មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់

ដើម្បីយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីឥទ្ធិពលដែលកិច្ចការរបស់ទ្រង់មានមកលើមនុស្ស និងយល់ច្បាស់ពីព្រះហឫទ័យដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សលោក៖ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់ គប្បីសម្រេចឲ្យបាន។ សព្វថ្ងៃនេះ ការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីដែលមនុស្សរាល់គ្នាខ្វះខាត។ ទង្វើដែលព្រះជាម្ចាស់បានធ្វើមកលើមនុស្ស កិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក រាប់តាំងពីការបង្កើតភពផែនដីរហូតដល់បច្ចុប្បន្ន ទាំងអស់នេះគឺជារឿងដែលមនុស្សមិនដឹង និងមិនយល់។ ភាពខ្វះចន្លោះនេះ មិនមែនត្រឹមតែមើលមិនឃើញ នៅក្នុងចំណោមអ្នកកាន់សាសនាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ក៏គ្មានដែរ។ នៅពេលថ្ងៃនោះមកដល់ នោះអ្នកនឹងមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ នៅពេលដែលអ្នកគិតយល់ពីព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ នៅពេលដែលអ្នកមើលឃើញទង្វើទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ នៅពេលដែលអ្នកដឹងថាព្រះជាម្ចាស់ជានរណា និងមានអ្វីខ្លះ ជាពេលដែលអ្នកបានឃើញព្រះទ័យយល់អធ្យាស្រ័យ ព្រះប្រាជ្ញាញ្ញាណ ភាពអស្ចារ្យរបស់ទ្រង់ និងគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានធ្វើមកលើមនុស្ស គឺពេលនោះហើយដែលអ្នកនឹងសម្រេចបានជោគជ័យនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ នៅពេលគេនិយាយថា ព្រះជាម្ចាស់មានអ្វីៗគ្រប់យ៉ាង និងជាព្រះដ៏ពេញបរិបូរណ៍ តើទ្រង់មានអ្វីគ្រប់យ៉ាងតាមវិធីណាឲ្យប្រាកដ ហើយទ្រង់ពេញបរិបូរណ៍តាមវិធីណាឲ្យប្រាកដ? ប្រសិនបើអ្នករាល់មិនយល់ពីចំណុចនេះទេ នោះអ្នកមិនអាចចាត់ទុកថាមានជំនឿលើព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីក៏ខ្ញុំនិយាយថា មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា មិនមែនជាអ្នកជឿលើព្រះជាម្ចាស់ តែជាអ្នកប្រព្រឹត្តអាក្រក់ ជាជំពូកមនុស្សដូចគ្នានឹងមារសាតាំង? នៅពេលខ្ញុំនិយាយថា ពួកគេជាមនុស្សអាក្រក់ នោះគឺដោយសារតែពួកគេមិនយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនអាចមើលឃើញប្រាជ្ញាញាណរបស់ទ្រង់។ គ្មានពេលណាដែលព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ទ្រង់ដល់ពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ ពួកគេមិនអាចមើលឃើញទង្វើរបស់ព្រះជាម្ចាស់នោះទេ ពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល ហើយពួកគេខ្វះការយកចិត្តទុកដាក់ និងការការពារទាំងស្រុងពីព្រះជាម្ចាស់ មិនចាំបាច់និយាយដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ អស់អ្នកណាដែលគ្មានកិច្ចការរបស់ព្រះជាម្ចាស់ អ្នកនោះសុទ្ធតែជាអ្នកប្រព្រឹត្តអាក្រក់ និងជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលខ្ញុំនិយាយដល់នេះ សំដៅលើអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ត្រឹមតែតាមបបូរមាត់របស់ពួកគេ តែពុំបានស្គាល់ទ្រង់ពិតប្រាកដ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ទ្រង់ និងអស់អ្នកណាដែលអាស្រ័យផលពីព្រះគុណ របស់ព្រះជាម្ចាស់ តែមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់។ បើគ្មានការយល់ដឹងអំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬគ្មានការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្សលោកទេ នោះមនុស្សមិនអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់បានដែរ។ មូលហេតុដែលមនុស្សប្រឆាំងទាស់នឹងព្រះជាម្ចាស់ ទីមួយកើតចេញពីនិស្ស័យខូចអាក្រក់របស់ពួកគេ និងមួយទៀតកើតចេញពីភាពល្ងង់ខ្លៅ មិនស្គាល់ព្រះជាម្ចាស់ និងកង្វះការយល់ដឹងអំពីគោលការណ៍ដែលព្រះជាម្ចាស់បំពេញកិច្ចការ និងអំពីព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស។ ទិដ្ឋភាពទាំងពីរនេះរួមគ្នា បង្កើតបានជាប្រវត្តិនៃការប្រឆាំងទាស់របស់មនុស្ស ចំពោះព្រះជាម្ចាស់។ មនុស្សដែលទើបតែជឿថ្មី ទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែការទាស់ទទឹងនេះ មានក្នុងចរិតពីកំណើតរបស់គេ រីឯមនុស្សដែលជឿយូរហើយ គេទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែចរិតព្រងើយកន្តើយដែលគេមានចំពោះព្រះជាម្ចាស់ បន្ថែមលើនិស្ស័យខូចអាក្រក់របស់គេ។ នៅមុនពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ខ្នាតរង្វាស់ថាតើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬអត់នោះ គឺអាស្រ័យថា តើបុគ្គលនោះគោរពតាមបញ្ញត្តិ ដែលព្រះជាម្ចាស់បានចែង នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ ឧទាហរណ៍ នៅក្នុងសម័យក្រឹត្យវិន័យ ជនណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវបានគេចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ជនណាដែលលួចយកតង្វាយថ្វាយព្រះយេហូវ៉ា ឬជនដែលប្រឆាំងទាស់នឹងមនុស្ស ដែលព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយត្រូវកាត់ទោសដោយគប់សម្លាប់នឹងដុំថ្ម។ ជនណាដែលមិនគោរពឪពុកម្តាយខ្លួន ជនណាដែលបានវាយដំ ឬដាក់បណ្តាសាអ្នកដទៃ ត្រូវចាត់ទុកជាមនុស្សម្នាក់ដែលមិនគោរពតាមក្រឹត្យវិន័យ។ ហើយអស់អ្នកណាដែលមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងទ្រង់។ រឿងនេះគ្មានទៀតទេក្នុងយុគសម័យនៃព្រះគុណ ពេលនោះជនណាដែលប្រឆាំងទាស់នឹងព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយជនណាដែលមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ នៅពេលនេះ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ត្រូវបានកំណត់កាន់តែសុក្រឹត និងជាក់ស្តែងជាងមុន។ នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថាតើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះជាម្ចាស់ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រានោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់ មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះជាម្ចាស់ដោយស្រពិចស្រពិល ព្រោះព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួនឲ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថាមនុស្សបានជឿលើព្រះជាម្ចាស់តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនពេកពីមនុស្សនោះទេ ត្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះជាម្ចាស់ធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេបើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ចាក់ឬសក្នុងគំនិតរបស់គេ ប៉ុន្តែ ក៏នៅតែត្រៀមខ្លួនជាស្រេច ហើយព្រមស្ដាប់បង្គាប់ទ្រង់ គេនឹងមិនទទួលបានការថ្កោលទោសឡើយ។ ព្រះជាម្ចាស់ថ្កោលទោសមនុស្ស ដោយផ្អែកលើបំណង និងទង្វើរបស់ពួកគេ មិនមែនថ្កោលទោស ដោយផ្អែកគំនិត និងយោបល់របស់ពួកគេឡើយ។ បើទ្រង់ថ្កោលទោសមនុស្ស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេ នោះនឹងគ្មានមនុស្សណាម្នាក់អាចគេចផុតពីព្រះហស្ដនៃសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកណាដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម នឹងត្រូវទទួលទណ្ឌកម្មដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។ ទាក់ទងនឹងមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទាំងអស់នេះ ការប្រឆាំងទាស់របស់ពួកគេ កើតចេញពីការពិតដែលថាពួកគេមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ដែលនាំពួកគេផុងខ្លួនទៅក្នុងសកម្មភាពដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ជាបន្តបន្ទាប់។ មនុស្សទាំងអស់នេះ មានចេតនាតតាំង និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែមានសញ្ញាណអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានចូលរួមក្នុងសកម្មភាពនានា ដែលរំខានដល់កិច្ចការរបស់ទ្រង់ទៀតផង ហើយដោយហេតុនេះ មនុស្សប្រភេទនេះនឹងត្រូវថ្កោលទោស។ អ្នកដែលគ្មានចេតនាធ្វើឱ្យរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងមិនទទួលនូវការថ្កោលទោសថាជាមនុស្សមានបាបនោះទេ ព្រោះពួកគេអាចស្ដាប់បង្គាប់ដោយសុទ្ធចិត្ត និងមិនចូលរួមក្នុងសកម្មភាពនានា ដែលបង្កឱ្យមានការរំខាន និងភាពវឹកវរនោះទេ។ មនុស្សបែបនេះនឹងមិនទទួលបានការថ្កោលទោសឡើយ។ ក៏ប៉ុន្តែ នៅពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេនៅបន្តមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ហើយនៅតែមិនអាចយល់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ហើយប្រសិនបើពួកគេនៅតែបន្តមានសញ្ញាណអំពីព្រះជាម្ចាស់ មិនថាពួកគេបានឆ្លងកាត់កិច្ចការរបស់ទ្រង់ច្រើនឆ្នាំប៉ុនណា ហើយនៅតែមិនអាចស្គាល់ទ្រង់បាន ដូច្នេះ ទោះបីជាពួកគេមិនបានចូលរួមក្នុងសកម្មភាពរំខាននានាក្តី ក៏ចិត្តរបស់ពួកគេបានដិតដាមទៅដោយសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយទោះបីជាសញ្ញាណទាំងនេះ មិនសម្តែងចេញមកច្បាស់ក្តី ក៏មនុស្សបែបនេះគ្មានប្រយោជន៍អ្វីចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនអាចផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ចំពោះទ្រង់បានឡើយ។ មនុស្សបែបនេះ គឺជាមនុស្សដែលគ្មានបានការ និងជាមនុស្សល្ងង់ខ្លៅ។ ដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេមិនអាចបោះចោលសញ្ញាណរបស់ពួកគេអំពីទ្រង់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវទទួលការថ្កោលទោស។ គេអាចនិយាយដូចនេះថា៖ ចំពោះអ្នកជឿថ្មី រឿងមានសញ្ញាណអំពីព្រះជាម្ចាស់ ឬមិនដឹងអ្វីសោះអំពីទ្រង់ វាជារឿងធម្មតាទេ តែចំពោះអ្នកដែលបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើន ហើយឆ្លងកាត់បទពិសោធន៍ក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ការដែលនៅមានសញ្ញាណបែបនេះ វាមិនមែនជារឿងធម្មតាទេ រីឯការដែលមិនដឹងអ្វីសោះអំពីព្រះជាម្ចាស់ គឺកាន់តែមិនធម្មតា ចំពោះមនុស្សបែបនេះទៀតផង។ ពួកគេត្រូវទទួលការថ្កោលទោស ក៏មិនមែនដោយសារតែស្ថានភាពធម្មតានេះដែរ។ មនុស្សមិនធម្មតាទាំងនេះ គឺសុទ្ធតែជាសំរាម។ ពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេ និងជាអ្នកដែលទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ទាំងមិនដឹងគុណ។ មនុស្សបែបនេះ នឹងត្រូវលុបបំបាត់ចោលនៅទីចុងបំផុត!

អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ នៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស? អ្នកដែលលើកស្ទួយខ្លួនឯងឲ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលបន្ទាបខ្លួន គឺជាមនុស្សមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថាពួកគេស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះជាម្ចាស់ ទោះបីជាគេមានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិនយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែពុំបានប្រព្រឹត្ដតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែប្រឆាំងទាស់នឹងសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលតិទៀនព្រះជាម្ចាស់ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះជាម្ចាស់បាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នា៖ ប្រសិនបើអ្នករាល់គ្នាពិតជាមានសេចក្តីជំនឿថា អ្នករាល់គ្នាអាចដើរតាមផ្លូវនេះបាន ចូរបន្តដើរតាមផ្លូវនេះចុះ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអាចហាមខ្លួនឯងមិនឲ្យប្រឆាំងនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវតែដើរចេញឲ្យឆ្ងាយ មុនហួសពេល។ បើមិនដូច្នោះទេ ឱកាសដែលរឿងអាក្រក់ធ្លាក់មកលើអ្នក គឺមានខ្ពស់ណាស់ ពីព្រោះចរិតពីកំណើតរបស់អ្នករាល់គ្នា ខូចអាក្រក់ខ្លាំងណាស់។ អ្នកគ្មានភាពស្មោះត្រង់ ឬការស្ដាប់បង្គាប់ ឬចិត្តដែលស្រេកឃ្លានសេចក្តីសុចរិត និងសេចក្តីពិត ឬសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ សូម្បីតែបន្តិចសោះ។ គេអាចនិយាយបានថា ស្ថានភាពរបស់អ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់ គឺពិតជាច្របូកច្របល់ខ្លាំងណាស់។ អ្នកមិនអាចគោរពតាមអ្វីដែលអ្នកគួរគោរពតាម និងមិនអាចនិយាយអ្វីដែលអ្នកគួរនិយាយ។ អ្វីដែលអ្នកគួរយកទៅក្នុងការអនុវត្ត អ្នកបែរជាមិនអាចអនុវត្តបាន។ ហើយមុខងារដែលអ្នកគួរតែបំពេញ អ្នកបែរជាមិនអាចបំពេញបាន។ អ្នកគ្មានភាពស្មោះត្រង់ គ្មានមនសិការ គ្មានការស្ដាប់បង្គាប់ ឬការសម្រេចចិត្តដែលអ្នកគួរធ្វើនោះទេ។ អ្នកមិនបានស៊ូទ្រាំនឹងការរងទុក្ខដែលតម្រូវឲ្យឱ្យអ្នកស៊ូទ្រាំនោះឡើយ ហើយអ្នកគ្មានសេចក្តីជំនឿដែលអ្នកគួរតែមាន។ និយាយឲ្យចំទៅ អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីទាំងអស់៖ តើអ្នករាល់គ្នាមិនខ្មាសអៀននឹងបន្តរស់នៅទេឬអី? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថា យកល្អ អ្នកគួរបិទភ្នែករបស់អ្នកគេងឲ្យលក់ជារៀងរហូតទៅ ធ្វើដូច្នេះកុំឲ្យព្រះជាម្ចាស់ទ្រង់ព្រួយព្រះទ័យពីបញ្ហា និងទុក្ខវេទនារបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ តែមិនស្គាល់ពីព្រះហឬទ័យរបស់ព្រះជាម្ចាស់។ អ្នកទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនអាចគោរពតាមអ្វីដែលព្រះជាម្ចាស់ចង់បានពីមនុស្សឡើយ។ អ្នកជឿលើព្រះជាម្ចាស់ តែបែរជាមិនស្គាល់ទ្រង់ ហើយអ្នកបន្តរស់នៅដោយគ្មានគោលដៅ ដើម្បីតស៊ូសម្រេចឲ្យបាន គ្មានតម្លៃ និងគ្មានន័យអ្វីសោះឡើយ។ អ្នករស់នៅជាមនុស្ស តែបែរជាគ្មានសតិសម្បជញ្ញៈ គ្មានភាពស្មោះត្រង់ ឬគ្មានភាពជឿជាក់សូម្បីតែបន្តិច តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សបានទៀតឬអី? អ្នកជឿលើព្រះជាម្ចាស់ តែបែរជាបោកបញ្ឆោតទ្រង់។ លើសពីនេះទៅទៀត អ្នកយកប្រាក់កាសរបស់ព្រះជាម្ចាស់ និងបរិភោគតង្វាយដែលបានថ្វាយដល់ទ្រង់។ តែនៅទីបញ្ចប់ អ្នកនៅតែមិនបានបង្ហាញនូវការគិតពិចារណា អំពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ ឬមានមនសិការចំពោះទ្រង់ សូម្បីបន្តិច។ សូម្បីតែការចង់បានតិចតួចបំផុតរបស់ព្រះជាម្ចាស់ ក៏អ្នកមិនអាចធ្វើបានផង។ តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សទៀតឬអី? ការបរិភោគអាហារដែលព្រះជាម្ចាស់ប្រទានដល់អ្នក និងការស្រូបយកអុកស៊ីសែនដែលទ្រង់បានប្រទានដល់អ្នករាល់គ្នា ដោយក្តីអំណរ និងព្រះគុណរបស់ទ្រង់ តែចុងក្រោយ សូម្បីបន្តិចក៏អ្នកមិនស្គាល់ទ្រង់ផង។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សឥតបានការ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាសត្វ ដែលទាបថោកជាងសត្វឆ្កែទេឬអី? ក្នុងចំណោមសត្វនានា តើមានសត្វណាមួយដែលសាហាវជាងអ្នករាល់គ្នាទៀតនោះ?

គ្រូគង្វាល និងមនុស្សចាស់ទុំដែលឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនទៅដល់អ្នកដទៃ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងជាសម្ព័ន្ធមិត្តរបស់សាតាំង។ តើអ្នករាល់គ្នាដែលមិនឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនដល់អ្នកដទៃ មិនមែនជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេទេឬអី? តើអ្នករាល់គ្នាមិនរួមគំនិតជាមួយសាតាំង ច្រើនជាងពួកគេទេឬអី? អ្នកដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រាកដណាស់ អ្នកដែលយល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនអាចមិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ។ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលមានកំហុសទេ មានតែសកម្មភាពរបស់មនុស្សប៉ុណ្ណោះ ដែលមានកំហុស។ តើមនុស្សអគុណធម៌ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ពួកគេមិនអាក្រក់ ហើយសាហាវជាងពួកគ្រូគង្វាល និងពួកចាស់ទុំទាំងនោះទេឬអី? មានមនុស្សជាច្រើនដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ប៉ុន្តែក្នុងចំណោមពួកគេ ក៏មានវិធីខុសគ្នាជាច្រើន ដែលពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ផងដែរ។ ដោយសារតែអ្នកជឿព្រះជាម្ចាស់មានគ្រប់សណ្ឋាន ហេតុដូច្នេះ អ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ក៏មានគ្រប់សណ្ឋានដែរ មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត។ មនុស្សដែលមិនស្គាល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបានសង្គ្រោះឡើយ។ កាលពីមុន មិនថាមនុស្សធ្លាប់បានប្រឆាំងទាស់នឹងព្រះជាម្ចាស់បែបណានោះទេ នៅពេលដែលមនុស្សចាប់ផ្ដើមយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយលះបង់ការខិតខំរបស់ខ្លួនដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ពេលនោះព្រះជាម្ចាស់នឹងលោះអំពើបាបរបស់ពួកគេពីមុនមកទាំងអស់។ ដរាបណាមនុស្សស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត ពេលនោះ ព្រះជាម្ចាស់នឹងមិនចងចាំអ្វីដែលពួកគេបានប្រព្រឹត្តឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់រាប់មនុស្សជាសុចរិត ដោយឈរលើមូលដ្ឋាននៃការអនុវត្តតាមសេចក្តីពិតរបស់ពួកគេ។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ មុនពេលដែលមនុស្សបានឃើញព្រះជាម្ចាស់ ឬឆ្លងកាត់កិច្ចការរបស់ទ្រង់ មិនថាមនុស្សធ្វើបែបណាចំពោះព្រះជាម្ចាស់ទេ ទ្រង់មិនទុកវានៅក្នុងព្រះទ័យទ្រង់ឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលមនុស្សបានឃើញព្រះជាម្ចាស់ និងឆ្លងកាត់កិច្ចការរបស់ទ្រង់ ពេលនោះរាល់ទង្វើ និងសកម្មភាពរបស់មនុស្ស នឹងត្រូវបានព្រះជាម្ចាស់កត់ត្រាបញ្ចូលទៅក្នុង «ក្រាំង» ត្បិតមនុស្សបានឃើញព្រះជាម្ចាស់ និងបានរស់នៅក្នុងកិច្ចការរបស់ទ្រង់។

នៅពេលដែលមនុស្សបានឃើញច្បាស់ថា ព្រះជាម្ចាស់ជានរណា និងមានអ្វីខ្លះ នៅពេលដែលពួកគេបានឃើញភាពឧត្តុង្គឧត្ដមរបស់ទ្រង់ ហើយនៅពេលដែលពួកគេបានដឹងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត នៅពេលដែលនិស្ស័យចាស់របស់មនុស្ស ត្រូវបានបំផ្លាស់បំប្រែ នោះមនុស្សនឹងបោះបង់ចោលទាំងស្រុងនូវនិស្ស័យបះបោររបស់គេដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អាចនិយាយបានថា មនុស្សគ្រប់រូប មានពេលខ្លះប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយនៅពេលខ្លះ មនុស្សគ្រប់រូប បានបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមានចេតនាស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ហើយផ្គាប់ព្រះទ័យរបស់ព្រះជាម្ចាស់ចាប់ពីពេលនេះទៅ ដោយភាពស្មោះត្រង់របស់អ្នក ចូរអនុវត្តតាមសេចក្តីពិតដែលអ្នកគួរអនុវត្ត បំពេញភារកិច្ចដែលអ្នករាល់គ្នាគួរបំពេញ និង ប្រព្រឹត្តតាមបទបញ្ជាដែលអ្នកគួរប្រព្រឹត្តតាម ពេលនោះអ្នកគឺជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ចោលការបះបោររបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាចចេសរឹងរូស មិនព្រមមើលឃើញកំហុសរបស់ខ្លួន និងគ្មានបំណងកែប្រែខ្លួន ប្រសិនបើអ្នកនៅតែជម្នះ ចង់បន្តការបះបោររបស់អ្នក ដោយគ្មានបំណងចង់ប្រកបជាមួយព្រះជាម្ចាស់ និងផ្គាប់ព្រះហឬទ័យរបស់ទ្រង់ ដូច្នេះមនុស្សដែលមានចិត្តរឹងត្បឹង និងមិនចេះប្រែចិត្តដូចជាអ្នក ពិតជានឹងត្រូវទទួលទណ្ឌកម្មជាក់ជាមិនខាន ហើយក៏នឹងមិនដែលក្លាយជាមនុស្សដែលព្រះជាម្ចាស់ប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ អ្នកគឺជាសត្រូវរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ហើយថ្ងៃស្អែក អ្នកនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកនឹងនៅតែបន្តក្លាយជាសត្រូវរបស់ព្រះជាម្ចាស់នៅថ្ងៃក្រោយទៀតដែរ។ អ្នករាល់គ្នានឹងក្លាយជាអ្នកប្រឆាំងទាស់ និងជាសត្រូវរបស់ព្រះជាម្ចាស់ជារៀងរហូត។ ក្នុងករណីនេះ តើព្រះជាម្ចាស់អាចលើកលែងទោសដល់អ្នករាល់គ្នាដូចម្តេចបាន? ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាជាចរិតរបស់មនុស្ស តាំងពីកំណើត ប៉ុន្ដែ មនុស្សមិនបាច់មានចេតនាស្វែងយល់ពី «អាថ៌កំបាំង» នៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់នោះទេ ដ្បិតការផ្លាស់ប្តូរចរិតលក្ខណៈរបស់មនុស្ស គឺជាកិច្ចការដែលពិបាកបំផុត។ ប្រសិនបើដូច្នោះមែន នោះអ្នកគួរតែដើរចេញឱ្យឆ្ងាយ មុនហួសពេល ក្រែងលោទណ្ឌកម្មរបស់អ្នកនាពេលអនាគត កាន់តែធ្ងន់ធ្ងរ ហើយក្រែងលោចរិតធម្មជាតិដ៏កាចសាហាវរបស់អ្នករាល់គ្នាផ្ទុះឡើង និងមិនអាចគ្រប់គ្រងបាន រហូតរាងកាយខាងសាច់ឈាមរបស់អ្នក ត្រូវព្រះជាម្ចាស់កម្ចាត់ចោលនៅទីចុងបំផុតទៅ។ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ។ ប៉ុន្តែ ប្រសិនបើនៅទីបំផុត មានតែសំណាងអាក្រក់ដែលកើតឡើងចំពោះអ្នក តើនោះមិនមែនជាការអាម៉ាស់ទេឬអី? ខ្ញុំសុំលើកទឹកចិត្តអ្នកចុះ យកល្អ អ្នកត្រូវរៀបចំផែនការមួយទៀត។ អ្វីក៏ដោយដែលអ្នកអាចធ្វើបាន មុខជាល្អប្រសើរជាងការជឿលើព្រះជាម្ចាស់៖ ប្រាកដណាស់ ផ្លូវមិនមែនមានតែមួយនេះទេ។ ប្រសិនបើអ្នកមិនបានស្វែងរកសេចក្តីពិត តើអ្នកអាចបន្តរួចជីវិតបានទេ? ហេតុអ្វីបានជាអ្នកត្រូវតែប្រឆាំងនឹងព្រះជាម្ចាស់ យ៉ាងដូច្នេះ?

ខាង​ដើម៖ ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់

បន្ទាប់៖ មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ