យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងការផាត់មនុស្សចោល ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង ផាត់ចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំណងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឲ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វាល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។ នៅក្នុងយុគសម័យទាំងមូលនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីធ្វើ និងសម្រេចកិច្ចការរបស់ទ្រង់។ ទ្រង់មិនសម្ដែងឫទ្ធិបារមី ឬការអស្ចារ្យឡើយ ប៉ុន្តែទ្រង់គ្រាន់តែធ្វើកិច្ចការទ្រង់ តាមរយៈព្រះបន្ទូលតែប៉ុណ្ណោះ។ ដោយសារតែព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានចិញ្ចឹមបីបាច់និងផ្គត់ផ្គង់ ព្រមទាំងទទួលបានចំណេះដឹងនិងបទពិសោធដ៏ពិតផងដែរ។ នៅក្នុងយុគសម័យនៃព្រះបន្ទូល មនុស្សបានទទួលព្រះពរយ៉ាងពិសេស។ គេលែងរងការឈឺចាប់ខាងរូបកាយទៀតហើយ គឺគេគ្រាន់តែរីករាយនឹងការផ្គត់ផ្គង់ដ៏ហូរហៀរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដោយមិនចាំបាច់ត្រូវចេញទៅស្វែងរក ឬធ្វើដំណើរទាំងងងឹតងងល់ និងលែងមានទុក្ខវេទនា គេមើលឃើញការលេចមករបស់ព្រះជាម្ចាស់ ស្ដាប់ឮទ្រង់មានបន្ទូលចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ទទួលយកអ្វីដែលទ្រង់ផ្គត់ផ្គង់ និងមើលឃើញទ្រង់ធ្វើកិច្ចការ ដោយអង្គទ្រង់ផ្ទាល់តែម្ដង។ ទាំងនេះគឺជាកិច្ចការដែលមនុស្សកាលពីអតីតកាលមិនអាចរីករាយបានឡើយ ហើយវាជាព្រះពរដែលពួកគេមិនដែលធ្លាប់បានទទួល។

ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឲ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ គ្រប់យ៉ាងដែលទ្រង់មានបន្ទូលនោះគឺសម្រាប់ជាប្រយោជន៍ដល់ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ។ ព្រះបន្ទូលដែលចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណ មនុស្សពិបាកយល់ណាស់ ហើយពួកគេក៏គ្មានផ្លូវក្នុងការអនុវត្តតាមដែរ ដោយសារតែសមត្ថភាពយល់ដឹងរបស់គេនៅមានកម្រិត។ កិច្ចការរបស់ព្រះជាម្ចាស់សម្រេចបានប្រសិទ្ធភាពខុសៗគ្នា ហើយក៏ជួយទៅសម្រេចជំហាននីមួយៗនៃកិច្ចការដែលទ្រង់មានសម្រាប់គោលបំណងរបស់ទ្រង់ផងដែរ។ លើសពីនេះទៅទៀត វាពិតជាសំខាន់ណាស់ដែលទ្រង់ត្រូវមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ព្រោះថាមានតែធ្វើបែបនេះទេ ទើបទ្រង់អាចប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍។ បើទ្រង់បន្លឺព្រះសូរសៀងរបស់ទ្រង់ចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណតែមួយ នោះវានឹងគ្មានផ្លូវដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះឡើយ។ ចេញពីតុងសំឡេងដែលទ្រង់មានបន្ទូល អ្នកអាចមើលឃើញអំពីការតាំងព្រះហឫទ័យរបស់ទ្រង់ក្នុងការប្រោសមនុស្សមួយក្រុមនេះឲ្យបានគ្រប់លក្ខណ៍។ ដូច្នេះ តើអ្វីទៅគួរតែជាជំហានដំបូងសម្រាប់មនុស្សម្នាក់ៗ ដែលចង់ឲ្យទ្រង់ប្រោសឲ្យបានគ្រប់លក្ខណ៍? អ្វីដែលសំខាន់បំផុតនោះ គឺថាអ្នកត្រូវដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ នាពេលបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានប្រើវិធីសាស្ត្រមួយថ្មី នៅក្នុងកិច្ចការរបស់ទ្រង់។ ដោយសារតែយុគសម័យបានផ្លាស់ប្ដូរ ដូច្នេះ របៀបដែលព្រះជាម្ចាស់ធ្វើការក៏ត្រូវផ្លាស់ប្ដូរ ហើយវិធីសាស្ត្រដែលទ្រង់មានបន្ទូល ក៏មានលក្ខណៈខុសពីមុនផងដែរ។ សព្វថ្ងៃនេះ មិនត្រឹមតែវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់ បានផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែយុគសម័យក៏បានផ្លាស់ប្ដូរផងដែរ។ ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ ហើយវាក៏ជាយុគសម័យរបស់ព្រះជាម្ចាស់ដ៏ជាសេចក្តីស្រឡាញ់ផងដែរ។ វាជាគំរូនៃយុគសម័យរាជ្យមួយពាន់ឆ្នាំ ដែលជាយុគសម័យនៃព្រះបន្ទូល ហើយនៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់នឹងមានបន្ទូលទៅតាមមធ្យោបាយជាច្រើន ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ហើយទ្រង់ក៏មានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដើម្បីផ្គត់ផ្គង់ដល់មនុស្សផងដែរ។ ពេលចូលទៅក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះជាម្ចាស់នឹងចាប់ផ្ដើមប្រើព្រះបន្ទូល ដើម្បីប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ អនុញ្ញាតឲ្យមនុស្សចូលទៅក្នុងតថភាពជីវិត និងដឹកនាំមនុស្សឲ្យដើរតាមផ្លូវដ៏ត្រឹមត្រូវ។ តាមរយៈការដកពិសោធន៍ចេញពីជំហានជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សបានមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិននៅតែដដែលនោះឡើយ ប៉ុន្តែវាកំពុងតែវិវឌ្ឍទៅមុខ និងកាន់តែស៊ីជម្រៅឥតស្រាកស្រាន្តឡើយ។ ក្រោយពេលមនុស្សបានដកពិសោធន៍អស់ពេលយ៉ាងយូរមក កិច្ចការបានផ្លាស់ប្ដូរវិលវល់ដដែលៗ ម្ដងហើយម្ដងទៀត។ ទោះបីផ្លាស់ប្ដូរជាច្រើនយ៉ាងណាក៏ដោយ ក៏វាមិនដែលឃ្លាតចេញពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិដែរ។ ទោះត្រូវឆ្លងកាត់ការផ្លាស់ប្ដូររាប់ម៉ឺនដងក៏ដោយ ក៏វាមិនដែលបែរចេញពីគោលបំណងដើមរបស់វាដែរ។ មិនថាវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏កិច្ចការនេះមិនដែលចាកចេញ ពីសេចក្តីពិត ឬពីជីវិតនោះដែរ។ ការផ្លាស់ប្ដូរនៅក្នុងវិធីសាស្ត្រនៃការសម្រេចកិច្ចការ គឺគ្រាន់តែជាការផ្លាស់ប្ដូរនៅក្នុងទម្រង់នៃកិច្ចការ និងទិដ្ឋភាពដែលព្រះជាម្ចាស់មានបន្ទូលប៉ុណ្ណោះ។ វាគ្មានការផ្លាស់ប្ដូរនៅក្នុងកម្មវត្ថុស្នូលនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើង ដើម្បីសម្រេចផលឲ្យកាន់តែមានប្រសិទ្ធភាព។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀង មិនមានន័យជាការផ្លាស់ប្ដូរនៅក្នុងគោលបំណង ឬគោលការណ៍នៅពីក្រោយកិច្ចការនោះឡើយ។ មនុស្សជឿលើព្រះជាម្ចាស់ជាចម្បង ដើម្បីស្វែងរកជីវិត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្វែងរកជីវិត ឬដេញតាមសេចក្តីពិត ឬចំណេះដឹងអំពីព្រះជាម្ចាស់ទេ នោះវាមិនមែនជាសេចក្តីជំនឿលើព្រះជាម្ចាស់ឡើយ! ហើយតើការបន្តព្យាយាមចូលទៅក្នុងនគរមួយ ដើម្បីក្លាយជាស្ដេច ជារឿងដ៏ពិតប្រាកដដែរឬទេ? ការទទួលបានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់តាមរយៈការស្វែងរកជីវិត គឺជាការពិត ហើយការដេញតាម និងការប្រតិបត្តិតាមសេចក្តីពិត ពោលគឺទាំងនេះគឺការពិត។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដកពិសោធន៍ជាមួយព្រះបន្ទូលទាំងនេះ អ្នកនឹងចាប់ផ្ដើមមានចំណេះដឹងអំពីព្រះជាម្ចាស់នៅក្នុងចំណោមបទពិសោធពិតៗ ហើយនេះជាអត្ថន័យនៃការដេញតាមដ៏ពិត។

ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូលទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថា តើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់ បានក្លាយជាតថភាពជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះនៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយបកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូលតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ។ ទ្រង់គ្រប់គ្រងមនុស្សតាមរយៈព្រះបន្ទូល ដើម្បីឲ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឲ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ និងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លានស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាអាហាររបស់មនុស្ស និងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែនេះមិនមែនជាករណីនៅសព្វថ្ងៃនេះទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះ និងការប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយហូបនិងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ការដេញតាមជីវិត មិនមែនជាអ្វីមួយដែលត្រូវធ្វើទាំងប្រញាប់ប្រញាល់នោះឡើយ។ ការរីកចម្រើននៃជីវិត មិនអាចកើតឡើងក្នុងពេលតែមួយថ្ងៃ ឬពីរថ្ងៃឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសាមញ្ញនិងជាក់ស្ដែង ហើយវាមានដំណើរការមួយដែលចាំបាច់ត្រូវឆ្លងកាត់។ វាត្រូវការឲ្យព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ចំណាយពេលសាមសិបបីឆ្នាំកន្លះ ដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងរបស់ទ្រង់ បើដូច្នេះ តើការធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ និងការបំផ្លាស់បំប្រែជីវិតរបស់គេ គឺជាកិច្ចការដែលពិបាកបំផុតឬ? វាមិនមែនជាកិច្ចការដ៏ងាយស្រួល ដើម្បីធ្វើឲ្យមនុស្សសាមញ្ញក្លាយជាមនុស្សដែលស្ដែងចេញអំពីព្រះជាម្ចាស់នោះឡើយ។ ជាពិសេស គឺសម្រាប់មនុស្សដែលកើតមកនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលមានគុណសម្បត្តិទន់ខ្សោយ ដូច្នេះ វាតម្រូវឲ្យព្រះជាម្ចាស់ប្រើរយៈពេលយូរ ដើម្បីមានបន្ទូល និងធ្វើកិច្ចការរបស់ទ្រង់។ ដូច្នេះ មិនត្រូវខ្វះចិត្តអត់ធ្មត់ក្នុងការនៅចាំមើលពីលទ្ធផលឡើយ។ អ្នកត្រូវតែប្រុងប្រៀបខ្លួនជាស្រេច ក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដាក់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ចប់ អ្នកត្រូវតែចេះយកព្រះបន្ទូលទាំងនោះទៅអនុវត្តជាក់ស្ដែង ដោយរីកចម្រើនឡើងនៅក្នុងចំណេះដឹង ការយល់ដឹងជ្រៅជ្រះ ការដឹងខុសត្រូវ និងប្រាជ្ញានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈដំណើរការនេះ ជីវិតរបស់អ្នកនឹងទទួលនូវការផ្លាស់ប្រែ ទាំងមិនដឹងខ្លួនមិនខាន។ ប្រសិនបើអ្នកអាចយកការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអានព្រះបន្ទូល ការស្គាល់ព្រះបន្ទូល ការដកពិសោធន៍ពីព្រះបន្ទូល និងការអនុវត្តតាមព្រះបន្ទូល មកធ្វើជាគោលការណ៍ប្រចាំជីវិតរបស់អ្នក នោះអ្នកនឹងមានភាពចាស់ទុំ ដោយមិនដឹងខ្លួនមិនខាន។ មានមនុស្សមួយចំនួននិយាយថា ពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តបានឡើយ ទោះបីក្រោយពេលដែលពួកគេបានអានរួចក៏ដោយ។ តើអ្នកប្រញាប់ប្រញាល់ធ្វើអ្វី? នៅពេលដែលអ្នកឡើងទៅដល់កម្រិតមួយ នោះអ្នកនឹងអាចយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តបានមិនខាន។ តើក្មេងអាយុបួន ឬប្រាំឆ្នាំនឹងនិយាយថា ពួកគេមិនអាចជួយ ឬផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់គេដែរឬទេ? អ្នកគួរតែដឹងអំពីកម្រិតសមត្ថភាពរបស់អ្នកនាពេលបច្ចុប្បន្ន។ ចូរអនុវត្តនូវអ្វីដែលអ្នកអាចអនុវត្តបាន ហើយចៀសវាងក្លាយជាមនុស្សម្នាក់ដែលបង្អាក់ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចូរគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយយកវាជាគោលការណ៍ប្រចាំជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ក្នុងពេលបច្ចុប្បន្ន ចូរកុំបារម្ភឡើយថា តើព្រះជាម្ចាស់អាចប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍ ឬយ៉ាងណានោះ។ ចូរកុំទាន់ជីកឫស ជីកគល់ឡើយ។ សូមគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមករកអ្នក នោះព្រះជាម្ចាស់នឹងប្រាកដជាធ្វើឲ្យអ្នកបានពេញខ្នាតមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ មានគោលការណ៍មួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ នៅពេលដែលអ្នកត្រូវហូប និងផឹកព្រះបន្ទូលរបស់ទ្រង់។ ចូរកុំធ្វើវាទាំងងងឹតងងល់ឡើយ។ នៅក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមន័យម្យ៉ាង ចូរស្វែងរកព្រះបន្ទូលដែលអ្នកគួរតែដឹង ហើយនោះជាព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត ហើយតាមន័យម្យ៉ាងទៀត ចូរស្វែងរករបៀបដែលអ្នកគួរតែយកព្រះបន្ទូលទៅអនុវត្ត ហើយនោះជាអ្វីដែលអ្នកគួរតែចូលទៅក្នុង។ មួយផ្នែកពាក់ព័ន្ធនឹងចំណេះដឹង ហើយមួយផ្នែកទៀតពាក់ព័ន្ធនឹងការចូលទៅក្នុង។ នៅពេលដែលអ្នកយល់អំពីផ្នែកទាំងពីរនេះ ហើយយល់អំពីអ្វីដែលអ្នកគួរតែដឹង និងអ្វីដែលអ្នកគួរតែអនុវត្ត នោះអ្នកនឹងដឹងពីរបៀបត្រូវហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ជាមិនខាន។

បន្តទៅមុខទៀត ការនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាគោលការណ៍មួយដែលអ្នកត្រូវនិយាយ។ តាមធម្មតា នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នកគួរតែប្រកបគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាខ្លឹមសារនៃអន្តរកម្មរបស់អ្នក និយាយអំពីអ្វីដែលអ្នកដឹងអំពីព្រះបន្ទូលទាំងនេះរបៀបដែលអ្នកយកព្រះបន្ទូលទៅអនុវត្ត និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ដរាបណាអ្នករួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺដល់អ្នកមិនខាន។ ដើម្បីឲ្យពិភពលោកទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាតម្រូវឲ្យមនុស្សមានកិច្ចសហការជាមួយគ្នា។ ប្រសិនបើអ្នកមិនចូលក្នុងការនេះទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវអាចធ្វើការនោះឡើយ។ ប្រសិនបើអ្នកបន្តបិទមាត់របស់អ្នក ហើយមិននិយាយអំពីព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់នឹងគ្មានផ្លូវស្រាយបំភ្លឺដល់អ្នកឡើយ។ គ្រប់ពេលដែលអ្នកមិនរវល់ក្នុងព្រះបន្ទូល ឬនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ចូរកុំចូលរួមនៅក្នុងការជជែកគ្នាលេងដែលឥតបានការនោះឡើយ! ចូរឲ្យជីវិតរបស់អ្នកពោរពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយពេលនោះ នោះអ្នកនឹងក្លាយជាអ្នកជឿយ៉ាងពិតប្រាកដមិនខាន។ វាមិនសំខាន់ឡើយ បើការរួមប្រកបរបស់អ្នកមានកម្រិតសើៗនោះ។ បើគ្មានទឹករាក់ នោះក៏គ្មានទឹកជ្រៅដែរ។ វាជាដំណើរការមួយ។ តាមរយៈការបណ្ដុះបណ្ដាលរបស់អ្នក អ្នកនឹងយល់អំពីការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានចំពោះអ្នក និងរបៀបហូប និងផឹកកាន់តែមានប្រសិទ្ធភាព ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីរយៈពេលនៃការស្វែងយល់នេះចប់ទៅ អ្នកនឹងចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមានការតាំងចិត្តចង់សហការ នោះអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមិនខាន។

ចេញពីគោលការណ៍នៃការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានគោលការណ៍មួយទាក់ទងនឹងចំណេះដឹង ហើយគោលការណ៍មួយទៀត ទាក់ទងនឹងការចូលទៅក្នុង។ តើព្រះបន្ទូលណាខ្លះដែលអ្នកគួរតែដឹង? អ្នកគួរតែដឹងអំពីព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត (ដូចជាព្រះបន្ទូលទាក់ទងនឹងយុគសម័យណាដែលកិច្ចការរបស់ព្រះជាម្ចាស់បានចូលរួចហើយ អ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវ និងអ្វីជាការយកកំណើតជាមនុស្សជាដើម ហើយការទាំងអស់នេះ គឺសុទ្ធតែពាក់ព័ន្ធជាមួយនិមិត្ត)។ តើផ្លូវដែលមនុស្សគួរតែចូលទៅក្នុង មានន័យដូចម្ដេច? ការនេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរតែអនុវត្ត និងចូលទៅក្នុង។ ខាងលើ គឺជាទិដ្ឋភាពចំនួនពីរនៃការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនេះតទៅ ចូរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះចុះ។ ប្រសិនបើអ្នកមានការយល់ដឹងច្បាស់លាស់អំពីព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងនិមិត្ត នោះមិនចាំបាច់បន្តអានគ្រប់ពេលនោះឡើយ។ កិច្ចការដ៏សំខាន់ គឺត្រូវហូប និងផឹកកាន់តែច្រើន ពីព្រះបន្ទូលអំពីការចូលទៅក្នុង ដូចជារបៀបបែរចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ របៀបធ្វើឲ្យចិត្តរបស់អ្នកនៅស្ងប់ចំពោះព្រះជាម្ចាស់ និងរបៀបលះបង់ចោលសាច់ឈាម។ ទាំងនេះគឺជាកិច្ចការដែលអ្នកគួរតែយកទៅអនុវត្ត។ ប្រសិនបើមិនដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការប្រកបដ៏ពិតនឹងមិនអាចទៅរួចឡើយ។ នៅពេលដែលអ្នកដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងយល់អំពីចំណុចគន្លឹះហើយ នោះការប្រកបនឹងដំណើរការយ៉ាងរលូន ហើយទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏អ្នកនឹងអាចប្រកប និងយល់ពីការពិតដដែល។ នៅពេលដែលប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានការពិតទេ នោះអ្នកមិនបានយល់អំពីចំណុចគន្លឹះឡើយ ហើយនេះបង្ហាញថា អ្នកមិនបានដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះយល់ថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងគួរឲ្យធុញទ្រាន់ ហើយនេះមិនមែនជាសភាពធម្មតាឡើយ។ អ្វីដែលធម្មតាគឺជាការមិនចេះនឿយហត់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែងតែស្រេកឃ្លានចង់បានព្រះបន្ទូល និងតែងតែមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាការល្អជានិច្ច។ នេះជារបៀបដែលមនុស្សចូលទៅហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជាក់ស្ដែងច្បាស់ៗ និងជាអ្វីដែលមនុស្សគួរតែចូលទៅកាន់ ហើយនៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជំនួយ និងមានប្រយោជន៍ខ្លាំងចំពោះមនុស្ស ហើយថាព្រះបន្ទូលគឺជាការផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស នោះជាព្រះវិញ្ញាណបរិសុទ្ធទេ ដែលប្រទានឲ្យអ្នកនូវអារម្មណ៍បែបនេះ ហើយក៏ជាព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលប៉ះពាល់ចិត្តរបស់អ្នក។ ការនេះបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងអ្នក និងបញ្ជាក់ទៀតថា ព្រះជាម្ចាស់មិនបានបែរចេញពីអ្នកឡើយ។ ដោយមើលឃើញថា ព្រះជាម្ចាស់តែងតែមានបន្ទូលជានិច្ចនោះមនុស្សមួយចំនួន បែរជាធុញទ្រាន់នឹងព្រះបន្ទូលរបស់ទ្រង់ទៅវិញ ហើយគេបែរជាគិតថា ទោះបីគេអាន ឬមិនអានព្រះបន្ទូលក៏ដោយ ក៏វាគ្មានប្រយោជន៍អ្វីដែរ ហើយការមានគំនិតបែបនេះ មិនមែនជាសភាពធម្មតាឡើយ។ ពួកគេខ្វះនូវដួងចិត្តដែលស្រេកឃ្លានចង់ចូលទៅក្នុងការពិត ហើយមនុស្សបែបនេះមិនដែលស្រេកឃ្លាន ឬក៏ឲ្យតម្លៃសំខាន់ទៅលើការប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ គ្រប់ពេលដែលអ្នករកឃើញថា អ្នកមិនស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះបង្ហាញឲ្យឃើញថា អ្នកមិនស្ថិតនៅក្នុងសភាពធម្មតាឡើយ។ កាលពីអតីតកាល ដើម្បីកំណត់ថាតើព្រះជាម្ចាស់បានបែរចេញ ឬមិនបានបែរចេញពីអ្នក គឺត្រូវបានកំណត់ឡើងដោយមើលថាតើអ្នកមានសន្តិភាពផ្លូវចិត្តឬក៏អត់ ហើយថាតើអ្នកមានអារម្មណ៍រីករាយឬយ៉ាងណា។ បច្ចុប្បន្ននេះ គន្លឹះនៃការកំណត់គឺថាតើអ្នកស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាតើព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិតរបស់អ្នក ថាតើអ្នកស្មោះត្រង់ និងថាតើអ្នកអាចធ្វើគ្រប់កិច្ចការដែលអ្នកអាចធ្វើបានសម្រាប់ព្រះជាម្ចាស់ឬយ៉ាងណា។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សត្រូវទទួលការជំនុំជម្រះ ដោយការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង្អុលបង្ហាញព្រះបន្ទូលរបស់ទ្រង់ទៅកាន់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកស្ម័គ្រចិត្តអានព្រះបន្ទូល នោះទ្រង់នឹងបំភ្លឺដល់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនស្ម័គ្រចិត្តទេ នោះទ្រង់នឹងមិនបំភ្លឺឡើយ។ ព្រះជាម្ចាស់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត ហើយទ្រង់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្វែងរកទ្រង់។ មនុស្សមួយចំនួននិយាយថា ព្រះជាម្ចាស់មិនស្រាយបំភ្លឺដល់ពួកគេឡើយ ទោះបីក្រោយពេលដែលពួកគេអានព្រះបន្ទូលរបស់ទ្រង់ក៏ដោយ។ ប៉ុន្តែ តើអ្នកបានអានព្រះបន្ទូលទាំងនេះដោយរបៀបណាខ្លះទៅ? ប្រសិនបើអ្នកអានព្រះបន្ទូលរបស់ទ្រង់នៅក្នុងរបៀបមួយដែលមានការយល់ដឹងសើរៗ ហើយមិនឲ្យតម្លៃទៅលើការពិត តើព្រះជាម្ចាស់អាចស្រាយបំភ្លឺដល់អ្នកបានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចឲ្យទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងគ្មានសេចក្តីពិត ឬការពិតឡើយ។ ប្រសិនបើអ្នកឲ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់ នោះអ្នកនឹងអាចយកសេចក្តីពិតនោះទៅអនុវត្ត ហើយមានតែបែបនេះទេ ទើបអ្នកនឹងមានការពិត។ នេះហើយជាហេតុផលដែលអ្នកត្រូវហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា មិនថាអ្នករវល់ ឬមិនរវល់ មិនថាកាលៈទេសៈរបស់អ្នកអំណោយផល ឬមិនអំណោយផល និងមិនថាអ្នកកំពុងត្រូវបានល្បងល ឬអត់នោះឡើយ។ សរុបមក ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាគ្រឹះមូលដ្ឋាននៃវត្តមានរបស់មនុស្ស។ គ្មាននរណាម្នាក់អាចបែរចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ តែត្រូវបរិភោគព្រះបន្ទូលទ្រង់ ដូចជាគេបរិភោគអាហារបីពេលក្នុងមួយថ្ងៃយ៉ាងនោះដែរ។ តើការប្រោសឲ្យគ្រប់លក្ខណ៍ និងការត្រូវបានព្រះទទួលយក អាចជារឿងងាយស្រួលឬទេ? មិនថាអ្នកយល់ ឬមិនយល់ក្នុងពេលបច្ចុប្បន្ន ហើយមិនថាអ្នកមានការយល់ដឹងជ្រៅជ្រះអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នេះគឺជាការចូលនៅក្នុងរបៀបប្រុងប្រៀបខ្លួនជាមុន។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ចូរប្រញាប់អនុវត្តតាមអ្វីដែលអ្នកអាចយល់ ហើយទុកអ្វីដែលអ្នកមិនទាន់យល់នៅម្ដុំសិន។ ប្រហែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនដែលអ្នកមិនទាន់យល់ពីពេលដំបូងនៅឡើយ ប៉ុន្តែក្រោយពេលពីរបីខែ ឬក៏មួយឆ្នាំមក អ្នកនឹងអាចយល់មិនខាន។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? វាដោយសារតែព្រះជាម្ចាស់មិនអាចប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ក្នុងពេលមួយថ្ងៃ ឬក៏ពីរថ្ងៃបានឡើយ។ ភាគច្រើន នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ អ្នកប្រហែលជាមិនយល់ក្នុងពេលភ្លាមៗឡើយ។ នៅពេលនោះ ព្រះបន្ទូលរបស់ទ្រង់ហាក់ដូចជាគ្មានន័យអ្វីក្រៅពីអត្ថបទធម្មតាប៉ុណ្ណោះ។ អ្នកច្បាស់ជាមានបទពិសោធបែបនេះមុនពេលដែលអ្នកអាចយល់អំពីព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន ហើយអ្នកគួរតែខំប្រឹងហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ យ៉ាងនោះអ្នកនឹងយល់ដោយមិនដឹងខ្លួន ហើយព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺឲ្យអ្នកយល់មិនខាន។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់មនុស្ស ជារឿយៗទ្រង់ធ្វើឡើងដោយមនុស្សមិនបានដឹងឡើយ។ ទ្រង់ស្រាយបំភ្លឺ និងដឹកនាំអ្នក នៅពេលដែលអ្នកស្រេកឃ្លាន និងស្វែងរក។ គោលការណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ គឺផ្តោតសំខាន់ជុំវិញកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នកហូប និងផឹក។ អស់អ្នកណាដែលមិនឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងតែមានអាកប្បកិរិយាផ្សេងចំពោះព្រះបន្ទូលរបស់ទ្រង់ មិនមានការពិតនោះឡើយ ព្រោះថានៅក្នុងគំនិតអល់អែករបស់គេ ពួកគេជឿថា វាជារឿងមិនសំខាន់អ្វីឡើយ ទោះបីគេអានព្រះបន្ទូលរបស់ទ្រង់ឬមិនបានអានក៏ដោយ។ ចំពោះមនុស្សបែបនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការស្រាយបំភ្លឺរបស់ទ្រង់ មិនអាចត្រូវបានមើលឃើញនៅក្នុងពួកគេឡើយ។ មនុស្សប្រភេទនេះគឺជាអ្នកមានពុត ដែលធ្វើពើដូចជាខ្លួនខំប្រឹងណាស់ ប៉ុន្តែតាមពិតគ្មានគុណសម្បត្តិពិតប្រាកដឡើយ គឺដូចជាប្រស្នារបស់[ក] ណានគូ យ៉ាងនោះដែរ។

បើគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការពិតរបស់អ្នកទេ នោះអ្នកគ្មានសមត្ថភាពពិតប្រាកដឡើយ។ នៅពេលដែលវេលានត្រូវល្បងលមកដល់ អ្នកប្រាកដជានឹងត្រូវដួលហើយបន្ទាប់មក សមត្ថភាពដ៏ពិតរបស់អ្នកនឹងត្រូវបើកសម្ដែងឲ្យឃើញមិនខាន។ ប៉ុន្តែអស់អ្នកណាដែលបន្តស្វែងរកដើម្បីចូលទៅក្នុងការពិត នោះប្រាកដជានឹងយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់មិនខាន នៅពេលដែលគេហ៊ុមព័ទ្ធដោយសេចក្តីល្បងល។ មនុស្សដែលមានមនសិការ និងស្រេកឃ្លានព្រះជាម្ចាស់ គួរតែធ្វើសកម្មភាពជាក់ស្ដែង ដើម្បីសងគុណដល់ព្រះជាម្ចាស់សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់។ អស់អ្នកណាដែលគ្មានភាពជាក់ស្ដែង មិនអាចឈរមាំបានឡើយ នៅពេលដែលគេជួបសូម្បីតែបញ្ហាដ៏កំប៉ិកកំប៉ុក។ នេះហើយជាភាពខុសគ្នារវាងមនុស្សដែលមានសមត្ថភាពពិត និងអ្នកដែលគ្មានសមត្ថភាពពិត។ ទោះបីមនុស្សទាំងពីរប្រភេទនេះហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចគ្នាក៏ដោយ ចុះហេតុអ្វីបានជាអ្នកខ្លះអាចឈរមាំនឹងសេចក្តីល្បងល ឯអ្នកខ្លះទៀតបែរជារត់គេចខ្លួនដូច្នេះ? ភាពខុសគ្នាយ៉ាងជាក់ស្ដែងគឺថា អ្នកខ្លះខ្វះនូវសមត្ថភាពពិតប្រាកដ។ ពួកគេមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់ខ្លួន ហើយព្រះបន្ទូលរបស់ទ្រង់មិនបានចាក់ឫសជ្រៅនៅក្នុងពួកគេ។ នៅពេលដែលពួកគេជួបសេចក្តីល្បងលភ្លាម ពួកគេក៏ចាប់ផ្ដើមទ័លច្រក។ ហេតុអ្វីបានជាមនុស្សមួយចំនួនអាចឈរមាំនៅក្នុងសេចក្តីល្បងល? នោះគឺដោយសារតែពួកគេយល់អំពីសេចក្តីពិត និងមាននិមិត្ត ហើយពួកគេយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលក្ខខណ្ឌតម្រូវរបស់ទ្រង់ ដូច្នេះហើយបានជាពួកគេអាចឈរយ៉ាងមាំឆ្លងផុតសេចក្តីល្បងលបាន។ នេះជាសមត្ថភាពពិតប្រាកដ ហើយនេះក៏ជាជីវិតផងដែរ។ អ្នកខ្លះក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែពួកគេមិនបានយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត ហើយក៏គ្មានភាពហ្មត់ចត់ជាមួយនឹងព្រះបន្ទូលដែរ។ មនុស្សដែលគ្មានភាពហ្មត់ចត់នឹងព្រះបន្ទូល មិនឲ្យតម្លៃទៅលើការអនុវត្តឡើយ។ មនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់បម្រើជាភាពជាក់ស្ដេងរបស់គេ គឺគ្មានសមត្ថភាពពិតឡើយ ហើយមនុស្សប្រភេទនេះនឹងមិនអាចឈរមាំ ដើម្បីឆ្លងផុតសេចក្តីល្បងលនោះឡើយ។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានមក នោះអ្នកគួរតែទទួលយកភ្លាមៗ ព្រមទាំងហូប និងផឹកព្រះបន្ទូលទាំងនោះ។ មិនថាអ្នកមានការយល់ដឹងកម្រិតណាឡើយ ប៉ុន្តែមានទស្សនៈមួយ ដែលអ្នកត្រូវប្រកាន់ខ្ជាប់ គឺត្រូវហូបនិងផឹក ដឹង និងអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ នេះជាអ្វីមួយដែលអ្នកគួរតែអាចធ្វើបាន។ ចូរកុំខ្វល់ឡើយថាតើអ្នកមានសមត្ថភាពខ្ពស់ប៉ុនណានោះ។ ចូរគ្រាន់តែផ្តោតទៅលើការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ទៅបានហើយ។ នេះជាអ្វីដែលមនុស្សគួរតែសហការ។ ជីវិតខាងវិញ្ញាណរបស់អ្នក គឺជាការព្យាយាមចូលទៅក្នុងការពិតនៃការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយកព្រះបន្ទូលទៅអនុវត្តតាម។ វាមិនមែនជាភារកិច្ចរបស់អ្នកឡើយ ក្នុងការផ្តោតទៅលើអ្វីផ្សេងនោះ។ អ្នកដឹកនាំពួកជំនុំ គួរតែអាចដឹកនាំបងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គេ ដើម្បីឲ្យពួកគេដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាទំនួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំម្នាក់ៗ។ មិនថាគេក្មេង ឬចាស់ឡើយ មនុស្សគ្រប់គ្នាគួរតែចាត់ទុកការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ជាកិច្ចការដ៏សំខាន់បំផុត និងគួរតែមានព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ការចូលទៅក្នុងភាពជាក់ស្ដែងនេះ មានន័យថាជាការចូលទៅក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅដោយគ្មានការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ និងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ទ្រង់គឺនៅថ្មីៗ មិនថាវាស្ថិតនៅពេលណានោះឡើយ។ ការនេះមានន័យថា ពួកគេកំពុងតែចាប់ផ្ដើមដើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើកិច្ចការរបស់ទ្រង់ និងដើម្បីផ្គត់ផ្គង់ដល់មនុស្ស។ នៅពេលដែលមនុស្សគ្រប់គ្នាស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះមនុស្សជាតិនឹងចូលទៅក្នុងពិភពនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។

ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន។ តើអ្នកបានយល់ដឹងប៉ុនណាហើយ? តើអ្នកបានចូលទៅដល់កម្រិតណាហើយ? ប្រសិនបើអ្នកដឹកនាំពួកជំនុំមិនបានដឹកនាំបងប្អូនប្រុសស្រីរបស់ពួកគេឲ្យចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវដកសិទ្ធិជាអ្នកដឹកនាំនៅក្នុងភារកិច្ចរបស់គេមិនខាន ហើយពួកគេនឹងមិនបានបំពេញតាមទំនួលខុសត្រូវរបស់ខ្លួនឡើយ! មិនថាអ្នកមានការយល់ដឹងជ្រៅជ្រះ ឬរាក់កំផែលឡើយ ទោះបីជាអ្នកមានការរយល់ដឹងកម្រិតណាក៏ដោយ ក៏អ្នកត្រូវតែដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំងទៅលើព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងយល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការហូប និងផឹកព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានកំពុងតែមានបន្ទូលយ៉ាងច្រើនណាស់ ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ឬមិនព្យាយាមស្វែងរក ឬអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះមិនអាចរាប់ថាជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែមិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឲ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថា ជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតអ្នកស្រេកឃ្លាន» ប៉ុណ្ណោះ។ ដោយនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បីតែបន្ដិច៖ ទាំងនេះគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវហូប និងផឹកព្រះបន្ទូល របស់ព្រះជាម្ចាស់ឲ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឲ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយគ្មានការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់នៃនគរព្រះដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយកឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេ ហើយតាមមធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុងនិងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងចិត្តគេ ហើយជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងខាងក្នុងនិងខាងក្រៅ។ មានតែបែបនេះទេ ទើបមនុស្សជាតិនឹងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការពិតរបស់គេ។

ការចូលទៅក្នុងយុគសម័យនៃព្រះបន្ទូល ឬយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ គឺជាកិច្ចការដែលកំពុងតែត្រូវបានសម្រេចនាពេលសព្វថ្ងៃ។ ចាប់ពីពេលនេះតទៅ ចូរអនុវត្តការរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ មានតែតាមរយៈការហូបនិងផឹក ព្រមទាំងការដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចនឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវតែបង្កើតឲ្យមានបទពិសោធជាក់ស្ដែងមួយចំនួន ដើម្បីធ្វើឲ្យអ្នកដទៃជឿ។ ប្រសិនបើអ្នកមិនអាចរស់នៅតាមភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគ្មាននរណាម្នាក់នឹងជឿឡើយ! មនុស្សទាំងអស់ដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ សុទ្ធតែអាចរស់នៅតាមភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចបង្កើតការពិតនេះ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការនៅខាងក្នុងអ្នកឡើយ និងបង្ហាញទៀតថា អ្នកមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះទេ។ នេះជាសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកមានដួងចិត្តដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? មនុស្សដែលស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ស្រេកឃ្លានចង់បានសេចក្តីពិតផងដែរ ហើយមានតែមនុស្សបែបនេះទេ ទើបព្រះជាម្ចាស់ប្រទានពរ។ នៅពេលអនាគត ព្រះជាម្ចាស់នឹងមានបន្ទូលកាន់តែច្រើនថែមទៀតទៅកាន់គ្រប់សាសនា និងគ្រប់និកាយ។ ជាដំបូងទ្រង់មានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីប្រោសអ្នករាល់គ្នាឲ្យបានពេញខ្នាត មុនពេលទ្រង់បន្តទៅមានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមសាសន៍ដទៃ ដើម្បីយកឈ្នះលើពួកគេ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ មនុស្សទាំងអស់នឹងជឿយ៉ាងស្មោះអស់ពីចិត្តតែម្ដង។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្ដែងរបស់ទ្រង់ នឹងធ្វើឲ្យនិស្ស័យដ៏ពុករលួយរបស់មនុស្សរសាយបាត់ទៅបន្ដិចម្ដងៗ គេទទួលបានរូបរាងជាមនុស្ស ហើយនិស្ស័យបះបោររបស់គេប្រែជាចុះខ្សោយ។ ព្រះបន្ទូលធ្វើការទៅលើមនុស្សដោយសិទ្ធិអំណាច ហើយយកឈ្នះលើមនុស្សដោយពន្លឺរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងយុគសម័យបច្ចុប្បន្ន ក៏ដូចជាចំណុចកំពូលនៃកិច្ចការរបស់ទ្រង់ អាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើអ្នកមិនអានព្រះបន្ទូលរបស់ទ្រង់ទេ នោះអ្នកនឹងមិនយល់អ្វីឡើយ។ តាមរយៈការដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ និងតាមរយៈការចូលរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជាមួយបទពិសោធពិតជាក់ស្ដែងរបស់អ្នក នោះអ្នកនឹងទទួលបានចំណេះដឹងដ៏ពេញលេញអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខាន។ មានតែបែបនេះទេ ទើបអ្នកអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «ប្រស្នារបស់»។

ខាង​ដើម៖ រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ

បន្ទាប់៖ គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ