VII. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺជាព្រះអម្ចាស់នៃការជំនុំជម្រះ និងជាកូនចៀមដែលបើកក្រាំង

៣. អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងរស់នៅអស់កល្បជានិច្ចជាប្រាកដ ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវទទួលទោសពីខ្ញុំអស់កល្បជានិច្ចដែរ។ ដ្បិត ខ្ញុំជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ ខ្ញុំនឹងមិនលើកលែងឲ្យគេស្រួលៗឡើយ។ ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបង្ហាញព្រះកាយ ដល់មនុស្សដែលជាពួកបរិវារដ៏លើសលប់ ដោយលេចមកនៅខាងកើតផែនដី ដោយសេចក្ដីសុចរិត តេជានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!

ដកស្រង់ពី «ជំពូកទី ២៦» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៤. កិច្ចការនៅគ្រាចុងក្រោយ គឺញែកមនុស្សមនុស្សទាំងអស់ទៅតាមជំពូករបស់ពួកគេ ហើយបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដ្បិតពេលវេលាកាន់តែកៀក ហើយថ្ងៃរបស់ព្រះជាម្ចាស់ ក៏មកដល់ហើយដែរ​។ ព្រះ​ជាម្ចាស់នាំមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះទ្រង់រហូតដល់ទីបញ្ចប់ ចូលទៅក្នុងនគររបស់ទ្រង់ គឺចូលទៅក្នុងយុគសម័យនៃព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្ដែ មុនយុគសម័យនៃព្រះជាម្ចាស់ចូលមកដល់ កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែន ឃ្លាំចាំមើលការប្រព្រឹត្តរបស់មនុស្ស ឬស៊ើបសួរនាំពីជីវិតមនុស្សទេ ប៉ុន្តែ គឺមកជំនុំជម្រះភាពរឹងរូសរបស់មនុស្សវិញ ដ្បិតព្រះជាម្ចាស់នឹងបន្សុទ្ធមនុស្សទាំងអស់ ដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់។ មនុស្សទាំងអស់ដែលបានដើរតាមគន្លងព្រះបាទារបស់ព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ គឺអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយហេតុនេះ បុគ្គលគ្រប់ៗរូប ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ហើយ។ អាចនិយាយម្យ៉ាងទៀតបានថា គ្រប់ៗគ្នាដែលទទួលយកកិច្ចការ របស់ព្រះជាម្ចាស់ក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។

នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ» ដែលសំដៅលើការជំនុំជម្រះដែលព្រះជាម្ចាស់ទ្រង់ធ្វើឡើងនៅថ្ងៃនេះ ចំពោះអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់នៅគ្រាចុងក្រោយ។ ប្រហែលជាមានអ្នកខ្លះជឿលើការស្រមើស្រមៃដ៏មហស្ចារ្យយ៉ាងនេះដែលថា នៅ ពេលគ្រាចុងក្រោយបានមកដល់ ព្រះជាម្ចាស់នឹងតម្លើងតុមួយយ៉ាងធំនៅឯស្ថានសួគ៌ហើយនៅលើតុនោះមានកម្រាលតុពណ៌សមួយ ហើយព្រះជាម្ចាស់នឹងបើកសម្ដែង អស់ទាំងអំពើបាបរបស់មនុស្សម្នាក់ៗ ខណៈដែលទ្រង់គង់លើបល្ល័ង្កធំមួយ ហើយមនុស្សទាំងអស់លុតជង្គង់នៅលើដី រួចទ្រង់នឹងកំណត់ថា ត្រូវឲ្យគេឡើងស្ថានសួគ៌ ឬបញ្ជូនគេចុះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ ទោះបីជាមនុស្សខំស្រមៃយ៉ាងណា ក៏មិនអាចកែប្រែខ្លឹមសារនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ការស្រមើស្រមៃរបស់មនុស្សមិនមែនជាអ្វីទាំងអស់ ក្រៅតែពីគំនិតដែលគេស្អាងឡើង ហើយគំនិតទាំងឣស់នេះ កើតចេញពីខួរក្បាលរបស់មនុស្ស ដោយប្រមូលផ្ដុំ ហើយផ្គុំចូលគ្នាទៅតាមអ្វីដែលមនុស្សមើលឃើញ និងស្ដាប់ឮ។ ហេតុនេះ ខ្ញុំសូមប្រាប់ថា ទោះបីជារូបភាពដែលគេនឹកស្រមៃនោះអស្ចារ្យយ៉ាងណា ក៏វាគ្រាន់តែជាការពណ៌នា និងមិនអាចយកមកជំនួសផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ទីបំផុត មនុស្សក៏ទៅជាខូចឣាក្រក់ដោយសារអារក្សសាតាំង ដូច្នេះ តើគេឣាចវាស់ស្ទង់ព្រះតម្រិះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? មនុស្សស្រមៃយល់ថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជារឿងដ៏ឣស្ចារ្យ។ ដោយសារឣ្នកដែលធ្វើកិច្ចការជំនុំជម្រះ គឺព្រះជាម្ចាស់ផ្ទាល់ព្រះឣង្គ ហេតុនេះគេជឿថា កិច្ចការនេះ គឺច្បាស់ជាកិច្ចការមហិមាឣស្ចារ្យក្រៃលែង ក៏រកយល់មិនបានដល់មនុស្សដែលមានរូបកាយតែងតែស្លាប់នេះ ហើយលាន់រំពងខ្ទរខ្ទារពេញផ្ទៃមេឃ និងផែនដី ពុំនោះទេ កិច្ចការនេះអាចរាប់ជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? ដោយព្រោះកិច្ចការនេះជាកិច្ចការជំនុំជម្រះ ហេតុនេះគេជឿថា ព្រះជាម្ចាស់ប្រាកដជាធ្វើការដោយរិតត្បិត និងដោយតេជានុភាព ហើយឣស់ ឣ្នកដែលត្រូវជំនុំជម្រះ ប្រាកដជាទ្រហោយំ និងលត់ជង្គង់ឣង្វរសុំក្ដីមេត្តាជាមិនខាន។ ទិដ្ឋភាពនេះ គឺច្បាស់ជាឣស្ចារ្យ និងគួរឲ្យឣាណិតខ្លាំងទៀតផង...។ មនុស្សគ្រប់គ្នាស្រមៃថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដ៏អស្ចារ្យ។ ប៉ុន្ដែតើឣ្នកមានដឹងទេថា ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការជំនុំជម្រះរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ឣ្នកនៅជាប់ក្នុងការបណ្ដែតបណ្ដោយយ៉ាងសុខសាន្តនៅឡើយ? ទម្រាំដល់ពេលដែលឣ្នកគិតថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមជាផ្លូវការ ព្រះជាម្ចាស់ប្រាកដជាបានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចបាត់ទៅហើយទេដឹង? នៅគ្រានោះ ឣ្នកប្រហែលជាទើបចាប់ផ្ដើមយល់ពីឣត្ថន័យនៃជីវិតប៉ុណ្ណោះ ប៉ុន្តែកិច្ចការដាក់ទណ្ឌកម្មឥតមេត្តារបស់ព្រះជាម្ចាស់ នឹងនាំឣ្នកទៅកាន់ស្ថាននរក ពេលដែលឣ្នកនៅលង់លក់ក្នុងដំណេកនៅឡើយផង។ ដល់ពេលនោះ ទើបឣ្នកភ្ញាក់ដឹងខ្លួនមួយរំពេចថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានបញ្ចប់ទៅហើយ។

ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៥. កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ តាមរយៈការកាត់ទោស និងការជំនុំជម្រះជាចម្បង។ ដោយសង់ពីលើមូលដ្ឋានគ្រឹះនេះ ទ្រង់នាំមនុស្សឲ្យស្គាល់សេចក្តីពិតថែមទៀត ហើយបង្ហាញឲ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៦. នៅគ្រាចុងក្រោយ ព្រះយេស៊ូវនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា... ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះនាំមកជូន គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់ និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៧. អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ នៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់ផ្ទាល់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ ល្បងលពួកគេម្ដងម្នាក់ៗ ដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធ​តែ​ដូចគ្នាទេឬអី? តើមិនមែនសារជាតិ​របស់មនុស្សទាំងអស់សុទ្ធ​តែ​ដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិ​ដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិ​របស់មនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយមនុស្សទាំងអស់សុទ្ធតែមានអំពើបាប។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុក និងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណា​ម្នាក់​ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុម​ត្រូវបានជំនុំជម្រះ ដើម្បីតំណាងឲ្យការជំនុំជម្រះរបស់​មនុស្សជាតិទាំងអស់​។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឲ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំង មូល ឧទាហរណ៍ ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្ន ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស និយាយឲ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជា​ម្ចាស់​ដែលជំនុំជម្រះមនុស្សជាតិទាំងមូល ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ​។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ប៉ុន្តែ សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ​។ ក្នុងអំឡុងពេល​នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឲ្យកិច្ចការនៃចក្រវាលទាំងមូលដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការ ដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាម​ៗនោះ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាល​ទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាយនៅទូទាំងចក្រវាល ក្រោយពេលដែល​ទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាគឺ​ជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែ វាតំណាងឲ្យកិច្ចការនៃចក្រវាល​ទាំងមូល​។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះជា​ម្ចាស់​ដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ​ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះជា​ម្ចាស់​ដែលជំនុំជម្រះមនុស្សជាតិក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុកដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីមនុស្សមានសញ្ញាណអំពីព្រះ​បន្ទូល​ទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សបាន​ដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ការពិតគឺ​នៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា «កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមមិនមែនជាព្រះជាម្ចាស់» នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។

ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៨. គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះ​ទេ សម្រាប់​កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស​។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឲ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកមុខទល់នឹងមុខជាមួយមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាម ធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាម អាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។

ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១០. តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈ​សំខាន់​ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំង​ស្រុង និងត្រលប់​ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាត​ឲ្យ​ស្អាត​និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ​។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះ​ជា​ម្ចាស់​ទទួល​បាន​មនុស្ស​ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១១. ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១២. មុខងារនៃការជំនុំជម្រះរបស់យើង គឺដើម្បីជួយឲ្យមនុស្សកាន់តែស្ដាប់បង្គាប់យើង ហើយមុខងារនៃការដាក់ទោសរបស់យើង គឺដើម្បីឲ្យមនុស្សផ្លាស់ប្ដូរ កាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលយើងធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់យើងក៏ដោយ ក៏យើងមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះយើងសព្វព្រះហឫទ័យចង់ឲ្យជាតិសាសន៍ទាំងអស់ ក្រៅពីអ៊ីស្រាអែល ស្ដាប់បង្គាប់យើង ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឲ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឲ្យយើងអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់យើង គឺជាកិច្ចការដែលយើងកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៣. អស់អ្នកដែលអាចស្ដាប់បង្គាប់តាមសេចក្តីពិត និងចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបានអះអាងថា ខ្លួនស្ថិតនៅក្រោមព្រះនាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីពីរ ដែលជាព្រះដ៏ពេញដោយព្រះចេស្ដា។ ពួកគេនឹងអាចទទួលយកការដឹកនាំដោយផ្ទាល់របស់ព្រះជាម្ចាស់ ទទួលបានសេចក្តីពិតកាន់តែច្រើន និងកាន់តែខ្ពស់ ក៏ដូចជាជីវិតដ៏ពិតផងដែរ។ ពួកគេនឹងមើលឃើញនូវនិមិត្តដែលមនុស្សពីអតីតកាលមិនបានមើលឃើញ៖ «រួចខ្ញុំក៏បែរទៅរកសំឡេង ដែលបាននិយាយជាមួយខ្ញុំ។ ហើយកាលខ្ញុំ កំពុងបែរនោះ ខ្ញុំឃើញជើងទៀនមាសប្រាំពីរដើម ហើយចំកណ្ដាលជើងទៀនទាំងប្រាំពីរនោះ មានមួយអង្គដូចជាកូនមនុស្សគ្រងព្រះពស្តវែងដល់ព្រះបាទ ក៏មានគ្រងខ្សែមាសនៅនឹងដើមទ្រូង។ ព្រះសិរសា និងព្រះកេសាទ្រង់ សដូចជារោមចៀម គឺសដូចព្រិល ហើយព្រះនេត្រទ្រង់ប្រៀបដូចអណ្ដាតភ្លើង ព្រះបាទទ្រង់ដូចលង្ហិនរលីង ដែលត្រូវស្លនៅក្នុងឡ ចំណែកព្រះសូរសៀងទ្រង់ ប្រៀបដូចជាទឹកដ៏សន្ធឹក។ ទ្រង់កាន់ផ្កាយទាំងប្រាំពីរក្នុងព្រះហស្តស្ដាំ ហើយមានដាវមុខពីរយ៉ាងមុត ចេញពីព្រះឱស្ឋទ្រង់ ចំណែកព្រះភក្ត្ររបស់ទ្រង់វិញ ភ្លឺដូចព្រះអាទិត្យរះពេញកម្ដៅ» (វិវរណៈ ១:១២-១៦)។ និមិត្តនេះគឺជាការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ហើយការសម្ដែងចេញនៃនិស្ស័យទាំងស្រុងរបស់ទ្រង់ ក៏ជាការសម្ដែងចេញនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ផងដែរ។ នៅក្នុងដំណើរការនៃការកាត់ទោស និងការជំនុំជម្រះ បុត្រមនុស្សសម្ដែងចេញនិស្ស័យខាងក្នុងរបស់ទ្រង់ តាមរយៈការមានបន្ទូល ការអនុញ្ញាតឲ្យអស់អ្នកដែលទទួលយកការកាត់ទោស និងការជំនុំជម្រះរបស់ទ្រង់ មើលឃើញពីព្រះភ័ក្ត្រពិតរបស់បុត្រមនុស្ស ដែលជាសេចក្តីពណ៌នាដ៏ស្មោះអំពីព្រះភ័ក្ត្ររបស់បុត្រមនុស្ស ដែលយ៉ូហានបានមើលឃើញ។ (ពិតប្រាកដណាស់ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ នឹងមើលមិនឃើញរឿងទាំងអស់នេះឡើយ)។ ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់មិនអាចត្រូវបានបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សឡើយ ដូច្នេះ ព្រះជាម្ចាស់ប្រើមធ្យោបាយមួយ ដែលទ្រង់អាចសម្ដែងពីនិស្ស័យខាងក្នុងរបស់ទ្រង់ ដើម្បីបង្ហាញពីព្រះភ័ក្ត្រដ៏ពិតរបស់ទ្រង់ទៅកាន់មនុស្ស។ អាចនិយាយបានថា អស់អ្នកដែលបានយល់អំពីនិស្ស័យខាងក្នុងនៃបុត្រមនុស្ស បានឃើញព្រះភ័ក្ត្រដ៏ពិតរបស់បុត្រមនុស្ស ដ្បិតព្រះជាម្ចាស់មានឋានៈធំពេក ហើយមិនអាចបរិយាយយ៉ាងពេញលេញ ដោយប្រើភាសាមនុស្សបានឡើយ។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៤. ព្រះជាម្ចាស់នៅស្ងៀម ហើយទ្រង់មិនដែលលេចមកឲ្យយើងឃើញឡើយ ប៉ុន្ដែកិច្ចការរបស់ទ្រង់មិនដែលឈប់ឡើយ។ ទ្រង់ស្ទង់មើលផែនដីទាំងមូល ហើយបញ្ជាអ្វីៗទាំងអស់ ព្រមទាំងទតមើលពាក្យសម្ដី និងការប្រព្រឹត្ដទាំងអស់របស់មនុស្ស។ ទ្រង់អនុវត្តការគ្រប់គ្រងរបស់ទ្រង់តាមជំហានដ៏ល្អិតល្អន់ និងទៅតាមផែនការរបស់ទ្រង់ដោយសម្ងាត់ និងគ្មានឥទ្ធិពលអស្ចារ្យអ្វីនោះទេ ប៉ុន្ដែជំហានព្រះបាទារបស់ទ្រង់ឆ្ពោះទៅមុខមួយជំហានម្ដងៗ ខិតទៅកាន់តែជិតមនុស្សជាតិ ហើយបល្ល័ង្កជំនុំជម្រះរបស់ទ្រង់បានសម្ដែងនៅលើសកលលោកទាំងមូលលឿនដូចជាផ្លេកបន្ទោរ បន្ទាប់ពីបល្ល័ង្ករបស់ទ្រង់ចុះមកកណ្ដាលចំណោមយើងភ្លាមៗ។ នោះគឺជាទស្សនីយភាពមួយដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏វិសេសវិសាល និងឱឡារិកមួយ។ ព្រះវិញ្ញាណយាងចុះមកកណ្ដាលយើងប្រៀបដូចជាសត្វព្រាបមួយក្បាល និងសឹង្ហមួយក្បាលដែលកំពុងគ្រហឹម។ ទ្រង់គឺជាប្រាជ្ញា ជាសេចក្ដីបរិសុទ្ធ និងជាអានុភាពដ៏អស្ចារ្យ ហើយទ្រង់យាងចុះមកកណ្ដាលចំណោមយើងដោយស្ងាត់ៗ ដោយសិទ្ធិអំណាចគ្រប់គ្រង និងពេញដោយសេចក្ដីស្រលាញ់ ព្រមទាំងសេចក្ដីមេត្តាករុណា។ គ្មាននរណាម្នាក់ដឹងពីការយាងមកដល់របស់ទ្រង់ឡើយ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ទ្រង់ឡើង ហើយលើសពីនោះទៀតគឺគ្មាននរណាម្នាក់ដឹងពីអ្វីគ្រប់យ៉ាងដែលទ្រង់រៀបនឹងធ្វើឡើយ។ ជីវិតរបស់មនុស្សបន្ដទៅដូចកាលពីមុន ដួងចិត្តរបស់ពួកគេមិនខុសប្លែកអ្វីឡើយ ហើយថ្ងៃក៏កន្លងផុតទៅដូចធម្មតាដែរ។ ព្រះជាម្ចាស់គង់នៅកណ្ដាលចំណោមយើង ក្នុងលក្ខណៈជាមនុស្សម្នាក់ដូចជាមនុស្សផ្សេងទៀតដែរ គឺជាមនុស្សម្នាក់ដែលសំខាន់បំផុតក្នុងចំណោមអ្នកដើរតាម និងជាអ្នកជឿធម្មតាម្នាក់។ ទ្រង់មានការស្វែងរកផ្ទាល់ខ្លួន ទ្រង់មានគោលដៅផ្ទាល់ខ្លួន ហើយលើសពីនោះទៀត ទ្រង់មានភាពជាព្រះដែលមនុស្សធម្មតាមិនមានឡើយ។ គ្មាននរណាម្នាក់កត់សម្គាល់ពីអត្ថិភាពនៃភាពជាព្រះរបស់ទ្រង់ឡើង ហើយគ្មាននរណាម្នាក់បានយល់ដឹងអំពីភាពខុសគ្នារវាងលក្ខណៈពិតរបស់ទ្រង់ និងភាពជាមនុស្សរបស់ទ្រង់នោះឡើយ។ យើងរស់នៅជាមួយទ្រង់ ដោយមិនគ្មានការបង្ខិតបង្ខំ និងគ្មានខ្លាចអ្វីឡើយ ដ្បិតនៅក្នុងភ្នែករបស់យើង ទ្រង់គឺជាអ្នកជឿម្នាក់ដែលមិនសំខាន់។ ទ្រង់ទតមើលគ្រប់ដំណើរផ្លាស់ប្ដូររបស់យើង ហើយគំនិត និងយោបល់របស់យើងទាំងប៉ុន្មានសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់។

............

ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឲ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើង ព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់វាសនា និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឲ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងធ្វើកិច្ចនៅកណ្ដាលចំណោមយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញា និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់មាន ព្រមទាំងលក្ខណៈរបស់ទ្រង់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឲ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពិចស្រពិល ព្រមទាំងធ្វើឲ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។

ដកស្រង់ពី «ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៥. គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទ តាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះអំពើបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។បើមិនដូច្នោះទេ តើធ្វើយ៉ាងទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះ នៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដី និងគ្រប់មនុស្សទាំងអស់ ក៏នឹងត្រូវដាក់ឲ្យនៅក្រោមកិច្ចការនៃការយកឈ្នះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នានៅក្នុងការបង្កើត នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ នៅពេលដែលកំពុងចូលមកចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីមកទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតទីបញ្ចប់នៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយរបស់សព្វសារពើដែលនៅស្ថានសួគ៌ និងលើផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីគ្រាចុងក្រោយនៃអត្ថិភាពរបស់មនុស្ស យ៉ាងដូចម្ដេច?

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៦. នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឲ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេដែលអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងវាសនារបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឲ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឲ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឲ្យឃើញ ដើម្បីឲ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឲ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានដល់កម្រិតកំពូល ហើយការមិនសម្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាល និងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឲ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឲ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៧. ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឲ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងគ្មានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ នោះព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យចំពោះពួកគេឡើយ ហើយទ្រង់ក៏នឹងបដិសេធពួកគេដែរ ដ្បិតពួកគេជាអ្នករត់គេចពីកិច្ចការជំនុំជម្រះ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវទណ្ឌកម្មដែលកាន់តែធ្ងន់ធ្ងរ ជាទណ្ឌកម្មដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឲ្យវិញ្ញាណអាក្រក់ទាំងអស់នេះបំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះបញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយ ក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឲ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឲ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឲ្យគេកើតមកវិញ និងមិនឲ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឲ្យគេដើរតាមដំបូន្មានមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឲ្យគេសាបសួន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែ ត្រូវកាលៈទេសៈបង្ខំឲ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់នឹងធ្វើកិច្ចការបម្រើផង។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងកូនៗរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឲ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៨. សេចក្តីទំនាយនៅក្នុងព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលត្រូវបានបញ្ជូនមក តាមរយៈពួកហោរានៅគ្រានោះ ហើយព្រះបន្ទូលត្រូវបានសរសេរឡើង ដោយមនុស្សដែលព្រះជាម្ចាស់បានប្រើប្រាស់ ហើយទទួលបានការបណ្ដាលឲ្យតែង។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ប៉ុណ្ណោះដែលអាចពន្យល់អំពីព្រះបន្ទូលទាំងនោះ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលអាចបកស្រាយអត្ថន័យនៃព្រះបន្ទូលទាំងនោះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន។ អ្នកនិយាយថា៖ «អ្នកមិនមែនជាព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏មិនមែនជាព្រះជាម្ចាស់ដែរ ដូច្នេះ តើនរណាហ៊ានពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? តើអ្នកហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះឬ? ទោះបីជាហោរា យេរេមា ​យ៉ូហាន និងអេលីយ៉ា មកក៏ដោយ ក៏ពួកគេ​មិនហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះដែរ ព្រោះថាពួកគេមិនមែនជាកូនចៀមឡើយ។ មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន ហើយគ្មានអ្នកផ្សេងទៀតអាចពន្យល់អំពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

១៩. នៅក្នុងព្រះគម្ពីរ មានចែងទុកមកថា មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរបាន។ នៅក្នុង​យុគសម័យកាលនានា មានអ្នក​កាត់​ស្រាយ​បទគម្ពីរជាច្រើននាក់នៅក្នុងចំណោមបុគ្គលអស្ចារ្យៗជាច្រើន ដូច្នេះ តើអ្នកអាចនិយាយថា ពួកគេទាំងអស់គ្នាសុទ្ធតែជាកូនចៀមឬ? តើអ្នកអាចនិយាយបានថា សេចក្តីពន្យល់របស់ពួកគេសុទ្ធតែមកពីព្រះជាម្ចាស់ឬ? ពួកគេគ្រាន់តែជាគ្រូអធិប្បាយប៉ុណ្ណោះ ហើយពួកគេគ្មានអត្តសញ្ញាណនៃកូនចៀមឡើយ។ តើពួកគេអាចមានតម្លៃសក្ដិសមក្នុងការបកត្រាទាំងប្រាំពីរបានយ៉ាងដូចម្ដេច?

ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២១. នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាង​ពិត​ប្រាកដ ដែលជា​ព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងការលុបបំបាត់មនុស្សចោល។ នេះហើយជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង លុបបំបាត់ និងសាកល្បង​​។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឲ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រម​ទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់លេច​មក។ នៅក្នុង​ប្រវត្តិសាស្ត្រ មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយ​ផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការរបស់ទ្រង់នេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់​ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូល ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូល ដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។ នៅក្នុង​យុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូល ដើម្បីធ្វើ និងសម្រេចកិច្ចការរបស់ទ្រង់។ ទ្រង់មិនសម្ដែងឫទ្ធិបារមី ឬការអស្ចារ្យឡើយ ប៉ុន្តែទ្រង់គ្រាន់តែធ្វើកិច្ចការទ្រង់ តាមរយៈព្រះបន្ទូលតែប៉ុណ្ណោះ។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២២. គ្រាចុងក្រោយគ្រាន់តែជាគ្រាចុងក្រោយ ហើយថ្ងៃចុងក្រោយ គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនតំណាងឲ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ​។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាឡើយ ប៉ុន្តែ វានៅតែជាព្រះបន្ទូល ដ្បិតមនុស្សមិនយល់អំពីលក្ខណៈ​សំខាន់​នៃព្រះគម្ពីរឡើយ។ នៅក្នុង​ការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យលើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែ គេនឹងមិនអាចចម្រាញ់យកអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅតែជាពាក្យប្រដៅចំពោះមនុស្សជារៀងរហូត នៅតែបន្តជាសេចក្តីអាថ៌កំបាំងជារៀងរហូត... កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេច​ក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចទទួលយកវាបានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែ វាក៏ជាអ្វីមួយដែល​គេមិនយល់ច្បាស់បំផុតដែរ។ នៅពេលដែលអ្នករាល់គ្នាស្ថិតនៅក្នុងយុគសម័យនៃព្រះគុណ អ្នកមិនដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ ឬកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាឡើយ។ មនុស្សមិនយល់អំពីហេតុផលដែលព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យ ហេតុផលដែលទ្រង់សុំឲ្យបណ្ដាជនកាន់តាមក្រឹត្យវិន័យ ឬហេតុផលដែលព្រះវិហារត្រូវបានសង់ ហើយក៏មិនយល់អំពីហេតុផលដែលប្រជាជនអ៊ីស្រាអែលត្រូវបានដឹកនាំចេញពីស្រុកអេស៊ីព្ទ ចូលទៅក្នុងវាលរហោស្ថាន បន្ទាប់មក ចូលទៅក្នុងទឹកដីកាណានឡើយ។ សេចក្តីទាំងនេះនៅមិនទាន់បើកសម្ដែង រហូតមកដល់ពេលបច្ចុប្បន្ន។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៣. នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការ លទ្ធផលត្រូវបានសម្រេចតាមរយៈព្រះបន្ទូល។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ដឹងអំពីសេចក្តីអាថ៌កំបាំងជាច្រើន និងកិច្ចការដែលព្រះជាម្ចាស់បានធ្វើតាមរយៈមនុស្សជំនាន់មុន។ តាមរយៈព្រះបន្ទូល មនុស្សបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះបន្ទូល មនុស្សចាប់ផ្ដើមយល់ពីសេចក្តីអាថ៌កំបាំង ដែលមិនធ្លាប់ត្រូវបានបើកសម្ដែងពីមនុស្សជំនាន់មុន ក៏ដូចជាកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីគ្រាមុន និងគោលការណ៍ដែលពួកគេបានធ្វើការដែរ។ តាមរយៈព្រះបន្ទូល មនុស្សក៏ចាប់ផ្ដើមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដូចជាយល់អំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស ហើយគេក៏ចាប់ផ្ដើមដឹងអំពីលក្ខណៈសំខាន់របស់គេដែរ។ តាមរយៈជំហាននៃកិច្ចការទាំងនេះ និងតាមរយៈគ្រប់ទាំងព្រះបន្ទូលដែលបានថ្លែងមក មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណ កិច្ចការរបស់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏ដឹងអំពីនិស្ស័យទាំងស្រុងរបស់ទ្រង់ដែរ។ ចំណេះដឹងរបស់អ្នកអំពីកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ក៏ទទួលបានតាមរយៈព្រះបន្ទូលដែរ។ តើការបោះបង់ចោលនូវចំណេះដឹងអំពីសញ្ញាណចាស់ និងភាពជោគជ័យរបស់អ្នក ក៏មិនត្រូវបានទទួលតាមរយៈព្រះបន្ទូលដែរទេឬអី? នៅក្នុងដំណាក់កាលមុន ព្រះយេស៊ូវបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែ នៅក្នុងដំណាក់កាលនេះ វាគ្មានទីសម្គាល់ និងការអស្ចារ្យឡើយ។ តើការដែលអ្នកទទួលបានការយល់ដឹងអំពីហេតុផលដែលព្រះជាម្ចាស់មិនបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យ ក៏មិនបានមកតាមរយៈព្រះបន្ទូលដែរទេឬអី? ដូច្នេះ ព្រះបន្ទូលដែលបានថ្លែងនៅក្នុងដំណាក់កាលនេះ គឺខ្ពស់ហួសពីកិច្ចការដែលត្រូវបានធ្វើដោយពួកសាវ័ក និងពួកហោរាកាលពីជំនាន់មុនទៅទៀត។ សូម្បីតែសេចក្តីទំនាយដែលពួកហោរាបានថ្លែង ក៏មិនអាចសម្រេចបានលទ្ធផលនេះដែរ។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៤. កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីវាសនា និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ​។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឲ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់​គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់​គេ។ មាន​តែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់​គេ។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៥. មាគ៌ាជីវិតមិនមែនជាអ្វីម្យ៉ាងដែលនរណាៗក៏អាចកាន់កាប់បាននោះទេ ក៏មិនមែនជាអ្វីម្យ៉ាង ដែលនរណាៗក៏អាចយកបានយ៉ាងស្រួលនោះដែរ។ មូលហេតុគឺនៅត្រង់ថា មានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាប្រភពនៃជីវិត គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ជាម្ចាស់កម្មសិទ្ធិរូបធាតុនៃជីវិត ហើយមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបមានមាគ៌ានៃជីវិត។ ហេតុនេះហើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបជាដើមចមនៃជីវិត ជាប្រភពទឹករស់នៃជីវិត ដែលហូរចេញមកឥតស្រាកស្រាន្ត។ ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានបង្កើតពិភពលោកនេះមក ទ្រង់បានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងភាពស្រស់បស់នៃជីវិត ទ្រង់បានធ្វើកិច្ចការជាច្រើន ដើម្បីនាំយកជីវិតមកឲ្យមនុស្ស ហើយបានបង់ថ្លៃលោះដ៏មហិមា ដើម្បីឲ្យមនុស្សលោកមានជីវិត។ ដោយសារព្រះជាម្ចាស់ផ្ទាល់ គឺជាជីវិតអស់កល្បជានិច្ច ហើយទ្រង់ផ្ទាល់ គឺជាផ្លូវដែលប្រោសឲ្យមនុស្សលោកបានរស់ឡើងវិញ។ ព្រះជាម្ចាស់មិនដែលអវត្តមានពីដួងចិត្តរបស់មនុស្សឡើយ ហើយទ្រង់ក៏គង់នៅកណ្ដាលចំណោមមនុស្សគ្រប់ពេលវេលាដែរ។ ព្រះអង្គគឺជាកម្លាំងជំរុញដល់ការរស់នៅរបស់មនុស្សតាំងតែពីដើមមកទល់នឹងពេលនេះ ជាឫសគល់នៃវត្តមានជីវិតរបស់មនុស្ស និងជាទ្រព្យតម្កល់ដ៏បរិបូរ សម្រាប់វត្តមានជីវិតរបស់មនុស្ស បន្ទាប់ពីពួកគេចាប់កំណើត។ ទ្រង់ធ្វើឲ្យមនុស្សបានកើតជាថ្មី ហើយជួយឲ្យគេអាចរស់នៅតាមគ្រប់តួនាទីរបស់គេ ដោយការតស៊ូយ៉ាងមោះមុត។ សូមអរព្រះគុណចំពោះព្រះចេស្ដា និងអានុភាពជីវិតដ៏គង់វង់របស់ព្រះអង្គ ដែលឲ្យមនុស្សលោកអាចរស់បាន ពីមួយជំនាន់ទៅមួយជំនាន់ អានុភាពជីវិតរបស់ព្រះជាម្ចាស់ ជាគ្រឹះដ៏រឹងមាំនៃវត្តមានជិវិតរបស់មនុស្ស តាំងតែពីដើមរហូតមក ហើយព្រះជាម្ចាស់បានបង់ថ្លៃលោះមួយដែលគ្មានសាមញ្ញជនណាម្នាក់ ធ្លាប់បានបង់ពីមុនមកសោះ ក៏ដោយសារតែអានុភាពនៃជីវិតរបស់ទ្រង់នេះដែរ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់អាចឈ្នះលើអំណាចគ្រប់យ៉ាងទាំងអស់ លើសពីនេះ អំណាចណាក៏ខ្លាំងពុំស្មើដែរ។ ជីវិតរបស់ទ្រង់ គឺអស់កល្បជានិច្ច ព្រះចេស្ដារបស់ទ្រង់ ខ្លាំងពូកែអស្ចារ្យ ហើយក៏គ្មានមនុស្សណា ឬខ្មាំងសត្រូវណាអាចយកឈ្នះអានុភាពជីវិតរបស់ទ្រង់បានឡើយ។ អានុភាពជីវិតរបស់ព្រះជាម្ចាស់ឋិតថេរនៅ ហើយបញ្ចេញពន្លឺដ៏ត្រចះត្រចង់របស់ខ្លួន ទោះបីជានៅពេលណា ឬកន្លែងណាក៏ដោយ។ ផ្ទៃមេឃ និងផែនដីអាចឆ្លងកាត់នូវបម្រែបម្រួលជាខ្លាំង ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់ គឺនៅតែដដែលអស់កល្បជានិច្ច។ គ្រប់សព្វសារពើអាចនឹងកន្លងបាត់ទៅ ប៉ុន្តែជីវិតព្រះជាម្ចាស់ឋិតថេរនៅជានិរន្ត៍ ដ្បិតព្រះជាម្ចាស់ជាប្រភពនៃវត្តមានជីវិតសព្វសារពើទាំងអស់ ហើយជាឫសគល់នៃវត្តមានជីវិតរបស់គេផង។ ជីវិតរបស់មនុស្ស កើតមកពីព្រះជាម្ចាស់ វត្តមានផ្ទៃមេឃ កើតមកពីព្រះជាម្ចាស់ វត្តមានផែនដី ក៏កើតចេញមកពីព្រះចេស្ដានៃជីវិតរបស់ព្រះជាម្ចាស់ដែរ។ គ្មានសភាវៈមានជីវិតណា អាចខ្ពស់ស្មើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានសភាវៈណា មានអនុភាពអាចគេចរួចពីដែនគ្រប់គ្រងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ តាមវិធីនេះ បើទោះបីជាពួកគេជានរណាក៏ដោយ ក៏ពួកគេគ្រប់គ្នាត្រូវតែចុះចូលក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ គ្រប់គ្នាត្រូវតែរស់នៅក្រោយសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្តរបស់ទ្រង់ដែរ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៦. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែល ព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិ ដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង់បានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត គេនឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថា ព្រះដែលអ្នកជឿតាមនេះ គឺជាព្រះដែលថ្មីជានិច្ច មិនដែលចាស់គំរិលយ៉ាងដូចម្ដេច?

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៧. អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ គេជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៅគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទគឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកនៅគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែអាចថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ត្បិតព្រះគ្រីស្ទផ្ទាល់ ទ្រង់ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយ អង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់ធ្វើនៅគ្រាចុងក្រោយទេ នោះអ្នករាល់គ្នាប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទុក្ខមហាវេទនាដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៅគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៅគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំទូន្មានអ្នករាល់គ្នា កុំឲ្យសំញែងកំហឹងចំពោះសេចក្ដីពិតឲ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឲ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឲ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២៨. ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសាកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឲ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកក្នុងពេលបច្ចុប្បន្ននេះ។ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់ត្រូវយកឈ្នះដោយព្រោះសូរសៀងរបស់ខ្ញុំ ឲ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះ មិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញ នៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះមិនថ្វាយបង្គំព្រះដ៏មានព្រះចេស្ដាអស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំចង់មានបន្ទូលជាច្រើនទៀត ទៅរាស្ត្រជ្រើសតាំងរបស់ខ្ញុំ ដោយបែរព្រះភក្រ្តរបស់ខ្ញុំទៅរកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សាកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែ គេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូច ជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឲ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត ដោយសិរីរុងរឿងដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឲ្យរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានព្រះចេស្ដា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ វាជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំផងដែរ។ ចូរឲ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឲ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឲ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឲ្យមនុស្សគ្រប់ៗគ្នាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ!

ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសាកលលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ VI. ទំនាក់ទំនងរវាងកិច្ចការនៅយុគសម័យនៃព្រះគុណ និងកិច្ចការនៅយុគសម័យនៃនគរព្រះ

បន្ទាប់៖ VIII. មានព្រះតែមួយអង្គគត់៖ គ្មានព្រះត្រីឯកឡើយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ