១. វិធីដែលអាចសម្គាល់ព្រះគ្រីស្ទក្លែងក្លាយ និងសញ្ញាសម្គាល់របស់ពួកគេ

ខគម្ពីរយោង៖

«ហើយប្រសិនបើមានមនុស្សនិយាយប្រាប់ឯងរាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយ ព្រះគ្រីស្ទដែលអាចប្រទានឲ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានលក្ខណៈពិតរបស់ព្រះជាម្ចាស់ មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្រះប្រាជ្ញាញាណដែលទ្រង់មានក្នុងការអនុវត្ត កិច្ចការរបស់ទ្រង់ ជាប្រាជ្ញាញាណដែលមនុស្សរកយល់មិនដល់ឡើយ។ មនុស្សដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទ មិនមែនត្រឹមតែជាការបង្ហាញព្រះកាយ របស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់ទ្រង់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ រូបកាយសាច់ឈាមនេះ មិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឲ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឲ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទនឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈពិតរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឲ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់បុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស ដូច្នេះវាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា ដូច្នេះ គេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីព្រះគ្រីស្ទនៅលើផែនដី អាចធ្វើការជំនួសឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ប៉ុន្តែ ទ្រង់មិនយាងមកជាមួយបំណងចង់បង្ហាញដល់មនុស្សទាំងអស់អំពីរូបអង្គរបស់ទ្រង់នៅក្នុងសាច់ឈាមឡើយ។ ទ្រង់មិនបានយាងមក ដើម្បីឲ្យមនុស្សទាំងអស់មើលឃើញទ្រង់ទេ ប៉ុន្តែ ទ្រង់យាងមក ដើម្បីអនុញ្ញាតឲ្យមនុស្សត្រូវបានដឹកនាំដោយព្រះហស្តទ្រង់ និងឲ្យមនុស្សចូលទៅក្នុងយុគសម័យមួយថ្មី។ មុខងារនៃសាច់ឈាមរបស់ព្រះគ្រីស្ទ គឺសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងសាច់ឈាម ប៉ុន្តែ មិនមែននាំមនុស្សឲ្យយល់ទាំងស្រុងអំពីសារជាតិនៃសាច់ឈាមរបស់ទ្រង់ឡើយ។ មិនថាទ្រង់ធ្វើការដោយរបៀបណា គឺគ្មានអ្វីមួយដែលទ្រង់ធ្វើខ្ពស់ហួសពីអ្វីដែលសាច់ឈាមបានទទួលនោះឡើយ។ មិនថាទ្រង់ធ្វើការបែបណាទ្រង់ធ្វើការនោះនៅក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយមិនបានបើកសម្ដែងទាំងស្រុងទៅកាន់មនុស្សអំពីទឹកមុខដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មិនដែលជាកិច្ចការហួសពីនិស្ស័យធម្មជាតិ ឬលើសលុប ដែលមនុស្សយល់មិនដល់នោះទេ។ ទោះបីជាព្រះគ្រីស្ទតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងសាច់ឈាម និងអនុវត្តនៅក្នុងអង្គជាមនុស្ស ដោយធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគួរតែធ្វើក៏ដោយ ប៉ុន្តែ ទ្រង់មិនបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយក៏មិនប្រកាសពីទង្វើផ្ទាល់ខ្លួនរបស់ទ្រង់យ៉ាងរំភើបនោះដែរ។ ផ្ទុយទៅវិញ ទ្រង់បន្តលាក់មុខបន្ទាបខ្លួននៅក្នុងសាច់ឈាមរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ អស់អ្នកដែលបន្លំ ដោយអះអាងថាខ្លួនជាព្រះគ្រីស្ទ គ្មានគុណសម្បត្តិរបស់ទ្រង់ឡើយ។ នៅពេលដែលដាក់ក្បែរនិស្ស័យដ៏ក្អេងក្អាង និងតម្កើងខ្លួនរបស់ពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះ វាស្ដែងចេញឲ្យឃើញយ៉ាងច្បាស់អំពីឥរិយាបថខាងសាច់ឈាមរបស់ព្រះគ្រីស្ទដ៏ពិត។ បើពួកគេក្លែងបន្លំកាន់តែច្រើន នោះចរិតសម្ញែងអំពីព្រះគ្រីស្ទក្លែងក្លាយរបស់គេ នឹងស្ដែងចេញឲ្យឃើញកាន់តែច្បាស់ ហើយពួកគេនឹងធ្វើទីសម្គាល់ និងការអស្ចារ្យកាន់តែច្រើន ដើម្បីបោកបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយមិនមានគុណសម្បត្តិរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគ្រីស្ទមិនត្រូវបានសៅហ្មង ដោយសមាសធាតុណាមួយ ដែលពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះមានឡើយ។ ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីបំពេញកិច្ចការខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឲ្យកិច្ចការរបស់ទ្រង់ មកបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឲ្យអ្វីដែលទ្រង់បើកសម្ដែង បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋានឡើយ ប៉ុន្តែ អត្តសញ្ញាណរបស់ទ្រង់មិនត្រូវបានក្ដោបក្ដាប់ដោយព្រះហស្តរបស់ទ្រង់ឡើយ ប៉ុន្តែ វាត្រូវបានកំណត់ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។

ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនធ្វើទីសម្គាល់ និងឫទ្ធិបារមីឡើយ ដូច្នេះ កិច្ចការនឹងសម្រេចជាលទ្ធផល តាមរយៈមធ្យោបាយនៃការថ្លែងព្រះបន្ទូល។ លើសពីនេះទៅទៀត ហេតុផលសម្រាប់ការនេះ គឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ មិនមែនដើម្បីប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែ ដើម្បីយកឈ្នះមនុស្ស តាមរយៈការមានបន្ទូលវិញ មានន័យថា សមត្ថភាពដើមដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់នេះមាន គឺថ្លែងព្រះបន្ទូល និងយកឈ្នះមនុស្ស មិនមែនប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សឡើយ។ កិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញមិនមែនធ្វើការអស្ចារ្យ មិនមែនប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែគឺថ្លែងព្រះបន្ទូលដូច្នេះ មហាជនមើលឃើញថា សាច់ឈាមជាមនុស្ស លើកទីពីរហាក់ដូចជាមានលក្ខណៈ ជាមនុស្សសាមញ្ញ កាន់តែច្រើនជាងលើកទីមួយ របស់ទ្រង់។ មនុស្សមើលឃើញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីកុហកឡើយ ប៉ុន្តែ ព្រះដែលយកកំណើតជាមនុស្សលើកនេះ មានលក្ខណៈខុសប្លែកពីព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ហើយទោះបីព្រះទាំងពីរអង្គជាព្រះជាម្ចាស់យកកំណើតជាមនុស្សក៏ដោយ ប៉ុន្តែ ព្រះអង្គទាំងពីរមិនមានលក្ខណៈដូចគ្នាទាំងស្រុងឡើយ។ ព្រះយេស៊ូវមានភាពជាមនុស្សសាមញ្ញ ភាពជាមនុស្សធម្មតា ប៉ុន្តែ ទ្រង់ក៏មានអមមកជាមួយនូវទីសម្គាល់ និងឫទ្ធិបារមីជាច្រើនផងដែរ។ នៅក្នុងព្រះដែលយកកំណើតជាមនុស្សនេះ ភ្នែករបស់មនុស្សនឹងមើលមិនឃើញពីទីសម្គាល់ ឫទ្ធិបារមីការប្រោសអ្នកជំងឺឲ្យជា ការបណ្ដេញអារក្ស ការយាងដើរលើទឹក ឬការតមអាហាររយៈពេល សែសិបថ្ងៃនោះទេ...។ ជាទូទៅទ្រង់មិនធ្វើកិច្ចការដដែលដែលព្រះយេស៊ូវបានធ្វើនោះឡើយ មិនមែនដោយសារតែសាច់ឈាម របស់ទ្រង់មានលក្ខណៈខុសប្លែកពីសាច់ឈាមរបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែ គឺដោយសារតែការប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្ស មិនមែនជាព័ន្ធកិច្ចរបស់ទ្រង់ទេ។ ទ្រង់មិនបំផ្លាញកិច្ចការរបស់ទ្រង់ផ្ទាល់ ឬរំខានកិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ដោយសារតែទ្រង់ យកឈ្នះមនុស្ស តាមរយៈព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដូច្នេះវា មិនចាំបាច់អ្វី ដែលត្រូវយកឈ្នះលើគេ ដោយការអស្ចារ្យឡើយ ដ្បិតដំណាក់កាលនេះ គឺជាការបញ្ចប់កិច្ចការ នៃការយកកំណើតជាមនុស្ស។ ព្រះដែលយកកំណើតជាមនុស្សដែលអ្នកមើលឃើញនាពេលសព្វថ្ងៃ មានលក្ខណៈសាច់ឈាមទាំងស្រុង ហើយទ្រង់គ្មានសោះឡើយនូវលក្ខណៈបែបអធិធម្មជាតិនោះ។ ទ្រង់ចេះឈឺដូចជាមនុស្សផ្សេងទៀត ទ្រង់ត្រូវការអាហារ និងសម្លៀកបំពាក់ដូចជាអ្នកឯទៀតៗ គឺទ្រង់ជាសាច់ឈាមទាំងស្រុងតែម្ដង។ សម្រាប់លើកនេះ ប្រសិនបើព្រះដែលយកកំណើតជាមនុស្សបានធ្វើទីសម្គាល់ និងឫទ្ធិបារមីដ៏អស្ចារ្យ ប្រសិនបើទ្រង់ប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស ឬធ្វើឃាតដោយពាក្យតែមួយម៉ាត់ តើកិច្ចការនៃការច្បាំងយកជ័យអាចត្រូវបានអនុវត្តយ៉ាងដូចម្ដេចទៅ? តើកិច្ចការអាចត្រូវផ្សាយទៅនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃបានដោយរបៀបណា? ការប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការនៅយុគសម័យនៃព្រះគុណ វាជាជំហានដំបូងនៅក្នុងកិច្ចការប្រោសលោះ ហើយឥឡូវនេះព្រះជាម្ចាស់បានសង្រ្គោះមនុស្ស ពីឈើឆ្កាងរួចហើយ ដូច្នេះ ព្រះជាម្ចាស់លែងធ្វើកិច្ចការនេះទៀតហើយ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ប្រសិនបើ «ព្រះជាម្ចាស់» មានលក្ខណៈដូចកាលព្រះយេស៊ូវបានលេចមក ជាព្រះដែលបានប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស និងជាប់ឆ្កាងជួសមនុស្ស ដូច្នេះ «ព្រះជាម្ចាស់» នោះ ទោះបីមានលក្ខណៈដូចគ្នាទៅនឹងសេចក្តីពណ៌នាអំពីព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរ ហើយមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកក៏ដោយ ប៉ុន្តែ នៅក្នុងសារជាតិជាព្រះ ទ្រង់មិនមែនជាសាច់ឈាម ដែលត្រូវបានសណ្ឋិតដោយព្រះវិញ្ញាណនៃព្រះឡើយ ប៉ុន្តែ សណ្ឋិតដោយវិញ្ញាណអាក្រក់វិញ។ ដ្បិតគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នោះគឺថា ទ្រង់មិនធ្វើកិច្ចការដែលទ្រង់បានធ្វើហើយម្ដងទៀតឡើយ។ ដូច្នេះ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ មានលក្ខណៈខុសប្លែកពីកិច្ចការនៅលើកទីមួយ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្រេចកិច្ចការច្បាំងយកជ័យនៅក្នុងសាច់ឈាមសាមញ្ញធម្មតា។ ទ្រង់មិនប្រោសអ្នកជំងឺឲ្យជា ហើយក៏មិនជាប់ឆ្កាងជួសមនុស្សដែរ ប៉ុន្តែ ទ្រង់គ្រាន់តែមានបន្ទូលនៅក្នុងសាច់ឈាមហើយយកឈ្នះមនុស្សនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ មានតែសាច់ឈាមបែបនេះទេ ទើបជាសាច់ឈាម ជាមនុស្សរបស់ព្រះជាម្ចាស់។ មានតែសាច់ឈាមបែបនេះប៉ុណ្ណោះ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចបញ្ចប់បាននៅក្នុងសាច់ឈាម។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឲ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមេស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមេស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឲ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ។

ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា «ខ្ញុំគឺជាព្រះជាម្ចាស់!» ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឲ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណ ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ខ្ញុំមិនដែលស្រែកថា «ខ្ញុំគឺជាព្រះជាម្ចាស់ ខ្ញុំគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់!» ឡើយ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំចាំបាច់អីត្រូវស្រែកដែរឬទេ? មិនចាំបាច់មានការលើកតម្កើងទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ដោយអង្គអ្នក ហើយមិនត្រូវការឲ្យមនុស្សថ្វាយឋានៈដល់ទ្រង់ ឬថ្វាយគោរមងារជាកិត្តិយសដល់ទ្រង់ឡើយ៖ កិច្ចការរបស់ទ្រង់បង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មុនពេលព្រះយេស៊ូវធ្វើពិធីជ្រមុជទឹក តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? តើព្រះអង្គមិនមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេឬអី? ប្រាកដណាស់ មិនអាចនិយាយបានថា ទាល់តែក្រោយពេលដែលទ្រង់បានទទួលសក្ខីភាព ទើបទ្រង់បានក្លាយជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ មែនទេ? មុនពេលដែលព្រះអង្គបានចាប់ផ្ដើមកិច្ចការរបស់ព្រះអង្គជាយូរមកហើយនោះ តើពុំមានមនុស្សម្នាក់ ដែលមានឈ្មោះថា យេស៊ូវ ស្រេចទៅហើយទេឬអី? អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឲ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឲ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯសារជាតិវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែ គ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះ ក្នុងការសម្ដែងឲ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឲ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. ភាពខុសគ្នារវាងកិច្ចការរបស់អស់អ្នកដែលព្រះជាម្ចាស់ប្រើ និងកិច្ចការរបស់មេដឹកនាំសាសនា

បន្ទាប់៖ ២. តើទីសម្គាល់ និងការអស្ចារ្យអាចសង្គ្រោះមនុស្សជាតិបានទេ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ