២. ការរងទុក្ខ និងការអធិស្ឋានមានតម្លៃចំពោះព្រះជាម្ចាស់ ដូចគ្នានឹងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអត់

ខគម្ពីរយោង៖

«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នរណាដែលបម្រើព្រះជាម្ចាស់ មិនត្រឹមតែដឹងពីរបៀបនៃការរងទុក្ខសម្រាប់ទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត ពួកគេគប្បីយល់ថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើអ្នក មិនត្រឹមតែដើម្បីបន្សុទ្ធអ្នក ឬដើម្បីជាប្រយោជន៍ដើម្បីឲ្យអ្នករងទុក្ខនោះទេ ប៉ុន្ដែព្រះជាម្ចាស់ប្រើអ្នកដើម្បីឲ្យអ្នកដឹងពីសកម្មភាពរបស់ទ្រង់ ដឹងពីភាពសំខាន់ដ៏ពិតអំពីជីវិតមនុស្ស ហើយជាពិសេស ដើម្បីឲ្យអ្នកអាចដឹងថាការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការងាយស្រួលទេ។ ការទទួលពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនដើម្បីរីករាយនឹងព្រះគុណទេ តែជាការរងទុក្ខចំពោះសេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់។ ដោយព្រោះអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ អ្នកក៏ត្រូវរីករាយនឹងការវាយផ្ចាលរបស់ទ្រង់ផងដែរ។ អ្នកត្រូវតែមានបទពិសោធន៍អំពីការទាំងអស់នេះ។ អ្នកអាចទទួលបាននូវបទពិសោធន៍អំពីការបំភ្លឺរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ហើយអ្នកក៏អាចមានបទពិសោធន៍ពីរបៀបដែលទ្រង់ដោះស្រាយជាមួយអ្នក និងជំនុំជម្រះអ្នកផងដែរ។ តាមវិធីនេះ បទពិសោធន៍របស់អ្នកនឹងមានលក្ខណៈទូលំទូលាយ។ ព្រះជាម្ចាស់បានអនុវត្តនូវកិច្ចការរបស់ទ្រង់អំពីការជំនុំជម្រះ និងការវាយផ្ចាល់មកលើអ្នក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានដោះស្រាយជាមួយអ្នក ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ ព្រះបន្ទូលក៏បានបំភ្លឺ និងធ្វើឲ្យអ្នកយល់ច្បាស់ផងដែរ។ នៅពេលដែលអ្នកមានភាពអវិជ្ជមាន និងខ្សោយ ព្រះជាម្ចាស់បារម្ភពីអ្នក។ គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីឲ្យអ្នកដឹងថាអ្វីៗទាំងអស់អំពីមនុស្ស គឺស្ថិតនៅក្នុងផែនការដែលព្រះជាម្ចាស់បានរៀបចំ។ អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឲ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឲ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឲ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឲ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការលុបបំបាត់នូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឲ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅទៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីលុបបំបាត់ចោលនូវនិស្ស័យរបស់សាតាំងដែលពុករលួយរបស់មនុស្ស។ ដោយបានបោះចោលនូវភាពស្មោកគ្រោក និងអំពើទុច្ចរិតទាំងប៉ុន្មាននៅខាងក្នុងអ្នក ហើយបោះចោលចេតនាដែលមិនត្រឹមត្រូវរបស់អ្នក និងបានលូតលាស់នូវសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ មានតែសេចក្ដីជំនឿដ៏ពិតប៉ុណ្ណោះ ទើបអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដបាន។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជាច្រើនមានអាកប្បកិរិយាខាងក្រៅប្រាកដប្រជាមួយចំនួន ដូចជាអាចទុកគ្រួសារ និងការងារចោលទៅម្ខាង ហើយបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះហើយពួកគេជឿថា ពួកគេកំពុងអនុវត្តសេចក្ដីពិត។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនទទួលស្គាល់ថា ពួកគេកំពុងអនុវត្តសេចក្ដីពិតនោះទេ។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ មានបំណងផ្ទាល់ខ្លួនមួយនៅពីក្រោយវា ហើយវាជាទង្វើក្លែងក្លាយ នោះអ្នកមិនមែនកំពុងអនុវត្តសេចក្ដីពិតទេ គឺអ្នកគ្រាន់តែបង្ហាញការប្រព្រឹត្តិពីខាងក្រៅប៉ុណ្ណោះ។ និយាយឱ្យចំទៅ ការប្រព្រឹត្តិរបស់អ្នកនឹងត្រូវថ្កោលទោសដោយព្រះជាម្ចាស់។ ទ្រង់នឹងមិនសរសើរ ឬនឹកចាំពីវាឡើយ។ ស្វែងយល់ឱ្យល្អិតល្អន់ទៅ គឺអ្នកកំពុងធ្វើការអាក្រក់ ហើយការប្រព្រឹត្តិរបស់អ្នកទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ពីខាងក្រៅ អ្នកមិនមែនកំពុងបង្អាក់ ឬរំខានអ្វីនោះទេ ហើយអ្នកមិនបានធ្វើឱ្យខូចខាតពិតប្រាកដ ឬក៏បានបំពានលើសេចក្ដីពិតណាមួយឡើយ។ វាហាក់ដូចជាសមទំនង និងសមហេតុផល ប៉ុន្ដែសារជាតិនៃសកម្មភាពរបស់អ្នកជាប់ទាក់ទងទៅនឹងការធ្វើការអាក្រក់ និងការតតាំងជាមួយព្រះជាម្ចាស់។ ដូច្នេះហើយ អ្នកគួរតែកំណត់ថា តើមានការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់អ្នក ហើយថាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្តដោយសំលឹងមើលគោលបំណងដែលនៅពីក្រោយសកម្មភាពរបស់អ្នកដោយគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់។ វាមិនអាស្រ័យលើទស្សនរបស់មនុស្សថាតើសកម្មភាពរបស់គេស្របតាមការស្រមើស្រមៃ និងចេតនារបស់មនុស្ស ឬថាតើសកម្មភាពទាំងនោះសមនឹងរសជាតិរបស់អ្នកឬអត់នោះទេ រឿងទាំងនេះមិនសំខាន់ឡើយ។ ផ្ទុយទៅវិញ វាអាស្រ័យលើព្រះជាម្ចាស់មានបន្ទូលថា អ្វីដែលអ្នកកំពុងធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ឬអត់ ឬតើសកម្មភាពរបស់អ្នកមានសេចក្ដីពិត ហើយថាសកម្មភាពទាំងនោះឆ្លើយតបនឹងសេចក្ដីតម្រូវ ព្រមទាំងបទដ្ឋានរបស់ទ្រង់ឬអត់។ មានតែការវាស់ស្ទង់ខ្លួនអ្នកជាមួយនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបត្រឹមត្រូវ។ ការបំផ្លាស់បំប្រែខាងឯនិស្ស័យ និងការយកសេចក្ដីពិតទៅអនុវត្ត មិនមែនធម្មតា និងងាយស្រួលដូចមនុស្សស្រមើស្រមៃនោះទេ។ តើអ្នករាល់គ្នាយល់ពីការនេះឬទេឥឡូវនេះ? តើអ្នកមានបទពិសោធន៍ជាមួយការនេះឬទេ? នៅពេលដែលនិយាយអំពីសារជាតិនៃបញ្ហា អ្នករាល់គ្នាប្រហែលជាមិនយល់នោះទេ ព្រោះច្រកចូលរបស់អ្នករាល់គ្នារាក់កំផែលពេក។ អ្នករាល់គ្នារត់ពេញមួយថ្ងៃ តាំងពីព្រលឹមរហូតដល់ព្រលប់ ក្រោកពីព្រលឹម ហើយចូលដេកយឺត ប៉ុន្ដែអ្នកមិនបានសម្រេចការបំផ្លាស់បំប្រែខាងឯនិស្ស័យនៅក្នុងជីវិតរបស់អ្នកទេ ហើយអ្នករាល់គ្នាមិនអាចយល់បានថាការបំផ្លាស់បំប្រែនេះពាក់ព័ន្ធនឹងអ្វីឡើយ។ នេះមានន័យថាច្រកចូលរបស់អ្នករាក់កំផែលពេកហើយ មិនអ៊ីចឹងទេឬ? មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណាទេ អ្នករាល់គ្នាប្រហែលជាមិនយល់ពីសារជាតិ និងរឿងរ៉ាវស៊ីជម្រៅទាក់ទឹងនឹងការសម្រេចឱ្យបាននូវការបំផ្លាស់បំប្រែខាងឯនិស្ស័យឡើយ។ តើអាចនិយាយបានថា និស្ស័យរបស់អ្នកបានផ្លាស់ប្ដូរដែរឬទេ? តើធ្វើដូចម្ដេចទើបអ្នកដឹងថា ព្រះជាម្ចាស់លើកសរសើរអ្នកឬអត់? យ៉ាងហោចបំផុត អ្នកនឹងមានអារម្មណ៍រឹងមាំប្លែកទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយអ្នកនឹងមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំ និងបំភ្លឺអ្នក ព្រមទាំងកំពុងធ្វើការនៅក្នុងខ្លួនរបស់អ្នកនៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក កំពុងធ្វើកិច្ចការអ្វីមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬទាំងពេលធម្មតា។ ការប្រព្រឹត្តរបស់អ្នកនឹងស្របគ្នាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកបានទទួលបទពិសោធន៍ដល់កម្រិតជាក់លាក់មួយ អ្នកនឹងមានអារម្មណ៍ថា របៀបដែលអ្នកបានធ្វើកាលពីមុនគឺសមស្របពិតមែន។ ទោះយ៉ាងណា បន្ទាប់ពីទទួលបានបទពិសោធន៍មួយរយៈពេលមក ប្រសិនបើអ្នកមានអារម្មណ៍ថា រឿងមួយចំនួនដែលអ្នកបានធ្វើកាលពីមុនមិនសមស្រប ហើយអ្នកមិនពេញចិត្តនឹងរឿងទាំងនោះ និងមានអារម្មណ៍ថា ពិតជាគ្មានសេចក្ដីពិតនៅក្នុងរឿងដែលអ្នកបានធ្វើទេ នោះហើយដែលបញ្ជាក់ថាអ្វីៗដែលអ្នកបានធ្វើ គឺបានប្រឆាំងនឹងព្រះជាម្ចាស់។ វាជាភស្ដុតាងដែលបញ្ជាក់ថាការបម្រើរបស់អ្នកគឺពោរពេញទៅដោយការបះបោរ ការទទឹងទាស់ និងការប្រព្រឹត្តតាមបែបមនុស្ស។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិត របស់ពួកគេ៖ ពួកគេលត់ដំរូបកាយរបស់ខ្លួន និងផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលពួកគេហៀបនឹងស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធ នូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការ រងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចលត់ដំរូបកាយរបស់ខ្លួន និងបោះបង់ចោលនូវផ្នែកខាងសាច់ឈាមរបស់គេ។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេ ពិតជាគួរឲ្យសរសើរ។ ប៉ុន្ដែការគិត បំណង និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងធម្មជាតិដើមរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយ សូម្បីតែបន្ដិចនៅឡើយ។ ពួកគេខ្វះនូវចំណេះដឹង ដ៏ពិតប្រាកដអំពីខ្លួនឯង។ រូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះជាម្ចាស់គឺទ្រង់ជាព្រះអរូបីពីបុរាណ ជាព្រះដ៏ស្រពិចស្រពិល។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងធម្មជាតិវិជ្ជមានរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ពួកគេខំធ្វើការ ហើយនិងរងទុក្ខ សម្រាប់ព្រះជាម្ចាស់ ទាំងងងឹតងងុល។ ពួកគេមិនឲ្យតម្លៃលើអ្វីទាំងអស់ ដោយគ្រាន់តែធ្វើជាដឹងខុសត្រូវ ខ្វល់ខ្វាយបន្ដិចបន្ដួចអំពីរបៀបដែលធានាឲ្យបានថា ការបម្រើរបស់ពួកគេ ពិតជាបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនសូវដឹងពីរបៀបទទួលបានចំណេះដឹង អំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះនៅក្នុងរូបអង្គដើមរបស់ទ្រង់ឡើយ ប៉ុន្ដែជាព្រះដែលបានលាក់នៅក្នុងរឿងព្រេង ជាផលិតផលដែលកើតចេញពីការស្រម៉ៃរបស់ពួកគេ ជាព្រះមួយអង្គដែលពួកគេបានត្រឹមតែឮ ឬបានឃើញនៅក្នុងសំណេរតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រម៉ៃចេញជារូបរាង និងជំនឿស៊ុប ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនត្រឹមត្រូវឡើយ ជាក់ស្ដែង គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេពិតជាអាចបម្រើស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់ពួកគេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេចំពោះលក្ខណៈរបស់ព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឲ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមាននរណា បានណែនាំពួកគេឲ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីតែពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផលការបម្រើរបស់ពួកគេ មានចំនួនមិនលើសពីការបម្រើម្ដងម្កាលដោយធ្វើទាំងបិទភ្នែក ដូចជាមនុស្សខ្វាក់បម្រើឪពុកឡើយ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយ តើនរណាយល់ព្រមឲ្យធ្វើវា? ចាប់តាំងពីដើមដំបូង រហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀន ដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់ពួកគេដោយផ្អែកលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ។ តើការធ្វើបែបនេះ អាចនាំឲ្យមានរង្វាន់អ្វីដែរ? សូម្បីតែពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើ ដែលស្របតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងអំពីការនេះក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធន៍ក្នុងការដោះស្រាយ ឬការទទួលការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់ និងការដោះស្រាយ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយអ្នកមិនទទួលបានអ្វីទាំងអស់ នោះអ្នកនឹងមិនទទួលបានអ្វីគួរឲ្យកត់សម្គាល់នៅក្នុងការបម្រើរបស់អ្នកឡើយ! បើគ្មាននិមិត្ដ និងចំណេះដឹងថ្មីអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចទទួលបានការយកឈ្នះឡើយ។ វិធីរបស់អ្នកក្នុងការដើរតាមព្រះជាម្ចាស់នឹងដូចជាមនុស្សដែលរងទុក្ខ និងតមអាហារ៖ គឺមានតម្លៃតិចណាស់! វាច្បាស់ណាស់ ដ្បិតមានទីបន្ទាល់តិចតួចប៉ុណ្ណោះនៅក្នុងអ្វីដែលគេធ្វើ បានជាខ្ញុំមានបន្ទូលថាការបម្រើរបស់គេ គឺឥតប្រយោជន៍សោះឡើយ! ពួកគេចំណាយពេលវេលាពេញមួយជីវិតរបស់ខ្លួនរងទុក្ខលំបាក និងអង្គុយនៅក្នុងមន្ទីរឃុំឃាំង។ ពួកគេប្រឹងអត់ទ្រាំជានិច្ចស្រលាញ់ជានិច្ច ហើយពួកគេផ្ទុកឈើឆ្កាងជានិច្ច ពួកគេត្រូវបានលោកិយមើលងាយ និងបដិសេធ ពួកគេជួបប្រទះការលំបាកគ្រប់យ៉ាង ហើយទោះបីជាពួកគេស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនៅតែមិនត្រូវបានយកឈ្នះដែរ ព្រមទាំងមិនអាចធ្វើទីបន្ទាល់អំពីការដែលត្រូវបានយកឈ្នះឡើយ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅខាងក្នុងវិញ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ គ្មានគំនិត សញ្ញាណចាស់ៗ ការប្រតិបត្ដិផ្នែកសាសនា ចំណេះដឹងដែលមនុស្សបង្កើត និងគំនិតជាមនុស្សណាមួយរបស់ពួកគេដែលត្រូវបានដោះស្រាយនោះឡើយ។ គ្មានតម្រុយអំពីគំនិតថ្មីនៅក្នុងពួកគេឡើយ សូម្បីតែបន្ដិច។ គ្មានចំណេះដឹងណាមួយរបស់ពួកគេស្ដីពីព្រះជាម្ចាស់ដែលពិត និងសុក្រិតនោះឡើយ។ ពួកគេបានយល់ច្រឡំចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើការនេះបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? មិនថាចំណេះដឹងរបស់អ្នកកាលពីមុន ស្ដីពីព្រះជាម្ចាស់បែបណានោះទេ ប្រសិនបើថ្ងៃនេះនៅតែដដែល ហើយអ្នកនៅតែបន្ដយកចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ទៅធ្វើជាមូលដ្ឋាន តាមសញ្ញាណ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ដោយមិនខ្វល់ថាព្រះជាម្ចាស់ធ្វើអ្វីនោះ ពោលគឺ ប្រសិនបើអ្នកមិនមានចំណេះដឹងថ្មី និង ពិតប្រាកដ ហើយបើសិនជាអ្នកមិនអាចដឹងអំពីរូបភាព និងនិស្ស័យពិតរបស់ព្រះជាម្ចាស់ទេនោះប្រសិនបើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅតែទទួលការដឹកមុខពីគំនិតបែបសក្ដិភូមិ និងបែបអបិយជំនឿ ហើយនៅតែកើតឡើងពីការស្រមើស្រម៉ៃ និងសញ្ញាណរបស់មនុស្ស នោះអ្នកមិនទាន់ត្រូវបានយកឈ្នះឡើយ។ ខ្ញុំថ្លែងព្រះបន្ទូលទាំងនេះទៅកាន់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកអាចដឹង ដើម្បីឲ្យចំណេះដឹងនេះអាចដឹកនាំអ្នកទៅកាន់ចំណេះដឹងដែលថ្មីជាងមុន និងមានភាពសុក្រិតផង។ ខ្ញុំក៏ថ្លែងព្រះបន្ទូលទាំងនេះដើម្បីលុបបំបាត់នូវសញ្ញាណចាស់ៗ និងរបៀបចាស់ៗនៃការស្គាល់ដែលមាននៅក្នុងអ្នក ដើម្បីឲ្យអ្នកអាចមានចំណេះដឹងថ្មី។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ នោះចំណេះដឹងរបស់អ្នកនឹងផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ដរាបណាដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដួងចិត្ដដែលស្ដាប់បង្គាប់ នោះការយល់ឃើញរបស់អ្នក នឹងមានលក្ខណៈខុសពីមុនស្រឡះ។ ដរាបណាអ្នកអាចទទួលយកនូវការវាយផ្ចាលម្ដងហើយម្ដងទៀតបាន នោះចិត្ដគំនិតចាស់របស់អ្នកនឹងផ្លាស់ប្រែជាបន្ដបន្ទាប់។ ដរាបណាចិត្ដគំនិរបស់អ្នកត្រូវបានជំនួសដោយអ្វីដែលថ្មី នោះការប្រព្រឹត្ដិរបស់អ្នកក៏នឹងផ្លាស់ប្ដូរតាមនោះដែរ។ តាមវិធីនេះ ការបម្រើរបស់អ្នកនឹងកាន់តែឆាប់ដល់គោលដៅ គឺកាន់តែអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ មិនអាចបម្រើព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនត្រូវបានវិនិច្ឆ័យ និងវាយប្រដៅដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឲ្យសាតាំងនៅឡើយ ហើយនេះបញ្ជាក់ថា អ្នកបម្រើព្រះជាម្ចាស់ ដោយចេញពីចេតនាល្អរបស់អ្នក និងបញ្ជាក់ថា ការបម្រើរបស់អ្នក ផ្អែកតាមនិស្ស័យដែលមកពីសាតាំងតែប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ដោយអត្តចរិតពីកំណើតរបស់អ្នក និងអាស្រ័យតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។ លើសពីនេះទៀត អ្នកតែងតែគិតថា អ្វីដែលអ្នកព្រមធ្វើ គឺជាកិច្ចការដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយអ្វីដែលអ្នកមិនចង់ធ្វើ ជាកិច្ចការដែលព្រះជាម្ចាស់ស្អប់ ដូច្នេះ អ្នកធ្វើកិច្ចការគ្រប់យ៉ាង អាស្រ័យទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទេ។ តើការធ្វើដូចនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យរបស់អ្នកនឹងមិនមានការផ្លាស់ប្តូរបន្តិចណាសោះឡើយ ផ្ទុយទៅវិញ ការបម្រើរបស់អ្នកនឹងធ្វើឲ្យអ្នកមានចិត្តរឹងរូសកាន់តែខ្លាំង ដូច្នេះ ការប្រកាន់ខ្ជាប់នូវនិស្ស័យពុករលួយរបស់អ្នកបែបនេះ នឹងបង្កើតឲ្យមានច្បាប់ អំពីការបម្រើព្រះជាម្ចាស់ដែលពឹងផ្អែកជាចម្បងលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងអាងលើបទពិសោធន៍ដែលត្រូវបានដកចេញពីការបម្រើរបស់អ្នក ដោយផ្អែកលើនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធន៍ និងជាមេរៀនរបស់មនុស្ស។ វាជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅលើពិភពលោក។ មនុស្សដែលចូលចិត្តបែបនេះ អាចត្រូវបានចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនា។ ប្រសិនបើពួកគេនៅតែមិន ព្រមភ្ញាក់ខ្លួន ហើយកែប្រែចិត្តទេ នោះនៅទីបញ្ចប់ ពួកគេនឹងក្លាយទៅជាព្រះគ្រីស្ទក្លែងក្លាយ ដែលនឹងលេចមកនៅគ្រាចុងក្រោយ ហើយក្លាយជាមេបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ និងមេបញ្ឆោតដែលគេនិយាយនោះ នឹងកើតចេញពីក្នុងចំណោមមនុស្សបែបនេះ។ ប្រសិនបើអស់អ្នកដែលបម្រើព្រះជាម្ចាស់ ធ្វើតាមអត្តចរិតផ្ទាល់របស់គេ និងប្រព្រឹត្តតាមឆន្ទៈរបស់គេផ្ទាល់ អ្នកទាំងនោះនឹងប្រឈមនឹងការបណ្ដេញចេញ នៅពេលណាមួយជាមិនខាន។ អស់អ្នកដែលប្រើបទពិសោធន៍ជាច្រើនឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះជាម្ចាស់ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀន និងគ្រប់គ្រងមនុស្ស និងដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួន មនុស្សទាំងនេះនឹងត្រូវលុតជង្គង់នៅចំពោះព្រះជាម្ចាស់មិនខាន។ ដូចជាប៉ុលដែរ ពួកគេចូលចិត្តអួតអាង អំពីឋានៈ បុណ្យសក្តិដ៏ខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើបែបនេះ រំខានដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងរបៀបចាស់ៗ។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងគំនិតចាស់ ទៅនឹងអ្វីៗគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយជាឧបសគ្គដ៏ធំចំពោះការបម្រើព្រះជាម្ចាស់របស់ពួកគេ។ ប្រសិនបើអ្នកមិនអាចបោះវា ចោលបានទេ របៀបចាស់ៗទាំងនេះ នឹងរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ព្រះជាម្ចាស់នឹងមិនសរសើរអ្នកឡើយ សូម្បីតែបន្តិច ទោះជាអ្នកបាក់ជើងពេលកំពុងរត់ ឬឈឺខ្នង ពេលកំពុងធ្វើការ ឬទោះត្រូវបានស្លាប់ដោយសារតែជំនឿរបស់អ្នកក្នុងការបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនសរសើរដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សដែលប្រព្រឹត្តអាក្រក់។

ដកស្រង់ពី «ការបម្រើសាសនា ដាច់ខាតត្រូវតែលុបបំបាត់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណា ទើបបានព្រះពរ ឬធ្វើយ៉ាងណា ទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឲ្យធុញទ្រាន់បែបនេះ នឹងមិនជួយឲ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានដឹងឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនរាប់សេចក្ដីនេះទុកជារបស់មានតម្លៃ ដែលត្រូវទទួលទុកទេ ក៏រឹតតែមិនទទួលយកសេចក្ដីនេះ មកធ្វើជាចំណែកនៃជីវិតរបស់គេផង។ មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយ ដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីជាក់ស្ដែង សម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់សព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ដើម្បីព្រះជាម្ចាស់ គេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញកាតព្វកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់គេ បោះបង់គ្រួសារ និងការងាររបស់គេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឲ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ ផ្លាស់ប្ដូរទស្សនគតិចំពោះជីវិតរបស់គេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេ ចំពោះព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឲ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យព្រះមែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់គេក្នុងការពលីជានិច្ច នូវការទាមទារផ្ទាល់ខ្លួនហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឲ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ កិរិយារបស់ពួកគេ គឺពិតជាសមនឹងឲ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឲ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរ និងអ្នកប្រទានព្រះពរ។ និយាយឲ្យចំទៅ គឺវាស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឲ្យ។ សម្ពន្ធភាពមួយនេះ ទឹកចិត្តស្រឡាញ់គឺគ្មានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែទាន និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែល ត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចឲ្យសកម្មភាពនេះ ត្រឡប់ទៅក្រោយវិញបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងប្រាកដថា សម្ពន្ធភាពនេះដុនដាបដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងអំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា សម្ពន្ធភាពបែបនេះជាមួយនឹងព្រះជាម្ចាស់ វាគួរឲ្យអាម៉ាស់ និងអាក្រក់កម្រិតណា។

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែ មានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឲ្យមនុស្សទាំងអស់ត្រូវតែសម្រេចឲ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែ ខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែ អ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន»។ វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែ សេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឲ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែ អ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយស្វែងរកវា ដោយសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏សុចរិត ហើយវាក៏ជាការដាក់ទោសដ៏សុចរិតចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នាប្រហែលជាស្រមៃគិតថា ដោយបានធ្វើជាអ្នកដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ អ្នកបានខិតខំធ្វើការមិនថាជាអ្វីទេ ហើយអ្នកគួរទទួលបានបាយមួយចាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំចង់មានព្រះបន្ទូលប្រាប់ថា ភាគច្រើននៃអ្នករាល់គ្នាគិតតាមរបៀបនេះ ដ្បិតអ្នករាល់គ្នាតែងតែស្វែងរកនូវគោលការណ៍ ពីរបៀបទាញយកប្រយោជន៍ ហើយមិនឲ្យមានការទាញយកប្រយោជន៍ពីខ្លួនឡើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាឥឡូវនេះដោយភាពម៉ឺងម៉ាត់ទាំងអស់ថា៖ ខ្ញុំមិនខ្វល់ថាកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគួរឲ្យស្ញើចយ៉ាងណា សមត្ថភាពរបស់អ្នកខ្លាំងប៉ុនណា អ្នកធ្វើតាមខ្ញុំបានជាប់ប៉ុនណា កិត្តិនាមល្បីល្បាញប៉ុនណា ឬអាកប្បកិរិយារបស់អ្នកមានភាពប្រសើរប៉ុនណានោះទេ ដរាបណាអ្នកមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ នោះអ្នកនឹងមិនអាចទទួលបាននូវការសរសើរពីខ្ញុំនោះឡើយ។ ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់អ្នករាល់គ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់ខ្ញុំយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ខ្ញុំ ហើយដែលអាក្រក់បំផុតនោះ គឺធ្វើឱ្យឆ្នាំនៃកិច្ចការនិងការរងទុក្ខទាំងប៉ុន្មានរបស់ខ្ញុំ ត្រឡប់ទៅជាឥតប្រយោជន៍ ដ្បិតខ្ញុំមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឲ្យចូលមកក្នុងនគររបស់ខ្ញុំ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់ បាននោះឡើយ។

ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការរបស់ពេត្រុស គឺជាការអនុវត្តភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់។ គាត់មិនបានបំពេញកិច្ចការក្នុងនាមជាសាវ័កម្នាក់ឡើយ ប៉ុន្តែគាត់បានបំពេញកិ្ចការផង និងស្វែងរកសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ផង។ ដំណើរនៃកិច្ចការរបស់ប៉ុល ក៏មាននូវការស្វែងរកផ្ទាល់ខ្លួនគាត់ដែរ៖ ការស្វែងរករបស់គាត់ គឺគ្មានអ្វីផ្សេងក្រៅពីក្ដីសង្ឃឹមរបស់គាត់ទៅអនាគត និងបំណងប្រាថ្នារបស់គាត់ដើម្បីទទួលបានគោលដៅល្អមួយនាពេលអនាគតឡើយ។ គាត់ពុំបានទទួលយកនូវការបន្សុទ្ធក្នុងអំឡុងកិច្ចការរបស់គាត់ឡើយ ហើយគាត់ក៏ពុំបានទទួលយកការលួសកាត់ និងការដោះស្រាយដែរ។ គាត់ជឿថា ឲ្យតែកិច្ចការដែលគាត់បានធ្វើ គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគ្រប់ការទាំងអស់ដែលគាត់បានធ្វើ គឺផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ ដូច្នេះ នៅទីបំផុតនឹងមានរង្វាន់សម្រាប់ប្រគល់ជូនគាត់។ នៅក្នុងកិច្ចការរបស់គាត់ ពុំមានបទពិសោធន៍ផ្ទាល់ខ្លួនឡើយ។ កិច្ចការរបស់គាត់ គឺដើម្បីតែកិច្ចការមិនបានធ្វើឡើងដើម្បីស្វែងរកនូវការផ្លាស់ប្ដូរឡើយ។ អ្វីសព្វគ្រប់បែបយ៉ាងនៅក្នុងកិច្ចការរបស់គាត់ គឺជាការដោះដូរ គ្មានភារកិច្ច ឬការចុះចូលនៃសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់គាត់ និស្ស័យចាស់របស់ប៉ុលពុំបានបំផ្លាស់បំប្រែឡើយ។ កិច្ចការរបស់គាត់ គឺគ្រាន់តែជាការបម្រើដល់អ្នកដទៃតែប៉ុណ្ណោះ និងមិនអាចនាំមកនូវការបំផ្លាស់បំប្រែនិស្ស័យរបស់គាត់ឡើយ។ ប៉ុលបានបំពេញកិច្ចការរបស់គាត់ដោយផ្ទាល់ ដោយមិនបានធ្វើឲ្យគ្រប់លក្ខណ៍ ឬបានដោះស្រាយជាមួយឡើយ ហើយគាត់ត្រូវបានជំរុញចិត្តដោយរង្វាន់។ ពេត្រុស ខុសគ្នាពីគាត់៖ គាត់គឺជាមនុស្សម្នាក់ដែលបានឆ្លងកាត់ការលួសកាត់ និងការដោះស្រាយ និងបានឆ្លងកាត់នូវការបន្សុទ្ធ។ គោលបំណង និងការជំរុញចិត្តនៃកិច្ចការរបស់ពេត្រុស គឺមានភាពខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគោលបំណង និងការជំរុញចិត្តរបស់ប៉ុល។ បើទោះបីជាពេត្រុស មិនបានធ្វើកិច្ចការឲ្យបានច្រើនក្ដី ក៏និស្ស័យរបស់គាត់បានឆ្លងកាត់ការបំផ្លាស់បំប្រែជាច្រើនដែរ ហើយអ្វីដែលគាត់បានស្វែងរកនោះ គឺជាសេចក្ដីពិត និងជាការបំផ្លាស់បំប្រែជាក់ស្ដែង។ កិច្ចការរបស់គាត់ មិនមែនគ្រាន់តែធ្វើដើម្បីតែធ្វើកិច្ចការនោះទេ។ បើទោះបីជាប៉ុលបានធ្វើកិច្ចការច្រើនក្ដី ក៏កិច្ចការទាំងនោះសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ហើយបើទោះបីជាប៉ុលបានពួតដៃគ្នានៅក្នុងកិច្ចការនេះក្ដី ក៏គាត់មិនមានបទពិសោធន៍នៅក្នុងកិច្ចការនេះដែរ។ ការដែលពេត្រុសបានធ្វើកិច្ចការតិចជាង គឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធមិនបានបំពេញកិច្ចការច្រើនតាមរយៈគាត់តែប៉ុណ្ណោះ។ បរិមាណនៃកិច្ចការរបស់ពួកគេ ពុំបានកំណត់ថាតើពួកគេត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ឬអត់នោះទេ ព្រោះការស្វែងរករបស់គេម្នាក់គឺដើម្បីទទួលបានរង្វាន់ ហើយការស្វែងរករបស់គេម្នាក់ទៀត គឺដើម្បីសម្រេចនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះជាម្ចាស់ និងដើម្បីបំពេញភារកិច្ចរបស់គេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ រហូតដល់កម្រិតមួយដែលគេអាចស្ដែងចេញនូវរូបកាយដ៏គួរឲ្យស្រឡាញ់តាមរយៈការរស់នៅ ដើម្បីផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សម្បកក្រៅ ពួកគេខុសគ្នា ហើយលក្ខណៈសំខាន់របស់ពួកគេក៏ខុសគ្នាដែរ។ អ្នកមិនអាចកំណត់ថាតើក្នុងចំណោមពួកគេ នរណាមួយត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ដោយផ្អែកលើបរិមាណការងារដែលពួកគេបានធ្វើនោះទេ។ ពេត្រុសបានព្យាយាមរស់នៅក្នុងរូបកាយ ជាអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ដើម្បីក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សម្នាក់ដែលទទួលយកការដោះស្រាយ និងការលួសកាត់ ហើយដើម្បីក្លាយជាមនុស្សម្នាក់ដែលបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ គាត់អាចលះបង់ខ្លួនគាត់ដើម្បីព្រះជាម្ចាស់បាន អាចលះបង់ខ្លួនគាត់ទាំងស្រុងថ្វាយទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ទ្រង់រហូតដល់ស្លាប់។ នេះគឺជាអ្វីដែលគាត់តាំងចិត្តធ្វើ ហើយក៏ជាអ្វីដែលគាត់សម្រេចបានដែរ។ នេះគឺជាមូលហេតុសំខាន់ដែលចុងក្រោយទៅ ចុងបញ្ចប់នៃជីវិតរបស់គាត់ ខុសគ្នាពីចុងបញ្ចប់នៃជីវិតរបស់ប៉ុល។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានបំពេញចំពោះពេត្រុស គឺដើម្បីធ្វើឲ្យគាត់បានគ្រប់លក្ខណ៍ ហើយកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើនៅក្នុងប៉ុល គឺដើម្បីប្រើគាត់។ នេះគឺដោយសារ ពួកគេមានលក្ខណៈ និងទស្សនៈចំពោះការស្វែងរកមិនដូចគ្នា។ អ្នកទាំងពីរមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពេត្រុសបានអនុវត្តកិច្ចការនេះចំពោះខ្លួនគាត់ ហើយក៏បានចែករំលែកកិច្ចការនោះដល់អ្នកដទៃដែរ។ ចំណែកប៉ុលវិញ គាត់គ្រាន់តែបានចែករំលែកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងទៅដល់អ្នកដទៃតែប៉ុណ្ណោះ ហើយខ្លួនគាត់ផ្ទាល់ ពុំបានទទួលអ្វីទាំងអស់ពីកិច្ចការនេះ។ តាមរបៀបនេះ បន្ទាប់ពីប៉ុលមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអស់រយៈពេលជាច្រើនឆ្នាំមក ស្ទើរតែគ្មានការបំផ្លាស់បំប្រែចំពោះគាត់ទាល់តែសោះ។ គាត់នៅតែបន្តស្ថិតក្នុងសភាពដើមរបស់គាត់ដដែល ហើយគាត់នៅតែជាប៉ុលដូចពីមុនដដែល។ គ្រាន់តែថា ក្រោយពេលដែលគាត់បានឆ្លងកាត់ទុក្ខលំបាកក្នុងកិច្ចការអស់រយៈពេលជាច្រើនឆ្នាំមក គាត់បានរៀនពីរបៀប «ធ្វើការ» និងបានរៀនពីការតស៊ូអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែលក្ខណៈចាស់របស់គាត់ ដែលជាលក្ខណៈប្រកួតប្រជែងខ្ពស់ និងគិតតែពីប្រយោជន៍នោះ នៅតែមានដដែល។ បន្ទាប់ពីបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំមក គាត់មិនបានដឹងអំពីនិស្ស័យពុករលួយរបស់គាត់ឡើយ ហើយគាត់ក៏មិនបានរំដោះខ្លួនចេញពីនិស្ស័យចាស់របស់គាត់ដែរ ហើយគេនៅតែអាចមើលឃើញយ៉ាងច្បាស់អំពីនិស្ស័យនេះនៅក្នុងកិច្ចការរបស់គាត់ដដែល។ នៅក្នុងខ្លួនគាត់ គឺគ្រាន់តែមានបទពិសោធន៍ការងារច្រើនតែប៉ុណ្ណោះ ប៉ុន្តែបទពិសោធន៍ដ៏តិចតួចតែមួយមុខនេះ មិនអាចបំផ្លាស់បំប្រែគាត់បានឡើយ និងមិនអាចផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះអត្ថិភាព និងសារៈសំខាន់នៃការស្វែងរករបស់គាត់បានឡើយ។ បើទោះបីជាគាត់បានបំពេញកិច្ចការជាច្រើនឆ្នាំសម្រាប់ព្រះគ្រីស្ទក្ដី និងមិនដែលបានធ្វើទុក្ខបុកម្នេញព្រះអម្ចាស់យេស៊ូវក្ដី ក៏នៅក្នុងដួងចិត្តរបស់គាត់គ្មានការបំផ្លាស់បំប្រែចំណេះដឹងរបស់គាត់អំពីព្រះជាម្ចាស់ដែរ។ នេះមានន័យថាគាត់មិនបានបំពេញកិច្ចការដើម្បីលះបង់ខ្លួនគាត់ថ្វាយដល់ព្រះជាម្ចាស់ឡើយប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវបានបង្ខំឲ្យធ្វើការ ដើម្បីតែគោលដៅទៅអនាគត របស់គាត់តែប៉ុណ្ណោះ។ ដ្បិតកាលពីដើមដំបូងឡើយ គាត់បានធ្វើទុក្ខបុកម្នេញព្រះគ្រីស្ទ និងមិនបានចុះចូលចំពោះព្រះគ្រីស្ទឡើយ។ គាត់មានសារជាតិជាអ្នកបះបោរពីកំណើត ដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទដោយចេតនា និងជាមនុស្សម្នាក់ដែលគ្មានចំណេះដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលកិច្ចការរបស់គាត់ជិតចូលដល់ទីបញ្ចប់ គាត់នៅតែមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដដែល ហើយគាត់គ្រាន់តែធ្វើការផ្ទាល់ខ្លួនរបស់គាត់ ស្របទៅតាមអត្តចរិតរបស់គាត់តែប៉ុណ្ណោះ ដោយពុំបានយកចិត្តទុកដាក់សូម្បីតែបន្តិចចំពោះព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុដូច្នេះធម្មជាតិរបស់គាត់ គឺប្រឆាំងនឹងព្រះគ្រីស្ទ និងមិនបានស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ មនុស្សម្នាក់ដែលមានលក្ខណៈដូចនេះ គឺជាមនុស្សដែលត្រូវបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល មនុស្ស ជាមនុស្សដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងជាមនុស្សដែលទាស់ទទឹងនឹងព្រះគ្រីស្ទ តើមនុស្សបែបនេះ អាចទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណា? មនុស្សអាចត្រូវបានសង្គ្រោះឬអត់នោះ ពុំស្ថិតនៅលើបរិមាណនៃកិច្ចការដែលគេធ្វើ ឬទំហំដែលគេបានលះបង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវកំណត់តាមរយៈថាតើគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ ថាតើគេអាចប្រតិបត្តិតាមសេចក្ដីពិតបានដែរឬអត់ និងថាតើទស្សនៈរបស់គេចំពោះការស្វែងរកនោះ ស្របទៅតាមសេចក្ដីពិតដែរឬអត់។

បើទោះបីជាមានការបើកសម្ដែងដោយឯកឯង បានកើតឡើងបន្ទាប់ពីពេត្រុសបានចាប់ផ្ដើមដើរតាមព្រះយេស៊ូវក្ដី ក៏ក្នុងធម្មជាតិរបស់គាត់តាំងពីដើមដំបូងមកគាត់គឺជាមនុស្សម្នាក់ ដែលសុខចិត្តចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ និងស្វែងរកព្រះគ្រីស្ទដែរ។ ការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះវិញ្ញាណបរិសុទ្ធគឺស្អាតបរិសុទ្ធ៖ គាត់មិនបានស្វែងរកកេរ្តិ៍ឈ្មោះ និងសំណាងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានជំរុញ ទឹកចិត្ត តាមរយៈការស្ដាប់បង្គាប់ចំពោះសេចក្ដីពិត។ បើទោះបីជា ពេត្រុសបានធ្វើការបដិសេធ មិនទទួលស្គាល់ព្រះគ្រីស្ទចំនួនបីលើកក្ដី ហើយបើទោះបីជា គាត់បានលបញ្ឆោតព្រះអម្ចាស់យេស៊ូវក្ដី ក៏ភាពអន់ខ្សោយបន្តិចបន្ដួចក្នុងនាមមនុស្ស មិនពាក់ព័ន្ធនឹងធម្មជាតិរបស់គាត់ដែរ វាមិនប៉ះពាល់ដល់ការស្វែងរកនាពេលអនាគតរបស់គាត់ឡើយ ហើយវាមិនអាចគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ការបញ្ឆោតរបស់គាត់នេះ គឺជាកិច្ចការនៃពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ។ ភាពអន់ខ្សោយក្នុងនាមជាមនុស្សធម្មតា គឺជាអ្វីដែលមនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះមាន។ តើអ្នករំពឹងឲ្យពេត្រុសមានភាពខុសគ្នាពីគេមែនទេ? តើមនុស្សមិនប្រកាន់ទស្សនៈណាមួយចំពោះពេត្រុស ដោយព្រោះតែគាត់បានប្រព្រឹត្តកំហុស ឆោតល្ងង់ ជាច្រើនដងទេឬអី? ហើយតើមនុស្សមិនកោតសរសើរ ចំពោះប៉ុល ដោយព្រោះតែកិច្ចការទាំងអស់ដែលគាត់បានធ្វើ និងគ្រប់សំបុត្រទាំងអស់ដែលគាត់បានសរសេរទេឬអី? តើមនុស្សអាចមានសមត្ថភាពមើលឃើញពីសារជាតិរបស់មនុស្សបានដោយរបៀបណា? ច្បាស់ណាស់ អស់អ្នកណាដែលមានសតិពិតប្រាកដ អាចមើលឃើញអ្វីឃើញអ្វីមួយដែលមិនសំខាន់។ បើទោះបីជាបទពិសោធន៍ឈឺចាប់ជាច្រើនឆ្នាំរបស់ពេត្រុស មិនត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរក្ដី ក៏នេះមិនបញ្ជាក់ថាពេត្រុស គ្មានបទពិសោធន៍ជាក់ស្ដែងឬថាពេត្រុសមិនត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដែរ។ តើកិច្ចការរបស់ព្រះជាម្ចាស់ អាចឲ្យមនុស្សលោកយល់បានទាំងស្រុងដូចម្ដេចកើតទៅ? កំណត់ត្រានៅក្នុងព្រះគម្ពីរមិនត្រូវបានព្រះយេស៊ូវជ្រើសរើសដោយផ្ទាល់ឡើយ ប៉ុន្តែត្រូវប្រមូលផ្ដុំចងក្រងនៅពេលក្រោយដោយមនុស្សជំនាន់ក្រោយៗទៀត។ ដោយសារត្រូវធ្វើការចងក្រងបែបនេះ តើគ្រប់ការទាំងអស់ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ មិនមែនត្រូវបានជ្រើសរើសទៅតាមគំនិតរបស់មនុស្សទេឬអី? បន្ថែមលើនេះ ចុងបញ្ចប់របស់ពេត្រុសនិងប៉ុល មិនត្រូវបានបញ្ជាក់ឲ្យបានច្បាស់នៅក្នុងសំបុត្រ ទាំងអស់នោះឡើយ ដូច្នេះមនុស្សវិនិច្ឆ័យពេត្រុស និងប៉ុលទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ និងទៅតាមការចង់បានផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយដោយសារប៉ុលបានធ្វើការងារយ៉ាងច្រើន ដោយសារ «ការរួមចំណែក» របស់គាត់ មានទំហំច្រើនក្រាស់ក្រែល ទើបគាត់ទទួលបានការជឿទុកចិត្តពីហ្វូងមនុស្ស។ តើមនុស្សមិនផ្ដោតសំខាន់តែទៅលើរឿងដែលរាក់កំភែលទេឬអី? តើមនុស្សអាចមានសមត្ថភាព មើលឃើញពីសារជាតិរបស់មនុស្សបានដោយរបៀបណា? មិនចាំបាច់និយាយនោះទេ ព្រោះប៉ុលបានក្លាយជាវត្ថុមួយដែលត្រូវគេថ្វាយបង្គំអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ តើមាននរណាដែលហ៊ានបដិសេធកិច្ចការរបស់គាត់ភ្លាមៗនោះ? ពេត្រុសគ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ ដូច្នេះ តើការរួមចំណែករបស់គាត់អាចធំធេងដូចជាប៉ុល បានដោយរបៀបណា? និយាយពីការរួមចំណែកដែលពួកគាត់បានធ្វើ ប៉ុលគួរណាស់តែទទួលបានរង្វាន់មុនពេត្រុសទៅទៀត ហើយគាត់គួរណាស់តែត្រូវក្លាយជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិល្អប្រសើរជាង ក្នុងការទទួលបានការយល់ព្រម ពីព្រះជាម្ចាស់។ តើនរណាអាចនឹងស្រមៃដល់ទៅថា នៅក្នុងការប្រព្រឹត្ដរបស់ទ្រង់ចំពោះប៉ុល ព្រះជាម្ចាស់គ្រាន់តែធ្វើឲ្យគាត់បំពេញកិច្ចការតាមរយៈអំណោយទានរបស់គាត់ប៉ុណ្ណោះ ផ្ទុយទៅវិញព្រះជាម្ចាស់បានធ្វើឲ្យពេត្រុស បានគ្រប់លក្ខណ៍។ គ្មានករណីណាមួយ ដែលថាព្រះអម្ចាស់យេស៊ូវ បានបង្កើតផែនការសម្រាប់ពេត្រុស និងប៉ុលតាំងពីដើមដំបូងមកឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ឬត្រូវចាត់ឲ្យបំពេញកិច្ចការស្របទៅតាមលធម្មជាតិពីកំណើតរបស់ពួកគេ។ ហេតុដូច្នេះ អ្វីដែលមនុស្សមើលឃើញ គឺគ្រាន់តែជាការរួមចំណែកពីខាងក្រៅ របស់មនុស្សតែប៉ុណ្ណោះ ចំណែកអ្វីដែលព្រះជាម្ចាស់ទតឃើញ គឺជាសារជាតិរបស់មនុស្ស ក៏ដូចជាផ្លូវដែលមនុស្សស្វែងរកតាំងពីដើមដំបូងមក និងការជំរុញចិត្តពីក្រោយការស្វែងរករបស់មនុស្ស។ មនុស្សវាស់ស្ទង់មនុស្ស គឺស្របទៅតាម សញ្ញាណរបស់ពួកគេ និងស្របទៅតាមការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេ ក៏ប៉ុន្តែចុងបញ្ចប់របស់មនុស្ស មិនមែនកំណត់ស្របទៅតាមលក្ខណៈខាងក្រៅរបស់គេឡើយ។ ហេតុដូច្នេះ ខ្ញុំមានបន្ទូលថា ប្រសិនបើផ្លូវដែលអ្នកត្រូវដើរតាំងពីដើមដំបូងមក គឺជាផ្លូវជោគជ័យ ហើយទស្សនៈរបស់អ្នកចំពោះការស្វែងរក គឺជាទស្សនៈដែលត្រឹមត្រូវតាំងពីដើមដំបូងមក នោះអ្នកមានលក្ខណៈដូចគ្នានឹងពេត្រុសហើយ។ ប្រសិនបើផ្លូវ ដែលអ្នកដើរ គឺជាផ្លូវបរាជ័យ នោះមិនថាលះបង់ក្នុងតម្លៃណានោះទេ ចុងបញ្ចប់របស់អ្នកនឹងនៅតែដូចជាចុងបញ្ចប់របស់ប៉ុលដដែល។ មិនថាករណីបែបណា វាសនារបស់អ្នកបែបណា ហើយមិនថាអ្នកជោគជ័យ ឬបរាជ័យនោះទេ គឺទាំងពីរនេះ សុទ្ធតែត្រូវកំណត់តាមរយៈថាតើផ្លូវដែលអ្នកស្វែងរក គឺជាផ្លូវត្រឹមត្រូវដែរឬអត់ មិនមែនកំណត់លើភក្ដីភាពរបស់អ្នក ឬតម្លៃដែលអ្នកលះបង់នោះទេ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកធ្វើការងារច្រើន ហើយអ្នកដទៃទទួលបានការបង្រៀនរបស់អ្នក ប៉ុន្តែខ្លួនឯងមិនបានផ្លាស់ប្ដូរ និងមិនបានធ្វើទីបន្ទាល់ណាមួយ ឬមានបទពិសោធន៍ពិតប្រាកដនោះការងារបែបនេះនៅចុងបញ្ចប់នៃជីរិតរបស់អ្នក គឺនៅតែគ្មានអ្វីដែលអ្នកបានធ្វើដើម្បីជាទីបន្ទាល់ឡើយ ដូច្នេះ តើអ្នកជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរមែន ទេ? តើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្តីពិតមែនទេ? នៅពេលមួយ ព្រះវិញ្ញាណបរិសុទ្ធបានប្រើអ្នក ប៉ុន្តែនៅពេលដែលទ្រង់បានប្រើអ្នក ទ្រង់បានប្រើចំណែករបស់អ្នកដែលអាចប្រើបានដើម្បីបំពេញកិច្ចការ ហើយទ្រង់មិនបានប្រើចំណែកនៃខ្លួនឯងដែលមិនអាចប្រើប្រាស់បាននោះទេ។ ប្រសិនបើអ្នកបានព្យាយាមដើម្បីផ្លាស់ប្ដូរ នោះអ្នកនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍នៅចុងបំផុត ក្នុងអំឡុងពេលនៃដំណើរការនៃការប្រើប្រាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ មិនទទួលខុសត្រូវថាតើ អ្នកនឹងត្រូវទទួលយកនៅចុងបំផុតទៅដែរ ឬអត់នោះទេ ហើយកិច្ចការនេះ អាស្រ័យលើលក្ខណៈនៃការស្វែងរករបស់អ្នក។ ប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់អ្នកទេនោះគឺដោយសារតែទស្សនៈនៃការស្វែងរករបស់អ្នកនោះ មិនត្រឹមត្រូវ។ ប្រសិនបើអ្នកមិនត្រូវប្រទាននូវរង្វាន់អ្វីទេ នោះវាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ហើយដោយសារខ្លួនអ្នកមិនបានប្រតិបត្តិតាមសេចក្ដីពិត និងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ គ្មានអ្វីដែលសំខាន់ជាង បទពិសោធន៍ ផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយគ្មានអ្វីដែលសំខាន់ជាងច្រកចូលផ្ទាល់ខ្លួនរបស់អ្នកឡើយ។ មនុស្សខ្លះនឹងនិយាយថា «ខ្ញុំបានធ្វើកិច្ចការជាច្រើនសម្រាប់ទ្រង់ ហើយបើទោះបីជាខ្ញុំមិនអាចសម្រេចនូវសមិទ្ធផលដែលគួរសាទរក្ដី ក៏ខ្ញុំនៅតែបន្តមានការព្យាយាមនៅក្នុងកិច្ចការរបស់ខ្ញុំដដែល។ តើទ្រង់មិនអាចត្រឹមអនុញ្ញាតឲ្យខ្ញុំចូលទៅស្ថានសួគ៌ដើម្បីទទួលទានផ្លែឈើនៃជីវិតទេឬ?» អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាត ឲ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឲ្យប្រឡូកប្រឡាក់ទីធ្លា ដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការ យ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឲ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឲ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់ អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ដែលនឹងត្រូវធ្វើ ឲ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រភេទនៃការបើកបង្ហាញដែលអ្នកធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មាន

បន្ទាប់៖ ៣. អ្វីជាទីបន្ទាល់ពិត ហើយទីបន្ទាល់របស់មនុស្សម្នាក់ពិតឬអត់ ប្រសិនបើពួកគេគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ