៤. អ្វីជាអ្នកមិនជឿ និងវិធីដែលពួកគេបើកបង្ហាញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវដាក់សេចក្តីជំនឿរបស់អ្នក ក្នុងគ្រប់ព្រះបន្ទូលរបស់ព្រះ និងក្នុងគ្រប់កិច្ចការទាំងអស់របស់ទ្រង់។ មានន័យថា ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែស្ដាប់បង្គាប់ទ្រង់។ ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ មិនថាអ្នកជឿ ឬក៏មិនជឿលើព្រះជាម្ចាស់នោះទេ គឺគ្មានបានការអ្វីនោះឡើយ។ ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលស្ដាប់បង្គាប់ទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឲ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាមនុស្សមិនជឿលើព្រះជាម្ចាស់ទេ។ តើមនុស្សបែបនេះអាចស្ដាប់បង្គាប់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន?

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានដួងចិត្តគោរពចំពោះព្រះជាម្ចាស់ ប្រសិនបើពួកគេមិនមានដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នោះទេ នោះពួកគេមិនត្រឹមតែមិនអាចធ្វើកិច្ចការណាមួយសម្រាប់ទ្រង់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេនឹងក្លាយជា អ្នកដែលរំខានដល់កិច្ចការរបស់ទ្រង់ ហើយជាអ្នកដែលបំពានលើទ្រង់។ ការជឿលើព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ ឬគោរពចំពោះទ្រង់ ហើយបែរជាទាស់ប្រឆាំងនឹងទ្រង់ទៅវិញ នោះគឺជាការបង្ខូចព្រះកិត្តិនាមយ៉ាងខ្លាំងចំពោះអ្នកជឿ។ ប្រសិនបើអ្នកជឿទាំងឡាយ គ្រាន់តែជាមនុស្សធម្មតា និងមិនចេះទប់ការនិយាយរបស់ខ្លួន ហើយប្រព្រឹត្ដដូចជាអ្នកមិនជឿ នោះពួកគេគឺអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ពួកគេគឺជាអារក្សពីបុរាណ។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានមនុស្សមួយចំនួនដែលព្រះជាម្ចាស់មិនដែលទទួលស្គាល់សេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់មិនទទួលស្គាល់ថា ពួកគេជាអ្នកដើរតាមទ្រង់ឡើយ ដោយសារតែទ្រង់មិនសរសើរដល់ជំនឿរបស់ពួកគេ។ សម្រាប់មនុស្សទាំងនេះ ទោះបីជាពួកគេបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំបែបណាក៏ដោយ ក៏គំនិត និងយោបល់របស់ពួកគេមិនដែលផ្លាស់ប្ដូរឡើយ គឺពួកគេនៅតែជាអ្នកមិនជឿ ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ និងរបៀបនៃការប្រព្រឹត្តរបស់អ្នកមិនជឿ ព្រមទាំងច្បាប់នៃការរស់នៅ និងសេចក្តីជំនឿរបស់អ្នកមិនជឿដដែល។ ពួកគេមិនដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាជីវិតរបស់គេ មិនដែលជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត មិនដែលមានបំណងចង់ទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ និងមិនដែលទទួលស្គាល់ព្រះជាម្ចាស់ថាជាព្រះជាម្ចាស់ឡើយ។ ពួកគេមើលឃើញការជឿលើព្រះជាម្ចាស់ថាជាទម្លាប់កម្សាន្ត ចាត់ទុកទ្រង់គ្រាន់តែជាអាហារខាងវិញ្ញាណប៉ុណ្ណោះ។ ពួកគេមិនបានគិតថា វាសក្ដិសមនឹងឲ្យពួកគេព្យាយាមយល់អំពីនិស្ស័យ ឬសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ គឺអាចនិយាយបានថា រាល់អ្វីៗដែលទាក់ទងនឹងព្រះជាម្ចាស់ដ៏ពិត គ្មានទាក់ទងអ្វីជាមួយមនុស្សទាំងនេះឡើយ ដូច្នេះ ពួកគេមិនចាប់អារម្មណ៍ ហើយពួកគេក៏មិនខ្វល់នឹងយកចិត្តទុកដាក់នោះដែរ។ នោះគឺដោយសារតែនៅខាងក្នុងជម្រៅចិត្តរបស់ពួកគេ វាមាននូវសំឡេងដ៏ខ្លាំងមួយដែលតែងតែប្រាប់ពួកគេថា៖ «មនុស្សមិនអាចមើលឃើញ និងប៉ះព្រះជាម្ចាស់បានឡើយ ដូច្នេះ គ្មានឡើយព្រះជាម្ចាស់»។ ពួកគេជឿថា ការព្យាយាមយល់អំពីព្រះជាម្ចាស់ប្រភេទនេះ នឹងមិនសមឲ្យពួកគេខំប្រឹងប្រែងនោះឡើយ ហើយដោយការធ្វើបែបនេះ ពួកគេកំពុងតែបញ្ឆោតខ្លួនអ្នកវិញទេ។ ពួកគេជឿថា តាមរយៈការគ្រាន់តែទទួលស្គាល់ព្រះជាម្ចាស់ត្រឹមតែពាក្យសម្ដី ដោយគ្មានគោលជំហរដ៏ពិត ឬការបណ្ដាក់ទុននៅក្នុងសកម្មភាពជាក់ស្ដែងណាមួយ នោះពួកគេជាមនុស្សឆ្លាតហើយ។ តើព្រះជាម្ចាស់ទតឃើញយ៉ាងដូចម្ដេចចំពោះមនុស្សបែបនេះ? ទ្រង់ចាត់ទុកពួកគេជាអ្នកមិនជឿ។ មនុស្សខ្លះសួរថា៖ «តើអ្នកមិនជឿអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬ? តើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេដែរឬទេ?» តើពួកគេអាចនិយាយពាក្យថា «ខ្ញុំនឹងរស់នៅសម្រាប់ព្រះជាម្ចាស់ ដែរឬទេ?» អ្វីដែលមនុស្សមើលឃើញជាញឹកញាប់នោះ គឺជាការសម្ដែងដែលមនុស្សបង្ហាញនៅផ្ទៃខាងលើប៉ុណ្ណោះ។ ពួកគេមិនបានឃើញពីសារជាតិរបស់មនុស្សឡើយ។ យ៉ាងណាមិញ ព្រះជាម្ចាស់មិនទតមើលទៅកាន់ការសម្ដែងសើៗទាំងនេះឡើយ គឺទ្រង់ទតមើលទៅលើសារជាតិខាងក្នុងរបស់ពួកគេតែប៉ុណ្ណោះ។ ដូច្នេះ នេះគឺជាប្រភេទនៃឥរិយាបថ និងនិយមន័យដែលព្រះជាម្ចាស់មានចំពោះមនុស្សទាំងនេះ។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានមនុស្សជាច្រើនដែលនិយាយថាពួកគេជឿលើព្រះជាម្ចាស់ និងបានពោលសរសើរតម្កើងព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេពុំចូលចិត្តព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមកឡើយ ហើយពួកគេក៏មិនបានចាប់អារម្មណ៍នឹងសេចក្ដីពិតដែរ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេតែងជឿជានិច្ចថា ប្រសិនបើពួកគេរស់នៅតាមទស្សនវិជ្ជារបស់សាតាំង និងគោលលទ្ធិផ្សេងៗនៅពិភពខាងក្រៅ នោះពួកគេនឹងក្លាយជាមនុស្សធម្មតា ហើយអាចការពារខ្លួនពួកគេបាន ហើយមានតែការរស់នៅបែបនេះប៉ុណ្ណោះដែលនឹងផ្ដល់តម្លៃដល់ជីវិតរបស់ពួកគេនៅក្នុងលោកិយនេះ។ តើនេះគឺជាមនុស្សដែលជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់មែនទេ? ពាក្យទំនៀមរបស់បុគ្គលល្បីៗអស្ចារ្យទាំងអស់នេះ និយាយមកប្រកបដោយទស្សនវិជ្ជា ហើយអាចបោកប្រាស់មនុស្សបាន។ ប្រសិនបើអ្នកចាត់ទុកពាក្យសម្ដីទាំងនោះជាសេចក្ដីពិត ហើយគោរពតាមវាជាគោលការណ៍គ្រឹះ ចំណែកឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាព្រះបន្ទូលងាយៗបំផុតរបស់ព្រះជាម្ចាស់ ដែលឱ្យអ្នកធ្វើជាមនុស្សសុចរិត ឱ្យអ្នកប្រកាន់ភាពស្មោះត្រង់ចំពោះខ្លួនឯង ចំណាយពេលត្រឹមត្រូវ និងបំពេញភារកិច្ចជាសត្តនិករ ហើយឱ្យអ្នកប្រកាន់តាមឱ្យបានខ្ជាប់ខ្ជួន អ្នកបែរជាមិនអាចធ្វើវាបានទៅវិញ ហើយអ្នកពុំចាត់ទុកព្រះបន្ទូលទាំងនេះជាសេចក្ដីពិតឡើយ ដូច្នេះ អ្នកមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ទេ។ អ្នកអាចនិយាយថា អ្នកបានអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែចុះបើព្រះជាម្ចាស់ចុចសួរអ្នកអំពីសេចក្ដីពិតថា៖ «តើអ្នកបានអនុវត្តអ្វីខ្លះ? តើនរណានិយាយពាក្យទាំងនោះដែលអ្នកអនុវត្តតាម? តើមូលដ្ឋានជាគោលការណ៍អ្វីដែលអ្នកគោរពតាម?» ប្រសិនបើមូលដ្ឋាននោះ មិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវាគឺជាពាក្យសម្ដីរបស់សាតាំងហើយ។ អ្វីដែលអ្នករស់នៅតាម គឺជាពាក្យសម្ដីរបស់សាតាំង ក៏ប៉ុន្តែអ្នកនៅតែនិយាយថា អ្នកអនុវត្តតាមសេចក្ដីពិត និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ដដែល តើនេះមិនមែនជាការប្រមាថចំពោះព្រះជាម្ចាស់ទេឬអី? ព្រះជាម្ចាស់មានបន្ទូលថា មនុស្សគប្បីស្មោះត្រង់ ប៉ុន្តែនៅមានមនុស្សដែលមិនបានគិតថាការធ្វើជាមនុស្សស្មោះត្រង់នោះមានអ្វីខ្លះ តើពួកគេគប្បីអនុវត្តភាពស្មោះត្រង់នោះដូចម្តេច ឬថាតើរឿងរ៉ាវណាខ្លះដែលពួកគេសម្ដែងចេញ និងបើកសម្ដែងឱ្យឃើញ មិនមែនជាភាពស្មោះត្រង់ និងថាតើរឿងណាជារឿងស្មោះត្រង់។ ពួកគេពុំបានសញ្ជឹងគិតអំពីខ្លឹមសារនៃសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែរកសៀវភៅរបស់អ្នកមិនជឿមកអាន ហើយនៅពេលអានសៀវភៅនោះ ពួកគេនិយាយថា៖ «សម្ដីទាំងនេះពិតជាល្អមែន ល្អជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ 'មនុស្សគ្មានល្បិចកល តែងតែឈ្នះ'។ តើនេះមិនដូចជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលទេឬអី? នេះក៏ជាសេចក្ដីពិតផងដែរ!» ដូច្នេះ ពួកគេក៏ធ្វើតាមពាក្យទាំងអស់នេះ។ តើអ្វីដែលពួកគេសម្ដែងចេញនៅពេលពួកគេធ្វើតាមពាក្យទាំងអស់នេះ? តើពួកគេអាចសម្ដែងចេញពីធាតុពិតនៃសេចក្ដីពិតបានដែរទេ? តើមានមនុស្សបែបនេះច្រើនដែរឬទេ? ពួកគេទទួលបានចំណេះដឹងតិចតួច អានសៀវភៅពីរបីក្បាល និងមានការយល់ដឹងខ្លះៗ ហើយពួកគេឮសុភាសិតល្បីៗ ឬពាក្យទំនៀមពេញនិយម ហើយចាត់ទុកវាជាសេចក្ដីពិត។ ពួកគេធ្វើតាមពាក្យសម្ដីទាំងអស់នេះ ហើយយកវាទៅប្រើក្នុងភារកិច្ច និងក្នុងជីវិតរបស់ពួកគេនៅក្នុងការជឿលើព្រះជាម្ចាស ហើយថែមទាំងគិតថាការធ្វើបែបនេះគាប់ព្រះហឫទ័យរបស់ទ្រង់ទៀតផង។ តើនេះមិនមែនជាការបំភាន់ភ្នែកទេឬអី? តើនេះមិនមែនជាឧបាយកលទេឬអី? វាគឺជាការប្រមាថ! មនុស្សមានចំណុចនេះច្រើនណាស់។ ពួកគេធ្វើតាមគោលលទ្ធិដែលស្ដាប់ទៅល្អ ដូចជាត្រឹមត្រូវ ហាក់ដូចជាគោលលទ្ធិទាំងនោះគឺជាសេចក្ដីពិតដែរ។ ពួកគេទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក និងពុំបានយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទាំងនោះឡើយ មិនថាពួកគេបានអានព្រះបន្ទូលទាំងនោះប៉ុន្មានដងនោះទេ ពួកគេពុំបានដាក់វាទៅក្នុងចិត្ត ឬចាត់ទុកវាជាសេចក្ដីពិតឡើយ។ តើមនុស្សដែលធ្វើបែបនេះ ជាមនុស្សដែលជឿលើព្រះជាម្ចាស់មែនទេ? តើពួកគេដើរតាមព្រះជាម្ចាស់ដែរឬទេ? មនុស្សបែបនេះជឿលើសាសនា។ ពួកគេដើរតាមសាតាំង! នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថាមានទស្សនវិជ្ជានៅក្នុងពាក្យដែលសាតាំងនិយាយ គឺពាក្យសម្ដីទាំងនេះមានខ្លឹមសារស៊ីជម្រៅ ពាក្យសម្ដីនោះជាបទគម្ពីរ ជាពាក្យទំនៀមប្រកបដោយគតិបណ្ឌិត ហើយមិនថាពួកគេត្រូវលះបង់អ្វីចោលនោះទេ ក៏ពួកគេមិនបោះបង់ពាក្យសម្ដីទាំងអស់នេះចោលដែរ។ ចំពោះពួកគេ ការបោះបង់ចោលពាក្យសម្ដីទាំងនេះ គឺដូចជាការបាត់បង់អាយុជីវិតរបស់ពួកគេដែរ ឬដូចជាខ្វេះយកបេះដូងរបស់ពួកគេចេញក្រៅអ៊ីចឹង។ តើមនុស្សបែបនេះជាមនុស្សជំពូកណា? នេះគឺជាមនុស្សដែលដើរតាមសាតាំង។

ដកស្រង់ពី «ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ មានញាណនៃមនសិការ ដោយពួកគេទុកចិត្តថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ថាអ្វីគ្រប់យ៉ាងទាំងអស់ដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ ហើយផ្តល់ផលប្រយោជន៍ដល់មនុស្ស។ ប្រសិនបើពួកគេធ្វើអ្វីមួយខុសឆ្គង និងបំពានលើសេចក្តីពិត នោះពួកគេមានញាណដឹងពីការស្ដីបន្ទោស ការជំពាក់បំណុល និងការថប់បារម្ភនៅក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេ។ ហើយចំពោះអ្នកដែលមិនជឿលើព្រះជាម្ចាស់ពិតប្រាកដ សូមយើងគ្រាន់តែសួរសំណួរថា តើពួកគេមានញាណនៃមនសិការ ហើយត្រូវនិយាយអំពីអាកប្បកិរិយារបស់ពួកគេចំពោះការមានព្រះវត្តមាននៃព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ឬទេ។ ដើម្បីចាប់ផ្តើម តើពួកគេមានទស្សនៈយ៉ាងណាចំពោះការមាននូវព្រះវត្តមាននៃព្រះជាម្ចាស់? «អ្នករាល់គ្នាពោលថាព្រះជាម្ចាស់មានព្រះវត្តមានគង់នៅ ប៉ុន្តែតើទ្រង់នៅឯណា? ខ្ញុំមិនបានឃើញទ្រង់ទេ។ ខ្ញុំមិនដឹងថាមានព្រះជាម្ចាស់ ឬអត់នោះទេ។ អ្នកដែលជឿលើទ្រង់និយាយថា មានអ្នកដែលនិយាយថាមិនមាន»។ ទាំងនេះគឺជាទស្សនៈរបស់ពួកគេ។ ប៉ុន្តែដោយការឆ្លុះបញ្ចាំងបន្ថែមទៀត ពួកគេគិតថា «មនុស្សទាំងអស់នេះជឿលើទ្រង់ ហើយធ្វើបន្ទាល់អំពីទ្រង់ ដូច្នេះប្រហែលជាមានព្រះជាម្ចាស់ហើយ។ ខ្ញុំសង្ឃឹមថាដូច្នេះ។ ប្រសិនបើមានមែន ខ្ញុំនឹងព្យាយាមធ្វើឲ្យបានលឿន ហើយទទួលបានព្រះពរ។ ខ្ញុំនឹងធ្វើការភ្នាល់ដ៏ត្រឹមត្រូវ»។ ពួកគេគ្រាន់ធ្វើសកម្មភាពយ៉ាងសប្បាយ រមៀលឡុកឡាក់ ដោយទទួលយកឱកាសរបស់ពួកគេ។ ពួកគេមិនគិតថាវានឹងទទួលបាននូវការលំបាកនោះឡើយ។ ឥរិយាបថ និងទស្សនៈរបស់ពួកគេចំពោះថាតើមានព្រះជាម្ចាស់បែបនេះឬអត់គឺដូច្នេះ៖ «ខ្ញុំមិនអាចប្រាប់បានទេ។ តើទ្រង់គង់នៅទីណាឲ្យពិតប្រាកដទៅ? ខ្ញុំពិតជាមិនដឹងទេ។ មានមនុស្សជាច្រើនធ្វើបន្ទាល់ ប៉ុន្តែតើវាពិតឬមិនពិត? ខ្ញុំក៏មិនអាចប្រាប់រឿងនេះបានដែរ»។ នៅក្នុងគំនិតរបស់ពួកគេមានចម្ងល់ជាច្រើនអំពីរឿងទាំងអស់នេះ។ ពួកគេមិនអាចប្រាកដបាន ដូច្នេះហើយពួកគេមានការសង្ស័យ។ ហើយជាមួយនឹងការសង្ស័យ និងភាពមិនប្រាកដប្រជាបែបនេះ តើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលទ្រង់មានបន្ទូល ហើយបើកសម្ដែងពីសេចក្ដីពិត? តើពួកគេយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតទេ? មានពេលខ្លះ ពួកគេអាចស្តាប់ដោយចង់ដឹងចង់ឮ ឲ្យពួកគេគិតពិចារណា និងដោយការបានធ្វើបែបនេះ ពួកគេគិតថា «តើពាក្យទាំងនេះគឺជាសេចក្ដីពិតទេ? ពួកគេសន្មតថាមានអំណាច និងសិទ្ធិអំណាច ហេតុអ្វីខ្ញុំមិនឮពីវា ឬមានញាណដឹងពីវាសោះអ៊ីចឹង? តាមមើលទៅ ពួកគេអាចផ្លាស់ប្តូរមនុស្ស។ ហេតុអ្វីបានជាពួកគេមិនផ្លាស់ប្តូរខ្ញុំ? ខ្ញុំនៅតែចូលចិត្តញ៉ាំ និងចូលចិត្តគេង។ ខ្ញុំជាមនុស្សឆាប់ខឹងដូចពីមុន ហើយខ្ញុំក៏មិនទាន់មានសមត្ថភាពក្នុងការធ្វើអ្វីដែរ។ ខ្ញុំនៅតែខ្លាចនៅពេលដែលនាគដ៏ធំសម្បុរក្រហមធ្វើទុក្ខបុកម្នេញ។ ខ្ញុំមិនបានក្លាយជាមនុស្សអស្ចារ្យអ្វីទេ! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសន្មតថាជាសេចក្ដីពិតនៃរឿងវិជ្ជមានទាំងអស់។ តើអ្វីទៅជារឿងវិជ្ជមាន? វាជាការបង្គាប់មនុស្សធ្វើការល្អ និងស្មោះត្រង់។ មនុស្សដែលស្មោះត្រង់គឺជាមនុស្សល្ងីល្ងើ។ មនុស្សត្រូវបានបង្គាប់ឲ្យកោតខ្លាចព្រះជាម្ចាស់ហើយគេចចេញពីអំពើអាក្រក់។ នោះមានន័យថានៅពេលអ្នកប្រព្រឹត្តអាក្រក់ អ្នកត្រូវតែពង្រឹងខ្លួនឯង អ្នកត្រូវតែដាក់កម្រិតលើខ្លួនឯង ហើយកុំធ្វើអំពើអាក្រក់។ តើមានមនុស្សប៉ុន្មាននាក់អាចធ្វើបាន? ធម្មជាតិរបស់មនុស្សគឺធ្វើអ្វីដែលអាក្រក់ មានភាពអាត្មានិយម។ មនុស្សគ្រប់រូបធ្វើសម្រាប់ខ្លួនឯង ហើយធ្វើតាមតែចំណាប់អារម្មណ៍របស់ខ្លួនឯង មិនខ្វល់ពីអ្នកដទៃ។ គ្មាននរណាម្នាក់ក្នុងលោកនេះគិតអំពីនរណាមួយក្រៅពីខ្លួនគេឡើយ។ ជោគវាសនារបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នកហើយ។ វាអាស្រ័យលើអ្នកក្នុងការព្យាយាមដើម្បីបាននូវសុភមង្គល។ ប្រសិនបើមនុស្សគ្រប់គ្នាប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ ហើយដេញការអាក្រក់ចេញ តើមនុស្សនៅលើពិភពលោកមិនក្លាយជាព្រះសង្ឃ និងដូនជីទេឬ? ដូចនេះ តើការរស់នៅបែបនេះមានអ្វីសប្បាយទៅ?» តើនេះមិនមែនជាអាកប្បកិរិយារបស់ពួកគេចំពោះសេចក្តីពិតនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេទេឬ? «ប្រសិនបើមនុស្សមិនខិតខំ និងតស៊ូដើម្បីខ្លួនឯងទេ ប្រសិនបើពួកគេមិនរស់នៅដើម្បីទ្រព្យសម្បត្តិ និងការទទួលស្គាល់ តើជីវិតនឹងមានអត្ថន័យអ្វី?» នេះគឺជាទស្សនៈរបស់មនុស្សបែបនេះ។ ជាទស្សនៈរបស់អ្នកមិនជឿ។ នេះគឺជាឥរិយាបថរបស់អ្នកមិនជឿចំពោះសេចក្តីពិត។ ក្នុងដួងចិត្តរបស់ពួកគេ មិនដឹងថាអ្វីជាសេចក្ដីពិតទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនស្មើនឹងសេចក្តីពិតទេ ហើយសេចក្តីពិតមិនស្មើនឹងជីវិតដែរ។ តើពួកគេគិតថាអ្វីទៅជាសេចក្ដីពិតដែលស្ថិតនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ? អ្វីមួយដែលអាចធ្វើឲ្យពួកគេធ្វើការអស្ចារ្យបាន ដែលអាចឲ្យពួកគេនូវអំណាច និងធ្វើឲ្យពួកគេមានអំណោយទានដែលជាផលប្រយោជន៍ខាងរាងកាយដល់ពួកគេ ដែលអាចធ្វើឲ្យជីវិតរបស់ពួកគេកាន់តែសប្បាយរីករាយ ដែលអាចជាអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតសម្រាប់ពួកគេ។ នោះហើយគឺជាសេចក្ដីពិត។ ពួកគេគិតថា៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ គឺសាមញ្ញណាស់។ ព្រះបន្ទូលគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ដោយមិនចាំបាច់និយាយចេញទេ។ ការបង្គាប់ឲ្យមនុស្សមានភាពស្មោះត្រង់ ឲ្យពួកគេគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដែលពួកគេបានដោះលែងខ្លួនឯងពីនិស្ស័យពុករលួយរបស់ពួកគេ។ វាជាការលំបាកខ្លាំងណាស់។ គ្មានអ្នកណាអាចធ្វើបានទេ! មនុស្សមិនរស់នៅដាច់ពីគេឯងនោះទេ ពួកគេមានបំណងចិត្ត និងអារម្មណ៍ជាច្រើន។ គ្មាននរណាម្នាក់អាចធ្វើតាមព្រះបន្ទូលទាំងនេះបានទេ។ ពួកអ្នកមិនជឿ មិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតទេ។ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតនោះទេ ទាំងមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្លាស់ប្តូរជោគវាសនារបស់មនុស្ស ឬថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្លាស់ប្តូរនូវនិស្ស័យពុករលួយរបស់មនុស្ស និងអនុញ្ញាតឲ្យពួកគេបោះបង់ចោលនូវនិស្ស័យពុករលួយរបស់ពួកគេចេញបានដែរ។ នោះគឺជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះហើយនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនដែលទទួលថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ហើយក៏មិនដែលធ្លាប់ទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាសេចក្តីពិតដែរ។ និយាយរួម ពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ ជាទិសដៅ និងគោលបំណងនៃការមានព្រះវត្តមាន និងការប្រព្រឹត្ដរបស់ពួកគេឡើយ។ តើអ្នកដែលមិនព្រមទទួលថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ជឿថាមានព្រះវត្តមានរបស់ព្រះជាម្ចាស់ឬទេ? តើពួកគេពិតជាជឿលើព្រះវត្តមានគង់នៅរបស់ព្រះជាម្ចាស់ឬទេ? (ទេ)។ តើអ្នកដែលមិនជឿថាមានព្រះវត្តមានរបស់ព្រះជាម្ចាស់ អាចជឿថាមានសេចក្តីពិតនៅក្នុងលោកនេះបានដែរឬទេ? តើអ្នកដែលមិនជឿលើការមានព្រះវត្តមាននៃសេចក្តីពិតអាចជឿថាមនុស្សអាចត្រូវបានសង្គ្រោះទេ? (ទេ)។ ប្រសិនបើពួកគេមិនជឿអ្វីទាំងនោះទេ តើពួកគេអាចជឿលើការពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានទេ? តើពួកគេអាចជឿលើផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានទេ? (ទេ)។ ពួកគេជាអ្នកមិនជឿទាំងស្រុង។

ដកស្រង់ពី «ការបំពេញភារកិច្ចបានល្អយ៉ាងហោចណាស់ទាមទារឲ្យមានមនសិការ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សខ្លះថ្វាយបង្គំអ្នកមានមុខមាត់ និងមនុស្សអស្ចារ្យ ដោយតែងតែសង្ស័យថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអាចសង្គ្រោះមនុស្សបានដែរឬអត់។ ពួកគេតែងតែគិតថា មានតែពាក្យរបស់មនុស្សមានមុខមាត់និងមនុស្សអស្ចារ្យប៉ុណ្ណោះដែលមានសារៈសំខាន់ និងឧត្តុង្គឧត្តម។ ពួកគេតែងតែគិតក្នុងចិត្តថា៖ «មើលចុះ តើមេដឹកនាំប្រទេសយើងមានអំណាចប៉ុនណា! មើលពីសន្និសីទដែលប្រទេសយើងរៀបចំចុះ នោះសម្បើមណាស់ ពិសេសណាស់ និងមានបែបបទណាស់ តើដំណាក់របស់ព្រះជាម្ចាស់អាចប្រៀបផ្ទឹមបានដោយរបៀបណា?» នៅក្នុងទស្សនៈរបស់អ្នក ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់មិនអាចវាស់ស្មើនឹងទំហំដីរបស់អ្នកមិនជឿបានក្នុងលក្ខណៈបែបណាមួយ និងមិនល្អដូចជាជាតិសាសន៍ណាមួយ ហើយរាស្រ្តនៅក្នុងនោះ មិនល្អដូចពលរដ្ឋនៅក្នុងក្រុមផ្សេងទៀត ហើយបញ្ញត្តិរដ្ឋបាលរបស់ដំណាក់នោះ មិនល្អដូចជារដ្ឋធម្មនុញនិងច្បាប់របស់ជាតិសាសន៍ណាមួយទេ ប្រសិនបើអ្នកតែងតែមានទស្សនៈបែបនេះ ដូច្នេះ តើអ្វីដែលអ្នកកំពុងធ្វើគឺនៅតែជាការជឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកចាត់ទុកព្រះបន្ទូលទាំងអស់ដែលបើកសម្ដែងដោយព្រះជាម្ចាស់ដោយរបៀបណា? តើអ្នកចាត់ទុកអធិបតេយ្យភាពរបស់ទ្រង់ចំពោះអ្នករាល់គ្នាដោយរបៀបណា? អ្នកខ្វះខាតមិនត្រឹមតែការកោតខ្លាចនោះទេ តែថែមទាំងខ្វះការគោរពទៀតផង។ តើមនុស្សបែបនេះមិនមែនជាអ្នកមិនជឿទេឬអី? តើមនុស្សបែបនេះមិនត្រូវប្រាប់ឲ្យចាកចេញឲ្យបានឆាប់ទេឬអី? (ពួកគេគួរតែចាកចេញ)។ ហើយចុះបើពួកគេមិនចាកចេញវិញ? ចូរឲ្យពួកគេចេញឲ្យបានឆាប់ បណ្ដេញពួកគេចេញប្រៀបដូចជាអ្នកកំពុងបណ្ដេញសត្វរុយកខ្វក់ដែរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សេចក្ដីពិតជាធំ ហើយព្រះជាម្ចាស់ជាធំ ហើយអ្វីៗត្រូវធ្វើឡើងស្របទៅតាមគោលការណ៍សេចក្ដីពិត។ មនុស្សបែបនេះគប្បីត្រូវបណ្ដេញចេញ។ តើអ្នករាល់គ្នាសុខចិត្តឲ្យមានអ្នកមិនជឿបែបនេះនៅក្នុងចំណោមពួកអ្នករាល់គ្នាដែរឬទេ ដែលពួកគេអះអាងថាខ្លួនជឿលើព្រះជាម្ចាស់ តែបែរជាបន្ទាបបន្ថោកដំណាក់របស់ព្រះជាម្ចាស់ និងមើលស្រាលព្រះជាម្ចាស់ទៅវិញនោះ? (អត់ទេ)។ ហេតុនេះហើយ ត្រូវតែកម្ចាត់ពួកគេចោលភ្លាមៗតែម្ដង។ មិនថាពួកគេមានសមត្ថភាពខ្លាំងប៉ុនណានោះទេ ត្រូវតែបណ្ដេញពួកគេចេញ។ តើនេះមិនមែនជាការមិនគួរសម ឬជាការមិនយកចិត្តទុកដាក់ទេឬ? (អត់ទេ)។ នេះគឺជាការធ្វើអ្វីស្របទៅតាមគោលការណ៍។ តើខ្ញុំចង់មានន័យបែបណា? មិនថាកម្ពស់របស់អ្នកខ្ពស់ប៉ុនណានោះទេ មិនថាការតាំងចិត្តរបស់អ្នកដើម្បីស្វែងរកសេចក្ដីពិតខ្លាំងប៉ុនណានោះទេ ឬមិនថាអ្នកមានសេចក្ដីជំនឿចំពោះព្រះជាម្ចាស់ឬអត់នោះទេ មានរឿងមួយដែលច្បាស់លាស់ និងគ្មានអ្វីត្រូវឆ្ងល់នោះទេ គឺព្រះគ្រីស្ទ ព្រះជាម្ចាស់ គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ នេះគឺមិនអាចផ្លាស់ប្ដូរជារៀងរហូត វាគួរតែជាដុំថ្មនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ ដែលជាគ្រឹះដ៏រឹងមាំជាងគេបំផុតសម្រាប់សេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់។ នៅក្នុងដួងចិត្តរបស់អ្នក វាគួរតែច្បាស់លាស់ និងគ្មានការងឿងឆ្ងល់។ ប្រសិនបើអ្នកងឿងឆ្ងល់សូម្បីតែរឿងនេះ នោះអ្នកគ្មានតម្លៃដើម្បីរស់នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះនិយាយថា៖ «យើងជាមនុស្សអស្ចារ្យ ហើយយើងជាជាតិសាសន៍ថ្លៃថ្នូរ។ ពលរដ្ឋរបស់យើង ប្រពៃណីរបស់យើង និងវប្បធម៌របស់យើង គឺមានសេចក្ដីថ្លៃថ្នូរមិនអាចកាត់ថ្លៃបាន ថ្លៃថ្នូរជាងព្រះបន្ទូលរបស់ព្រះគ្រីស្ទ និងសេចក្ដីពិតទៅទៀត»។ តើនេះមិនមែនជាសម្ដីរបស់អ្នកមិនជឿទេឬ? វាគឺជាសម្ដីរបស់អ្នកមិនជឿ ហើយមនុស្សប្រភេទនេះ គប្បីត្រូវបណ្ដេញចេញ និងមិនត្រូវឲ្យស្នា ក់នៅឡើយ។ ពេលខ្លះ មនុស្សម្នាក់ស្ថិតនៅក្នុងសភាពណាមួយ ឬមានគំនិតអ្វីមួយជាបណ្ដោះអាសន្ន ប៉ុន្តែសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ គឺពិតប្រាកដ។ មនុស្សបែបនេះ គឺគ្រាន់តែជាមនុស្សភ្លីភ្លើប៉ុណ្ណោះ ពួកគេអាចមិនយល់ពីបញ្ហានានា ឬគេអាចយល់ដឹងពីពួកគេបាន ឬដោយសារពួកគេពុំយល់ពីសេចក្ដីពិត នៅក្នុងពេលនៃភាពភ្លីភ្លើរបស់ពួកគេ ពួកគេនិយាយឬធ្វើអ្វីដោយវង្វេងវង្វាន់។ ទាំងអស់នេះគឺសុទ្ធតែជាលទ្ធផលនៃនិស្ស័យពុករលួយ ភាពភ្លីភ្លើ និងភាពល្ងង់ខ្លៅ និងជាលទ្ធផលនៃការមិនយល់អំពីសេចក្ដីពិត ប៉ុន្តែមនុស្សបែបនេះ មិនមែនជាមនុស្សជំពូកតែមួយនឹងអ្នកមិនជឿទេ។ ពួកគេចាំបាច់ត្រូវយល់ពីសេចក្ដីពិត និងត្រូវប្រកបអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ។ មនុស្សខ្លះគឺជាមនុស្សជំពូកតែមួយនឹងអ្នកមិនជឿដែរ ហើយមនុស្សទាំងនេះ មិនមែនជាសមាជិកគ្រួសាររបស់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ការដែលមានភាពដូចជាមនុស្ស តម្រូវឲ្យមានការបំពេញភារកិច្ចរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹងរបស់អ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

លើសពីនេះ មានការពិតមួយដែលអ្នកគប្បីដឹងនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់៖ ជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនគ្រាន់តែមានន័យជាការជឿលើព្រះនាមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ហើយក៏មិនមែនជាការមានសេចក្ដីជំនឿលើព្រះដ៏ស្រពេចស្រពិលតាមការស្រមើលស្រមៃរបស់អ្នកដែរ។ ផ្ទុយទៅវិញ អ្នកត្រូវជឿថា ព្រះជាម្ចាស់គឺមានពិត អ្នកគប្បីជឿលើសារជាតិរបស់ព្រះជាម្ចាស់ ជឿលើនិស្ស័យរបស់ទ្រង់ និងលើកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ អ្នកត្រូវជឿលើការពិតថា ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិ និងជឿថាទ្រង់គ្រប់គ្រងលើវាសនារបស់អ្នក។ ដូច្នេះ តើអ្វីទៅដែលរាប់ជាសេចក្ដីជំនឿ? តើមិនមានផ្នែកណាមួយដែលមនុស្សគប្បីសហការដោយពិតប្រាកដ និងអនុវត្តវាទេឬ? ឧទាហរណ៍ មនុស្សខ្លះមានការរំខានចិត្តដោយសារស្ថានការណ៍ណាមួយដែលកើតមានលើពួកគេ ហើយវាធ្វើឲ្យពួកគេមានការជ្រួលច្របល់ខាងវិញ្ញាណរបស់គេតិចតួចដែរ ហើយពួកគេនឹកគិតក្នុងចិត្តថា «គឺគាត់ហ្នឹងហើយដែលត្រូវស្ដីបន្ទោសចំពោះរឿងដែលបានកើតឡើងមកលើខ្ញុំ។ ប្រសិនបើវាមិនមែនជាការចាប់កំហុសទេ វានឹងមែនជាការអាម៉ាស់នោះទេ»។ ពួកគេស្វែងរកលេសដោះសាគ្រប់បែបយ៉ាង ហើយចុងក្រោយស្ដីបន្ទោសដាក់អ្នកផ្សេង ដែលធ្វើឲ្យខ្លួនឯងមានអារម្មណ៍ធូរចិត្ត ហើយបន្ទាប់មក ពួកគេគិតថាបញ្ហានោះត្រូវបានដោះស្រាយរួចហើយ ថាការលំបាកនោះបានចប់ហើយ។ តើអ្នកគិតដូចម្ដេចចំពោះវិធីសាស្រ្តដោះស្រាយបញ្ហានេះ? តើមនុស្សម្នាក់អាចទទួលបានសេចក្ដីពិតដោយការអនុវត្តតាមវិធីនេះដែរឬទេ? តើវាបង្ហាញអំពីអត្តចរិតនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬទេ? តើតាមទស្សនៈបែបណា និងតាមមធ្យោបាយបែបណា ដែលមនុស្សប្រភេទនេះជឿលើព្រះជាម្ចាស់នោះ? តើពួកគេបានអនុវត្តព្រះបន្ទូលថា «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិ គ្រប់សព្វសារពើ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់ សុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់» នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដែរឬទេ? នៅពេលដែលពួកគេវិភាគបញ្ហាដោយប្រើគំនិតរបស់មនុស្ស នៅពេលពួកគេដោះស្រាយបញ្ហាដោយប្រើមធ្យោបាយរបស់មនុស្ស តើពួកគេកំពុងជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ តើពួកគេចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស បញ្ហានានា និងគ្រប់របស់សព្វសារពើដែរឬទេ? (អត់ទេ)។ ទីមួយ ពួកគេមិនចុះចូលនោះទេ។ ហើយទីពីរ ពួកគេកាន់តែប្រព្រឹត្តកំហុសធ្ងន់ជាងមុនទៅទៀត។ ពួកគេមិនអាចទទួលយកនូវស្ថានការណ៍និងមនុស្ស បញ្ហា និងអ្វីៗដែលមកអំពីព្រះជាម្ចាស់ ដែលទ្រង់រៀបចំសម្រាប់ពួកគេឡើយ។ ពួកគេមិនបានសម្លឹងឲ្យឆ្ងាយហួសពីសំបកក្រៅនោះទេ។ ពួកគេគ្រាន់តែសម្លឹងមើលពីសំបកក្រៅថាតើស្ថានការណ៍នោះកើតមានយ៉ាងដូចម្ដេច នៅមុនពេលវិភាគស្ថានការណ៍នោះដោយប្រើគំនិតបែបមនុស្សលោករបស់ពួកគេ និងព្យាយាមដោះស្រាយវាដោយវិធីរបស់មនុស្ស។ តើនេះមិនមែនជាបញ្ហាធំទេឬ? (វាគឺជាបញ្ហាធំ)។ តើវាជាបញ្ហាធំដូចម្ដេចទៅ? ពួកគេពុំជឿថាគ្រប់របស់សព្វសារពើសុទ្ធតែព្រះជាម្ចាស់គ្រប់គ្រងនោះទេ។ ពួកគេនឹកគិតក្នុងចិត្តថា៖ «តើគ្រប់របស់សព្វសារពើសុទ្ធតែព្រះជាម្ចាស់គ្រប់គ្រងមែនទេ? តើព្រះជាម្ចាស់អាចគ្រប់គ្រងលើអ្វីៗច្រើនបែបនេះបានដែរឬទេ? នោះគឺជាការប្រើប្រាស់គោលលទ្ធិទាំងងងឹតងងល់។ អ្វីដែលកើតមានចំពោះខ្ញុំ គឺខុសគ្នា វាជាករណីលើកលែង!» នេះគឺជាការលើកលែង នោះគឺជាការលើកលែង។ នៅក្នុងភ្នែករបស់ពួកគេ អ្វីគ្រប់យ៉ាងគឺជាករណីលើកលែង។ ព្រះជាម្ចាស់ពុំបានគ្រប់គ្រងសូម្បីរបស់មួយ អ្វីគ្រប់យ៉ាងសុទ្ធតែកើតមកពីមនុស្ស។ តើនេះគឺជាសេចក្ដីជំនឿលើព្រះជាម្ចាស់មែនទេ? តើនេះគឺជាការឆ្លុះបញ្ចាំងអំពីសារជាតិនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ដែរឬទេ? ពួកគេមិនជឿថា ព្រះជាម្ចាស់អាចគ្រប់គ្រងលើរបស់សព្វសារពើបាននោះទេ ឬថាព្រះជាម្ចាស់អាចរៀបចំគ្រប់រឿង គ្រប់ព្រឹត្តិការណ៍ និងគ្រប់ស្ថានការណ៍ទាំងអស់បាននោះទេ។ ពួកគេមិនអាចទទួលយករបស់អស់ទាំងនេះពីព្រះជាម្ចាស់បានទេ។ ពួកគេមានអារម្មណ៍ថា ស្ថានការណ៍ទាំងអស់នេះ គឺគ្រាន់តែកើតឡើងដោយចៃដន្យប៉ុណ្ណោះ ថាហេតុការណ៍នោះកើតឡើងដោយសារទង្វើរបស់មនុស្ស និងមិនមែនជាការរៀបចំរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើអ្វីទៅជាសារជាតិនៃជំនឿរបស់ពួកគេ? ពួកគេគឺជាអ្នកមិនជឿ! ទស្សនៈរបស់អ្នកមិនជឿ គឺមិនដែលទទួលយកអ្វីមួយមកអំពីព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវប្រើទស្សនៈ ផ្នត់គំនិត និងវិធីសាស្រ្តរបស់មនុស្សដើម្បីគិតគូរឲ្យបានច្រើន និងប្រឹងប្រើខួរក្បាលរបស់ពួកគេដើម្បីប្រឈមមុខនឹងអ្វីដែលពួកគេជួបប្រទះ។ នេះគឺជាអ្វីដែលអ្នកមិនជឿធ្វើ។ នៅពេលដែលអ្នករាល់គ្នាជួបមនុស្សប្រភេទនេះនៅពេលខាងមុខ អ្នកគប្បីមានការយល់ដឹងខ្លះៗពាក់ព័ន្ធនឹងពួកគេ។ អ្នកមិនជឿពូកែខាងប្រើខួរក្បាលរបស់ពួកគេណាស់ និងមានគំនិតផ្សេងៗនៅពេលមានបញ្ហាកើតឡើង។ ពួកគេធ្វើការស្វែងយល់ជាបន្តបន្ទាប់អំពីបញ្ហានៅក្បែរខ្លួន ព្យាយាមដោះស្រាយវាដោយប្រើវិធីសាស្រ្តរបស់មនុស្ស ហើយពួកគេចូលចិត្តនិយាយហេតុផល និងពឹងផ្អែកលើទស្សនៈវិជ្ជារបស់សាតាំង ឬពឹងផ្អែកលើច្បាប់។ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតនោះទេ ហើយពួកគេក៏មិនជឿថាព្រះជាម្ចាស់គ្រប់គ្រងលើសព្វសារពើទាំងអស់ដែរ ឬថាអ្វីៗគ្រប់យ៉ាង ព្រះជាម្ចាស់ជាអ្នកធ្វើដែរ។ ពួកគេមិនដែលទទួលយកពីព្រះជាម្ចាស់នូវស្ថានការណ៍បែបណាមួយ ដែលទ្រង់បានរៀបចំឡើយ ឬអ្វីដែលបានកើតឡើងជុំវិញខ្លួនពួកគេទេ។ ជាទូទៅ ពួកគេនៅតែនិយាយថា ពួកគេជឿថា វាសនារបស់មនុស្សជាតិគឺនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងថាពួកគេសុខចិត្តចុះចូលនឹងព្រះរាជ្យរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ ក៏ប៉ុន្តែ នោះមិនមែនជាអ្វីដែលពួកគេជឿនៅពេលដែលពួកគេជួបនឹងបញ្ហាណាមួយនោះទេ នោះមិនមែនជារបៀបដែលពួកគេយល់អំពីអ្វីៗទេ ហើយពួកគេក៏មិនដែលស្ដាប់បង្គាប់ដោយបែបនេះដែរ។ នេះហើយគឺជាលក្ខណៈនៃអ្នកមិនជឿ។

ដកស្រង់ពី «និស្ស័យពុករលួយអាចដោះស្រាយទៅបានតែតាមរយៈការស្វែងរកសេចក្ដីពិត និងការពឹងផ្អែកលើព្រះជាម្ចាស់ប៉ុណ្ណោះ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលមានរឿងអ្វីកើតឡើង មនុស្សខ្លះតែងតែរិះគន់អ្នកដទៃ និងកាលៈទេសៈនានា។ នេះគឺជាបញ្ហាធំមួយ។ ពួកគេតែងតែគិតថា មនុស្សដទៃតឹងតែងចំពោះពួកគេ ឬថាអ្នកដទៃមានចេតនាធ្វើឱ្យរឿងកាន់តែលំបាកសម្រាប់ពួកគេ ឬពួកគេតាមចាប់កំហុសមនុស្សដទៃ។ តើនេះមិនមែនជាការលម្អៀងទេឬ? ពួកគេពុំបានប្រឹងប្រែងតាមសេចក្ដីពិតទេ ហើយពួកគេតែងព្យាយាមរក្សាមុខមាត់ និងរកហេតុផលត្រឹមត្រូវនៅចំពោះមុខ ឬក្នុងចំណោមអ្នកដទៃ ហើយពួកគេតែងចង់ប្រើវិធីរបស់មនុស្សដើម្បីកំណត់ថាអ្វីត្រឹមត្រូវ។ នេះគឺជាឧបសគ្គដ៏ធំបំផុតចំពោះច្រកចូលទៅក្នុងជីវិត។ ប្រសិនបើអ្នកធ្វើដោយបែបនេះ អនុវត្តតាមវិធីនេះ និងជឿលើព្រះជាម្ចាស់ដោយរបៀបនេះ អ្នកនឹងមិនអាចទទួលបានសេចក្ដីពិតទេ ដោយសារអ្នកមិនដែលមកនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ផង។ អ្នកមិនដែលមកនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដើម្បីទទួលយកគ្រប់កិច្ចការដែលទ្រង់កំណត់ឱ្យអ្នកទេ អ្នកមិនដែលអនុវត្តសេចក្ដីពិតដើម្បីដោះស្រាយវាឡើយ។ ផ្ទុយទៅវិញ អ្នកតែងតែចង់ប្រើវិធីរបស់មនុស្សដើម្បីដោះស្រាយវា។ ដូចដែលព្រះជាម្ចាស់ទតឃើញ នោះគឺអ្នកនៅឆ្ងាយពីទ្រង់ណាស់ មិនមែនត្រឹមតែដួងចិត្តរបស់អ្នកទេដែលឆ្ងាយពីទ្រង់ ប៉ុន្តែសូម្បីតែរូបកាយរបស់អ្នកទាំងមូលក៏ពុំរស់នៅក្នុងព្រះវត្តមានរបស់ទ្រង់ដែរ។ នេះគឺជារបៀបដែលព្រះជាម្ចាស់ទតមើលថានរណាសំខាន់សម្រាប់នរណា និងសម្រាប់កាលៈទេសៈណា។ មនុស្សខ្លះពូកែនិយាយ និងគិតបានលឿន។ ពួកគេគិតថា៖ «ខ្ញុំគឺជាមនុស្សពូកែនិយាយ។ នៅពេលខ្ញុំនៅជិតមនុស្សដទៃ ពួកគេនឹងច្រណែនខ្ញុំ និងកោតសរសើរខ្ញុំ។ ពួកគេសរសើរតម្កើងខ្ញុំ ហើយជាទូទៅ ពួកគេស្ដាប់បង្គាប់ខ្ញុំ» តើនេះមានប្រយោជន៍ដែរឬទេ? កិត្យានុភាពរបស់អ្នកក្នុងចំណោមមនុស្សដទៃ ត្រូវបានបង្កើតឡើងហើយ ក៏ប៉ុន្តែនៅពេលអ្នកនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ ទ្រង់នឹងមិនយកព្រះទ័យទុកដាក់ចំពោះអ្នកនោះទេ។ ទ្រង់នឹងមានព្រះបន្ទូលថា អ្នកជាអ្នកមិនជឿ និងថាអ្នកទទឹងទាស់នឹងសេចក្ដីពិត។ អ្នកប្រព្រឹត្តខ្លួននៅក្នុងចំណោមអ្នកដទៃតាមរបៀបមួយដែលរលូន និងឥតអាក់ ហើយអ្នកអាចដោះស្រាយជាមួយនរណាក៏បាន និងមានសមត្ថភាពខ្លាំងក្នុងការដោះស្រាយបញ្ហា ហើយអ្នកអាចចុះសម្រុងគ្នាជាមួយនរណាម្នាក់ក៏បាន ប៉ុន្តែនៅចុងបញ្ចប់ តាមការវាយតម្លៃដោយបែបនេះពីព្រះជាម្ចាស់ នោះអ្នកនឹងត្រូវបញ្ចប់។ នឹងគ្មានលទ្ធផលល្អសម្រាប់អ្នកឡើយ ហើយវាសនារបស់អ្នក នឹងត្រូវកំណត់ទុក។ ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា៖ «នេះគឺអ្នកមិនជឿ ដែលគ្រវីបដានៃជំនឿលើព្រះជាម្ចាស់ដើម្បីទទួលបានព្រះពរ។ មនុស្សនេះ គឺទទឹងទាស់នឹងសេចក្ដីពិត។ ពួកគេមិនដែលបានខំប្រឹងប្រែងទៅតាមសេចក្ដីពិតទេ ហើយពួកគេក៏មិនដែលទទួលយកសេចក្ដីពិតដែរ»។ តើអ្នកគិតយ៉ាងណាចំពោះការវាយតម្លៃបែបនេះ? តើវាគឺជាអ្វីដែលអ្នករាល់គ្នាចង់បានមែនទេ? វាគឺមិនមែនជាដាច់ខាត។ ប្រហែលជាមនុស្សខ្លះពុំខ្វាយខ្វល់នោះទេ ដោយនិយាយថា «យ៉ាងម៉េចក៏យ៉ាងម៉េចចុះ។ យើងមិនអាចមើលឃើញព្រះជាម្ចាស់ផងហ្នឹង។ បញ្ហាដែលយើងមើលឃើញច្បាស់ជាងគេ គឺការចុះសម្រុងគ្នាជាមួយមនុស្សនៅជុំវិញខ្លួនយើង។ ប្រសិនបើយើងមិនមានទំនាក់ទំនងល្អទេ នោះនឹងពិបាកចុះសម្រុងក្នុងក្រុមនោះណាស់។ យ៉ាងហោចណាស់ យើងត្រូវឱ្យខ្លួនយើងស្គាល់មនុស្សទាំងនោះ និងរក្សាទំនាក់ទំនងល្អជាមួយពួកគេ។ យើងអាចនិយាយអំពីកិច្ចការថ្ងៃស្អែកនៅថ្ងៃស្អែកបាន»។ តើមនុស្សបែបនេះនៅតែជាអ្នកជឿលើព្រះជាម្ចាស់ដដែលមែនទេ? (អត់ទេ)។ មនុស្សម្នាក់ត្រូវតែរស់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ មកចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ឱ្យបានញឹកញាប់ ដើម្បីស្វែងរកសេចក្ដីពិតគ្រប់ពេលវេលា និងគ្រប់បញ្ហាទាំងអស់ ដើម្បីចុងក្រោយទៅ ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា៖ «អ្នកគឺជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្ដីពិត។ អ្នកកំពុងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងអរសប្បាយចំពោះទ្រង់។ ព្រះជាម្ចាស់បានទតឃើញដួងចិត្ត និងឥរិយាបថរបស់អ្នក»។ តើអ្នកគិតយ៉ាងណាចំពោះការវាយតម្លៃនេះ? មានតែមនុស្សបែបនេះទេដែលអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់។

ដកស្រង់ពី «ប្រសិនបើអ្នកមិនអាចរស់នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់បានជានិច្ចទេ នោះអ្នកគឺជាអ្នកមិនជឿហើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនរស់នៅជារឿយៗនៅចំពោះព្រះភ័ក្រ្ដទ្រង់ទេ នោះពួកគេនឹងមិនអាចមានការគោរពណាមួយសម្រាប់ទ្រង់ឡើយ ដូច្នោះហើយ ពួកគេមិនអាចជៀសវាងពីសេចក្ដីអាក្រក់ទេ។ អ្វីៗទាំងនេះគឺភាពទាក់ទងគ្នា។ ប្រសិនបើគិតឱ្យស៊ីជម្រៅទៅ អ្នករស់នៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ជារឿយៗ នោះអ្នកនឹងត្រូវបានត្រួតពិនិត្យ ហើយនឹងកោតខ្លាចទ្រង់នៅក្នុងអ្វីៗជាច្រើនយ៉ាង។ អ្នកនឹងមិនទៅឆ្ងាយពេក ឬធ្វើអ្វីមួយដែលអសីលធម៌ ហើយអ្នកក៏នឹងមិនធ្វើអ្វីមួយដែលព្រះជាម្ចាស់ស្អប់ ឬនិយាយពាក្យសម្ដីដែលមិនមានហេតុផលដែរ។ ប្រសិនបើអ្នកទទួលយកការពិនិត្យរបស់ព្រះជាម្ចាស់ និងទទួលយកការប្រៀនប្រដៅរបស់ទ្រង់ នោះអ្នកនឹងចៀសវាងការធ្វើរឿងអាក្រក់ជាច្រើន។ ដូចនេះ តើអ្នកមិនបានចៀសវាងសេចក្ដីអាក្រក់ឬ? នៅក្នុងជំនឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកតែងតែមានសភាពភាន់ច្រឡំ ដោយមិនដឹងថាទ្រង់នៅក្នុងចិត្តរបស់អ្នកឬអត់ ហើយមិនដឹងពីអ្វីដែលអ្នកចង់ធ្វើនៅក្នុងជម្រៅចិត្ត។ ប្រសិនបើអ្នកមិនអាចមានសន្តិភាពនៅខាងមុខព្រះជាម្ចាស់ ហើយអ្នកមិនអធិស្ឋាន ឬស្វែងរកសេចក្ដីពិតនៅពេលដែលអ្វីមួយកើតឡើងចំពោះអ្នក ប្រសិនបើអ្នកតែងតែធ្វើសកម្មភាពដោយផ្អែកលើបំណងផ្ទាល់ខ្លួនរបស់អ្នក រស់នៅដោយផ្អែកលើនិស្ស័យអាក្រក់របស់អ្នក ហើយបើកបង្ហាញនិស្ស័យដ៏ក្រអឺតក្រទមរបស់អ្នក ហើយប្រសិនបើអ្នកមិនទទួលយកការត្រួតពនិត្យ ឬការប្រៀនប្រដៅរបស់ទ្រង់ ហើយមិនចុះចូល នោះបើគិតឱ្យស៊ីជម្រៅទៅ មនុស្សដូចនេះនឹងរស់នៅខាងមុខសាតាំងជានិច្ច ហើយរស់នៅដោយនិស្ស័យដ៏ពុករលួយរបស់ពួកគេ។ ដូច្នេះហើយ មនុស្សបែបនេះគឺគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេគ្រាន់តែមិនអាចចៀសវាងសេចក្ដីអាក្រក់ប៉ុណ្ណោះ ហើយប្រសិនបើពួកគេមិនប្រព្រឹត្តការអាក្រក់ ក៏គ្រប់យ៉ាងដែលពួកគេគិតនៅតែអាក្រក់ដដែល ហើយទាំងមិនមានទំនាក់ទំនងនឹងសេចក្ដីពិតផង និងផ្ទុយនឹងសេចក្ដីពិតផង។ ដូច្នេះ តើមនុស្សបែបនេះ ជាមូលដ្ឋាន មិនមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ឬ? ទោះបីជាពួកគេត្រូវបានទ្រង់ត្រួតត្រា ក៏ពួកគេមិនដែលរាយការណ៍នៅចំពោះព្រះភ័ក្រ្ដទ្រង់ដែរ។ ពួកគេមិនដែលចាត់ទុកព្រះជាម្ចាស់ ជាព្រះទេ ពួកគេមិនដែលចាត់ទុកទ្រង់ថាជាព្រះអាទិករ ដែលត្រួតត្រាពួកគេទេ ពួកគេមិនដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះជាម្ចាស់របស់ពួកគេ និងជាព្រះអម្ចាស់របស់ពួកគេទេ ហើយពួកគេមិនដែលគិតដល់ការថ្វាយបង្គំទ្រង់ដោយអស់ពីចិត្តឡើយ។ មនុស្សបែបនេះ មិនយល់ថា ការកោតខ្លាចព្រះជាម្ចាស់មានន័យដូចម្ដេចឡើយ ហើយពួកគេគិតថា វាជារឿងត្រឹមត្រូវដើម្បីប្រព្រឹត្តសេចក្ដីអាក្រក់។ ពួកគេនិយាយថា «ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំនឹងខ្វល់ខ្វាយពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ វាមិនអាស្រ័យលើអ្នកផ្សេងទេ»។ ស្របពេលជាមួយគ្នានេះ ពួកគេចាត់ទុកសេចក្ដីជំនឿលើព្រះជាម្ចាស់ ជាធម៌មួយប្រភេទ ជាទម្រង់នៃពិធីមួយ។ តើនេះមិនមែនធ្វើឱ្យពួកគេក្លាយជាអ្នកមិនជឿឬ? ពួកគេគឺជាអ្នកមិនជឿ! ហើយ តើព្រះជាម្ចាស់ដាក់ឈ្មោះមនុស្សទាំងនេះជាអ្វីនៅក្នុងព្រះទ័យរបស់ទ្រង់? ពេញមួយថ្ងៃ គ្រប់យ៉ាងដែលពួកគេគិត គឺការអាក្រក់។ ពួកគេគឺជាមនុស្សអាក្រក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយទ្រង់មិនទទួលស្គាល់មនុស្សបែបនេះជាសមាជិកនៃដំណាក់របស់ទ្រង់ទេ។

ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះភ័ក្រព្រះជាម្ចាស់យ៉ាងជាប់លាប់ប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរលើមាគ៌ាទៅកាន់សេចក្ដីសង្គ្រោះបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯង ដើម្បីបម្រើព្រះក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែ កិត្តិនាម ទ្រព្យសម្បត្តិ និងសិរីរុងរឿង។ ដោយព្រោះតែចម្ងល់មួយថា ម៉េចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឲ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម៉េចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅ វិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះ ជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះ នោះផ្ទៃមេឃ និងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់ នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឲ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឲ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះ គ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយ ដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែ បែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសព ដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែ អ្នកបែរជារីករាយនឹងប្រគល់ខ្លួន ទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទ ទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ ទៅរកកេរ្តិ៍ឈ្មោះរបស់គេ ទៅរកឋានៈរបស់គេ និងទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវចិត្តគំនិតមួយគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ ក្នុងចិត្តអ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះអ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នក ជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានមានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំហ៊ាននិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿ នៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត ដូច្នេះ អ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្ស ស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. អ្វីជាការលាក់ពុត

បន្ទាប់៖ ៥. អ្វីជាបុគ្គលអាក្រក់ និងវិធីដែលមនុស្សអាក្រក់នានាអាចត្រូវបានសម្គាល់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ