VI. ទំនាក់ទំនងរវាងកិច្ចការនៅយុគសម័យនៃព្រះគុណ និងកិច្ចការនៅយុគសម័យនៃនគរព្រះ

១. ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែ ត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួស ដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែ វាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ... ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងនគរនៃព្រះ ហើយលើសពីនេះ គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់ នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២. នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ទ្រង់មិនបានបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្សឡើយ ប៉ុន្តែ ទ្រង់គ្រាន់តែបានបង្ហើយជំហានទីមួយនៃកិច្ចការដែលព្រះជាម្ចាស់ចាំបាច់ ត្រូវធ្វើការនៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្ស ព្រះជាម្ចាស់បានយាងត្រឡប់មកខាងសាច់ឈាមម្ដងទៀត រស់នៅក្នុងភាពសាមញ្ញ និងការពិតនៃសាច់ឈាម ពោលគឺធ្វើឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដែងចេញនៅក្នុងសាច់ឈាមដ៏សាមញ្ញធម្មតាបំផុត ក្នុងគោលបំណងបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅក្នុងសាច់ឈាម... គឺសាច់ឈាមរបស់ព្រះយេស៊ូវហើយ ដែលត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង គឺជាសាច់ឈាមរបស់ទ្រង់ហើយ ដែលព្រះអង្គបានលះបង់ ជាតង្វាយលោះបាប។ គឺតាមរយៈមធ្យោបាយខាងសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះហើយ ដែលទ្រង់បានបំបាក់អារក្សសាតាំង និងសង្រ្គោះមនុស្សបានទាំងស្រុងពីឈើឆ្កាង។ ហើយវាក៏ជាសាច់ឈាមទាំងស្រុងនេះដែរ ដែលព្រះជាម្ចាស់ ធ្វើកិច្ចការនៃការច្បាំងយកជ័យ និងបង្រ្កាបអារក្សសាតាំង នៅក្នុងការយាងមកយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់។ មានតែសាច់ឈាមមួយដែលមានលក្ខណៈសាមញ្ញ និងពិតទាំងស្រុងប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនៃការច្បាំងយកជ័យនៅក្នុងភាពពេញលេញរបស់វា និងអាចធ្វើបន្ទាល់ដ៏ពេញដោយអនុភាពបាន។ មានន័យថា ជ័យជម្នះរបស់មនុស្សត្រូវបានធ្វើឲ្យមានប្រសិទ្ធភាព តាមរយៈការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនតាមរយៈការអស្ចារ្យ និងការបើកសម្ដែងបែបអធិធម្មជាតិឡើយ។ ព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សនេះ គឺដើម្បីមានបន្ទូល ច្បាំងយកជ័យ និងធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការនៃព្រះវិញ្ញាណត្រូវបានសម្រេចនៅក្នុងសាច់ឈាម ដែលជាភារកិច្ចរបស់សាច់ឈាម គឺដើម្បីមានបន្ទូល ក៏ដូចជាច្បាំងយកជ័យ បើកសម្ដែង ប្រោសឲ្យគ្រប់លក្ខណ៍ និងលុបបំបាត់មនុស្សទាំងស្រុង។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវបានសម្រេចយ៉ាងពេញលេញ តាមរយៈកិច្ចការច្បាំងយកជ័យនេះហើយ។ កិច្ចការដំបូងនៃការប្រោសលោះ គឺគ្រាន់តែជាទីចាប់ផ្ដើមនៃកិច្ចការយកកំណើតជាមនុស្សប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមដែលធ្វើកិច្ចការច្បាំងយកជ័យ នឹងបង្ហើយកិច្ចការទាំងស្រុងនៃការយកកំណើតជាមនុស្ស។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៣. កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឲ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូលក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែ វឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសាងលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក យ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែ យុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសាងលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសាងឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។ កិច្ចការនៃដំណាក់កាលនេះ ត្រូវបានធ្វើឡើងលើគ្រឹះមូលដ្ឋាននៃកិច្ចការក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើដំណាក់កាលនៃកិច្ចការទាំងពីរនេះមិនទាក់ទងគ្នាទេ ចុះហេតុអ្វីបានជាការជាប់ឆ្កាងមិនកើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលនេះទៅ? ហេតុអ្វីបានជាខ្ញុំមិនទទួលយកអំពើបាបរបស់មនុស្ស ប៉ុន្តែ បែរជាយាងមកជំនុំជម្រះ និងកាត់ទោសមនុស្សដោយផ្ទាល់ទៅវិញ? ប្រសិនបើកិច្ចការជំនុំជម្រះ និងវាយផ្ចាលមនុស្សរបស់ខ្ញុំ ហើយការយាងមករបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន មិនមែនចេញមកពីការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដែលមិនមានការជាប់ឆ្កាងតាមក្រោយទេ ដូច្នេះ ខ្ញុំនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សឡើយ។ ប្រាកដណាស់ ដោយសារតែខ្ញុំគឺជាអង្គតែមួយជាមួយព្រះយេស៊ូវ ទើបខ្ញុំចុះមកដោយផ្ទាល់ ដើម្បីវាយផ្ចាល និងជំនុំជម្រះមនុស្ស។ កិច្ចការនៅដំណាក់កាលនេះត្រូវបានសាងឡើងទាំងស្រុងពីលើកិច្ចការនៅដំណាក់កាលមុន។ នេះគឺជាហេតុផលដែលបញ្ជាក់ថា មានតែកិច្ចការនៃប្រភេទនេះប៉ុណ្ណោះ ដែលអាចនាំមនុស្សទៅរកសេចក្តីសង្រ្គោះមួយជំហានម្ដងៗបាន។ ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការរបស់យើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះ កិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឲ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។

ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញបង្ហើយនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៤. លើកទី១ដែលយើងបានយាងមកកណ្ដាលចំណោមមនុស្ស គឺក្នុងអំឡុងយុគសម័យនៃការប្រោសលោះ។ ពិតមែនហើយ យើងបានកើតក្នុងគ្រួសារសាសន៍យូដា ហេតុនេះបានជាសាសន៍យូដា គឺជាក្រុមមនុស្សទី១ ដែលមើលឃើញព្រះជាម្ចាស់យាងមកផែនដី។ ហេតុផលដែលយើងបានធ្វើកិច្ចការនេះនៅក្នុងរូបកាយជាមនុស្ស គឺមកពីយើង ចង់ប្រើសាច់ឈាមជាមនុស្សរបស់យើង ធ្វើជាតង្វាយលោះបាប នៅក្នុងកិច្ចការនៃ ការប្រោសលោះរបស់យើង។ ដូច្នេះ ក្រុមមនុស្សទី១ដែលមើលឃើញយើង គឺជាសាសន៍យូដានៅក្នុងយុគសម័យនៃព្រះគុណ។ នោះជាលើកដំបូងហើយដែលយើងបានធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងយុគសម័យនៃនគរព្រះវិញ កិច្ចការបស់ខ្ញុំគឺដើម្បីច្បាំងដណ្ដើមជ័យ និងប្រោសឲ្យគ្រប់លក្ខណ៍ ដូច្នេះ យើងក៏ធ្វើកិច្ចការគង្វាលរបស់ យើងនៅក្នុងសាច់ឈាមជាថ្មីម្ដងទៀត។ នេះជាលើកទី២ ដែលយើងធ្វើការនៅក្នុង សាច់ឈាម... បុគ្គលទាំងពីរដូចគ្នាត្រង់ថាថា ទាំងពីរនាក់សុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បាន ធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការច្បាំងដណ្ដើមជ័យ។ ទាំងពីរសុទ្ធតែតំណាងឲ្យព្រះវរបិតា ប៉ុន្តែ ម្នាក់ជាព្រះដ៏ប្រោសលោះ ដែលពេញដោយព្រះ ទ័យស្រឡាញ់សប្បុរស និងក្តីមេត្តាករុណា ឯម្នាក់ទៀតគឺជាព្រះនៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ ម្នាក់ជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការ នៃការប្រោសលោះ ឯម្នាក់ទៀតជាព្រះដ៏សុចរិត ដែលសម្រេចកិច្ចការនៃការច្បាំងដណ្ដើម ជ័យ។ ម្នាក់ជាទីចាប់ផ្ដើម ឯម្នាក់ទៀតជាទីបញ្ចប់។ ម្នាក់ជារូបកាយសាច់ឈាមដែលគ្មាន បាប ឯម្នាក់ទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែ គង់នៅក្នុង រូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា​ ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយ ៊ពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឲ្យគ្នា ទៅវិញទៅមក គ្មានវិវាទនឹងឡើយ ហើយអាចថ្លែងចេញបានដោយខ្យល់ដង្ហើមដូចគ្នា។

ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៥. ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានសេចក្ដីតម្រូវដែលតម្រូវឲ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត នៅពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនដែរ... កាលពីអតីតកាល មនុស្សតម្រូវឲ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឲ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឲ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឲ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឲ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនដែរ ហើយតាមរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់នឹងលេចជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឲ្យនិស្ស័យរបស់មនុស្សកាន់តែដូចទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់អារក្សសាតាំង។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៦. ចាប់ពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ កឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា ឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ គួរអ្នកឲ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ V. តើកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគឺជាកិច្ចការនៃការបិទបញ្ចប់យុគសម័យឬ?

បន្ទាប់៖ VII. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺជាព្រះអម្ចាស់នៃការជំនុំជម្រះ និងជាកូនចៀមដែលបើកក្រាំង

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ