៤. អ្វីជាការដើរតាមព្រះជាម្ចាស់ និងអ្វីជាការដើរតាមមនុស្ស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងឃ្លាថា «អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់នឹងទទួលបានសេចក្តីសង្រ្គោះ» អត្ថន័យនៃពាក្យថា «ដើរតាម» គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិត នៃពាក្យថា «ដើរតាម» មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឲ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឲ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្នកដឹងទេថា ការដើរតាមព្រះជាម្ចាស់មានន័យដូចម្ដេច? បើគ្មាននិមិត្ត តើអ្នកនឹងដើរផ្លូវមួយណា? នៅក្នុងកិច្ចការនាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមិនមាននិមិត្ត អ្នកនឹងមិនអាចត្រូវប្រោសឲ្យពេញខ្នាតបានឡើយ។ តើអ្នកជឿលើអ្នកណា? ហេតុអ្វីបានជាអ្នកជឿលើទ្រង់? ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកយល់ឃើញថា ជំនឿរបស់អ្នកដូចជាល្បែងលេងមែនទេ? តើអ្នកកំពុងដោះស្រាយបញ្ហាជីវិតរបស់អ្នក ដូចជារបស់លេងសើចមែនទេ? ព្រះជាម្ចាស់នៃបច្ចុប្បន្ន គឺជានិមិត្តដ៏អស្ចារ្យបំផុត។ តើអ្នកបានស្គាល់ទ្រង់ច្រើនប៉ុនណាហើយ? តើអ្នកបានឃើញទ្រង់ច្រើនប៉ុនណាហើយ? ដោយបានឃើញព្រះជាម្ចាស់នៃបច្ចុប្បន្ន តើគ្រឹះនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់រឹងមាំឬទេ? តើអ្នកគិតថា អ្នកនឹងទទួលបានការសង្គ្រោះ ដរាបណាអ្នកដើរតាមផ្លូវដែលភក់ជ្រាំនេះឬ? តើអ្នកគិតថា អ្នកអាចចាប់ត្រីក្នុងទឹកល្អក់បានមែនទេ? ងាយម្ល៉ឹងមែនទេ? តើមានសញ្ញាណអ្វីខ្លះ ទាក់ទងនឹងព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងសព្វថ្ងៃនេះ? តើអ្នកមាននិមិត្តរបស់ព្រះជាម្ចាស់នៃបច្ចុប្បន្នដែរឬទេ? តើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៃបច្ចុប្បន្ន នៅត្រង់ណា? អ្នកជានិច្ចជាកាលជឿជាក់ថា អ្នកអាចទទួលបានទ្រង់[ក] ដោយគ្រាន់តែដើរតាមទ្រង់ ឬដោយគ្រាន់តែឃើញទ្រង់ ហើយជឿថា គ្មាននរណាម្នាក់អាចនឹងដកអ្នកចេញបានឡើយ។ កុំស្មានថា ការដើរតាមព្រះជាម្ចាស់ ជារឿងងាយអោយសោះ។ ចំណុចសំខាន់គឺថា អ្នកត្រូវតែស្គាល់ទ្រង់ អ្នកត្រូវតែស្គាល់កិច្ចការរបស់ទ្រង់ ហើយអ្នកត្រូវតែមានឆន្ទៈស៊ូទ្រាំការលំបាក ដើម្បីជាប្រយោជន៍ដល់ទ្រង់ មានឆន្ទៈលះបង់ជីវិតរបស់អ្នកសម្រាប់ទ្រង់ និងអោយបានគ្រប់លក្ខណ៍ដោយសារទ្រង់។ នេះជានិមិត្តដែលអ្នកគួរមាន។ វានឹងមិនកើតឡើងទេ ប្រសិនបើគំនិតរបស់អ្នកតែងតែទោរទៅរកការរីករាយនឹងព្រះគុណនោះ។ ចូរកុំនឹកស្មានថា ព្រះជាម្ចាស់គង់នៅទីនេះ សម្រាប់តែការរីករាយរបស់មនុស្ស ឬគ្រាន់តែផ្តល់ព្រះគុណដល់ពួកគេតែប៉ុណ្ណឹងនោះ។ អ្នកគិតហ្នឹងខុសហើយ! ប្រសិនបើមនុស្សម្នាក់មិនអាចប្រថុយជីវិតខ្លួន ដើម្បីដើរតាមទ្រង់ ហើយប្រសិនបើមនុស្សម្នាក់មិនអាចបោះបង់ចោលរាល់ភោគទ្រព្យដែលមានក្នុងលោកីយ៍ ដើម្បីដើរតាមទ្រង់ទេ នោះពួកគេប្រាកដជាមិនអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បានឡើយ! អ្នកត្រូវតែមាននិមិត្ត ទុកជាគ្រឹះរបស់អ្នក។ ប្រសិនបើសំណាងអាក្រក់កើតឡើងចំពោះអ្នកនៅថ្ងៃមួយ តើអ្នកគួរធ្វើអ្វីខ្លះ? តើអ្នកនៅតែអាចដើរតាមទ្រង់បានទេ? កុំនិយាយអោយសោះថា អ្នកអាចដើរតាមបានដល់ទីបញ្ចប់នោះ។ ដំបូង អ្នកគួរតែបើកភ្នែកអោយបានធំជាងមុន ដើម្បីមើលឃើញថា ពេលនេះម៉ោងប៉ុន្មានហើយ។ ទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាប្រហែលជាប្រៀបដូចជាសសរវិហារក៏ដោយ ក៏ពេលវេលានឹងមកដល់ ជាពេលដែលសសរបែបនេះ នឹងត្រូវសត្វដង្កូវកកេរ ធ្វើឲ្យវិហាររលំទៅវិញ ព្រោះសព្វថ្ងៃនេះមាននិមិត្តច្រើនណាស់ដែលអ្នករាល់គ្នានៅខ្វះខាត។ អ្នករាល់គ្នាយកចិត្តទុកដាក់តែលើពិភពដ៏តូចផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយអ្នកមិនដឹងថា វិធីស្វែងរកដែលគួរឲ្យទុកចិត្ត និងសមស្របបំផុត គឺជាអ្វីទេ។ អ្នករាល់គ្នាមិនបានយកចិត្តទុកដាក់លើនិមិត្តនៃកិច្ចការសព្វថ្ងៃនេះទេហើយអ្នករាល់គ្នាក៏មិនបានទុករឿងទាំងនេះនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរ។ តើអ្នករាល់គ្នាមានបានគិតទេថា ថ្ងៃណាមួយព្រះជាម្ចាស់របស់អ្នករាល់គ្នា នឹងដាក់អ្នករាល់គ្នានៅកន្លែងដែលមិនធ្លាប់ស្គាល់សោះ? តើអ្នករាល់គ្នាអាចស្រម៉ៃបានទេថា មានអ្វីកើតឡើងចំពោះអ្នក នៅថ្ងៃមួយ ដែលខ្ញុំអាចនឹងរឹបយកអ្វីៗគ្រប់យ៉ាងពីអ្នករាល់គ្នា? តើថាមពលរបស់អ្នករាល់គ្នានៅថ្ងៃនោះ នឹងដូចជានៅពេលនេះទេ? តើសេចក្ដីជំនឿរបស់អ្នកនឹងមានឡើងវិញទៀតទេ? ក្នុងការដើរតាមព្រះជាម្ចាស់ អ្នកត្រូវស្គាល់និមិត្តដ៏អស្ចារ្យបំផុតនេះ នោះគឺ «ព្រះជាម្ចាស់»៖ នេះគឺជារឿងដែលសំខាន់បំផុត។

ដកស្រង់ពី «អ្នករាល់គ្នាត្រូវយល់កិច្ចការរបស់ព្រះជាម្ចាស់៖ ចូរកុំដើរតាមទាំងវង្វេងវង្វាន់!» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលពួកគេគ្មានបញ្ហាអ្វី នៅពេលដែលអ្វីៗប្រព្រឹត្តទៅដោយរលូនចំពោះពួកគេ មនុស្សភាគច្រើនមានអារម្មណ៍ថា ព្រះជាម្ចាស់មានគ្រប់ព្រះចេស្តា និងសុចរិត និងគួរឱ្យស្រឡាញ់។ នៅពេលព្រះជាម្ចាស់ល្បងលពួកគេ ដោះស្រាយជាមួយពួកគេ វាយផ្ចាលពួកគេ លត់ដំពួកគេ នៅពេលទ្រង់ឱ្យពួកគេទម្លាក់ចោលនូវផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ឱ្យគេបែរខ្នងដាក់ខាងសាច់ឈាម និងអនុវត្តតាមសេចក្ដីពិត នៅពេលព្រះជាម្ចាស់បំពេញកិច្ចការលើពួកគេ ហើយចាត់ចែង និងគ្រប់គ្រងលើវាសនា និងជីវិតរបស់ពួកគេ ពួកគេបែរជាបះបោរ ហើយបង្កើតការទាស់ទែងរវាងពួកគេជាមួយនឹងព្រះជាម្ចាស់។ ពួកគេបង្កជម្លោះ និងបង្កើតឱ្យមានភាពខុសគ្នារវាងពួកគេ និងព្រះជាម្ចាស់។ នៅក្នុងពេលបែបនេះ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់មិនគួរឱ្យស្រឡាញ់បន្តិចណាសោះ។ ទ្រង់លែងមានគ្រប់ព្រះចេស្ដាទៀតហើយ ត្បិតអ្វីដែលទ្រង់ធ្វើ ពុំត្រូវតាមការចង់បានរបស់ពួកគេ។ ព្រះជាម្ចាស់ធ្វើឱ្យពួកគេក្រៀមក្រំ។ ទ្រង់ធ្វើឱ្យពួកគេពិបាកចិត្ត។ ទ្រង់នាំការឈឺចាប់ និងទុក្ខសោកមកឱ្យពួកគេ។ ទ្រង់ធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ។ ហេតុនេះហើយ ពួកគេពុំចុះចូលនឹងព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញពួកគេបះបោរទាស់នឹងទ្រង់ និងគេចចេញពីទ្រង់។ តើពួកគេកំពុងអនុវត្តសេចក្ដីពិតដោយធ្វើបែបនេះមែនទេ? តើពួកគេកំពុងដើរតាមផ្លូវរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? អត់ទេ។ ដូច្នេះ មិនថាអ្នកមានសញ្ញាណ និងការស្រមើស្រមៃច្រើនប៉ុនណាអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ហើយមិនថាកាលពីមុនអ្នកបានធ្វើបែបណាតាមបំណងផ្ទាល់ខ្លួនរបស់អ្នក និងបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណានោះទេ ប្រសិនបើអ្នកពិតជាស្វែងរកសេចក្ដីពិត និងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទទួលយកការលួសកាត់ និងការដោះស្រាយតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើគ្រប់កិច្ចការដែលទ្រង់ចាត់ចែង អ្នកអាចដើរតាមវិធីរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងយល់ពីបំណងហឫទ័យរបស់ទ្រង់ អនុវត្តទៅតាមព្រះបន្ទូល និងបំណងហឫទ័យរបស់ទ្រង់ អាចស្វែងរកចុះចូល និងអាចទម្លាក់ចុះនូវឆន្ទៈ បំណងចិត្ត ការគិតពិចារណា ការជំរុញចិត្ត និងការទទឹងទាស់ផ្ទាល់ខ្លួនរបស់អ្នកចំពោះព្រះជាម្ចាស់ទៅម្ខាងបាន មានតែពេលនោះទេដែលអ្នកកំពុងដើរតាមព្រះជាម្ចាស់។ អ្នកនិយាយថា អ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែគ្រប់យ៉ាងដែលអ្នកធ្វើ អ្នកធ្វើតាមបំណងផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងគ្រប់យ៉ាងដែលអ្នកធ្វើ អ្នកមានបំណងផ្ទាល់ខ្លួន មានផែនការផ្ទាល់របស់អ្នក។ អ្នកពុំបានទុកឱ្យព្រះជាម្ចាស់ជាអ្នកសម្រេចនោះទេ។ ដូច្នេះ តើព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់របស់អ្នកដែរឬទេ? ដូច្នេះ ប្រសិនបើព្រះជាម្ចាស់ មិនមែនជាព្រះជាម្ចាស់របស់អ្នកទេ នៅពេលដែលអ្នកនិយាយថាអ្នកដើរតាមព្រះជាម្ចាស់ តើនេះមិនមែនជាពាក្យឥតខ្លឹមសារទេឬអី? តើពាក្យសម្ដីបែបនេះមិនមែនជាការប៉ុនប៉ងដើម្បីបោកបញ្ឆោតគេទេឬអី? អ្នកនិយាយថាអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែរាល់ទង្វើ និងឥរិយាបថទាំងអស់របស់អ្នក ទស្សនៈរបស់អ្នកចំពោះជីវិត គុណតម្លៃរបស់អ្នក និងអាកប្បកិរិយា ព្រមទាំងគោលការណ៍ដែលអ្នកយកមកប្រើ និងដោះស្រាយបញ្ហាសុទ្ធតែមកអំពីសាតាំង អ្នកដោះស្រាយបញ្ហាទាំងអស់នេះទៅតាមគោលការណ៍ និងហេតុផលរបស់សាតាំងទាំងស្រុង។ ដូច្នេះ តើអ្នកតើដើរតាមព្រះជាម្ចាស់ដែរឬទេ?

... វិធីងាយស្រួលបំផុតដើម្បីពិពណ៌នាអំពីការជឿលើព្រះជាម្ចាស់ គឺការទុកចិត្តថា ព្រះជាម្ចាស់មានពិត ហើយផ្អែកតាមមូលដ្ឋាននេះ ការដើរតាមទ្រង់ ការស្ដាប់បង្គាប់ទ្រង់ ការទទួលយកការត្រួតត្រា ការចាត់ចែង និងការរៀបចំរបស់ទ្រង់ ការស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ការរស់នៅទៅតាមព្រះបន្ទូលរបស់ទ្រង់ ការធ្វើអ្វីៗទៅតាមព្រះបន្ទូលរបស់ទ្រង់ ការធ្វើជាសត្តនិករដ៏ពិតប្រាកដ និងការកោតខ្លាចដល់ទ្រង់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺការធ្វើបែបនេះហើយទើបជាការជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ។ នេះហើយគឺជាអត្ថន័យនៃការដើរតាមព្រះជាម្ចាស់។ អ្នកនិយាយថាអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែក្នុងចិត្តរបស់អ្នក អ្នកមិនបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានទទួលយកការត្រួតត្រា ការចាត់ចែង និងការរៀបចំរបស់ទ្រង់ឡើយ។ ប្រសិនបើអ្នកតែងតែមានសញ្ញាណអំពីអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយអ្នកតែងតែយល់ខុសពីអ្វីដែលទ្រង់ធ្វើ ហើយរអ៊ូរទាំអំពីរឿងនេះ ប្រសិនបើអ្នកតែងតែខកចិត្ត ហើយអ្នកតែងតែវាស់ស្ទង់ និងនិយាយពីអ្វីដែលទ្រង់ធ្វើដោយប្រើសញ្ញាណនិងការស្រមើស្រមៃរបស់អ្នកខ្លួនឯង ប្រសិនបើអ្នកតែងតែមានការយល់ដឹងផ្ទាល់ខ្លួន នោះវានឹងបង្កបញ្ហាមិនខាន។ អ្នកនឹងមិនអាចដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានទេ ហើយអ្នកគ្មានផ្លូវដើម្បីដើរតាមទ្រង់ដោយពិតប្រាកដបានឡើយ។ បែបនេះមិនមែនជាការជឿលើព្រះជាម្ចាស់ទេ។

ដកស្រង់ពី «ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯង ដើម្បីបម្រើព្រះក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែ កិត្តិនាម ទ្រព្យសម្បត្តិ និងសិរីរុងរឿង។ ដោយព្រោះតែចម្ងល់មួយថា ម៉េចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឲ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម៉េចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅ វិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះ ជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះ នោះផ្ទៃមេឃ និងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់ នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឲ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឲ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះ គ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយ ដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែ បែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសព ដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែ អ្នកបែរជារីករាយនឹងប្រគល់ខ្លួន ទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទ ទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ ទៅរកកេរ្តិ៍ឈ្មោះរបស់គេ ទៅរកឋានៈរបស់គេ និងទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវចិត្តគំនិតមួយគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ ក្នុងចិត្តអ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះអ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នក ជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានមានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំហ៊ាននិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿ នៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត ដូច្នេះ អ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្ស ស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មិនថាកម្រិតថ្នាក់ដឹកនាំ និងអ្នកធ្វើកិច្ចការនៅក្នុងពួកជំនុំកម្រិតណាក៏ដោយ ប្រសិនបើអ្នករាល់គ្នាតែងតែថ្វាយបង្គំដល់ពួកគេ ហើយពឹងផ្អែកលើពួកគេចំពោះអ្វីៗគ្រប់យ៉ាងដើម្បីឲ្យបានជឿលើព្រះជាម្ចាស់ និងទទួលបានសេចក្ដីសង្រ្គោះ នោះការគិតបែបនេះគឺជាការខុសឆ្គង។ មិនថាឋានៈរបស់ពួកគេក្នុងថ្នាក់ដឹកនាំកម្រិតណាក៏ដោយ ពួកគេនៅតែជាមនុស្សសាមញ្ញ ហើយប្រសិនបើអ្នកមើលឃើញថាពួកគេមានភាពប្រសើរជាង ប្រសិនបើអ្នកមានអារម្មណ៍ថាពួកគេខ្ពស់ជាងអ្នក ឃើញថាពួកគេអស្ចារ្យជាង ឬមានសមត្ថភាពជាងអ្នក និងថាពួកគេគួរតែដឹកនាំអ្នក ថាពួកគេមានភាពប្រសើរជាងគ្រប់ផ្នែកទាំងអស់ជាងអ្នកដទៃទៀត នោះគឺជាការគិតខុសហើយ។ វាគឺជាការភាន់នៃគំនិតរបស់អ្នក។ ហើយតើការភាន់នៃគំនិតនេះនាំទៅដល់ផលវិបាកអ្វីខ្លះ? ការភ័ន្តគំនិត ការយល់ខុសនេះនឹងនាំឲ្យអ្នកវាស់វែងអ្នកដឹកនាំរបស់អ្នកដោយមិនដឹងខ្លួន ដោយប្រឆាំងនឹងសេចក្ដីតម្រូវដែលមិនស្របតាមការពិត។ ក្នុងពេលជាមួយគ្នានេះ បើអ្នកមិនបានដឹងពីវាទេ អ្នកក៏នឹងត្រូវបានទាក់ទាញយ៉ាងខ្លាំងទៅនឹងអ្វីដែលគេហៅថាសមត្ថភាពធ្វើអ្វីៗបានល្អ និងប្រកបដោយទំនុកចិត្ត ឬសមត្ថភាព និងទេពកោសល្យរបស់ពួកគេ មុនពេលដែលអ្នកស្គាល់វា គឺអ្នកកំពុងថ្វាយបង្គំដល់ពួកគេ ហើយពួកគេបានក្លាយទៅជាព្រះរបស់អ្នក។ ចាប់តាំងពីពេលដែលពួកគេចាប់ផ្តើមក្លាយជាគម្រូរបស់អ្នក ជាវត្ថុនៃការថ្វាយបង្គំរបស់អ្នក មាគ៌ាដែលឆ្ពោះទៅរកពេលដែលអ្នកក្លាយទៅជាអ្នកដើរតាមពួកគេ នោះជាមាគ៌ាមួយដែលនឹងដឹកនាំអ្នកដោយមិនដឹងខ្លួនចេញឆ្ងាយពីព្រះជាម្ចាស់។ ទោះបីអ្នកឃ្លាតឆ្ងាយពីព្រះជាម្ចាស់បន្តិចម្ដងៗក៏ដោយ ក៏អ្នកនៅតែជឿថាអ្នកកំពុងដើរតាមព្រះជាម្ចាស់ដែរ ដែលអ្នកស្ថិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលអ្នកនៅក្នុងព្រះវត្តមាននៃព្រះជាម្ចាស់។ ទោះយ៉ាងណាដោយ បើមិនបានដឹងអំពីការនេះទេ អ្នកនឹងត្រូវទាសចេញឆ្ងាយដោយនរណាម្នាក់ដែលត្រូវបានពុករលួយដោយសាតាំង ឬក៏ជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះជាស្ថានភាពគ្រោះថ្នាក់បំផុត។ ដើម្បីដោះស្រាយបញ្ហានេះអ្នកត្រូវតែមានសមត្ថភាពយល់ និងវិនិច្ឆ័យបានច្បាស់លាស់ អំពីនិស្ស័យផ្សេងគ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងវិធីដែលពួកគេធ្វើប្រតិបត្តិការ ព្រមទាំងលក្ខណៈធម្មជាតិនៃសកម្មភាពរបស់ពួកគេ ហើយនិងវិធីសាស្ត្រ ព្រមទាំងល្បិចដែលពួកគេចូលចិត្តប្រើ។ អ្នករាល់គ្នាក៏ត្រូវចាប់ផ្តើមដោយធ្វើកិច្ចការដោយខ្លួនឯងបាន។ ការជឿលើព្រះជាម្ចាស់ តែថ្វាយបង្គំមនុស្ស នោះមិនមែនជាមាគ៌ាដ៏ត្រឹមត្រូវទេ។ អ្នកខ្លះអាចនិយាយថា៖ «អ៊ីចឹងខ្ញុំមានហេតុផលចំពោះការថ្វាយបង្គំមេដឹកនាំដែលខ្ញុំដើរតាម។ អ្នកដែលខ្ញុំថ្វាយបង្គំ គឺជាអ្នកដែលស្របតាមគំនិត និងការស្រមើស្រមៃរបស់ខ្ញុំ»។ ហេតុអ្វីបានជាអ្នកទទូចថ្វាយបង្គំមនុស្ស ទោះបីអ្នកជឿលើព្រះជាម្ចាស់? នៅពេលដែលអ្វីទាំងអស់ត្រូវបាននិយាយចេញ និងសម្រេចបាន តើអ្នកណាដែលនឹងជួយសង្រ្គោះអ្នក? តើអ្នកណាដែលស្រឡាញ់អ្នកពិតប្រាកដ និងការពារអ្នក។ តើអ្នកពិតជាមិនបានឃើញទេឬអី? អ្នកបានដើរតាមព្រះជាម្ចាស់ ហើយស្តាប់តាមព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើមាននរណាម្នាក់និយាយ និងប្រព្រឹត្តត្រឹមត្រូវ ហើយស្របតាមគោលការណ៍ដែលជាសេចក្តីពិត នោះតើការស្តាប់តាមសេចក្តីពិតមិនគ្រប់គ្រាន់សម្រាប់អ្នកទេឬ? ហេតុអ្វីបានជាអ្នកមានមូលដ្ឋានដូច្នេះ? អ្នកទទូចចង់រកមនុស្សដែលអ្នកថ្វាយបង្គំដើម្បីដើរតាម។ ហេតុអ្វីបានជាអ្នកចូលចិត្តធ្វើជាបាវបម្រើរបស់សាតាំង? ហេតុអ្វីមិនធ្វើជាអ្នកបម្រើនៃសេចក្ដីពិតជំនួសវិញ? ចូររកមើលនៅទីនេះដើម្បីឃើញថាតើមនុស្សម្នាក់មានញាណដឹង និងភាពថ្លៃថ្នូរឬអត់។ អ្នកគួរតែចាប់ផ្តើមដោយធ្វើការដោយខ្លួនឯង ដោយការបំពាក់ខ្លួនឯងនូវសេចក្ដីពិត ដែលធ្វើឲ្យឃើញភាពខុសគ្នារវាងមនុស្ស និងព្រឹត្តិការណ៍ផ្សេងៗ ការចេះអភិវឌ្ឍនូវការវិនិច្ឆ័យរវាងគ្រប់ទាំងវិធីដែលព្រឹត្តិការណ៍ និងមនុស្សម្នាក់ៗបានបង្ហាញចេញ ដោយការដឹងគ្រប់ករណីទាំងអស់ នោះនឹងឃើញថាតើធម្មជាតិនិងនិស្ស័យអ្វីខ្លះត្រូវបានបើកសម្ដែង។ អ្នកក៏ត្រូវយល់ដែរថា អ្នកជាមនុស្សប្រភេទណា មនុស្សប្រភេទណាដែលនៅជុំវិញអ្នក និងមនុស្សប្រភេទណាដែលកំពុងដឹកនាំអ្នក។ អ្នកត្រូវតែអាចចាត់ទុកពួកគេឲ្យបានត្រឹមត្រូវ។ នៅពេលដែលអ្នកត្រូវបានបំពាក់ដោយសេចក្ដីពិត ដោយមានជំហរបែបនេះ នោះអ្នកនឹងមិនងាយនឹងចាញ់ឧបាយកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយអ្នកក៏មិនខ្លាចចាញ់បោកគេដែរ។

ដកស្រង់ពី «ពួកគេធ្វើសកម្មភាពដោយលាក់លៀម ប្រព្រឹត្តបែបបុគ្គលនិយម និងផ្តាច់ការ មិនដែលប្រកបជាមួយមនុស្ស ហើយបង្ខំមនុស្សឲ្យស្ដាប់បង្គាប់» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មិនថាមនុស្សដែលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងក្រុមជំនុំមានប៉ុន្មាននាក់ មិនថាមានពីរនាក់ ឬជាងដប់នាក់ឡើយ ពេលដែលពួកគេបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេមិនមានបទពិសោធន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេគ្មានទំនាក់ទំនង និងគ្មានចំណែកនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេក្លាយជាក្រុមសាសនាមួយ។ តើមនុស្សទាំងនេះ មិនសិ្ថតនៅក្នុងគ្រោះថ្នាក់ដ៏ធំឬ? ពួកគេមិនដែលស្វែងរកសេចក្ដីពិតឡើយ នៅពេលដែលត្រូវប្រឈមមុខនឹងបញ្ហា ហើយពួកគេមិនប្រព្រឹត្តដោយផ្អែកលើគោលការណ៍ដែលជាសេចក្ដីពិតឡើយ ផ្ទុយទៅវិញ ពួកគេជាកម្មវត្ថុនៃការរៀបចំ និងការចាត់ចែងរបស់មនុស្ស។ ក៏មានមនុស្សជាច្រើនផងដែរដែលមិនធ្លាប់អធិស្ឋាន ឬស្វែងរកគោលការណ៍ ដែលជានៃសេចក្ដីពិតឡើយ ខណៈដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេគ្រាន់តែសួរអ្នកដទៃ ហើយធ្វើតាមអ្វីដែលអ្នកដទៃធ្វើប៉ុណ្ណោះ ដោយការធ្វើតាមការឱ្យតម្រុយពីអ្នកដទៃ។ ទីណាដែលមនុស្សផ្សេងអាចចង្អុលបង្ហាញ នោះពួកគេទៅទីនោះ។ នៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ពួកគេមានអារម្មណ៍ថា ការស្វែងរកសេចក្ដីពិត គឺមានសភាពស្រពេចស្រពិល និងមានបញ្ហា ខណៈដែលការពឹងផ្អែកលើអ្នកដទៃ និងការធ្វើអ្វីដែលអ្នកដទៃប្រាប់ មានភាពងាយស្រួល និងជាក់ស្ដែងបំផុត ដូច្នេះហើយ ពួកគេធ្វើអ្វីដែលត្រង់ៗ និងគ្មានការឈឺចាប់បំផុត ដោយការសួរអ្នកដទៃ និងធ្វើទៅតាមតែពួកគេនិយាយនៅក្នុងគ្រប់អ្វីៗទាំងអស់។ ជាលទ្ធផល សូម្បីតែបន្ទាប់ពីការជឿអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ នៅពេលដែលប្រឈមមុខនឹងបញ្ហា នោះពួកគេមិនដែលមកឯចំពោះព្រះភ័ក្រព្រះជាម្ចាស់ ដោយការអធិស្ឋាន និងការស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់ និងស្វែងរកសេចក្ដីពិតម្ដងណាឡើយ ហើយបន្ទាប់មក ពួកគេមិនដែលសម្រេចបានការយល់អំពីសេចក្ដីពិត និងធ្វើសកម្មភាព ព្រមទាំងប្រព្រឹត្តដោយផ្អែកលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនដែលមានបទពិសោធន៍បែបនេះទេ។ តើមនុស្សបែបនេះពិតជាអនុវត្តសេចក្ដីជំនឿក្នុងព្រះជាម្ចាស់ឬ? ខ្ញុំឆ្ងល់ថា៖ ហេតុអ្វី នៅពេលដែលមនុស្សមួយចំនួនក្លាយជាផ្នែកនៃក្រុមមួយ ពួកគេងាយនឹងផ្លាស់ប្ដូរសណ្ឋានភ្លាមៗ ពីមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ ទៅជាមនុស្សម្នាក់ដែលជឿលើមនុស្ស ហើយពីមនុស្សម្នាក់ដែលដើរតាមព្រះជាម្ចាស់ ទៅជាមនុស្សម្នាក់ដែលដើរតាមមនុស្សទៅវិញ? ហេតុអ្វីបានជាពួកគេផ្លាស់ប្ដូរលឿនម៉្លេះ? ហេតុអ្វីបានជាពួកគេប្រព្រឹត្តដូច្នោះ សូម្បីតែបន្ទាប់ពីជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំក៏ដោយនោះ? ពួកគេបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំ ប៉ុន្តែគួរឱ្យចម្លែក ព្រះជាម្ចាស់មិនដែលមានទីកន្លែងនៅក្នុងចិត្តរបស់ពួកគេឡើយ។ ពួកគេមិនដែលមានទំនាក់ទំនងណាមួយជាមួយព្រះជាម្ចាស់សោះ។ សកម្មភាព ពាក្យសម្ដី ជីវិតរបស់ពួកគេ និងការប្រព្រឹត្ត ព្រមទាំងការដោះស្រាយបញ្ហារបស់ពួកគេ សូម្បីតែការបំពេញភារកិច្ច និងការបម្រើព្រះជាម្ចាស់របស់ពួកគេ គឺអ្វីទាំងអស់ដែលពួកគេធ្វើ អាកប្បកិរិយាទាំងអស់ដែលពួកគេបើកសម្ដែង គ្រប់យ៉ាងដែលពួកគេនិយាយ និងសូម្បីតែគំនិត ឬទស្សនៈនីមួយៗរបស់ពួកគេ ក៏គ្មានចំណុចណាមួយដែលមានទំនាក់ទំនងណាមួយជាមួយនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើបុគ្គលនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកជឿដ៏ពិតឬ? តើវាជាអំណះអំណាងដែលថា ពួកគេមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ឬអត់? ពិតជាអត់ទេ។

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាមានមនុស្សប៉ុន្មាននាក់ជឿលើព្រះជាម្ចាស់ទេ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេ ត្រូវបានទ្រង់ហៅថាជាសាសនា ឬជាក្រុម នោះទ្រង់បានកំណត់រួចហើយថា ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? នៅក្នុងក្រុម ឬហ្វូងមនុស្សដែលគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហើយពួកគេមិនថ្វាយបង្គំទ្រង់ទាល់តែសោះ តើពួកគេថ្វាយបង្គំនរណា? តើពួកគេដើរតាមនរណា? នៅក្នុងសណ្ឋាន និងឈ្មោះ គឺពួកគេដើរតាមមនុស្ស ប៉ុន្តែតើនរណាដែលពួកគេដើរតាមជាចាំបាច់នោះ? បើគិតឱ្យជ្រៅទៅ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេគឺជាប្រធានបទនៃការរៀបចំ និងការចាត់ចែង ព្រមទាំងការគ្រប់គ្រងរបស់មនុស្ស។ ពួកគេដើរតាមសាតាំង ដែលជាអារក្ស។ ពួកគេដើរតាមកម្លាំងដែលមានសភាពជាគូបដិបក្ខរបស់ព្រះជាម្ចាស់ និងកម្លាំងដែលជាសត្រូវរបស់ទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សមួយក្រុមបែបនេះទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? តើពួកគេអាចមានការប្រែចិត្តបានទេ? (ទេ)។ ពួកគេមិនអាចប្រែចិត្តបានទេ។ ពួកគេគ្រវីទង់សេចក្ដីជំនឿ ដោយអនុវត្តកិច្ចការរបស់មនុស្ស និងអនុវត្តការគ្រប់គ្រប់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេរត់បញ្ច្រាសនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺជាលទ្ធផលមួយដែលព្រះជាម្ចាស់ស្អប់បំផុត និងបដិសេធ។ ទ្រង់មិនអាចសង្គ្រោះមនុស្សទាំងនេះបានទេ ពួកគេមិនអាចប្រែចិត្តឡើយ ពួកគេត្រូវបានសាតាំងចាប់បានហើយ។ ពួកគេស្ថិតនៅក្នុងដៃរបស់សាតាំងទាំងស្រុង។ នៅក្នុងសេចក្ដីជំនឿរបស់អ្នក តើចំនួនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់ ជារឿងសំខាន់ទេ ដែលឱ្យព្រះជាម្ចាស់សរសើរអ្នក ឬអត់នោះ? តើពិធី និងច្បាប់ដែលអ្នកប្រកាន់ខ្ជាប់ជារឿងសំខាន់ទេ? តើព្រះជាម្ចាស់ទតមើលវិធីសាស្ត្រអនុវត្តរបស់មនុស្សឬទេ? តើទ្រង់ទតមើលអំពីចំនួនមនុស្សទេ? ទ្រង់បានជ្រើសរើសមនុស្សជាតិមួយផ្នែក។ តើធ្វើដូចម្ដេចទើបទ្រង់អាចវាស់វែងថា ពួកគេអាច ឬមិនអាចត្រូវបានសង្គ្រោះ? ទ្រង់ធ្វើការសម្រេចព្រះទ័យនេះ ដោយផ្អែកលើផ្លូវដែលមនុស្សទាំងនេះដើរ។ នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាសេចក្ដីពិតដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្ស មានចំនួនតិចជាងសព្វថ្ងៃ ហើយមិនជាក់លាក់ក៏ដោយ ក៏ទ្រង់នៅតែអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរនៅពេលនោះ ហើយសេចក្ដីសង្គ្រោះនៅតែអាចកើតឡើង។ ដូច្នេះ ចំពោះមនុស្សនៅក្នុងសម័យនេះ ដែលបានឮសេចក្ដីពិតជាច្រើន ហើយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនអាចដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនអាចដើរលើមាគ៌ានៃសេចក្ដីសង្គ្រោះបានទេ នោះតើលទ្ធផលចុងក្រោយរបស់ពួកគេនឹងជាអ្វី? លទ្ធផលចុងក្រោយរបស់ពួកគេ នឹងដូចគ្នាទៅនឹងលទ្ធផលរបស់អ្នកជឿលើជំនឿគ្រីស្ទបរិស័ទ និងជំនឿពួកយូដា។ នឹងមិនមានលទ្ធផលខុសគ្នាទេ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់! មិនថា អ្នកបានស្ដាប់ការអធិប្បាយច្រើនប៉ុនណា ឬមិនថាអ្នកបានយល់សេចក្ដីពិតច្រើនប៉ុនណាឡើយ ទីបំផុត ប្រសិនបើអ្នកនៅតែដើរតាមមនុស្ស និងសាតាំង ហើយនៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែមិនអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន និងមិនអាចកោតខ្លាចទ្រង់ ព្រមទាំងចៀសវាងសេចក្ដីក្រក់ នោះមនុស្សបែបនេះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ។ ចំពោះរូបរាងខាងក្រៅទាំងអស់ មនុស្សដែលព្រះជាម្ចាស់ស្អប់ និងបដិសេធបែបនេះ អាចនិយាយបានច្រើនអំពីអក្សរ និងគោលលទ្ធិ ហើយអាចយល់សេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនអាចថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់បានទេ ហើយពួកគេមិនអាចចុះចូលទ្រង់ទាំងស្រុងឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ហៅពួកគេថាជាផ្នែកនៃសាសនាមួយ គឺត្រឹមតែជាក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមមនុស្ស និងជាអាស្រមអាស្រ័យរបស់សាតាំង។ ពួកគេទាំងអស់សំដៅលើក្រុមរបស់សាតាំង ហើយមនុស្សទាំងនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ជាខ្លាំង។

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

វាជាការល្អបំផុតសម្រាប់មនុស្សទាំងនោះដែលអះអាងថាដើរតាមព្រះជាម្ចាស់ដើម្បីបើកភ្នែកពួកគេ ហើយមើលឲ្យបានជាក់ដើម្បីឃើញច្បាស់ថានរណាដែលពួកគេគួរជឿ៖ តើពិតជាព្រះជាម្ចាស់ ឬសាតាំង ដែលអ្នកជឿ? ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកជឿមិនមែនជាព្រះជាម្ចាស់ទេ តែជារូបព្រះផ្ទាល់ខ្លួនរបស់អ្នក នោះវាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ប្រសិនបើអ្នកពិតជាមិនដឹងថាអ្នកជឿលើអ្នកណាទេ ដូច្នេះជាថ្មីម្តងទៀត វាជាការល្អបំផុតប្រសិនបើអ្នកមិនបានអះអាងថាជាអ្នកជឿ។ ការនិយាយអ៊ីចឹងគឺជាការប្រមាថ! គ្មាននរណាម្នាក់បង្ខំអ្នកឲ្យជឿលើព្រះជាម្ចាស់នោះទេ។ កុំនិយាយថាអ្នករាល់គ្នាជឿលើខ្ញុំឡើយ។ ខ្ញុំមានព្រះបន្ទូលបែបនេះគ្រប់គ្រាន់ហើយ ហើយខ្ញុំមិនចង់ឮវាម្តងទៀតទេ ពីព្រោះអ្វីដែលអ្នករាល់គ្នាជឿ គឺរូបព្រះនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា និងពួកអ្នកដែលរករឿងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នា។ អស់អ្នកដែលគ្រវីក្បាលនៅពេលពួកគេឮពីសេចក្តីពិត ដែលញញឹមពេលដែលពួកគេឮអំពីការជជែកពីសេចក្ដីស្លាប់ គឺជាអ្នកដែលកើតចេញពីសាតាំង ហើយពួកគេគឺជាអ្នកដែលនឹងត្រូវលុបបំបាត់។ មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តិរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី? ប្រសិនបើអ្នកពិតជាមនុស្សដែលស្រឡាញ់សេចក្តីពិត ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់ចំពោះអ្នកដែលអនុវត្តនូវសេចក្តីពិត ហើយហេតុអ្វីបានជាអ្នកធ្វើតាមអ្នកដែលមិនអនុវត្តសេចក្ដីពិតភ្លាមៗដូច្នេះ? តើនេះជាបញ្ហាប្រភេទអ្វី? ខ្ញុំមិនខ្វល់ថាអ្នកមានយោបល់ឬអត់។ ខ្ញុំមិនខ្វល់ថាអ្នកបានបង់ថ្លៃប៉ុន្មាននោះទេ។ ខ្ញុំមិនខ្វល់ថាតើកងកម្លាំងរបស់អ្នកធំប៉ុនណា ហើយខ្ញុំមិនខ្វល់ថាអ្នកគឺជាមនុស្សដែលរករឿងគេក្នុងពួកជំនុំ ឬជាអ្នកដឹកនាំដែលកាន់ទង់នោះទេ។ ប្រសិនបើកងកម្លាំងរបស់អ្នកគឺអស្ចារ្យ នោះគ្រាន់តែជាជំនួយពីកម្លាំងរបស់សាតាំងប៉ុណ្ណោះ។ ប្រសិនបើកិត្យានុភាពរបស់អ្នកខ្ពស់ ដូច្នេះនោះគឺគ្រាន់តែដោយសារតែមានមនុស្សជាច្រើននៅជុំវិញខ្លួនអ្នកដែលមិនអនុវត្តនូវសេចក្ដីពិតប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនត្រូវបានបណ្តេញចេញទេ នោះគឺដោយសារតែពេលនេះមិនមែនជាពេលវេលាសម្រាប់កិច្ចការនៃការបណ្តេញចេញ។ ផ្ទុយទៅវិញវាដល់ពេលកិច្ចការដែលត្រូវលុបបំបាត់ហើយ។ មិនមានការប្រញាប់ក្នុងការបណ្តេញអ្នកឥឡូវនេះទេ។ ខ្ញុំគ្រាន់តែរង់ចាំថ្ងៃដែលខ្ញុំនឹងដាក់ទោសអ្នកបន្ទាប់ពីអ្នកត្រូវបានលុបបំបាត់។ អស់អ្នកណាដែលមិនអនុវត្តនូវសេចក្ដីពិត នឹងត្រូវលុបបំបាត់!

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើមមិនមានពាក្យ «ទ្រង់»។

ខាង​ដើម៖ ៣. វិធីដែលមនុស្សអាចទទួលស្គាល់សេចក្ដីពិត និងអ្នកដែលអាចសម្ដែងចេញសេចក្ដីពិតយ៉ាងពិតប្រាកដ

បន្ទាប់៖ ១. វិធីស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់ទ្រង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ