឬដឹងគុណចំពោះរបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្នក ស្រឡាញ់អ្នក និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះអ្នកឡើយ។ ដូច្នេះ តើអ្នកមើលឃើញអ្វីខ្លះ? អ្នកមើលឃើញសាច់ញាតិរបស់អ្នក ដែលស្រឡាញ់អ្នក ឬពេញចិត្តលើអ្នកយ៉ាងខ្លាំង។ អ្នកមើលឃើញតែរបស់ដែលមានប្រយោជន៍ចំពោះសាច់ឈាមអ្នក ហើយនិងយកចិត្តទុកដាក់ចំពោះមនុស្ស និងរបស់ដែលអ្នកស្រឡាញ់ប៉ុណ្ណោះ។ នេះគឺជាអ្វីដែលគេហៅថាភាពអាត្មានិយមរបស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស «អាត្មានិយម» បែបនេះ មិនដែលខ្វល់ខ្វាយអំពីព្រះជាម្ចាស់ ដែលប្រទានជីវិតដល់ពួកគេឡើយ។ ផ្ទុយពីព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្ស ប្រែក្លាយជាភាពអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទៅវិញ។ មនុស្សអាត្មានិយមជឿជាក់លើអ្វីដែលឥតបានការ មិនពិត ការផិតក្បត់ មិនស៊ីសង្វាក់គ្នា ជាមួយនឹងព្រះជាម្ចាស់ ហើយក៏មិនទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ភាពអាត្មានិយមរបស់មនុស្ស គឺសម្រាប់ខ្លួនគេផ្ទាល់ រីឯភាពអាត្មានិយមរបស់ព្រះជាម្ចាស់វិញ គឺជាការបង្ហាញឲ្យឃើញពីលក្ខណៈពិសេសរបស់ព្រះអង្គ។ វាច្បាស់ណាស់ ដោយសារតែភាពអាត្មានិយមរបស់ព្រះជាម្ចាស់ នោះទើបមនុស្សបានទទួលការផ្គត់ផ្គង់ពីព្រះជាម្ចាស់ជានិច្ច។ អ្នករាល់គ្នាប្រហែលជាមិនបានទទួលការប៉ះពាល់ខ្លាំងទៅលើប្រធានបទដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះទេ ហើយក៏មិនចង់ងក់ក្បាលយល់ស្របដែរ ក៏ប៉ុន្តែ នៅពេលអ្នកព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងយល់ពីរឿងនេះដោយមិនដឹងខ្លួន៖ នៅក្នុងចំណោមមនុស្ស បញ្ហានានា និងអ្វីៗទាំងអស់ដែលអ្នកអាចយល់បាននៅក្នុងពិភពលោកនេះ គឺមានតែភាពអាត្មានិយមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតប្រាកដ និងរឹងមាំ ពីព្រោះមានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកប៉ុណ្ណោះ ដែលគ្មានល័ក្ខខណ្ឌ និងល្អឥតខ្ចោះ។ ក្រៅពីព្រះជាម្ចាស់ គ្មានអ្នកណាម្នាក់គ្មានភាពអាត្មានិយមឡើយ ពួកគេត្រូវបានរាប់ទុកជាមិនពិត មិនមានភាពត្រឹមត្រូវ និងមិនគួរឲ្យជឿឡើយ ពួកគេតែងមានគោលបំណង ឬចេតនាជាក់លាក់មួយដែលធ្វើឲ្យមានការប៉ះទង្គិច ហើយមិនអាចទ្រាំទ្រនឹងការសាកល្បងបានឡើយ។ អ្នកក៏អាចនិយាយបានថា វាកខ្វក់ និងគួរឲ្យស្អប់ខ្ពើម។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់សម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលវេលានៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឲ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី ហើយបានចូលទៅក្នុង «ស្ថាននរក» និង «ស្ថានឃុំព្រលឹង» ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេសំអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នៃស្ថានសួគ៌បានយាងចុះមកកាន់ទឹកដីដ៏អបាយមុខស្មោកគ្រោកបំផុតនេះ ហើយទ្រង់មិនដែលសម្ដែងព្រះទ័យឈឺចាប់របស់ទ្រង់ ឬរអ៊ូរទាំអំពីមនុស្សសោះឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំទទួលយកការបំផ្លិចបំផ្លាញ[១] និងការសង្កត់សង្កិនរបស់មនុស្សទៅវិញ។ ព្រះអង្គមិនដែលតបតចំពោះការទាមទារដ៏គ្មានហេតុផលរបស់មនុស្ស ទ្រង់មិនដែលទាមទារជ្រុលពេកពីមនុស្ស ហើយក៏មិនដែលទាមទារដោយគ្មានហេតុផលពីមនុស្សដែរ ដោយគ្មានការរអ៊ូរទាំ ទ្រង់គ្រាន់តែធ្វើតាមការទាមទារគ្រប់យ៉ាងរបស់មនុស្ស មានជាអាទិ៍៖ ការបង្រៀន ការបំភ្លឺ ការប្រៀនប្រដៅ ការបន្សុទ្ធនៃព្រះបន្ទូល ការរំឭក ការដាស់តឿន ការលួងលោម ការជំនុំជម្រះ និងការបើកសម្ដែង។ តើមានជំហានរបស់ទ្រង់ណាខ្លះដែលមិនប្រទានជីវិតដល់មនុស្សទៅ? ទោះបីទ្រង់បានដកអនាគត និងវាសនារបស់មនុស្សក៏ដោយ តើមានជំហានណាខ្លះដែលព្រះជាម្ចាស់បានអនុវត្តដែលមិនមែនជាប្រយោជន៍ដល់វាសនារបស់មនុស្សទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់ការរស់រានរបស់មនុស្ស? តើមានជំហានណាខ្លះដែលមិនមែនដើម្បីរំដោះមនុស្សឲ្យមានសេរីភាពពីទុក្ខវេទនា និងពីការសង្កត់សង្កិនរបស់កម្លាំងដ៏ខ្មៅងងឹតដូចយប់នេះទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់មនុស្សទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាទឹកចិត្តរបស់អ្នកម្ដាយដែលពេញដោយសេចក្តីស្រឡាញ់ទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់?

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៩)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ដល់កំរិតមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងមនុស្សស្មោកគ្រោក និងពុករលួយទាំងនេះ ហើយធ្វើឲ្យក្រុមមនុស្សនេះបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់មិនត្រឹមតែបានត្រឡប់ជាសាច់ឈាមដើម្បីរស់នៅ និងបរិភោគក្នុងចំណោមមនុស្ស ដើម្បីឃ្វាលមនុស្ស និងផ្តល់នូវអ្វីដែលមនុស្សត្រូវការប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀតគឺថា ទ្រង់ធ្វើកិច្ចការនៃការសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ ហើយយកជ័យជម្នះលើមនុស្សពុករលួយដែលមិនអាចអត់ឳនអោយបានទាំងនេះ។ ទ្រង់បានយាងចូលមកក្នុងចិត្តរបស់នាគដ៏ធំសម្បុរក្រហម ដើម្បីសង្គ្រោះមនុស្សពុករលួយទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចទទួលបានការផ្លាស់ប្តូរ និងតាំងអោយថ្មីឡើងវិញ។ ការលំបាកដ៏ខ្លាំងដែលព្រះជាម្ចាស់ស៊ូទ្រាំ មិនត្រឹមតែជាការលំបាកដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដោយស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនវាជាការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ទ្រង់បន្ទាបខ្លួន និងលាក់ខ្លួនយ៉ាងខ្លាំងដល់ម៉្លេះ ដែលទ្រង់បានត្រឡប់ជាមនុស្សធម្មតា។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយយកសណ្ឋានជាសាច់ឈាម ដើម្បីអោយមនុស្សឃើញថាទ្រង់មានជីវិតជាមនុស្សធម្មតា និងមានតម្រូវការដូចមនុស្សធម្មតា។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ខ្លាំងណាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់មានការជ្រាបដឹងនៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណរបស់ទ្រង់គឺខ្ពស់ ហើយអស្ចារ្យណាស់ តែទ្រង់យកសណ្ឋានជាមនុស្សធម្មតា ជាមនុស្សដែលគេមិនរាប់រក ដោយការធ្វើដូច្នេះគឺដើម្បីកិច្ចការរបស់ព្រះវិញ្ញាណទ្រង់។ លក្ខណៈសម្បត្តិល្អ ការយល់ច្បាស់លាស់ ញាណ ភាពជាមនុស្ស និងជីវិតរបស់អ្នករាល់គ្នាម្នាក់ៗបង្ហាញថា អ្នករាល់គ្នាពិតជាមិនសក្តិសមនឹងទទួលយកកិច្ចការប្រភេទនេះរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាពិតជាមិនសមនឹងឲ្យព្រះជាម្ចាស់ស៊ូទ្រាំនឹងការលំបាកបែបនេះសម្រាប់អ្នកនោះទេ។ ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ទ្រង់ខ្ពស់បំផុត ចំណែកមនុស្សទាបខ្លាំងណាស់ តែទ្រង់នៅតែធ្វើការលើពួកគេ។ ទ្រង់មិនត្រឹមតែយកកំណើតដើម្បីផ្គត់ផ្គង់ដល់មនុស្ស មានបន្ទូលទៅកាន់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងរស់នៅជាមួយមនុស្សទៀតផង។ ព្រះជាម្ចាស់មានការបន្ទាបខ្លួនខ្លាំង គួរឲ្យស្រឡាញ់ណាស់។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែជាក់ស្ដែង គ្មានអ្វីមួយដែលទទេស្អាតនោះឡើយ ហើយទ្រង់មានបទពិសោធន៍ពីវាដោយព្រះអង្គឯងផ្ទាល់។ ព្រះជាម្ចាស់បង់តម្លៃនៃបទពិសោធន៍ផ្ទាល់របស់ទ្រង់ក្នុងការរងទុក្ខ ជាថ្នូរនឹងវាសនាសម្រាប់មនុស្សជាតិ។ តើនេះមិនមែនជាកិច្ចការជាក់ស្ដែងទេឬ? ឪពុកម្ដាយអាចចំណាយអស់ពីចិត្តដើម្បីជាប្រយោជន៍ដល់កូនៗរបស់ខ្លួន ហើយការនេះតំណាងឲ្យភាពទៀងត្រង់របស់ពួកគេ។ ប្រាកដណាស់ តាមរយៈការធ្វើបែបនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់ទៀងត្រង់ និងស្មោះត្រង់បំផុតចំពោះមនុស្សជាតិ។ សារជាតិរបស់ព្រះជាម្ចាស់គឺស្មោះត្រង់ ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានបន្ទូល ហើយអ្វីៗដែលទ្រង់ធ្វើសុទ្ធតែបានសម្រេច។ អ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើសម្រាប់មនុស្សគឺទៀងត្រង់។ ទ្រង់មិនគ្រាន់តែបន្លឺព្រះសូរសៀងចោលនោះទេ តែនៅពេលដែលទ្រង់មានបន្ទូល គឺទ្រង់នឹងបង់តម្លៃ ទ្រង់ពិតជាបង់តម្លៃនោះមែន។ នៅពេលដែលទ្រង់មានបន្ទូលថា ទ្រង់ទទួលយកការរងទុក្ខរបស់មនុស្ស និងរងទុក្ខជំនួសពួកគេ គឺទ្រង់ពិតជាយាងមកគង់នៅក្នុងចំណោមពួកគេ ដោយមានអារម្មណ៍ដឹង និងឆ្លងកាត់បទពិសោធន៍នៃការរងទុក្ខនេះដោយផ្ទាល់។ ក្រោយពីនោះមក អ្វីៗទាំងនៅក្នុងសកលលោកនឹងទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែត្រឹមត្រូវ និងសុចរិត ពោលគឺអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែពិត។ នេះគឺជាភស្ដុតាងមួយផ្នែកដ៏មានអំណាចចេស្ដា។ បន្ថែមលើនេះទៀត មនុស្សជាតិនឹងមានវាសនាមួយដ៏ស្រស់ស្អាតនៅពេលអនាគត ហើយអស់អ្នកដែលនៅសល់នឹងសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេនឹងលាន់មាត់សរសើរថា ទង្វើរបស់ព្រះជាម្ចាស់ពិតជាចេញមកពីសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់យាងមកក្នុងចំណោមមនុស្សដោយបន្ទាបព្រះអង្គទ្រង់ក្នុងនាមជាមនុស្សសាមញ្ញម្នាក់។ ទ្រង់មិនគ្រាន់តែបំពេញកិច្ចការខ្លះៗ ថ្លែងព្រះបន្ទូលមួយចំនួន ហើយក៏ចាកចេញទៅនោះទេ ផ្ទុយទៅវិញ ទ្រង់ពិតជាយាងមកក្នុងចំណោមមនុស្ស ហើយឆ្លងកាត់បទពិសោធន៍នៃការឈឺចាប់របស់មនុស្សលោក។ ទាល់តែនៅពេលដែលទ្រង់បានឆ្លងកាត់ការឈឺចាប់នេះ ទើបទ្រង់នឹងចាកចេញទៅ។ នេះហើយជាលក្ខណៈពិត និងជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលនៅសល់នឹងសរសើរតម្កើងទ្រង់ដោយព្រោះការនេះ ហើយពួកគេនឹងមើលឃើញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងព្រះទ័យសប្បុរសរបស់ទ្រង់។ សារជាតិនៃភាពស្រស់ស្អាត និងសេចក្ដីល្អរបស់ព្រះជាម្ចាស់ អាចត្រូវបានមើលឃើញនៅក្នុងសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ទ្រង់។ អ្វីៗដែលទ្រង់ធ្វើសុទ្ធតែទៀងត្រង់ ហើយអ្វីៗដែលទ្រង់មានបន្ទូលសុទ្ធតែស្មោះអស់ពីព្រះទ័យ និងស្មោះត្រង់។ អ្វីៗគ្រប់យ៉ាងដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ទ្រង់ពិតជាធ្វើវា ហើយនៅពេលដែលបង់តម្លៃ ទ្រង់ពិតជាបង់មែន ពោលគឺទ្រង់មិនគ្រាន់តែបន្លឺព្រះសូរសៀងចោលប៉ុណ្ណោះទេ។ ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់។

ដកស្រង់ពី «ទិដ្ឋភាពទីពីរអំពី សារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយ ហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។ មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេ ហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។ គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឲ្យពុករលួចក្ដី។ ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់ របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរ ដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះ ដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះ ដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្ស គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឲ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។ កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់បរិសុទ្ធ និងចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោក ហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដី គឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដី តើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់ គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ? តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ? កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះ ទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោក និងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី? ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវយោនយកកំណើតជាមនុស្សជាលើកទីពីរ ដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នា និងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី? តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ? តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ? តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ? ព្រះជាម្ចាស់បរិសុទ្ធ រឿងនេះមិនប្រែប្រួលនោះទេ! ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយ បើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះ គឺពិតជាធំធេងខ្លាំងណាស់! តើអ្នករាល់គ្នាមិនដឹងថាទ្រង់ជួបការអាម៉ាស់ខ្លាំងបែបណាទេឬ ដើម្បីតែប្រយោជន៍ដល់អ្នករាល់គ្នា និងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នា? ក្រៅពីការសង្គ្រោះមនុស្សពូកែៗ ឬកូនអ្នកមាន និងគ្រួសារមានអំណាច ទ្រង់បានជ្រើសរើសសង្គ្រោះអ្នកដែលទាបថោក និងត្រូវគេមើលងាយ។ តើអ្វីទាំងអស់នេះ មិនមែនជាភាពបរិសុទ្ធរបស់ទ្រង់ទេឬអី? តើអ្វីទាំងអស់នេះ មិនមែនជាសេចក្ដីសុចរិតរបស់ទ្រង់ទេឬអី?

ដកស្រង់ពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកអាចជឿជាក់លើព្រះអង្គបាន។ នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកពិតជាអាចយល់បាននូវអត្ថន័យពិតប្រាកដនៃពាក្យថា «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់»។ អ្នកនឹងលែងរវើរវាយតទៅទៀត ដោយគិតថាមានផ្លូវផ្សេងទៀតក្រៅពីផ្លូវមួយនេះ ដែលអ្នកអាចជ្រើសរើសដើរបាន ហើយអ្នកនឹងលែងមានឆន្ទៈក្បត់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក។ ពីព្រោះសារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ មានន័យថាមានតែអ្នកទេដែលអាចដើរឆ្លងកាត់ជីវិតលើផ្លូវសុចរិតនៃពន្លឺបាន មានតែព្រះជាម្ចាស់ទេដែលអាចឲ្យអ្នកយល់ដឹងអំពីអត្ថន័យជីវិត មានតែព្រះជាម្ចាស់ទេ ដែលអាចឲ្យអ្នករស់នៅក្នុងភាពជាមនុស្សពិតបា្រកដបាន និងស្គាល់ ព្រមទាំងទទួលបានសេចក្តីពិតធ្វើជាកម្មសិទ្ធ។ មានតែព្រះជាម្ចាស់ទេ ដែលអាចឲ្យអ្នកទទួលបានជីវិតចេញពីសេចក្តីពិត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្កទេ ដែលអាចជួយអ្នក ឲ្យគេចចេញពីសេចក្ដីអាក្រក់ និងរំដោះអ្នកពីការធ្វើទុក្ខ និងការគ្រប់គ្រងរបស់សាតាំងបាន។ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ និងគ្មានអ្វីណាមួយអាចជួយសង្រ្គោះអ្នកពីសមុទ្រទុក្ខបានឡើយ ដើម្បីកុំឲ្យអ្នករងទុក្ខលំបាកតទៅទៀត។ ការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេ ដែលសង្គ្រោះអ្នកដោយមិនខ្វល់ពីអង្គទ្រង់ខ្លួនឯង។ មានតែព្រះជាម្ចាស់ទេ ដែលទទួលខុសត្រូវចំពោះអនាគត ជោគវាសនា និងជីវិតរបស់អ្នក ហើយព្រះអង្គបានរៀបចំអ្វីៗទាំងអស់សម្រាប់អ្នក។ គ្មានអ្វីណាមួយដែលបានបង្កើត ឬមិនបានបង្កើតមក មានសារជាតិដូចជាព្រះជាម្ចាស់នោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ អ្វីណាមួយដែលមានសមត្ថភាពជួយសង្គ្រោះអ្នក ឬដឹកនាំអ្នកបានឡើយ។ នេះជាសារៈសំខាន់នៃសារជាតិរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «ការបំផ្លិចបំផ្លាញ» ត្រូវបានប្រើដើម្បីបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។

ក. អត្ថបទដើមសរសេរថា «វាជានិមិត្តរូបនៃកង្វះសមត្ថភាព»។

ខ. អត្ថបទដើមសរសេរថា «ក៏ជានិមិត្តរូបនៃការដែលមិនអាចត្រូវគេបំពាន (និងមិនប្រណីចំពោះការដែលត្រូវគេបំពាន)»។

ខាង​ដើម៖ ១. វិធីស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់ទ្រង់

បន្ទាប់៖ ៣. វិធីដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យដ៏សុចរិតរបស់ទ្រង់ចំពោះមនុស្សជាតិ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការល្បងលរបស់ខ្ញុំមួយនេះ

By Zhongxin, China ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ