២. សាតាំងគឺជាទេវតាដែលត្រូវបានទម្លាក់មក ដែលមិនអាចបង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើបាន ហើយមិនអាចទៅហួសពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

មុនពេលផែនដីបានចេញជារូបរាង មហាទេវតាគឺជាទេវតាដ៏ខ្លាំងបំផុតនៃពួកទេវតានៅឯស្ថានសួគ៌។ វាមានយុត្តាធិការលើពួកទេវតាទាំងអស់នៅស្ថានសួគ៌ ព្រោះនេះជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វា។ ក្រៅពីព្រះជាម្ចាស់មួយ វាជាទេវតាដ៏មានអំណាចបំផុតនៅស្ថានសួគ៌។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សរួចមក មហាទេវតាបានអនុវត្តអំពើក្បត់កាន់តែធំទាស់នឹងព្រះជាម្ចាស់នៅលើផែនដី។ ខ្ញុំមានបន្ទូលថា វាបានក្បត់ព្រះជាម្ចាស់ ដោយសារតែវាចង់គ្រប់គ្រងលើមនុស្ស និងចង់មានសិទ្ធិអំណាចខ្លាំងជាងព្រះជាម្ចាស់។ វាជាមហាទេវតាដែលបានល្បួងនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប ហើយវាបានធ្វើបែបនេះ ដោយសារតែវាចង់តាំងនគររបស់វាឡើងនៅលើផែនដី និងឲ្យមនុស្សបែរខ្នងរបស់គេដាក់ព្រះជាម្ចាស់ ហើយបែរមកស្ដាប់បង្គាប់វាវិញ។ មហាទេវតាបានឃើញថា មានអ្វីៗជាច្រើនអាចស្ដាប់បង្គាប់វា រួមទាំងពួកទេវតា និងមនុស្សនៅលើផែនដីផង។ សត្វស្លាប និងសត្វព្រៃ ដើមឈើ ព្រៃភ្នំ ទន្លេ និងរបស់សព្វសារពើនៅលើផែនដី គឺស្ថិតនៅក្រោមការមើលថែរបស់មនុស្ស គឺអ័ដាម និងអេវ៉ា ខណៈពេលដែលអ័ដាម និងអេវ៉ាបានស្ដាប់បង្គាប់តាមមហាទេវតា។ ដូច្នេះ មហាទេវតាមានបំណងចង់មានសិទ្ធិអំណាចខ្ពស់ជាងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់។ ក្រោយមក វាបានដឹកនាំពួកទេវតាជាច្រើនបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដែលក្រោយមក បានក្លាយជាពួកវិញ្ញាណមិនបរិសុទ្ធទៅតាមប្រភេទផ្សេងៗគ្នា។ តើការអភិវឌ្ឍន៍របស់មនុស្សមកដល់សព្វថ្ងៃនេះ មិនត្រូវបានបង្កឡើងដោយសេចក្តីពុករលួយរបស់មហាទេវតាទេឬអី? មនុស្សមានលក្ខណៈដូចជាពួកគេនាពេលសព្វថ្ងៃ ដោយសារតែមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងបានធ្វើឲ្យមនុស្សពុករលួយ។ កិច្ចការមួយជំហានម្ដងៗនេះមិនមានលក្ខណៈអរូបិយ និងសាមញ្ញ ដូចជាអ្វីដែលមនុស្សស្រមៃនោះឡើយ។ អារក្សសាតាំងបានអនុវត្តអំពើក្បត់របស់វាសម្រាប់ហេតុផលមួយ ប៉ុន្តែ មនុស្សមិនអាចយល់អំពីការពិត ដ៏សាមញ្ញនោះឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើនោះ បានបង្កើតអារក្សសាតាំងដែរដូច្នេះ? ដោយសារព្រះជាម្ចាស់ស្អប់អារក្សសាតាំងយ៉ាងខ្លាំង ហើយសាតាំងជាសត្រូវរបស់ទ្រង់ ហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តាមរយៈការបង្កើតអារក្សសាតាំង តើទ្រង់មិនមែនកំពុងតែបង្កើតឲ្យមានសត្រូវទេឬអី? តាមពិតទៅ ព្រះជាម្ចាស់មិនបានបង្កើតសត្រូវឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្កើតទេវតាមួយរូប ដែលក្រោយមក ទេវតានោះបែរជាក្បត់ទ្រង់។ ឋានៈបុណ្យសក្តិរបស់វាបានឡើងខ្ពស់ពេក រហូតដល់វាចង់ក្បត់ព្រះជាម្ចាស់។ គេអាចនិយាយបានថា វាជាហេតុការណ៍គាប់ជួនប៉ុណ្ណោះ ប៉ុន្តែវាក៏ជារឿងមួយដែលមិនអាចចៀសផុតដែរ។ វាស្រដៀងគ្នាទៅនឹងរបៀបដែលមនុស្សម្នាក់នឹងត្រូវស្លាប់ ដោយចៀសមិនផុត ក្រោយពេលដែលមានវ័យចំណាស់ដល់ចំណុចមួយអ៊ីចឹដែរ ដូច្នេះ អ្វីៗក៏បានអភិវឌ្ឍមកដល់ដំណាក់កាលនោះ។

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយសារតែពួកទេវតាមានអត្តចរិតទន់ខ្សោយ និងគ្មានសមត្ថភាពក្នុងការនិយាយ ដូច្នេះ ពួកគេមានអំនួតក្អេងក្អាងកាន់តែខ្លាំង នៅពេលដែលពួកគេទទួលបានសិទ្ធិអំណាច។ នេះជាការពិតចំពោះមហាទេវតា ដែលមានឋានៈបុណ្យសក្តិខ្ពស់ជាងពួកទេវតាឯទៀតៗ។ វាដូចជាស្ដេចមួយអង្គ នៅក្នុងចំណោមពួកទេវតា វាបានដឹកនាំទេវតារាប់លាននាក់ ដោយនៅក្រោមព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ដូច្នេះសិទ្ធិអំណាចរបស់វា គឺខ្ពស់ជាងពួកទេវតាទាំងអស់។ វាចង់ធ្វើបែបនេះ និងបែបនោះ ហើយចង់ដឹកនាំពួកទេវតា ចុះមកកណ្ដាលចំណោមនុស្ស ដើម្បីត្រួតត្រាលើពិភពលោក។ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់ជាព្រះដែលគ្រប់គ្រងលើចក្រវាលប៉ុន្តែ មហាទេវតាបានអះអាងថា គឺវាវិញទេតើ ដែលគ្រប់គ្រងលើចក្រវាល ដូច្នេះ តាំងពីពេលនោះមក ដែលមហាទេវតាបានក្បត់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោកមួយទៀតនៅស្ថានសួគ៌ ហើយមហាទេវតាចង់ត្រួតត្រាលើពិភពលោកនេះហើយវាក៏ចុះមកពិភពរបស់មនុស្ស។ តើព្រះជាម្ចាស់អាចអនុញ្ញាតឲ្យវាធ្វើបែបនេះទេ? ដូច្នេះ ទ្រង់បានវាយប្រហារមហាទេវតា ហើយទម្លាក់វាមកក្នុងលំហអាកាស។ តាំងពីពេលដែលវាបានធ្វើឲ្យមនុស្សពុករលួយមក ព្រះជាម្ចាស់បានធ្វើសង្រ្គាមជាមួយមហាទេវតា ដើម្បីសង្រ្គោះពួកគេ ហើយទ្រង់បានប្រើរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ដើម្បីបង្រ្កាបវា។ គំនិតរបស់អ្នករាល់គ្នាអំពីព្រះដ៏មានគ្រប់ព្រះចេស្ដា គឺមិនត្រូវគ្នាជាមួយកិច្ចការដែលព្រះជាម្ចាស់កំពុងតែអនុវត្តនោះឡើយ ដ្បិតគំនិតទាំងនោះមានលក្ខណៈប្រើការមិនបាន និងខុសឆ្គងខ្លាំងពេក! តាមពិតទៅ មានតែក្រោយពេលដែលអំពើក្បត់របស់មហាទេវតាប៉ុណ្ណោះ ទើបព្រះជាម្ចាស់បានប្រកាសថា វាជាខ្មាំងសត្រូវរបស់ទ្រង់។ គឺដោយសារតែអំពើក្បត់របស់វាប៉ុណ្ណោះ ទើបមហាទេវតាមកជាន់ឈ្លីមនុស្សបន្ទាប់ពីចូលមកក្នុងពិភពរបស់មនុស្ស ហើយដោយសារតែហេតុផលនេះហើយ ទើបមនុស្សបានអភិវឌ្ឍមកដល់ចំណុចនេះ។ ក្រោយហេតុការណ៍នេះ បានកើតឡើងព្រះជាម្ចាស់បានស្បថសច្ចាចំពោះសាតាំងថា៖ «ខ្ញុំនឹងបង្រ្កាបអ្នក ហើយនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សទាំងអស់ដែលខ្ញុំបានបង្កើតមក»។ ដោយមិនទាន់ជឿកាលពីដំបូង សាតាំងបានតបវិញថា៖ «តើទ្រង់អាចធ្វើអ្វីខ្លះដាក់ទូលបង្គំទៅ? តើទ្រង់អាចវាយប្រហារទូលបង្គំនៅលំហអាកាសដែរឬអី? តើទ្រង់ពិតជាអាចបង្រ្កាបទូលបង្គំបានឬ?» ក្រោយពេលដែលព្រះជាម្ចាស់បានទម្លាក់វាទៅក្នុងលំហអាកាស ទ្រង់លែងយកចិត្តទុកដាក់ចំពោះមហាទេវតាទៀតហើយ ហើយក្រោយមក ទ្រង់ក៏ចាប់ផ្ដើមសង្រ្គោះមនុស្ស និងអនុវត្តកិច្ចការរបស់ទ្រង់ ទោះបីជាសាតាំងចេះតែរំខានដល់កិច្ចការរបស់ទ្រង់ក៏ដោយ។ សាតាំងអាចធ្វើនេះ និងធ្វើនោះបាន គឺដោយសារតែអំណាច ដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីមុន ហើយវាបាននាំយកអ្វីៗទាំងនេះមកជាមួយវានៅលំហអាកាស ហើយវាបានរក្សាអ្វីៗទាំងនោះមកដល់សព្វថ្ងៃ។ ពេលទម្លាក់មហាទេវតាចុះមកលំហអាកាស ព្រះជាម្ចាស់មិនបានដកសិទ្ធិអំណាចរបស់វាវិញឡើយ ដូច្នេះ សាតាំងបានបន្តធ្វើឲ្យមនុស្សពុករលួយ។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានចាប់ផ្ដើមសង្រ្គោះមនុស្សដែលសាតាំងបានធ្វើឲ្យពុករលួយ ក្រោយពេលដែលពួកគេត្រូវបានបង្កើតមកមិនយូរប៉ុន្មាន។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ ខណៈពេលដែលទ្រង់គង់នៅលើស្ថានសួគ៌ឡើយ ប៉ុន្តែ មុនពេលបង្កើតផែនដី ទ្រង់បានអនុញ្ញាតឲ្យមនុស្ស នៅក្នុងពិភពលោកដែលទ្រង់បានបង្កើត មកនៅលើស្ថានសួគ៌មើលឃើញពីទង្វើរបស់ទ្រង់ ថែមទាំងដឹកនាំមនុស្សទាំងនោះពីស្ថានសួគ៌ផង។ ទ្រង់បានប្រទានឲ្យពួកគេមានប្រាជ្ញា និងបញ្ញាវៃឆ្លាត ហើយបានដឹកនាំមនុស្សទាំងនោះឲ្យរស់នៅក្នុងពិភពលោកនោះ។ តាមធម្មតា នៅក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលធ្លាប់បានឮអំពីការនេះពីមុនមកឡើយ។ ក្រោយមក បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្ស មហាទេវតាបានចាប់ផ្ដើមធ្វើឲ្យមនុស្សពុករលួយ ហើយនៅលើផែនដី មនុស្សទាំងអស់ក៏បានធ្លាក់ទៅក្នុងភាពចលាចល។ ចាប់ពីពេលនោះហើយ ដែលព្រះជាម្ចាស់ចាប់ផ្ដើមធ្វើសង្រ្គាមជាមួយសាតាំង ហើយគឺនៅពេលនោះហើយ ដែលមនុស្សចាប់ផ្ដើមមើលឃើញពីទង្វើរបស់ទ្រង់។ កាលពីដើមដំបូង ទង្វើទាំងនេះត្រូវបានលាក់បាំង ពីមនុស្ស។ ក្រោយពេលសាតាំង ត្រូវបានទម្លាក់ទៅក្នុងលំហអាកាស វាបានធ្វើកិច្ចការរបស់វា ហើយព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់ ដោយបន្តធ្វើសង្រ្គាមជាមួយសាតាំង ចាប់ពីពេលនោះ រហូតដល់គ្រាចុងក្រោយ។ ឥឡូវនេះ ដល់ពេលដែលសាតាំង គួរតែត្រូវបានបំផ្លាញហើយ។ កាលពីដើមដំបូង ព្រះជាម្ចាស់បានប្រទាន ឲ្យវាមានសិទ្ធិអំណាច ហើយក្រោយមកទ្រង់បានទម្លាក់វាទៅក្នុងលំហអាកាស ប៉ុន្តែ វានៅតែរឹងទទឹង។ ក្រោយមកទៀត វាបានធ្វើឲ្យមនុស្សជាតិនៅលើផែនដីទៅជាពុករលួយ ប៉ុន្តែ ព្រះជាម្ចាស់បានគង់នៅទីនោះ ដើម្បីគ្រប់គ្រងមនុស្ស។ ព្រះជាម្ចាស់ប្រើការគ្រប់គ្រងមនុស្សរបស់ទ្រង់ ដើម្បីបង្រ្កាបសាតាំង។ តាមរយៈការធ្វើឲ្យមនុស្សពុករលួយ សាតាំងបញ្ចប់ជោគវាសនារបស់ពួកគេ ហើយបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់គឺជាការសង្រ្គោះមនុស្ស។ តើជំហានណាខ្លះនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើ ដែលមិនមានន័យក្នុងការសង្រ្គោះមនុស្សទៅ? តើជំហានណាខ្លះដែលមិនមែនជាការលាងជម្រះមនុស្ស និងធ្វើឲ្យពួកគេប្រព្រឹត្តយ៉ាងសុចរិត ហើយរស់នៅតាមរូបភាពនៃមនុស្សដែលអាចទទួលបានសេចក្តីស្រឡាញ់ទៅ? ទោះជាយ៉ាងណាសាតាំងមិនធ្វើបែបនេះឡើយ។ វាធ្វើឲ្យមនុស្សត្រលប់ជាពុករលួយ។ វាបន្តអនុវត្តកិច្ចការរបស់វា ដោយធ្វើឲ្យមនុស្សនៅក្នុងចក្រវាលទៅជាពុករលួយ។ ជាការពិតព្រះជាម្ចាស់ក៏ធ្វើកិច្ចការរបស់ទ្រង់ផងដែរ ដោយមិនយកចិត្តទុកដាក់ចំពោះអារក្សសាតាំងឡើយ។ មិនថាសាតាំងមានសិទ្ធិអំណាចច្រើនប៉ុនណា ក៏សិទ្ធិអំណាចនោះនៅតែត្រូវបានប្រទានមកពីព្រះជាម្ចាស់ដែរ។ តាមពិតទៅ ព្រះជាម្ចាស់មិនបានប្រទានសិទ្ធិអំណាចរបស់ទ្រង់ទាំងអស់ដល់វាឡើយ ដូច្នេះ មិនថាអារក្សសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងជាងព្រះជាម្ចាស់ ហើយវានឹងនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ណាមួយឡើយ ក្នុងពេលនៅស្ថានសួគ៌។ ទ្រង់គ្រាន់តែប្រទានឲ្យសាតាំងនូវសិទ្ធិអំណាចមួយក្ដាប់តូច ហើយអនុញ្ញាតឲ្យវាអនុវត្តការត្រួតត្រា លើពួកទេវតាប៉ុណ្ណោះ។ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងលើសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីគ្រាដំបូង គឺមានកម្រិត។ នៅពេលដែលព្រះជាម្ចាស់ធ្វើការ សាតាំងព្យាយាមបង្អាក់។ នៅគ្រាចុងក្រោយ ការបង្អាក់របស់វានឹងត្រូវបញ្ចប់។ ដូចគ្នាផងដែរ កិច្ចការរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបញ្ចប់ផងដែរ ហើយប្រភេទនៃមនុស្សលោកដែលព្រះជាម្ចាស់ចង់ធ្វើឲ្យគ្រប់លក្ខណ៍ នឹងត្រូវសម្រេចជាស្ថាពរមិនខាន។ ព្រះជាម្ចាស់ដឹកនាំមនុស្សនៅក្នុងផ្លូវវិជ្ជមាន ដ្បិតព្រះជន្មរបស់ទ្រង់គឺជាទឹករស់ មិនអាចវាស់វែងបាន ហើយក៏គ្មានដែនកំណត់ផងដែរ។ សាតាំងបានធ្វើឲ្យមនុស្សខូចអាក្រក់ទៅដល់កម្រិតមួយ ប៉ុន្តែ នៅចុងបញ្ចប់ទឹកនៃជីវិតដ៏រស់នឹងធ្វើឲ្យពួកគេក្លាយជាគ្រប់លក្ខណ៍ ហើយសាតាំងនឹងមិនអាចជ្រៀតជ្រែក និងអនុវត្តកិច្ចការរបស់វាបានទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់នឹងអាចទទួលយកមនុស្សទាំងនេះយ៉ាងពេញលេញ។ សូម្បីតែឥឡូវនេះ សាតាំងនៅតែបដិសេធមិនទទួលស្គាល់ការពិតនេះឡើយ ព្រោះវានៅតែបន្ត ទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនយកចិត្តទុកដាក់ចំពោះវាឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំនឹងមានជ័យជម្នះលើកម្លាំងងងឹតរបស់សាតាំង និងលើគ្រប់ឥទ្ធិពលខាងផ្លូវងងឹតរបស់វាទាំងអស់»។ នេះជាកិច្ចការដែលត្រូវតែសម្រេចនាពេលបច្ចុប្បន្ននៅក្នុងសាច់ឈាម ហើយវាក៏ជាអ្វីដែលធ្វើឲ្យការក្លាយជាសាច់ឈាមមានភាពសំខាន់ផងដែរ៖ នោះគឺដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការបង្រ្កាបសាតាំងនៅគ្រាចុងក្រោយនិងបោសសម្អាតអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សសាតាំង។ ជ័យជម្នះរបស់ព្រះជាម្ចាស់ទៅលើអារក្សសាតាំង គឺជាអ្វីមួយនឹងកើតឡើងយ៉ាងប្រាកដជាក់! ជាការពិត អារក្សសាតាំងបានបរាជ័យជាយូរឆ្នាំមកហើយ។ នៅពេលដែលដំណឹងល្អបានចាប់ផ្ដើមរីកសាយភាយនៅទូទាំងទឹកដី របស់សត្វនាគដ៏ធំសម្បុរក្រហម នោះជាពេលដែលព្រះយកកំណើតជាមនុស្សបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ហើយកិច្ចការនេះកំពុងតែដំណើរការ សាតាំងបានចាញ់ទាំងស្រុង ព្រោះគោលបំណងចម្បងនៃការយកកំណើតជាមនុស្ស គឺដើម្បីកម្ចាត់អារក្សសាតាំងឲ្យវិនាសសាបសូន្យតែម្ដង។ នៅពេលដែល អារក្សសាតាំងបានឃើញថា ព្រះជាម្ចាស់ បានក្លាយជាសាច់ឈាមម្ដងទៀត និងចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ ដែលគ្មានកម្លាំងណាមួយអាចបញ្ឈប់បាន ដូច្នេះ វាបានស្រឡាំងកាំងចំពោះកិច្ចការនេះ ហើយមិនហ៊ានបង្កសេចក្តីអន្តរាយអ្វីផ្សេងទៀតឡើយ។ ជាដំបូង សាតាំងបានគិតថា វាក៏មានប្រាជ្ញាច្រើនផងដែរ ដូច្នេះ វាធ្វើការរំខាន និងរុកគួនដល់កិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែ វាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងក្លាយជាសាច់ឈាមម្ដងទៀត ឬដឹងថា នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់នឹងប្រើការបះបោររបស់អារក្សសាតាំង មកបម្រើជាការបើកសម្ដែងនិងការជំនុំជម្រះសម្រាប់មនុស្សជាតិ ក្នុងគោលបំណងទៅយកឈ្នះមនុស្ស និងបង្រ្កាបសាតាំងឡើយ។ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណឆ្លាតជាងសាតាំង ហើយកិច្ចការរបស់ទ្រង់ក៏មានអំណាចខ្លាំងជាងវាផងដែរ។ ដូច្នេះ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនថា៖ «កិច្ចការរបស់ខ្ញុំត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងឧបាយកលរបស់សាតាំង ហើយនៅចុងបញ្ចប់ ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ និងភាពគ្មានអំណាចរបស់អារក្សសាតាំង»។ ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់នៅជួរមុខ ឯសាតាំងវិញ វានឹងដើរថយក្រោយរហូតដល់ទីបញ្ចប់ វានឹងត្រូវបំផ្លាញទាំងមិនដឹងខ្លួនថា មានអ្វីមួយនឹងបុកវាផង! វានឹងដឹងអំពីសេចក្តីពិត នៅពេលដែលវាត្រូវបានកម្ទេច និងសង្កត់ឲ្យខ្ទេចខ្ទី ហើយទម្រាំដល់ពេលនោះ វានឹងត្រូវបានដុតរំលាយនៅក្នុងបឹងភ្លើងរួចស្រេចទៅហើយ។ តើវានឹងនៅតែមិនជឿទាំងស្រុងទៀតឬ? ដ្បិតនៅពេលនោះ សាតាំងនឹងគ្មានផែនការណាផ្សេងទៀត ដើម្បីប្រើឡើយ!

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អត្តសញ្ញាណពិសេសរបស់សាតាំង បានបណ្តាលឲ្យមនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកបង្ហាញរបស់វាអំពីទិដ្ឋភាពនានា។ ក៏មានមនុស្សភ្លីភ្លើជាច្រើនដែរ ដែលជឿថា សាតាំងមានសិទ្ធិអំណាចដូចជាព្រះជាម្ចាស់ដែរ ដោយសារសាតាំងអាចបង្ហាញការឫទ្ធិបារមីបាន ហើយវាអាចធ្វើអ្វីៗដែលមនុស្សជាតិមិនអាចធ្វើបាន។ ដូច្នេះ បន្ថែមលើការថ្វាយបង្គំព្រះជាម្ចាស់ មនុស្សជាតិក៏រក្សាទុកទីកន្លែងសម្រាប់សាតាំងនៅក្នុងចិត្តរបស់គេដែរ ហើយគេថែមទាំងថ្វាយបង្គំសាតាំងទុកជាព្រះជាម្ចាស់ទៀតផង។ មនុស្សទាំងនេះ គឺគួរឲ្យអាណិតផង និងគួរឲ្យស្អប់ផង។ ពួកគេគួរអាណិតដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ ហើយពួកគេគួរឲ្យស្អប់ដោយសារតែភាពអញនិយមរបស់ពួកគេ និងសារជាតិអាក្រក់ដែលមានពីកំណើតរបស់ពួកគេ។ នៅត្រង់ចំណុចនេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ដែលត្រូវជម្រាបអ្នករាល់គ្នាអំពីអ្វីដែលជាសិទ្ធិអំណាច អ្វីដែលសិទ្ធិអំណាចនេះធ្វើជានិមិត្តរូប និងអ្វីដែលវាតំណាង។ និយាយឲ្យទូលាយជាងនេះគឺ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសិទ្ធិអំណាច សិទ្ធិអំណាចរបស់ទ្រង់គឺជានិមិត្តរូបនៃភាពឧត្តុង្គឧត្តម និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតំណាងឲ្យឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ដោយសារតែបែបនេះ តើសាតាំងហ៊ាននិយាយថា ខ្លួនវាជាព្រះជាម្ចាស់ទេ? តើសាតាំងហ៊ាននិយាយថា វាបានបង្កើតរបស់សព្វសារពើ និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើឬទេ? ពិតណាស់ វាមិនហ៊ាននោះទេ! ព្រោះវាមិនអាចបង្កើតរបស់សព្វសារពើបានទេ។ មកដល់សព្វថ្ងៃនេះ វាមិនដែលបានបង្កើតអ្វីមួយដែលព្រះជាម្ចាស់បានបង្កើតនោះទេ ហើយវាក៏មិនដែលបានបង្កើតអ្វីមួយដែលមានជីវិតនោះដែរ។ ដោយសារតែវាមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទើបវាមិនអាចមានឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទាំងនេះត្រូវបានកំណត់ដោយលក្ខណៈសំខាន់របស់វា។ តើវាមានអំណាចដូចព្រះជាម្ចាស់ឬទេ? ពិតណាស់ វាមិនមានទេ! តើយើងហៅសកម្មភាពរបស់សាតាំង និងការឫទ្ធិបារមីដែលសាតាំងបង្ហាញ ថាជាអ្វី? តើវាជាចេស្ដាឬ? តើអាចហៅវាថា ជាសិទ្ធិអំណាចបានទេ? ពិតណាស់ មិនអាចហៅបានទេ! សាតាំងត្រួតត្រាទំនោររបស់អំពើអាក្រក់ ហើយបង្កភាពស្មុគស្មាញ បំផ្លាញ និងរំខានរាល់ទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់។ អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ ក្រៅពីធ្វើឲ្យមនុស្សជាតិពុករលួយ និងធ្វើទុកបុកម្នេញមនុស្សជាតិ ទាក់ទាញ និងបោកបញ្ឆោតមនុស្សឲ្យមើលងាយ និងបដិសេធព្រះជាម្ចាស់ ទើបមនុស្សដើរទៅកាន់ជ្រោះនៃម្លប់សេចក្តីស្លាប់ តើសាតាំងបានធ្វើអ្វីផ្សេងទៀតដែលសមនឹងទទួលការរំលឹក ការកោតសរសើរ ឬការស្រឡាញ់ពីមនុស្សសូម្បីតែបន្តិចនោះ? ប្រសិនបើសាតាំងមានសិទ្ធិអំណាច និងចេស្ដា តើវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិឬទេ? ប្រសិនបើសាតាំងមានចេស្ដា និងសិទ្ធិអំណាច តើមនុស្សជាតិនឹងបោះបង់ព្រះជាម្ចាស់ ហើយវិលត្រឡប់ទៅរកសេចក្តីស្លាប់ឬទេ? ដោយសារសាតាំងគ្មានសិទ្ធិអំណាច ឬចេស្ដា តើអ្វីដែលយើងគួរសន្និដ្ឋានអំពីលក្ខណៈសំខាន់នៃគ្រប់យ៉ាងដែលវាធ្វើ? មានមនុស្សដែលផ្តល់និយមន័យអំពីគ្រប់យ៉ាងដែលសាតាំងធ្វើថា គ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ ប៉ុន្តែខ្ញុំជឿថា ការផ្តល់និយមន័យបែបនេះ គឺមិនសមស្របនោះទេ។ តើទង្វើអាក្រក់នៃការធ្វើឲ្យមនុស្សពុករលួយរបស់វា គ្រាន់តែជាការបោកបញ្ឆោតឬ? កម្លាំងអាក្រក់ដែលសាតាំងធ្វើទុក្ខទោសដល់លោកយ៉ូប និងមហិច្ឆតាដ៏សាហាវរបស់វាក្នុងការធ្វើទុក្ខទោស និងបំផ្លាញគាត់ មិនអាចសម្រេចបានត្រឹមតែការបោកបញ្ឆោតប៉ុណ្ណោះទេ។ បើក្រឡេកមើលទៅក្រោយ ហ្វូងសត្វរបស់លោកយ៉ូបដែលរាយប៉ាយទូទាំងភ្នំតូចភ្នំធំបានវិនាសមួយរំពេច។ សំណាងដ៏អស្ចារ្យរបស់លោកយ៉ូប បានវិនាសបាត់ទៅមួយរំពេច។ តើនេះត្រូវបានសម្រេចត្រឹមតែការបោកបញ្ឆោតឬទេ? ធម្មជាតិនៃគ្រប់យ៉ាងដែលសាតាំងធ្វើ គឺឆ្លើយតប និងសមស្របជាមួយពាក្យអវិជ្ជមានដូចជា ដើម្បីធ្វើឲ្យខូច រំខាន បំផ្លាញ ធ្វើឲ្យគ្រោះថ្នាក់ អាក្រក់ ភាពអាក្រក់ និងភាពងងឹតជាដើម។ ដូច្នេះ ការកើតឡើងគ្រប់យ៉ាងដែលទុច្ចរិត និងអាក្រក់ គឺផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់សាតាំងដោយមិនអាចកាត់ផ្ដាច់បាន ហើយមិនអាចកាត់ផ្តាច់ពីលក្ខណៈអាក្រក់របស់សាតាំងបានឡើយ។ មិនថាសាតាំង «ខ្លាំង» ប៉ុណ្ណា មិនថាវាអង់អាច និងធំប៉ុណ្ណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុណ្ណាក្នុងការបង្កឲ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឲ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុណ្ណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុណ្ណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្រវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹងនៅលើភ្នំទៅទៀត តូចជាងបក្សាបក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុណ្ណា និងមិនថាលក្ខណៈសំខាន់របស់វាអាក្រក់ប៉ុណ្ណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់។ នេះគឺជាលក្ខណៈសំខាន់ និងតួនាទីរបស់សាតាំង។ លក្ខណៈរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ជាងនេះទៅទៀត សាតាំងតែងតែស្តាប់យ៉ាងយកចិត្តទុកដាក់ និងគោរពតាមបទបញ្ជា និងការបញ្ជាជាក់លាក់របស់ព្រះជាម្ចាស់ ដោយមិនហ៊ានបំពាន ហើយពិតណាស់ វាមិនហ៊ានកែប្រែតាមអំពើចិត្ត នូវបទបញ្ជាណាមួយរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាដែនកំណត់ដែលព្រះជាម្ចាស់បានកំណត់សម្រាប់សាតាំង ដូច្នេះ សាតាំងមិនដែលហ៊ានឆ្លងផុតពីដែនកំណត់ទាំងនេះទេ។ តើនេះមិនមែនជាសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាទីបន្ទាល់មួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? សាតាំងមានការយល់ដឹងច្បាស់ជាងមនុស្សជាតិ អំពីវិធីដែលត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងវិធីដើម្បីសម្គាល់ព្រះជាម្ចាស់ ដូច្នេះ នៅក្នុងពិភពខាងវិញ្ញាណ សាតាំងមើលឃើញឋានៈ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ហើយមានការកោតសរសើរដ៏ជ្រាលជ្រៅចំពោះសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងគោលការណ៍នៅពីក្រោយការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់។ វាមិនហ៊ានមើលស្រាល ហើយវាមិនហ៊ានបំពានគោលការណ៍ និងសព្វានុភាព ឬហ៊ានធ្វើអ្វីមួយដែលបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឬហ៊ានតទល់នឹងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទាល់តែសោះ ទោះតាមវិធីណាក៏ដោយ។ ទោះបីជាវាអាក្រក់ និងក្រអឺតក្រទមពីធម្មជាតិក៏ដោយ ក៏សាតាំងមិនដែលហ៊ានឆ្លងហួសពីព្រំដែន និងដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វាឡើយ។ អស់ជាច្រើនលានឆ្នាំមកហើយ សាតាំងបានគោរពយ៉ាងម៉ឺងម៉ាត់តាមព្រំដែនកំណត់ទាំងនេះ ហើយបានគោរពតាមការបញ្ជា និងបទបញ្ជានីមួយៗដែលព្រះជាម្ចាស់ប្រទានដល់វា ហើយវាមិនដែលហ៊ានកន្លងហួសពីគំនូសឡើយ។ ទោះបីជាវាអាក្រក់ក៏ដោយ ក៏សាតាំងមានប្រាជ្ញាជាងមនុស្សជាតិដ៏ពុករលួយដែរ។ វាដឹងអំពីអត្តសញ្ញាណរបស់ព្រះអាទិករ ហើយដឹងអំពីព្រំដែនកំណត់ផ្ទាល់ខ្លួនរបស់វា។ ចេញពីសកម្មភាពដែល «ចុះចូល» របស់សាតាំងនេះ យើងអាចមើលឃើញថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់គឺជាបទបញ្ជានៃស្ថានសួគ៌ ដែលសាតាំងមិនអាចបំពានបានឡើយ ហើយថា វាច្បាស់ជាដោយសារតែភាពមានតែមួយគត់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបរបស់សព្វសារពើផ្លាស់ប្តូរ និងរីកចម្រើនតាមវិធីដ៏មានសណ្តាប់ធ្នាប់ ហើយមនុស្សអាចរស់នៅ និងបង្កើតកូនចៅជាច្រើននៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានបង្កើត ដោយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរបញ្ញត្តិនេះបានទេ ព្រោះបញ្ញត្តិទាំងអស់នេះ ចេញពីព្រះហស្ដរបស់ព្រះអាទិករ និងចេញពីបទបញ្ជា ព្រមទាំងសិទ្ធិអំណាចរបស់ព្រះអាទិករ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាសាតាំងមើលទៅលោកយ៉ូបដោយក្រសែភ្នែកច្រណែនក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ វាមិនហ៊ានប៉ះពាល់រោមមួយសរសៃដែលមាននៅលើរាងកាយរបស់លោកយ៉ូបនោះទេ។ ទោះបីសាតាំងអាក្រក់ និងសាហាវពីកំណើតក៏ដោយ បន្ទាប់ពីព្រះជាម្ចាស់ចេញបទបញ្ជារបស់ទ្រង់ដល់វាហើយ វាគ្មានជម្រើសអ្វីក្រៅពីគោរពតាមការបញ្ជារបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ទោះបីជាសាតាំងរំភើបភ្ញាក់ផ្អើលដូចចចកមួយក្បាលនៅក្នុងហ្វូងចៀម នៅពេលដែលវាមករកលោកយ៉ូបក៏ដោយ ក៏វាមិនហ៊ានភ្លេចដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វានោះដែរ។ វាមិនហ៊ានបំពានបទបញ្ជារបស់ព្រះជាម្ចាស់ទេ ហើយនៅក្នុងគ្រប់យ៉ាងដែលវាបានធ្វើ សាតាំងមិនហ៊ានងាកចេញពីគោលការណ៍ និងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាការពិតទេឬ? តាមរយៈរឿងរ៉ាវនេះ យើងអាចឃើញថា សាតាំងមិនហ៊ានបំពានព្រះបន្ទូលណាមួយរបស់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ ចំពោះសាតាំង ព្រះបន្ទូលនីមួយៗដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺជាបទបញ្ជាមួយ និងជាច្បាប់ស្ថានសួគ៌មួយ ព្រមទាំងជាការថ្លែងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារនៅពីក្រោយព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ គឺត្រូវបានសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលបំពានបទបញ្ជារបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលមិនស្តាប់បង្គាប់ ព្រមទាំងទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ សាតាំងដឹងយ៉ាងច្បាស់ថា ប្រសិនបើវាបំពានបទបញ្ជារបស់ព្រះជាម្ចាស់ នោះវាត្រូវតែទទួលលទ្ធផលចំពោះការបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលទ្ធផលនៃការទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ តើលទ្ធផលទាំងនេះគឺជាអ្វី? ពិតណាស់ ពួកវាគឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះសាតាំង។ សកម្មភាពរបស់សាតាំងចំពោះលោកយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃការដែលវាធ្វើឲ្យមនុស្សពុករលួយតែប៉ុណ្ណោះ ហើយនៅពេលដែលសាតាំងកំពុងធ្វើសកម្មភាពទាំងនេះ ដែនកំណត់ដែលព្រះជាម្ចាស់កំណត់ និងបទបញ្ជាដែលទ្រង់បានចេញចំពោះសាតាំង គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃគោលការណ៍នៅពីក្រោយគ្រប់យ៉ាងដែលវាធ្វើប៉ុណ្ណោះ។ ជាងនេះទៅទៀត តួនាទី និងតំណែងរបស់សាតាំងនៅក្នុងបញ្ហានេះ គ្រាន់តែជាចំណែកដ៏តូចល្អិតមួយប៉ុណ្ណោះ។ តួនាទី និងតំណែងរបស់វានៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយការស្តាប់ង្គាប់ទាំងស្រុងរបស់សាតាំងចំពោះព្រះជាម្ចាស់នៅក្នុងការល្បួងរបស់វាចំពោះលោកយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតនៃវិធីដែលសាតាំងមិនហ៊ានបញ្ចេញការជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់សូម្បីតែបន្ដិចប៉ុណ្ណោះ។ តើការព្រមានអ្វីដែលចំណែកដ៏តូចល្អិតនេះផ្តល់ដល់អ្នករាល់គ្នា? នៅក្នុងចំណោមរបស់សព្វសារពើរួមទាំងសាតាំងដែរនោះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ដែលព្រះអាទិករបានកំណត់នោះទេ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលហ៊ានបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនេះនោះដែរ ព្រោះគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចកែប្រែ ឬគេចចេញពីការដាក់ទោសដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលមិនស្តាប់បង្គាប់ច្បាប់ និងបទបញ្ជាទាំងនោះ។ មានតែព្រះអាទិករប៉ុណ្ណោះ ដែលអាចបង្កើតច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ មានតែព្រះអាទិករប៉ុណ្ណោះ ដែលមានព្រះចេស្ដាដើម្បីដាក់ឲ្យដំណើរការច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនោះ ហើយមានតែព្រះចេស្ដារបស់ព្រះអាទិករប៉ុណ្ណោះ ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានបាន។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ហើយសិទ្ធិអំណាចនេះគឺឧត្តុង្គឧត្តមបំផុតក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ វាមិនអាចទៅរួចទេ ដែលនិយាយថា «ព្រះជាម្ចាស់គឺជាព្រះដ៏អស្ចារ្យបំផុត ហើយសាតាំងឈរនៅលេខរៀងទីពីរនោះ»។ មានតែព្រះអាទិករប៉ុណ្ណោះដែលមានសិទ្ធិអំណាចតែមួយគត់ ក្រៅពីនេះ គឺគ្មានព្រះដទៃណាផ្សេងទៀតឡើយ!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាជំនាញ និងសមត្ថភាពរបស់សាតាំងប្រសើរជាងមនុស្សក៏ដោយ ទោះបីជាវាអាចធ្វើអ្វីមួយដែលមនុស្សមិនអាចធ្វើបានក៏ដោយ មិនថាអ្នកច្រណែន ឬចង់បានអ្វីដែលសាតាំងធ្វើឬអត់នោះទេ មិនថាអ្នកស្អប់អ្វីៗទាំងនេះឬអត់នោះទេ មិនថាអ្នកអាចមើលឃើញពួកវាឬអត់នោះទេ ហើយមិនថាសាតាំងសម្រេចសមិទ្ធផលបានច្រើនប៉ុនណា ឬមិនថាសាតាំងអាចបោកបញ្ឆោតមនុស្សឲ្យថ្វាយបង្គំ និងគោរពវាបានច្រើនប៉ុនណា និងមិនថាអ្នកផ្តល់និយមន័យឲ្យវាយ៉ាងណានោះទេ អ្នកមិនអាចនិយាយថា សាតាំងមានសិទ្ធិអំណាចដូចព្រះចេស្ដារបស់ព្រះជាម្ចាស់បានឡើយ។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ ហើយជាងនេះទៅទៀត អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានសិទ្ធិអំណាច អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានព្រះចេស្ដាក្នុងការគ្រប់គ្រង និងត្រួតត្រារបស់សព្វសារពើ។ គ្រាន់តែដោយសារសាតាំងមានសមត្ថភាពបោកបញ្ឆោតមនុស្ស និងអាចដើរតួជាព្រះជាម្ចាស់ យកតម្រាប់តាមទីសម្គាល់ និងការឫទ្ធិបារមីដែលព្រះជាម្ចាស់បានធ្វើ ហើយវាបានធ្វើអ្វីៗដែលស្រដៀងនឹងព្រះជាម្ចាស់ អ្នកជឿទាំងយល់ច្រឡំរួចទៅហើយថា ព្រះជាម្ចាស់មិនមែនតែមួយគត់ ជឿថាមានព្រះជាច្រើន ហើយជឿទាំងយល់ច្រឡំថា ព្រះខុសៗគ្នាទាំងនេះគ្រាន់តែមានជំនាញតិចជាង ឬច្រើនជាងគ្នាប៉ុណ្ណោះ ហើយអ្នកជឿទាំងយល់ច្រឡំថា មានភាពខុសគ្នានៅក្នុងវិសាលភាពនៃចេស្ដាដែលព្រះទាំងនោះមាន។ អ្នកចាត់លំដាប់ភាពអស្ចារ្យទៅតាមលំដាប់លំដោយនៃការមកដល់ និងទៅតាមអាយុរបស់ពួកវា ហើយអ្នកជឿយ៉ាងខុសឆ្គងថា មានអាទិទេពដទៃទៀតក្រៅពីព្រះជាម្ចាស់ ហើយគិតថា ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនមែនតែមួយគត់នោះទេ។ ប្រសិនបើអ្នកមានគំនិតបែបនេះ ប្រសិនបើអ្នកមិនទទួលស្គាល់ភាពមានតែមួយគត់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនទទួលស្គាល់ថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាច ហើយប្រសិនបើអ្នកគ្រាន់តែគោរពតាមព្រះអាទិទេពនានា នោះខ្ញុំនិយាយថា អ្នកគឺជាមនុស្សគ្មានតម្លៃក្នុងចំណោមសត្ដនិករទាំងឡាយ អ្នកជាតំណាងពិតប្រាកដរបស់សាតាំង ហើយអ្នកគឺជាមនុស្សអាក្រក់យ៉ាងពិតប្រាកដ! តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំកំពុងតែព្យាយាមបង្រៀនអ្នករាល់គ្នា ដោយការនិយាយពាក្យទាំងនេះឬទេ? មិនថាពេលវេលា ទីកន្លែង ឬប្រវត្តិរបស់អ្នកយ៉ាងណានោះទេ អ្នកមិនត្រូវយល់ច្រឡំព្រះជាម្ចាស់ ជាមួយនឹងមនុស្សផ្សេងណាម្នាក់ អ្វីៗ ឬវត្ថុផ្សេងណាមួយឡើយ។ មិនថាអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមិនអាចដឹង និងមិនអាចចូលទៅដល់យ៉ាងណានោះទេ មិនថាចំនួននៃទង្វើ និងពាក្យសម្ដីរបស់សាតាំងស្របទៅនឹងសញ្ញាណ និងការគិតស្រមៃរបស់អ្នកប៉ុនណានោះទេ មិនថាអ្នកពេញចិត្តពួកវាយ៉ាងណានោះទេ ចូរកុំល្ងីល្ងើឲ្យសោះ ចូរកុំយល់ច្រឡំគំនិតទាំងនេះឲ្យសោះ ចូរកុំបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ឲ្យសោះ ចូរកុំបដិសេធអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឲ្យសោះ ចូរកុំច្រានព្រះជាម្ចាស់ចេញពីមាត់ទ្វារ ហើយនាំយកសាតាំងចូលជំនួសព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយយកវាធ្វើជាព្រះឲ្យសោះ។ ខ្ញុំគ្មានការសង្ស័យនោះទេ ថាអ្នករាល់គ្នាអាចគិតស្រមៃអំពីលទ្ធផលនៃការធ្វើបែបនោះ!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃការបង្កើត សិទ្ធិអំណាចរបស់ទ្រង់គឺមានតែមួយគត់

បន្ទាប់៖ ៣. គ្មានទេវតាណាមួយអាចត្រូវបានហៅថាជាព្រះជាម្ចាស់ឡើយ ពីព្រោះពួកគេមិនអាចបង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើឡើយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ